ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្វីទៅជាដេម៉ារ័រ ឬដុំដេរក្នុងរថយន្ត ហើយមានប៉ុន្មានប្រភេទ? | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ដោយសារតែម៉ាស៊ីនមិនអាចវិលបញ្ឆេះដោយខ្លួនឯងបាន ទើបគេត្រូវការថាមពលពីខាងក្រៅ ដើម្បីបង្វិលម៉ាស៊ីនបញ្ឆេះឲ្យវាដំណើរការបាន។ ជាទូទៅគេច្រើនប្រើម៉ូទ័រអគ្គិសនីរួមបញ្ចូលជាមួយកុងតាក់ម៉ាញេទិច ដែលអាចគាស់ពីញ៉ុងដេម៉ារ័រទៅជាប់ជាមួយពីញ៉ុងកង់យោង(Fly Wheel) ដើម្បីបង្វិលបញ្ឆេះម៉ាស៊ីន។ ម៉ូទ័រដេម៉ារ័រត្រូវមានកម្លាំងខ្លាំង ដែលទទួលថាមពលអគ្គិសនីពីអាគុយ។ ទន្ទឹមនឹងនេះវាត្រូវមានទម្ងន់ស្រាលនិងមានភាពរឹងមាំផងដែរ។ ម៉ូទ័រដេម៉ារ័រ វាបំលែងថាមពលអគ្គិសនីពីអាគុយទៅជាថាមពលមេកានិច ទៅបង្វិលកង់យោងនៅជាប់ម៉ាស៊ីនរថយន្ត។

ម៉ូទ័រដេម៉ារ័រដែលគេប្រើនៅក្នុងរថយន្តមាន កុងតាក់ម៉ាញ៉េទិច (Magnetic Switch) សម្រាប់គាស់ពីញ៉ុងដេម៉ារ័រ (Pinion Gear) ឲ្យចូលប្រទាក់ជាមួយពីញ៉ុងកង់យោងដែលចាប់ភ្ជាប់ជាមួយវីឡឺប្រឺកាំងនិងផ្តល់ចរន្តពីអាគុយឲ្យម៉ូទ័រដំណើរការផងដែរ។ នៅក្នុងរថយន្តទាំងអស់គឺមានប្រើដេម៉ារ័របីប្រភេទគឺ

  • ប្រភេទធម្មតា (Conventional Type)

  • ប្រភេទពីញ៉ុងជំនួយ (Reduction Type)

  • ប្រភេទប្លាណឺទែ (Planetary Type)

ចំពោះរថយន្តដែលប្រើប្រាស់នៅក្នុងតំបន់ត្រជាក់គេនិយមប្រើ ម៉ូទ័រដេម៉ារ័រប្រភេទពីញ៉ុងជំនួយ ដោយសារវាត្រូវការកម្លាំងទាញបង្វិលខ្លាំង ដើម្បីបញ្ឆេះម៉ាស៊ីនដែលមានកំដៅទាប ម្យ៉ាងវិញទៀតដេម៉ារ័រនេះតូច និងមានទម្ងន់ស្រាលទៀតផង ចំពោះដេម៉ារ័រប្រភេទធម្មតាគេនិយមប្រើនៅតំបន់ក្តៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូរប្រជែង Tesla Cybertruck ភីកអាប់អគ្គិសនី Rivian R1T ចាប់ផ្តើមចូលរោងចក្រផលិតហើយ

បន្ទាប់ពីត្រូវបានពន្យាពេលអស់ជាច្រើនលើក ទីបំផុតរថយន្តអគ្គសនី Rivian R1T បានចាប់ផ្តើមចូលរោងចក្រផលិតនៅសហរដ្ឋអាមេរិច ខណៈរថយន្តភីកអាប់នេះជាគូរប្រជែង របស់ Ford F-150 Lightning, Tesla Cybertruck និង Hummer EV ផងដែរ។

នេះបើតាមការ Tweet របស់ស្ថាបនិក និង CEO ក្រុមហ៊ុនលោក RJ Scaringe បាននិយាយថា៖ បន្ទាប់ពីបានផលិតគំរូរថយន្តកាលពីច្រើនខែកន្លងទៅ នៅព្រឹកនេះរថយន្តគ្រឿងដំបូងរបស់អតិថិជនរបស់យើងកំពុងដំណើរការផលិតធម្មតា។ កិច្ចប្រឹងប្រែងរួមរបស់ពួកយើង បានធ្វើអោយពេលវេលានេះកើតឡើងបាន។ ពិតជាមិនអាចរង់ចាំបានឡើងក្នុងការប្រគល់រថយន្តគ្រឿងដំបូងដល់អតិថិជនរបស់ពួកយើង។

គួររំលឹកផងដែរថា រថយន្តភីកអាប់ R1T ត្រូវបានក្រុមហ៊ុនបង្ហាញចេញកាលពីឆ្នាំ២០១៨ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Los Angeles Auto Show និងបានប្រកាសចេញលក់ក្នុងឆ្នាំ២០២០ ប៉ុន្តែគួរអោយស្តាយដោយសារកូវីដ១៩ និងរង់ចាំការអនុម័តពីរដ្ឋាភិបាលផង បានធ្វើអោយក្រុមហ៊ុនពន្យាពេលជាច្រើនលើក។

សម្រាប់រថយន្ត Rivian R1T ផ្តល់នូវជម្រើស ៣ម៉ូឌែលគឺ Launch Edition តម្លៃ ៧៣ ០០០ដុល្លារ, Adventure និង Exploreតម្លៃចាប់ពី ៦៧ ៥០០ដុល្លារ និងសម្ថភាពអាចបើកបរបានចម្ងាយ ៥០៥គីឡូម៉ែត្រ បើតាមការចេញតួរលេខពីស្ថាប័ន EPA៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-5 ឆ្នាំ២០២២ ចេញជាផ្លូវការ ជាមួយការអភិវឌ្ឍន៍ថ្មីលើរូបរាង និងម៉ាស៊ីន

បងប្អូនបានដឹងហើយថាកាលពីប៉ុន្មានថ្ងៃមុនកន្លងទៅ មានការបែកធ្លាយនូវរូបភាពនៃរថយន្ត Mazda CX-5 ឆ្នាំ២០២២ ចេញពីប្រទេសចិន នាពេលនេះផងដែរក្រុមហ៊ុន Mazda ក៏បានធ្វើការបង្ហាញចេញនូវរថយន្តនេះជាផ្លូវការសម្រាប់ទីផ្សារសហរដ្ឋអាមេរិច ជាមួយការអភិវឌ្ឍន៍លើរូបរាង ប្រព័ន្ធបច្ចេកវិទ្យា ម៉ាស៊ីនថ្មី និងជាពិសេសលើសាកស៊ី(Chassis)។

ក្រុមហ៊ុន Mazda បានរក្សាការផ្លាស់ប្តូរថ្មីទៅលើផ្នែកខាងក្រៅនៃរថយន្ត Mazda CX-5 កាងខាងមុខ-ក្រោយត្រូវបានរចនាថ្មី បន្ថែមជាមួយការឌីស្សាញថ្មីលើប៉ាណាខាងលើអមដោយក្រូមភ្ជាប់ជាមួយអំពូល LED ថ្មី, ថាសកង់ថ្មី និងចង្កៀងក្រោយ LEDស្លីមជាងមុន។

រីឯផ្នែកខាងក្នុងទទួលបានការអភិវឌ្ឍន៍ទៅលើ កៅអី, កន្លែងសាកថ្មឥតខ្សែនៅក្នុង Console កណ្តាល, អេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ និង Mazda intelligent Drive Select(Mi-Drive) ដែលរួមបញ្ជូលជម្រើសបើកបរថ្មី Off-Road Mode។ ចំណែកប្រព័ន្ធសុវត្តិភាពបានធ្វើអោយប្រសើជាមួយ ​i-Activesense system ដែលរួមបញ្ជូល Cruising & Traffic Support(CTS)។

ម៉ូឌែលឆ្នាំ ២០២២នេះ បានជំនួស Grand Touring Reserve trim ជាមួយម៉ូឌែលថ្មី 2.5 Turbo និងម៉ូឌែលខ្ពស់បំផុត 2.5 Turbo Signature។ ដោយបំពាក់ជាមួយម៉ាស៊ីន SkyActiv-G ចំណុះ ២,៥លីត្រ Naturally aspirated ផលិតកម្លាំងបាន ១៨៧សេះ និងម៉ាស៊ីន SkyActiv-G ចំណុះ ២,៥លីត្រ Turbo ផលិតកម្លាំងបាន ២៥០សេះ។ បន្ថែមពីនេះ វាដំណើរការដោយប្រអប់លេខ ៦វគ្គអូតូ និងបំពាក់ស្តង់ដាជាមួយប្រព័ន្ធបើកបរប៉ុងពី ​i-Active AWD។

សម្រាប់ព័ត៌មានលម្អិតអំពីជម្រើសម៉ូឌែលនៃ Mazda CX-5 ឆ្នាំ២០២២នេះ និងតម្លៃ ក្រុមហ៊ុននឹងប្រកាសនៅចន្លោះខែកញ្ញា-ធ្នូ។ រថយន្តនេះនឹងរំពឹងថាចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិច នៅចន្លោះខែធ្នូ-មីនា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ចេញឡាន GT-R ឆ្នាំ២០២២ នៅជប៉ុន ថែមម៉ូដែលពិសេស២ ផលិតមានកំណត់!

ក្រុមហ៊ុន Nissan បានបង្ហាញចេញនូវរថយន្ត GT-R ស៊េរីឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារប្រទេសជប៉ុន ដោយក្នុងនោះមានថែមម៉ូដែលពិសេសថ្មី ២ គឺ GT-R Premium Edition T-spec និង GT-R Track Edition Engineered by Nismo T-spec។

រថយន្ត Nissan GT-R Premium Edition T-spec នឹងត្រូវផលិតត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ ហើយអ្នកដែលមានសិទ្ធិនឹងត្រូវជ្រើសរើសតាមរយៈការចាប់ឆ្នោត។ វាទទួលបានការអាប់ដេតលើសពីម៉ូដែល GT-R ស្តង់ដារ ដូចជា ហ្វ្រាំង carbon-ceramic brakes, កាងក្រោយ carbon fiber rear spoiler, គម្របម៉ាស៊ីន version-specific engine cover និង ឡូហ្គូពិសេស។ វាផ្តល់ជម្រើស ២ ពណ៌ គឺ Midnight Purple និង Millennium Jade។

រថយន្ត Nissan GT-R Premium Edition T-spec ត្រូវដាក់លក់នៅជប៉ុន ក្នុងតម្លៃចាប់ពីខ្ទង់ ១៤៤ ៦០០ដុល្លារ។

ចំណែកឯរថយន្ត Nissan GT-R Track Edition Engineered by Nismo T-spec វិញ មានបំពាក់ដំបូល និងគម្របឃ្លុបក្រោយថ្មី ដែលផលិតពី carbon fiber ដើម្បីកាត់បន្ថយទម្ងន់ ព្រមទាំងលក្ខណៈពិសេសមួយចំនួនទៀតពី Nismo ផងដែរ។ រថយន្តនេះមានតម្លៃចាប់ពីខ្ទង់ ១៦២ ៦០០ដុល្លារ ហើយនឹងត្រូវផលិតត្រឹមតែ ៣០០គ្រឿងប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា រថយន្ត Nissan GT-R ឆ្នាំ២០២២ ដែលមានតម្លៃថោកបំផុតនៅក្នុងប្រទេសជប៉ុន គឺចាប់ពីខ្ទង់ ៩៨ ៤០០ដុល្លារ ខណៈដែលម៉ូដែល GT-R Track Edition by NISMO មានតម្លៃចាប់ពីខ្ទង់ ១៣៣ ០០០ដុល្លារ។

រថយន្ត Nissan GT-R ឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៣,៨លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៥៦៥សេះ និងកម្លាំងរមួល ៦៣៣ញ៉ូតុនម៉ែត្រ ប្រើប៉ុងពីរ និងប្រអប់លេខអូតូ ៦វគ្គ ប្រភេទ dual-clutch៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BYD បង្ហាញចេញ គំរូឡានអគ្គិសនីមហាកម្លាំង

ក្រុមហ៊ុន BYD បានបង្ហាញចេញរថយន្តគំរូថ្មីនៅក្នុងប្រទេសចិន ដែលមានឈ្មោះថា Ocean-X គឺជារថយន្ត Sedan អគ្គិសនីខ្នាតកណ្ដាល ដែលមានថាមពលខ្លាំងក្លា ដោយរូបរាងរបស់វាគឺមានភាពទាក់ទាញបំផុត។

រថយន្ត Ocean-X នេះមានបំពាក់នូវកង់បែបអនាគត ជាមួយតួខ្លួនបែប Dynamic ថែមទៀតផង។ ដោយឡែកលក្ខណៈសម្បត្តិមិនត្រូវបាន BYD ទម្លាយឲ្យដឹងច្រើនប៉ុន្មានឡើយ ដោយគ្រាន់តែប្រាប់ថារថយន្តនេះប្រើប្រាស់គ្រោងឆ្អឹងរថយន្តអគ្គិសនីថ្មី។

គ្រោងឆ្អឹងថ្មីអាចឲ្យរថយន្តនេះបើកបរបានចម្ងាយលើសពី ១០០គីឡូម៉ែត្រ ហើយវាក៏គាំទ្រនូវបច្ចេកវិទ្យាសាកកម្លាំង ៨០០វ៉ុល ដែលសាកភ្លើងរយៈពេល៥នាទី អាចផ្ដល់ចម្ងាយបាន ១៥០គីឡូម៉ែត្រឯណោះ។

រថយន្ត Concept នេះទៀតសោត ត្រូវបានក្រុមហ៊ុននិយាយថាវាប្រើប្រាស់ប្រព័ន្ធថាមពល ដែលអាចឲ្យវាស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹម ២,៩វិនាទី ខណៈដែលការប្រើប្រាស់ថាមពលរបស់វាគឺសន្សំសំចៃបំផុត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញឡាន Corolla Cross GR Sport ថ្មី រាងកាន់តែមាំ កែបូមថ្មីទៀត!

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Corolla CrossGR Sport ថ្មីរបស់ខ្លួនជាផ្លូវការ នៅតៃវ៉ាន់ ដោយទទួលបានការអាប់ដេតរូបរាង និងផ្នែកមេកានិចមួយចំនួន លើសពីម៉ូដែលស្តង់ដារធម្មតា។

ក្រៅពីទទួលបានការអាប់ដេតរូបរាងមើលទៅរឹតតែមាំ រថយន្ត Toyota Corolla Cros GR Sport ថ្មី ក៏មានបំពាក់ប្រព័ន្ធបូមថ្មី ដែលកែកុនដោយក្រុម Gazoo Racing ហើយថែមទាំងមានដែកទប់លំនឹងដើម្បីពង្រឹងសាក់ស៊ី ទៀតផង។

ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ៩អ៊ីញ ដែលមានក្រាហ្វិចថ្មី, ប៊ូតុនបញ្ឆេះម់ាស៊ីនមានឡូហ្គូ GR ខណៈកៅអីរបស់វាក៏មានឡូហ្គូនេះដែរ។ រីឯប្រព័ន្ធសុវត្ថិភាពវិញ គឺរួមមានទាំងពោងសុវត្ថិភាព ៧គ្រាប់ និងមុខងារ Toyota Safety Sense 2.0 ផងដែរ។

រថយន្ត Corolla Cross GR Sport ផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនសាំង និងម៉ាស៊ីន Hybrid។ ប្រភេទម៉ាស៊ីនសាំង មានចំណុះ ១,៨លីត្រ naturally aspirated ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៣៨សេះ និងកម្លាំងរមួល ១៧២ញ៉ូតុនម៉ែត្រ ប្រើប៉ុងមួយវិលកង់មុខ តាមរយៈប្រអប់លេខអូតូ Super CVT-i។

ចំពោះប្រភេទ Hybrid វិញ មានម៉ាស៊ីនសាំងចំណុះ ១,៨លីត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ ដែលមានកម្លាំងសរុប ១២១សេះ ប្រើប៉ុងមួយវិលកង់មុខ និងប្រអប់លេខអូតូ E-CVT។

សូមបញ្ជាក់ថា រថយន្ត Toyota Corolla Cross GR Sport ថ្មីនេះត្រូវបានដាក់លក់នៅតៃវ៉ាន់ ក្នុងតម្លៃ ៣១ ៦០០ដុល្លារ សម្រាប់ប្រភេទម៉ាស៊ីនសាំង និង ៣៤ ១០០ដុល្លារ សម្រាប់ប្រភេទ Hybrid៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតដឹងថ្ងៃប្រកាសចេញឡាន Toyota Tundra ស៊េរីឆ្នាំ២០២២ ជាផ្លូវការ

Toyota បានបង្ហាញចេញ Teaser ថ្មីសម្រាប់រថយន្ត Tundra ស៊េរីឆ្នាំ២០២២ ដែលក្នុងនោះបានបញ្ជាក់ឲ្យដឹងថារថយន្តជំនាន់ថ្មីនេះនឹងប្រកាសចេញនាថ្ងៃទី១៩ ខែកញ្ញា។

វីដេអូ Teaser មិនបានបង្ហាញអ្វីច្រើននោះទេ ប៉ុន្តែកន្លងមកមានការបែកធ្លាយជាហូរហែរួចមកហើយពីរថយន្ត Tundra ជំនាន់ថ្មី ក្នុងនោះ Toyota បានបង្ហាញចេញរូបភាពរថយន្ត Tundra ស៊េរីថ្មីប្រភេទ TRD ជាផ្លូវការផងដែរ ក្រោយពីមានការបែកធ្លាយរថយន្តនេះច្បាស់ៗ។

អ្វីដែលជាចម្ងល់ធំបំផុតនាពេលនេះគឺប្រព័ន្ធម៉ាស៊ីន ដែលគេរំពឹងថា Toyota អាចនឹងបន្ថែមម៉ាស៊ីនថ្មីលើរថយន្ត Tundra ស៊េរីឆ្នាំ២០២២ ដោយប្រើប្រាស់ម៉ាស៊ីនដូចមានលើ Land Cruiser ថ្មីដែរ ពោលគឺម៉ាស៊ីន Twin-Turbo ចំណុះ ៣,៥លីត្រ ៦ស៊ីឡាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខ្មែរជិតមានរោងចក្រផលិតរថយន្តហើយ! រដ្ឋាភិបាលកម្ពុជា សម្រេចយកខេត្តពោធិ៍សាត់ ជារោងចក្រផលិតរថយន្ត Ford

(ពោធិ៍សាត់)៖ យោងតាមទំព័រហ្វេសបុក Pursat Provincial Hall និងគេហទំព័រ រដ្ឋបាលខេត្តពោធិ៍សាត់ បានធ្វើការបង្ហាញនូវព័ត៌មានអំពីកិច្ចប្រជុំពិភាក្សាលើគម្រោងវិនិយោគលើរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ដែលមានការចូលរួមពី ឯកឧត្តម ម៉ៅ​ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងគណៈកម្មការអន្តរក្រសួង ស្ថាប័ន របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា តាមរយៈកម្មវិធី Zoom។

ជាមួយកិច្ចប្រជុំពិភាក្សាលើគម្រោងនៃការវិនិយោគលើរោងចក្រផ្គុំ និងតម្លើងរថយន្ត Ford នេះ បានបង្ហាញថារោងចក្រនេះស្ថិតនៅភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរោងចក្រនេះនឹងផលិតរថយន្ត Ford Ranger និងរថយន្ត Ford Everest ដោយអាចស្រូបយកកម្លាំងពលកម្មក្នុងស្រុក បានប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។

យ៉ាងណាមិញឯកឧត្តម ម៉ៅ​ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានបង្ហាញពីអារម្មណ៍រំភើបក្រៃលែង ដោយលោកបានមានប្រសាសន៍ថា” ពិតជាមហាកិត្តិយសក្រៃលែង! ក្រោមម្លប់នៃ «សន្តិភាព» ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានផ្តល់ជូនកាដូពិសេសសម្រាប់ខេត្តពោធិ៍សាត់ គឺរោងចក្រផលិតរថយន្ត Ford ដែលស្ថិតក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរោងចក្រនេះអាចស្រូបយកកម្លាំងពលកម្មក្នុងស្រុក បានប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក”។

 

បន្ថែមពីនេះក្នុងនាមថ្នាក់ដឹកនាំខេត្ត តំណាងឱ្យពុកម៉ែប្រជាពលរដ្ឋទូទាំងខេត្ត ឯកឧត្តមសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមទទួលយក ព្រមទាំងចូលរួមទៅតាមលទ្ធភាព ជាមួយនឹងការតម្លើងរោងចក្រនេះ។ ឯកឧត្តមមានសង្ឃឹមយ៉ាងមុតម៉ាំថា រោងចក្រនេះ ដែលបង្កើតនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ នឹងធ្វើឱ្យមានការលើកកម្ពស់នូវជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសគឺយើងទទួលបាន នូវការស្រូបយកទីផ្សារពលកម្ម ដែលទាំងនេះគឺជាការចូលរួមចំណែកយ៉ាងធំធេងណាស់ ក្រោមម្លប់នៃសន្តិភាព ដែលសម្តេចបានយកអាយុជីវិតទៅប្តូរ ទើបមានការអភិវឌ្ឍនៅលើទឹកដីនៃមាតុភូមិយើង និងនិយាយដោយឡែក នៅក្នុងខេត្តពោធិ៍សាត់របស់យើងខ្ញុំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ឈប់លក់ Ecosport នៅសហរដ្ឋអាមេរិច នៅពាក់កណ្តាលឆ្នាំក្រោយ

ក្រុមហ៊ុន Ford នឹងធ្វើការឈប់លក់រថយន្តប្រភេទ Crossover ខ្នាតតូចនៅលើទីផ្សារសហរដ្ឋអាមេរិច ដែលជាទីកំណើតរបស់ខ្លួននៅពាក់កណ្តាលឆ្នាំ២០២២ ដោយសារលក់យឺត និងជាពិសេសរោងចក្រដែលផលិតរថយន្តនេះនៅឥណ្ឌាក៏ត្រូវបានបិទ។

យោងតាមសារព័ត៌មាន The Detroit Free Press បានរាយការណ៍ថា បន្ទាប់ពីក្រុមហ៊ុន Ford រោងចក្រផលិតនៅក្នុងប្រទេសឥណ្ឌា រថយន្ត Crossover ខ្នាតតូចនឹងបន្តលក់នៅលើទីផ្សារសហរដ្ឋអាមេរិចត្រឹមពាក់កណ្តាលឆ្នាំ២០២២ ខណៈពេលរថយន្តនៅលើទីផ្សារអ៊ឺរ៉ុបគឺផលិតនៅរ៉ូម៉ានី និងទៅផ្សារប្រទេសផ្សេងទៀតនៅតែលក់ធម្មតា។

គួរបញ្ជាក់ផងដែរថា រថយន្ត Ecosport លក់នៅឆ្នាំ២០២០ បានសរុប ៦០ ៥៤៥គ្រឿងធ្លាក់ចុះ ៦,៤ភាគរយ ប្រៀបធៀបជាមួយឆ្នាំ២០១៩ បានចំនួន ៦៤ ៧០៨ភាគរយ។ ចំណេកចូលមកដល់ឆ្នាំ២០២១ គិតត្រឹមខែសីហា Ford Ecosport ត្រូវបានលក់បានចំនួន ៣២ ៦៩៧គ្រឿងធ្លាក់ចុះ ២២,៣ភាគរយបើប្រៀបធៀបឆ្នាំ២០២០។

យ៉ាងណាមិញរថយន្ត Ecosport ត្រូវបានបង្ហាញខ្លួននៅឆ្នាំ ២០១៦ ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Los Angeles Auto Show នឹងបានចេញលក់ក្នុងឆ្នាំ២០១៨។ វាដំណើរការដោយម៉ាស៊ីចំណុះ ១,០លីត្រ Turbocharged ទំហំ ៣ស៊ីឡាំង និងម៉ាស៊ីចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រូវចំណាយរហូតដល់ ១២ម៉ឺនដុល្លារ ដើម្បីទិញ Ford Bronco First Edition ឆ្នាំ២០២១ ប្រើបាន ២៩៨គីឡូម៉ែត្រមួយគ្រឿងនេះ

ក្នុងការដេញថ្លៃនៅ Mecum Dallas Auction ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី ៨ ដល់ ១១កញ្ញាឆ្នាំ ២០២១ រថយន្ត Ford Bronco First Edition ឆ្នាំ២០២១ បានលក់ដេញថ្លៃក្នុងតម្លៃរហូតដល់ ១២៦ ៥០០ដុល្លារ ខណៈពេលតម្លៃចេញពីរោងចក្រត្រឹម ៥៦ ៩១៥ដុល្លារប៉ុណ្ណោះ ដែលវាមានតម្លៃថ្លៃជាងថ្លៃដើមស្ទើរគុណនឹងបី។

គិតមកដល់ពេលដេញថ្លៃ រថយន្ត Ford Bronco First Edition ឆ្នាំ២០២១ មានចម្ងាយបើកបរសរុប ១៨៥ម៉ាយល៍ ឬ ២៩៨គីឡូម៉ែត្រ។ ដោយដំណើរការដោយម៉ាស៊ីនចំណុះ ២,៧លីត្រ EcoBoost មានកម្លាំង ៣០០សេះ ភ្ជាប់ជាមួយប្រអប់លេខ ១០វគ្គអូតូ។

គួរបញ្ជាក់ផងដែរថារថយន្ត Bronco First Edition ឆ្នាំ២០២១ ត្រូវបានផលិតឡើងត្រឹមចំនួន ៣ ៥០០គ្រឿង និងលក់ដាក់អស់ត្រឹមរយៈពេលមិនប៉ុន្មានប៉ុណ្ណោះ។​ ជាមួយចំនួនលក់ដាច់បែបនេះ ក្រុមហ៊ុនក៏បានបង្កើនចំនួនផលិតរហូតដល់ ៧ ០០០គ្រឿង។ ហើយថ្មីៗនេះក្រុមហ៊ុន Ford បានឈប់ទទួលការកក់តាមអនឡាញសម្រាប់រថយន្ត Bronco ដោយសារតែមានការបញ្ជាទិញច្រើនលើសលប់ពេល ដែលតម្រូវអោយរង់ចាំដល់ឆ្នាំ ២០២២ ទើបទទួលបានការដឹកជញ្ជូន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+