ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែង Tesla បំបែកកំណត់ត្រាថ្មី សាកភ្លើងម្តងជិះបាន ៨៣៦គីឡូម៉ែត្រ

រថយន្តអគ្គិសនី Lucid Air ថ្មី បំបែកកំណត់ត្រាថ្មី ដោយអាចធ្វើដំណើរបានចម្ងាយ ៥២០ម៉ាយ៍ ឬ ៨៣៦គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ នេះបើយោងតាមការបង្ហាញពីទីភ្នាក់ងារ U.S. Environmental Protection Agency (EPA)។

រថយន្ត Lucid Air Dream Edition ថ្មី នឹងផ្តល់ជម្រើស ២ ម៉ូដែល គឺ Range មានចម្ងាយបើកបរដល់ ៨៣៦គីឡូម៉ែត្រ និង Performance មានចម្ងាយបើកបរដល់ ៧៥៨គីឡូម៉ែត្រ។

ក្រៅពីមានចម្ងាយបើកបរឆ្ងាយ រថយន្ត Lucid Air Dream Edition Range មានកម្លាំង ៩៣៣សេះ ខណៈ Lucid Air Dream Edition Performance មានកម្លាំងរហូតដល់ទៅ ១ ១១១សេះឯណោះ។

សូមបញ្ជាក់ថា រថយន្ត Lucid Air Dream Edition ម៉ូដែល Range នឹងមានតម្លៃចាប់ពី ១៣៩ ០០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ ក្រុមហ៊ុន Lucid Air នឹងចាប់ផ្តើមដឹករថយន្តឲ្យទៅអតិថិជននៅចុងឆ្នាំនេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី XPeng P5 ចេញលក់ជាផ្លូវការនៅចិន មានជម្រើស ៦ម៉ូដែល តម្លៃចាប់ពីខ្ទង់ ២ម៉ឺនដុល្លារ

រថយន្តអគ្គិសនី XPeng P5 បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសចិន បន្ទាប់ពីបង្ហាញខ្លួនលើកដំបូងនៅក្នុងកម្មវិធី Shanghai Auto Show កាលពីខែមេសា។

រថយន្តអគ្គិសនីប្រភេទ Sedan នេះ នឹងផ្តល់ជម្រើស ៦ម៉ូដែលផ្សេងគ្នា គឺ 460G, 460E, 550G, 550E, 550P និង 600P ដែលមានតម្លៃចន្លោះពីខ្ទង់ ២៤ ៥០០ដុល្លារ ដល់ ៣៤ ៨០០ដុល្លារ។

  • P5 460G បំពាក់អាគុយអគ្គិសនីទំហំ ៥៥,៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៦០គីឡូម៉ែត្រ
  • P5 460E បំពាក់អាគុយអគ្គិសនីទំហំ ៥៥,៩គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៦០គីឡូម៉ែត្រ ប៉ុន្តែមានប្រព័ន្ធបើកបរស្វ័យប្រវត្តិពាក់កណ្តាល X-Pilot 3.0 semi-autonomous driving system មានតម្លៃ ២៦ ៨០០ដុល្លារ
  • P5 550G បំពាក់អាគុយអគ្គិសនីទំហំ ៦៦,២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០គីឡូម៉ែត្រ មានតម្លៃ ២៧ ៦០០ដុល្លារ
  • P5 550E បំពាក់អាគុយអគ្គិសនីទំហំ ៦៦,២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០គីឡូម៉ែត្រ និងប្រព័ន្ធ X-Pilot 3.0 មានតម្លៃ ២៩ ៩០០ដុល្លារ
  • P5 550P បំពាក់អាគុយអគ្គិសនីទំហំ ៦៦,២គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០គីឡូម៉ែត្រ និងប្រព័ន្ធ X-Pilot 3.0 ដែលកាន់តែទំនើប ដោយបន្ថែម LiDAR ២គ្រាប់ មានតម្លៃ ៣១ ០០០ដុល្លារ
  • P5 600P បំពាក់អាគុយអគ្គិសនីទំហំ ៧១,៤គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០គីឡូម៉ែត្រ

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Xpeng មិនទាន់បានបង្ហាញឲ្យដឹងពីកម្លាំងសេះរបស់រថយន្តនេះឡើយ ប៉ុន្តែអះអាងថា វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៥វិនាទី។ សូមបញ្ជាក់ថា រថយន្តអគ្គិសនីរបស់ប្រទេសចិននេះ នឹងចេញលក់ជាផ្លូវការនៅចុងខែតុលានេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Fiesta ស៊េរីឆ្នាំ២០២២ រូបរាងកាន់តែទាន់សម័យ ហើយមានថែមកុងទ័រប្រភេទឌីជីថល

Ford បានបង្ហាញចេញជាផ្លូវការនូវរថយន្ត Fiesta ស៊េរីឆ្នាំ២០២២ ដែលបានដុះខាត់រូបរាងខាងក្រៅបន្តិចបន្តួច និងមានបំពាក់បច្ចេកវិទ្យាកាន់តែទំនើបជាងមុនផងដែរ។

រថយន្តនេះបានបំពាក់នូវផ្ទាំងប៉ាណាមុខដែលមានទំហំធំជាងមុនបន្តិច ហើយវាបង្កប់ដោយឡូហ្គោរបស់ Ford នៅពីលើ និង​មាន​អម​ដោយ​រន្ធ​ខ្យល់​ដ៏ធំនៅផ្នែកសងខាង ហើយអំពូលខាងមុខគឺជាប្រភេទ LED ជាស្តង់ដារផងដែរ។ ចំណែកផ្នែកខាងក្រោយមានការផ្លាស់បន្តិចបន្តួច ដោយនៅជុំវិញស្តុបក្រោយ​មាន​បន្ថែម​ស៊ុមពណ៌​ខ្មៅ និង​មាន​ផ្ដល់​ជាជម្រើសអំពូល LED ជាដើម។

នៅផ្នែកខាងក្នុងវិញគឺមានបំពាក់នូវកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ ដែល​អាចផ្លាស់ប្ដូរពណ៌ទៅតាម​ប្រភេទបើកបរ ដែលមានប្រភេទ Normal, Sport និង Eco។ វាក៏មាននូវអេក្រង់កម្សាន្តទំហំ៨អ៊ីញ ជាប្រភេទ Touchscreen ដែលបានប្រើប្រាស់ប្រព័ន្ធ SYNC 3។

Ford ក៏បានបន្ថែមនូវបន្ទះសាកថ្មស្មាតហ្វូនដោយមិនប្រើខ្សែផងដែរ ហើយ​នៅ​ផ្នែកខាងក្នុង​ក៏​មានបំពាក់នូវប្រព័ន្ធ B&O Sound System ដែលមានឧបករណ៍បំពងសំឡេងចំនួន១០គ្រាប់។

ចំពោះផ្នែកម៉ាស៊ីនវិញគឺមានជម្រើសម៉ាស៊ីន Turbocharged ចំណុះ១,៩លីត្រ ប្រភេទ EcoBoost អាចផលិតកម្លាំងបាន៩៩សេះ និងជម្រើសម៉ាស៊ីន EcoBoost Hybrid ដែលមានជាប្រភេទអាចផលិតកម្លាំងបាន១២៣សេះ និងប្រភេទដែលផលិតកម្លាំងបាន១៥៣សេះ។ មិនតែប៉ុណ្ណោះវាក៏មាននូវជម្រើសម៉ាស៊ីន Turbocharged ចំណុះ១,៥លីត្រ EcoBoost ដែលអាចផលិតកម្លាំងបាន ១៩៧សេះផងដែរ។

Ford មិនទាន់បានបង្ហាញចេញតម្លៃសម្រាប់រថយន្ត Fiesta ស៊េរីឆ្នាំ២០២២នៅឡើយទេ ហើយគេរំពឹងថារថយន្តនេះនឹងចេញលក់ចាប់ពីដើមឆ្នាំ២០២២នៅទីផ្សារអឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូនឡាន Hyundai Casper ប្រកាសដាក់លក់តម្លៃ ១ម៉ឺនដុល្លារស្ដើង នៅកូរ៉េ

Hyundai បានបង្ហាញរូបភាព និងព័ត៌មានជាច្រើនអំពីរថយន្ត Casper កាលពីពីរសប្ដាហ៍មុន ហើយនាពេលនេះក្រុមហ៊ុនបានបង្ហាញចេញរូបភាពខាងក្នុងរបស់រថយន្ត ខណៈដែលបានប្រកាសអំពីតម្លៃលក់របស់រថយន្តនេះនៅទីផ្សារប្រទេសកូរ៉េខាងត្បូងផងដែរ។

ត្បិតថាវាមានទំហំតូចត្រឹមប្រវែង ៣៥៩៥ម.ម ទទឹង ១៥៩៥ម.ម និងកម្ពស់ ១៥៧៥ម.ម ប៉ុន្តែនៅផ្នែកខាងក្នុងឃើញថាមានទំហំធំទូលាយគួរសមសម្រាប់មនុស្សបួននាក់ ហើយវាក៏មានគ្រឿងបរិក្ខារទំនើបៗមកជាមួយផងដែរ។ កៅអីជួរមុខ និងកៅអីជួរក្រោយសុទ្ធតែអាចបត់បាន ដែល​ឲ្យរថយន្តនេះប្រែក្លាយជាគ្រែដេកបានប្រសិនបើចាំបាច់។

នៅផ្នែកខាងក្នុងក៏មានអេក្រង់កម្សាន្តប្រភេទ Touch ទំហំ៨អ៊ីញ ជាមួយមុខងារនាំផ្លូវ, មានមុខងារចំណាំសំឡេង, Hyundai CarPlay, កុងទ័រឌីជីថលទំហំ ៤,២អ៊ីញ និងឧបករណ៍បំពងសំឡេងចំនួន៦ផងដែរ។

រថយន្តនេះមានដាក់លក់តម្លៃចាប់ពីប្រមាណ ១១ ៨៦០ដុល្លារ រហូតដល់ប្រមាណ ១៦ ០១០ដុល្លារ ដែលវាមានជម្រើសម៉ាស៊ីន ១,០លីត្រ កម្លាំង៧៥សេះ និងជម្រើសម៉ាស៊ីន Turbocharged ចំណុះ១,០លីត្រ កម្លាំង៩៩សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ដើរដោយថាមពលអ៊ីដ្រូហ្សែនរបស់អូស្ត្រាលី ចេញតម្លៃលក់ខ្ទង់ ១៤ម៉ឺនដុល្លារ

នៅចុងខែកក្កដាកន្លងទៅ ក្រុមហ៊ុនអូស្រ្តាលី H2X Global បានប្រកាសពីការវិលត្រឡប់របស់ខ្លួនជាមួយនឹងរថយន្តភីកអាប់ដើរដោយថាមពលអ៊ីដ្រូហ្សែនដែលប្រើប្រាស់តួរខ្លួនរបស់ Ford Ranger ឈ្មោះថា H2X Warrego។

មកដល់ពេលនេះក្រុមហ៊ុនក៏បានបញ្ចេញតម្លៃផងដែរ យោងតាមការរាយការណ៍ពី CarSale បាននិយាយថា​រថយន្ត H2X Warrego នឹងមានតម្លៃចាប់ពី ១៣៩ ០០០ដុល្លារ សម្រាប់ម៉ូឌែល Warrego 66 និង ១៧២ ០០០ដុល្លារសម្រាប់ Warrego 90 ខណៈពេលប្រភេទកប់បំផុត Warrego 90 XR មានតម្លៃចាប់ពី ១៨៣ ០០០ដុល្លារ។ បន្ថែមពីនេះមកដល់ពេលនេះរថយន្ត H2X ទទួលបានការកក់សរុប ២៥០គ្រឿងហើយ។

គួរបញ្ជាក់ផងដែរថាសម្រាប់ប្រភេទកប់បំផុតមានកម្លាំងសរុប ៤១៦សេះ(ថាមពលអ៊ីដ្រូហ្សែន ១២១សេះ និងថាមពលម៉ូទ័រ ២៩៥សេះ) និងកម្លាំងបង្វិល ៣៥០ញ៉ូតុនម៉ែត្រ ព្រមទាំងមានសម្ថភាពអូសសណ្តោងបាន ២ ៥០០គីឡូក្រាមផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនមួយនេះ ចង់វ៉ាដាច់ Tesla ក្លាយជាអ្នកផលិតឡានអគ្គិសនីធំបំផុតលើលោក

ក្រុមហ៊ុន Volkswagen Group ចង់ដណ្តើមយកមកុដរបស់ក្រុមហ៊ុន Tesla ជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំបំផុតលើពិភពលោក នៅឆ្នាំ ២០២៥។

ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ខាងលើ មានបំណងបញ្ចេញរថយន្តអគ្គិសនីឲ្យបានប្រហែល ៧០ ម៉ូដែល នៅទូទាំងពិភពលោក នៅត្រឹមឆ្នាំ ២០៣០។ ក្រុមអ្នកវិភាគនៅ LMC Automotive បាននិយាយថា ក្រុមហ៊ុន Volkswagen Group ពិតជាស្ថិតនៅលើផ្លូវដែលអាចយកឈ្នះលើ Tesla ក្នុងការលក់រថយន្តអគ្គិសនី នៅត្រឹមឆ្នាំ២០២៥។

គួរឲ្យដឹងថា នៅសហរដ្ឋអាមេរិចបច្ចុប្បន្ន ក្រុមហ៊ុន Volkswagen បានលក់រថយន្តអគ្គិសនី ID.4 ហើយនឹងចេញលក់ម៉ូដែល ID.BUZZ និង ID Aero ជាបន្តបន្ទាប់ទៀត។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Volkswagen Group ក៏មានប្រៀបជាងដែរ ដោយសារតែវាកាន់កាប់ក្រុមហ៊ុនផលិតរថយន្តផ្សេងៗគ្នាជាច្រើនទៀត។ បច្ចុប្បន្ននេះ Tesla មានផលិតលក់ត្រឹមតែរថយន្ត Model 3, Model Y, Model S និង Model X ប៉ុណ្ណោះ ខណៈម៉ូដែលផ្សេងទៀតដូចជា Cybertruck និង Roadster នឹងបង្ហាញខ្លួននាពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចិន ចង់ឲ្យអ្នកផលិតឡានអគ្គិសនីរបស់ខ្លួន ជាង ៣០០ក្រុមហ៊ុន រួបរួមគ្នា

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ប្រទេសចិនចង់លើកទឹកចិត្តឲ្យមានការរួបរួមគ្នា ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរាប់រយរបស់ខ្លួន។

ប្រទេសចិនបានលើកកម្ពស់រថយន្តអគ្គិសនីក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយឥឡូវវាមានក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ប្រមាណ ៣០០ ក្រុមហ៊ុនឯណោះ។ នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន លោក Xiao Yaqing។

រដ្ឋមន្ត្រីខាងលើបាននិយាយថា “ក្រុមហ៊ុនទាំងនោះភាគច្រើន ជាក្រុមហ៊ុនតូចតាច។ យើងលើកទឹកចិត្តឲ្យមានការរួមបញ្ចូលគ្នា និងការរៀបចំរចនាសម្ព័ន្ធឡើងវិញ នៅក្នុងវិស័យរថយន្តអគ្គិសនី ដើម្បីបង្កើនការប្រមូលផ្តុំទីផ្សារបន្ថែមទៀត”។

គួរឲ្យដឹងថា រដ្ឋាភិបាលចិនបានផ្តល់ប្រាក់ឧបត្ថម្ភធនប្រមាណជា ៥,១ ពាន់លានដុល្លារ ដើម្បីលើកទឹកចិត្តអ្នកប្រើប្រាស់ឲ្យទិញរថយន្តអគ្គិសនី ក្នុងរយៈពេល ៥ ឆ្នាំ។ មិនតែប៉ុណ្ណោះ អាជ្ញាធរខេត្តជាច្រើនក៏បានផ្តល់ការបន្ធូរបន្ថយពន្ធដ៏ច្រើន និងការលើកទឹកចិត្តផ្សេងទៀត ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ដើម្បីបង្កើតរោងចក្រផលិតទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV របស់ Mazda ទាំងអស់លក់នៅអាមេរិក នឹងមានស្តង់ដារប៉ុងពីរមកជាមួយ

ទន្ទឹមនឹងការបង្ហាញចេញរថយន្ត CX-5 ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ក្រុមហ៊ុន Mazda បានប្រកាសដែរថារថយន្ត SUV ទាំងអស់របស់ Mazda ដែលលក់នៅអាមេរិកនឹងមានបំពាក់ប្រព័ន្ធបើកបរប៉ុងពីរមកជាស្តង់ដារ។

ការសម្រេចចិត្តបែបនេះ ត្រូវបានក្រុមហ៊ុនអះអាងថាគឺដើម្បីគាំទ្រនូវចក្ខុវិស័យរបស់ក្រុមហ៊ុន ដែលមានបំណងផ្ដល់នូវការបើកបរដ៏រីករាយសម្រាប់អ្នកបើកបរទាំងអស់។

ប្រព័ន្ធបើកបរប៉ុងពីរ i-Activ AWD នឹងមានមកជាស្តង់ដារលើរថយន្ត SUV ស៊េរីឆ្នាំ២០២២ទាំងអស់ ដែលក្នុងនោះរួមមានរថយន្ត CX-3, CX-30, CX-5 និង CX-9 ផងដែរ។ ក៏មានការរំពឹងផងដែរថាតម្លៃលក់អាចនឹងឡើងថ្លៃលើសស៊េរីឆ្នាំមុន បន្ទាប់ពីមានបន្ថែមស្តង់ដារថ្មីបែបនេះ។

គួរដឹងថារថយន្ត CX-3 ស៊េរីឆ្នាំ២០២១ មានតម្លៃចាប់ផ្ដើមពី ២០ ៧៩០ដុល្លារ ខណៈរថយន្ត CX-5 ដែលជារថយន្តលក់ដាច់ជាងគេនៅអាមេរិកមានតម្លៃចាប់ពី ២៥ ៣៧០ដុល្លារ សម្រាប់ស៊េរីឆ្នាំ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Santa Cruz ក្លាយជាឡានថ្មីលក់ចេញលឿនជាងគេ ប្រចាំខែសីហានៅអាមេរិក

ទិន្នន័យពី​ iSeeCars.com បានបង្ហាញថាការលក់ចេញរថយន្តថ្មីនៅខែសីហា ក្នុងទីផ្សារសហរដ្ឋអាមេរិកកាន់តែមានសន្ទុះលឿនជាងមុន ដោយជាមធ្យមប្រើពេល២៦ថ្ងៃអាចលក់ចេញឡានថ្មីមួយគ្រឿង ខណៈដែលកាលពីខែកក្កដាគឺប្រើពេលជាមធ្យម៣៥ថ្ងៃ។

ក្នុងនោះដែររថយន្ត Hyundai Santa Cruz បានក្លាយជារថយន្តថ្មីដែលលក់ដាច់បានលឿនជាងគេ ជាមួយរយៈពេលជាមធ្យមត្រឹម ៨ថ្ងៃ ដែលតាមពីក្រោយដោយរថយន្ត Chevrolet Corvette ដែលប្រើពេលជាមធ្យម ៨,៣ថ្ងៃ។

គួរដឹងថារថយន្តដទៃទៀតដែលស្ថិតនៅក្នុងតំណែងកំពូលទាំង១០ជារថយន្តថ្មីលក់ចេញបានលឿនជាងគេ គឺចំណាយពេលលក់ជាមធ្យមមិនដល់១០ថ្ងៃនោះទេ ដែលនិន្នាការនេះទំនងជានឹងបន្តកើតមាននៅខែបន្ទាប់។

iSeeCars.com ទទួលបានទិន្នន័យ តាមរយៈការដែលបានធ្វើការវិភាគលើរថយន្តថ្មីជាង១លានគ្រឿង ដែលបានលក់ចេញនីសហរដ្ឋអាមេរិកកាលពីខែសីហាកន្លងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនផលិតរថយន្តជប៉ុនជាច្រើននឹងកាត់បន្ថយការផលិតរថយន្តសរុបប្រមាណ ១,០៥ លានគ្រឿង ដោយសារកង្វះបន្ទះឈីប

យោងតាមរបាយការណ៍របស់ Nikkei Asia បានអោយដឹងថាក្រុមហ៊ុនផលិតរថយន្តជាច្រើនក្នុងប្រទេសជប៉ុនបានប្រកាសអំពីផែនការកាត់បន្ថយការផលិតរថយន្តជាងមួយលានគ្រឿងក្នុងឆ្នាំដ៏លំបាកនេះ ដែលវាបណ្តាលមកពីការកើនឡើងនៃការរីករាលដាលជំងឺកូវីដ១៩ ដែលប៉ះពាល់ដល់ការផ្គត់ផ្គង់បន្ទះឈីបពីក្រុមហ៊ុនធំៗ។

នៅថ្ងៃទី ១០ ខែកញ្ញាក្រុមហ៊ុន Toyota បាននិយាយថាខ្លួននឹងកែសម្រួលការព្យាករណ៍ផលិតកម្មពិភពលោករបស់ខ្លួនត្រឹម ៩ លានគ្រឿងជំនួសឱ្យ ៩,៣ លានគ្រឿងកាលពីមុន។ ក្នុងរយៈពេលខ្លីនេះនឹងឃើញថាចំនួនយានយន្តដែលផលិតបានថយចុះប្រហែល ៧ ម៉ឺនគ្រឿងនិង ៣៣ ម៉ឺនគ្រឿង (ក្រៅប្រទេស ១៨០ ០០០ គ្រឿងនិងជប៉ុន ១៥០ ០០០ គ្រឿង) សម្រាប់ខែតុលាបើប្រៀបធៀបទៅនឹងផែនការផលិតគិតត្រឹមខែសីហា។ Toyota ក៏បានបន្ថែមទៀតថា តម្រូវការនាពេលបច្ចុប្បន្ននៅតែច្រើន ប៉ុន្តែសម្រាប់ផលិតកម្មនៅខែវិច្ឆិកា និងខែបន្ទាប់នៅពុំទាន់ច្បាស់នៅឡើយនោះទេ ដោយកំពុងរៀបចំ។

រីឯ Suzuki ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារកង្វះបន្ទះឈីប ដោយបានកាត់បន្ថយការផលិតនៅត្រឹមចំនួន ៣៥០ ០០០ គ្រឿងដែលស្មើនឹង ១០% នៃការផលិតសរុបក្នុងឆ្នាំចុងក្រោយរបស់ខ្លួន។ ជាលទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុននៅក្នុងប្រទេសដូចជាជប៉ុនថៃ និងហុងគ្រីនឹងត្រូវផ្អាកជាលទ្ធផល ខណៈឥណ្ឌាដែលជាទីផ្សារធំបំផុតមួយរបស់ខ្លួនត្រូវបានគេរំពឹងថានឹងដំណើរការបានប្រហែល ៤០% នៃចំនួនសរុបនៅក្នុងខែនេះ។

ទន្ទឹមនឹងនេះដែរ Nissan បាននិយាយរួចមកហើយថាខ្លួននឹងកាត់បន្ថយការផលិតរថយន្តនៅត្រឹមចំនួន ២៥០០០០ គ្រឿង Honda រំពឹងថានឹងលក់បានចំនួន ១៥០ ០០០ គ្រឿងដោយសារតែការកាត់បន្ថយការផលិត ខណៈពេលដែលក្រុមហ៊ុន Mazda, Mitsubishi និង Subaru បានប្រកាសពីការកាត់បន្ថយការផលិតរបស់ខ្លួន ដូច្នេះនៅទូទាំងក្រុមហ៊ុនផលិតរថយន្តជប៉ុនប្រមាណ ១,០៥ លានគ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+