ផ្ទាំងផ្សាយពាណិជ្ជកម្ម

Fiat ប្រកាសផលិតតែឡានអគ្គិសនីសុទ្ធ នៅឆ្នាំ២០៣០

ក្រុមហ៊ុនផលិតរថយន្តធំៗ បាននាំគ្នាប្រកាសថ្ងៃខែឆ្នាំ ដែលពួកគេនឹងផ្លាស់ទៅផលិតតែរថយន្តប្រើថាមពលអគ្គិសនីសុទ្ធ ដោយក្នុងនោះ ឆ្នាំ២០៣០ ហាក់បីដូចជាឆ្នាំមួយដែលគ្រប់គ្នាបានជ្រើសរើស ដើម្បីសម្លាប់រថយន្តម៉ាស៊ីនចំហេះក្នុងអីចឹង។

គួរឲ្យដឹងថា កាលពីខែមេសាកន្លងទៅ ក្រុមហ៊ុន Cadillac បានប្រកាសថាវានឹងផលិតតែរថយន្តអគ្គិសនីសុទ្ធប៉ុណ្ណោះ ចាប់ពីឆ្នាំ២០៣០ ទៅខណៈ Bentley ក៏ដូចគ្នាដែរ ប៉ុន្តែ Jaguar ឯណេះវិញបានសម្រេចជ្រើសរើសត្រឹមឆ្នាំ២០២៥ ប៉ុណ្ណោះ។

ឥឡូវនេះក្រុមហ៊ុនផលិតរថយន្តចុងក្រោយគេបង្អស់ ដែលសម្រេចចិត្តថានឹងផលិតតែរថយន្តអគ្គិសនីដែរនោះ គឺ Fiat ដែលវាក៏បានជ្រើសយកឆ្នាំ២០៣០ ដែរ។

ប្រធានក្រុមហ៊ុន Fiat លោក Olivier Francois បាននិយាយប្រាប់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ចន្លោះឆ្នាំ២០២៥ និង ២០៣០ រថយន្តរបស់យើងនឹងក្លាយជារថយន្តអគ្គិសនីសុទ្ធ។ វានឹងក្លាយជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ម៉ាក Fiat”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan GT-R ប៉ះ Porsche Panamera និង Audi RS6 ទើបដឹងថាមិនងាយស្រួល (មានវីដេអូ)

កាលពីមុន R35 Nissan GT-R ធ្លាប់ជារថយន្តដែលមានស្ទុះល្បឿនលឿនបំផុត ប៉ុន្តែមកដល់ពេលនេះ វាហាក់បីដូចជាចាញ់ប្រៀបគេច្រើន។ ទោះជាយ៉ាងណាក៏ដោយ វាមិនមែនមានន័យថា Nissan GT-R យឺតនោះទេ។

ថ្មីៗនេះ គេហទំព័រ Carwow បានយករថយន្ត Nissan GT-R Nismo ទៅរត់ប្រជែងជាមួយនឹង Porsche Panamera Turbo S E-Hybrid និង Audi RS6 ដើម្បីស្វែងរកជើងខ្លាំងក្នុងចំណោមពួកវាទាំង៣។

រថយន្ត Nissan GT-R Nismo បំពាក់ម៉ាស៊ីនចំណុះ ៣,៨លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៦០០សេះ ហើយប្រើប្រអប់លេខអូតូ ៦វគ្គ និងប៉ុងពីរ។ រថយន្តស្ព័ររបស់ជប៉ុននេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ២,៥វិនាទីប៉ុណ្ណោះ។

ដោយឡែក រថយន្ត Porsche Panamera Turbo S E-Hybrid វិញមានបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៦៣សេះ គួបផ្សំជាមួយម៉ូទ័រអគ្គិសនីមួយមានកម្លាំង ១៣៤សេះទៀត សរុបស្មើនឹង ៦៨៩សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,០វិនាទីប៉ុណ្ណោះ។

ចំណែកឯរថយន្ត Audi RS6 វិញ ប្រើម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo ទំហំ ៨ស៊ីឡាំង មានកម្លាំង ៥៩១សេះ ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,១វិនាទីប៉ុណ្ណោះ៕

ចង់ដឹងថារថយន្តមួយណាឈ្នះសូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពិព័រណ៍រថយន្ត New York Auto Show ត្រលប់មកវិញ នៅខែសីហាឆ្នាំនេះ

បន្ទាប់ពីត្រូវបានពន្យារពេលនិងលុបចោលនៅឆ្នាំ ២០២០ ដោយសារតែជំងឺរាតត្បាត Covid-19 ពិព័រណ៍រថយន្ត New York Auto Show ឆ្នាំនេះត្រូវបានគ្រោងធ្វើឡើងនៅថ្ងៃទី ២០-២៩ ខែសីហា។

អភិបាលក្រុងញូវយ៉កលោក Andrew Cuomo បានប្រកាសនៅថ្ងៃទី ២ ខែមិថុនាថា ពិព័រណ៍អន្ដរជាតិញូវយ៉កនឹងវិលត្រឡប់មកវិញជាមួយនឹងការបង្ហាញថ្មីនៅឯមជ្ឈមណ្ឌល Jacob Javits នៅចុងខែសីហា។ សំបុត្រនឹងចាប់ផ្តើមលក់ចាប់ពីថ្ងៃទី ៣០ ខែមិថុនានេះតទៅ។

ស្ទើរតែសាលពិព័រណ៍ទាំងមូលនឹងត្រូវបានដាក់បង្ហាញម៉ូដែលរថយន្តអគ្គិសនី ដែលមានសរុបប្រហែល ១ ០០០ ម៉ូដែលនឹងត្រូវចូលរួមនៅក្នុងព្រឹត្តិការណ៍ឆ្នាំនេះ។

ការតាំងពិព័រណ៍ឆ្នាំនេះក៏នឹងត្រឡប់មកវិញ ជាមួយនឹងការរំពឹងទុកថាចំនួនអ្នកចូលរួម នឹងមានចំនួនដូចកាលពីមិនទាន់មានជំងឺរាតត្បាត។ មជ្ឈមណ្ឌល Jacob Javits ថ្មីៗនេះត្រូវបានពង្រីកចន្ថែម និងមានផ្ទៃដី ១១១ ៥០០ ម៉ែត្រការ៉េ ដែលជាការកើនឡើង ៥០ ភាគរយបើប្រៀបធៀបទៅនឹងពេលមុនដែលនេះក៏មានន័យថាមានកន្លែងទំនេរច្រើនផងដែរដែលមិនមានមនុស្សច្រើនប្រមូលផ្តុំគ្នានៅកន្លែងតែមួយ។

ទោះយ៉ាងណាក៏ដោយអ្នករៀបចំនៅតែសង្កត់ធ្ងន់ថាពួកគេតែងតែគោរពតាមបទប្បញ្ញត្តិស្តីពីការការពារជំងឺ។ ការលក់សំបុត្រ និងអនាម័យត្រូវត្រួតពិនិត្យយ៉ាងដិតដល់។

នៅឆ្នាំ ២០២០ ពិព័រណ៍រថយន្តញូវយ៉កពីដំបូងត្រូវបានគេគ្រោងធ្វើនៅថ្ងៃទី ១០-១៩ ខែមេសា ប៉ុន្តែក្រោយមកត្រូវបានពន្យារពេលដល់ថ្ងៃទី ២៨-៨-៦ ខែកញ្ញាដោយសារការរាលដាល។ នៅថ្ងៃទី ២២ ខែឧសភាអ្នករៀបចំកម្មវិធីបានប្រកាសលុបចោលព្រឹត្តិការណ៍នេះពីព្រោះមជ្ឈមណ្ឌលសន្និបាតសម្រាប់ការតាំងពិព័រណ៍បានបន្តប្រើជាកន្លែងព្យាបាលអ្នកជំងឺ Covid-19៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Kia K3 EV ចេញលក់លើទីផ្សារប្រទេសចិន សាកមួយពេញជិះបាន ៤១០គីឡូម៉ែត្រ

រថយន្តអគ្គិសនី K3 EV បានធ្វើការចេញលក់ជាផ្លូវការនៅលើទីផ្សារប្រទេសចិន ជាមួយជម្រើស ២ម៉ូឌែល ដោយមានតម្លៃចាប់ពី ២៧ ៦០០ដុល្លារ ដល់ ២៩ ២០០ដុល្លារ ។

សម្រាប់ការឌីស្សាញនៃរថយន្ត K3 EV មានភាពស្រដៀងគ្នានឹងប្រភេទដំណើការដោយម៉ាស៊ីនសាំង ផលិតសម្រាប់ទីផ្សារប្រទេសចិន។ ចំពោះភាពខុសគ្នាដែលគួរអោយគត់សម្គាល់រួមមាន ប៉ាណាបិទជិតខាងមុខ និងការឌីស្សាញឡើងវិញ Console កណ្តាល រួមជាមួយប៊ូតុងផ្លាស់លេខ និងកុងទ័រទំហំ ៧អ៊ីញថ្មី។

បន្ថែមពីនេះសម្រាប់ប្រភេទខ្ពស់បំផុត បានបំពាក់ជាមួយថាសកង់ទំហំ ១៧អ៊ីញ, ចង្កៀងខាងមុខប្រភេទ LED, Power Sunroof, Smart Key, កន្លែងសាកថ្មឥតខ្សែ, អេក្រង់កម្សន្ត touchscreen ទំហំ ១០,២៥អ៊ីញ និងប្រព័ន្ធសុវត្តិភាពដូចជា៖ ពោងសុវត្តិភាពចំនួន ៦, ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់, Adaptive Cruise Control, Front Collision Avoidance, Lane Departure Warning, Lane Keeping Assist, Drive Fatigue Reminder, Blind Spot Collision Warning និងAutomatic High Beam។

រថយន្ត K3 EV ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនមួយនៅខាងមុខ មានកម្លាំងសរុប ១៨១សេះ និងកម្លាំងរមួល ៣១០ញ៉ូតុនម៉ែត្រ។ សម្រាប់ម៉ូទ័រអគ្គិសនី បានទទួលថាមពលពីកញ្ចប់អាគុយទំហំ ៤៨,៦គីឡូវ៉ាត់ ដែលអនុញ្ញាតអោយរថយន្តបើកបរបានចំងាយ ៤១០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ប្រកាសបញ្ចុះតម្លៃឡាន Mustang ដល់ ៥០០០ដុល្លារ

ចំនួនលក់នៃរថយន្ត Ford Mustang នៅតែខ្លាំង ហើយវានៅតែទទួលបានប្រជាប្រិយភាពខ្លាំង ជាងគូប្រជែងដូចជា Chevrolet Camaro និង Dodge Challenger ផងដែរ។

ថ្មីៗនេះ ក្រុមហ៊ុន Ford ក៏បានប្រកាសចេញរថយន្ត Mustang Mach 1 ដើម្បីជំនួសតំណែង Shelby GT350 និង Mustang Bullitt ព្រមទាំង SUV អគ្គិសនីរបស់ខ្លួនគឺ Mustang Mach-E ទៀតផង។

យ៉ាងណាមិញ ក្រុមហ៊ុន Ford បានប្រកាសបញ្ចុះតម្លៃលើរថយន្តស្ព័រ Mustang របស់ខ្លួនចំនួន ៤ ០០០ដុល្លារ ខណៈសិស្សនិស្សិតអាចទទួលបានការបញ្ចុះតម្លៃថែម ១ ០០០ដុល្លារទៀត សរុប ៥ ០០០ដុល្លារឯណោះ។ គួរឲ្យដឹងថា ការបញ្ចុះតម្លៃនេះគឺសម្រាប់ម៉ូដែល Mustang ស៊េរីឆ្នាំ២០២០ និង ២០២១ ប៉ុណ្ណោះ។

រថយន្ត Ford Mustang ស៊េរីឆ្នាំ២០២១ មានតម្លៃចាប់ពី ២៧ ១៥៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក និង ៣២ ៦៥៥ដុល្លារ សម្រាប់ប្រភេទបើកដំបូល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ដាក់ដំណើរការកម្មវិធីធានា ១០ឆ្នាំសម្រាប់ឡានថ្មី និងមួយទឹក នៅប្រទេសមួយនេះ

ក្រុមហ៊ុន Toyota ចក្រភពអង់គ្លេស បានដាក់ចេញនូវកម្មវិធីធានារយៈពេល ១០ ឆ្នាំ ដែលត្រូវអនុវត្តទាំងលើរថយន្តថ្មី និងមួយទឹក។

កម្មវិធីដែលត្រូវបានគេដាក់ឈ្មោះថា Toyota Relax នេះ នឹងបន្ថែមរយៈពេល ១២ ខែ / ១០០ ០០០ ម៉ាយ៍ រាល់ពេលដែលមានម្ចាស់យករថយន្តមកទទួលសេវាកម្ម នៅមជ្ឈមណ្ឌលផ្លូវការរបស់ក្រុមហ៊ុន Toyota។ ការធានានេះត្រូវបានអនុវត្តដោយស្វ័យប្រវត្តិ ហើយមិនមានការចំណាយបន្ថែមដល់អតិថិជននោះទេ។

វាមានន័យថា ប្រសិនបើអ្នកជាម្ចាស់រថយន្ត Toyota នៅចក្រភពអង់គ្លេស ហើយទទួលយកសេវាកម្មជាប្រចាំនៅឯក្រុមហ៊ុន Toyota នោះវានឹងស្ថិតនៅក្រោមការធានារយៈពេល ១០ ឆ្នាំ ឬរហូតដល់ចម្ងាយ ១០០ ០០០ ម៉ាយ៍ (១៦០ ០០០ គីឡូម៉ែត្រ)។ អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍នោះគឺថា កម្មវិធីធានានេះក៏អនុវត្តចំពោះរថយន្ត Toyota មួយទឹកផងដែរ។

ប្រសិនបើអ្នកទិញរថយន្ត Toyota ដែលបានប្រើជាលក្ខណៈឯកជន ឬតាមរយៈក្រុមហ៊ុនចែកចាយ ហើយមិនថាអ្នកជាម្ចាស់ទី២ ទី៣ ឬទី៤ នោះទេ ប្រសិនបើម៉ូដែលនោះមានអាយុតិចជាង ១០ ឆ្នាំ ហើយអ្នកយកវាទៅមជ្ឈមណ្ឌលសេវាកម្ម Toyota អ្នកនឹងទទួលបានការធានា ១២ ខែ / ១០០ ០០០ ម៉ាយ៍ រហូតដល់វាមានអាយុ ១០ ឆ្នាំ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Mercedes នឹងលក់រថយន្តដោយគ្មានក្រុមហ៊ុនចែកចាយបន្តនៅក្នុងប្រទេសឥណ្ឌា

ក្រុមហ៊ុនរថយន្តប្រណីតអាឡឺម៉ង់បានប្រកាសថានឹងអនុវត្តគំរូលក់ថ្មីដោយផ្ទាល់ដល់អតិថិជនដោយអ្នកចែកចាយបន្ត ដោយអ្នកចែកចាយបន្តគ្រាន់តែផ្តល់បទពិសោធន៍ប៉ុណ្ណោះ។

​នៅក្នុងសេចក្តីប្រកាសដែលបានធ្វើកាលពីថ្ងៃទី ២ ខែមិថុនា ទម្រង់បែបបទអាជីវកម្មថ្មីរបស់ក្រុមហ៊ុន Mercedes នៅក្នុងប្រទេសឥណ្ឌាត្រូវបានគេដាក់ឈ្មោះថា“ Retail of the Future” (ROTF) ។ ដោយម៉ូដែលថ្មីនេះមានគោលបំណងបង្កើនតម្លាភាពរវាងក្រុមហ៊ុនផលិតរថយន្តប្រណីត និងអតិថិជនក៏ដូចជាដៃគូ។

ទម្រង់ថ្មីនេះអនុញ្ញាតឱ្យក្រុមហ៊ុន Mercedes គ្រប់គ្រងទំនិញទាំងអស់ និងលក់ដោយផ្ទាល់ដល់អតិថិជនតាមរយៈប្រព័ន្ធដាក់តាំងបង្ហាញ និងលក់តាមបណ្តាញអ៊ីនធឺណិត។ ROTF គឺខុសគ្នាពីទម្រង់បែបបុរាណនៃការលក់រថយន្តដែលក្រុមហ៊ុនផលិតរថយន្តភាគច្រើនអនុវត្ត នៅពេលដែលឈ្មួញទិញរថយន្តពីក្រុមហ៊ុន Mercedes ហើយបន្ទាប់មកលក់ឱ្យអតិថិជន។ ក្រុមហ៊ុនផលិតរថយន្តប្រណីតរូបនេះក៏បាននិយាយផងដែរថាម៉ូដែលថ្មីនេះនឹងត្រូវបានដាក់លក់នៅទូទាំងប្រទេសឥណ្ឌាចាប់ពីចុងឆ្នាំនេះហើយ។

ការផ្លាស់ប្តូរដ៏ធំបំផុតសម្រាប់អតិថិជន គឺពួកគេនឹងទិញរថយន្តរបស់ពួកគេដោយផ្ទាល់ពីក្រុមហ៊ុន Mercedes ដែលមានន័យថារថយន្តនេះនឹងត្រូវដឹកជញ្ជូនដោយផ្ទាល់ពីក្រុមហ៊ុនផលិតរថយន្តជំនួសឱ្យក្រុមហ៊ុនចែកចាយ។ អតិថិជនឥណ្ឌាក៏ពេញចិត្តនឹងគោលនយោបាយតម្លៃមួយពីក្រុមហ៊ុនដោយមិនចាំបាច់ចរចាជាមួយភ្នាក់ងារដូចសព្វថ្ងៃនេះទេ។ ពួកគេក៏មានឱកាសក្នុងការជ្រើសរើសពីរថយន្តដ៏ច្រើនសន្ធឹកសន្ធាប់ពីក្រុមហ៊ុនមិនមានកំណត់ដូចជាពេលទិញពីអ្នកចែកចាយ ទោះជាយ៉ាងណាក៏ដោយប្រតិបត្តិការ និងការដឹកជញ្ជូនយានយន្តនៅតែត្រូវបានធ្វើឡើងដោយឈ្មួញក្នុងស្រុក ដើម្បីបង្កើនភាពងាយស្រួលសម្រាប់អតិថិជន។

សម្រាប់ក្រុមហ៊ុនចែកចាយអត្ថប្រយោជន៍ធំបំផុត គឺថាពួកគេមិនចាំបាច់ទិញ និងស្តុករថយន្តទេជាពិសេសក្នុងកំឡុងពេលមានជំងឺរាតត្បាត និងការបញ្ជាទិញរាំងស្ទះជាបន្តបន្ទាប់។ ទោះយ៉ាងណាអត្ថប្រយោជន៍ក៏កើតមានផងដែរជាមួយនឹងការផ្លាស់ប្តូរតួនាទីក្រុមហ៊ុនចែកចាយបន្តិច ព្រោះការទទួលខុសត្រូវចម្បងគឺការបង្កើតកន្លែងផ្តល់សេវាថែទាំ និងពង្រឹងទំនាក់ទំនងជាមួយអតិថិជនក៏ដូចជាអនុវត្ត និងសម្រួលដល់ដំណើរការលក់ និងចែកចាយ។ ក្រុមហ៊ុនចែកចាយក៏បន្តរៀបចំការផ្សព្វផ្សាយនិងសកម្មភាពក្នុងស្រុក។

ការលក់រថយន្តដោយផ្ទាល់ដល់អតិថិជន គឺជាទម្រង់មួយដែលត្រូវបានអនុវត្តដោយក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិច Tesla ចាប់តាំងពីដំបូង ហើយក៏ជាអ្នកត្រួសត្រាយនៅក្នុងឧស្សាហកម្មរថយន្តផងដែរ។ Tesla មិនមានក្រុមហ៊ុនចែកចាយទេ ជំនួសមកវិញដោយបន្ទប់តាំងបង្ហាញប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford កំពុងផលិតឡាន Mustang អគ្គិសនីច្រើនជាង Mustang ប្រើប្រេងឥន្ធនៈ

គិតចាប់ពីដើមឆ្នាំមកទល់ពេលនេះ Ford បានផលិតរថយន្ត Mustang Mach-E បានចំនួន ២៧ ៨១៦គ្រឿង ខណៈដែលរថយន្ត Mustang ប្រើថាមពលប្រេងឥន្ធនៈផលិតបានចំនួន ២៦ ០៨៩គ្រឿង។

នេះអាចបញ្ជាក់ថាបានរថយន្ត Mustang ប្រភេទអគ្គិសនីទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជន ហើយសូម្បីតែ Ford ក៏ភ្ញាក់ផ្អើលនឹងលទ្ធផលនេះដែរ។

នាយកប្រតិបត្តិ Ford លោក Jim Farley និយាយថា ៖ ” Mach-E ទទួលបានលទ្ធផលល្អលើសពីការរំពឹងទុករបស់យើង ហើយរថយន្តនេះដាច់អស់ពីស្តុកតែម្ដង។”

គួរដឹងថារថយន្ត Mustang Mach-E បានក្លាយជារថយន្តថ្មីលក់ដាច់ជាងគេបំផុតនៅប្រទេសន័រវេសប្រចាំខែឧសភា។ ត្បិតថាជាទីផ្សារតូច ប៉ុន្តែរថយន្តអគ្គិសនីមានកាន់កាប់ចំណែកជាង ៦០% ក្នុងចំណោមរថយន្តថ្មីដែលលក់ចេញនៅប្រទេសន័រវេសកាលពីខែឧសភា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Nissan ក្លាយជាជនរងគ្រោះបន្ទាប់ក្នុងវិបត្តិខ្វះឈីប

វិបត្តិខ្វះខាតឈីបបានធ្វើឲ្យប៉ះពាល់ដល់ការផលិតរបស់ក្រុមហ៊ុនផលិតរថយន្តជាច្រើន ហើយមានរថយន្តមួយចំនួនត្រូវពន្យារពេលចេញលក់ដោយសារវិបត្តិនេះផងដែរ។ ពេលនេះដែររថយន្ត Nissan Ariya បានក្លាយជាជនរងគ្រោះបន្ទាប់ក្នុងវិបត្តិនេះ។

ផ្អែកតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថាការបញ្ចេញលក់រថយន្ត Nissan Ariya នៅជប៉ុននឹងត្រូវពន្យារពេលរហូតដល់ចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២ខាងមុខនេះ។ ចំណែកការលក់នៅអឺរ៉ុប និងសហរដ្ឋអាមេរិកទំនងជាធ្វើឡើងរយៈពេល២ខែ បន្ទាប់ពីការចេញលក់នៅប្រទេសជប៉ុន។

គួររំលឹកថាកាលពីពាក់កណ្ដាលខែឧសភា Nissan បានរាយការណ៍ថាវិបត្តិកង្វះខាតឈីប នឹងប៉ះពាល់ការផលិតរថយន្តចំនួន ៥០ម៉ឺនគ្រឿងនៅឆ្នាំ២០២១នេះ ដែលជាបញ្ហាគួរឲ្យព្រួយបារម្ភបំផុតមួយសម្រាប់ Nissan៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ហ៊ានឲ្យលុយ ១០០០ដុល្លារ ដល់អតិថិជនដែលសុខចិត្តរង់ចាំឡានថ្មីចូលស្តុក

ក្រុមហ៊ុន Ford នៅសហរដ្ឋអាមេរិកបានផ្ដល់ជូនទឹកប្រាក់លើកទឹកចិត្ត ១០០០ដុល្លារ ដល់អតិថិជនណាដែលរង់ចាំរថយន្តថ្មី ខណៈពេលដែលក្រុមហ៊ុនកំពុងប្រឈមមុខនឹងបញ្ហាខ្វះខាតរថយន្តនៅក្នុងស្តុក។

កម្មវិធីផ្ដល់ជូននេះមានឈ្មោះថា “Retail Order Bonus Cash Certificate” ដែលមានអនុវត្តន៍លើការកុម្ម៉ង់រថយន្តថ្មីស្ទើរគ្រប់ម៉ូដែល និងមានសុពលភាពដល់រហូតដល់ថ្ងៃទី៦ ខែកក្កដា។ រថយន្តពេញនិយមដូចជា F-150 និង Bronco Sport អាចទទួលបានប្រាក់លើកទឹកចិត្តនេះ ប៉ុន្តែរថយន្ត Mustang Mach-E និង Bronco ធម្មតា មិនទទួលបានឡើយ។

ក្នុងលិខិតដែល Ford បានផ្ញើជូនតំណាងចែកចាយរបស់ខ្លួន បានបង្ហាញថាក្រុមហ៊ុននេះបានដំឡើងប្រាក់លើកទឹកចិត្តដល់ ១០០០ដុល្លារ សម្រាប់រថយន្តដែលមិនទាន់មានស្តុកដោយសារវិបត្តិខ្វះខាតគ្រឿងផលិត។ ក្រុមហ៊ុននេះក៏ផ្ដល់ជូនប្រាក់សុទ្ធ ២៥០ដុល្លារ ដល់តំណាងចែកចាយ ដែលទទួលបានការកុម្ម៉ង់រថយន្តថ្មីៗផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+