ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Stinger ឆ្នាំ២០២២ ចេញម៉ូដែល Scorpion Special Edition ថ្មី តែងខ្លួនរឹតតែកាច

រថយន្ត Kia Stinger ស៊េរីឆ្នាំ២០២២ បានបន្ថែមម៉ូដែលពិសេសថ្មី ហៅថា Scorpion Special Edition ដែលនឹងត្រូវផលិតមានចំនួនកំណត់ សម្រាប់តែទីផ្សារសហរដ្ឋអាមេរិកប៉ុណ្ណោះ។

រថយន្ត Kia Stinger Scorpion Special Edition ឆ្នាំ២០២២ នេះបានបំពាក់ប៉ាណាមុខពណ៌ខ្មៅ ក៏ដូចជា គម្របកញ្ចក់មើលចំហៀង និង ក្បាលបំពង់ស៊ីម៉ាំងផងដែរ។ បន្ថែមពីនេះ វាក៏មានកាងកន្ទុយត្រីពណ៌ដូចតួខ្លួន, យ៉ាន់ពណ៌ខ្មៅទំហំ ១៩អ៊ីញ ហើយផ្តល់ជម្រើសចំនួន ៣ ពណ៌ គឺ ស (Snow White Pearl), ខ្មៅ (Aurora Black) និង ទឹកប្រាក់ (Ceramic Silver)។

ចំពោះផ្នែកខាងក្នុងវិញ វាក៏បានបំពាក់ពូកស្បែក Nappa Leather ពណ៌ខ្មៅ ឬ ក្រហម ក៏ដូចជាមានតុបតែងជាមួយនឹង Carbon Fiber ទៀតផង។

រថយន្តនេះមានជម្រើសម៉ាស៊ីនចំណុះ ២,៥លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០០សេះ និង ចំណុះ ៣,៣លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៦៨សេះ។ វានឹងត្រូវផលិតត្រឹមតែ ២៥០គ្រឿងប៉ុណ្ណោះក្នុងមួយខែ ហើយនឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៥២ ៥៨៥ដុល្លារ សម្រាប់ម៉ូដែលប៉ុងមួយវិលកង់ក្រោយ និង ៥៤ ៧៨៥ដុល្លារ សម្រាប់ម៉ូដែលប៉ុងពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar F-Type ឆ្នាំ២០២២ លែងមានម៉ាស៊ីន ៤ និង ៦ស៊ីឡាំងទៀតហើយ

ក្រុមហ៊ុន Jaguar បានធ្វើឲ្យរថយន្តស្ព័រម៉ូដែល F-Type កាន់តែសាមញ្ញ សម្រាប់ស៊េរីឆ្នាំ២០២២ ដោយផ្តល់តែជម្រើសម៉ាស៊ីន ៨ស៊ីឡាំងប៉ុណ្ណោះ គ្មានទៀតឡើយម៉ាស៊ីន ៤ និង ៦ស៊ីឡាំងដូចពីមុន។

រថយន្ត Jaguar F-Type ឆ្នាំ២០២២ នឹងមានតម្លៃចាប់ពី ៦៩ ៩០០ដុល្លារ សម្រាប់ម៉ូដែល F-Type P450 នៅលើទីផ្សារសហរដ្ឋអាមេរិក និងឡើងដល់ ១០៣ ២០០ដុល្លារ សម្រាប់ម៉ូដែល F-Type R។

រថយន្ត F-Type P450 នឹងប្រើម៉ាស៊ីនចំណុះ ៥,០លីត្រ supercharged ទំហំ ៨ស៊ីឡាំង មានកម្លាំង ៤៤៤សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៤វិនាទី ហើយមានល្បឿនអតិបរមា ២៨៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយឡែកសម្រាប់ម៉ូដែល F-Type R វិញមិនបានផ្លាស់ប្តូរអ្វីឡើយសម្រាប់ស៊េរីឆ្នាំ២០២២ ប៉ុន្តែវាមិនមែនជារឿងអាក្រក់ឡើយ ព្រោះវាមានកម្លាំងដល់ ៥៧៥សេះ ប្រើប៉ុងពីរ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៥វិនាទី និងមានល្បឿនអតិបរមាដល់ ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ចេញម៉ូឌែលពិសេសនៃ Land Cruiser Prado អបអរគម្រប់ខួប ៧០ឆ្នាំ

ក្រុមហ៊ុន Toyota បានធ្វើការអាប់ដេតលើរថយន្ត Land Cruiser Prado នៅប្រទេសជប៉ុន និងបានបញ្ចេញនូវម៉ូឌែលប្រភេទថ្មី 70th Anniversary Edition។

ផ្នែកខាងក្រៅនៃរថយន្ត បានធ្វើការអាប់ដេតបន្ថែមថ្មីសម្រាប់អ្នកចូលចិត្តបើកបរផ្លូវពិបាក ដោយបំពាក់ជាមួយថាសកង់ពណ៌ខ្មៅទំហំ ១៨អ៊ីញ រួមជាមួយការលេងក្រូមលើកញ្ចាក់, Roof Rails និងឡូហ្គូនៅ 70th Anniversary Edition ផ្នែកខាងក្រោយ។

សម្រាប់ផ្នែកខាងក្នុង 70th Anniversary Edition បានបំពាក់ជាមួយកៅអីស្បែកពណ៌ត្នោត ក៏ដូចជាផ្នែកខ្លះនៅលើដៃទ្វា និងកន្លែងចង្កឹះលេខ បន្ថែមជាមួយកម្រាលទ្រាប់ជើង មានប៉ាក់ជាមួយអក្សរ70th Anniversary Edition ផងដែរ។

សម្រាប់ទីផ្សារប្រទេសជប៉ុន រថយន្ត 70th Anniversary Edition ផ្តល់នូវជម្រើសម៉ាស៊ីន ២ជម្រើសគឺ ២,៧លីត្រ កម្លាំង ១៦០សេះ និង ២,៨លីត្រ កម្លាំង ២០១សេះ។ ជម្រើសទាំងពីរនេះ ដំណើការដោយប្រអប់លេខ ៦វគ្គអូតូ​ និងប៉ុងពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សូម្បី Tesla ក៏ទៅមិនរួច! ឡានអគ្គិសនី Ford Mustang Mach-E លក់ដាច់ជាងគេនៅន័រវែស

ការលក់រថយន្តអគ្គិសនីនៅប្រទេសន័រវែសបានកើនឡើងនៅក្នុងប៉ុន្មានខែចុងក្រោយនេះ។ នៅក្នុងខែឧសភា ការលក់បានកើនឡើងទ្វេដងជាថ្មីម្តងទៀត ឈានដល់លទ្ធផលល្អបំផុតប្រចាំខែ។

ចំនួនសរុបនៃការចុះឈ្មោះរថយន្តថ្មីមានចំនួន ១១ ៧១៩គ្រឿង (កើនឡើង ១២៣% ពីមួយឆ្នាំទៅមួយឆ្នាំ)។ ជាមួយគ្នានេះដែរ រថយន្តដែលដោតសាកភ្លើងបានកាន់កាប់ទីផ្សាររហូតដល់ទៅ ៨៣,៣% ឯណោះ។

មិនតែប៉ុណ្ណោះ រហូតមកដល់ពេលនេះ ក្នុងឆ្នាំ២០២១ មានរថយន្តអ្នកដំណើរប្រភេទដោតសាកភ្លើងចុះឈ្មោះថ្មី ចំនួនជាង ៥២ ០០០គ្រឿង ដែលជិត ៨២% នៃទីផ្សារសរុប។ ផ្នែកដែលនៅសល់ធ្លាក់លើម៉ូដែលប្រើប្រេងធម្មតា និងរថយន្ត Hybrid។

ក្នុងនោះដែរ រថយន្ត Ford Mustang Mach-E បានចុះឈ្មោះថ្មីរហូតដល់ទៅ ១ ៣៨៤គ្រឿង (ស្មើនឹង ៩,៨ភាគរយនៃចំណែកទីផ្សារ) នៅក្នុងខែឧសភា ធ្វើឲ្យវាក្លាយជារថយន្តអគ្គិសនីលក់ដាច់បំផុត ខណៈពេលដែល Tesla Model 3 បានត្រឹម ៥០៤គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចធ្លាយថ្ងៃប្រកាសចេញភីកអាប់ Ford Maverick ឆ្នាំ២០២២

បន្ទាប់ពីបញ្ចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួន F-150 Lightning ក្រុមហ៊ុន Ford ក៏ធ្វើការត្រៀមបញ្ចេញនូវរថយន្តភីកអាប់ម៉ូឌែលថ្មីមួយទៀត ដែលមានឈ្មោះថា Maverick។

យោងតាមព័ត៌មានពីវេបសាយ Ford Authority បានបង្ហាញថារថយន្ត Maverick នឹងបង្ហាញខ្លួនជាផ្លូវការ នៅថ្ងៃអង្គាទី៨ ខែមិថុនានេះ ហើយត្រៀមចូលរោងចក្រផលិតនៅចុងខែ កក្កដា។

រថយន្ត Maverick ផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង C2 ដូចរថយន្ត Escape និង Bronco Sport ដែរ។ វានឹងត្រូវផលិតនៅរោងចក្រ Hermosillo Factory។

រថយន្តនេះ នឹងបំពាក់ជាមួយម៉ាស៊ីន ២ ជម្រើស គឺ ចំណុះ ១,៥លីត្រ EcoBoost ទំហំ ៣ស៊ីឡាំង មានកម្លាំង ១៨១សេះ និង ចំណុះ ២,០លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥០សេះ។ វាអាចនឹងប្រើប្រអប់លេខអូតូ ៨វគ្គ និងមាន Option ប៉ុងពីរផងដែរ។

សម្រាប់តម្លៃនៃរថយន្តខ្នាតតូចនេះ គេរំពឹងថា វានឹងមានតម្លៃចាប់ពី ២០ ០០០ដុល្លារ ដល់ ២៥ ០០០ដុល្លារ ប៉ុន្តែសម្រាប់ព័ត៌មានយ៉ាងណា យើងរងចាំទាំងអស់គ្នា នៅពេលរថយន្តនេះចេញជាផ្លូវការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus បង្ហាញរូបភាពបន្តិចរបស់ NX ២០២២ ត្រៀមចេញថ្ងៃទី ១១ ខែនេះ

Lexus បានបញ្ចេញរូបភាពដំបូងនៃត្រកូល NX ស៊េរីថ្មីឆ្នាំ ២០២២ មុនការបង្ហាញជាផ្លូវការរបស់ម៉ូឌែលនេះនៅថ្ងៃទី១១ ខែមិថុនា។ រូបភាពត្រកូល Lexus NX ស៊េរីឆ្នាំ២០២២ នោះ ផ្តោតសំខាន់ទៅលើផ្នែកខាងក្រោយនៃរថយន្តប្រភេទ SUV ប្រណីត ធុនតូចថ្មីដែលបង្ហាញពីរបារអំពូល LED មួយខ្សែលាតសន្ធឹងពេញនៃចង្កៀងក្រោយ។ ទោះជាយ៉ាងណា តាមពិតទៅយើងធ្លាប់បានឃើញរូបរាងរបស់ម៉ូដែលនេះ កាលពីដើមឆ្នាំរួចទៅហើយ។ ម៉ូដែលថ្មីរបស់ក្រុមហ៊ុនរថយន្តប្រណីតបែប SUV នេះបានរំលេចរូបរាងកាន់តែទាក់ទាញ និងកាន់តែលេចធ្លោរនៅការរចនាផ្នែកខាងមុខដោយឡូហ្គូ Lexus ខណ្ឌចែកចង្កៀង និងអំពូលបំភ្លឺពេលថ្ងៃ DRLs កាន់តែស៊ីវីល័យ។

ទោះជាយ៉ាងណា យើងក៏មិនទាន់បានទទួលព័ត៌មានច្រើន ទាក់ទងនឹងម៉ូដែលថ្មី NX ២០២២ នេះដែរ ប៉ុន្តែបើតាមពាក្យចចាមអារ៉ាម និងរបាយការណ៌ពីមុនបាននិយាយថា ម៉ូដែលថ្មីនេះ នឹងប្រើប្រាស់គ្រោងឆ្អឹងថ្មីរបស់ក្រុមហ៊ុនមេ Toyota ផ្តោតលើប្រណីតភាព Toyota’s Global Luxury Platform។ គេរំពឹងថាវានឹងមានប្រភេទម៉ាស៊ីនកូនកាន់ហាយព្រីត កម្លាំង ៣០២សេះ ពីរថយន្ត Toyota RAV4 Prime ជាមួយគ្នានឹងប្រភេទទាបម៉ាស៊ីន ២,៥លីត្រ ស៊ីឡាំង ៤ និងអាចមានជម្រើសម៉ាស៊ីន ៣,៥លីត្រ ស៊ីឡាំង ៦ សម្រាប់ប្រភេទដែលបានចុះឈ្មោះអាជ្ញាប័ណ្ណ NX350 និង NX350h។

អ្វីដែលយើងធ្លាប់បានឃើញនោះ នៅផ្នែកខាងក្នុងរបស់វា គឺជាការរួមបញ្ចូលគ្នានៃអេក្រង់ឌីជីថល និងអេក្រង់កំសាន្តទំហំយ៉ាងធំ។ រថយន្ត Lexus NX ស៊េរីថ្មីនេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី១១ ខែមិថុនា វេលាម៉ោង ១១យប់ នាឡិការ EDT (ចូលថ្ងៃទី១២ ខែមិថុនា ម៉ោង ១០ព្រឹកនៅកម្ពុជា)។ អញ្ចឹងកុំភ្លេចរង់ចាំមើលទាំងអស់គ្នា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រណីតរបស់រុស្ស៊ី ចាប់ផ្ដើមចូលរោងចក្រផលិតជាផ្លូវការហើយ

រថយន្ត Arus Senat ដែលជារថយន្តប្រណីតរបស់រុស្ស៊ី ជាគូប្រជែងរបស់រថយន្ត Rolls-Royce បានចាប់ផ្ដើមការផលិតជាផ្លូវការនៅរោងចក្រនៅក្នុងទីក្រុង Yelabuga ប្រទេសរុស្ស៊ី។

រថយន្តនេះបានបង្ហាញវត្តមានជាផ្លូវការនៅអឺរ៉ុបកាលពីឆ្នាំ២០១៩ ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Geneva Motor Show ហើយបានកំណត់ថាត្រូវចូលរោងចក្រផលិតនៅក្នុងឆ្នាំ២០២០ ប៉ុន្តែបានពន្យារពេលដោយសារវិបត្តិកូវីដ១៩។

រថយន្ត Aurus Senat នឹងមានផលិតចន្លោះពី ២០០ ទៅ ៣០០គ្រឿង សម្រាប់ឆ្នាំ២០២១នេះ ដោយមានតម្លៃលក់ចាប់ផ្ដើមពីប្រមាណ ២៤៥ ០០០ដុល្លារឯណោះ។

គួរដឹងថារថយន្ត Senat នេះមានចែកចេញជាពីរប្រភេទផ្សេងគ្នា ដោយទីមួយគឺប្រភេទ L700 មានទំហំធំផលិតឡើងសម្រាប់មន្ត្រីរាជការជាពិសេស ហើយមួយទៀតគឺ Senat S600 ជាប្រភេទសម្រាប់ដាក់លក់ជូនប្រជាពលរដ្ឋទូទៅ។

រថយន្តនេះដំណើរការដោយម៉ាស៊ីន Hybrid Twin-Turbo ចំណុះ ៤,៤លីត្រ ៨ស៊ីឡាំង ជាម៉ាស៊ីនដែលសហការជាមួយ Porsche ដែលវាអាចផលិតកម្លាំងបាន ៥៩០សេះ ភ្ជាប់នឹងប្រអប់លេខស្វ័យប្រវត្តិ៩វគ្គ និងប្រព័ន្ធបើកបរវិលកង់ទាំងអស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Toyota Mirai សាងកំណត់ត្រាពិភពលោក ចាក់អ៊ីដ្រូហ្សែនមួយពេញជិះបាន ១០០៣គីឡូម៉ែត្រ

កាលពីថ្មីៗកន្លងទៅនេះ Toyota សាងបានកំណត់ត្រាពិភពលោកថ្មីមួយជាមួយរថយន្ត Mirai ជំនាន់ចុងក្រោយ ដោយក្លាយជារថយន្តអ៊ីដ្រូហ្សែនដែលជិះបានចម្ងាយឆ្ងាយបំផុតសម្រាប់ការចាក់បំពេញមួយលើក។

ការធ្វើដំណើរជាមួយរថយន្ត Mirai បានចាប់ផ្ដើមនៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ នៅស្ថានីយចាក់អ៊ីដ្រូហ្សែន HYSTECO ក្នុងប្រទេសបារាំង។ ក្រោយចាក់បំពេញអ៊ីដ្រូហ្សែនចំណុះ ៥,៦គីឡូក្រាមរួច ការធ្វើដំណើរបានចាប់ផ្ដើម។

ជាលទ្ធផលរថយន្ត Mirai អាចជិះបានចម្ងាយរហូតដល់ ១០០៣គីឡូម៉ែត្រ សម្រាប់ការចាក់អ៊ីដ្រូហ្សែនតែមួយលើក ខណៈដែល Toyota បានប៉ាន់ស្មានថារថយន្តនេះអាចជិះបានចម្ងាយរហូតដល់ ៦៧៥គីឡូម៉ែត្រសម្រាប់ការចាក់បំពេញមួយលើក។

 

រយៈចម្ងាយបើកបររបស់រថយន្ត Toyota Mirai ពិតជាអស្ចារ្យមែន ប៉ុន្តែកំណត់ត្រាពិភពលោកសម្រាប់រថយន្តដែលបើកបរបានឆ្ងាយជាងគេពេលចាក់បំពេញថាមពលមួយពេញ (មិនគិតលើប្រភេទថាមពល) គឺកាន់កាប់ដោយរថយន្ត Volkswagen Passat 1.6 TDI ដែលអាចជិះបានដល់ចម្ងាយ ២៥៤៥,៧៨គីឡូម៉ែត្រ សម្រាប់ការចាក់ម៉ាស៊ូតមួយពេញ ដែលបានកត់ត្រាក្នុងឆ្នាំ ២០១១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ចេញឡានអគ្គិសនី i4 ថ្មី សាកមួយពេញជិះបានជិត ៥០០គ.ម តម្លៃជាង ៥ម៉ឺនដុល្លារ

ក្រុមហ៊ុន BMW បានប្រកាសចេញរថយន្តអគ្គិសនី i4 eDrive40 ថ្មី ដែលនឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៥៥ ៤០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

BMW i4 eDrive40 បំពាក់ម៉ូទ័រអគ្គិសនីមួយនៅប៉ុងខាងក្រោយ ដែលបង្កើតកម្លាំងបាន ៣៣៥សេះ ហើយប្រើអាគុយទំហំ ៨១,៥គីឡូវ៉ាត់ម៉ោង និងប្រអប់លេខ ១វគ្គ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៧វិនាទី ហើយមានល្បឿនអតិបរមាដល់ ១៨៩គីឡូម៉ែត្រក្នុងមួយម៉ោង ព្រមទាំងអាចបើកបរបានចម្ងាយ ៣០០ម៉ាយ៍ ឬប្រហែល ៤៨០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

មិនតែប៉ុណ្ណោះ រថយន្ត Sedan ដំណើរការដោយថាមពលអគ្គិសនីនេះ ក៏គាំទ្រការសាកភ្លើងល្បឿនលឿន ដល់ ២០០គីឡូវ៉ាត់ដែរ មានន័យថា វាអាចសាកបាន ៩០ម៉ាយ៍ ឬប្រហែល ១៤៥គីឡូម៉ែត្រ ប្រើពេលត្រឹម ១០នាទីប៉ុណ្ណោះ។

រថយន្ត i4 eDrive40 បំពាក់អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ និងកុងទ័រឌីជីថលទំហំ ១៤,៩អ៊ីញ លើកញ្ចក់កោងតែមួយរួមគ្នា ហើយដំណើរការដោយប្រព័ន្ធ BMW iDrive 8។ វាក៏មានកុងទ័របាញ់លើកញ្ចក់ និងគាំទ្រមុខងារ Apple CarPlay និង Android Auto ដោយមិនបាច់ប្រើខ្សែទៀតផង។

គួរឲ្យដឹងថា រថយន្ត BMW i4 eDrive40 ថ្មីនេះក៏មានបំពាក់ប្រព័ន្ធបើកបរស្វ័យប្រវត្តិកម្រិត២ ដោយក្នុងនោះរួមមានទាំងមុខងារ Active Cruise Control ជាមួយ Stop & Go function, មុខងារ Speed Limit Assist, ប្រព័ន្ធ Driving Assistance Professional ដែលប្រើកាមេរ៉ាមុខ ៣គ្រាប់, រ៉ាដាខាងមុខមួយគ្រាប់ និង ចំហៀង ៤គ្រាប់ដែលប្រើសម្រាប់មុខងារ Steering and Lane Control Assistant៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត BMW iX ឆ្នាំ២០២២ បង្ហាញមុខជាផ្លូវការ សាកភ្លើងម្តងជិះបានជិត ៥០០គ.ម

រថយន្ត BMW iX xDrive50 ស៊េរីឆ្នាំ២០២២ នឹងបង្ហាញខ្លួននៅលើទឹកដីសហរដ្ឋអាមេរិក នៅដើមត្រីមាសទី១ នៃឆ្នាំ២០២២ ខាងមុខនេះ។

រថយន្តប្រភេទ Sports Activity Vehicle (SAV) ដំណើរការដោយថាមពលអគ្គិសនីនេះ នឹងប្រើម៉ូទ័រអគ្គិសនីចំនួន ២ ដែលបង្កើតកម្លាំងបានសរុប ៥១៦សេះ ហើយប្រើអាគុយទំហំ ១០៦,៣គីឡូវ៉ាត់ម៉ោង និងប៉ុងពីរ។

BMW អះអាងថា iX xDrive50 អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៦វិនាទី ហើយមានល្បឿនអតិបរមាដល់ ២០០គីឡូម៉ែត្រក្នុងមួយម៉ោង និងអាចបើកបរបានចម្ងាយ ៣០០ម៉ាយ៍ ឬប្រហែល ៤៨០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ រថយន្ត iX xDrive50 ក៏គាំទ្រការសាកភ្លើងល្បឿនលឿន ដល់ ២០០គីឡូវ៉ាត់ ដោយអាចសាកពី ១០ ទៅ ៨០ភាគរយ ប្រើពេលមិនដល់ ៤០នាទីឡើយ។

ជាមួយគ្នានេះដែរ វាមានបំពាក់អេក្រង់កម្សាន្តទំហំ ១២៣អ៊ីញ និងកុងទ័រឌីជីថលទំហំ ១៤,៩អ៊ីញ នៅលើកញ្ចក់កោងមួយរួមគ្នាតែម្តង។ វាដំណើរការដោយប្រព័ន្ធ BMW iDrive 8 ហើយក៏មានកុងទ័របាញ់លើកញ្ចក់ advanced Head-Up display និង ដៃចង្កូតរាងឆកោន ព្រមទាំងដំបូលកញ្ចក់វែង Panoramic ទៀតផង។

សូមបញ្ជាក់ថា រថយន្ត BMW iX xDrive50 ឆ្នាំ២០២២ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៨៣ ២០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+