ទីបំផុត! ភីកអាប់អគ្គិសនីដំបូងរបស់ Ford បង្ហាញរូបរាងជាផ្លូវការហើយ

ក្រុមហ៊ុន Ford បានធ្វើការបង្ហាញចេញរូបរាងនៃរថយន្តភីកអាប់អគ្គិសនីដំបូងរបស់ខ្លួន Ford F-150 Lightning ជាផ្លូវការ តាមរយ:ការបង្ហាញចេញនេះ ត្រូវបានធ្វើឡើងតាមប្រព័ន្ធ Online នៅរោងចក្រ Dearborn ផ្ទាល់។

ជាមួយថាមពលកម្លាំងរថយន្ត Ford F-150 Lightning អាចស្ទុះពីល្បឿន ០-៩៦ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយប្រើប្រាស់ពេលត្រឹម ៤,៥ វិនាទីប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • សម្រាប់ម៉ូឌែលប្រភេទខ្ពស់បំផុត Extended range ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរ ដែលអាចផលិតកម្លាំងសរុបបាន ៥៦៣សេះ និងកម្លាំងរមួល ៧៧៥ lb-ft នឹងអាចបើកបរបានចម្ងាយ ៤៨២គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន ដែលមានដុំសាក AC កម្លាំង ១៩,២គីឡូវ៉ាត់។

  • ម៉ូឌែលប្រភេទទាប Standard range ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនពីរដូចគ្នា ប៉ុន្តែអាចផលិតកម្លាំងសរុបបាន ៤២៦សេះ និងកម្លាំងរមួល ៧៧៥ lb-ft។ នឹងអាចបើកបរបានចម្ងាយ ៣៨៦គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង និងគាំទ្រការសាកថ្មល្បឿនលឿន ដែលមានដុំសាក AC កម្លាំង ១១,៣គីឡូវ៉ាត់។

ស្របគ្នានេះដែរ សម្រាប់ការសាកថ្មល្បឿនលឿននៅតាមស្ថានីយដែលកម្លាំង ១៥០គីឡូវ៉ាត់ វានឹងប្រើពេល ៤១នាទី សម្រាប់ពីថាមពលថ្មពី ១៥ ដល់ ១០០ភាគរយ។ លើសពីនេះ Ford ក៏បានផ្តល់ជូននូវជម្រើសដុំសាកថ្មតាមផ្ទះទំហំ ៤៨អំពែ ដែលអាចសាកពីថាមពលថ្មពី ១៥ ដល់ ១០០ភាគរយ ប្រើពេល ១០ម៉ោង និងទំហំ ៨០អំពែ អាចសាកពីថាមពលថ្មពី ១៥ ដល់ ១០០ភាគរយ ដោយប្រើពេល ៨ម៉ោង។

អ្វីដែលផ្លាស់ប្តូរ និងចាប់អារម្មណ៍ខ្លាំងសម្រាប់រូបរាងផ្នែកខាងក្រៅ យើងឃើញថានៅផ្នែកខាងមុខ និងក្រោយនៃ Ford F-150 Lightning គឺបានគ្រប់សណ្តប់ដោយអំពូលបំភ្លឺពេលថ្ងៃប្រភេទ LED អូសជាខ្សែបន្ទាត់ចុះក្រោមថ្មី រួមជាមួយការរចនាប៉ាណាថ្មី ដែលមាន ៣ម៉ូដខុសគ្នាៗ ហើយឈ្នាន់ជាន់ និងគ្រប់ម៉ាស៊ីន ក៏ទទួលបានការឌីស្សាញថ្មីដូចគ្នា។

បន្ថែមពីនេះ រថយន្តភីកអាប់អគ្គិសនី Ford F-150 Lightning នេះអាចដឹកបានទម្ងន់ ៩០៧គីឡូក្រាម និងអូសណ្តោងបានទម្ងន់ ៤,៥តោន។

រីឯផ្នែកខាងក្នុង វាបានបំពាក់ជាមួយអេក្រង់កម្សាន្តទំហំធំ ១៥,៥អុីញ ដែលអាចភ្ជាប់ជាមួយប្រព័ន្ធកម្សាន្ត SYNC4A ជំនាន់ចុងក្រោយ, ការបញ្ជាដោយសម្លេង, Navigation, Wireless Apple Carplay និង Wireless Android Auto។ បន្ថែមពីនេះ Ford F-150 Lightningនឹងមានជម្រើសប្រព័ន្ធជំនួយបើកបរស្វ័យប្រវត្តិ BlueCruise L2 ដែលអាចបើកបរបានលើចម្ងាយផ្លូវជាង ១៦០ ៩៣៤គីឡូម៉ែត្រ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ផ្លូវហាយវ៉េ នៅសហរដ្ឋអាមេរិកនិងកាណាដា។

ក្រុមហ៊ុន Ford បានចាប់ផ្តើមទទួលការកត់នៃរថយន្ត Ford F-150 Lightning នេះជាមួយទឹកប្រាក់ចំនួន ១០០ដុល្លារមុន ដោយវានឹងចេញលក់លើទីផ្សារផ្លូវការនាពាក់កណ្តាលឆ្នាំ ២០២២ ជាមួយ ៤ជម្រើសម៉ូឌែល។ ដោយវាមានតម្លៃចាប់ពី ៣៩ ៩៧៤ដុល្លារ(MSRP) សម្រាប់ម៉ូឌែលប្រភេទទាប ឬ ចាប់ពី ៩០ ០០០ដុល្លារ(MSRP) សម្រាប់ម៉ូឌែលប្រភេទខ្ពស់បំផុត និងមានតម្លៃចាប់ពី ៥២ ៩៧៤ដុល្លារ(MSRP) សម្រាប់ម៉ូឌែលប្រភេទ XLT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម