ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្តអគ្គិសនី Mustang Mach-E GT របស់ខ្លួនជាផ្លូវការនៅអឺរ៉ុប ដែលវានឹងចេញលក់នៅចុងឆ្នាំ២០២១។ បើយោងតាមក្រុមហ៊ុនរថយន្តអាមេរិកខាងលើ អះអាងថា Mach-E GT គឺជារថយន្តអាចជាន់ស្ទុះលឿនបំផុត នៅក្នុងថ្នាក់របស់វា។
រថយន្ត Mach-E GT មានបំពាក់ម៉ូទ័រអគ្គិសនី ២ ដែលបង្កើតកម្លាំងបានសរុប ៤៥៨សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៧វិនាទី។ ជាមួយគ្នានេះ វាបំពាក់កញ្ចប់អាគុយអគ្គិសនីកម្លាំង ៨៨គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវាបើកបានចម្ងាយ ៥០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។
លក្ខណៈពិសេសមួយចំនួនលើ Mach-E GT មានដូចជា ប្រព័ន្ធបូម MagneRide adaptive suspension, យ៉ាន់ Alloy ២០អ៊ីញ ហើយមានពណ៌ខ្លួនពិសេស ដូចជា ខៀវ Grabber Blue និង ទឹកក្រូច Cyber Orange ជាដើម។ ចំណែកឯផ្នែកខាងក្នុងវិញ មានអេក្រង់ Full HD ទំហំ ១៥,៥អ៊ីញ, កៅអី Ford Performance និង ដៃចង្កូតយ៉ាងពិសេស ទៀតផង៕