ក្រុមហ៊ុន Ford បានប្រកាសចេញរថយន្ត SUV ខ្នាតធំថ្មី ម៉ូដែល Equator ដែលជាការសហការណ៍ផលិតរវាង ក្រុមហ៊ុន Jiangling-Ford។
រថយន្ត Ford Equator នេះ នឹងមានលក់ផ្តាច់មុខតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ ដោយវាជាគូប្រជែងនៃរថយន្ត Toyota Highlander និង Jeep Grand Commander។
SUV ខ្នាតធំបំពាក់កៅអី ៣ជួរនេះ មានប្រវែង ៤,៩ម៉ែត្រ ទទឹង ១,៩ម៉ែត្រ កម្ពស់ ១,៧ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៨ម៉ែត្រ។ វាមានបំពាក់កុងទ័រទំហំ ១២,៣អ៊ីញ និងអេក្រង់កម្សាន្ត Touchscreen ទំហំ ១២,៣អ៊ីញ។
Ford Equator ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២១សេះ ហើយប្រើប៉ុងមួយវិលកង់មុខ និងប្រអប់លេខអូតូ ៦វគ្គស្តង់ដារ ប៉ុន្តែក៏មានជម្រើសប៉ុងពីរផងដែរ។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន Ford មិនទាន់បានបង្ហាញតម្លៃលក់របស់វានៅឡើយទេ ប៉ុន្តែវានឹងចេញលក់នៅក្នុងខែមីនានេះតែម្តង៕