មានការបញ្ឈប់ការលក់ និងការហៅត្រឡប់ទៅវិញនៅរថយន្តមួយចំនួន នៃរថយន្ត Ford Mustang Mach-E ឆ្នាំ២០២១-២០២២ និង Maverick ឆ្នាំ២០២២ បន្ទាប់ពីមានបញ្ហាកើតឡើងទៅលើទំហំនៃទំពក់សម្រាប់ភ្ជាប់ខ្សែក្រវាត់កៅអីខាងក្រោយមានទំហំធំពេក ដែលធ្វើអោយសមត្ថភាពក្នុងការទប់អ្នកដំណើរនៅពេលធ្លាក់ត្រូវបានកាត់បន្ថយ ឬរបូត។
ដោយសំណាងល្អ បើតាមសម្តីអ្នកនាំពាក្យក្រុមហ៊ុន Ford លោក Said Deep បញ្ជាក់ទៅកាន់គេហទំព័រ Motor1 ថាមិនមានអ្នករងរបួស ឬស្លាប់ដោយសារបញ្ហានេះទេ។
យោងតាម Ford Maverick Truck Club បានបង្ហាញចេញនូវឯកសារស្តីពីការបញ្ឈប់ការលក់សម្រាប់បញ្ហានេះ។ ដោយវាប៉ះពាល់ដល់រថយន្ត Mustang Mach-E ដែលមានកាលបរិច្ឆេទផលិតចាប់ពីថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ ខណៈ Maverick គឺចាប់ពីថ្ងៃទី ៦ ខែតុលា ឆ្នាំ២០២១ ដល់ថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២១។
ដើម្បីជំរៈបញ្ហានេះ អ្នកចែកចាយរបស់ Ford មិនអាចលក់រថយន្តដែលផលិតនៅពេលវេលាខាងលើបានទេ ដោយរង់ចាំការជួសជុលរួចរាល់ ចំណែកឯរថយន្តដែលពុំបានផលិតក្នុងការបរិច្ឆេទនោះ គឺអាចធ្វើការលក់បានធម្មតា។
បន្ថែមពីនេះ បើយោងតាមលោក Deep ប្រាប់ទៅកាន់គេហទំព័រ Motor1 បានបង្ហាញថាបញ្ហាកនេះប៉ះពាល់ដល់យានយន្តសរុបចំនួន ២ ៦២៦គ្រឿង ។ លោកបាននិយាយថា ក្រុមហ៊ុន Ford បានផ្ញើឯកសារចាំបាច់រួចហើយអំពីការប្រមូលរថយន្តនេះទៅរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ (NHTSA) ដោយរង់ចាំការផ្សព្វផ្សាយ។
យោងតាមឯកសារផ្ទៃក្នុងរបស់ Ford Maverick Truck Club ក្រុមហ៊ុនផលិតរថយន្តនឹងផ្ញើរបាយការណ៍អំពីបញ្ហានេះទៅកាន់ភ្នាក់ងាចែកចាយរបស់ខ្លួននៅថ្ងៃទី៣ ខែមករា ជាមួយនឹងព័ត៌មានអំពីការបញ្ជាទិញគ្រឿងបន្លាស់ និងការណែនាំអំពីការជួសជុល៕