[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ នាយកប្រតិបត្តិក្រុមហ៊ុន Ford លោក Jim Farley បានច្រានចោលក្រុមហ៊ុន GM និង Toyota ពីបញ្ជីគូប្រជែងរថយន្តអគ្គិសនីរបស់ខ្លួន ហើយជំនួសមកវិញនៅការព្រួយបារម្ភអំពីក្រុមហ៊ុនដូចជា Geely, BYD, Great Wall និង SAIC ទើបជាដៃគូប្រកួតប្រជែងខ្លាំង ដោយសារតែតម្លៃ និងបច្ចេកវិទ្យាថ្មអាគុយទំនើបជាង។
ក្នុងនោះលោក Farley បាននិយាយថា ក្រុមហ៊ុនផលិតរបស់ចិនកំពុងបន្តទៅមុខជាមួយនឹងបច្ចេកវិទ្យា EV ដោយ BYD កំពុងតែប្រជែងគ្នាក្នុងការលក់រថយន្តអគ្គិសនីកាន់តែច្រើននៅទូទាំងពិភពលោកនៅឆ្នាំនេះ ពោលគឺលក់បានច្រើនជាង Tesla ។ លើសពីេនះប្រទេសចិនតំណាងឲ្យទីផ្សាររថយន្តធំជាងគេរបស់ពិភពលោក ហើយបានប្រើប្រាស់ការផលិតអាគុយដ៏ទំនើបរួចទៅហើយផងដែរ។
លោកបានបន្ថែមទៀតថា ហើយក្រុមហ៊ុនផលិតរថយន្តទាំងនេះកំពុងស្វែងរកផ្លូវចូលក្នុងទ្វីបអឺរ៉ុបផងដែរ។ ក្រុមហ៊ុនផលិតរថយន្តចិនបាននាំចេញរថយន្តចំនួន ២ លានគ្រឿងក្នុងឆ្នាំ ២០២២ កើនឡើង ៤ ដងធៀបនឹងឆ្នាំ ២០២០ ហើយការនាំចេញរថយន្តរបស់ចិនអាចឈានដល់ចំនួន ៣លានគ្រឿងនៅឆ្នាំនេះ។
ទន្ទឹមនឹងនេះ កាលពីខែកុម្ភះ ក្រុមហ៊ុន Ford ក៏បានចាប់ដៃគូជាមួយក្រុមហ៊ុនផលិតអាគុយរបស់ចិន CATL ជាមួយទឹកប្រាក់ប្រមាណ ៣,៥ ពាន់លានដុល្លារដើម្បីសាងសង់រោងចក្រអាគុយដែលមានតម្លៃទាបថ្មីមួយនៅរដ្ឋ Michigan ខណៈដែលរតនាគារសហរដ្ឋអាមេរិកមិនទាន់មានការសម្រេចចិត្តថាតើភាពជាដៃគូរបស់ Blue Oval របស់ចិន – Ford SAIC នៅឡើយទេ ដោយកំពុងតាមដានលើការបំពានបទប្បញ្ញត្តិប្រឆាំងនឹងបជាមួយឥណទានផ្តល់ជូនរថយន្តអគ្គិសនីចំនួន ៧ ៥០០ ដុល្លាររបស់ក្រុមហ៊ុនទាំងពីរនេះ។
គួរឲ្យដឹងថា មិនត្រឹមតែក្រុមហ៊ុន Ford ទេដែលមានការព្រួយបារម្ភចំពោះប្រទេសចិន ក្នុងនោះលោក Elon Musk ប្រធានក្រុមហ៊ុន Tesla ក៏បានទទួលស្គាល់ថា ក្រុមហ៊ុនផលិតរថយន្តរបស់ចិនបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ខណៈដែលលោករំពឹងថា ក្រុមហ៊ុនផលិតរថយន្តពីប្រទេសចិននឹងឈរនៅលំដាប់ទីពីរបន្ទាប់ពីក្រុមហ៊ុន Tesla ក្នុងការប្រណាំងគ្នាក្នុងទីផ្សាររថយន្តអគ្គិសនី៕