ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ BYD TANG EV ស៊េរីថ្មីចុងក្រោយ ចេញលក់ជាផ្លូវការនៅប្រទេសចិនជាមួយតម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត BYD TANG EV ស៊េរីថ្មីចុងក្រោយ ផ្តល់ជូន ៣ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយលក្ខណៈពិសេសខុសៗគ្នា មានតម្លៃលក់ចាប់ពី ៣៤ ៣០០ ដុល្លារ ដល់ ៤១ ១០០ ដុល្លារនៅក្នុងប្រទេសចិន ។

រថយន្ត BYD Tang EV ឆ្នាំ ២០២៣ មានប្រវែងតួខ្លួនសរុប ៤ ៩០០ ម.ម ទទឹង ១ ៩៥០ ម.ម កំពស់ ១ ៧២៥ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ២ ៨២០ ម.ម ។ ដោយទទួលបានការរអាប់ដេតគួរឱ្យកត់សម្គាល់ជាច្រើនដូចជា បំពាក់ថាសកង់ថ្មីទំហំ ២០ អ៉ីញ, ចង្កៀងមុខ-ក្រោយ LED ហើយរថយន្តនេះត្រូវបានបំពាក់ដោយប្រព័ន្ធទប់លំនឹងដ៏ឆ្លាតវៃ Disus-C intelligent damping body control system ផ្តល់នៅការបើកបរកាន់តែរលូតជាងមុនផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានតុបតែងជាមួយពូកស្បែកដែលមានគុណភាពខ្ពស់ ដោយនៅលើតាប្លូមានកុងទ័របង្ហាញព័ត៌មាន ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ភ្ជាប់មុខងារដ៏សំបូរ ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែរ ឧបករណ៍បំពងសំឡេងម៉ាក Dynaudio ១២ ចំនុច និងប្រព័ន្ធកាំម៉េរាកម្រិត HD ១០៨០ ផងដែរ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ទទួលបានជម្រើសម៉ាស៊ីនចំនួន ៣ រួមមាន ៖

  • ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២២៥ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩០,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦០០ គីឡូម៉ែត្រ ក្នុងការសាកថ្មពេញម្តង
  • ម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៤១ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៧៣០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
  • ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៥១០ សេះ និងកម្លាំងរមួល ៧០០ ញ៉ូតុនម៉ែត្រ អាចបើកបរបានចម្ងាយ ៦៣៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ដោយម៉ូដែលទាំង ៣ នេះ គាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាលបានពី ៣០% ទៅ ៨០% ប្រើរយៈពេល ៣០ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ផ្តល់ជូនកញ្ចប់តែងខ្លួនថ្មីសម្រាប់ Toyota Sequoia ជាមួយរូបរាងថ្មីប្លែក និងសមត្ថភាពខ្លាំងជាងមុន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានបន្ថែមកញ្ចប់តូខ្លួន Nightshade package មានតម្លៃ ៥០០ ដុល្លារ និង TRD Sport package ថ្មី មានតម្លៃចន្លោះពី ២ ៦៧៥ ដុល្លារ ដល់ ៤២៩០ ដុល្លារ សម្រាប់ឆ្នាំ ២០២៤ ទៅលើរថយន្ត Toyota Sequoia ស៊េរីថ្មីចុងក្រោយ ប្រភេទ SUV ខ្នាតធំ បន្ទាប់ពីផ្តល់ជូននៅលើរថយន្ត Toyota Tundra ។

សម្រាប់កញ្ចប់ Nightshade package ផ្តល់ជូនទៅលើរថយន្ត  Toyota Sequoia បានតុបតែងជាមួយពណ៌ខ្មៅទៅលើ ប៉ាណា ថាសកង់ទំហំ ២០អ៉ីញ, ត្រឡោកកញ្ចក់ ដែលផ្តល់ឲ្យរថយន្តមានរូបរាងកាន់តែអំណាចមួយកម្រិតថែមទៀត ។

ខណៈកញ្ចប់ TRD Sport package បានធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធជើងក្រោមដូចជា ប្រព័ន្ធចាក់សោរប៉ុង, ប្រព័ន្ធ Crawl Control និងប្រព័ន្ធទប់លំនឹង Multi-Terrain ជួយដល់ការបើកបរលើផ្លូវ Off-road កាន់តែល្អប្រសើរ ។ លើសពីនេះ ក៏បានបន្ថែមនៅប្រព័ន្ធ TRD-Tuned shock abserber, ប៉ូម TRD-Tuned spring ជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ មិនមានផ្លាស់ប្តូរនោះទេ ពោលម៉ូដែលកូនកាត់ hybrid ដំណើរការដោយម៉ាស៊ីនចំណុះ ៥,៧ លីត្រ V8 twin-turbo ជាមួយតម្លៃលក់ចាប់ពី ៦២ ៧២៥ ដុល្លារ ដល់ ៨២ ៧១៥ ដុល្លារ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌល ជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ

ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford នៅក្នុងទីផ្សារប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ។ កម្មវិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣​ ក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA Cambodia រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ១០០ នាក់។

ឆ្លៀតក្នុងឱកាសនេះដែរ លោក សេង វឹង នាយកគ្រប់គ្រងទូទៅផ្នែករថយន្តFord នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ សព្វថ្ងៃនេះក្រុមហ៊ុន Ford មានអគារតាំងបង្ហាញរថយន្តចំនួន ៣ ដែលកំពុងដំណើរការនៅក្នុងរាជធានីភ្នំពេញ និងចំនួន ២ ទៀតនៅតាមបណ្តាលខេត្តគឺ ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះពិធីសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញរថយន្ត Ford សាខាទី ៦ នេះ។ ហើយយើងក៏បាននឹងកំពុងតែត្រៀមខ្លួនក្នុងការបើកដំណើរការអគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford ៣ទីតាំងបន្ថែមទៀតនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តដែលមានសក្តានុពលនានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងផ្តល់ភាពងាយស្រួលជូនដល់អតិថិជនទូទាំងប្រទេសកម្ពុជា។ ”

លោក សេង វឹង នាយកគ្រប់គ្រងទូទៅផ្នែករថយន្តFord នៃក្រុមហ៊ុន RMA Cambodia

លោក DJ. Simpson នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Ford Motor Company បានមានប្រសាសន៍ថា៖ “ ពិធីសម្ពោធជាផ្លូវការអគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារនេះ គឺជាសក្ខីភាពនៃការពង្រីកវិសាលភាពរបស់ក្រុមហ៊ុន អ អិម អេ ដើម្បីផ្តល់នូវសេវាកម្មប្រកបដោយទំនុកចិត្តដល់អតិថិជនគ្រប់រូប ជាពិសេសអតិថិជននៅក្នុងរាជធានីភ្នំពេញ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជន និងដៃគូរបស់យើងនៅក្នុងប្រទេសកម្ពុជា សម្រាប់ការបន្តគាំទ្រផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន Ford ។ ភាពជោគជ័យរបស់យើងនឹងមិនអាចកើតឡើងបានទេ ប្រសិនបើគ្មានការគាំទ្រពីសំណាក់អថិតិថជនគ្រប់ជាន់ថ្នាក់។”

លោក DJ. Simpson នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន Ford Motor Company

គួរបញ្ជាក់ផងដែរថា អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារនេះ មានទីតាំងស្ថិតនៅអគារលេខ ៤១៨ ផ្លូវលេខ ៦ ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ ៤,០២៤ ម៉ែត្រការ៉េ។ មជ្ឍមណ្ឌលជួសជុលរថយន្ត ហ្វដ សាខាជ្រោយចង្វារនេះ មានប៉ុងសម្រាប់ជួសជុលរថយន្តចំនួន ២០ និងសម្ភារៈបរិក្ខារក៏ដូចជាឧបករណ៍សម្រាប់ជួសជុលរថយន្តដែលបំពាក់ដោយបច្ចេកវិទ្យាទំនើបៗជំនាន់ចុងក្រោយ រួមជាមួយនឹងជាងជំនាញជួសជុលរថយន្តដែលទទួលបានបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រFordជាច្រើនរូប រង់ចាំបម្រើសេវាកម្មជូនដល់អតិថិជនប្រកបដោយ គុណភាព ប្រសិទ្ធភាព និងទំនុកចិត្តថែមទៀតផង។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងទីតាំង ក៏ដូចជាសេវាកម្មផ្សេងៗរបស់អគារតាំងបង្ហាញ និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ សូមលោកអ្នកធ្វើការទំនាក់ទំនងតាមលេខទូរស័ព្ទ 017 999 027​ ឬ 087 999 079៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនយក្យរបស់ចិន ៣ ចាប់ដៃគ្នាផលិតឡានអគ្គិសនីសុទ្ធ សាកភ្លើងពេញម្តងជិះបានខ្ទង់ ៧០០ គីឡូម៉ែត្រ

[ទីផ្សារបរទេស] ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានចាប់ដៃគ្នាជាមួយ Changan និង CATL បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Avatr 12 ប្រភេទ sedan អគ្គិសនីសុទ្ធ គ្រោងនឹងចេញលក់ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៣ ជាមួយតម្លៃលក់ចាប់ពី ៤១ ១៧៧ ដុល្លារ ដល់ ៦៨ ៦២៨ ដុល្លារនៅទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លូនសរុប ៥ ០២០ ម.ម ទទឹង ១ ៩៩៩ ម.ម កំពស់ ១ ៤៦០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០២០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅជាមួយ concept បែប futuristic ស្រដៀងទៅនឹងរថយន្ត AVATR 11 ដែលមានក្រឡាខាងមុខបិទជិត ចង្កៀងមុខ LED រាងស្លីម ព្រមទាំងបំពាក់ថាសកង់ស្ព័រទំហំ ២០ អ៉ីញ និងចង្កៀងក្រោយរចនាឡើងបែប unique ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានបំពាក់ ប្រព័ន្ធចាប់សញ្ញា Lidar ចំនួន៣ Ultrasonic Radar ចំនួន ១២ និងកាម៉េរាចំនួន ១៣ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ត្រូវបានឌីស្សាញឡើងបែបស្ព័រ ជាមួយប្រណិតភាព កៅអីស្រោបដោយស្បែកមានមុខងារខ្យល់-កំដៅ ដោយនៅលើតាប្លូមានបំពាក់អេក្រង់ចំនួន ៣ រួមមាន កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ អេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ភ្ជាប់ប្រព័ន្ធប្រតិបត្តិការ Huawei Hamony Os system និងអេក្រង់សម្រាប់អ្នកដំណើរទំហំ ១០,២៥ អ៉ីញ រួមទាំងឧបករណ៍បំពងសំឡេងចំនួន ១៤ ចំនុចជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ដោយម៉ូទ័រអគ្គិសនី Huawei DriveONE ចំនួន ២ ផលិតកម្លាំងសរុបបាន ៥៧៨ សេះ និងកម្លាំងរមួល ៦៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩៤,៥៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រ ដល់ ៧០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង និងគាំទ្រដោយឆ្នាំងសាកល្បឿន អាចសាកបានពី ៣០% ទៅ ៨០% ប្រើរយៈពេលតែ ១៥ នាទីប៉ុណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធ Lexus RZ 450e  ឆ្នាំ២០២៣ ចេញតម្លៃលក់នៅទីផ្សារប្រទេសកម្ពុជាតម្លៃខ្ទង់ ១១ មុឺនដុល្លារជាង

យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្តអគ្គិសនីសុទ្ធ Lexus RZ 450e ឆ្នាំ២០២៣ ជាមួយតម្លៃសរុប ១១០ ៧៣៧ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

សម្រាប់តម្លៃ ១១០ ៧៣៧ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

  • តម្លៃឡាន ៦១ ៣១០ ដុល្លារ ($61,310)
  • តម្លៃពន្ធនាំចូល ៤១ ១៧៨ ដុល្លារ ($41,178)
  • តម្លៃដឹកជញ្ជូន ២ ៤៥០ ដុល្លារ ($2,450)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
  • តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ ($500)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ៣ ៥០០ ដុល្លារ ($3,500)
  • តម្លៃសរុបទាំងអស់ ១១០ ៧៣៧ ដុល្លារ ($110,737)

គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តអគ្គិសនីសុទ្ធ Lexus RZ 450e ស៊េរីឆ្នាំ ២០២៣ នេះ គឺជាម៉ូដែល premium ប្រភេទបើកបរប៉ុង ២ all-wheel drive សាកភ្លើងពេញម្តងបើកបរបានចម្ងាយ ៣៥៤ គីឡូម៉ែត្រ ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 068 288 687 ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Geely Cool Champion ស៊េរីឆ្នាំ ២០២៤ ចេញលក់ជាផ្លូវការនៅប្រទេសកំណើត ឯតម្លៃតែជាង ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Geely Binrui Cool Champion ស៊េរីឆ្នាំ ២០២៤ ប្រភេទ sedan ជាមួយការឌីស្សាញថ្មី មានតម្លៃលក់ចាប់ពី ១២ ៣០០ ដុល្លារនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៧១៩ ម.ម ទទឹង ១ ៧៩៥ ម.ម កំពស់ ១ ៤៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៦៧០ មម ។ បើ​និយាយ​ពី​រូបរាង​វិញ មានប៉ាណាមុខតុបតែងជាមួយរបាស្រោបដោយក្រូម៉េ ​និងឡូហ្គោនៅចំកណ្តាលបានប្តូរទៅជាពណ៌ពណ៌ប្រផេះ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៧ អ៉ីញ និងចង្កៀង​ក្រោយ​ប្រភេទ LED ព្រមទាំងបំពង់ស៊ីមាំង ជួយបន្ថែមភាពស្ព័រផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មាន LCD ទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញរួមបញ្ចូលគ្នាជាអេក្រង់ភ្លោះ ភ្ជាប់ជាមួយប្រព័ន្ធ Galaxy OS ដែលអាចប្រើប្រាស់មុខងារបញ្ជាដោយសំលេង និងប្រព័ន្ធ OTA ព្រមទាំងប្រអប់លេខអេឡិចត្រូនិច និងដំបូលកញ្ចក់ sunroof ជាដើម ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៥ លីត្រ ទំហំ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៨១ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៧ វគ្គ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៥-៦ លីត្រក្នុងរយៈចម្ងាយ ១០០ គីឡូម៉ែត្រ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនធំៗទាំង ៥ ដែលកំពុងវៃលុកទីផ្សារនៅលើសកលលោក

[បរទេស] បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិនមានចំនួនដល់ទៅ ១៧០ ម៉ាកយីហោផ្សេង​គ្នា​ ដែលមានការផ្គត់ផ្គង់មានទំហំធំដូចតម្រូវការនៅក្នុងទីផ្សាររបស់ខ្លួន។ ទោះបីជាទំហំរបស់វាក៏ដោយ ក៏ប្រទេសចិននៅមានកម្រិតទាបនៅឡើយ បើប្រៀបធៀបទៅនឹង សហរដ្ឋអាមេរិក និងអឺរ៉ុបខាងលិច។ ខាងក្រោមនេះ គឺ​ជា​ម៉ាក​យីហោ​ទាំង​ ៥ របស់ប្រទេសចិន​ដែល​អាច​វៃលុក​នៅ​ទីផ្សារបរទេស៖

MG គឺជាម៉ាកយីហោដែលមានដើមកំណើតនៅអង់គ្លេស ដែលបាននៅក្នុងឧស្សាហកម្មរថយន្តអស់រយៈពេលជិត ១០០ ឆ្នាំ ប៉ុន្តែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិនចាប់តាំងពីឆ្នាំ ២០០៦ ។ នៅឆ្នាំ ២០២២ វាគឺជាម៉ាកយីហោដែលពេញនិយមបំផុតនៅទីផ្សារខាងក្រៅប្រទេសចិន។ លើសពីនេះ MG គឺជាម៉ាកយីហោដែលផលិតរថយន្តអគ្គិសនី BEV (Battery Electric Vehicle) ដែលលក់ដាច់បំផុតទី ៤ នៅអឺរ៉ុបក្នុងឆមាសទីមួយនៃឆ្នាំ ២០២៣ ។

BYD គឺជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសចិន ប៉ុន្តែនៅតែមានទីផ្សារតូចសម្រាប់នៅទីផ្សារក្នុងទ្វីបអឺរ៉ុប ប៉ុន្តែបានទទួលការទាក់ទាញនៅក្នុងតំបន់ផ្សេងទៀតផងដែរ។ វា​ជា​ម៉ាក​យីហោ​មួយ​ក្នុង​ចំណោម​ម៉ាក​ដែល​មាន​ការ​រីក​ចម្រើន​លឿន​បំផុត​នៅ​លើ​ពិភពលោក ដោយសារ​រថយន្ត​ប្រើ​អគ្គិសនី​ប្រភេទ Plug-in Hybrid និង​រថយន្ត​អគ្គិសនី​សុទ្ធ។

Geely/Zeekr ជាម៉ាកយីហោដ៏ធំបំផុតនៅភាគខាងលិចរបស់ប្រទេសចិន ដែលមានទំនាក់ទំនងដ៏រឹងមាំជាមួយក្រុមហ៊ុនផលិតរថយន្តនៅលោកខាងលិចផ្សេងទៀតដែលជាផ្នែកមួយនៃក្រុមហ៊ុន Geely Group យីហោនេះមានលទ្ធភាពទទួលបានការប្រកួតប្រជែងទៅលើគ្រោងឆ្អឹង និងបច្ចេកវិទ្យាដែលអនុលោមតាមស្តង់ដារអឺរ៉ុប និងអាមេរិកខាងជើង។

NIO កំពុងតែវិវត្តន៍ខ្លួនទៅជាក្រុមហ៊ុនផលិតរថយន្តដ៏ធំនាពេលបច្ចុប្បន្ននេះ ជាមួយបច្ចេកវិទ្យាជាច្រើនដូចជា សម្ថតិភាពដំណើរការអាគុយ និងបច្ចេកវិទ្យាកាលវិភាគផ្លាស់ប្តូរអាគុយជាដើម ។

Wuling ក្រុមហ៊ុន​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ម៉ាក​រថយន្ត​ចិន​ដែល​មាន​តម្លៃ​ទាប​ដែល​មាន​ការ​ប្រកួត​ប្រជែងខ្លាំង និងត្រូវបានប្រើម៉ាកយីហោជាសកលរបស់ដៃគូរបស់ខ្លួនគឺ Chevrolet ដែលអាចចាប់យកចំណែកទីផ្សារបានយ៉ាងងាយស្រួល និងឆាប់រហ័សនៅក្នុងតំបន់ដូចជា អាមេរិកឡាទីន មជ្ឈិមបូព៌ា និងអាហ្វ្រិកជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូនឡានអគ្គិសនីសុទ្ធ Geely Panda សាកភ្លើងម៉ាពេញជិះបានជាង ២០០ គីឡូម៉ែត្រ តម្លៃជិត ៧ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Geely បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Geely Geome Panda ប្រភេទអគ្គិសនីសុទ្ធខ្នាតតូច គ្រោងនឹងចេញលក់នៅក្នុងខែកញ្ញា ឆ្នាំ ២០២៣ ជាមួយតម្លៃលក់រំពឹងចាប់ពី ៦៨០០ ដុល្លារនៅក្នុងប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៣ ១៣៥ ម.ម ទទឹង ១ ៥៦៥ ម.ម កំពស់ ១ ៦៥៥ ម.ម និងប្រវែងកន្លាតកង់មុខ-ក្រោយ ២ ០១៥ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅផ្តោតទៅលើការបើករលើផ្លូវលំបាកៗ ឬ Off-road  មានលក្ខណៈស្រដៀងគ្នាទៅនឹងរថយន្ត Ford Bronco ជាមួយចង្កៀងរាងមូល និងកាងការពារមុខ-ក្រោយពណ៌ខ្មៅជាដើម។

ចំពោះនៅផ្នែកខាងក្នុង មានបំពាក់កៅអីស្រោបដោយស្បែក ព្រមទាំងកុងទ័របង្ហាញព័ត៌មានទំហំ ៩,២ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ៨ អ៉ីញ ប្រអប់លេខអេឡិចត្រូនិច ប្រព័ន្ធបញ្ជាពីចម្ងាយ App remote control car និងអាចផ្ទុកបានដល់ទៅ ៨០០ លីត្រឯណ្ណោះ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៤០,២ សេះ និងកម្លាំងរមួល ១១០ ញ៉តុនម៉ែត្រ ផ្គួបជាមួយអាគុយលីដ្យូមទំហំ ១៧,០៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ដែលគំាទ្រដោយឆ្នាំងសាកល្បឿនលឿន DC ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សំដីតែប៉ុន្មានម៉ាត់របស់បិតាស្ថាបនិក Ferrari ធ្វើឲ្យក្រុមហ៊ុន Lamborghini ត្រូវបានបង្កើតឡើង

[បរទេស] បើយើងនិយាយដល់ឈ្មោះក្រុមហ៊ុនផលិតរថយន្តស្ព័រដ៏ប្រណិតរបស់ប្រទេសអ៊ីតាលីទាំង ២ នេះ Lamborghini ហើយនឹង Ferrari ប្រាកដណាស់បងប្អូននឹងនឹកឃើញទៅដល់រថយន្តស្ព័រទំនើបៗដែលមានតម្លៃថ្លៃៗ ។  ក្នុងនោះ ក្រុមហ៊ុន Ferrari ត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៣៩ ដោយលោក Enzo Ferrari ដោយចាប់ផ្តើមដំបូងដោយផលិតរថយន្តប្រណាំងលំដាប់ខ្ពស់ ខណៈ Lamborghini បង្កើតនៅឆ្នាំ ១៩៦៣ ដោយលោក Ferruccio Lamborghini ដោយដំបូងឡើយជាក្រុមហ៊ុនផលិតត្រាក់ទ័រប៉ុណ្ណោះ ដោយក្រុមហ៊ុនទាំងពីរនេះបានវិវត្តន៍ទៅជាម៉ាករថយន្តប្រណិតល្បីៗលំដាប់ពិភពលោកមកទល់បច្ចុប្បន្ន ។

សម្រាប់លោក Ferruccio Lamborghini កើតក្នុងគ្រួសារកសិករ ប៉ុន្តែគាត់ចាប់អារម្មណ៍លើខាងមេកានិចច្រើនជាង ហើយបានបម្រើការនៅក្នុងកងទ័ពអាកាសកំឡុងសង្គ្រាមលោកលើកទី ២ បន្ទាប់ពីនោះ លោកបានបើកអាជីវកម្មលក់​ត្រាក់ទ័រ ដែលអាជីវកម្មនេះទទួលបានជោគជ័យយ៉ាងខ្លាំង ។ ភាពជោគជ័យនេះ ធ្វើឲ្យបានទិញរថយន្តប្រណិតៗជាច្រើន ខណៈរថយន្តដែលគាត់ពេញចិត្តជាងគេគឺរថយន្តរបស់ក្រុមហ៊ុន Ferrari ។

Ferruccio Lamborghini

រីឯលោក Enzo Ferrari កើតនៅក្នុងគ្រួសារមួយដែលប្រកបអាជីវកម្មជាជាងឈើ បន្ទាប់ពីអាជីវកម្មរបស់គ្រួសារលោកក្ស័យធន Enzo Ferrari បានដឹងថាគាត់ចង់ក្លាយជាអ្នកបើករថយន្តប្រណាំងតាំងពីក្មេង។ គាត់បានចាប់ផ្តើមការប្រណាំងជាមួយក្រុម Alfa Romeos ហើយបន្ទាប់មកបានសម្រេចចិត្តបង្កើតក្រុមប្រណាំងផ្ទាល់ខ្លួនរបស់គាត់ដែលមានឈ្មោះថា Scuderia Ferrari ដោយទទួលបានជោគជ័យយ៉ាងខ្លាំងនៅក្នុងការប្រណាំង ដែលធ្វើឲ្យក្រុមហ៊ុន Ferrari ទទួលបានភាពពេញនិយមខ្លាំង ។

Enzo Ferrari

លោក Ferruccio Lamborghini ពិត​ជា​ចូល​ចិត្ត​រថយន្ត​របស់ក្រុមហ៊ុន Ferrari គឺរថយន្ត Ferrari 250 GT ប៉ុន្តែ​រថយន្តដែលគាត់ប្រើប្រាស់​វា​មាន​សំឡេង​រំខាន និង​​​នៅ​ពេល​បើកបរនៅលើ​ផ្លូវមិនមានភាពរលូត រហូតដល់លោករកឃើញបញ្ហានេះគឺដោយសារបញ្ហាប្រអប់លេខ ដែលធ្វើលោកបានសម្តែងការមិនពេញចិត្តចំពោះបញ្ហានេះ គាត់បានសម្រេចចិត្តបានទៅជួបលោក Enzo Ferrari ដើម្បីពីភាក្សាអំពីបញ្ហានេះ ព្រមទាំងចង់ចាប់ដៃគូរសហការគ្នា ប៉ុន្តែលោកត្រូវបានលោក Enzo បដិសេធ ហើយបាននិយាយថា ប្រអប់លេខមិនមែនជាបញ្ហាទេ បញ្ហាពិតនោះគឺលោកមិនចេះរបៀបប្រើប្រាស់ឡាន Ferrari (ត្រលប់ទៅលក់ត្រាក់ទ័រវិញទៅ) ធ្វើឲ្យលោកខឹងនឹងដោយសារអាកប្បកិរិយាក្រអឺតក្រទមរបស់ Enzo Ferrari ហើយសម្រេចចិត្តផលិតរថយន្តផ្ទាល់ខ្លួនគោលបំណងគឺដើម្បីទៅប្រគួតប្រជែងជាមួយ Ferrari តែម្តង ដែលជាហេតុផលក្រុមហ៊ុន Lamborghini ត្រូវបានបង្កើតឡើងមក ហើយការប្រកួតប្រជែងបានបន្តរហូតមកដល់សព្វថ្ងៃនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អសា្ចរ្យណាស់! Xpeng ធ្វើតេស្តឡានហោះរបស់ខ្លួន ដោយឆ្លងកាត់ទន្លេបញ្ចប់ដោយភាពជោគជ័យ (មានវីដេអូ)

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុន AeroHT ជាក្រុមហ៊ុនដៃគូររបស់ក្រុមហ៊ុនផលិតរថយន្ត Xpeng បានធ្វើតេស្តជោគជ័យទៅលើរថយន្តហោះរបស់ខ្លួន ដោយបានបញ្ចប់ការហោះហើរឆ្លងកាត់ទន្លេក្នុងខេត្ត Hunan ដែលមានចម្ងាយ ១,៥ គីឡូម៉ែត្រ ដោយចំណាយពេល ៤ នាទីក្នុងការហោះ ។

រថយន្តហោះ Xpeng X2 មានប្រវែងសរុបនៅពេលបើកស្លាប ៥ ១៧២ ម.ម ទទឹង ៥ ១២៤ ម.ម និងកំពស់ ១ ៣៦២ ម.ម និងនៅពេលបត់មានប្រវែងសរុប ៤ ៩៤៩ ម.ម ទទឹង ២ ១១៣ ម.ម និងកំពស់ ២ ០៥៥ ម.ម មានទំងន់ ៥៦០ គីឡូក្រាមហើយអាចផ្ទុកបាន ១៦០ គីឡូក្រាម។ Xpeng X2 ជា​ប្រភេទ​កៅអី​ពីរ ជាមួយតួខ្លួនត្រូវបានផលិតឡើងដោយវត្ថុធាតុដើមពីកាបូន។

គួរឲ្យដឹងថា រថយន្តហោះនេះខុសពី Drone ដ៏ទៃដែលភាគច្រើនដែលមានម៉ូទ័រតែបួន ខណៈរថយន្តនេះ ត្រូវបានបំពាក់ដៃ octocopter ដោយនីមួយៗមានម៉ាស៊ីន និងស្លាបកង្ហាមួយគូ។ លើសពីនេះ ប្រសិនបើម៉ូទ័រខូច ក៏មានឆ័ត្រយោងជំនួយដែលភ្ជាប់មកជាមួយដែលជំនួយដល់ការពេលមានឧបត្តវហេតុកើតឡើងផងដែរ ។

ក្រុមហ៊ុន AeroHT អះអាងថា នេះជាការហោះហើរឆ្លងទន្លេលើកដំបូង និងជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យារថយន្តហោះ។ ក្នុងនោះ មុនពេលហោះឆ្លងកាត់ទន្លេ Xpeng X2 រថយន្តនេះក៏បានឆ្លងកាត់ការហោះហើរសាកល្បងជិត ៤០០០ ដងរួចមកហើយ ។ មិនត្រឹមតែប៉ុណ្ណោះ វានឹងក្លាយជាផលិតកម្មដ៏ធំ សម្រាបវៃលុកទីផ្សារក្នុងឆ្នាំ ២០២៥ នៅប្រទេសចិន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+