ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jaguar ចេញឡាន XE និង XF ឆ្នាំ២០២៣ ថ្មី ថែមម៉ូដែល 300 Sport និងអាប់ដេតបច្ចេកវិទ្យា

ក្រុមហ៊ុន Jaguar បានប្រកាសចេញរថយន្ត XE និង XF ស៊េរីឆ្នាំ២០២៣ ជាផ្លូវការ សម្រាប់ទីផ្សារអឺរ៉ុប ដោយពួកវាទទួលបានការអាប់ដេតជាច្រើន។

អ្វីដែលជាការអាប់ដេតធំបំផុតនោះគឺ ការបន្ថែមម៉ូដែល 300 Sport ដែលមានបំពាក់ Option “Black Pack” មកស្តង់ដារ ក៏ដូចជា កញ្ចក់ខ្មៅ និង ដំបូលខ្មៅរលោងទៀតផង។

XE 300 Sport ប្រើយ៉ាន់កង់ទំហំ ២០អ៊ីញ ពណ៌ប្រផេះក្រម៉ៅ ខណៈ XF Saloon និង XF Sportbrake ប្រើយ៉ាន់ពណ៌ទឹកប្រាក់រលោង ហាយឡាយពណ៌ខ្មៅរលោង ទំហំ ២០អ៊ីញ។ ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់ gearshift paddles ដែក និង ឈ្នាន់ហ្គែរ alloy ទៀតផង។

គួរឲ្យដឹងថា ចំពោះទីផ្សារអឺរ៉ុប រថយន្តទាំងពីរម៉ូដែលបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៩៦សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរមកស្តង់ដារតែម្តង។ ចំពោះម៉ូដែល XE 300 Sport អាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៦វិនាទី ខណៈ XF 300 Sport Saloon អាចធ្វើបានក្នុងពេល ៥,៨វិនាទី ឯ XF 300 Sport Sportbrake ចំណាយបេល ៥,៩វិនាទី។

ដោយឡែក ចំពោះទីផ្សារពិភពលោកវិញ វាមានជម្រើសម៉ាស៊ីនចំនួន ៣ អាស្រ័យលើទីផ្សារ គឺ ម៉ាស៊ីនសាំង turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤៧សេះ និង កម្លាំង ២៩៦សេះ ព្រមទាំង ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ជាមួយបច្ចេកវិទ្យា mild-hybrid technology មានកម្លាំង ២០១សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota GR Supra ឆ្នាំ២០២៣ បង្ហាញខ្លួនជាមួយជម្រើសលេខដៃថ្មី និង ម៉ូដែលពិសេស Limited A91-MT Edition

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្តស្ព័រ GR Supra ស៊េរីឆ្នាំ២០២៣ របស់ខ្លួនជាផ្លូវការ ជាមួយនឹងជម្រើសលេខដៃ ៦វគ្កថ្មី ដែលដំណើរការជាមួយម៉ាស៊ីន turbocharged ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨២សេះ និងកម្លាំងរមួល ៤៩៧ញ៉ូតុនម៉ែត្រ។

ក្រុមហ៊ុន Toyota បានពន្យល់ប្រាប់ថា ក្រុមវិស្វករបានធ្វើការកែសម្រួលទៅលើប្រអប់លេខ, ដង driveshaft និង gear set ហើយដកចេញនូវគ្រឿងដែលមិនត្រូវការ ធ្វើឲ្យរថយន្តនេះមានទម្ងន់កាន់តែស្រាលជាងមុន។

ក្រៅពីនោះ GR Supra ឆ្នាំ២០២៣ ក៏ទទួលបានការធ្វើឲ្យប្រសើរនូវប្រព័ន្ធទប់លំនឹង traction control, stability control និងប្រព័ន្ធការពារការក្រឡាប់ anti-roll systems ទៀតផង។

រឹតតែពិសេសជាងនេះទៅទៀត Toyota នឹងផ្តល់នូវជម្រើសម៉ូដែលពិសេសថ្មី ហៅថា A91-MT Edition ដែលមានផលិតត្រឹមតែ ៥០០គ្រឿងប៉ុណ្ណោះ ជាមួយនឹងជម្រើសពណ៌ស និង ប្រផេះ។ ប្រភេទ special edition នេះ នឹងទទួលបានពូកស្បែកប្រភេទ Cognac leather seats និង Alcantara-wrapped shifter មានឡូហ្គូហូ GR ព្រមទាំងប្រព័ន្ធសំឡេង JBL ១២គ្រាប់ទៀតផង។

ក្រៅពីប្រអប់លេខដៃ ៦វគ្គ រថយន្ត GR Supra ឆ្នាំ២០២៣ ក៏ទទួលបានការអាប់ដេតមួយចំនួនទៀត ដូចជា ប្រព័ន្ធជើងក្រោមដើម្បីឲ្យវាផ្តល់នូវផាសុកភាពជាងមុន និង ប្រព័ន្ធចង្កូត ទៀតផង។

គួរឲ្យដឹងថា រថយន្ត Toyota GR Supra ឆ្នាំ២០២៣ នឹងចេញលក់នៅសហរដ្ឋអាមេរិក នាចុងឆ្នាំនេះ ខណៈតម្លៃរបស់វានឹងត្រូវប្រកាសនៅពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo ចំណេញលុយ ៦០០លានដុល្លារ ក្នុងពេលបីខែដំបូងនៃឆ្នាំនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនរថយន្ត Volvo បានរាយការណ៍ពីប្រាក់ចំណេញដែលរកបានចំនួនប្រមាណ ៦០៤លានដុល្លារ នៅអំឡុងត្រីមាសទីមួយនៃឆ្នាំ២០២២នេះ ដែលក្រុមហ៊ុនបានហៅលទ្ធផលហិរញ្ញវត្ថុនេះថាជាលទ្ធផលស្ថិរភាពមួយ។

យ៉ាងណា ប្រាក់ចំណេញនេះមានការថយចុះប្រមាណ ២៣៦លានដុល្លារ បើធៀបនឹងរយៈពេលបីខែដំបូងនៃឆ្នាំ២០២១ ក៏ដោយសារតែ​បញ្ហានៃសង្វាក់ផ្គត់ផ្គង់ ដែលបានក្លាយជាវិបត្តិសកលអូសបន្លាយរាប់ខែ និងអាចបន្តកើតមានយូរអង្វែងតទៀត។

ជាមួយការផលិតដែលដំណើរមិនពេញលេញ Volvo អាចលក់រថយន្តសរុបបានចំនួន ១៤៨ ២៩៥គ្រឿង នៅទូទាំងពិភពលោក កាលពីត្រីមាសទីមួយ ដែលថយចុះ ២០% ធៀបនឹងត្រីមាសទីមួយនៃឆ្នាំ២០២១។ ក្នុងនោះដែរ រថយន្តអគ្គិសនីមានចំណែក ៨% នៃការលក់ ដែលបានកើនឡើង ២% ធៀបនឹងពេលដូចគ្នាក្នុងឆ្នាំ២០២១។

Volvo បាននិយាយថាខ្លួនអាចប្រាក់ចំណូលពីការលក់រថយន្តអគ្គិសនីសុទ្ធ Volvo XC40 Recharge និង Volvo C40 Recharge មួយគ្រឿងៗ គឺបានច្រើនជាងប្រាក់ចំណូលដែលបានពីរថយន្តលក់ដាច់ជាងគេលំដាប់ទីពីររបស់ខ្លួន នោះគឺរថយន្ត Volvo XC40។ ប៉ុន្តែប្រាក់ចំណេញមានកម្រិតទាប ដោយសារតែការផលិតរថយន្តអគ្គិសនី បង្កើនការចំណាយច្រើន។

គួរដឹងថា Volvo XC60 នៅតែជារថយន្តលក់ដាច់ជាងគេ ដែលលក់បាន ៤៤ ៩០០គ្រឿង ខណៈដែលរថយន្ត XC40 ប្រភេទសាំង និងប្រភេទ PHEV អាចលក់ចេញបាន ៣៤ ៤០០គ្រឿង និងរថយន្ត XC90 លក់បានចំណួន ១២ ២០០គ្រឿង។ ចំណែក C40 Recharge អាចលក់ចេញបាន ៣ ៦០០គ្រឿងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ធូរថ្លៃមែន! ឡានអគ្គិសនីសុទ្ធ Smart #1 លក់តម្លៃមិនដល់ ៣ម៉ឺនដុល្លារ នៅប្រទេសមួយនេះ

[ទីផ្សារបរទេស] ក្រោយពីការប្រកាសចេញរថយន្តអគ្គិសនីសុទ្ធ Smart #1 បានមួយរយៈខ្លី នាពេលនេះរថយន្តនេះចាប់ផ្ដើមបើកទទួលការកុម្ម៉ង់ទិញក្នុងប្រទេសចិន ដែលមានបង្ហាញតម្លៃមកជាមួយជាលើកដំបូងផងដែរ។

Smart #1 នៅប្រទេសចិន មានតម្លៃប្រមាណ ២៩ ៩០០ដុល្លារ និងប្រមាណ ៣៥ ០៧០ដុល្លារ ដែលមួយជាតម្លៃសម្រាប់ប្រភេទ Pro+ និងមួយទៀតជាតម្លៃសម្រាប់ប្រភេទ Premium។ រថយន្តទាំងពីរប្រភេទមានបំពាក់ម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយ ដែលអាចផលិតកម្លាំងបាន ២៦៤សេះ និងមានអាគុយចំណុះ ៦៦kWh។

ចំណុចខុសគ្នារវាងរថយន្តទាំងពីរប្រភេទគឺប្រភេទ Premium មានបំពាក់បច្ចេកវិទ្យា SiC លើម៉ូទ័រអគ្គិសនី ដែលអាចឲ្យរថយន្តបើកបរបានចម្ងាយប្រមាណ ៥៦០គ.ម ចំណែកឯប្រភេទ Pro+ បើកបរបានចម្ងាយប្រមាណ ៥៣៥គ.ម។ ដោយឡែករថយន្តទាំងពីរក៏មានបំពាក់បច្ចេកវិទ្យាសាកល្បឿនលឿន ១៥០kW ដូចគ្នា និងមានមុខងារ Pilot ADAS ដែលអាចបើកបរស្វ័យប្រវត្តិកម្រិតពីរ។

រថយន្ត Smart #1 រពឹងថាចាប់ផ្ដើមការដឹកជញ្ជូននៅប្រទេសចិននៅត្រីមាសទីបីនៃឆ្នាំ២០២២នេះ ក្រោយបើកការផលិតនៅរោងចក្រក្នុងតំបន់ Xian ដែលជារោងចក្ររបស់ក្រុមហ៊ុន Geely។

ក្រោយការចេញលក់នៅប្រទេសចិន #1 នឹងចាប់ផ្ដើមបញ្ចេញលក់លើទីផ្សារអឺរ៉ុប និងទីផ្សារអាស៊ីដទៃ ខណៈដែលការចេញលក់​នៅ​សហរដ្ឋអាមេរិក មិនមានក្នុងផែនការរបស់ក្រុមហ៊ុននៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានភីកអាប់ Ford Ranger និង VW Amarok កំពុងគិតគូរពីប្រភេទប្រើអគ្គិសនីសុទ្ធ

[ទីផ្សារបរទេស] កន្លងមកក្រុមហ៊ុន Ford ធ្លាប់បានបញ្ជាក់ច្បាស់ៗថារថយន្ត Ranger របស់ខ្លួននឹងមានជាប្រភេទម៉ាស៊ីន Hybrid នៅថ្ងៃខាងមុខ ខណៈដែលប្រភេទអគ្គិសនីសុទ្ធនៃរថយន្តនេះជារឿងដែលអាចនឹងទៅរួច។

ពេលនេះដែរ ក្រុមហ៊ុនបានបញ្ជាក់ច្បាស់ៗថាទាំងរថយន្ត Ranger និងរថយន្ត Volkswagen Amarok ដែលប្រើគ្រោងឆ្អឹងរួមគ្នា កំពុងតែស្ថិតក្រោមការសិក្សាពីប្រភេទអគ្គិសនីសុទ្ធ។ ដំណឹងថ្មីនេះទទួលបានតាមរយៈវិបសាយរថយន្តអូស្ត្រាលី Drive ក្រោយពីបានចូលរួមការធ្វើបទបង្ហាញពីរថយន្ត Amarok ជំនាន់ថ្មីនៅអាល្លឺម៉ង់។

សមាជិកក្រុមប្រឹក្សានៃ Volkswagen Commerical Vehicle បានលើកឡើងបែបនេះថា ៖ “យើងកំពុងសម្លឹងលើប្រភេទអគ្គិសនីសុទ្ធ។ វានៅដំណាក់កាលដំបូងៗនៅឡើយ ប៉ុន្តែវាជាអ្វីដែលយើងកំពុងពិចារណា​នៅក្នុងវដ្ដជីវិតនៃរថយន្តនេះ។”

ការសម្រេចចិត្តចាប់ផ្ដើមសិក្សាលើរថយន្តភីកអាប់ Amarok អគ្គិសនីសុទ្ធនេះក្រោយពី Volkswagen សម្រេចចិត្តថាមិនប្រើប្រាស់ប្រភេទម៉ាស៊ីនសាំង PHEV ដែលបង្កើតសម្រាប់រថយន្ត Ford Ranger ជំនាន់ថ្មីឡើយ។

ការសម្រេចចិត្តមិនប្រើប្រាស់ម៉ាស៊ីនសាំង PHEV នេះ ត្រូវបានសមាជិកក្រុមប្រឹក្សាដដែលលើកឡើងថាដោយសារតែក្រុមហ៊ុនមិនទាន់ពេញចិត្តនឹងរយៈចម្ងាយនៃការបើកបរដោយប្រើអគ្គិសនីសុទ្ធដែលទទួលបានជាមួយរថយន្តនេះ។ ជាមួយការសម្រេចចិត្តនេះដែរ វាបានជួយពន្លឿនឲ្យ Ford និង Volkswagen ចាប់ផ្ដើមការសិក្សាលើរថយន្ត Amarok និង Ranger ប្រភេទអគ្គិសនីសុទ្ធកាន់តែឆាប់រហ័សជាងមុន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្អាតប្លែក! រូបរាងឡានអគ្គិសនីខ្នាតតូចថ្មីរបស់ក្រុមហ៊ុន Changan

[ទីផ្សារបរទេស] រថយន្ត Changan Lumin Corn បានបង្ហាញវត្តមានជាផ្លូវការលើទីផ្សារប្រទេសចិន ក្នុងនាមជារថយន្តអគ្គិសនីខ្នាតតូចថ្មីដែលចូលមកប្រជែងនឹងរថយន្តអគ្គិសនី Wuling Mini EV ដែលជារថយន្តអគ្គិសនីលក់ដាច់ជាងគេនៅប្រទេសចិន។

Lumin Corn ត្រូវបានបង្កើតដោយក្រុមហ៊ុន Changan New Energy រួមជាមួយក្រុមហ៊ុន CATL ដែលបានប្រើប្រាស់គ្រោងឆ្អឹងរបស់ Changan ឈ្មោះថា EPA0។ ដូចគ្នានឹង Wuling Mini EV រថយន្តនេះមានទំហំតូចមែនទែន ដោយមានប្រវែង៣២៧០ម.ម មានកម្ពស់១៧០០ម.ម មានទទឹង៣២៧០ម.ម និងប្រវែងកង់មុខទៅកង់ក្រោយគឺ១៩៨០ម.ម។

ជាមួយទំហំដ៏តូចនេះដែរ វាក៏មានបំពាក់មកជាមួយនូវអាគុយដែលមានទំហំ ១២,៩២kWh និងមួយទៀតទំហំ ១៧,៦៥kWh ដែលមួយ​អាចបើកបរបានចម្ងាយប្រមាណ ១៥៥គ.ម និងមួយទៀតអាចទ្រាំទ្របាន ២១០គ.ម។ ក្រុមហ៊ុនក៏មានគម្រោងបញ្ចេញលក់ប្រភេទអាគុយ ២៧,៩៩kWh ដែលបើកបរបានចម្ងាយ ៣០១គ.ម នៅពេលក្រោយផងដែរ។

រថយន្ដដែលមានអាគុយទាំងពីរប្រភេទខាងលើ នឹងមានបំពាក់ដោយម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ៤១សេះ ហើយម៉ូទ័រកម្លាំង ៤៨សេះ អាចនឹងបង្ហាញមុខនៅក្នុងពេលបន្ទាប់ទៀត។

ត្បិតថាមានទំហំតូច ប៉ុន្តែរថយន្ត Lumin Corn មានកៅអីអង្គុយចំនួនបួន ហើយផ្នែកខាងក្នុងក៏មានបំពាក់មុខងារទំនើបៗមួយចំនួន មានដូចជាកុងទ័រប្រភេទឌីជីថល, មានអេក្រង់កម្សាន្តទំហំ ១០,២៥អ៉ីញ, មានប៊ូតុងបញ្ជាសីតុណ្ហភាព និងមានចង្កូតជាប្រភេទ Three-Spoke ផងដែរ។

តម្លៃរថយន្តនេះនៅមិនទាន់ប្រកាសនៅឡើយទេ ប៉ុន្តែដឹងថាវានឹងមានដាក់លក់នៅប្រទេសចិននៅអំឡុងឆមាសទីពីរនៃឆ្នាំ២០២២នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Roewe បញ្ចេញរូបភាពនៃរថយន្ត Roewe RX5 មុនពេលបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] កាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២២ កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Roewe បានធ្វើការដាក់បញ្ចេញរូបភាពផ្លូវការរបស់រថយន្ត RX5 ថ្មីជាមួយនឹងការរចនាដ៏ទំនើបជាងមុន ​នឹង​ចេញ​លក់​ក្នុង​ប្រទេស​ចិន​ក្នុង​ត្រីមាស​ទី​ពីរ​ឆ្នាំ​២០២២​ ខាងមុខនេះ។

Roewe RX5 ថ្មីប្រើភាសារចនាថ្មី និងមានប្រវែងសរុប ៤ ៦៥៥ ម.ម ទទឹង ១ ៨៩០ ម.ម កំពស់ ១ ៦៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧៦៥ ម.ម ។​

សម្រាប់រថយន្តនេះ ត្រូវបានកែលម្អបែបផែននៅប៉ាណាមុខថ្មីនិងមានភ្លើងបំភ្លើមើលទៅតែមានភាពលេចធ្លោ, ចង្កៀងមុខប្រភេទ LED Matrix រាងស្លីមដែលអូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងយ៉ាងល្អឥតខ្ចោះ។

ខណៈផ្នែកចំហៀងរថយន្តមានររចនាបែបសាមញ្ញ ផ្តោតលើភាពស្ព័រ បន្ថែមដោយកាងចំហៀងក្រូម៉េ ថាសកង់ស្ព័រ 5-spoke ដ៏ទំនើបនិងទាក់ទាញ ចង្កៀងខាងក្រោយរាងអក្សរ C អូសកាត់ទាំងផ្នេកសងខាង កាង Spoiler ខាងក្រោយរចនាឡើងយ៉ាងពិសេស និងបំពង់ស៊ីមាំងចំនួនពីរ២ផងដែរ។

បើនិយាយពីម៉ាស៊ីនវិញ គេរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីនសាំង TGI ចំណុះ ១,៥ លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៨៨ សេះ និងកម្លាំងរមួល ២៨៥ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមយយប្រអប់លេខអូតូ ៧វគ្គ អាចបង្កើនល្បឿនពី ០-១០០គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេល ៦,៨ វិនាទី៕

គួរបញ្ជាក់ផងដែរថា សម្រាប់រូបរាងការរចនានិងគ្រឿងបរិក្ខាផ្នែកខាងក្នុងក្រុមហ៊ុនមិនទាន់បានបញ្ចេញនៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រូបរាងទាក់ទាញខ្លាំង! Jetour បញ្ចេញរូបភាពផ្លូវការនៃរថយន្ត Jetour X-1 មុនពេលបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Jetour បានធ្វើការបញ្ចេញរូបភាពផ្លូវការរបស់រថយន្ត Jetour X-1 សម្រាប់រថយន្តនេះនឹងមានការផលិតទ្រង់ទ្រាយធំហើយត្រូវបានគេរំពឹងថានឹងត្រូវបានដាក់បង្ហាញនៅពាក់កណ្តាលឆ្នាំ ២០២២ នៅក្នុងទីផ្សារប្រទេសចិន។

សម្រាប់រថយន្តនេះ ប្រើប្រាស់ជាមួយគ្រោងឆ្អឹង Kunlun Architecture platform។ សម្រាប់រថយន្ត Jetour X-1​ មានប្រវែងតួខ្លួនសរុប ៤ ៥៩០​ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៦៨៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៧២០ ម.ម ត្រូវបានបំពាក់ដោយប្រព័ន្ធបើកបរស្វ័យប្រវតិ្តរបស់ Huawei L3 រថយន្ត Jetour ដំបូងដែលត្រូវបានបង្កើតឡើងក្រោមស្ថាបត្យកម្មនេះ Smart Cockpit 3.0 និងការគាំទ្រ Healthy Cockpit 4.0 និង L5 នាពេលអនាគតផងដែរ។

ចំពោះការរចនាផ្នែកខាងក្រៅគឺមានទាក់ទាញជាមួយប៉ាណាមុខឲ្យឈ្មោះថា Transformers ចង្កៀងមុខប្រភេទ LED រាងស្លីម កាងខាងមុខពណ៌ខ្មៅ កញ្ចក់ចំហៀងពីរពណ៌ ចង្កៀងក្រោយ LED រាងអក្សរ Y ផ្ដេក កាងខាងក្រោយពណ៌ខ្មៅធំនិងថាសកង់ស្ព័រទំហំ ២០ អ៊ីញ។

រីឯនៅផ្នែកខាងក្នុងកាប៊ីនសង្កត់ធ្ងន់លើការរចនាដ៏ប្រណិតនិងផាសុកភាព ដោយបានបំពាក់ជាមួយអេក្រង់កំសាន្ត touchscreen ដ៏ធំទំហំរហូតដល់ ១៥,៦ អ៊ីញ កុងទ័រប្រភេទ LCD ទំហំ ១២,៨ អ៊ីញជាមួយនឹងអេក្រង់បង្ហាញ់លើកញ្ចក់ប្រភេទ HUD។ លើសពីនេះ វាក៏បានភ្ជាប់មកជាមួយនៅផ្ទៃខាងក្នុងពីរពណ៌សម្រាប់ជ្រើសរើស រួមមាន ខ្មៅ-ក្រហម និងស-ប្រផេះ ដោយតុបតែងឈើ និងមានភ្លើងលម្អខាងក្នុងប្រើប្រាស់បានដល់ ២៥៦ ពណ៌នៃពន្លឺព័ទ្ធជុំវិញ និងដៃចង្កូតមុខងារកម្តៅជាដើម។

គួរបញ្ជាក់ផងដែរថា រថយន្ត Jetour X-1 មិនមែនជារថយន្តអគ្គិសនីទេដោយសារម៉ាកនេះជ្រើសរើសសម្រាប់ “Kunpeng DHT” ម៉ាស៊ីន plug-in hybrid ជំនួសវិញ។ តាមសេចក្តីរាយការណ៍មួយបានឲ្យដឹងថា រថយន្តនេះបានរួមបញ្ចូលគ្នានៅម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ turbocharged ហើយម៉ាស៊ីនប្រភេទ hybrid នឹងមានផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូអគ្គិសនី Horwin SK3 សាកភ្លើងម្តងអាចជិះបានចម្ងាយ ១៦០ គ.ម តម្លៃខ្ទង់ ៤ ពាន់ដុល្លារទ្បើង នៅអឺរ៉ុប

[ទីផ្សារបរទេស] ក្រុមហ៊ុន Horwin បានធ្វើការដាក់បង្ហាញនូវម៉ូតូអគ្គិសនី SK3 ស៊េរីឆ្នាំ ២០២២ ប្រភេទ Maxi Scooter ជាមួយការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ ១៦០ គ.ម សម្រាប់ទៅផ្សារនៅក្នុងប្រទេសអូទ្រីស។

រូបរាងម៉ូតូអគ្គិសនី Horwin SK3 រចនាទ្បើងស្រដៀងគ្នាទៅនឹង Yamaha E05 ដោយបំពាក់នូវចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័រឌីជីថល TFT ភ្ជាប់ជាមួយស្មាតហ្វូន សោរឆ្លាតវៃ រន្ធសាក USB ប្រភេទ A ចំនួន ២ តំបន់ និងកន្លែងផ្ទុកក្រោមកៅអីអាចដាក់បានរបរជាច្រើនទៀត។

ហើយអ្វីដែលពិសេសនោះម៉ូតូអគ្គិសនី Horwin SK3 ក៏បានបំពាក់នូវប្រព័ន្ធ​ហ្វ្រាំង​គឺ​ជា​ឌីស​​មុខ-ក្រោយ ជាមួយនឹងប្រព័ន្ធហ្វ្រាំង ABS កម្រិតខ្ពស់របស់ក្រុមហ៊ុនអូទ្រីសដែរ។

សម្រាប់ម៉ូតូអគ្គិសនី Horwin SK3 បានបំពាក់ម៉ូទ័រអគ្គិសនី ៣៦ AH រួមជាមួយនឹងថ្មលីចូមអ៊ីយ៉ុង ២៧២ V ដែលអាចបើកបរបានចម្ងាយ ១៦០ គីឡូម៉ែត្រ ក្នុងកម្រិតសាកភ្លើងពេញម្តង និងការសាកភ្លើងល្បឿនលឿន DC ត្រូវចំណាយពេល ៤,៥ ម៉ោងប៉ុណ្ណោះ។ បន្ថែមពីនេះម៉ូតូអគ្គិសនី Horwin SK3 មាន​មុខងារ​ជំនួស​ថ្មធ្វើឱ្យម៉ូតូអគ្គិសនីនេះអាចរត់បានជាង ៣០០ គីឡូម៉ែត្រផងដែរ។

សូមបញ្ជាក់ថាម៉ូតូអគ្គិសនី Horwin SK3 ស៊េរីឆ្នាំ ២០២២ មានជម្រើស ៣ ពណ៌ និងមានតម្លៃចាប់ពី ៤ ៧៩០ ដុល្លារសហរដ្ឋអាមេរិក ដែលរួមបញ្ចូលម៉ូតូនិងអាគុយ ១ និងអាគុយ ២ តម្លៃ ៥ ៩៦១ សម្រាប់ទីផ្សារនៅតំបន់អឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Ioniq 5 ឆ្នាំ២០២៣ ចេញលក់ប្រភេទអាគុយធំ សាកម្តងជិះបាន ៥០០គ.ម តែតម្លៃ…

ក្រុមហ៊ុន Hyundai បានប្រកាសចេញរថយន្តអគ្គិសនី Ioniq 5 ឆ្នាំ២០២៣ ថ្មី ដែលទទួលបានការអាប់ដេតជាច្រើន សម្រាប់ទីផ្សារប្រទេសអង់គ្លេស ដោយក្នុងនោះរួមមានទាំងទំហំអាគុយធំជាងមុនផងដែរ។

Hyundai Ioniq 5 ឆ្នាំ២០២៣ បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៧៧,៤គីឡូវ៉ាត់ម៉ោង ធំជាងទំហំ ៧២,៦គីឡូវ៉ាត់ម៉ោង លើស៊េរីចាស់។ ក្រុមហ៊ុន Hyundai ថា អាគុយនេះជួយឲ្យ Ioniq 5 មានចម្ងាយបើកបរសរុបដល់ ៣១៥ម៉ាយ៍ ឬ ៥០៧គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

ជាមួយគ្នានេះដែរ Hyundai ក៏បានរៀបចំប្រព័ន្ធបញ្ចុះកម្តៅអាគុយ (battery heater and conditioning system) ថ្មីមកស្តង់ដារតែម្តង។ វាជួយឲ្យអាគុយរបស់ Ioniq 5 ទទួលបានសីតុណ្ហភាពដ៏ល្អមួយខណៈពេលធ្វើដំណើរ ហើយថែមទាំងជួយឲ្យដំណើរការសាកភ្លើងកាន់តែប្រសើរ មិនថាស្ថិតនៅក្នុងអាកាសធាតុត្រជាក់ ឬក្តៅនោះទេ។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ការបន្ថែមម៉ូដែលខ្ពស់បំផុតថ្មី ហៅថា Namsan Edition ដែលត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ៦៧ ៣៧៥ដុល្លារ សម្រាប់ប្រភេទប៉ុងមួយ និងអាចឡើងដល់ ៧១ ៨៣០ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ។

ក្រៅពីនោះមានដូចជា Ioniq 5 Ultimate តម្លៃចាប់ពី ៦១ ៦៤៥ដុល្លារ និង ៦៦ ១០០ដុល្លារ, Ioniq 5 Premium តម្លៃចាប់ពី ៥៧ ៨២០ដុល្លារ និង ៦២ ២៨០ដុល្លារ និងចុងក្រោយគឺ Ioniq 5 SE Connect RWD មានតែជម្រើសប៉ុងមួយប៉ុណ្ណោះ ហើយមានតម្លៃ ៥០ ១៨០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+