ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini Urus ស៊េរីថ្មី ទំនងបង្ហាញមុខនៅខែសីហា

[ទីផ្សារបរទេស] ក្រុមហ៊ុន Lamborghini ត្រូវបានគេរាយការណ៍មកថានឹងបង្ហាញចេញរថយន្ត Urus ស៊េរីថ្មីដែលមានផ្លាស់ប្ដូរមុខមាត់បន្តិចបន្តួច នៅក្នុងកម្មវិធី Pebble Beach Concours d’Elegance ដែលធ្វើឡើងនាខែសីហាខាងមុខនេះ។

ត្បិតថាវាអាចខុសពីទម្លាប់របស់ Lamborghini ដែលមកបង្ហាញចេញរថយន្តនៅក្នុងកម្មវិធីតាំងបង្ហាញរថយន្តធម្មតាបែបនេះ ប៉ុន្តែកម្មវិធី Pebble Beach ជារៀងរាល់ឆ្នាំតែងមានការចូលរួមពីសំណាក់អ្នកស្រឡាញ់ចូលចិត្តរថយន្តតម្លៃថ្លៃ កម្លាំងខ្លាំង និង SUV ប្រណីតៗដូចជា Urus ជាដើម។

បើផ្អែកតាមរូបភាពដែលថតបាននៅពេលដែលរថយន្ត Urus ស៊េរីថ្មីរត់សាកល្បង បានបង្ហាញថារូបរាងរបស់វាហាក់មិនខុសប្លែកពីមុនឡើយ គ្រាន់តែមានផ្លាស់ប្ដូរលើផ្នែកខាងមុខបន្តិចដោយមានរន្ធស្រូបខ្យល់ដែលឌីហ្សាញថ្មី អមជាមួយរន្ធបញ្ចេញខ្យល់ខាងក្រោយបែបថ្មីផងដែរ។ សម្រាប់ផ្នែកខាងក្នុងអាចនឹងមានការប្រែប្រួលបន្តិចបន្តួច ជាពិសេសលើប្រព័ន្ធកម្សាន្ត។

ដោយឡែក Urus ស៊េរីថ្មីនឹងប្រើម៉ាស៊ីន Twin-Turbocharged ចំណុះ៤,០លីត្រ ៨ស៊ីឡាំង ដែលអាច​បង្កើនកម្លាំងឲ្យខ្លាំងលើសមុនបន្តិច ដោយបច្ចុប្បន្នម៉ាស៊ីននេះមានកម្លាំង ៦៤១សេះ ហើយគេសង្ស័យថាកម្លាំងអាចឡើងដល់ ៦៧០សេះ។

ក្រោយពី Urus ស៊េរីថ្មីប្រកាសចេញ ក្រុមហ៊ុន Lamborghini នឹងបន្ថែមប្រភេទថ្មីផ្សេងទៀតចូលក្នុងត្រកូលរថយន្ត Urus។ តួយ៉ាងដូចជាប្រភេទ Hybrid ដែលមានកម្លាំងកាន់តែខ្លាំង រួមជាមួយប្រភេទដែលផ្ដោតលើកម្លាំងដែលអាចនឹងជាគូប្រជែងរបស់ Porsche Cayenne Turbo GT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ SkyDrive ដើម្បីអភិវឌ្ឍឡានអគ្គិសនីហោះ

ក្រុមហ៊ុនផលិតរថយន្តកំពុងវិនិយោគលើ យន្តហោះឡើង និង ចុះចតបញ្ឈរ (vertical takeoff and landing ឬ VTOL) ស្របពេលដែលក្រុមហ៊ុន Suzuki របស់ប្រទេសជប៉ុន បានចុះកិច្ចព្រមព្រៀងភាពជាដៃគូថ្មី ជាមួយក្រុមហ៊ុន SkyDrive Inc ។

ក្រុមហ៊ុនទាំងពីរបានប្រកាសថា ពួកគេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីរួមគ្នាស្រាវជ្រាវ អភិវឌ្ឍ និង ធ្វើទីផ្សារលើរថយន្តអគ្គិសនីហោះ (VTOL) នាពេលខាងមុខ។

ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងខាងលើ មិនត្រូវបានបង្ហាញឲ្យដឹងនោះទេ ដូច្នេះព័ត៌មានអំពីទំហំនៃការវិនិយោគ និង ពេលវេលាផលិតកម្ម នៅតែមិនបានបង្ហាញឡើយ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុនទាំងពីរនោះបាននិយាយថា ពួកគេនឹងធ្វើការដើម្បីបើកទីផ្សារថ្មី ដោយផ្តោតលើប្រទេសឥណ្ឌា ជាកន្លែងដែលក្រុមហ៊ុន Suzuki គ្រប់គ្រងប្រហែលពាក់កណ្តាលនៃចំណែកទីផ្សាររថយន្ត។

កាលពីសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុន Suzuki បានប្រកាសថា ខ្លួននឹងវិនិយោគជាង ១ ពាន់លានដុល្លារ នៅក្នុងរោងចក្ររបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដើម្បីផលិតរថយន្ត និង អាគុយអគ្គិសនី ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះនែក! Toyota GR Supra GT4 “50 Edition” ផលិតតែ ៦គ្រឿងគត់លើលោក តែតម្លៃញាក់សាច់!

ក្រុមហ៊ុន Toyota ទើបតែបានប្រកាសចេញរថយន្តស្ព័រ GR Supra ម៉ូដែលពិសេសថ្មី ហៅថា Toyota GR Supra GT4 “50 Edition” ដែលនឹងផលិតមានចំនួនកំណត់ ត្រឹមតែ ៦គ្រឿងប៉ុណ្ណោះ នៅលើលោក។

គួររំលឹកឲ្យដឹងដែរថា វាមានរយៈពេល ២៤ខែហើយ ដែលការលក់រថយន្ត GR Supra GT4 បានចាប់ផ្តើមនៅលើទីផ្សារអឺរ៉ុប មុនពេលចេញលក់នៅ អាមេរិកខាងជើង, ជប៉ុន និង អាស៊ី កាលពីខែតុលា ឆ្នាំ២០២០។ ក្នុងនោះ Toyota បានលក់ដាច់រថយន្ត GR Supra GT4 ទាំង ៥០គ្រឿង នៅត្រឹមចុងឆ្នាំ២០២១ ហើយពួកវាបានចូលរួមក្នុងការប្រកួតច្រើនជាង ២៥០ និងបានឈ្នះ ៣៦ប្រកួតឯណោះ។

យ៉ាងណាមិញ រថយន្ត Toyota GR Supra GT4 “50 Edition” នេះ ត្រូវបានបង្កើតឡើងដើម្បីអបអរការលក់ នៃ GR Supra GT4 ទាំង ៥០គ្រឿងនោះ។ ទោះបីជាយ៉ាងណាក៏ដោយ ចំពោះទីផ្សារអាស៊ី, អឺរ៉ុប និង អាមេរិកខាងជើង នឹងទទួលបានតែ ២គ្រឿងម្នាក់ប៉ុណ្ណោះ ជាមួយនឹងតម្លៃ ១៩២ ៩០០ដុល្លារ។

រថយន្ត Toyota GR Supra GT4 “50 Edition” មានបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ៤៣០សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៧វគ្គ និង មុខងារ mechanical limited-slip differential ហើយមានទម្ងន់ស្រាលជាងម៉ូដែលធម្មតា ១៤៥គីឡូក្រាមឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Air Blade មានតម្លៃខ្ទង់ ២ពាន់ដុល្លារនៅវៀតណាម

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Honda បានបង្ហាញនូវម៉ូឌែល Air Blade 125 និង 150 ស៊េរីឆ្នាំ​ ២០២២ ប្រភេទ Scooter ជាមួយនឹងរូបរាងបែបស្ព័រ និងការប្រើប្រាស់សាំងត្រឹមចំនួន ២លីត្រ អាចរត់បានចម្ងាយ ១០០ គ.ម  ដែលជាគូរប្រជែងជាមួយ PCX ឬ Click សម្រាប់ទីផ្សារនៅក្នុងប្រទេសវៀតណាម។

ជាមួយនឹងការឌីហ្សាញនៃម៉ូតូ Scooter នេះទទួលបានរចនាទ្បែងបែបស្ព័រយ៉ាងរឹងមាំដោយមកជាមួយចង្កៀងមុខ-ក្រោយប្រភេទ LED, កុងទ័រឌីជីថល LCD, រន្ធសាក UBS ឬទូរស័ព្ទ,Smart-key និងកន្លែងផ្ទុកនៅក្រោមកៅអីមានទំហំធំទូលាយជាមួយនឹងចំណុះ ២២,៧ លីត្រ ដែលធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នកបើកបរ ។ ព្រមទាំងបានបំពាក់ប្រព័ន្ធហ្វាំ្រង ABS បានបំពាក់តែលើម៉ូឌែល Air Blade 150 ប៉ុណ្ណោះ។

សម្រាប់ Honda Air Blade 125 ប្រើប្រាស់ម៉ាស៊ីនសាំង eSP ចំណុះ ១២៥សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង liquid-cooled ផលិតកម្លាំង ៨,៤សេះ និងកម្លាំងរមួល ១១ ញ៉ូតុនម៉ែត្រ ។ ខណៈដែល Air Blade 150 ប្រើប្រាស់ម៉ាស៊ីនដូចគ្នា ចំណុះ ១៤៩ សេសេ ផលិតកម្លាំង ៩,៦ញ៉ូតុនម៉ែត្រ និងកម្លាំងរមួល ១៣,៣ញ៉ូតុនម៉ែត្រ។ ខណៈដែលកម្រិតនៃការប្រើប្រាស់សាំងក្នុង ២ លីត្រ អាចរត់បានចម្ងាយ ១០០ គីទ្បូម៉ែត្រ ដោយធុងផ្ទុកសាំងរបស់ម៉ូតូនេះអាចស្តុកបានចំណុះរហូតដល់ ៤,៤ លីត្រ។

យ៉ាងណាមិញចំពោះ Honda Air Blade មានជម្រើស ២ ម៉ូឌែល សម្រាប់ 125 ឬ 150 ស៊េរីឆ្នាំ ២០២២ សម្រាប់ទីផ្សារនៅក្នុងប្រទេសវៀតណាមដូចជា៖

  • Honda Air Blade 125 ម៉ូឌែល Standard តម្លៃ ១ ៨០០ ដុល្លារ និងម៉ូឌែល Special តម្លៃ ១ ៨៥៣ ដុល្លារ។
  • Honda Air Blade 150 ម៉ូឌែល Standard ២ ៤១២ ដុល្លារ និងម៉ូឌែល Special ២ ៤៦៥ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Renault បានចាប់ផ្តើមបើកដំណើរការរោងចក្ររបស់ខ្លួននៅរុស្ស៊ីឡើងវិញ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Renault បានចាប់ផ្តើមបើកដំណើរការឡើងវិញនៅរោងចក្ររុស្ស៊ីរបស់ខ្លួននៅទីក្រុងមូស្គូកាលពីថ្ងៃចន្ទ នេះបើយោងតាមអ្នកនាំពាក្យក្រុមហ៊ុនដែលបាននិយាយទៅកាន់គេហទំព័រ Reuters ។

ក្រុមហ៊ុន Renault គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តជាច្រើនដែលបានផ្អាកការផលិតបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈពេលដែលក្រុមហ៊ុនជាច្រើនទៀតបានដកខ្លួនចេញពីទីផ្សារក្នុងការឆ្លើយតបទៅនឹងទណ្ឌកម្មសេដ្ឋកិច្ច។ ក្នុងនោះ ក្រុមហ៊ុន Renault បាននិយាយកាលពីចុងខែកុម្ភៈថា ខ្លួនកំពុងផ្អាកការផលិតដោយសារតែ “ការផ្លាស់ប្តូរដោយបង្ខំនៅក្នុងផ្លូវដឹកជញ្ជូនដែលមានស្រាប់” ហើយមិនបានដកខ្លួនចេញពីទីផ្សារនោះទេ។

គួរឲ្យដឹងថា ក្រុមហ៊ុន Renault គឺជាក្រុមហ៊ុនផលិតរថយន្តបរទេសដ៏ធំបំផុតរបស់រុស្ស៊ី ហើយនៅពាក់កណ្តាលខែមីនា ប្រភពមិនបញ្ចេញឈ្មោះបាននិយាយថា ក្រុមហ៊ុនមិនចង់ចាកចេញពីទីផ្សារទេដោយសាររដ្ឋាភិបាលរុស្ស៊ី នឹងធ្វើជាតូបនីយកម្មរោងចក្រផលិតរបស់ក្រុមហ៊ុនបរទេសដែលបានដកខ្លួនចេញពីទីផ្សារក្នុងអំឡុងពេលការឈ្លានពានអ៊ុយក្រែន។

សូមបញ្ជាក់ផងដែរថា បើយោងតាម ​​Citibank បានឲ្យដឹងថា សរុបមក ក្រុមហ៊ុន Renault គ្រប់គ្រងប្រហែល ៣០% នៃទីផ្សាររថយន្តរបស់រុស្ស៊ី មានបុគ្គលិកប្រហែល ៤០,០០០ នាក់ និងរកបាន ៨% នៃប្រាក់ចំណូលស្នូលនៅទីនោះ ។

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍បង្ហាញថា ទណ្ឌកម្មសេដ្ឋកិច្ចដែលត្រូវបានដាក់ប្រឆាំងនឹងរុស្ស៊ីអាចបណ្តាលឲ្យទីផ្សាររថយន្តរបស់ខ្លួនធ្លាក់ចុះ ៥០%នៅឆ្នាំនេះ។ ទន្ទឹមនឹងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ខ្សែផ្គត់ផ្គង់ និងការផ្អាកផលិតកម្មបានប៉ះពាល់ដល់ទីផ្សារផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូអាគុប 110 បានបង្ហាញខ្លួននៅឯពិពរណ៍ Osaka Motor Show ជាលើកទី ៣៨ ក្នុងប្រទេសជប៉ុន

[ទីផ្សារបរទេស] Honda Super Cup 110 ស៊េរីឆ្នាំ ២០២២ បានបង្ហាញខ្លួននៅឯពិពរណ៍ Osaka Motor Show ជាលើកទី ៣៨ នៅក្នុងប្រទេសជប៉ុន។

សម្រាប់ម៉ូតូ Honda Super Cup 110 ទទួលបានអាប់ដេតបន្ថែមជាមួយនឹងពណ៍លឿននិងពណ៌ត្នោត, ថាសកង់ស្ព័រពណ៌​ស​ប្រផេះ និងពូកកែបអង្គុយពណ៍ត្នោតជាដើម។ អ្វីដែលពិសេសនោះម៉ូតូនេះទទួលបានការចនាទ្បើងបែប Classic ដោយបានបំពាក់នូវចង្កៀងមុខ LED, ភ្លើងស៊ីញ៉ូរាងមូល, និងកុងទ័រឌីជីថល LCD បង្ហាញព័ត៌មានពេញលេញយ៉ាងច្បាស់។ ខណៈដែលម៉ូតូ Honda Super Cup 110 បានបំពាក់ជាមួយនឹងឌីសហ្វាំ្រង និងប្រព័ន្ធ ABS ជាដើម។

ចំពោះម៉ូតូ Honda Super Cup 110 ត្រូវ​បាន​រំពឹងថា​នឹង​នៅ​តែរក្សា​ប្រើ​ប្រាស់ម៉ាស៊ីន​ ១ ស៊ីឡាំង​ចំណុះ ១១០សេសេ ផលិត​កម្លាំង ​៧,៩ សេះ ភ្ជាប់ជាមួយ​ប្រអប់​លេខ​ ៤ វគ្គ ។

ទោះជាយ៉ាងណាក៏ដោយ Honda មិនទាន់បានប្រកាសអំពីតម្លៃ Super Cub 110 ស៊េរីឆ្នាំ២០២២ នៅឡើយទេ។​ ហើយម៉ូឌែលថ្មីនេះមិនដឹងថានឹងចេញលក់លើទីផ្សារអន្តរជាតិឬយ៉ាងណានោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet បញ្ចេញវីដេអូ teaser របស់រថយន្តអគ្គិសនីសុទ្ធ Equinox មុនពេលបង្ហាញខ្លួនជាផ្លូវការ

[ទីផ្សារបរទេស] ក្រុមហ៊ុន Chevrolet បានធ្វើការបញ្ចេញវីដេអូ teaser មួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម អំពីរថយន្តអគ្គិសនីសុទ្ធ Chevy Equinox ដែលនឹងមកដល់នាពេលខាងមុខនេះ។

ក្នុងវីដេអូនោះបានបង្ហាញអំពូលភ្លើងរបស់រថយន្តប្រភេទ Crossover ជាមួយនឹងរបារចង្កៀង LED រកកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងនៃផ្នែកខាងមុខ និងផ្នែកខាងក្រោយនៃរថយន្ត។ លើសពីនេះ Equinox នៅក្នុងវីដេអូក៏មានការលាបពណ៌ពីរពណ៌ដិតដែលផ្សំឡើងពីពណ៌ខៀវនៅផ្នែកខាងក្រោមនៃរថយន្ត និងពណ៌សនៅផ្នែកខាងលើ។

ក្នុងនោះ លោក Mary Barra នាយកប្រតិបត្តិរបស់ GM បានប្រកាសរថយន្តអគ្គិសនីសុទ្ធ Equinox ដែលនឹងមកដល់នាពេលខាងមុខនៅពិពណ៌ CES ២០២២ ក្នុងខែមករាកន្លងទៅ ហើយត្រូវ​បាន​ប្រកាស​រួម​ជា​មួយ​នឹងរថយន្តអគ្គិសនី Blazer ថ្មីដែល​ទាំង​ពីរ​នឹង​ត្រូវ​ប្រើប្រាស់នៅគ្រោងឆ្អឹង Ultium platform ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត។

ក្រុមហ៊ុន Chevrolet បានបង្ហាញថារថយន្តអគ្គិសនីសុទ្ធ Equinox នឹងមិនផ្អែកលើឈ្មោះដូចគ្នានោះទេ ដោយរថយន្តអគ្គិសនីថ្មីនេះ ត្រូវបាននិយាយថាជា “រថយន្ត SUV ដែលមានមុខងារ និងតម្លៃសមរម្យ” ហើយនឹងដាក់លក់ជាមួយនឹងតម្លៃចេញពីរោងចក្រ (MSRP) ប្រហែល ៣០ ០០០ ដុល្លារ  ។

ទន្ទឹមនឹងការប្រកាសអំពីម៉ូដែលនេះ ក្រុមហ៊ុន Chevrolet បានទម្លាយថា រថយន្តនេះនឹងរក្សាកម្រិតតុបតែងរបស់ខ្លួន នៅពេលដែលផ្លាស់ប្តូរទៅអគ្គិសនី។ ការ​បង្ហាញ​ការ​មើល​ជា​មុន​របស់ Equinox បាន​បង្ហាញ​វា​ទាំង​នៅ​ក្នុង​ប្រភេទ LT និង RS ខណៈ​ពេល​ក្រោយ​ម៉ាក​បាន​បង្ហាញ​ថា Blazer EV នឹង​ទទួល​បាន​ការ​តុបតែង​បែប​ស្ព័រផងដែរ។

គួរឲ្យដឹងថា នៅពេលដែលខ្លួនបានប្រកាសនៅម៉ូដែល Equinox និង Blazer EV នៅដើមឆ្នាំនេះ ក្រុមហ៊ុន GM បាននិយាយថា ម៉ូដែលទាំងនេះនឹងចេញនៅឆ្នាំ ២០២៣ ជារថយន្តឆ្នាំ ២០២៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla នឹងសាងសង់រោងចក្រ Giga ដើម្បីផលិតរថយន្ត ៥០ ម៉ឺនគ្រឿងក្នុង ១ឆ្នាំ នៅអាឡឺម៉ង់

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីលំដាប់ទី១ ពិភពលោក Telsa នឹងសាងសង់រោងចក្រ Giga ដើម្បីផលិតរថយន្ត ៥០ ម៉ឺនគ្រឿងក្នុង ១ ឆ្នាំ នៅក្នុងប្រទេសអាឡឺម៉ង់។

សម្រាប់ Gigafactory របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla មានទីតាំងនៅ Guenheide ជិតទីក្រុង Berlin ដែលរោងចក្រនេះត្រូវបានពន្យារពេលជាច្រើនខែមកហើយ។

លោក Elon Musk បានបង្ហាញខ្លួនដើម្បីស្វាគមន៍អតិថិជនដំបូងជាង ៣០ នាក់ និងក្រុមគ្រួសាររបស់ពួកគេ ដែលជាកន្លែងត្រូវបានផ្តល់ឱកាសឱ្យមើលរថយន្តទាំងនោះចេញពីខ្សែសង្វាក់ផលិតកម្មជាលើកដំបូង។ បន្ថែមពីនេះ Elon Musk បាននិយាយថា “នេះគឺជាថ្ងៃដ៏អស្ចារ្យសម្រាប់រោងចក្រនេះ និងជំហានមួយទៀតឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាព”។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានបញ្ជាក់ថាវានឹងក្លាយក្តីស្រម៉ៃពិតជាមួយនឹងការផលិតរថយន្តបានជាង ៥០ ម៉ឺនគ្រឿង និងផលិតអាគុយ ៥០ GWh ក្នុងមួយឆ្នាំ ដែលវានឹងក្លាយជារោងចក្ររថយន្តអគ្គិសនី ដ៏ធំបំផុតនៅក្នុងប្រទេសអាល្លឺម៉ង់។

ខណៈដែលបច្ចុប្បន្ននេះក្រុមហ៊ុន Tesla មានបុគ្គលិកត្រឹមតែ ៣ ៥០០ នាក់ប៉ុណ្ណោះនៃចំនួនសរុបដែលរំពឹងទុកចំនួនប្រហែល ១២ ០០០ នាក់ដែលវានឹងបន្តជ្រើសរើសបន្ថែមទៀតនៅក្នុងពេលអនាគត។

សូមបញ្ជាក់ថា Elon Musk រាំនៅ Gigafactory ក្នុងទីក្រុងប៊ែកឡាំង ខណៈពេលកំពុងចែកចាយ Tesla Model Y ចេញពីជួរដំឡើងនៅរោងចក្រអឺរ៉ុបដំបូងគេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi លក់អតីតរោងចក្រផលិតឡាន Pajero អោយក្រុមហ៊ុនផលិតក្រដាសបន្ទប់ទឹកក្នុងតម្លៃ ៣៤លានដុល្លារ

[បរទេស] យោងតាមព័ត៌មានដែលបានចុះផ្សាយបានបង្ហាញថា ក្រុមហ៊ុន Mitsubishi បានយល់ព្រមលក់រោងចក្រដែលបានបិទទ្វាររបស់ខ្លួននៅកណ្តាលប្រទេសជប៉ុនទៅឱ្យ Daio Paper ក្នុងតម្លៃប្រហែល ៤ពាន់លានយ៉េន (៣៤លានដុល្លារ)។ សម្រាប់រោងចក្រនេះគឺជាអតីតរោងចក្រផលិតរថយន្ត Pajero SUV ដែលគេចូលចិត្តបំផុត ហើយរហូតមកដល់ពេលថ្មីៗនេះ ទំនងជាត្រូវបានបំប្លែងទៅជារោងចក្រផលិតក្រដាសប្រើក្នុងបន្ទប់ទឹក ឬក្រដាសជូតមាត់។

ក្នុងនោះសារព័ត៌មាន Nikkei Asia បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះអាចត្រូវបានប្រកាសនៅសប្តាហ៍នេះ ហើយនឹងផ្ទេរដី និងគ្រឿងបរិក្ខារនៅទីនោះទៅ Daio នៅចុងខែមីនា ឆ្នាំ២០២៣។

គួររំលឹកផងដែរថា ក្រុមហ៊ុន Mitsubishi បានបិទរោងចក្រនេះនៅឆ្នាំ ២០២០ ហើយវាជារោងចក្រជប៉ុនដំបូងគេដែលបានបិទចាប់តាំងពីឆ្នាំ២០០១។ រោងចក្រនេះផលិតរថយន្តបាន ១៧ម៉ឺនគ្រឿងក្នុងមួយឆ្នាំ ប៉ុន្តែការលក់បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយនៅឆ្នាំ២០១៩ គឺអាចផលិតបានត្រឹមតែ ៦៣ ០០០គ្រឿងប៉ុណ្ណោះ។

ជាលទ្ធផលផលិតកម្ម Mitsubishi បានធ្លាក់ចុះនាពេលថ្មីៗនេះ។ នៅឆ្នាំ២០២១ ក្រុមហ៊ុនផលិតរថយន្តនេះបានផលិតរថយន្តត្រឹមតែ ៤០ម៉ឺនគ្រឿងប៉ុណ្ណោះនៅក្នុងប្រទេសជប៉ុន ដែលនេះគឺប្រហែល ៣០ ភាគរយតិចជាងមុនពេលមានកូវីដកើតឡើង។

សម្រាប់ការលក់រោងចក្រនេះគឺជាផ្នែកមួយនៃផែនការដ៏ធំមួយដើម្បីកាត់បន្ថយការចំណាយ និងតាមរយៈជំហានដូចជាការកាត់បន្ថយបុគ្គលិកការិយាល័យឡើងវិញ និងការកំណត់ចំនួនកម្មករចំនួន ៦៥០នាក់នៅក្នុងប្រទេសជប៉ុន អោយចូលនិវត្តន៍មុនកាលកំណត់។

កម្មករនៅរោងចក្រ Pajero បានស្នើសុំឱ្យក្រុមហ៊ុន Mitsubishi លក់រោងចក្រនេះទៅឱ្យក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត ដើម្បីការពារការងារ។ ផ្ទុយទៅវិញ របាយការណ៍បង្ហាញថាជិត ១/៣ នៃនិយោជិតត្រូវបាន ចាត់តាំងឱ្យទៅមុខតំណែងផ្សេងទៀតនៅក្នុងក្រុមហ៊ុន ចំណែក ៣ភាគផ្សេងទៀតបានធ្វើការជាមួយក្រុមហ៊ុនផ្សេងទៀត និងមានចំនួន ២៥០នាក់បានទទួលយកការផ្តល់ជូនចូលនិវត្តន៍មុនកាលកំណត់។

ទន្ទឹមនឹងនោះ Daio គឺជាក្រុមហ៊ុនផលិតក្រដាសជូតមុខ និងបន្ទប់ទឹក ដ៏ធំមួយរបស់ប្រទេសជប៉ុន ហើយបានបង្កើនសមត្ថភាពជាង ៤ម៉ឺនតោនក្នុងមួយខែកាលពីឆ្នាំមុន ដោយសារការជំរុញការលក់ទាក់ទងនឹងជំងឺរាតត្បាត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំង១០នេះ ជារោងចក្រដែលផលិតរថយន្តបានច្រើនជាងគេលើសកលលោក

[បរទេស] រោងចក្រ​ផលិត​រថយន្ត​ជា​ឧស្សាហកម្ម​ដ៏ធំមួយក្នុងចំណោមឧស្សាហកម្មផ្សេងៗ​។ ខណៈដែលរោងចក្រផលិតរថយន្តមួយចំនួន​អាច​ផលិត​បាន​ជាង​មួយ​លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ។ ក្នុងនោះគេហទំព័រ Autocar ចងក្រងបញ្ជីរោងចក្រធំបំផុតរបស់ពិភពលោកតាមចំនួនផលិតកម្ម ដោយផ្អែកលើទិន្នន័យឆ្នាំ ២០១៩។ គេហទំព័រព័ត៌មានរបស់ចក្រភពអង់គ្លេសបានពន្យល់ដោយមិនប្រើប្រាស់ទិន្នន័យឆ្នាំ ២០២០ ដោយសារតែផលប៉ះពាល់នៃការរីករាលដាលនៃ Covid-19 ។

ខាងក្រោមនេះជារោងចក្រផលិតរថយន្តបានច្រើនជាងគេទាំងលើនៅលើពិភពលោក៖

១០) រោងចក្រ Ford Kansas City នៅសហរដ្ឋអាមេរិក ផលិតរថយន្តបានចំនួន ៥០០,៣៦៥ គ្រឿងក្នុងមួយឆ្នាំ

៩) រោងចក្រ Toyota Kentucky នៅសហរដ្ឋអាមេរិក ផលិតរថយន្តបានចំនួន ៥៥០,០០០ គ្រឿងក្នុងមួយឆ្នាំ

៨) រោងចក្រ Kia Hwaseong នៅកូរ៉េខាងត្បូង ផលិតរថយន្តបានចំនួន ៥៦៣,០០០ គ្រឿងក្នុងមួយឆ្នាំ

៧) រោងចក្រ Mazda នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ផលិតរថយន្តបានចំនួន ៥៦៩,០០០ គ្រឿងក្នុងមួយឆ្នាំ

៦) រោងចក្រ Kia នៅទីក្រុង Autoland Gwangju ប្រទេសកូរ៉េខាងត្បូង  ផលិតរថយន្តបានចំនួន ៦២០,០០០ គ្រឿងក្នុងមួយឆ្នាំ

៥) រោងចក្រ Nissan Smyma នៅសហរដ្ឋអាមេរិក ផលិតរថយន្តបានចំនួន ៦៤០,០០០ គ្រឿងក្នុងមួយឆ្នាំ

៤) រោងចក្រ Renault Avtovaz Togliatti នៅប្រទេសរុស្សី ផលិតរថយន្តបានចំនួន ៦៥០,០០០ គ្រឿងក្នុងមួយឆ្នាំ

៣) រោងចក្រ Volkswagen Wolfsburg នៅអាល្លឺម៉ង់ ផលិតរថយន្តបានចំនួន ៨១៥,០០០ គ្រឿងក្នុងមួយឆ្នាំ

Aerial view

២) រោងចក្រ Kia Yancheng នៅប្រទេសចិន ផលិតរថយន្តបានចំនួន ៨៩០,០០០ គ្រឿងក្នុងមួយឆ្នាំ

១)​ រោងចក្រ Hyundai Ulsan នៅប្រទេសកូរ៉េខាងត្បូង ផលិតរថយន្តបានចំនួន ១,៥៣០,០០០ គ្រឿងក្នុងមួយឆ្នាំ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+