ផ្ទាំងផ្សាយពាណិជ្ជកម្ម

រោងចក្រ Suzuki នៅប្រទេសហុងគ្រី ផ្អាកការនាំចេញឡានទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែន

ក្រុមហ៊ុនជប៉ុន Suzuki Motor Corp បាននិយាយកាលពីថ្ងៃពុធថា ពួកគេបានផ្អាកការនាំចេញរថយន្តទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែន ពីរោងចក្រនៅប្រទេសហុងគ្រីរបស់ខ្លួន ចាប់តាំងពីដើមខែមីនា ដោយសារតែសង្គ្រាម ដែលជាសញ្ញាដំបូងនៃជម្លោះដែលប៉ះពាល់ដល់សេដ្ឋកិច្ចទូលំទូលាយនៅក្នុងតំបន់។

គួរឲ្យដឹងថា តំបន់អឺរ៉ុបកណ្តាល កំពុងប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ច ខណៈពេលដែលការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន​ កាលពីថ្ងៃទី ២៤ ខែកុម្ភៈ នៅតែបន្ត រួមទាំងពីទណ្ឌកម្មរបស់លោកខាងលិចដ៏តឹងរ៉ឹងលើទីក្រុងម៉ូស្គូ និងភាពចលាចលនៅក្នុងទីផ្សារពិភពលោក ស្របពេលដែលអ្នកវិនិយោគបានប្តូរទៅជាទ្រព្យសម្បត្តិដែលមានសុវត្ថិភាពជាងមុន។

ក្រុមហ៊ុន Suzuki បាននិយាយថា ខ្លួននាំចេញរថយន្តប្រហែល ១០ ០០០ គ្រឿងទៅកាន់ប្រទេសរុស្ស៊ី និងអ៊ុយក្រែនក្នុងមួយឆ្នាំ ហើយបានបន្ថែមថា ខ្លួនកំពុងព្យាយាមផ្លាស់ប្តូរការបញ្ជាទិញដែលរងផលប៉ះពាល់ទៅកាន់ទីផ្សារផ្សេងទៀត ដើម្បីរក្សាបរិមាណផលិតកម្មដែលបានគ្រោងទុក។

អាជីវកម្មរបស់ Suzuki នៅហុងគ្រី បានលក់រថយន្តចំនួន ១១៩ ០៩៨ គ្រឿងក្នុងឆ្នាំ ២០២០ ដោយផ្អែកលើតួលេខចុងក្រោយបង្អស់ដែលមាននៅលើគេហទំព័ររបស់វា រួមទាំងរថយន្តចំនួន ១០១ ៦៧២ គ្រឿងនៅក្នុងទីផ្សារបរទេស ដែលមានន័យថា ប្រទេសរុស្ស៊ី និងអ៊ុយក្រែន មានចំនួនប្រហែល ១ភាគ១០ នៃការនាំចេញប្រចាំឆ្នាំរបស់ខ្លួនប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla លោត​នាំ​មុខ BMW ក្នុង​ការ​ប្រជែង ​ដើម្បី​ក្លាយ​ជា​ជើងឯក​ឡានប្រណីត

ក្រុមហ៊ុន Tesla បានខកខានក្នុងការក្លាយជាម៉ាករថយន្តប្រណីតឈានមុខគេរបស់អាមេរិក នៅឆ្នាំ ២០២១ នៅពេលដែលក្រុមហ៊ុន BMW បានឈរនៅលើកំពូលតារាង ប៉ុន្តែតួលេខដំបូងបង្ហាញថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla កំពុងធ្វើដំណើរឆ្ពោះទៅរកជ័យជម្នះឆ្នាំ ២០២២ ហើយ។

បើតាមតួលេខថ្មីពី Experian បង្ហាញថា ការចុះបញ្ជីការលក់នៅខែមករារបស់ក្រុមហ៊ុន Tesla បានកើនឡើងគួរឱ្យចាប់អារម្មណ៍ គឺ ៤៩ ភាគរយ ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ដល់ចំនួនសរុប ៣៧ ១៦២ គ្រឿង។ បើប្រៀបធៀបទៅ BMW មានការកើនឡើង ៨,២ ភាគរយ ដល់ ៣០ ៥៦៣ គ្រឿង។

តួលេខរបស់ក្រុមហ៊ុន Tesla គឺគួរឱ្យចាប់អារម្មណ៍ ជាពិសេសនៅពេលដែលអ្នកពិចារណាថា វាលក់តែរថយន្តអគ្គិសនីទាំងស្រុង ខណៈពេលដែលចំនួនរថយន្ត BMW មានទាំងរថយន្តដែលបំពាក់ម៉ាស៊ីនចំហេះក្នុង និងរថយន្តកូនកាត់ផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ទិន្នន័យ​ចុង​ក្រោយ​របស់ Experian បង្ហាញ​ថា ​ការ​ចុះ​បញ្ជី​រថយន្ត Lexus បាន​ធ្លាក់​ចុះ ៦ ភាគរយ​មក​នៅ​ត្រឹម ២៤ ៨៤៣ គ្រឿងក្នុង​ខែ​មករា ប៉ុន្តែ​អ្នក​ចាញ់​ធំ​គឺ Mercedes ដែល​ឃើញ​ចំនួន​ធ្លាក់​ចុះ ២០ ភាគរយ ​មក​នៅ​ត្រឹមតែ ២២ ០២២ គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម្ចាស់ឡាន Tesla ភ័យសភ្នែក ពេលឃើញវិក័យបត្រសាកភ្លើងអស់រហូតដល់ ៦០ម៉ឺនដុល្លារ

[ទីផ្សារបរទេស] ម្ចាស់រថយន្ត Tesla មួយរូបនៅទីក្រុងសៀងហៃ បានបង្ហាញការត្អូញត្អែរលើបណ្ដាញសង្គម Weibo ជុំវិញថ្លៃវិក័យបត្រសាកភ្លើងរថយន្ត ដែលមានរហូតដល់ប្រមាណ ៦០៨ ៥១៥ដុល្លារ។

អ្នកប្រើដែលមានឈ្មោះ @滤镜粉碎机 បានបង្ហោះប្រវត្តិនៃការសាកភ្លើងដែលបង្ហាញថាថ្ងៃដែលគិតលុយអស់រហូតដល់ ៦០ម៉ឺនដុល្លារនេះគឺពួកគេបាន​ប្រើប្រាស់ការសាកភ្លើងដែលឥតគិតថ្លៃអស់ចំនួន ២២៨៥គីឡូម៉ែត្រ និងបានប្រើប្រាស់ថាមពលអស់ ១ ៩២៣ ៧២០kWh ក្នុងអត្រាភ្លើង ០,៣២ដុល្លារ ក្នុងមួយគីឡូវ៉ាត់ម៉ោង។

ប្រវត្តិនៃការសាកនេះបង្ហាញថាថាមពលភ្លើងដែលបានប្រើគឺគ្រប់គ្រាន់សម្រាប់សាករថយន្ត Tesla Model 3 ប្រភេទ Entry បានរហូតដល់ជាង ៣ម៉ឺនដង ដែលវាជារឿងមិនអាចកើតមានរួចនោះទេ។

យ៉ាងណាក្ដី ផ្នែកសេវាកម្មអតិថិជនរបស់ Tesla បានប្រាប់ថា​ស្ថានីយសាកភ្លើងដែលម្ចាស់រថយន្តខាងលើបានប្រើគឺមានបញ្ហាបច្ចេកទេស រួមជាមួយបញ្ហាបច្ចេកទេសដែលកើតមានលើប្រព័ន្ធ Back-End នៃរថយន្តមួយចំនួន ដែលក្រុមការងាររបស់ Tesla កំពុងស្វែងរកដំណោះស្រាយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha បញ្ចេញម៉ូតូថ្មី ស្រដៀងគ្នាទៅនឹង Exciter នៅម៉ាឡេស៊ី

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ Yamaha បានធ្វើការបញ្ចេញនូវម៉ូឌែល 135LC Fi ស៊េរីឆ្នាំ ២០២២ ជាមួយរូបរាងស្រដៀងគ្នាទៅនឹង Yamaha Exciter 150 និង 155។

សម្រាប់ម៉ូតូ Yamaha 135LC Fi មានជម្រើស ២ ម៉ូឌែលដូចជា Standard និង Limited Edition Yamaha 135LC SE តម្លៃចាប់ពី ១ ២៣៤ ដល់ ១ ២៩៨ ដុល្លារសហរដ្ឋអាមេរិក សម្រាប់ទីផ្សារនៅក្នុងប្រទេសម៉ាឡេស៊ី។

Yamaha 135LC Fi ទទួលបានការឌីហ្សាញស្រដៀងគ្នាទៅនឹងរូបរាង Exciter ដោយបានបំពាក់ចង្កៀងមុខប្រភេទ LED, កុងទ័រឌីជីថល LCD, រន្ធសាក USB និងទូរស័ព្ទ។ ព្រមទាំងបំពាក់នូវប្រព័ន្ធហ្វាំ្រងឌីសមុខក្រោយ និងថាស់កង់ទំហំ ១៧ អ៊ីញជាដើម។

ចំពោះថាមពលនៃម៉ូតូ Yamaha 135LC Fi ប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១៣៥សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង liquid-cooled ផលិតកម្លាំង ១២,៤សេះ និងកម្លាំងរមួល ១២,២ញ៉ូតុនម៉ែត្រ។ ខណៈដែលធុងផ្ទុកសាំងបានចំណុះរហូត ៤,៦ លីត្រ ដែលមានទម្ងន់ប្រមាណជិត ១០៩ គីទ្បូក្រាម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គីសនីរបស់ចិនមួយនេះ សាកថ្មម្តងជិះបានរហូតដល់ ១,០០០ គីឡូម៉ែត្រ ត្រៀមបង្ហាញខ្លួនក្នុងខែនេះ

[ទីផ្សារបរទេស] កាលពីថ្ងៃទី ៥ ខែមីនា កន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត NIO បានធ្វើការប្រកាសថា រថយន្តអគ្គិសនីប្រណីត NIO ET7 បានត្រៀមរួចជាស្រេចក្នុងការផលិត និងការសាកល្បង ដោយចាប់ផ្តើមផលិត នៅថ្ងៃទី ១០ ខែមីនា និងរថយន្តដំបូងគេគ្រោងនឹងចែកចាយនៅថ្ងៃទី ២៨ ខែមីនាខាងមុខនេះ។

ក្នុងនោះ លោក Qin Lihong សហស្ថាបនិក និងជាប្រធាន NIO បាននិយាយថា ក្រុមហ៊ុននឹងអនុញ្ញាតឱ្យបើកបរសាកល្បងចំនួន ៣០០ គ្រឿង/ថ្ងៃ ចាប់ពីសប្តាហ៍ក្រោយ ហើយគ្រោងនឹងធ្វើតេស្តចំនួន ១,០០០ គ្រឿងក្នុងមួយថ្ងៃនាពេលអនាគត។ លើសពីនេះ ក្រុមហ៊ុននឹងផ្តល់អាទិភាពដល់ការបើកបរសាកល្បងសម្រាប់អតថិជនដែលបានបញ្ជាទិញ។

រថយន្តអគ្គិនសី NIO ET7 មានប្រវែងតួខ្លួនសរុប ៥,០៩៨ ម.ម, ទទឹង ៣,០៦០ ម.ម និងកំពស់ ១,៩៨៧ ម.ម ជាមួយនឹងការរចនាដ៏សាមញ្ញដោយមានបំពាក់ជាមួយប៉ាណាមុខដែលព័ទ្ធជុំវិញពេញលេញ, ចង្កៀងមុខ ប្រភេទ LED Dual Beam ជាមួយអំពូលបំភ្លឺពេលថ្ងៃ, ចង្កៀងក្រោយប្រភេទ 3D Heartbeat, ទ្វារកញ្ចក់គ្មានស៊ុម, ទ្វារអេឡិចត្រូនិច E-latch និងដំបូលកញ្ចក់ទំហំរហូតដល់ ១,៩ ម៉ែត្រការ៉េ។

ចំពោះផ្នែកខាងក្នុងនៃកាប៊ីនកាន់តែប្រណិតនិងផាសុកភាព ដោយមានបំពាក់នៅកុងសូលដែលមានសម្ភារៈហៅថា Karuun ធ្វើពីផ្តៅចំនួន ១៤ ជាមួយនឹង Invisible Smart Air Vents ដែលលាក់នៅលើកុងសូលខាងមុខ និងខាងក្រោយ, កាមេរ៉ាទំហំ ៨ mega pixel processor ពី Nvidia គឺលឿនជាង Tesla ដល់ទៅ ៧ ដង។

NIO ET7 គឺជារថយន្តអគ្គិសនីដំបូងបង្អស់ ដែលនឹងផ្តល់ជូននៅជម្រើសថ្មលីចូម-អ៊ីយ៉ុងចំនួនបី រួមមាន ៧៥ គីឡូវ៉ាត់ម៉ង, ១០០ គីឡូវ៉ាត់ម៉ោង និង​១៥០ គីឡូវ៉ាត់ម៉ោង ជាមួយនឹងថាមពលដ៏ធំបំផុតដែលអាចបើកបរបានចម្ងាយ ១,០០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ។

គួរឲ្យដឹងថា គ្រប់ម៉ូដែល ET7 ទាំងអស់នឹងផ្តល់ជូននៅម៉ូទ័រ dual-motor AWD ដែលរួមបញ្ចូលគ្នាផលិតកម្លាំងបាន ៦៤៤ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុន បង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង រយៈពេល ៣,៩ វិនាទី។ នៅក្នុងប្រទេសចិន NIO ET7 មានតម្លៃចាប់ផ្តើម ៧១ ០០០ ដុល្លារ មុនពេលពន្ធជំនួយពីរដ្ឋាភិបាល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ធ្ងន់ធ្ងរហើយ! ប្រធានាធិបតី Joe Biden ហាមឃាត់ការនាំចូលប្រេង ឧស្ម័ន ធ្យូងថ្ម របស់រុស្ស៊ី ទៅកាន់សហរដ្ឋអាមេរិក

[បរទេស] កាលពីថ្ងៃទី ៨ ខែមីនា កន្លងទៅនេះ លោកប្រធានាធិបតី Joe Biden បានហាមឃាត់ការនាំចូលឧស្ម័នធម្មជាតិ និងផលិតផលប្រេងទាំងអស់ពីប្រទេសរុស្ស៊ី។ ដោយលោក Biden បាននិយាយថា “ប្រេងរបស់រុស្ស៊ីនឹងមិនត្រូវបានទទួលយកនៅក្នុងកំពង់ផែរបស់សហរដ្ឋអាមេរិកទៀតទេ ហើយប្រជាជនអាមេរិកនឹងធ្វើចំណាត់ការដ៏ខ្លាំងក្លាមួយផ្សេងទៀតចំពោះសង្រ្គាមរបស់ពូទីន” ។ ចំណាត់ការនេះគឺជាអ្វីដែលលោកហៅថាជាកញ្ចប់ទណ្ឌកម្មសេដ្ឋកិច្ចដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រ។

យោងតាមសេតវិមាន​ White House សហរដ្ឋអាមេរិកបាននាំចូលប្រេងឆៅប្រហែល ៧០០,០០០ បារ៉ែលពីប្រទេសរុស្ស៊ីជារៀងរាល់ថ្ងៃ។ ការហាមឃាត់ការនាំចូលផលិតផលនោះនឹងកាត់បន្ថយប្រទេសរុស្ស៊ីពីប្រាក់ចំណូលរាប់ពាន់លានដុល្លារ។ ក្នុងពេលជាមួយគ្នានេះ យើងអាចរំពឹងថានឹងឃើញការធ្លាក់ចុះតម្លៃនៅទីនេះនៅក្នុងរដ្ឋដែលជាលទ្ធផលនៃសកម្មភាពនេះ។

ក្នុងនោះ លោក Biden បានបន្ថែមថា “នេះគឺជាជំហានមួយដែលយើងកំពុងអនុវត្តដើម្បីធ្វើឲ្យមានការឈឺចាប់បន្ថែមទៀតលើ Putin ប៉ុន្តែវានឹងមានការចំណាយផងដែរនៅក្នុងសហរដ្ឋអាមេរិក” ។ “ខ្ញុំ​បាន​និយាយ​ថា ខ្ញុំ​នឹង​កម្រិត​ជាមួយ​ប្រជាជន​អាមេរិក​តាំង​ពី​ដើម​ដំបូង ហើយ​ពេល​ខ្ញុំ​និយាយ​ដំបូង​នេះ ខ្ញុំ​បាន​និយាយ​ថា ការ​ការពារ​សេរីភាព​នឹង​ធ្វើ​ឲ្យ​យើង​ខាតបង់​ផង​ដែរ។

ការហាមឃាត់នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ស្នើរសុំដោយផ្ទាល់​​ពី​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy ដើម្បី​កាត់ផ្តាច់​ការនាំចូល​ពី​រុស្ស៊ី។ ជាមួយគ្នានេះ លោក Sen John Barrasso, R-Wyo និងជាសមាជិកនៃថ្នាក់ដឹកនាំបក្សបាននិយាយកាលពីថ្ងៃអង្គារថា “ទីបំផុតប្រធានាធិបតី Biden កំពុងធ្វើនៅអ្វីដែលសមាជិកសភាបាននឹងកំពុងជំរុញទាំងអស់គ្នា ការសម្រេចចិត្តរបស់គាត់ក្នុងការហាមឃាត់ប្រេងរបស់រុស្ស៊ីគឺជាជំហានដែលត្រូវការច្រើនដើម្បីសម្លាប់សាច់ប្រាក់របស់​ Putin”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីសុទ្ធមានចំណែក ៦,២% នៃចំនួនលក់សកលប្រចាំឆ្នាំ២០២១

[ទីផ្សារបរទេស] រថយន្តអគ្គិសនីបានបន្តកើនឡើងប្រជាប្រិយភាពឥតឈប់ឈរ ដោយកាលពីឆ្នាំ២០២១កន្លងទៅ ចំណែកទីផ្សារនៃរថយន្តនេះបានកើនឡើងដល់ ៦,២% ដែលកើនឡើងពី ៣,១% កាលពីឆ្នាំ២០២០។

ទិន្នន័យដែលបង្ហាញចេញដោយស្ថាប័ន JATO បានបង្ហាញថាមានរថយន្តអគ្គិសនីសុទ្ធ ៤,២លានគ្រឿង បានលក់ចេញលើទីផ្សារសកលលោកកាលពីឆ្នាំ២០២១ ដោយប្រទេសចិនបន្តនាំមុខគេ ដែលមានចំណែកប្រមាណជិតពាក់កណ្ដាលនៃតម្រូវការលើសកលលោក។ ចំណែកទីផ្សារអឺរ៉ុប និងអាមេរិកខាងជើងក៏មានកំណើនតម្រូវការគួរកត់សម្គាល់ផងដែរ។

គួរដឹងផងដែរថា ក្រុមហ៊ុន Tesla នៅតែបន្តនាំមុខគេលើការលក់រថយន្តអគ្គិសនីសុទ្ធ ដោយមានចំណែក ២១% នៃចំនួនលក់សរុបលើសកលលោក។

JATO បាននិយាយថាការរីកចម្រើនរបស់ Tesla បានបើកផ្លូវឲ្យក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុប និងអាមេរិកខាងជើង បន្តអនុវត្តន៍យុទ្ធសាស្ត្ររថយន្តអគ្គិសនីយ៉ាងពេញទំហឹង។ ចំណែកក្រុមហ៊ុនរថយន្តនៅចិនក៏បានអរគុណដល់ Tesla ដែលបានជួយឲ្យអតិថិជនចាប់អារម្មណ៍រថយន្តអគ្គិសនីកាន់តែខ្លាំង៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-60 ២០២៣ ចេញផ្លូវការ ក្លាយជារថយន្ត Mazda ដំបូងដែលប្រើម៉ាស៊ីន Plug-In Hybrid ជិះចម្ងាយ ១០០គ.ម ស៊ីសាំង ១,៥លីត្រ

[REVIEW+] វិសាលភាពនៃរថយន្តប្រភេទ SUV ខ្នាតមធ្យមរបស់ក្រុមហ៊ុន Mazda កំពុងតែបន្តជាមួយការបង្ហាញចេញនូវម៉ូឌែលថ្មី CX-60 សម្រាប់ទីផ្សារអឺរ៉ុប, ជប៉ុន និងអូស្ត្រាលី ជាមួយការប្រើប្រាស់នូវស្ថាប័ត្យកម្មរថយន្តថ្មី និងជម្រើសម៉ាស៊ីនថ្មីដំបូងបំផុតរបស់ក្រុមហ៊ុននោះគឺម៉ាស៊ីនប្រភេទ Plug-In Hybrid។

ទំហំ និងរូបរាងនៃការឌីស្សាញ៖ សម្រាប់រថយន្តខ្នាតធម្យម CX-60 មានទំហំធំជាងរថយន្ត CX-50 ដែលក្រុមហ៊ុនបានធ្វើការបង្ហាញចេញកាលពីឆ្នាំមុនកន្លងទៅបន្តិច ជាមួយការប្រើប្រាស់នូវស្ថាប័ត្យកម្មថ្មីឈ្មោះថា Skyactiv Multi-Solution Scalable Architecture ដោយមានប្រវែងសរុប ៤ ៧៤៥មម, ទទឹង ១ ៨៩០មម, កម្ពស់ ១ ៦៨០មម និងប្រវែងគម្លាតកង់ ២ ៨៧០មម។

បើក្រឡេកមើលទៅលើការឌីស្សាញនៃរថយន្តនេះ ត្រូវបានបង្កើតឡើងលើគំនិតនៃការឌីស្សាញឲ្យឈ្មោះថា ‘Kodo-Soul of Motion’ របស់ក្រុមហ៊ុន Mazda ដែលចំណុចប្លែកភ្នែកបំផុតនោះគឺ ចង្កៀងមុខភ្ជាប់ដោយអំពូលបំភ្លឺពេលថ្ងៃនៅចំកណ្តាលរាងជាអក្សរ L, ជម្រើសថាសកង់ទំហំ ១៨-២០អ៊ីញ និងជម្រើសពណ៌តួរខ្លួន Jet Black, Deep Crystal Blue, Sonic Silver, Platinum Quartz, Arctic White, Rhodium White Premium Metallic, Machine Grey និង Soul Red Crystal។

ការរចនា និងគ្រឿងបរិក្ខា៖ ចំណែកឯផ្នែកខាងក្នុង ត្រូវបានឌីស្សាញឡើងជាមួយគំនិតនៃការរចនាបែបជប៉ុន នៃរចនាបទ Kaichou ដែលផ្តល់នូវលក្ខណៈពិសេសសម្រាប់ CX-60។ ជាក់ស្តែងរថយន្តនេះបានបំពាក់មកជាមួយកុងទ័របង្ហាញព័ត៌មាន TFT-LCD ប្រភេទឌីជីថលទំហំ ១២,៣អ៊ីញ, អេក្រង់កម្សាន្តទំហំ ១២,៣អ៊ីញ, អេក្រង់បង្ហាញព័ត៌មានបាញ់លើកញ្ចក់ HUD ទំហំធំ ដែលធំជាងនៅលើ CX-30 ចំនួន ៣ដង ​និងដំបូលកញ្ចក់ខាងលើ ។ ចំណែកនៅឃ្លុបក្រោយនៃរថយន្តអាចផ្ទុកឥវ៉ាន់បានដល់ចំណុះ ៥៧០លីត្រ និងរហូតដល់ ១ ១៤៨លីត្រនៅពេលបត់កៅអីខាងក្រោយចុះ ព្រមទាំងមានសម្ថភាពក្នុងការអូសណ្តាងបានរហូតទៅដល់ទម្ងន់ ២​ ៥០០គីឡូក្រាម។

លើសពីនេះរថយ​ន្តនេះក៏បានបំពាក់មកជាមួយប្រព័ន្ធដ៏គួរអោយចាប់អារម្មណ៌បំផុតគឺ Driver Personalization System ដែលកំណត់ទៅលើទីតាំងនៃការបើកបរដោយស្វ័យប្រវត្តិ ដែលប្រើប្រាស់នូវកាំម៉េរាដើម្បីចាប់ទីតាំងភ្នែក និងកម្ពស់របស់អ្នកបើកបរ ដើម្បីលៃតម្រូវដោយស្វ័រប្រវត្តិ ទៅលើកៅអី, ដៃចង្កូត, អេក្រង់បង្ហាញព័ត៌មាន HUD និងកញ្ចក់សងខាង។

ជម្រើសម៉ាស៊ីន៖ ក្នុងនោះផងដែរ រថយន្ត Mazda CX-60 ២០២៣ ទទួលបាននូវជម្រើសចំនួន ៣ប្រភេទគឺ

  • ជម្រើសម៉ាស៊ូនដែលមានថាមពលខ្លាំង ដែល Mazda ពុំធ្លាប់ផលិត គឺម៉ាស៊ីនកូនកាត់ Plug-In Hybrid ចំណុះ​ ២,៥លីត្រ SkyActiv-G ទំហំ ៤ស៊ីឡាំង កម្លាំង ១៨៩សេះ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន១ កម្លាំង ១៣៤សេះ ដែលអាចផលិតកម្លាំងសរុបបាន ៣២៣សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។ ជាមួយថាមពលដ៏ខ្លាំងនេះ រថយន្តនេះអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៥,៨វិនាទី និងមានល្បឿនអតិបរមាន ២០០គ.ម/ម៉។ បន្ថែមពីនេះរថយន្តនេះក៏អាចបើកបរដោយប្រើអគ្គិសនីសុទ្ធបាន ៦០គីឡូម៉ែត្រជាមួយការសាកពេញម្តងប្រើពេល ៤ម៉ោង និងមានកម្រិតស៊ីប្រេង ១,៥លីត្រសម្រាប់ប្រភេទបំពាក់កង់ទំហំ ១៨អ៊ីញ និង ១,៦លីត្រសម្រាប់ប្រភេទកង់ទំហំ ២០អ៊ីញ។
  • ជម្រើសម៉ាស៊ីនសាំង ៣,០លីត្រ ប្រភេទ e-Skyactiv X ទំហំ ៦ស៊ីឡាំង រួមផ្សំជាមួយបច្ចេកវិទ្យា mild-hybrid ៤៨វ៉ុល។
  • ជម្រើសម៉ាស៊ីនម៉ាស៊ូត ៣,៣លីត្រ ប្រភេទ e-Skyactiv D ទំហំ ៦ស៊ីឡាំង រួមផ្សំជាមួយបច្ចេកវិទ្យា mild-hybrid ៤៨វ៉ុល។

សូមបញ្ជាក់ផងដែរថាជម្រើសម៉ាស៊ីនរថយន្តទាំង ៣ប្រភេទនេះដំណើរការដោយប្រអប់លេខស្វ័យប្រវត្តិ ៨វគ្គ និងប្រព័ន្ធ i-Activ AWD។

ប្រព័ន្ធជើងក្រោម និងបច្ចេកវិទ្យា៖ សម្រាប់ប្រព័ន្ធជើងក្រោមនៃរថយន្ត Mazda បានវិនិយោគពេលវេលាយ៉ាងច្រើទៅលើរថយន្ត cx-60 នេះ ដោយផ្នែកខាងមុខ CX-60 បានបំពាក់មកជាមួយ Double Wishbones suspension និងផ្នែកខាងក្រោយបំពាក់មកជាមួយ Multi-Link Suspension។ ក្នុងនោះដែល Mazda បាននិយាយថា៖ ប្រព័ន្ធ suspension នេះនឹងផ្តល់អោយអ្នកបើកបរទទួលបាននូវបទពិសោធន៍នៃការធ្វើចលនានៃរបស់រថយន្តដោយរលូន មិនថាស្ថិតក្នុងស្ថានភាពនៃការបើកបរបែបណានោះឡើយ។

ក្រៅពីនៃរថយន្តនេះក៏បំពាក់មកជាមួយបច្ចេកវិទ្យា Kinematic Posture Control (KPC), កាំម៉េរា ៣៦០ដឺក្រ, Vehicle Exit Warning, Traffic Sign Recognition, Lane-Keep Assist System, Blind Spot Monitoring, Rear Cross Traffic Alert, i-Adaptive Cruise Control, Hill Launch Assist, Emergency Stop Signaling System និងមុខងារជាមួយច្រើនបន្ថែមទៀត។

តម្លៃ៖ សម្រាប់នៅលើទីផ្សារអឺរ៉ុប និងអង់គ្លេស រថយន្ត Mazda CX-60 ២០២៣ មានតម្លៃចាប់ពី ៥៧ ៦៥០ដុល្លារ ដល់ ៦៣ ០៣១ដុល្លារ ជាមួយជម្រើសម៉ូឌែលដូចជា៖ Prime, Exclusive, Homura និង Takumi ខណៈប្រភេទ Plug-In Hybrid គឺសម្រាប់ការបញ្ជាទិញមុន​ ជាមួយការចាប់ផ្តើមដឹកជញ្ជូននៅចន្លោះខែ កញ្ញាដល់ខែធ្នូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lynk & Co បញ្ចេញឡានប្រភេទ Plug-in Hybrid ថ្មី ជាមួយពណ៌តម្រូវចិត្តសម្រាប់នារីៗ

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Lynk & Co បានធ្វើការបញ្ចេញនូវម៉ូឌែល 06 SHERO ស៊េរីឆ្នាំ ២០២២ ប្រើប្រាស់ម៉ាស៊ីន Plug-in Hybrid ជាមួយនឹងតម្លៃចាប់ពី ២៦ ៧១៣ ដល់ ១៣៩ ៧៣៧ ដុល្លារមានត្រឹមចំនួន ២៦៦ ប៉ុណ្ណោះសម្រាប់ទីផ្សារនៅក្នុងប្រទេសចិន។

សម្រាប់រថយន្ត 06 SHERO មានទំហំប្រវែង ៤ ៣៤០ មម, ទទឹង ១ ៨២០ មម និងកំពស់ ១ ៦២៥ មម និងគម្លាតកង់មុខ-ក្រោយ ២ ៥៤០ មម។ ខណៈដែលរថយន្ត 06 SHERO ទទួលបានការរចនាទ្បើងសម្រាប់មនុស្សស្រីជាមួយនឹងពណ៍ពីសេសបន្ថែម Pink Special Edition លាយគ្នាជាមួយពណ៍ផ្កាឈួក និងពណ៍ស្វាយជាដើម។ បន្ថែមពីនេះរថយន្ត 06 SHERO ក៏មានកញ្ចប់ Wild Berry Violet ផងដែរ។

រថយន្ត 06 SHERO បំពាក់ដោយជម្រើសម៉ាស៊ីនសាំង Plug-in Hybrid ចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីទ្បាំង ផលិតកម្លាំង ២៥៨សេះ ភ្ជាប់ជាមួយប្រអប់លេខអូតូ។ បន្ថែមពីនេះវាបានបំពាក់អាគុយទំហំ ១៥,៥ គីទ្បូវ៉ាត់ម៉ោង ជាមួយនឹងការសាកភ្លើងម្តងអាចបើកជិះបានចម្ងាយ ៨៤ គីឡូម៉ែត្រ។

ក្រុមហ៊ុនផលិតរថយន្តចិន Lynk & Co បាននិយាយថាជាង ៤៥ ភាគរយៈនៃម៉ូឌែល 06 SHERO ភាគច្រើនប្រើប្រាស់ដោយនារីវ័យក្មេងទាន់សម័យចាប់តាំងពីបានដាក់លក់លើកដំបូង ជាមួយនឹង​ពណ៍ផ្កាឈូក​ថ្មី​ដើម្បីបំពេញ​តម្រូវ​ការ​អ្នក​ប្រើ​បាន​យ៉ាង​ល្អ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mecedes-Benz Spriter ២០២៣ នឹងទទួលការអភិវឌ្ឍន៍ថ្មីទាំងស្រុង ទៅលើម៉ាស៊ីន និងប្រព័ន្ធ AWD

[ទីផ្សារបរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានប្រកាសនៅក្នុងព្រឹត្តិការណ៍ Work Truck 2022 ថា ចាប់ពីឆ្នាំ ២០២៣ តទៅ រថយន្ត Mercedes-Benz Sprinter នឹងត្រូវបានបំពាក់ដោយម៉ាស៊ីន ៤ស៊ីឡាំង ហើយនឹងប្រើប្រាស់ប្រអប់លេខ ៩វគ្គ, ការធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ all-wheel-drive system និងមាននៅទីផ្សារសហរដ្ឋអាមេរិកនៅដើមឆ្នាំក្រោយ។

ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តនេះបាននិយាយថា ខ្លួននឹងបន្តលក់ទាំងម៉ាស៊ីនសាំង និងម៉ាស៊ូតសម្រាប់ម៉ូដែល Sprinters ស៊េរីឆ្នាំ ២០២៣ ប៉ុន្តែនឹងផ្តល់ជម្រើសតែបួនស៊ីឡាំងប៉ុណ្ណោះ។ ក្នុងនោះ ម៉ាស៊ីន OM654 ត្រូវបានរចនាឡើងសម្រាប់ការបង្កើនល្បឿនកាន់តែរលូន កម្លាំងបង្វិលជុំខ្ពស់ និងការបំភាយឧស្ម័នទាប។

ម៉ាស៊ីននេះមានពីរប្រភទ សម្រាប់ប្រភេទ​ Less Powerful មានចំណុះ ២,0 លីត្រ turbocharged អាចផលិតកម្លាំងបាន ១៦៨ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ និងសម្រាប់ប្រភេទ high out-put មានកម្លាំង ២០៨ សេះ​ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ បញ្ជូនថាមពលរបស់វាទៅកាន់កង់តាមរយៈប្រអប់លេខដៃ 9G-Tronic ៩វគ្គ ដែលឥឡូវនេះជាស្តង់ដារសម្រាប់រថយន្ត Sprinter ប្រភេទ Van ទាំងអស់ដែលបានលក់នៅក្នុងសហរដ្ឋអាមេរិក។

រថយន្តប្រភេទ Van នេះក៏នឹងទទួលបានប្រព័ន្ធ All-wheel-drive ដែលជំនួសប្រព័ន្ធ 4×4 ពីមុន។ ក្នុងនោះ Mercedes និយាយ​ថា ប្រព័ន្ធ​នេះ​ផ្តល់​ថាមពលខ្លាំង និង​ការ​ផ្លាស់​ប្តូរ​កាន់​តែ​រលូន​សម្រាប់​អ្នក​បើក​បរ ហើយឥឡូវនេះវាអនុញ្ញាតឲ្យ ៥០% នៃថាមពលត្រូវបានបញ្ជូនទៅកង់ខាងមុខខណៈពេលដែលប្រព័ន្ធមុនអាចបញ្ជូនបានត្រឹមតែ ៣៥% ប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+