ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota អបអរការផលិតម៉ាស៊ីន Twin-Turbo V6 របស់ឡាន Tundra ស៊េរីឆ្នាំ២០២២

Toyota បានរៀបចំកម្មវិធីមួយនៅរោងចក្រក្នុងរដ្ឋ Alabama សហរដ្ឋអាមេរិកដើម្បីអបអរសាទរ​ការផលិតម៉ាស៊ីន Twin-Turbo V6 ថ្មី ដែលនឹងមានបំពាក់លើរថយន្តភីកអាប់ Tundra ជំនាន់ថ្មីទាំងអស់។

ម៉ាស៊ីនថ្មីនេះ នឹងមានចែកចេញជាពីរប្រភេទ ដោយមានជាប្រភេទ Hybrid និងប្រភេទធម្មតា ហើយ​ដើម្បី​បង្កើត​សែ​សង្វា​ក់​ផលិតម៉ាស៊ីនថ្មីនេះ Toyota បានធ្វើការវិនិយោគជាទឹកប្រាក់សរុប ២៨៨លានដុល្លារ ដែលវាបានបន្ថែមការថ្មីចំនួន ៤៥០ការងារផងដែរ។

ទីតាំងផលិតម៉ាស៊ីន Twin-Turbo V6 ថ្មីនេះគឺជាទីតាំងតែមួយគត់ដែលនឹងផលិតម៉ាស៊ីនសម្រាប់រថយន្ត Tundra ស៊េរីឆ្នាំ២០២២ នៅអាមេរិកខាងជើង ដែលទីតាំងនេះមានសមត្ថភាពផលិតម៉ាស៊ីនបានចំនួនមួយនៅរៀងរាល់ ៥៨វិនាទី។

គួរដឹងថាម៉ាស៊ីន Twin-Turbo V6 ចំណុះ ៣,៥លីត្រ ដែលប្រើលើរថយន្ត Tundra អាចផលិតកម្លាំងបានសរុប ៣៨៩សេះ ខណៈដែល Twin-Turbo V6 ប្រភេទ Hybrid អាចផលិតកម្លាំងបានសរុប ៤៣៧សេះ ដែលជាម៉ាស៊ីនកម្លាំងជាងគេក្នុងចំណោមរថយន្ត Toyota៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Leaf ជំនាន់ថ្មី ទំនងជាប្រែខ្លួនទៅជា Crossover វិញ

រថយន្ត Nissan Leaf ជំនាន់ថ្មី ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រែក្លាយទៅជារថយន្តប្រភេទ Crossover វិញ។

រថយន្ត Nissan Leaf

បើយោងតាមលោក Guillaume Cartier ជាប្រធាននៃ AMIEO (Africa, Middle East, India, Europe & Oceania) របស់ក្រុមហ៊ុន Nissan បានឲ្យដឹងថា រថយន្តនេះនឹងត្រូវផលិតនៅរោងចក្រ Sunderland Plant ដែលជាផ្នែកមួយនៃការវិនិយោគចំនួន ១,៣ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ រថយន្តនេះត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួននៅអំឡុងឆ្នាំ២០២៥ ហើយត្រូវផលិតផ្អែកតាមគ្រោងឆ្អឹង CMF-EV Platform ដែលបច្ចុប្បន្នកំពុងប្រើលើរថយន្ត Nissan Ariya និង Renault Megane E-Tech Electric។

ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានលម្អិតអំពីរថយន្តនេះមានមិនច្រើននោះទេ ប៉ុន្តែការប្រែខ្លួនក្លាយទៅជារថយន្តប្រភេទ Crossover មិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះថាអ្នកប្រើប្រាស់ចូលចិត្តពួកវាខ្លាំង។

ជាមួយគ្នានេះដែរ Nissan មិនមែនជាក្រុមហ៊ុនផលិតរថយន្តតែមួយនោះទេដែលធ្វើបែបនេះ ជាក់ស្តែងរថយន្ត Chevrolet Bolt ថ្មីៗនេះបានប្រែខ្លួនទៅជារថយន្តប្រភេទ Crossover ជាមួយនឹងការបញ្ចេញម៉ូដែល Chevrolet Bolt EUV៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Audi R8 ចេញឆ្នាំ២០២៣ ទំនងប្រើម៉ាស៊ីន Twin-Turbo V8

រថយន្ត Audi R8 ទំនងជាអាចរស់នៅដល់ជំនាន់ទី៣ ប៉ុន្តែវាអាចនឹងមានភាពខុសប្លែកពីម៉ូដែលជំនាន់បច្ចុប្បន្ន។

គួររំលឹកឲ្យដឹងថា កាលពីរថយន្ត R8 បង្ហាញខ្លួនដំបូងក្នុងឆ្នាំ២០០៦ វាមានបំពាក់ម៉ាស៊ីនចំណុះ ៤,២លីត្រ naturally aspirated ទំហំ ៨ស៊ីឡាំង។ រយៈពេលប៉ុន្មានឆ្នាំក្រោយមក វាក៏បានបង្ហាញខ្លួនជាមួយនឹងម៉ាស៊ីនថ្មី គឺ ម៉ាស៊ីនចំណុះ ៥,២លីត្រ naturally aspirated ទំហំ ១០ស៊ីឡាំង សម្រាប់ជំនាន់ទី២ ក្នុងឆ្នាំ២០១៥។ ពេលនោះ ជម្រើសម៉ាស៊ីន ៨ស៊ីឡាំង ឬ V8 ត្រូវបានបោះបង់ចោល ដោយមានតែជម្រើសម៉ាស៊ីនទំហំ ១០ស៊ីឡាំង ឬ V10 ប៉ុណ្ណោះ។

យ៉ាងណាមិញ បើយោងតាមរបាយការណ៍ថ្មីមួយបានអះអាងថា រថយន្ត Audi R8 ជំនាន់ទី៣ ទំនងជាពាំនាំយកនូវម៉ាស៊ីន V8 មកវិញ ជាមួយនឹង Twin-Turbo ដែលស្រដៀងទៅនឹង Lamborghini Urus។ ប្រភពដដែលបានបង្ហាញថា ម៉ាស៊ីននោះទំនងជាអាចផលិតកម្លាំងបានប្រហែល ៧០០សេះឯណោះ ដោយមានជំនួយពីប្រព័ន្ធ Hybrid។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនបានលម្អិតបន្ថែមអំពីម៉ាស៊ីននោះឡើយ ប៉ុន្តែបង្ហើបថា R8 ជំនាន់ថ្មី អាចនឹងចេញនៅឆ្នាំ២០២៣ ហើយក៏ទំនងជាផ្តល់ជម្រើសអគ្គិសនីទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

របៀបកូវអាគុយរថយន្ត Toyota Prius (មានវីដេអូ)

រថយន្ត Prius គឺមានការប្រើប្រាស់ច្រើននៅតាមទីប្រជុំជនឬជនបទ ដោយសារតែជារថយន្តដែលសន្សំសំចៃបានច្រើនលើការចំណាយថវិការ ជាពិសេសគឺប្រេងឥន្ធនៈរថយន្តតែម្តង ។ ហើយរថយន្ត Prius គឺភ្ជាប់មកជាមួយនៅបច្ចេកវិទ្យាទំនើបជាច្រើនបែប ដែលធ្វើអោយមានការចាប់ចិត្តស្រលាញ់និងមានគម្រោងក្នុងការទិញយកមកប្រើប្រាស់ផងដែរ។ ពេលនេះខាងក្រុមការងារ CAMBO Auto នឹងលើកយកគន្លឹះមួយគឺ របៀបកូវអាគុយរថយន្ត Prius មកបង្ហាញដល់បងប្អូនទាំងអស់គ្នាដូចខាងក្រោម៖

ជំហានទី១ ស្វែងរកទីតាំងប្រអប់ហ្វ៊ុយស៊ីបនៅក្រោមគម្របរថយន្តខាងមុខ

រថយន្ត Prius មិនអាចកូវរថយន្ត ដោយភ្ជាប់ចរន្តទៅនឹងអាគុយដូចរថយន្តម៉ូដែលផ្សេងទៀតបានឡើយ ផ្ទុយទៅវិញក្រុមហ៊ុន TOYOTA បានដំឡើង ដែកដំណប៉ូលបូក (+) (Position Lead)  នៅក្នុងប្រអប់ហ៊ុយស៊ីបខាងក្រោមគម្របមុខរថយន្ត។

  • ប្រអប់ហ៊ុ្វយស៊ីបមានទីតាំងនៅផ្នែកចំហៀងខាងអ្នកបើកបរនៅក្បែរចង្កៀងខាងមុខម៉ាស៊ីនរថយន្ត
  • វាស្ថិតនៅក្រោមគម្របប្រអប់ហ៊្វុយស៊ីបពណ៌ខ្មៅ

ជំហានទី២ ដោះគម្របហ្វ៊ុយស៊ីប

ដោះគន្លឹះនៅផ្នែកម្ខាងនៃប្រអប់ហ៊្វុយស៊ីប ហើយដកវាចេញមកខាងលើ បន្ទាប់មកអ្នកនឹងឃើញហ៊ុ្វយស៊ីបនិងទែមីណាល់នៅខាងក្នុង។

  • ត្រូវប្រាកដថាគន្លឹះនៃប្រអប់ហ៊ុ្វយស៊ីបមិនបានបែកឬវៀច ពេលអ្នកគាស់វាចេញ
  • ទែមីណាល់នៅក្នុងប្រអប់ហ៊ុ្វយស៊ីបត្រូវបានសម្គាល់ដោយប៉ូលបូក (+) នឹងគ្រប់ដោយគម្របពណ៌ក្រហម

ជំហានទី៣ ភ្ជាប់ខ្សែរកូវអាគុយរថយន្តពណ៌ក្រហមទៅនឹងដែកដំណប៉ូលបូក (+)

មានទែមីណាល់ប៉ូលបូក(+)នៅក្នុងប្រអប់ហ៊ុ្វយស៊ីប ដែលអ្នកអាចភ្ជាប់ខ្សែរពណ៌ក្រហមពីខ្សែរកូវអាគុយបាន។ ភ្ជាប់ចុងម្ខាងទៀតនៃខ្សែរពណ៌ក្រហមទៅនឹងអាគុយប៉ូលបូក(+) នៃរថយន្តមួយទៀត។

  • ត្រូវប្រាកដថា ខ្សែរកូវពណ៌ក្រហមត្រូវបានចាប់ភ្ជាប់យ៉ាងរឹងមាំទៅនឹងដែកដំណប៉ូលបូក(+) ក្នុងប្រអប់ហ៊ុ្វយស៊ីប

ជំហានទី៤ ភ្ជាប់ខ្សែរកូវពណ៌ខ្មៅប៉ូលដក(-) ទៅនឹងប៊ូឡុងលើតួររថយន្ត (Prius)​

នៅក្នុងប្រអប់ហ៊ុ្វយស៊ីបគឺមិនមានដែកដំណប៉ូលដក (-) សម្រាប់ចាប់ភ្ជាប់ទេ គឺចាប់ភ្ជាប់ទៅនឹងប៊ូឡុងនៅលើតួររថយន្តតែម្តង។ ត្រូវប្រាកដថាក្បាលប៊ូឡុងដែលបានចាប់ភ្ជាប់គឺមិនមានថ្នាំពណ៌គ្របពីលើឡើយ ដើម្បីការចម្លងចរន្តបានល្អ។រួចភ្ជាប់ចុងម្ខាងទៀតនៃខ្សែរកូវពណ៌ខ្មៅទៅនឹងប៊ូលដក(-)នៃអាគុយនៅរថយន្តមួយទៀត

  • សូមប្រយ័ត្ននៅពេលដែលខ្សែរទាំងពីរបានភ្ជាប់ទៅនឹងអាគុយរថយន្តមួយទៀត កុំអោយចុងខ្សែរទាំងពីរប៉ះគ្នាព្រោះអាចបង្កើតជាផ្កាភ្លើង 

ជំហានទី៥ ចាប់ផ្តើមបើកដំណើរម៉ាស៊ីនរថយន្ត Prius

រង់ចាំពេលពី២ទៅ៣នាទី ដើម្បីអោយអាគុយនៃរថយន្តមួយទៀតសាកថាមពលអោយអាគុយរថយន្ត Prius បានល្មមសិនបន្ទាប់មកចូលក្នុងរថយន្ត ហើយចុចប៊ូតុងថាមពលដើម្បីបើកដំណើរការម៉ាស៊ីនម្តងទៀត ប្រសិនបើមិនអាចបញ្ឆេះបានសូមអ្នកកូវអាគុយរថយន្តទុកបន្តិចទៀតត្រូវប្រាកដការតភ្ជាប់ខ្សែរកូវអាគុយមានប្រសិទ្ធភាពនិងត្រឹមត្រូវ ប្រសិនបើការសាកហាក់ដូចជាមិនដំណើរការ៕

សូមទស្សនាវីដេអូលម្អិតខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូនឡាន SUV របស់ឥណ្ឌា ចេញលក់ក្នុងតម្លៃចាប់ពី ៧ពាន់ដុល្លារ

កាលពីខែសីហាកន្លងទៅ ក្រុមហ៊ុនរថយន្តឥណ្ឌា Tata បានធ្វើការបង្ហាញចេញរថយន្ត SUV ខ្នាតតូចជាងគេបំផុតរបស់ខ្លួន ដែលមានឈ្មោះថា Punch ជាផ្លូវការ ខណៈពេលនេះក្រុមហ៊ុនបានធ្វើការប្រកាសអំពីតម្លៃនៃរថយន្ត SUV ខ្នាតតូចនេះ សម្រាប់ទីផ្សារប្រទេសឥណ្ឌាជាផ្លូវការ។

រថយន្ត Tata Punch ត្រូវបានផលិតឡើងដោយប្រើប្រាស់ជាមួយគ្រោងឆ្អឹង ALFA ព្រមទាំងទទួលចំណាត់ថ្នាក់ផ្កាយ ៥ ក្នុងការធ្វើតេស្តពី Global NCAP។

សម្រាប់រថយន្ត Tata Punch បានបំពាក់ជាមួយ អំពូលប្រភេទ LED, ជម្រើសថាសកង់ទំហំរហូតដល់ ១៦អ៊ីញ, ជម្រើសអេក្រង់កម្សាន្តទំហំ ៤ឬ ៦អ៊ីញអ៊ីញ, ប្រព័ន្ធបំពងសម្លេងចំនួន ៤ ឬ ៦, រន្ធសាកថ្ម USB និងកុងទ័របង្ហាញព័ត៌មានទំហំ ៧អ៊ីញ។

រថយន្ត Tata Punch បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,២លីត្រ ទំហំ ៣ស៊ីឡាំង ផលិតកម្លាំងបាន ៨៤សេះ និងកម្លាំងបង្វិល ១១៣ញ៉ូតុនម៉ែត្រ។ ដោយដំណើរការជាមួយជម្រើសប្រអប់លេខ ៥វគ្គអូតូ​ ឬ ៥វគ្គលេខដៃ។

លើទីផ្សារប្រទេសឥណ្ឌា រថយន្ត Tata Punch ផ្តល់នូវជម្រើសម៉ូឌែលចំនួន ៤ប្រភេទគឺ Pure, Adventure, Accomplished និង Creative ដោយតម្លៃចាប់ពី ៧ ២៨៧ដុល្លារ  ដល់ ១២ ៤៦៦ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះជារូបរាងឡាន Honda HR-V ប្រភេទអគ្គិសនី មានលក់តែនៅចិនប៉ុណ្ណោះ

កាលពីដើមឆ្នាំ Honda បានបង្ហាញចេញរូបរាងរថយន្ត HR-V ជំនាន់ថ្មីសម្រាប់លក់លើទីផ្សារអឺរ៉ុប និងជប៉ុន ដោយមានបន្ថែមនូវជម្រើសម៉ាស៊ីន Hybrid ថ្មីជាលើកដំបូង។ ដោយឡែក Honda បានបង្ហាញចេញរថយន្ត HR-V ប្រភេទថ្មីមួយទៀត ដែលនឹងមានដាក់លក់តែនៅប្រទេសចិនប៉ុណ្ណោះ។

HR-V ពិសេសសម្រាប់ប្រភេទចិន មានប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ ដែលនេះគឺជាលើកដំបូងហើយដែលរថយន្ត HR-V ត្រូវបានដាក់លក់ជាប្រភេទអគ្គិសនី។

មុនការប្រកាសចេញរថយន្តនេះជាផ្លូវការ រូបភាពនៃរូបរាងរបស់វាត្រូវបានបង្ហោះចេញដោយមន្ទីរឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាននៃប្រទេសចិន ដែលជាដំណើរការមួយមុនការចេញលក់រថយន្តជាផ្លូវការ។

តាមរយៈរូបភាពបានបង្ហាញថា HR-V អគ្គិសនីគឺបានយកលំនាំតាមរថយន្ត SUV e:prototype ដែលបានបង្ហាញខ្លួនក្នុងកម្មវិធីតាំងបង្ហាញរថយន្តក្រុងសៀងហៃឆ្នាំ២០២១។ បន្ថែមពីនេះដែរគេឃើញមានឈ្មោះ e:NS1 ដែលនេះទំនងជាឈ្មោះ HR-V អគ្គិសនីសម្រាប់ទីផ្សារប្រទេសចិន។

ផ្អែកតាមឯកសារបានឲ្យដឹងថា e:NS1 នេះមានដំណើរការដោយម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ២០១សេះ ដែលមានអាគុយទំហំ ៦៨,៨គីឡូវ៉ាត់ម៉ោងមកជាមួយ ប៉ុន្តែមិនទាន់មានដំណឹងពីរយៈចម្ងាយបើកបរនៅឡើយទេ។ ដំណឹងផ្សេងទៀតអំពីរថយន្ត e:NS1 រំពឹងថានឹងត្រូវប្រកាសចេញក្នុងពេលឆាប់ៗខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីដំបូងរបស់វៀតណាម លក់តម្លៃខ្ទង់៣ម៉ឺនដុល្លារ

ក្រុមហ៊ុន VinFast បានប្រកាសចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនី VF e34 នៅទីផ្សាររថយន្តវៀតណាម ដែលនេះគឺជារថយន្តអគ្គិសនីដំបូងគេរបស់ក្រុមហ៊ុនផលិតរថយន្តរបស់វៀតណាម។

រថយន្តនេះមានប្រវែង ៤៣០០ម.ម ទទឹង ១៧៩៣ម.ម និងមានកម្ពស់ ១៦១៣ម.ម ដោយអាគុយមានបំពាក់នៅផ្នែកខាងក្រោម ដើម្បីធ្វើឲ្យផ្នែកខាងក្នុងកាន់តែមានទំហំធំទូលាយ។ រថយន្ត VF e34 នេះនឹងត្រូវប្រកួតប្រជែងជាមួយរថយន្តប្រភេទ CUV ដទៃទៀតដែលលក់នៅវៀតណាម មានដូចជា Honda CR-V និង Mazda CX-5 ជាដើម។

រថយន្តនេះមានបំពាក់ដោយយ៉ាន់កង់ទំហំ ១៨អ៊ីញ, មានគូថទ្វារក្រោយជាប្រភេទអេឡិចត្រូនិក, កម្ពស់ពីដីគឺ ១៨០ម.ម, មានប្រើប្រាស់អំពូល LED ទាំងមុខ និងទាំងក្រោយផងដែរ។

អាគុយដែលមានបំពាក់លើរថយន្តនេះអាចបើកបរបានចម្ងាយ ២៨៥គីឡូម៉ែត្រ ពេលសាកភ្លើងពេញម្ដងៗ ដោយម៉ូទ័រអគ្គិសនីរបស់វាអាចផលិតកម្លាំងបាន ១៤៧សេះ។ រថយន្តនេះអាចសាកភ្លើងបាន៤កម្រិត ដោយដុំសាក ១១គីឡូវ៉ាត់ អាចសាកពី ១០% ឡើងដល់ ៧០% ក្នុងពេល ២ម៉ោង១០នាទី, ដុំសាក ៣០គីឡូវ៉ាត់ប្រើពេលប្រមាណ១ម៉ោង, ដុំសាក ៦០គីឡូវ៉ាត់ប្រើពេលប្រមាណ ៣០នាទី និងដុំសាក ២៥០គីឡូវ៉ាត់ អាចឲ្យរថយន្តជិះបានចម្ងាយ ១៨០គីឡូម៉ែត្រ ពេលសាកប្រមាណ ១៨នាទីប៉ុណ្ណោះ។

គួរដឹងថានៅលើទីផ្សារវៀតណាម រថយន្ត VF e34 នេះមានដាក់លក់ក្នុងតម្លៃចាប់ពីប្រមាណ ៣០ ៣០០ដុល្លារ ដែលរំពឹងថានឹងចេញលក់លើទីផ្សារចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW 3 Series Iconic Edition ថ្មី លក់ក្នុងប្រទេសមួយនេះ ប៉ាណាមុខមានបញ្ចេញភ្លើងឡូយអស់ទាស់

ក្រុមហ៊ុន BMW ទើបតែបានប្រកាសចេញរថយន្ត 3 Series ស៊េរីឆ្នាំ២០២២ ប្រភេទពិសេសថ្មី ហៅថា Iconic Edition ដែលផលិតផ្អែកលើប្រភេទតួវែង 3 Series Gran Limousine។

រថយន្តម៉ូដែលពិសេសនេះនឹងត្រូវផលិតមានចំនួនកំណត់ សម្រាប់ទីផ្សារប្រទេសឥណ្ឌា ជាមួយនឹងជម្រើសម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីនសាំង ហើយនឹងត្រូវផលិតក្នុងស្រុកថែមទៀតផង។

គួរឲ្យដឹងថា រថយន្ត BMW 3 Series Gran Limousine ធម្មតា មានប្រវែង ៤,៨ម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២,៩ម៉ែត្រ។

ចំពោះម៉ូដែលពិសេស Iconic Edition នេះ នឹងមានបំពាក់ប៉ាណាមុខ BMW Iconic Glow Kidney Grille ដែលនឹងអាចបញ្ចេញភ្លើងភ្លឺ ហើយមានបំពាក់ចង្កៀងមុខក្រោយ LED មកស្តង់ដារតែម្តង។

រថយន្ត BMW 3 Series Iconic Edition ត្រូវបានផលិតផ្អែកតាមម៉ូដែល 330Li និង 320Ld ដោយមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥៨សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ និងម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩០សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ។ ពួកវាប្រើប្រអប់លេខអូតូ ៨វគ្គ Steptronic Sport និងប៉ុងក្រោយ។

សូមបញ្ជាក់ថា រថយន្ត BMW 3 Series Gran Limousine Iconic Edition នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៧១ ៣៨០ដុល្លារ សម្រាប់ម៉ូដែល 330Li និង ៧៣ ២៥០ដុល្លារ សម្រាប់ម៉ូដែល 320Ld៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់ឡានអគ្គិសនីទាំង ១០ ម៉ូដែល ផ្តល់ចម្ងាយបើកបរឆ្ងាយបំផុត ប្រចាំឆ្នាំ២០២១

សព្វថ្ងៃនេះ រថយន្តអគ្គិសនីជំនាន់ថ្ម ភាគច្រើនសុទ្ធតែផ្តល់ចម្ងាយបើកបរឆ្ងាយ ប៉ុន្តែចម្ងាយរបស់ពួកវានៅតែមិនអាចបំពេញ និងយកឈ្នះទៅលើរថយន្តប្រើប្រេងសាំង ឬម៉ាស៊ូតដដែល។

ចម្ងាយបើកបរនៃរថយន្តអគ្គិសនី គឺជាកត្តាដ៏ធំមួយក្នុងការពិចារណា មុនពេលសម្រេចចិត្តទិញវាយកមកប្រើប្រាស់។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះក្រុមហ៊ុនផលិតរថយន្តជាច្រើន បានផ្តល់នូវជម្រើសរថយន្តអគ្គិសនី ដែលមានចម្ងាយបើកបរឆ្ងាយៗ រហូតអាចយកឈ្នះរថយន្តប្រើប្រេងសាំង ឬម៉ាស៊ូតមួយចំនួនទៀតផង។

ខាងក្រោមនេះគឺជារថយន្តអគ្គិសនីទាំង ១០ ម៉ូដែល ផ្តល់នូវចម្ងាយបើកបរឆ្ងាយបំផុតប្រចាំឆ្នាំ២០២១៖

១០) Polestar 2 – ៣៣៥ម៉ាយ៍ ឬ ៥៤០គីឡូម៉ែត្រ

៩) Volkswagen ID.3 – ៣៣៦ម៉ាយ៍ ឬ ៥៤០គីឡូម៉ែត្រ

៨)Tesla Model X – ៣៦០ម៉ាយ៍ ឬ ៥៨០គីឡូម៉ែត្រ

៧)Tesla Model 3 – ៣៦០ ម៉ាយ៍ ឬ ៥៨០គីឡូម៉ែត្រ

៦)BMW i4 – ៤៦៧ម៉ាយ៍ ឬ ៥៩០គីឡូម៉ែត្រ

៥)Ford Mustang Mach-E – ៣៧៩ម៉ាយ៍ ឬ ៦១០គីឡូម៉ែត្រ

៤)BMW iX – ៣៨០ម៉ាយ៍ ឬ ៦១០គីឡូម៉ែត្រ

៣)Tesla Model S – ៤០៥ម៉ាយ៍ ឬ ៦៥០គីឡូម៉ែត្រ

២)Mercedes EQE – ៤១០ម៉ាយ៍ ឬ ៦៦០គីឡូម៉ែត្រ

១)Mercedes EQS – ៤៨៥ម៉ាយ៍ ឬ ៧៨០គីឡូម៉ែត្រ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV អគ្គិសនីប្រណិត Hongqi E-HS9 ឈានជើងចូលទីផ្សារអ៊ឺរ៉ុប

យីហោប្រណិតរបស់ក្រុមហ៊ុន FAW បានចាប់ផ្តើមធ្វើការនាំចេញរថយន្ត SUV អគ្គិសនីទំនើបខ្លួនទៅកាន់ទីផ្សារប្រទេសន័រវេស ដែលជាជំហានដំបូងនៃការពង្រីកផែនការអាជីវកម្មនៅលើទីផ្សារអ៊ឺរ៉ុបរបស់ខ្លួន ជាមួយជម្រើសរថយន្ត SUV ប្រភេទ ៦ ឬ ៧កៅអី។

ជាមួយការជ្រើសយករថយន្ត E-HS9 ជាម៉ូឌែលក្នុងការពង្រីកទីផ្សារលើទឹកដឺអ៊ឺរ៉ុបដំបូងរបស់ខ្លួន ក្រុមហ៊ុនផលិតរថយន្តនេះ បានទទួលការបញ្ជាទិញមុនចំនួន ៥០០គ្រឿងហើយនៅក្នុងប្រទេស ន័រឌីច (Nordic) ដែលជាទីផ្សារឈានមុខនៅអ៊ឺរ៉ុប ក្នុងការប្រើប្រាស់រថយន្តអគ្គិសនី។

រថយន្ត E-HS9 បំពាក់ជាមួយជម្រើសអាគុយទំហំ ៨៤គីឡូវ៉ាត់ម៉ោង អនុញ្ញាតអោយបើកបរបានចម្ងាយ ៣៩៦គីឡូម៉ែត្រ និងទំហំ ៩៩គីឡូវ៉ាត់ម៉ោង បើកបរបានចម្ងាយ ៤៦៥គីឡូម៉ែត្រ។ ព្រមទាំងអាចស្ទុះពីល្បឿន ០-១០០គីឡូម៉ែត្រប្រើពេល ៤,៩វិនាទី និងមានល្បឿនអតិបរមា ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។

រថយន្ត SUV អគ្គិសនីប្រណិតនេះនឹងបង្ហាញវត្តមាននៅក្នុងអាគាតាំងបង្ហាញក្នុងប្រទេសន័រវេ នាខែធ្នូនេះ ជាមួយតម្លៃចាប់ពី ៧២ ៧០០ដុល្លារឡើងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+