ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes EQE ចេញមកប្រជែង Tesla Model S សាកម្ដងជិះបានជិត ៧០០គ.ម

រថយន្ត Mercedes-Benz E-Class ប្រភេទអគ្គិសនី បានបង្ហាញវត្តមានជាផ្លូវការនៅក្នុងកម្មវិធីតាំងបង្ហាញរថយន្តទីក្រុង Munich ឆ្នាំ២០២១ ដែលវាមានបំពាក់អាគុយទំហំ ៩០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៦០គីឡូម៉ែត្រ ពេលសាកភ្លើងពេញ។

នៅទីផ្សារអឺរ៉ុប រថយន្តប្រណីត EQE នឹងត្រូវប្រកួតប្រជែងនឹងរថយន្តដូចជា Audi A6 e-tron, BMW i5 និងរថយន្ត Tesla Model S ផងដែរ។

រថយន្ត EQE នេះប្រើប្រាស់ប្រព័ន្ធបើកបរកង់ក្រោយ ដោយមានបំពាក់ម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ២៨៨សេះ។ រថយន្តនេះដែរទ្រាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងឆាប់រហ័ស ដែលអាចសាកពី ១០% ដល់ ៨០% ក្នុងពេលត្រឹម ៣១នាទី។

ផ្អែកតាមផែនការ Mercedes EQE នឹងត្រូវផលិតនៅក្នុងពាក់កណ្ដាលឆ្នាំ២០២២ នៅរោងចក្រ Mercedes នៅអឺរ៉ុប ហើយចាប់ពីឆ្នាំ២០២៣ នឹងដាក់លក់នៅសហរដ្ឋអាមេរិក ខណៈដែលប្រភេទសម្រាប់លក់នៅទីផ្សារប្រទេសចិននឹងត្រូវផលិតនៅប្រទេសចិនផ្ទាល់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai បង្ហើបតម្រុយឡាន SUV អគ្គិសនីខ្នាតធំរបស់ខ្លួន

ក្រុមហ៊ុន Hyundai បានបង្ហាញចេញរូបភាព Teaser ផ្លូវការមួយអំពីសែស្រឡាយរថយន្តត្រកូល Ioniq ពេញលេញរបស់ខ្លួន ដែលក្នុងនោះមានរួមបញ្ចូលនូវរថយន្ត SUV Concept ខ្នាតធំ ដែល​នឹង​ត្រូវ​ផលិតចេញជារថយន្ត Ioniq 7។

រថយន្ត Ioniq 7 រំពឹងថានឹងបង្ហាញវត្តមានលើទីផ្សារក្នុងឆ្នាំ២០២៤ រួមជាមួយរថយន្ត Ioniq 5 Hatchback ជាមួយនឹងរថយន្ត Ioniq 6 Sedan ដែលនឹងប្រកាសចេញនៅក្នុងឆ្នាំ២០២២ ខាងមុខនេះ។

ក្រៅពីបានបង្ហាញរូបភាព Teaser នេះ Hyundai មិនបានផ្ដល់ដំណឹងអ្វីបន្ថែមនោះទេ ប៉ុន្តែគេដឹងថារថយន្ត Ioniq ទាំងអស់របស់ Hyundai នឹងប្រើប្រាស់គ្រោងឆ្អឹង E-GMP ដែលផលិតឡើងជាពិសេសសម្រាប់រថយន្តអគ្គិសនី។ សម្រាប់រថយន្ត Ioniq 7 ទំនងជាប្រើគ្រោងឆ្អឹង E-GMP ប្រវែងវែងដើម្បីអាចបំពាក់កៅអីបីជួរនៅខាងក្នុងបាន ហើយវាទំនងជាមានបំពាក់អាគុយកាន់តែធំផងដែរ។

ពីមុនមក Hyundai ធ្លាប់បានបញ្ជាក់ថារថយន្តអគ្គិសនី SUV ធំរបស់ខ្លួននឹងប្រើប្រាស់អាគុយដែលមានទំហំផ្ទុក ១០០kWh និងបច្ចេកវិទ្យា ៨០០វ៉ុល ហើយអាចបើកបរបានចម្ងាយលើសពី ៤៨០គីឡូម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford សម្រេចចិត្តឈប់ផលិតឡាន នៅប្រទេសឥណ្ឌា

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន Ford បានឲ្យដឹងថា ក្រុមហ៊ុនរបស់អាមេរិកមួយនេះ នឹងឈប់ផលិតរថយន្តរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ហើយបិទរោងចក្រទាំងពីរចោលតែម្តង។

ក្រុមហ៊ុន Ford បាននិយាយថា ខ្លួននឹងបិទរោងចក្រនៅរដ្ឋ Gujarat និងរដ្ឋ Tamil Nadu ត្រឹមត្រីមាសទី ២ នៃឆ្នាំ ២០២២ ប៉ុន្តែវានឹងបន្តផលិតម៉ាស៊ីនរថយន្ត សម្រាប់នាំចេញ។

គួរឲ្យដឹងដែរថា Ford គឺជាក្រុមហ៊ុនរថយន្តធំចុងក្រោយបង្អស់មួយ ដែលសម្រេចចិត្តចាកចេញពីប្រទេសឥណ្ឌា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

កាលពីឆ្នាំ ២០១៧ ក្រុមហ៊ុន General Motors (GM) ក៏បានឈប់ផលិតរថយន្ត សម្រាប់ទីផ្សារឥណ្ឌា ផងដែរ។ មិនតែប៉ុណ្ណោះ កាលពីឆ្នាំមុន ក្រុមហ៊ុន Harley-Davidson បានបញ្ឈប់ការផលិត ហើយបានកាត់បន្ថយប្រតិបត្តិការលក់របស់ខ្លួនយ៉ាងធំ នៅក្នុងទីផ្សារម៉ូតូធំបំផុតរបស់ពិភពលោកមួយនេះទៀតផង។

ក្រុមហ៊ុន Ford បាននិយាយថា ខ្លួនបានខាតបង់ប្រតិបត្តិការជាង ២ ពាន់លានដុល្លារ ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះនៅក្នុងប្រទេសឥណ្ឌា ហើយតម្រូវការរថយន្តថ្មីក៏បានធ្លាក់ចុះទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Corolla Cross ឆ្នាំ២០២២ ដាក់លក់ក្នុងប្រទេសធំមួយនេះ ត្រឹមខ្ទង់ ២ម៉ឺនស្តើង

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្ត Corolla Cross សម្រាប់ទីផ្សារសហរដ្ឋអាមេរិក កាលពីដើមឆ្នាំកន្លងទៅ ហើយឥឡូវនេះវាក៏បានប្រកាសតម្លៃជាផ្លូវការដែរ គឺចាប់ពី ២២ ១៩៥ដុល្លារ ហើយនឹងត្រូវចេញលក់នៅខែក្រោយ។

រថយន្ត Toyota Corolla Cross ឆ្នាំ២០២២ ចែកចេញជា ៣ ម៉ូដែល គឺ Corolla Cross L តម្លៃចាប់ពី ២២ ១៩៥ដុល្លារ, Corolla Cross LE តម្លៃចាប់ពី ២៤ ៥៤៥ដុល្លារ និង Corolla Cross XLE តម្លៃចាប់ពី ២៦ ៣២៥ដុល្លារ។

រថយន្ត SUV ខ្នាតតូចនេះប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៦៩សេះ និងកម្លាំងរមួល ២០៣ញ៉ូតុនម៉ែត្រ ហើយប្រើប្រអប់លេខអូតូ CVT និងប៉ុងមួយវិលកង់មុខ។ ទោះជាយ៉ាងណាក៏ដោយ អតិថិជនក៏អាចបន្ថែម Option ប៉ុងពីរបានដែរ ក្នុងតម្លៃ ១ ៣០០ដុល្លារទៀត។

ក្រៅពីនោះ អតិថិជនក៏អាចបន្ថែម Option ផ្សេងទៀតដូចជា បាស JBL ៩គ្រាប់ និង ប្រព័ន្ធចង្កៀងមុខ Adaptive Front Lighting System ខណៈក្រុមហ៊ុន Toyota ក៏មានផ្តល់នូវកញ្ចប់ Option “Convenience Package” ដែលមានដំបូល Moonroof និង ឃ្លុបក្រោយអូតូទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញ៉ាក់សាច់! វីដេអូបើកសាកល្បងមិនធម្មតា រថយន្ត Ford Ranger ស៊េរីថ្មី ត្រៀមបង្ហាញខ្លួន!

[បរទេស] អ្វីដែលយើងទាំងអស់គ្នាកំពុងរង់ចាំ ប្រហែលជាជិតមកដល់ទៀតហើយ ខណៈពេលនេះគឺចុងឆ្នាំ ២០២១ ទៅហើយ ហើយក៏មិនដឹងថារថយន្តស៊េរីថ្មីចុងក្រោយរបស់ Ford ម៉ូដែល Ranger ស៊េរីថ្មីនេះ នឹងមានអ្វីផ្លាស់ប្តូរផងដែរ។ ប៉ុន្តែថ្ងៃនេះយើងឃើញមានវីដេអូមួយ ដែលបង្ហាញពីការបើកបរសាកល្បងរថយន្តថ្មី តែមិនទាន់បង្ហាញរូបរាងផ្លូវការនូវឡើយទេ។

យោងតាមវីដេអូដែលបង្ហាញ នៅក្នុងបណ្តាញសង្គមយូធូបនោះ បានបង្ហាញពីការបើកបរសាកល្បងផ្លូវដែលពិបាកៗ និងបើកបង្វិលកង់យ៉ាងសាហាវ ក្រោមចំណងជើង Test to The Extream ដែលមានន័យថាសាកល្បងអោយដល់ចំណុចកំពូលបំផុត (បកប្រែក្រៅផ្លូវការ)។ នៅក្នុងនោះបានធ្វើការបើកបរលើផ្លូវ៖ ភក់ Mud, គ្រួស ខ្សច់ Grit, ថ្ម Rock, ទឹកកក Snow និងផ្លូវ Off-Road ជាដើម។

អ្វីដែលចាប់អារម្មណ៌លើរូបរាងនោះគឺមានលេងកាងខាងក្រោយ និងចង្កៀងមុខភ្ជាប់ដោយអំពូលគុជធំ ៣គ្រាប់ផងដែរ។ ទោះជាយ៉ាងនេះក្តី យើងនឹងរង់ចាំមើលការចេញជាផ្លូវការរបស់រថយន្តមួយនេះបន្តទៀត ដែលនឹងធ្វើការចេញផ្សាយលើទំព័រផ្លូវការរបស់ ខេមបូអូតូ ផងដែរ។

ខាងក្រោមនេះ ជាវីដេអូទាំងស្រុងពីក្រុមហ៊ុន Ford ប្រទេសថៃ៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កប់ណាស់! នេះគឺជាផ្នែកខាងក្នុងនៃរថយន្ត MG One

រថយន្ត MG One បានបង្ហាញខ្លួនកាលពីខែ កក្កដាកន្លងទៅនៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Chengdu International Auto Show  នាពេលនេះក្រុមហ៊ុនបានបង្ហាញចេញនូវរូបរាងផ្នែកខាងក្នុងនៃរថយន្ត SUV កូនកាត់ MG HS នេះមុនបង្ហាញតម្លៃផ្លូវការនាថ្ងៃនេះ។

ជាមួយរូបភាពផ្នែកខាងក្នុងដែលបានបង្ហាញចេញ យើងឃើញថារថយន្តនេះទទួលបានការឌីស្សាញយ៉ាងទំនើប ជាពិសេសកាន់តែខ្លាំងជាមួយកៅអីស្ព័រពណ៌ខ្មៅ អមដោយថ្នេរដេរពណ៌បៃតង និងអេក្រង់ភ្លោះប្រើប្រាស់ឈីប Qualcomm Snapdragon 8155 ដែលមានសម្ថភាពលឿនជាងម៉ូឌែលកន្លង ១០ដង។

សម្រាប់រូបរាងផ្នែកខាងក្រៅវាជារថយន្ត SUV ដែលផលិតឡើងដោយប្រើប្រាស់គ្រោងឆ្អឹង SIGMA Platform របស់ក្រុមហ៊ុន SAIC  ដោយវាទទួលបាន DNA នៃការឌីស្សាញពីម៉ូឌែល MG HS និង MG 5។ ដោយបានការបំពាក់ជាមួយប៉ាណាបែប Complex Elements, ចង្កៀងខាងមុខប្រភេទ LED, ដំបូលខាងលើពណ៌ខ្មៅ និង ចង្កៀងខាងក្រោយប្រភេទ LED ដូចខាងមុខផងដែរ ដែលជួយអោយរថយន្តកាន់តែមានភាពស្ព័របន្ថែមទៀត។

រថយន្តនេះបំពាក់ជាមួយម៉ាស៊ីន 15C4E ចំណុះ ១,៥លីត្រ Turbocharged ដែលផលិតកម្លាំងបាន ១៨១សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយនឹងការលក់កាន់តែច្រើន Royal Enfield Himalayan ទទួលបានអ្នកគាំទ្រកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា

បេសកកម្មជាច្រើនទសវត្សរាប់ពាន់គីឡូម៉ែត្រឆ្លងកាត់តំបន់ដែលពិបាកៗបំផុតជាច្រើន។ ការរស់នៅនិងការវិវត្តជាច្រើនឆ្នាំជាមួយនឹងកំលាំងម៉ាស៊ីនដែលឆ្លើយតបទៅនឹងជ្រលងភ្នំជាច្រើន។ ទាំងនោះហើយជារបៀបដែលRoyal Enfield Himalayan ត្រូវបានផលិតឡើងដែលជាម៉ូតូមានគោលបំណងពីរដំបូងគេដែលត្រូវបានផលិតឡើងដោយមានភាពស្វិតស្វាញអាចបត់បែនបាននិងអាចប្រែប្រួលបានគ្រប់ស្ថានភាពដីនឹងផ្លូវ។ បានមកដល់ប្រទេសកម្ពុជាតាំងពីឆ្នាំ ២០២០ Royal Enfield Himalayan បានទាក់ទាញចំណាប់អារម្មណ៍អ្នកជិះម៉ូតូភាគច្រើនដើម្បីធ្វើជាម្ចាស់សម្រាប់ដំណើរផ្សងព្រេងរបស់ពួកគេជាពិសេសការបោះតង់។ ជាមួយនឹងការរចនាពិសេសនៃម៉ូតូដែលមានបេតិកភ័ណ្ឌអាយុកាល ១២០ ឆ្នាំ Royal Enfield Himalayan បានរចនាឡើងទាំងស្រុងហើយបំពាក់ដោយម៉ាស៊ីន LS 410ថ្មីទទួលបានជោគជ័យយ៉ាងធំធេងក្នុងការលក់ចេញជាង ៣០ គ្រឿងកន្លងមក។

Royal Enfield Himalayan ត្រូវបានរំពឹងទុកថានឹងនៅតែជាជម្រើសដ៏ល្អសម្រាប់អតិថិជនជាច្រើនដែលចាប់អារម្មណ៍ក្នុងការធ្វើដំនើររយៈពេលយូរជាពិសេសការសាកល្បងជាមួយផ្លូវថ្មីៗដែលមិននឹកស្មានដល់។ Himalayan ជាម៉ូតូដែលមានស្ថិរភាពនិងរហ័សរហួនស្ទើរគ្រប់ផ្នែកទាំងអស់។ កង់និងបូមដ៏រឹងមាំនៅផ្នែកខាងក្រោយដែលមានភាពស៊ីចង្វាក់គ្នា អនុញ្ញាតឱ្យអ្នកធ្វើដំណើរបានយូរនិងផ្តល់នូវបទពិសោធន៍ជិះកាន់តែរលូនដោយមិនគិតពីស្ថានភាពផ្លូវលំបាក។ លើសពីនេះទៅទៀតម៉ាស៊ីនថ្មីទាំងអស់ផ្តល់នូវកម្លាំងបង្វិលជុំខ្ពស់និងថាមពលដែលអាចប្រើបាននៅ RPMs ទាប។ នេះជាហេតុផលមួយដែលធ្វើអោយអ្នកបើកបរបើកក្នុងល្បឿនខ្ពស់ហើយមានភាពងាយស្រួលក្នុងការឡើងភ្នំឬធ្វើចលនាឆ្លងកាត់ចរាចរណ៍។កាន់តែពិសេសជាមួយធុងផ្ទុកសាំងដែលមានចំណុះ ១៥ លីត្រផ្តល់នូវរយះចង្ងាយវែងប្រហែល ៤៥០ គីឡូម៉ែត្រ។

ចាប់ផ្តើមពីតំលៃ ៤ ៩០០ ដុល្លារអ្នកអាចធ្វើជាម្ចាស់ម៉ូតូកម្លាំង ៤១១ សេសេជាមួយនឹងការធានារយៈពេល ២ ឆ្នាំនិងពណ៌ជាច្រើនដើម្បីជ្រើសរើសដូចជា៖ Red Rock, Gravel Grey, Snow, និង Granite.  ជាមួយនឹងមជ្ឈមណ្ឌលសេវា Service Center អតិថិជននឹងមិនចាំបាច់មានមន្ទិលសង្ស័យចំពោះបញ្ហាបច្ចេកទេសណាមួយដែលអាចកើតឡើងនោះឡើយ។ សូមអញ្ជើញមកទស្សនាម៉ូតូរបស់ Royal Enfield ផ្ទាល់នៅបន្ទប់តាំងបង្ហាញដែលមានទីតាំងស្ថិតនៅមហាវិថីសហព័ន្ធរុស្សីក្រោយស្ពានអាកាស ៧ មករានៅថ្ងៃនេះជាមួយនឹងស្តុកមានកំណត់បូករួមនឹងការបើកសាកល្បងនិងថតរូបស្អាតៗនៅថ្ងៃនេះ។ អ្នកនឹងមិនអាចយល់ពីមូលហេតុដែលវាត្រូវបានគេហៅថា Royal Enfield Himalayan នោះទេលុះត្រាតែអ្នកមានបទពិសោធន៍បើកសាកល្បងជាមួយវា។ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរសព្វ៖ ០៩៥ ៦៦៦ ៣៧២/ ០១៧ ៨៦៦ ៦៧១/ ០១០ ៣០០ ១៨៥. កុំភ្លេច Subscribe telegram របស់ Royal Enfield Cambodia តាមរយះ Link: https://t.me/royalenfieldcambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW បញ្ជាទិញកញ្ចប់អាគុយ ជាមួយទឹកប្រាក់កើនឡើងរហូត ២៤ពាន់លានដុល្លារ

ក្រុមហ៊ុន BMW បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការកើនឡើងនៃចំនួនលក់រថយន្តអគ្គិសនីរបស់ខ្លួន ជាមួយការបញ្ជាទិញនូវកញ្ចប់អាគុយសម្រាប់ម៉ូឌែលរថយន្ត i4, iX និងរថយន្តអគ្គិសនីដែលគ្រោងបង្ហាញចេញនាឆ្នាំ២០២៤ខាងមុខផងដែរ។

ក្នុងបទសម្ភាសន៍ជាមួយ Bloomberg នាពេលថ្មីៗនេះ នាយកប្រតិបត្តិក្រុមហ៊ុន BMW លោក Oliver Zipse បានបង្ហាញថាក្រុមហ៊ុនខ្លួនឥឡូវនេះមានកិច្ចសន្យាផលិតអាគុយសរុបជាង ២០ ពាន់លានអឺរ៉ូ (ប្រហែល ២៤ ពាន់លានដុល្លារ) ដែលកើនឡើងពីតម្លៃ ១២ ពាន់លានផោន (១៤,២ ពាន់លានដុល្លារ) ពីមុន។ ជាមួយការបញ្ជាទិញកញ្ចប់អាគុយថ្មីរបស់ BMW ត្រូវបានទទួលបានពីក្រុមហ៊ុនចិន Contemporary Amperex Technology,  EVE Energy កូរ៉េខាងត្បូង Samsung SDI និង Northvolt AB របស់ប្រទេសស៊ុយអ៊ែត។

ជាក់ស្តែងម៉ូឌែលរថយន្តអគ្គិសនីដែលទទួលបានការអភិវឌ្ឍន៍គឺ iX3 ឆ្នាំ២០២២ ដែលកំពុងបង្ហាញវត្តមាននៅក្នុងកម្មវិធីតាំងបង្ហាញរថយន្តទីក្រុងម៉ូនិច ដែលដំណើរការដោយម៉ូទ័រអគ្គិសនីចំនួនមួយ នៅខាងក្រោយ អាចផលិតកម្លាំងបាន ២៨២សេះ និងអាចស្ទុះពីល្បឿន ០-១០០គ.ម/ម ប្រើពេល ៦,៨វិនាទី និងមានល្បឿនអតិបរមា ១៨០គ.ម/ម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនួនឡាន Tesla ផលិតនៅចិន នាំចេញទៅក្រៅប្រទេស កើនឡើងខ្លាំងនៅខែសីហា

ក្រុមហ៊ុន Tesla បានពង្រីកការផលិតរបស់ខ្លួនគួរឲ្យកត់សម្គាល់ ហើយចំនួនរថយន្ត Tesla ផលិតនៅចិនដែលបានលក់ចេញនៅប្រទេសចិន និងនាំចេញទៅក្រៅប្រទេសបានកើនឡើងដល់ចំណុចខ្ពស់មិនធ្លាប់មានកាលពីខែសីហា។

បើផ្អែកតាមតួលេខរបស់សហព័ន្ធយានយន្តចិន បានបង្ហាញថាចំនួនរថយន្ត Tesla ដែលលក់ចេញ និងនាំចេញកាលពីខែសីហាគឺមានសរុប ៤៤ ២៦៤គ្រឿង ដែលកើនឡើងរហូតដល់ ២៧៥% បើធៀបនឹងខែសីហាឆ្នាំ២០២០។

រោងចក្រ Tesla Giga នៅទីក្រុងសៀងហៃ បានប្រតិបត្តិការក្នុងកម្រិតខ្ពស់របស់ខ្លួន ដោយអាចផលិតរថយន្ត Model Y បានចំនួន១ពាន់គ្រឿងក្នុងមួយថ្ងៃ។ នេះបើផ្អែកតាមការចុះផ្សាយកាលពីថ្មីៗកន្លងទៅ។

គួរដឹងថាក្នុងទីផ្សាររថយន្តបៃតង មានតែក្រុមហ៊ុន BYD ប៉ុណ្ណោះដែលបាននាំមុខ Tesla ជាមួយចំនួនលក់ចេញ និងនាំចេញមានលើសពី ៦ម៉ឺនគ្រឿង កាលពីខែសីហាកន្លងទៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ត្រៀមលុយ១៤ពាន់លានដុល្លារ លើការអភិវឌ្ឍន៍អាគុយត្រឹមឆ្នាំ២០៣០

Toyota បានប្រកាសអំពីគោលដៅចំណាយទឹកប្រាក់១៤ពាន់លានដុល្លារ ទៅក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាអាគុយនៅត្រឹមឆ្នាំ២០៣០នេះ ដែលនឹងត្រូវចំណាយធំលើអាគុយលីចូម និងអាគុយស្ងួត។

នាយកផ្នែកបច្ចេកទេសរបស់ Toyota ឈ្មោះថា Masahiko Maeda បាននិយាយថាក្រុមហ៊ុន Toyota កំពុងពិចារណាប្រើប្រាស់អាគុយស្ងួត ដោយមិនមែនប្រើតែនៅលើរថយន្តអគ្គិសនីសុទ្ធនោះទេ ប៉ុន្តែក៏នឹងប្រើប្រាស់លើរថយន្ត Hybrid ផងដែរ។

ដោយឡែកសម្រាប់អាគុយលីចូមវិញ Toyota ក៏មានគម្រោងអភិវឌ្ឍន៍អាគុយប្រភេទនេះឲ្យបានកាន់តែល្អប្រសើរ ក្នុងគោលបំណងកាត់បន្ថយថ្លៃចំណាយ និងបង្កើតសមត្ថភាពលើរថយន្តអគ្គិសនីរបស់ខ្លួនផងដែរ។

Toyota សង្ឃឹមថានឹងទទួលការផ្គត់ផ្គង់អាគុយសរុប ២០០ជីហ្គាវ៉ាត់ម៉ោងនៅត្រឹមឆ្នាំ២០៣០ កើនឡើងពីគោលដៅចាស់ដែលមាន ១៨០ជីហ្គាវ៉ាត់។ ជាមួយគោលដៅថ្មីនេះអាចឲ្យ Toyota លក់រថយន្តអគ្គិសនីបានចំនួន ៨លានគ្រឿងត្រឹមឆ្នាំ២០៣០ ដែលក្នុងនោះមានរថយន្តអគ្គិសនីសុទ្ធ និងរថយន្តអ៉ីដ្រូហ្សែនចំនួន ២លានគ្រឿងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+