ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះហើយជាឡានតូចផុតលេខរបស់ Hyundai

ក្រុមហ៊ុន Hyundai បានបង្ហាញចេញរូបភាពផ្លូវការដំបូងនៃរថយន្ត Casper ដែលជារថយន្ត SUV ខ្នាតតូចលំដាប់ A-Segment ដែលគ្រោងនឹងប្រកាសចេញនៅដំណាច់ឆ្នាំ២០២១នេះ។

រថយន្ត SUV នេះដើមឡើយគឺមានឈ្មោះកូដសម្គាល់ថា AX-1 ដែលធ្លាប់ត្រូវបានគេប្រទះឃើញសាកល្បងនៅក្នុងខែកុម្ភៈ និងបានលេចរូបរាងនៅលើរូបភាព Teaser មួយចំនួនកាលពីខែឧសភា។

អត្តសញ្ញាណឌីហ្សាញដ៏លេចធ្លោរបស់រថយន្ត Casper នេះគឺការបំពាក់នូវអំពូលភ្លើង LED មូលដ៏ធំនៅពីលើកាងខាងមុខ ខណៈដែលផ្ទាំងប៉ាណាខាងមុខមានរចនាបថខុសគ្នាទៅតាមប្រភេទនៃរថយន្ត។

សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថារថយន្តនេះមានប្រវែង ៣៥៩៥ម.ម មានទទឹង ១៥៩៥ម.ម និងមានកម្ពស់ ១៥៧៥ម.ម ខណៈប្រវែងពីកង់មុខទៅក្រោយគឺ ២៤០០ម.ម។ ទំហំនេះធ្វើឲ្យវាតូចជាងរថយន្ត B-SUV ដទៃទៀតរបស់ Hyundai ដែលលក់នៅតាមបណ្ដាប្រទេសផ្សេងៗគ្នា រួមមានរថយន្តម៉ូដែល Bayon, Creta, Venue និង Kona។

រថយន្តតូចនេះដែរគឺប្រើប្រាស់គ្រោងឆ្អឹង K1 ដែលធ្លាប់ប្រើលើរថយន្ត A-Segment ដទៃទៀតដូចជា Hyundai i10 និង Kia Picanto។ ម៉ាស៊ីនរបស់វាមានជាជម្រើសម៉ាស៊ីន ៣ស៊ីឡាំងពីរប្រភេទ មានប្រភេទធម្មតាចំណុះ ១,០លីត្រ និងប្រភេទ Turbocharged ចំណុះ១,០លីត្រ ដែលមួយមានកម្លាំង៧៥សេះ និងមួយទៀតកម្លាំង៩៩សេះ។

មានការលេចឭដំណឹងថារថយន្ត Hyundai Casper នឹងចាប់ផ្ដើមការផលិតនៅកូរ៉េខាងត្បូងនៅថ្ងៃទី១៥ ខែកញ្ញា ដូចនេះការប្រកាសចេញជាផ្លូវការ និងការបញ្ចេញលក់អាចនឹងមិនយូរនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភាពខុសគ្នានៃប្រភេទប្រព័ន្ធទ្រព្យួរ | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ប្រព័ន្ធទ្រព្យួរត្រូវបានបំពាក់នៅលើរថយន្ត ដើម្បីផ្តល់នូវភាពមិនរលាក់រវាងកាប៊ីន និងផ្លូវថ្នល់។ វាជួយកាត់បន្ថយសំឡេងរំខាន និងរំញ័រ ដោយសារគ្រលុកនៅលើផ្លូវ ដើម្បីផ្តល់នូវគុណភាពនៃការជិះនិងការគ្រប់គ្រងល្អសំរាប់អ្នកបើកបរនិងផ្តល់ភាពងាយស្រួលក្នុងការអង្គុយដល់អ្នកដំណើរ។ សំរាប់ពេលនេះក្រុមការងារ ខេមបូ អូតូ នឹងលើកប្រភេទប្រព័ន្ធទ្រព្យួរពីរប្រភេទដែលរួមមាន ប្រភេទ Macpherson និងប្រភេទ Double Wishbone មកធ្វើការអត្ថធិប្បាយជូន៖

១.​ ប្រភេទ Macpherson ប្រព័ន្ធទ្រព្យួរដែលត្រូវបានប្រើច្រើនគឺប្រភេទ Macpherson។ នៅលើរថយន្តដឹកអ្នកដំណើរភាគច្រើនគឺបំពាក់ប្រព័ន្ធទ្រព្យួរប្រភេទនេះនៅខាងមុខ និងមានរ៉ឺស័រធម្មតានៅខាងក្រោយ។ ប្រព័ន្ធនេះរួមមាន Damper/ Shock Absorber និងផ្នែកផ្សេងៗទៀតនៃរ៉ឺស័របូម។ សម្រាប់ Spring Serve គឺរក្សារទុកថាមពលចលនាកន្ត្រាក់ភ្លាមពីផ្លូវ។ រីឯ Damper ប្រើសារធាតុរាវដើម្បីចែកចាយថាមពលនេះជាទម្រង់កម្តៅ។ ប្រព័ន្ធនេះរួមគ្នាកំណត់ចលនាមិនចាំបាច់របស់រថយន្ត ដោយសារតែភាពមិនប្រក្រតីនៅតាមដងផ្លូវ។

ប្រភេទ Macpherson

គុណសម្បត្តិ

  • សល់កន្លែងធំទូលាយនៅជុំវិញដុំកង់ សម្រាប់ដាក់ឡាបអូសទាញ
  • មានតម្លៃទាប ងាយស្រួលថែទាំ
  • មានទំនុកចិត្តលើផ្នែកខ្លះ
  • ទម្ងន់ស្រាល

គុណវិបត្តិ

  • មិនសាកសមសម្រាប់រថយន្ត Off road ដោយសារចលនាមានកំណត់

២. ប្រភេទ Double Wishbone ប្រភេទនេះគឺជាប្រព័ន្ធដែលមានរាងដូចឆ្អឹងបក្សី និងមានក្រចាប់រាងអក្សរ A ។ ក្រចាប់ទាំងពីរភ្ជាប់ទៅដុំកង់នៅចុងម្ខាង និងម្ខាងទៀតភ្ជាប់ទៅសាក់ស៊ីរថយន្ត។ ប្រភេទនៃប្រព័ន្ធនេះត្រូវបានបំពាក់ភាគច្រើននៅលើរថយន្តទំនើបៗ ហើយក៏មានបំពាក់នៅលើរថយន្ត Off road ផងដែរ ព្រោះវាអាចដោះស្រាយបានយ៉ាងស្រួល ជាមួយគ្រលុក រណ្តៅជាដើម ប្រសិនបើអ្នកចង់បានរថយន្តជិះទៅទន់មិនអុករលាក់ ប្រព័ន្ធទ្រព្យួរនេះត្រូវតែមានបំពាក់ជាប្រភេទប្រព័ន្ធដែលល្អ និងមានគុណភាព។

ប្រភេទ Double Wishbone

គុណសម្បត្តិ

  • ការគ្រប់គ្រងបានល្អនិងមានលំនឹងនៅពេលបត់ចង្កូតដែលរក្សារទំនាក់ទំនងជាមួយផ្ទៃផ្លូវ
  • ការបង្រួមនិងបត់បែនគឺទន់បានល្អ
  • ល្អសម្រាប់រថយន្ត Off road

គុណវិបត្តិ

  • កាចំណាយខ្ពស់
  • ការថែទាំពិបាក និងចំណាយពេលច្រើន៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីក្រុងប៉ារីសកំណត់ល្បឿនសម្រាប់រថយន្តត្រឹម ៣០គីឡូម៉ែត្រក្នុងម៉ោង

យោងតាមព័ត៌មាន Reuters បានរាយការណ៍ថាចាប់ពីថ្ងៃច័ន្ទទី ៣០ ខែសីហា(ម៉ោងក្នុងប្រទេសបារាំង) នឹងកំណត់ល្បឿន ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង សម្រាប់រថយន្តបើកបរនៅលើផ្លូវក្នុងទីក្រុងប៉ារីស។

ប៉ុន្តែត្រូវបានលើកលែងដល់ផ្លូវ Champs Elysees (៥០ គីឡូម៉ែត្រក្នុងមួយម៉ោង) និងផ្លូវ Peripherique Ring (៧០ គីឡូម៉ែត្រក្នុងមួយម៉ោង)។ កាលពីមុនការកំណត់ល្បឿន ៣០ គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានអនុវត្តនៅក្នុងផ្នែកជាច្រើននៃទីក្រុងប៉ារីស រហូតមកដល់បច្ចុប្បន្នបទបញ្ជានេះត្រូវបានចេញយ៉ាងទូលំទូលាយនៅទូទាំងរាជធានី។

អភិបាលរងក្រុងប៉ារីស លោក David Belliard បាននិយាយថាការកំណត់ល្បឿនថ្មីនេះមានគោលបំណងដោះស្រាយការបំពុលខ្យល់ និងសំលេងរំខាន និងជួយកាត់បន្ថយគ្រោះថ្នាក់ធ្ងន់ធ្ងរនៅក្នុងរដ្ឋធានីរបស់ប្រទេសបារាំង។ ហើយនេះមិនមែនជាវិធានការដើម្បីដាក់កំហិតលើរថយន្តនោះទេ ប៉ុន្តែវាគឺជាផ្នែកមួយនៃផែនការទីក្រុងក្នុងការផ្លាស់ប្តូរ ក្នុងគោលបំណងលើកទឹកចិត្តប្រជាជនឱ្យដើរ ឬជិះកង់ និងប្រើប្រាស់យានយន្តសាធារណៈ។

គួរបញ្ជាក់ផងដែរថា មុនទីក្រុងប៉ារីសទីក្រុង ទីក្រុងធំៗ មួយចំនួននៅក្នុងប្រទេសបារាំងក៏បានចេញបទបញ្ជាស្រដៀងគ្នានេះដែរស្តីពីការកំណត់ល្បឿននៅក្នុងទីក្រុងដែលរួមមាន Bordeaux, Strasbourg និង Toulouse ហើយនៅឆ្នាំក្រោយនេះមានគម្រោងដាក់ឱ្យអនុវត្តបទបញ្ជានេះសម្រាប់ទីក្រុង Lyon ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus LX ជំនាន់ថ្មីទំនងប្រកាសចេញចុងឆ្នាំនេះអត់ទាន់ទេ ព្រោះតែបញ្ហាមួយនេះ

សារព័ត៌មានរថយន្តជប៉ុន Creative Trends បានរាយការណ៍ឲ្យដឹងថារថយន្ត Lexus LX ជំនាន់ថ្មី ទំនងជានឹងមិនអាចប្រកាសចេញនៅឆ្នាំ២០២១ទាន់ពេលវេលាកំណត់នោះទេ ក៏ដោយសារតែវិបត្តិកង្វះឈីបសកល។

ប្រភពខាងលើនេះបាននិយាយថា ការបង្វឹក និងការបង្រៀនសម្រាប់បុគ្គលិក Lexus អំពីរថយន្ត LX ជំនាន់ថ្មី ដើមឡើយបានកំណត់ថានឹងធ្វើឡើងនាខែវិច្ឆិកា ប៉ុន្តែពេលនេះបានលើកពេលទៅឆ្នាំក្រោយវិញ ដែលជាសញ្ញាបង្ហាញថា Lexus មិនអាចប្រកាសចេញ LX ជំនាន់ថ្មីមុនដំណាច់ឆ្នាំនេះបានទាន់ពេលឡើយ។

គួរដឹងថាដំណឹងលេចធ្លាយកន្លងមកអំពី Lexus LX ជំនាន់ថ្មី គឺវាអាចមានបន្ថែមនូវជម្រើសដ៏កប់ផុតលេខមួយ ដែលមានឈ្មោះថា LX 750h ខណៈដែលម៉ូដែលបច្ចុប្បន្នមានត្រឹម LX 570 តែប៉ុណ្ណោះ។

Lexus LX 750h នេះត្រូវបានគេរំពឹងថានឹងមានបំពាក់នូវប្រព័ន្ធ Hybrid ជាមួយម៉ាស៊ីន៦ស៊ីឡាំង ដែលផលិតកម្លាំងបាន៤៨០សេះ ឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Sedan ថ្មីតម្លៃជាង ១ម៉ឺនដុល្លារស្ដើង បង្ហាញវត្តមាននៅចិន

ក្រុមហ៊ុន Geely បានបង្ហាញចេញរថយន្ត Sedan ម៉ូដែល Emgrand ជំនាន់ទីបួន នៅកម្មវិធីតាំងបង្ហាញរថយន្ត Chengdu Auto Show ឆ្នាំ២០២១ ដែលជារថយន្តផលិតលើគ្រោងឆ្អឹង BMA។

រថយន្ត Emgrand ជំនាន់ថ្មីមានការផ្លាស់ប្ដូរលើការឌីហ្សាញ និងបច្ចេកវិទ្យា ហើយថែមទាំងមានទំហំធំជាងមុន និងមើលទៅមានលក្ខណៈ Premium ជាងរថយន្តម៉ូដែលមុន ដោយវាមានប្រវែងសរុប ៤៦៣៨ម.ម មានទទឹងទំហំ ១៨២០ម.ម និងមានកម្ពស់ ១៤៦០ម.ម។

នៅផ្នែកខាងក្នុងនៃរថយន្តនេះមានបំពាក់ដោយកុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ គួបផ្សំនឹងអេក្រង់ Touch កម្សាន្តទំហំ ១០,២៥អ៊ីញ ដែលគាំទ្រនូវមុខងារអាប់ដេត OTA និងគាំទ្រការបញ្ជាដោយសំឡេង AI។ វាក៏មានប្រព័ន្ធបន្សុទ្ធខ្យល់, កាមេរ៉ាមើលជុំវិញ ៥៤០ដឺក្រេ និងឧបករណ៍ថតសកម្មភាពនៃការបើកបរកម្រិតច្បាស់ផុតលេខជាដើម។

រថយន្តនេះបានប្រើប្រាស់ម៉ាស៊ីនចំណុះ ១,៥លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ១១៣សេះ និងមានគួបផ្សំជាមួយប្រព័ន្ធបើកបរវិលកង់បួន ដែលមានជម្រើសលេខដៃ៥វគ្គ ឬលេខស្វ័យប្រវត្តិ៨វគ្គ។

នៅទីផ្សារប្រទេសចិន រថយន្តនេះមានតម្លៃចន្លោះពីប្រមាណ ១៣ ៤៥៤ដុល្លារ ដល់ ១៤ ២២៧ដុល្លារ ដែលជាតម្លៃធូរថ្លៃមួយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ផ្អាកទទួលការកក់ឡាន Bronco ព្រោះគេទិញច្រើនពេក

Ford Bronco បាន និងកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អតិថិជន បន្ទាប់ពីបានបង្ហាញខ្លួនជាផ្លូវការ កាលពីពេលថ្មីៗកន្លងទៅនេះ។

សូមបញ្ជាក់ឲ្យដឹងថា មកទល់ពេលនេះ ក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើ ទទួលបានការកក់តាមរយៈអនឡាញ ច្រើនជាង ១២៥ ០០០គ្រឿងទៅទៀត។

ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែការពន្យាពេលផលិត ដែលបង្កមកពីជំងឺកូវីដ១៩ និងបន្តពន្យាពេលជាច្រើនដងទៀត ដោយសារតែបញ្ហាមួយចំនួន ឥឡូវនេះក្រុមហ៊ុន Ford បានសម្រេចចិត្តផ្អាកទទួលការកក់តាមរយៈអនឡាញបាត់ទៅហើយ។

តាមរយៈក្រុមហ៊ុន Ford បានឲ្យដឹងថា ពួកគេសម្រេចចិត្តធ្វើបែបនេះ ក៏ដោយសារតែចំនួនកក់លើរថយន្ត Bronco ទាំងម៉ូដែលទ្វារ២ និង ទ្វារ៤ មានច្រើនលើសលប់ពេក។

យ៉ាងណាមិញ រថយន្ត Ford Bronco ដែលបានកក់ហើយ អាចនឹងមកដល់នៅឆ្នាំក្រោយ។ គួរឲ្យដឹងថា រថយន្ត SUV ថ្មីនេះត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២៩ ៩៩៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក និងអាចឡើងរហូតដល់ ៦៣ ៩៩៥ដុល្លារ អាស្រ័យលើ Option៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ាកឡានបារាំងមួយនេះ នឹងផលិតតែឡានអគ្គិសនីសុទ្ធ ចាប់ពីឆ្នាំ២០២៤

DS គឺជាក្រុមហ៊ុនរថយន្តចុងក្រោយគេបង្អស់ ដែលនឹងក្លាយជាម៉ាក និងលក់តែរថយន្តអគ្គិសនីសុទ្ធ ចាប់ផ្តើមពីឆ្នាំ២០២៤ តទៅ។

ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តខាងលើបាន និងកំពុងលក់រថយន្តអគ្គិសនី តាំងពីឆ្នាំ២០១៩ មក នេះគឺជាការផ្លាស់ប្តូរធំគួរឲ្យកត់សម្គាល់មួយសម្រាប់ DS។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរថយន្តបាំរាំងនេះមិនបានបញ្ជាក់លម្អិតច្រើនប៉ុន្មានឡើយ ប៉ុន្តែនឹងពង្រឹងត្រកូលរថយន្តរបស់ខ្លួន តាមរយៈការផ្តល់ជូននូវម៉ូដែល DS 4 ប្រើថាមពលអគ្គិសនីសុទ្ធ។ ក្រុមហ៊ុនក៏នឹងបង្ហាញភាសាឌីហ្សាញថ្មីផងដែរ។

គួរឲ្យដឹងថា រថយន្តអគ្គិសនីថ្មីរបស់ DS នឹងប្រើគ្រោងឆ្អឹង STLA Medium platform ហើយមានប្រវែងប្រហែល ៤,២ ទៅ ៥ម៉ែត្រ។ ពួកវាក៏នឹងបំពាក់កញ្ចប់អាគុយទំហំពី ៨៧ ទៅ ១០៤គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរដល់ ៤៤០ម៉ាយ៍ ឬ ៧០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

យ៉ាងណាមិញ DS ក៏មិនបានបង្ហាញព័ត៌មានលម្អិតច្រើនពីរថយន្តដែលនឹងមកដល់ថ្មីនេះដែរ ប៉ុន្តែវានឹងប្រើបច្ចេកវិទ្យាទំនើប និងធ្វើឲ្យវាកាន់តែមានភាពប្រសើរ ជាងរថយន្តបច្ចុប្បន្ន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដើម្បីអោយម៉ាស៊ីនរថយន្តមើលទៅថ្មីរហូត តើគួរលាងសម្អាតនៅពេលណាខ្លះ? | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ការលាងសម្អាតម៉ាស៊ីនរថយន្តភាគច្រើនអ្នកប្រើប្រាស់ធ្វើឡើងនៅមុនពេលយករថយន្តទៅដាក់លក់ដើម្បីជួយឲ្យរថយន្តលក់បានក្នុងតម្លៃមួយសមរម្យ និងមិនខាតបង់ថ្លៃដើមហួសហេតុ។ ដោយឡែក អ្នកប្រើប្រាស់រថយន្តមួយចំនួនបានចាត់ទុកថាការលាងសម្អាតម៉ាស៊ីន គឺជាកត្តាមួយដ៏ចាំបាច់ដែលជួយឲ្យរថយន្តទាំងខាងក្នុង និងខាងក្រៅមើលទៅនៅតែថ្មី និងរក្សាអាយុកាល ប្រើប្រាស់បានយូរអង្វែង។ ជាក់ស្តែងធូលីដី កម្អែល និងសារធាតុគីមីកខ្វក់ ដែលតោងស្អិតជាប់នៅលើម៉ាស៊ីនមិនត្រឹមតែធ្វើឲ្យមើលទៅមានសភាពចាស់នោះទេ តែវាថែមទាំងបណ្តាលឲ្យ ប៉ះពាល់ដល់គ្រឿងម៉ាស៊ីនបន្តិចម្តងៗផងដែរ។ ចុះតើរយៈពេលប៉ុន្មានដែលអ្នកគួរយករថយន្តទៅលាងសម្អាតម៉ាស៊ីន? ពិតប្រាកដណាស់ បើទោះការលាងសម្អាតម៉ាស៊ីនមិនញឹកញាប់ដូច ការលាងសម្អាតរថយន្តក្តី ប៉ុន្តែវាអាស្រ័យទៅតាមស្ថានភាពប្រើប្រាស់ និងកត្តាសំខាន់ៗមួយចំនួនខាងក្រោម។

១.  រថយន្តប្រើប្រាស់នៅទីក្រុង៖ ចំពោះអ្នកប្រើប្រាស់រថយន្តនៅក្នុងទីក្រុង ជាយក្រុង ឬតំបន់ណាដែលមិនសូវមានដីហុយ អ្នកគួរយករថយន្តទៅលាងសម្អាតម៉ាស៊ីនយ៉ាងហោចណាស់ ១ទៅ២ដង ក្នុងមួយឆ្នាំ។ ចំពោះអ្នករស់នៅតំបន់ទាំងនេះដែលមិនសូវប្រើប្រាស់រថយន្ត ឬយូរៗប្រើប្រាស់ម្តង អ្នកគួរឧស្សាហ៍ជូតសម្អាតម៉ាស៊ីននៅរៀងរាល់ពេលយករថយន្តទៅលាង សម្អាត។

២. រថយន្តប្រើប្រាស់នៅខេត្ត និងតំបន់មានដីហុយ៖ ជាទូទៅរថយន្តប្រើប្រាស់នៅតាមបណ្តាខេត្តចុះទៅខេត្តញឹកញាប់ឬប្រើប្រាស់ក្នុងតំបន់មានដីហុយ សុទ្ធសឹងធ្វើឲ្យម៉ាស៊ីនពោរពេញ ទៅដោយភាពកខ្វក់។ ដូចនេះ អ្នកគួរជូតសម្អាតម៉ាស៊ីនរថយន្ត ២ទៅ៣ដងក្នុងមួយខែ និងធ្វើការលាងសម្អាតម៉ាស៊ីន ១ទៅ ២ដងក្នុងមួយឆ្នាំ។

៣. លាងសម្អាតបន្ទាប់ពីជួសជុល៖ ការលាងសម្អាតម៉ាស៊ីនរថយន្តក៏គួរធ្វើឡើងនៅពេលរថយន្តជួសជុលរួចរាល់នូវបញ្ហាគ្រឿងម៉ាស៊ីនដូចជា ប្តូរបន្ទះស៊ីឡាំង ឬផ្នែកផ្សេងៗដែលលេចប្រេង ចេញមកខាងក្រៅធ្វើឲ្យប្រឡាក់គ្រឿងម៉ាស៊ីនជាដើម។ ការធ្វើដូចនេះមិនត្រឹមតែលាងជម្រះនូវកាកសំណល់កកស្អិត និងបំបាត់ក្លិនអាក្រក់នោះទេ តែវាថែមទាំងជួយផ្តល់សញ្ញាក្លិនច្បាស់ លាស់ដល់អ្នកបើកបរនៅពេលមានបញ្ហាលើផ្នែកណាមួយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រទេសអាស៊ានដំបូងគេបង្អស់ មាន Showroom ឡាន Bugatti ជាផ្លូវការ

ក្រុមហ៊ុនរថយន្តបារាំង Bugatti ទើបតែបានបើក Showroom របស់ខ្លួនដំបូងបង្អស់នៅក្នុងប្រទេសសិង្ហបុរី ហើយបានប្រើប្រាស់ម៉ូដែល Chiron Pur Sport ដើម្បីអបអរសាទរកម្មវិធីរបស់ខ្លួន។

បន្ទប់តាំងបង្ហាញរថយន្តថ្មីរបស់ Bugatti នេះ ស្ថិតនៅឯ Singapore Botanic Gardens ហើយបានបើកតាមរយៈដៃគូសហការណ៍ Wearnes ដែលជាឈ្មួញលក់រថយន្តប្រណីត បង្កើតឡើងតាំងពីឆ្នាំ១៩០៦ មកម្ល៉េស។

អ្វីដែលពិសេសសម្រាប់ Showroom នេះគឺថា បុគ្គលិករបស់ Bugatti អាចជួបជាមួយភ្ញៀវនៅទីនោះ ហើយភ្ញៀវអាចប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់របស់ Bugatti ដើម្បី Configure ឬ ជ្រើសរើស Option លើរថយន្តរបស់ពួកគេ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Bugatti Singapore ក៏មានអ្នកជំនាញលើរថយន្ត Bugatti ដែលអាចធ្វើដំណើរទូទាំងអាស៊ី រួមទាំង អូស្ត្រាលី និង នូវែសហ្សេឡង់ ដើម្បីផ្តល់សេវាកម្ម និងជួសជុលរថយន្តផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep ចេញឡាន SUV កៅអី៣ជួរថ្មីមួយទៀត ផលិតនៅប្រេស៊ីល លើកដំបូង

ក្រុមហ៊ុន Jeep បានប្រកាសចេញរថយន្ត SUV ម៉ូដែលថ្មីមួយទៀតជាផ្លូវការ ដោយហៅថា Jeep Commander ដែលត្រូវបានអភិវឌ្ឍន៍ និងផលិតនៅក្នុងប្រទេសប្រេស៊ីល។

រថយន្ត Jeep Commander ឆ្នាំ២០២២ នេះ ត្រូវបានផលិតលើគ្រោងឆ្អឹង Small Wide Platform ដែលមានប្រើលើម៉ូដែល Compass ប៉ុន្តែមានតួខ្លួនវែង និងពេញ សម្រាប់អ្នកដំណើររហូតដល់ទៅ ៧អ្នកឯណោះ។

រថយន្ត SUV កៅអី ៣ជួរនេះមានប្រវែងខ្លួន ៤ ៧៦៩មីល្លីម៉ែត្រ ទទឹង ១ ៨៥៩មីល្លីម៉ែត្រ កម្ពស់ ១ ៦៨២មីល្លីម៉ែត្រ និងប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៧៩៤មីល្លីម៉ែត្រ។

រថយន្ត Jeep Commander ឆ្នាំ២០២២ ផ្តល់ជម្រើស ២ ម៉ូដែល គឺ Limited និង Overland។ ពួកវាមានបំពាក់កុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញមកស្តង់ដារ រួមទាំង អេក្រង់កម្សាន្តទំហំ ១០,១អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto បាន, ប្រព័ន្ធសំឡេង Harman Kardon មាន Speaker ៩គ្រាប់ និងដំបូលកញ្ចក់វែង Panoramic Sunroof ផងដែរ។

វាផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីន turbocharged ចំណុះ ១,៣លីត្រ មានកម្លាំង ១៨៥សេះ ប្រើប្រអប់លេខអូតូ ៦វគ្ក និងប៉ុងមួយវិលកង់មុខ។ ចំណែកឯម៉ាស៊ីនមួយទៀតគឺ ចំណុះ ២,០លីត្រ turbodiesel មានកម្លាំង ១៧០សេះ ប្រើប្រអប់លេខអូតូ ៩វគ្គ និងប៉ុងពីរ។

រថយន្ត Jeep Commander ឆ្នាំ២០២២ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៣៨ ០០០ដុល្លារ ឡើងរហូតដល់ ៥៣ ២០០ដុល្លារ សម្រាប់ទីផ្សារប្រទេសប្រេស៊ីល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+