ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Ranger ឆ្នាំ ២០២៣ ឌីស្សាញស្រដៀងភីកអាប់ខ្នាតតូច Ford Maverick

បន្ទាប់ពីមានវត្តមាននៅលើទីផ្សាររយ:ពេល ១០ឆ្នាំ រថយន្ត Ford Ranger ម៉ូឌែលបច្ចុប្បន្នគ្រោងនឹងទទួលការអភិវឌ្ឍន៍ថ្មី ជាមួយការរំពឹងថានឹងបង្ហាញវត្តមាននាឆ្នាំក្រោយ ខណ:ពេលមានរូបភាពដែលកំពុងធ្វើតេស្តនៅលើដងផ្លូវត្រូវគេប្រមាញ់បាន។

យោងតាមរូបភាពទាំងនោះ គេឃើញថាផ្នែកខាងមុននៃរថយន្ត Ford Ranger ឆ្នាំ ២០២៣ មានភាពខុសគ្នានឹងជំនាន់បច្ចុប្បន្ន ដោយវាស្រដៀងភីកអាប់ខ្នាតតូចរបស់ Ford គឺរថយន្ត Maverick ដែលទើបចេញកាលពីពេលថ្មីៗកន្លងទៅនេះ។ ប្រព័ន្ធភ្លើងបំភ្លឺខាងមុខបានប្រើជាមួយចង្កៀងប្រភេទ LED រូបរាងជាអក្សរ C រួមជាមួយប៉ាណាទំហំធំ, ចង្កៀងក្រោយថ្មី និងកាងលំអរ (Sport bar)ផងដែរ។ បន្ថែមពីនេះវាក៏នឹងទទួលបាននូវប្រព័ន្ធកម្សាន្តចុងក្រោយរបស់ Ford គឺ SYNC4 ជាមួយជម្រើសអេក្រង់ទំហំ ១២អ៊ីញ និង ១៥,៥អ៊ីញ រួមជាមួយកុងទ័របង្ហាញទំហំ ១២អ៊ីញផងដែរ។

យោយតាមទំព័រ CarExpert បាននិយាយថា រថយន្ត Ford Ranger ឆ្នាំ ២០២៣ នឹងទទួលបាននូវម៉ាស៊ីនកូនកាត់ PHEV រួមជាមួយម៉ាស៊ីនសាំង ឬម៉ាស៊ូត។ សម្រាប់ម៉ាស៊ីនសាំង ២,៣លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ មានសម្ថភាពផលិតកម្លាំងបាន ៣៦២សេះ និងកម្លាំងបង្វិល ៦៨០ញ៉ូតុនម៉ែត្រ។ ក្រៅពីជម្រើស ២,៣លីត្រ ក៏មានជម្រើសម៉ាស៊ីនសាំង ២,៧លីត្រ និង ៣,០លីត្រ V6ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សំឡេងរំខានលើរថយន្តទាំង ១៣ប្រភេទ បង្ហាញថារថយន្តរបស់អ្នកកំពុងមានបញ្ហា | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] រថយន្តខូច ឬមានបញ្ហាតែងតែបង្ហាញសញ្ញាខុសៗគ្នា ដូចជា មានភ្លើងលោកឡើងលើតាប្លូ, ញ័រដៃចង្កូត និងមានសម្លរងជាដើម។ ថ្ងៃនេះក្រុមការងារ ខេមបូអូតូ សូមលើកយកនូវរថយន្តមានបញ្ហាបង្ហាញតាមសម្លេង មកបង្ហាញជូនបងប្អូនទាំងអស់គ្នាអោយបានដឹង ពីព្រោះសម្លេងអាចប្រាប់ដោយផ្ទាល់អំពីភាពមិនប្រក្រតីផ្សេងគ្នាដែលអ្នកជាម្ចាស់រថយន្តគួរគប្បីយកចិត្តទុកដាក់ប្រុងប្រយ័ត្នក៏ដូចជាយកទៅត្រួតពិនិត្យជួស ជុលដើម្បីជៀសវាងគ្រោះថ្នាក់ និងរក្សាយានយន្តឲ្យមានអាយុកាលយូរអង្វែង។

១. សំឡេងពេលបង្វិលចង្កូត៖ សំឡេងនេះបន្លឺឡើងនៅពេលបង្វិលចង្កូតត្រង់ផ្លូវបត់ដែលបណ្តាលមកពីកង្វះប្រេងត្រង់អ័ក្សបង្វិលចង្កូតភ្ជាប់ទៅនឹងកង់។ ដូចនេះវាត្រូវការប្រេង រំអិលបន្ថែម ឬប្រសិនបើឃើញថាខូចខាតខ្លាំងគួរតែផ្លាស់ប្តូរថ្មីតែម្តង។

២. សំឡេងកកិតពេលចាប់ហ្វ្រាំង៖ អាចមកពីបញ្ហាជើងហ្វ្រាំង ឬផ្នែកផ្សេងទៀតរងការខូចខាត ឬដំឡើងមិនបានត្រឹមត្រូវ។

៣. សំឡេងបក់ឮភឹបៗ៖ ស្តាប់ទៅហាក់បីដូចសំឡេងសត្វទទះស្លាបដែលអាចមកពីកង្ហាម៉ាស៊ីនត្រជាក់មិនប្រក្រតីឬខូចខ្សែពាន។

៤. សំឡេងកកិតនៅពេលប្តូរលេខដៃ៖ នេះប្រហែលមានបញ្ហាលើអំប្រាយ៉ាដែលអាចសឹករេចរិល។ វាក៏អាចបង្ហាញអំពីបញ្ហាធ្ងន់ធ្ងរជាមួយនឹងប្រព័ន្ធប្រអប់លេខ។

៥. សំឡេងក្រោមគម្របម៉ាស៊ីនឡាន៖ សំឡេងនេះបន្លឺឡើងនៅក្រោយពេលពន្លត់ម៉ាស៊ីនដែលជាសញ្ញានៃការលេចធ្លាយទឹកបញ្ចុះកំដៅម៉ាស៊ីន ឬលេចធ្លាយប្រេងទៅលើផ្នែកណា មួយនៃម៉ាស៊ីន ឬបំពង់ខ្យល់។ ប្រសិនបើមិនជួសជុលទេអាចបណ្តាលឲ្យម៉ាស៊ីនរថយន្តឡើងក្តៅ និងស៊ីប្រេងឥន្ទនៈខុសធម្មតា។

៦. សំឡេងផ្ទុះ៖ បណ្តាលមកពីការចាប់ប្រេងឥន្ទនៈដែលមានលាយជាមួយបរិមាណខ្យល់ច្រើន ឬមកពីឧបករណ៍បម្លែងកាតាលីករដំណើរការមិនប្រក្រតី។

៧. សំឡេងចេញពីម៉ាស៊ីន៖ អាចមកពីការប្រើប្រេងឥន្ទនៈមានផ្ទុកឧស្ម័នអូតានខ្ពស់ពេក។

៨. សំឡេងចេញពីក្រោមឡាន៖ រលុងបំពង់ស៊ីមាំង ឬរលុងជើងហ្វ្រាំង។

៩. សំឡេងរោទិ៍ខ្លាំងពេលបង្កើនល្បឿន៖ បញ្ហាចំបងអាចមកពីប្រព័ន្ធបញ្ចេញផ្សែងមានបញ្ហា និងមួយវិញទៀតបណ្តាលមកពីប្រអប់លេខដែលអំប្រាយ៉ាចាប់ផ្តើមរអិលពេលអស់អាយុកាល ប្រើប្រាស់។

១០. ឮសូរពេលបង្កើនល្បឿន៖ ជាធម្មតាសំឡេងនេះបង្ហាញពីខ្សែពានរលុង ឬអស់គន្លាក់ប្រែទៅជារអិល។

១១. សំឡេងពេលចាប់ហ្វ្រាំង៖ មិនមានអ្វីព្រួយបារម្ភច្រើនទេគ្រាន់តែថាសចាប់ហ្វ្រាំងកខ្វក់ ឬស្បែកហ្វ្រាំងសឹកតែប៉ុណ្ណោះ។

១២. សំឡេងថ្ងូរ៖ អាចស្ពឺ ឬប្រអប់លេខសឹក។

១៣. សំឡេងក្រឹកៗនៅក្នុងម៉ាស៊ីន៖ បញ្ហាធំបំផុតនោះគឺប្រេងម៉ាស៊ីនស្ថិតក្នុងកម្រិតទាប។ ដូចនេះគួរឆែកមើលទៅលើកម្រិតប្រេងម៉ាស៊ីន  ប្រសិនបើឃើញថាមិនមានបញ្ហាអ្វីទេ វាប្រហែល អាចមកពីសម្ពាធប្រេងនៅប្រព័ន្ធណាមួយធ្លាក់ចុះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus បន្ថែមជម្រើសថ្មីម៉ូដែល Black Line Edition និងភ្ជាប់ដោយបច្ចេកវិទ្យាស្តង់ដារថ្មី ទៅលើ GX 460 ឆ្នាំ ២០២២

Lexus នៅតែព្យាយាមបំពាក់បន្ថែមនៅមុខងារទៅលើរថយន្តប្រភេទ Off-Road របស់ខ្លួន ម៉ូដែល GX 460 ដែលនឹងត្រូវបានបន្ថែមបច្ចេកវិទ្យាថ្មី និងជម្រើស Black Line Edition។ បច្ចេកវិទ្យាថ្មីដែលនឹងបំពាក់បន្ថែមទៅលើគ្រប់ម៉ូដែល GX 460 នោះរួមមាន ប្រព័ន្ធជំនួយការចូលចំណត ផែនទី មុខងារបញ្ជារកញ្ចក់ក្តោបអូតូ រួមជាមួយអេក្រង់កំសាន្តថ្មីទំហំ ១០,៣អុីញ ដែលមានមុខងារ Apple CarPlay និង Android Auto រួមជាមួយកម្មវិធី Amazon Alexaផងដែរ។

ក្រៅពីនេះមុខងារសុវត្ថិភាពឆ្លាតវៃស្តង់ដាររួមមាន ប្រព័ន្ធផ្តល់សញ្ញា និងបញ្ឈប់រថយន្ត PCS (រួមទាំងការពារអ្នកថ្នើរជើងឆ្លងកាត់ផងដែរ) ប្រព័ន្ធរក្សាគន្លងផ្លូវ LDA ប្រព័ន្ធភ្លើងហ្វា/កូដស្វ័យប្រវត្តិ និងប្រព័ន្ធកំណត់ល្បឿនថេរ បន្ថយ និងបន្ថែមល្បឿនដោយស្វ័យប្រវត្តិ។ អ្វីដែលពិសេសនោះ អតិថិជនអាចមានជម្រើសប្រភេទថ្មីពិសេសរបស់ GX 460 គឺប្រភេទ Black Line Edition ដែលមានបានបំពាក់លើម៉ូដែល Premium អាចជម្រើសយកពណ៌ខ្មៅសុទ្ធ ពណ៌ខ្មៅលាយក្រម៉ៅដិត សផ្លេក និងពណ៌ត្រអុី (បៃតងក្រម៉ៅ)។

ចំពោះតម្លៃវិញមិនទាន់មានការបញ្ជាក់នៅឡើយទេ ប៉ុន្តែសម្រាប់ប្រភេទ GX 460 Premium ២០២១ មានតម្លៃចាប់ពី ៥៦ ៥៤០ដុល្លារ (ទីផ្សារបរទេស)។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មូលហេតុភ្លើង ABS លោតឡើងជាប់លើកុងទ័រ | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ប្រព័ន្ធ​ហ្វាំង​ ABS (Anti-lock Braking System) គឺ​ជា​​ប្រព័ន្ធ​ហ្វ្រាំង​សុវត្ថិភាព​មួយ​ដែល​អាច​កែ​សម្រួល​សម្ពាធ​ហ្វ្រាំង​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​ចាប់​ ក្នុង​ស្ថានភាព​ប្រថុចញ៉ុច​ បើ​និយាយ​រួម​វា ជួយ​ទប់​លំនឹង និង​ជួយ​ការពារ​រថយន្ត​មិន​ឲ្យ​រ៉េ​ចង្កូត​ក្រឡាប់​ពេល​ត្រូវ​ចាប់​បង្ខំ​ខ្លាំង។ ម្ចាស់​រថយន្ត​មួយ​ចំនួន​ក៏​ប្រហែល​ធ្លាប់​​ជួប​ករណី​លោត​ភ្លើង​ ABS ​ជាប់​នៅ​លើ​តាប្លូ​រថយន្ត ដោយ​មានបងប្អូនមួយចំនួន​​ពុំបាន​ដឹង​ថា​មក​ពី​មូលហេតុ​អ្វី​នោះ​ទេ និង​មាន​ន័យ​បែប​ម៉េច​នោះ​ទេ។

ជា​ទូទៅ ប្រព័ន្ធ​ហ្វ្រាំង ABS ចាប់​ផ្ដើម​ដំណើរ​ការ​នៅ​រាល់​ពេល​អ្នក​កាច់​សោ​បញ្ឆេះ​រថយន្ត ដែល​វា​នឹង​លោត​ភ្លើង​សញ្ញា ABS មួយ​ភ្លែត​រួច​ក៏​រលត់​ទៅ​វិញ​ដោយ​ខ្លួនឯង។ ប៉ុន្តែ​ប្រសិន​បើ​ប្រព័ន្ធ​តាម​ដាន​រថយន្ត​រក​ឃើញ​ថា​ហ្វ្រាំង​ ABS មាន​បញ្ហា ភ្លើង​សញ្ញា​ហ្វ្រាំង ABS នឹង​លោត​ជាប់​រហូត​នៅ​លើ​តាប្លូ។

  • ករណី​ភ្លើង​ហ្វ្រាំង​ ABS លោត​ជាប់​នៅ​ពេល​បើកបរ វា​បង្ហាញ​ថា​ប្រព័ន្ធ​ហ្វ្រាំង​ ABS ដំណើរ​ការ​មិន​បាន​ត្រឹម​ត្រូវ។ ​ហ្វ្រាំង​រថយន្ត​នៅ​តែ​ដំណើរ​ការ​ធម្មតា គ្រាន់​តែ​ប្រព័ន្ធ​ហ្វ្រាំង ABS មិន​បាន​ជួយ​សម្រួល​សម្ពាធ​រាល់​ពេល​ចាប់​ហ្វ្រាំង​បង្ខំ​ក្នុង​ស្ថានភាព​ទាន់ហន់​ទៀត​ឡើយ។ អ្នក​នៅ​អាច​បន្ត​បើក​​រថយន្ត​ទៅ​មុខ​ ប៉ុន្តែ​មិន​គួរ​បើកបរ​នៅ​ក្នុង​ល្បឿន​នោះ​ទេ។
  • ចំណែកឯ​​​មួយ​ករណីទៀត​ដែល​ភ្លើង​សញ្ញា​ហ្វ្រាំង ABS និង​ប្រព័ន្ធ​ហ្វ្រាំង​ធម្មតា លោត​ឡើង​ក្នុង​ពេល​តែ​មួយ មាន​ន័យ​ថា​រថយន្ត​អ្នក​គ្មាន​សុវត្ថិភាព​នឹង​បើក​ទៅ​មុខ​ទៀត​នោះ​ទេ។ ដូច​នេះ​គួរ​ប្រញាប់​បញ្ឈប់​រថយន្ត និង​ស្វែង​រក​ជំនួយ​ទើប​ប្រសើរ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

គ្រាប់អុចតូចៗបង្កប់ក្នុងឡាន Land Cruiser ពេលឆ្លុះជាមួយមីក្រូទស្សន៍ទើបដឹងថាមានបង្កប់ព័ត៌មានពិសេស

ក្នុងវីដេអូ Review រថយន្ត Land Cruiser ដែលចេញផ្សាយកាលពីថ្មីៗកន្លងទៅនេះរបស់ YouTuber រុស្ស៊ីម្នាក់ បានបង្ហាញអំពីគ្រាប់អុចតូចៗដែលមានទីតាំងស្ថិតនៅលើគ្រោងឆ្អឹងរបស់រថយន្តដែលនៅទីតាំងនៃអាគុយ។

គ្រាប់អុចតូចៗទាំងនេះមើលទៅមិនមានអ្វីពិសេសនោះទេ ប៉ុន្តែនៅពេលដែលយកមីក្រូទស្សន៍មកឆ្លុះមើលទើបគេអាចមើលឃើញថាវាមានបង្កប់នូវលេខ VIN (លេខសម្គាល់រថយន្ត) របស់រថយន្ត ដែលមានបង្ហាញបញ្ច្រាសផង និងបង្ហាញត្រឹមត្រូវផង។

ការបង្កប់លេខ VIN បែបនេះគឺដើម្បីការពាររថយន្តពីការលួច ព្រោះថាប្រសិនបើរថយន្តត្រូវលួចបាន ហើយលេខ VIN ដែលមានមើលឃើញច្បាស់ៗត្រូវបានលុបចេញ គ្រាប់អុចតូចៗទាំងនេះអាចជាតម្រុយសម្រាប់សមត្ថកិច្ចក្នុងការតាមដានសញ្ញារបស់រថយន្តដែលបាត់ទៅ។

តាមរយៈវីដេអូ Review ជនខិលខូចអាចដឹងអំពីទីតាំងបង្កប់នេះបាន ប៉ុន្តែគេជឿជាក់ថាក្រុមហ៊ុន Toyota អាចមានបង្កប់លេខ VIN នៅទីតាំងផ្សេងទៀតដែលមានតែក្រុមហ៊ុនផ្ទាល់ទើបអាចដឹងច្បាស់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda Civic រូបរាងថ្មីលក់នៅថៃ តម្លៃមិនដល់ ៣ម៉ឺនដុល្លារ

រថយន្ត Honda Civic ជំនាន់ទី១១ដែលបានផ្លាស់ប្ដូររូបរាងថ្មីនោះ បានដាក់លក់ជាផ្លូវការហើយនៅប្រទេសថៃ ដែលជាប្រទេសដំបូងគេនៅអាស៊ីអាគ្នេយ៍មានរថយន្តស៊េរីថ្មីនេះលក់លើទីផ្សារ។

Honda Civic លក់នៅប្រទេសថៃ មានចំនួនបីជម្រើស ក្នុងនោះមាន EL, EL+ និង RS ដោយប្រភេទនីមួយៗមានតម្លៃចាប់ពី ២៩ ០០០ដុល្លារ, ចាប់ពី ៣០ ៣០០ដុល្លារ និងតម្លៃចាប់ពី ៣៦ ០០០ដុល្លារ។

រថយន្តដែលដាក់លក់នេះមានប្រើប្រាស់ម៉ាស៊ីន Turbocharged ចំណុះ១,៥លីត្រ អាចផលិតកម្លាំងបាន១៧៨សេះ និងប្រើប្រាស់ប្រអប់លេខ CVT ដែលមានប្រភេទបើកស្តង់ដារ Econ និង Normal សម្រាប់ប្រភេទ EL និង EL+ ខណៈប្រភេទ RS មានបន្ថែមប្រភេទ Sport មួយទៀត។ ចំណែកកម្រិតស៊ីប្រេងនោះគឺ ៥,៨លីត្រ ក្នុងចម្ងាយ១០០គីឡូម៉ែត្រ។

មុខងារសុវត្ថិភាពដែលមានបំពាក់លើរថយន្តជាមួយនឹង Honda Sensing មានដូចជាមុខងារព្រមានពីការប៉ះទង្គិច និងចាប់ហ្វ្រាំងស្វ័យប្រវត្តិ, មុខងារសម្គាល់អ្នកថ្មើជើង និងអ្នកជិះកង់, មុខងារ Adaptive Cruise Control និងមុខងារជាច្រើនទៀត ហើយមានគួបផ្សំជាមួយប្រព័ន្ធ Honda LaneWatch ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ ឥណ្ឌា ចេញឡានអគ្គិសនិកម្លាំង ១០០០សេះ សាកម្តងរត់បាន ៥២០គ.ម

ក្រុមហ៊ុនផលិតរថយន្តឥណ្ឌាមួយមានឈ្មោះថា Mean Metal Motors បានប្រកាសចេញរថយន្តអគ្គិសនីប្រភេទ Hypercar ថ្មី ហៅថា Azani។

ក្រុមហ៊ុន Mean Metal Motors អះអាងថា រថយន្តអគ្គិសនី Azani ប្រើប្រាស់គ្រោងឆ្អឹង carbon fiber monocoque ជាមួយនឹង aluminum crash structures។ វាបំពាក់ម៉ូទ័រអគ្គិសនីដែលបង្កើតកម្លាំងបានរហូតដល់ទៅ ១ ០០០សេះ ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ២,១វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ ៣៥៤គីឡូម៉ែត្រក្នុងមួយម៉ោង។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះគឺ រថយន្ត Azani បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ១២០គីឡូវ៉ាត់ម៉ោង ដែលអាចឲ្យវាបើកបរបានចម្ងាយដល់ ៣២៥ម៉ាយ៍ ឬ ៥២៣គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

រថយន្តអគ្គិសនីឥណ្ឌាខាងលើនេះ មិនមែនខ្លាំងបានតែលើផ្លូវលាតត្រង់ប៉ុណ្ណោះទេ ប៉ុន្តែ Mean Metal Motors អះអាងថា Azani មានបំពាក់ប្រព័ន្ធបូម double-wishbone suspension ជាមួយនឹង adaptive damping និងប្រព័ន្ធចង្កូតអេឡិចត្រូនិច ទៀតផង។

លើសពីនេះទៅទៀត វាក៏មានបំពាក់ហ្វ្រាំងឌីស ventilated carbon-ceramic brake discs ជាមួយនឹងមុខងារ torque vectoring ព្រមទាំងមុខងារជំនួយការបើកបរជាច្រើន រួមទាំង adaptive cruise control, blind-spot detection, collision-avoidance system, emergency braking និង automatic lane changing ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ថាឡាន GT-R Nismo ឆ្នាំ២០២២ លក់ដាច់អស់ពីស្តុកហើយ!

ស្របពេលដែលរថយន្ត Nissan GT-R ជំនាន់ R35 ចេញលក់អស់រយៈពេលជាង ១០ឆ្នាំមក ក្រុមហ៊ុនរថយន្តជប៉ុននេះក៏មិនមានបញ្ហាក្នុងការលក់ម៉ូដែល GT-R Nismo ឆ្នាំ២០២២ ដែរ។

បង្ហាញខ្លួនកាលពីខែមេសាកន្លងទៅ រថយន្ត GT-R Nismo នឹងផ្តល់ជម្រើសម៉ូដែលស្តង់ដារ និង Special Edition ហើយផលិតត្រឹមតែ ៣០០គ្រឿងប៉ុណ្ណោះ។ មកដល់ពេលនេះ ក្រុមហ៊ុន Nissan ក៏បានឈប់ទទួលការបញ្ជាទិញដែរ ព្រោះថាវាមានម្ចាស់អស់បាត់ទៅហើយ។

ក្នុងនោះក្រុមហ៊ុន Nissan បានបញ្ជាក់ថា ៩៩% នៃអតិថិជនបានជ្រើសរើសយកម៉ូដែល GT-R Nismo Special Edition ជាជាងម៉ូដែលស្តង់ដារ ព្រោះវាមានបន្ថែមដំបូលម៉ាស៊ីន carbon fiber និង យ៉ាន់ ២០អ៊ីញ ប្រភេទ Rays forged aluminum ពណ៌ខ្មៅលាយក្រហម។ មិនតែប៉ុណ្ណោះ អតិថិជនជាងពាក់កណ្តាលបានជ្រើសរើស Option ពណ៌ប្រផេះ Nismo Stealthy Gray ទៀតផង។

រថយន្ត GT-R Nismo ឆ្នាំ២០២២ មានបំពាក់ម៉ាស៊ីនចំណុះ ៣,៨លីត្រ twin-turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៥៩២សេះ និងកម្លាំងបង្វិល ៦៥២ញ៉ូតុនម៉ែត្រ ហើយមានតម្លៃ ២១៥ ០០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាងឡាន Honda CR-V ជំនាន់ថ្មី ដូរប៉ុណ្ណេះម៉េចដែរ?

រថយន្ត Honda CR-V ត្រូវបានរំពឹងថានឹងប្រកាសចេញនូវជំនាន់ថ្មីឆាប់ៗនេះ ហើយកាលពីដើមឆ្នាំកន្លងទៅគេបានឃើញនូវប្រភេទគំរូនៃរថយន្តជំនាន់ថ្មីនេះ ត្រូវបានតេស្តនៅរោងចក្រនៅអឺរ៉ុបផងដែរ។

វិបសាយ Motor1 បានផលិតចេញរូបភាព Render នៃរូបរាងរថយន្ត CR-V ជំនាន់ថ្មី ដែលបានបង្កើតឡើងផ្អែកតាមគំរូរថយន្តដែលគេបានឃើញកន្លងមក ដើម្បីឲ្យគ្រប់គ្នាបានឃើញកាន់តែច្បាស់ពីរូបរាងរថយន្ត SUV ខ្នាតតូចជំនាន់ទី៦នេះ។

បញ្ជាក់ថារូបភាពដែលបង្ហាញទាំងនេះគឺជារូបភាព Render បង្កើតតាមរូបរាងរថយន្តគំរូ និងបង្កើតតាមគំនិតស្រមើស្រមៃ ក៏ដូចជាបង្កើតឡើងផ្អែកតាមរចនាបថរថយន្ត Honda ស៊េរីថ្មីដែលបានបង្ហាញចេញនាពេលកន្លងមកផងដែរ។

Honda CR-V ជំនាន់ថ្មីរំពឹងថានឹងបង្ហាញចេញនៅក្នុងឆ្នាំ២០២២ សម្រាប់លក់ចេញជាស៊េរីឆ្នាំ២០២៣ ហើយក្នុងពេលខាងមុខនេះគេនឹងឃើញគំរូនៃរថយន្តនេះបើកបរលើដងផ្លូវជាបន្តបន្ទាប់ ដែលនឹងអាចផ្ដល់ជាតម្រុយបន្ថែមទៀតអំពីវា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Cruiser ស៊េរីថ្មីលក់ដាច់ពេកផលិតមិនទាន់ ដល់ថ្នាក់ត្រូវចាំមួយឆ្នាំទើបបានឡានជិះ

ទស្សនាវដ្ដីជប៉ុន Car Watch បានរាយការណ៍ថាការកុម្ម៉ង់ទិញរថយន្ត Land Cruiser ស៊េរីថ្មីនៅថ្ងៃនេះនៅឯប្រទេសជប៉ុន អតិថិជននឹងត្រូវធ្វើការរង់ចាំយ៉ាងលឿនបំផុតមួយឆ្នាំ ទើបទទួលបានរថយន្តដល់ដៃ។

នេះក៏ដោយសារតែមានមនុស្សជាច្រើនបានសម្រុកទិញរថយន្ត Land Cruiser ជំនាន់ថ្មីនៅជប៉ុន ធ្វើឲ្យការផលិតមិនអាចសម្រេចបានលឿនជូនដល់អតិថិជននោះឡើយ ហើយវាអាចបង្ហាញបានថា Land Cruiser រូបរាងថ្មី ទទួលបានការពេញចិត្តខ្លាំងលើសពីការរំពឹងទុក។

គួរដឹងថា Land Cruiser ជំនាន់ថ្មីមានដាក់លក់នៅប្រទេសជប៉ុនក្នុងតម្លៃចាប់ពីប្រមាណ ៤៦ ៥០០ដុល្លារប៉ុណ្ណោះ ដែលជាតម្លៃធូរថ្លៃជាងគេបើប្រៀបនឹងតម្លៃនៅលើទីផ្សារដទៃទៀត ដោយសាររថយន្តនេះមានផលិតតែនៅរោងចក្រ Toyota ក្នុងប្រទេសជប៉ុនមួយគត់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+