ផ្ទាំងផ្សាយពាណិជ្ជកម្ម

ហេតុផលមួយនេះ Ford សម្រេចចិត្តបញ្ចប់ជីវិត Super Duty Tremor XLT ឆ្នាំ ២០២២

ក្រុមហ៊ុនផលិតរថយន្តជាច្រើនបានធ្វើការសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ទាក់ទងនឹងការផលិតរថយន្តរបស់ខ្លួន ដោយសារបញ្ហាខ្វះបន្ទះឈីប។ ខណ:បន្ទះឈីបដែលទទួលបានផ្គត់ផ្គង់ មិនបានធ្វើអោយក្រុមហ៊ុនផលិត ផលិតរថយន្តគ្រប់ម៉ូឌែលឡើងវិញនោះឡើយ តួរយ៉ាង Ford បានសម្រេចចិត្តបញ្ចប់ជីវិត Super Duty Tremor XLT ឆ្នាំ ២០២២។

អ្នកតំណាងក្រុមហ៊ុន Ford បានបញ្ជាក់ប្រាប់ TFL Truck ថាម៉ូឌែល XLT ប្រភេទ Entry-level សម្រាប់រថយន្ត F-250 និង F-350 Tremor នឹងមិនមានវត្តមានសម្រាប់ម៉ូដែលឆ្នាំ ២០២២ទេ ព្រោះបញ្ហាខ្វះបន្ទះឈីប។ ប៉ុន្តែតែមានវត្តមានម៉ូឌែល Lariat, King Rancg និង Platinum។

អ្នកវិភាគឧស្សាហកម្មព្យាករណ៍ថាបញ្ហាខ្វះបន្ទះឈីបនឹងមានការធូរស្បើយខ្លះនៅពាក់កណ្តាលឆ្នាំក្រោយ ប៉ុន្តែការត្រឡប់មកដូចដើមវិញគឺត្រូវការពេលវេលាបន្ថែម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផលអាក្រក់ពេលចាក់ប្រេងម៉ាស៊ីនច្រើនលើសកម្រិត | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ជាទូទៅម្ចាស់រថយន្តតែងផ្លាស់ប្តូរប្រេងម៉ាស៊ីនទៅតាមពេលកំណត់ ប៉ុន្តែពេលខ្លះក៏អាចជួបករណីចាក់ប្រេងម៉ាស៊ីនលើសចំណុះម្តងម្កាលផងដែរ។ ការចាក់ប្រេងម៉ាស៊ីនច្រើន ឬលើសកម្រិតអាចប្រឈមខូចខាតដល់ផ្នែកខាងក្នុងនៃម៉ាស៊ីនរថយន្តព្រមទាំងរាំងស្ទះដំណើរការដល់ម៉ាស៊ីនរថយន្ត។ យ៉ាងណាមិញអ្នកប្រើប្រាស់រថយន្តមួយចំនួនតែងគិតថាការប្តូរប្រេងម៉ាស៊ីនថ្មីដោយចាក់បំពេញបន្ថែមឲ្យលើសកម្រិតគឺជាវិធីដ៏ល្អ ដើម្បីទប់ទល់នៅពេលប្រេងស្រក។ ប៉ុន្តែផ្ទុយមកវិញការធ្វើដូចនេះនឹងផ្តល់ផលអាក្រក់ធ្វើឲ្យប៉ះពាល់ទៅដល់គ្រឿងក្នុងម៉ាស៊ីនរហូតត្រូវ ចំណាយអស់ប្រាក់ច្រើនលើសពីការរំពឹងទុក។

  • ផលប៉ះពាល់នៃការចាក់ប្រេងលើសកម្រិត បើទោះការចាក់ប្រេងមិនមែនជារឿងស្មុគស្មាញ ប៉ុន្តែបើអ្នកធ្វេសប្រហែសតែបន្តិចនោះអ្នកនឹងត្រូវចំណាយប្រាក់ស្ទើរតែអស់ពីហោប៉ៅ។ ជាក់ស្តែង នៅពេលចាក់ប្រេងម៉ាស៊ីនលើសកម្រិតទៅក្នុងកាទែ(oil Pan)ប្រេងម៉ាស៊ីននឹងចាប់ផ្តើមរងប្រតិកម្មគីមីនៃខ្យល់ ហើយពេលវីឡឺប្រឺកាំងនឹងវាយប្រេងម៉ាស៊ីនចូលគ្នាខ្លាំងក្លាយទៅជាពពុះ។ ពពុះនៃប្រេងម៉ាស៊ីនមិនអាចផ្តល់សារធាតុរំអិលឲ្យម៉ាស៊ីនរថយន្តដំណើរការស្រួលឡើយហើយជួនកាលអាចកើតជាករណីផ្សេងៗដូចជា លំហូរនៃប្រេងម៉ាស៊ីនមិនគ្រប់គ្រាន់ ប្រេងម៉ាស៊ីនឡើងក្តៅខ្លាំងនិងករណីបាត់បង់សម្ពាធប្រេង។ ជាលទ្ធផលម៉ាស៊ីនរថយន្តនឹងកង្វះជាតិរំអិលនិងធ្វើឲ្យរអាក់រអួល ឬបើកបរលត់ញឹកញាប់ ជាពិសេសប្រសិនបើទុកយូរអាចធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់គ្រឿងក្នុងនៃម៉ាស៊ីនរថយន្ត។

  • វិធីត្រួតពិនិត្យកម្រិតប្រេង សញ្ញានៃប្រេងម៉ាស៊ីនលើសចំណុះអាចបង្ហាញតាមរយៈផ្សែងចេញច្រើនពីបំពង់ស៊ីម៉ាំង។ ដូចនេះ ដើម្បីត្រួតពិនិត្យកម្រិតប្រេងម៉ាស៊ីន អ្នកអាចចាប់ផ្តើមបើកបរ រថយន្តប្រហែល ៥ ឬ១០នាទីដើម្បីកំដៅម៉ាស៊ីនបន្ទាប់មកឈប់រថយន្តនៅកន្លែងរាបស្មើហើយបើកគម្របម៉ាស៊ីនរថយន្តស្វែងរកកន្លែងចាក់ប្រេង។មួលប្រដាប់វាស់កម្រិតប្រេងពីប្រអប់ផ្ទុកប្រេងម៉ាស៊ីនដោយសម្គាល់មើលពណ៌ប្រេងដែលប្រឡាក់ប្រសិនបើឃើញថាកម្រិតប្រេងម៉ាស៊ីនប្រឡាក់នៅលើសកម្រិតកំណត់ត្រូវយកប្រេងចេញម្តងបន្តិចៗដោយប្រើកំណាត់ជ្រលក់ពូតចេញរហូតសម្គាល់ឃើញកម្រិតប្រេងស្រកត្រឹមកម្រិតដែលបានកំណត់។អ្នកអាចវាស់កម្រិតប្រេងជាថ្មីដោយជូតប្រដាប់វាស់ឲ្យស្អាតបន្ទាប់មកដាក់ចូលក្នុងប្រអប់ប្រេងរយៈពេល ៣វិនាទី រួចយកមកត្រួតពិនិត្យជាការស្រេច។

  • បង្ហូរប្រេងចេញ ក្នុងករណីរកឃើញថាអ្នកបានបើកបររថយន្តជាមួយប្រេងលើសកម្រិតរយៈពេលយូរ អ្នកត្រូវតែយកទៅឲ្យយានដ្ឋានឆែកមើល និងផ្លាស់ប្តូរប្រេងថ្មីទើបប្រសើរ។ចងចាំថាការចំណាយលើប្រេងថ្មីវាគ្រាន់បើជាងចំណាយប្រាក់ក្រាស់ក្រែលើការជួសជុលម៉ាស៊ីន និងធ្វើឲ្យម៉ាស៊ីនរថយន្តខូចខាត៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការថែទាំខ្សែក្រវាត់សុវត្ថិភាព | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ទោះបីខ្សែក្រវាត់ជាឧបករណ៍តូចមួយនៅលើរថយន្ត ប៉ុន្តែវាមានសារៈសំខាន់បំផុតដែលអាចជួយការពារអាយុជីវិតអ្នកបើកបរក៏ដូចជាអ្នកដំណើរនៅពេលមានគ្រោះថ្នាក់ចរាចរណ៍។ អ្នកមិនអាចដឹងច្បាស់ទេថាគ្រោះថ្នាក់នឹងកើតមានឡើងនៅពេលណា អ្វីដែលសំខាន់បំផុតគួរត្រៀមខ្លួនការពារទុកជាមុនទើបប្រសើរ។ ដូចនេះដើម្បីសុវត្ថិភាព អ្នកបើកបរគ្រប់រូបគួរយកចិត្តទុកដាក់ថែរក្សា និងសម្អាតខ្សែក្រវាត់សុវត្ថិភាពឲ្យបានត្រឹមត្រូវដូចខាងក្រោម៖

១. វិធីសម្អាតខ្សែក្រវាត់ ប្រសិនបើខ្សែក្រវាត់មានស្នាមប្រឡាក់ដោយសារកំពប់ភេសជ្ជៈអ្វីមួយលើ អ្នកអាចយកសាប៊ូដុំ និងទឹកក្តៅឧណ្ហៗមកលាងជម្រះចេញជាការស្រេច។ ជៀសវៀងប្រើ សាប៊ូម្សៅដោយសារវាមានជាតិកាត់ខ្លាំងដែលបំផ្លាញដល់ស្បែក និងភាពធន់របស់ខ្សែក្រវាត់។ ជាទូទៅខ្សែក្រវាត់ឡើងកខ្វក់ឬពណ៌ត្នោតគឺជាសញ្ញានៃការបំផ្លាញដែលធ្វើឲ្យគុណភាពប្រើប្រាស់ចុះខ្សោយ ព្រមទាំងងាយប្រឈមដាច់នៅពេលណាមួយ។

២. រក្សាគន្លឹះខ្សែក្រវាត់ឲ្យស្អាត តែងតែរក្សាគន្លឹះខ្សែក្រវាត់ទាំងអស់ស្អាត និងស្ងួតជានិច្ច។ តាមរយៈអ្នកជំនាញបានឲ្យដឹងថាកំទេចដី និងទឹកអាចធ្វើឲ្យគន្លឹះខ្សែក្រវាត់គាំង និងមិនអាចប្រើការបានត្រឹមត្រូវ។ ប្រើផលិតផលស្ព្រៃបាញ់ការពារច្រេះទៅលើគន្លឹះខ្សែក្រវាត់ដើម្បីរក្សាភាពភ្លឺរលោង និងបន្ថែមអាយុកាលប្រើប្រាស់បានយូរអង្វែង។ ករណីគន្លឹះខ្សែក្រវាត់គាំងឬខូច គួរប្រញាប់យកទៅឲ្យអ្នកជំនាញត្រួតពិនិត្យទើបប្រសើរ។

៣. ផ្លាស់ប្តូរខ្សែក្រវាត់ខូចឲ្យឆាប់រហ័សបំផុត ជាទូទៅខ្សែក្រវាត់ខូចមិនអាចជួសជុលបានទេ វិធីតែមួយគត់គឺផ្លាស់ប្តូរថ្មីតែម្តង។ ប្រសិនបើសង្កេតឃើញថាខ្សែក្រវាត់ចាប់ផ្តើមប្រេះថ្នេរឬសឹក វាគឺជាភាពចាំបាច់ដែលអ្នកគួរតែប្រញាប់យកទៅប្តូរថ្មីឲ្យបានកាន់តែឆាប់កាន់តែល្អ។ ចងចាំថាការប្តូរខ្សែក្រវាត់សុវត្ថិភាពត្រូវធ្វើឡើងដោយអ្នកមានជំនាញច្បាស់លាស់ និងប្រើប្រាស់ផលិត ផលខ្សែក្រវាត់ថ្មីដែលមានគុណភាពខ្ពស់។ ដើម្បីទំនុកចិត្តគួរយកទៅឲ្យក្រុមហ៊ុនរថយន្តធ្វើការផ្លាស់ប្តូរឲ្យតែម្តងទើបប្រសើរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW iX3 លក់នៅសិង្ហបុរី តម្លៃថោកជាងប្រភេទប្រើសាំង

រថយន្ត BMW iX3 ដែលជារថយន្តប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ បានដាក់លក់នៅប្រទេសសិង្ហបុរីជាមួយតម្លៃដែលធូរថ្លៃជាងរថយន្ត BMW X3 ដែលជាប្រភេទប្រើប្រាស់ថាមពលប្រេងឥន្ធនៈ។

លើទីផ្សារសិង្ហបុរី រថយន្ត X3 ដែលមានតម្លៃធូរថ្លៃជាងគេបំផុតនាពេលបច្ចុប្បន្នគឺម៉ូដែល sDrive20i xLine ដែលមានតម្លៃប្រមាណ ១៨៨ ៣០០ដុល្លារ ដែលថ្លៃជាងរថយន្ត iX3 ប្រមាណជា ១០០០ដុល្លារ។ ដោយឡែក X3 ដែលថ្លៃជាងគេគឺម៉ូដែល xDrive30e xLine ដែលមានតម្លៃចាប់ពីប្រមាណ ២២២ ៨០០ដុល្លារ។

ចំណែករថយន្ត BMW iX3 វិញមានដាក់លក់នៅសិង្ហបុរីក្នុងតម្លៃចាប់ពីប្រមាណ ១៨៦ ៨៦៦ដុល្លារ ដោយសារតែរថយន្តអគ្គិសនីប្រភេទនេះទទួលបានការអនុគ្រោះក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ ៤៧០ដុល្លារ ដែលជាផ្នែកមួយនៃការលើកទឹកចិត្តប្រជាពលរដ្ឋឲ្យប្រើប្រាស់រថយន្តអគ្គិសនីនៅសិង្ហបុរី។

BMW iX3 មានបំពាក់ដោយអាគុយទំហំ ៨០kWh ដែលអាចផលិតកម្លាំងបាន ២៨២សេះ និងអាចបើកបរបានចម្ងាយប្រមាណ ៤៥៩គីឡូម៉ែត្រពេលសាកពេញម្ដង ដោយការសាកភ្លើងពី ០ ទៅ ៨០% ចំណាយពេលត្រឹម ៣៤នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Land Cruiser ស៊េរីចាស់លក់ចេញបានច្រើនជាងមុន ៧០% នៅទីផ្សារមួយនេះ ទោះស៊េរីថ្មីបង្ហាញខ្លួនហើយក្ដី

នៅលើទីផ្សារប្រទេសអូស្រ្តាលី រថយន្ត Toyota Land Cruiser 200 Series បានបង្កើតនូវកំណត់ត្រាលក់ថ្មីមួយក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១នេះ ទោះបីជារថយន្ត Land Cruiser 300 Series នឹងមានដាក់លក់ឆាប់ៗក្ដី។

Toyota អាចលក់រថយន្ត LC 200 Series បានសរុបរហូតដល់ ១០ ៨០៣គ្រឿង ក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំ២០២១ ដែលមានកំណើន ៧០,៣% បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០២០។ ក្នុងនោះដែរនៅខែមិថុនា ក្រុមហ៊ុនអាចលក់រថយន្តនេះបាន ១ ០៣៥គ្រឿង។

ការកើនឡើងនូវតម្រូវការដែលលើសពីការរំពឹងទុករបស់ Toyota Australia នេះ ក៏បានធ្វើឲ្យរថយន្ត Land Cruiser ប្រើប្រាស់ម៉ាស៊ីន៨ស៊ីឡាំងប្រភេទមួយទឹក មានការឡើងថ្លៃផងដែរ។

បន្ថែមពីនេះ វាបានធ្វើឲ្យ Land Cruiser វ៉ាដាច់គូប្រជែងរបស់ខ្លួនគឺរថយន្ត Nissan Patrol ដោយគិតត្រឹមដំណាច់ខែមិថុនាកន្លងទៅរថយន្ត Nissan Patrol អាចលក់ចេញបាន ១ ៤៥៣គ្រឿងប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Xpander Cross នឹងមកដល់កម្ពុជាជាផ្លូវការក្នុងពេលឆាប់ៗនេះ!

ថ្មីៗនេះ ក្រុមហ៊ុន Mitsu (Cambodia) ដែលជាក្រុមហ៊ុននាំចូលផ្តាច់មុខរថយន្ត Mitsubishi នៅប្រទេសកម្ពុជា បានធ្វើការប្រកាសថា ក្រុមហ៊ុននឹងធ្វើការសម្ពោធរថយន្ត Xpander Cross ជាផ្លូវការនៅថ្ងៃទី​១៧ កក្កដា ឆ្នាំ២០២១ នេះហើយ។

កម្មវិធីសម្ពោធនេះក៏ធ្វើឡើងជាលក្ខណៈ Digital តាមFacebook Page របស់ក្រុមហ៊ុនដោយផ្ទាល់ ព្រមទាំងមានការចូលរួមពី ក្រុមរាំ​ OMG និងពិធីករលោក ណារ៉ាផងដែរ។

បើតាមរយៈក្រុមហ៊ុន Mitsu (Cambodia) បានអោយដឹងថា ការនាំចូលម៉ូដែលរថយន្ត Xpander Cross នេះ ក៏ដោយសារតែ មានកំនើននៃការប្រើប្រាស់រថយន្តប្រភេទ MPV នៅក្នុងប្រទេសកម្ពុជាក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ។ ម៉្យាងវិញទៀត ក៏ដោយសារមើលឃើញពីភាពជោគជ័យនៃម៉ូដែលរថយន្ត Xpander Cross នេះនៅតាមបណ្តាប្រទេសដទៃ ជាពិសេសបណ្តា ប្រទេសនៅតំបន់អាស៊ាននេះតែម្តង។ ការខិតមកដល់នៃរថយន្ត Xpander Cross នេះក៏ទទួលបានចំណាប់អារម្នណ៍ជាច្រើន ពីអតិថិជននៅប្រទេសកម្ពុជា ដោយភាគច្រើនមានការសរសើរលើការរចនា​ស្រស់ស្អាត ស៊ីវីល័យ ព្រមទាំងមានបំពាក់បច្ចេកវិទ្យាថ្មីៗ ជាច្រើន ដែលជាជំនួយដល់ការបើកបរទាំងលើផ្លូវរាបស្មើរ និងផ្លូវលំបាកៗមួយចំនួន។

គួររំលឹកដែរថា ក្រុមហ៊ុន Mitsu (Cambodia) ក៏បានប្រកាសទទួលកក់រថយន្ តXpander Cross នេះក្នុងតម្លៃ​ ៣៥ ៥០០ដុល្លារ ដែលអាចនិយាយបានថាជាតម្លៃសមរម្យ អាចទទួលយកបានសំរាប់រថយន្តប្រភេទ MPV ចំនុះ ៧កៅអីនេះ។

ចង់ដឹងថាកម្មវិធីនេះមានអ្វីពិសេសខ្លះ ហើយលក្ខណៈសម្បត្តិរបស់រថយន្តនេះមានអ្វីខ្លះ តោះចាំមើលទាំងអស់គ្នានៅថ្ងៃទី ១៧ កក្កដា ខាងមុខនេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញហើយ! Volkswagen Golf R ឆ្នាំ២០២២ កម្លាំង ៣១៥សេះ តម្លៃចាប់ពីខ្ទង់ ៤ម៉ឺនដុល្លារ

រថយន្ត Volkswagen Golf R ស៊េរីឆ្នាំ២០២២ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងកម្មវិធី Chicago Auto Show ដោយក្នុងនោះក្រុមហ៊ុនក៏បានបង្ហាញពីព័ត៌មានលម្អិត និងតម្លៃរបស់វា សម្រាប់ទីផ្សារសហរដ្ឋអាមេរិកផងដែរ។

រថយន្ត Volkswagen Golf R ឆ្នាំ២០២២ ជំនាន់ Mk8 នេះ បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣១៥សេះ ហើយមានទាំងជម្រើសប្រអប់លេខអូតូ និងលេខដៃ។

មិនខុសពីស៊េរីមុន Golf R ថ្មីបំពាក់ប្រព័ន្ធប៉ុងពីរ ប៉ុន្តែឥឡូវនេះគឺជាប្រព័ន្ធ 4Motion ថ្មី ដែលរួមមានមុខងារ rear-axle torque vectoring ទៀតផង។ ក្រុមហ៊ុន Volkswagen អះអាងថា រថយន្តរាងតូចច្រឡឹងនេះអាចរត់ដល់ល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

ក្រឡេកទៅមើលខាងក្នុងវិញ រថយន្ត Volkswagen Golf R ឆ្នាំ២០២២ បានបំពាក់កុងទ័រឌីជីថល Digital Cockpit Pro ទំហំ ១០,២៥អ៊ីញមកស្តង់ដារ ក៏ដូចជាអេក្រង់កម្សាន្តទំហំ ១០អ៊ីញ ផងដែរ។

បើនិយាយពីមុខងារសុវត្ថិភាពវាក៏មានច្រើនដែរ រួមទាំងមុខងារ Forward Collision Warning and Autonomous Emergency Braking with Pedestrian and Cyclist Monitoring, Active Blind Spot Monitor, Rear Traffic Alert, Adaptive Cruise Control, Lane Assist, Emergency Assist, Adaptive Front-lighting System, Park Assist with Park Distance Control និង Dynamic Road Sign Display។

សូមបញ្ជាក់ថា រថយន្ត Volkswagen Golf R ឆ្នាំ២០២២ នឹងត្រូវដាក់លក់ក្នុងតម្លៃ ៤៣ ៦៤៥ដុល្លារ សម្រាប់ប្រភេទលេខដៃ និង ៤៤ ៤៤៥ដុល្លារ សម្រាប់ប្រភេទលេខអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen Golf GTI ឆ្នាំ២០២២ ចេញតម្លៃជាផ្លូវការចាប់ពី ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Volkswagen បានប្រកាសពីតម្លៃនៃរថយន្ត Golf GTI ស៊េរីឆ្នាំ២០២២ ថ្មីរបស់ខ្លួនជាផ្លូវការ ដែលនឹងមានតម្លៃចាប់ពី ២៩ ៥៤៥ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Volkswagen Golf GTI ឆ្នាំ២០២២ ដែលលក់នៅសហរដ្ឋអាមេរិក នឹងផ្តល់ជម្រើសចំនួន ៣ ម៉ូដែល គឺ GTI S, GTI SE និង GTI Autobahn។ គ្រប់ម៉ូដែលទាំង ៣ នេះ នឹងប្រើប្រអប់លេខដៃមកស្តង់ដារ ខណៈប្រអប់លេខអូតូ ៧វគ្គ DSG នឹងជា Option។

Golf GTI ឆ្នាំ២០២២ បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ដែលបង្កើតកម្លាំងបាន ២៤១សេះ និងកម្លាំងរមួល ៣៧០ញ៉ូតុនម៉ែត្រ។

រថយន្តខ្នាតតូចនេះមានបំពាក់ចង្កៀងមុខ LED, អំពូល DRL, កុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញ និងអេក្រង់កម្សាន្តដល់ទំហំ ១០អ៊ីញ ព្រមទាំងប្រព័ន្ធភ្លើងបំភ្លឺក្នុងកាប៊ីន Ambient Lighting ៣០ពណ៌ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានវ៉ែនរបស់ក្រុមហ៊ុន Hyundai ចេញលក់ក្នុងប្រទេសថៃ ដោយតម្លៃចាប់ពី ៥ម៉ឺនដុល្លារ

កាលពីខែមេសាកន្លងទៅ រថយន្ត Hyundai Staria ឆ្នាំ២០២១ បានធ្វើការបង្ហាញរូបរាងជាផ្លូវការ ដែលវាជារថយន្តមានរូបរាងដូចជារថយន្តអនាគត នាពេលនេះក្រុមហ៊ុន Hyundai Thailand បានធ្វើការចេញលក់រថយន្តនេះជាផ្លូវការ ដែលវាជាទីផ្សារដំបូងគេនៅអាស៊ីអាគ្នេយ៍។

រូបរាងរបស់ Staria ស៊េរីឆ្នាំ២០២១ មានផ្នែកខាងមុខរាបស្មើដែលអមដោយអំពូលភ្លើងបំភ្លឺពេលថ្ងៃប្រភេទ LED និងអំពូលភ្លើងមួយជួរនៅពីលើឡូហ្គោ Hyundai ផងដែរ ហើយអំពូលភ្លើងបំភ្លឺផ្លូវនាពេលយប់ស្ថិតនៅជាប់កាងខាងក្រោមទាំងសងខាង។ រចនាបថប្លែកនៃរថយន្តបានបន្តទៅដល់ផ្នែកចំហៀង ដែលបង្អួចរបស់រថយន្តហាក់មានពង្រីកខ្លួនធំខុសប្លែកពីធម្មតា។ ចំណែកផ្នែកខាងក្រោយវិញមានបំពាក់អំពូលភ្លើងឲ្យសញ្ញារាងទ្រវែងជាលក្ខណៈបញ្ឈដែលជាអំពូលឌីហ្សាញបែប Parametric Pixel ស្រដៀងនឹងរថយន្ត Ioniq 5 ដែរ។

ចំណែកផ្នែកខាងក្នុងដ៏ទំនើប វាបានបំពាក់ជាមួយកៅអីចំនួន ១១ ដោយកៅអីអ្នកបើកបរអាចបញ្ជាបាន ១២ទិសដៅ, កុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ ភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto, កន្លែងសាកថ្មឥខ្សែ, រន្ធ USB ចំនួន ៧ និងដុំសាកថ្ម ១២វ៉ុល, កាំមេរ៉ាមួយជុំរថយន្ត ៣៦០ដឺក្រ, កញ្ចក់មើលក្រោយ ភ្ជាប់ដោយមុខងារការពារចំណាំងផ្លាត, ភ្លើងអំពូល LED, ទ្វាជំហៀងបើក ឬ បិទដោយស្វ័យប្រវត្តិ, ប្រព័ន្ធ Electric Handbrake with Auto Hold system, ពោងសុវត្តិភាពចំនួន ៦ និងកញ្ចប់សុវត្តិភាព ADAS។

រថយន្តនេះបំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ១៧៧សេះ ហើយអាចប្រើជាមួយប្រអប់លេខដៃ ៦វគ្គ ឬប្រើជាមួយលេខអូតូ ៨វគ្គ។

លើទីផ្សារប្រទេសថៃ រថយន្ត Hyundai Staria ឆ្នាំ២០២១ ផ្តល់នូវជម្រើស ២ម៉ូឌែលគឺ Staria S មានតម្លៃចាប់ពី ៥២ ៩៣៩ដុល្លារ និង Staria SEL មានតម្លៃចាប់ពី ៦១ ២០៦ដុល្លារ។ រថយន្តទាំងពីរម៉ូឌែលនេះ មានជម្រើពណ៌ ខ្មៅ(Abyss Black), ប្រផេះ(Shimmering Silver) និង ប្រផេះ (Steel Graphite)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Compass ឆ្នាំ ២០២២ ចេញផ្លូវការ តម្លៃចាប់ពីជាង ២ម៉ឺនដុល្លារ

ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Chicago Auto Show ក្រុមហ៊ុន Jeep បានធ្វើការបង្ហាញចេញនូវរថយន្ត Compass ឆ្នាំ ២០២២ ជាផ្លូវការ ដោយគ្រោងចេញលក់ជាផ្លូវការចន្លោះខែ កញ្ញា ដល់ខែធ្នូនេះ។

សម្រាប់រូបរាងផ្នែកខាងក្រៅ Compass បានបំពាក់ជាមួយប៉ាណាថ្មីចំនួន ៧ប្រឡោះ, ចង្កៀងមុខ LED, Roof rails និងថាសកង់ទំហំ ១៦-១៧-១៨អ៊ីញ។ ចំណែកផ្នែកខាងក្នុងបានទទួលការអាប់ដេតលើគ្រឿងបរិក្ខា និងតាប្លូថ្មី ដោយបំពាក់ជាមួយអេក្រង់កម្សាន្ត UConnect 5 ទំហំ ៨,៤អ៊ីញ ឬ ១០,១អ៊ីញ, កុងទ័របង្ហាញទំហំ ៣,៥-៧-១០,២៥អ៊ីញ, ឧបករណ៍តន្រ្តីចំនួន ៦ចំណុច និង Power windows / Locks ផងដែរ។

បន្ថែមពីនេះ សម្រាប់ប្រព័ន្ធសុវត្តភាព Jeepបាននិយាយថារថយន្តនេះមានចំនួនលើសពី ៧៥ រួមមាន Highway Assist semi-autonomous system, Pedestrian/cyclist automatic emergency braking, Full-Speed Forward Collision Warning with Active Braking, Active Lane Management, Blind-Spot Monitoring, Rear Cross Path Detection, ParkView rear camera with active grid lines និងមុខងារផ្សេងៗ ជាច្រើនទៀត។

Jeep Compass បំពាក់ដោយម៉ាស៊ីនចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧៧សេះ និងកម្លាំងរមួល ២៣៣ញ៉ូតុនម៉ែត្រ ដំណើរការជាមួយជម្រើសប្រអប់លេខ ៦វគ្គ ឬ៩វគ្គអូតូ។

រថយន្ត Jeep Compass ឆ្នាំ ២០២២ ផ្តល់នូវជម្រើស ៥ម៉ូឌែលមាន Sport, Latitude, Latitude LUX, Limited និង Trailhawk។

  • ម៉ូឌែល Sport មានតម្លៃចាប់ពី ២៤ ៩៩៥ ដុល្លារសម្រាប់ប្រភេទ ៤x២ ឬ ២៦ ៤៩៥ ដុល្លារសម្រាប់ប្រភេទ ៤x៤
  • ម៉ូឌែល Latitude មានតម្លៃចាប់ពី ២៦ ៥២៥ ដុល្លារសម្រាប់ប្រភេទ ៤x២ ឬ ២៨ ០២៥៥ ដុល្លារសម្រាប់ប្រភេទ ៤x៤
  • ម៉ូឌែល Latitude LUX មានតម្លៃចាប់ពី ២៩ ៥៨៥ ដុល្លារសម្រាប់ប្រភេទ ៤x៤
  • ម៉ូឌែល Limited មានតម្លៃចាប់ពី ៣១ ៣៩៥ ដុល្លារសម្រាប់ប្រភេទ ៤x៤
  • ម៉ូឌែល Trailhawk មានតម្លៃចាប់ពី ៣១ ៣៩៥ ដុល្លារសម្រាប់ប្រភេទ ៤x៤
ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+