ផ្ទាំងផ្សាយពាណិជ្ជកម្ម

តិចនិចកាន់ចង្កូតឡានត្រឹមត្រូវ និងសុវត្ថិភាព | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] អ្នកបើកបរមួយចំនួនតែងមានស្ទីលកាន់ដៃចង្កូតទៅតាមចំណង់ចំណូលចិត្តរៀងខ្លួន។ យ៉ាងណាមិញ ការកាន់ចង្កូតបានត្រឹមត្រូវពិតជាមានសារៈសំខាន់ណាស់ចំពោះសុវត្ថិភាពបើកបរហើយការអង្គុយបើកបរដ៏ត្រឹមត្រូវក៏ត្រូវរាប់បញ្ចូលទាំងឥរិយាបថអង្គុយ ការមើលផ្លូវ និងការកាន់ដៃចង្កូតផងដែរ។ ដើម្បីជៀសវាងគ្រោះថ្នាក់ និងរក្សាសុវត្ថិភាពអ្នកបើកបរគ្រប់រូបគួរអនុវត្តការកាន់ដៃចង្កូតឲ្យបានត្រឹមត្រូវដូចខាងក្រោម។

១. ឥរិយាបថអង្គុយ៖ បន្ទាប់ពីរៀបចំឥរិយាបថអង្គុយបានរៀបរយទាំងការសារ៉េកៅអីផ្អែក កន្លែងទម្រេតក្បាល និងកញ្ចក់ឆ្លុះឲ្យស័ក្តិសមនឹងកម្ពស់របស់ខ្លួនអ្នកគួរតែសារ៉េចង្កូតទម្លាក់ចុះ ឬលើកឡើងដើម្បីងាយស្រួលកាន់ផងដែរ(ឡានទំនើបមួយចំនួនមានមុខងារបញ្ជាចង្កូតទម្លាក់ចុះឬលើកឡើងស្វ័យប្រវត្តិ)។ អ្នកត្រូវចងចាំថាត្រូវអង្គុយយ៉ាងណាឲ្យដៃចង្កូតទាបជាងស្មារបស់អ្នក។

២. ការកាន់ដៃចង្កូត៖ ប្រើតិចនិចកាន់ចង្កូតដោយប្រដូចចង្កូតទៅនឹងនាឡិកាដៃដែលមានមុខមូល។ អ្នកជំនាញបានផ្តល់ដំបូន្មានចំពោះការកាន់ដៃចង្កូតដែលត្រឹមត្រូវគឺដាក់ដៃលើម៉ោង ៩ និងម៉ោង ៣ មានន័យថាដៃឆ្វេងកាន់ទៅលើចំណុចម៉ោង៩ និងដៃស្តាំកាន់ទៅលើចំណុចម៉ោង៣។ គួរចងចាំថាអ្នកមិនត្រូវកាន់ដៃចង្កូតនៅចំណុចម៉ោង២ និងម៉ោង១០ឡើយពីព្រោះវាអាចបង្កគ្រោះថ្នាក់ចំពោះអ្នកប្រើប្រាស់ឡានដែលមានទំហំចង្កូតតូច និងចង្កូតបំពាក់ពោងសុវត្ថិភាព។

៣. វិធីបង្វិលចង្កូត៖ ប្រើតិចនិចបង្វិលចង្កូតរុញឡើងលើ និងទាញចុះក្រោមនៅពេលបត់ឆ្វេងស្តាំ។ ចំពោះការបត់ស្តាំ អ្នកត្រូវយកដៃឆ្វេងរុញចង្កូតឡើងលើពីឆ្វេងទៅស្តាំ ហើយដៃស្តាំទាញចង្កូតចុះក្រោម ចំណែកការបត់ឆ្វេងអ្នកត្រូវប្រើដៃស្តាំរុញចង្កូតឡើងលីពីស្តាំទៅឆ្វេងហើយដៃឆ្វេងទាញចង្កូតចុះក្រោម។ អ្នកបើកបរស្ទាត់ជំនាញភាគច្រើនតែងប្រើតែដៃម្ខាងក្នុងការបង្វិលចង្កូតតែទោះយ៉ាងណាអ្នកគួរប្រតិបត្តិការកាន់ចង្កូតឲ្យបានត្រឹមត្រូវដូចដែលបានរៀបរាប់ខាងលើដើម្បីគ្រប់គ្រងស្ថានភាពបើកបរទាន់ពេលវេលា និងជៀសវាងគ្រោះថ្នាក់ចរាចរណ៍៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Ford បង្កើតកំណត់ត្រាពិភពលោក ជាឡានស៊ីថាមពលតិចជាងគេ

ផ្អែកតាមការចុះផ្សាយថ្មីៗនេះរបស់ Autocar បានឲ្យដឹងថារថយន្ត Ford Mustang Mach-E បានបង្កើតកំណត់ត្រាពិភពលោកជារថយន្តអគ្គិសនីសំចៃថាមពលបានល្អដាច់គេបំផុត។

Mustang Mach-E ត្រូវបានអះអាងថាអាចជិះបានចម្ងាយប្រមាណ ១០,៥២គីឡូម៉ែត្រ សម្រាប់ថាមពល១គីឡូវ៉ាត់ម៉ោង អំឡុងការធ្វើដំណើរមួយដែលមានចម្ងាយប្រមាណ ១៣៥១គីឡូម៉ែត្រ។ ការធ្វើដំណើរបានចាប់ផ្ដើមនៅថ្ងៃទី០៣ ខែកក្កដា និងបានប្រើប្រាស់ពេលចំនួន ២៧ម៉ោង ទើបសម្រេចបាន។

ក្រុមការងារអ្នកបើក បានបើកបរក្នុងល្បឿនជាមធ្យម ៥០គ.ម/ម៉ ហើយគេបានឈប់ដើម្បីសាកបញ្ចូលថាមពលចំនួនពីរលើក ដែលចំណាយពេលសរុប ៤៥នាទី។

គួរដឹងថា Mustang Mach-E ប៉ាន់ស្មានថាអាចបើកបរបានចម្ងាយប្រមាណ ៣២៣គីឡូម៉ែត្រ ទៅ ៤៩០គីឡូម៉ែត្រ សម្រាប់ការសាកបញ្ចូលថាមពលម្ដង ដោយអាស្រ័យលើទំហំអាគុយដែលមានចន្លោពី ៦៨kWh ទៅ ៨៨kWh៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ប៉ងឡើងឈរលើ Tesla ឲ្យបានត្រឹមឆ្នាំ ២០២៥

ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ Volkswagen ចង់ក្លាយខ្លួនជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំជាងគេនៅលើពិភពលោកត្រឹមឆ្នាំ ២០២៥ ដែលមានន័យថានឹងផ្ដួល Tesla យកតំណែងកំពូល។

ពេលបង្ហាញយុទ្ធសាស្ត្ររបស់ខ្លួនកាលពីថ្មីៗនេះ ក្រុមហ៊ុន Volkswagen និយាយដោយរំពឹងថារថយន្តប្រើប្រាស់អាគុយនឹងមានចំណែក ៥០% នៃចំនួនលក់សរុបរបស់ខ្លួនលើសកលលោក នៅត្រឹមឆ្នាំ ២០៣០។ មុនរឿងនេះកើតឡើង Volkswagen រំពឹងថានឹងវ៉ាក្រុមហ៊ុន Tesla ជាមួយចំនួនលក់នៃរថយន្តអគ្គិសនីនៅត្រឹមឆ្នាំ ២០២៥ ផងដែរ ទោះបីជានៅឆ្នាំ ២០២០ រថយន្តអគ្គិសនីមានចំណែកតែ ៣% នៃចំនួនលក់សរុបរបស់ Volkswagen ក្ដី។

សម្លឹងកាន់តែឆ្ងាយទៀតទៅកាន់អនាគត ក្រុមហ៊ុន Volkswagen ប៉ុនប៉ងថា នៅត្រឹមឆ្នាំ ២០៤០ រថយន្តដែលដាក់លក់លើទីផ្សារធំនឹងមានមួយចំនួនធំគឺជារថយន្តអគ្គិសនី ហើយនៅឆ្នាំ ២០៥០ ក្រុមហ៊ុននឹងមានលក់តែរថយន្តអគ្គិសនីសុទ្ធ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! លេចវត្តមាន Ford Bronco Sport ឆ្នាំ២០២១ គ្រឿងដំបូងបង្អស់ក្នុងប្រទេសកម្ពុជា

យោងតាមទំព័រក្រុមហ៊ុនលក់រថយន្ត Heng Huy Autocars បានធ្វើការបង្ហាញអោយឃើញនូវវត្តមានទើបមកដល់នៃរថយន្ត SUV ពូកែខាង Off-road របស់ក្រុមហ៊ុន Ford គឺ Ford Bronco Sport ឆ្នាំ២០២១ ដែលវាគ្រឿងដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។

ប្រភពរូបភាព: Heng Huy Autocars
ប្រភពរូបភាព: Heng Huy Autocars
ប្រភពរូបភាព: Heng Huy Autocars

តាមការបង្ហាញនេះ Ford Bronco Sport ឆ្នាំ២០២១នេះ បំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង EcoBoost មានកម្លាំង ១៨១សេះ និងកម្លាំងបង្វិល ២៥០ញ៉ូតុនម៉ែត្រ។ ហើយដំណើរការដោយប្រអប់លេខ ៨វគ្គអូតូ និងប្រព័ន្ធបើកបរប៉ុងពីរ(៤x៤) ដោយបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ស៊ីសាំងជាមធ្យម ៩លីត្រ( ២៦ mpg)។

ប្រភពរូបភាព: Heng Huy Autocars
ប្រភពរូបភាព: Heng Huy Autocars

យោងតាមគេហទំព័រផ្លូវការ Ford Motor Company បានបង្ហាញថាវាគឺជាម៉ូឌែលនៃ Ford Bronco Sport Outer Banks។ ដោយបំពាក់ជាមួយថាសកង់ទំហំ ១៨អ៊ីញ, កុងទ័របង្ហាញព័ត៌មានទំហំ ៦,៥អ៊ីញ, អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ ភ្ជាប់ជាមួយមុខងារ Apple Carplay, Android Auto និងបច្ចេកវិទ្យា SYNC 3, រន្ធ USB សាកថ្ម, ម៉ាស៊ីនត្រជាក់ ២តំបន់ និងឧបរណ៍តន្រ្តីចំនួន ៦ចំណុច រួមជាមួយមុខងារជំនួយការបើកបរដូចជា៖ Lane-Keeping System, Pre-Collision Assist with Automatic Emergency Braking, BLIS® with Cross-Traffic Alert, Auto-dimming rearview mirror និងមុខងារជាច្រើនទៀត។

ប្រភពរូបភាព: Heng Huy Autocars
ប្រភពរូបភាព: Heng Huy Autocars

សម្រាប់តម្លៃក្នុងប្រទេសកម្ពុជា គឺពុំទាន់ដឹងនៅឡើយនោះទេ ប៉ុន្តែសម្រាប់តម្លៃចេញពីរោងចក្រប្រហែល  ៣២ ៨៦០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ប្រកាសឈប់ផលិតឡាន Veloster គ្រប់ម៉ូដែល លើកលែងតែ Veloster N

ក្រុមហ៊ុន Hyundai បានប្រកាសជាផ្លូវការក្នុងការឈប់ផលិតរថយន្ត Veloster គ្រប់ម៉ូដែល លើកលែងតែ Veloster N ប៉ុណ្ណោះ នៅសហរដ្ឋអាមេរិក។

គួររំលឹកឲ្យដឹងដែរថា កាលពីខែមេសាកន្លងទៅនេះ របាយការណ៍មួយចំនួនបានអះអាងថា ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងលើ នឹងឈប់ផលិតម៉ូដែលមួយចំនួនក្នុងត្រកូល Veloster ដោយសារតែលក់មិនសូវដាច់។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ក្រុមហ៊ុន Hyundai ក៏បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេនឹងឈប់ផលិតរថយន្ត Veloster គ្រប់ម៉ូដែល លើកលែងតែ Veloster N ប៉ុណ្ណោះ នៅសហរដ្ឋអាមេរិក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យក្រុមហ៊ុន Hyundai បានបញ្ជាក់ថា ម៉ូដែល Veloster 2.0, Veloster 2.0 Premium, Veloster R-Spec, Veloster Turbo និង Veloster Ultimate នឹងត្រូវឈប់ចាប់ពីស៊េរីឆ្នាំ២០២២ នេះ។

សូមបញ្ជាក់ថា វាមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលឡើយលើការសម្រេចចិត្តមួយនេះ ព្រោះថា Hyundai លក់ដាច់រថយន្ត Veloster បានតែចំនួន ៦ ៧៩៥គ្រឿងប៉ុណ្ណោះនៅទូទាំងសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កែឡាន Toyota Venza ទៅជា Lamborghini Urus បានយ៉ាងងាយ តាមរយៈគ្រឿងលេងពីជប៉ុន

ក្រុមហ៊ុនកែច្នៃរថយន្តមួយនៅក្នុងប្រទេសជប៉ុន មានឈ្មោះថា Albermo ទើបតែបានប្រកាសចេញគ្រឿង Bodykit សម្រាប់រថយន្ត Toyota Venza ដែលអាចប្រែក្រឡាខ្លួនវាទៅជារថយន្ត Lamborghini Urus បាន។

គួររំលឹកឲ្យដឹងថា Albermo ធ្លាប់បានចេញគ្រឿង Bodykit សម្រាប់រថយន្ត Toyota RAV4 កែទៅជា Lamborghini Urus ម្តងរួចមកហើយ។

យ៉ាងណាមិញ សម្រាប់ Bodykit បំពាក់លើ Toyota Venza បានធ្វើឲ្យវារឹតតែដូចទៅនឹងរថយន្ត Lamborghini Urus ហើយមើលទៅកាចខ្លាំងមែនទែន ជាមួយនឹងរន្ធបឺតខ្យល់ដ៏ធំនៅផ្នែកខាងមុខ, កាងមុខក្រោយ, ក្របាំងផុក និងកាងកាត់ខ្យល់ផ្នែកខាងក្រោយ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Albermo មិនបានបង្ហាញឲ្យដឹងពីតម្លៃនៃ Bodykit នេះឡើយ ប៉ុន្តែបានបញ្ជាក់ថា គ្រឿងលេងទាំងនេះអាចបញ្ជាទិញដាច់ដោយឡែកពីគ្នាបាន ហើយមិនទាន់បាញ់ថ្នាំឡើយ ដែលមានន័យថា អតិថិជនងាយស្រួលជ្រើសរើសពណ៌ទៅតាមរថយន្តរបស់ពួកគេផ្ទាល់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទំនើបបំផុតក្នុងត្រកូល! Kia Carnival ឆ្នាំ២០២២ ថែមម៉ូឌែលថ្មី ប្រភេទ ៤កៅអី

ក្រុមហ៊ុន Kia បានបង្ហាញចេញនូវម៉ូឌែលថ្មីនៃត្រកូល Carnival ឆ្នាំ ២០២២ មានឈ្មោះថា Kia Carnival Hi-Limousine ដែលជារថយន្ត MPV ៤កៅអីថ្មី មានភាពទំនើប និង Premium ខុសពីម៉ូឌែលធម្មតា និងមានតម្លៃប្រហែល ៧៥ ៥០០ដុល្លារ។

ប្រៀបធៀបជាមួយម៉ូឌែលធម្មតា រថយន្ត Carnival Hi-Limousine បានបំពាក់ជាមួយកៅអី ”Premium Relaxation” ចំនួនពីរនៅខាងក្រោយ រួមជាមួយធ្នាក់ដាក់ដៃដែលអមដោយអេក្រង់មុខងារទំហំ ៧អ៊ីញ ដែលអាចបញ្ជាលើប្រព័ន្ធភ្លើង, ម៉ាស៊ីនត្រជាក់ និងទូរទស្សន៍ឆ្លាតវៃទំហំ ២១,៥អ៊ីញផងដែរ។ បន្ថែមពីនេះ នៅខាងមុខកៅអីទាំងពីរ ក៏ភ្ជាប់មកនូវកន្លែងដាក់សម្ភារ:, ឧបករណ៍ម៉ាស្សាជើង រួមជាមួយកូនទូរទឹកកក និងកន្លែងទុកដាក់កែវផងដែរ។

ស្រដៀងគ្នានឹងរថយន្ត Carnival ឆ្នាំ ២០២២ រថយន្តនេះបំពាក់ជាមួយម៉ាស៊ីន ២ជម្រើសរួមមានម៉ាស៊ីនសាំង ៣,៥លីត្រ កម្លាំង ២៩០សេះ និង ២,២លីត្រ Turbocharged កម្លាំង ១៩៩សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Elantra N ឆ្នាំ ២០២២ ចេញជាផ្លូវការ ជាមួយការអាប់ដេតលើប្រព័ន្ធបច្ចេកវិទ្យាថ្មី

ក្រុមហ៊ុន Hyundai បានប្រកាសចេញរថយន្ត Elantra N ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយបានអាប់ដេតលើការឌីហ្សាញ ប្រព័ន្ធបច្ចេកវិទ្យា និងធ្វើឲ្យដំណើរការរបស់វា កាន់តែប្រសើរថែមទៀតផង។

រថយន្ត Elantra N ស៊េរីឆ្នាំ២០២២ បំពាក់ជាមួយម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង Turbocharged ខណ:វាមានស្លាប Turbine និង Pumps ធំជាងមុន ៥មីលីម៉ែត្រ ជួយអោយវាមានកម្លាំង ២៧៦សេះ និងកម្លាំងបង្វិល ៣៩២ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ។

បន្ថែមពីនេះ វាបានបំពាក់ជាមួយ ដុំហ្រ្វាំងទំហំ ១៤,១អ៊ីញ, Electronic limited-slip differential (ELD), Launch Control System, WRC-inspired integrated drive axle, Electronically-adjustable Suspension និងមុខងារបើកបរ N Grin Shift, N Power Shift និង N Track Sense Shift mode។ ក្នុងករណីប្រើប្រាស់មុខងារ N Grin Shift Mode វាជួយអោយរថយន្តស្ទុះពីល្បឿន ០-៩៦គីឡូម៉ែត្រប្រើពេលត្រឹម ៥,៣វិនាទី និងមានកម្លាំង ២៨៥សេះ។

លើសពីនេះ Hyundai បានអាប់ដេតផ្នែកខាងក្នុងជាមួយអេក្រង់កម្សាន្ត ដែលអាចបង្ហាញអំពីព័ត៌មានសីតុណ្ហភាពនៃប្រេង, ទឹកស្អំម៉ាស៊ីន និងសម្ពាធរបស់ទួរប៊ីន និង Torque ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ចេញវីដេអូបង្ហាញពីភីកអាប់របស់ខ្លួន បំពាក់ជាមួយដំបូលកញ្ចក់ (មានវីដេអូ)

រូបភាព និងវីដេអូ Teaser នៃរថយន្ត Toyota Tundra ឆ្នាំ២០២២ ត្រូវបានក្រុមហ៊ុន Toyota បង្ហាញជាបន្តបន្ទាប់ មុនពេលនៃការបង្ហាញមុខជាផ្លូវការនារដូវស្លឹកឈើជ្រុះ(ចន្លោះខែកញ្ញា ដល់ធ្នូ)នេះ។

ជាមួយពេលវេលាកាន់តែជិតមកដល់ ក្រុមហ៊ុន Toyota បានបង្ហាញចេញនូវវីដេអូផ្នែកខាងក្នុង ដែលបង្ហាញអោយឃើញថា រថយន្តភីកអាប់នេះនិងមានបង្អួចនៅខាងក្រោយដែលអាចបិទទម្លាក់ចុះក្រោម។ បន្ថែមពីនេះ គេក៏ឃើញថារថយន្តនេះនឹងបំពាក់ជាមួយដំបូលកញ្ចក់ Panoramic moonroof និងកៅអីស្បែក SofTex ពណ៌ក្រហមផងដែរ។

គួររំលឹកដែរថា កាលពីវីដេអូមុនបានបង្ហាញអោយឃើញថា រថយន្តភីកអាប់នេះនឹងបំពាក់ជាមួយអេក្រង់កម្សាន្តទំហំធំ រួមជាមួយដៃចង្កូតស្រោបដោយស្បែក, Console កណ្តាលថ្មី  និងកញ្ចក់មើលក្រោយភ្ជាប់ដោយមុខងារ HomeLink។

យោងតាមព័ត៌មានចុះផ្សាយកន្លងបានបង្ហាញអោយដឹងថារថយន្ត Tundra ឆ្នាំ២០២២ នឹងផ្តល់នូវជម្រើសម៉ាស៊ីនថ្មីចំនួន ២ ដោយប្រភេទ Entry-Level នឹងមានកម្លាំងខ្លាំងជាងម៉ាស៊ីន ៥,៧លីត្រ V8 បច្ចុប្បន្ន និងជម្រើសមួយទៀតគឺ i-Force MAX។

សម្រាប់ព័ត៌មានបន្ថែម គេរំពឹងថាវានឹងមាននូវជម្រើសប្រភេទកូនកាត់ Hybrid ឬ Plug-in hybrid ខណ: Toyota ធ្លាប់សន្យាថានឹងមកនូវត្រកូលភីកអាប់អគ្គិសនីនាពេលអនាគត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Jeep Wrangler និង Gladiator ថែម Option កញ្ចក់ Gorilla Glass ថ្មីកាន់តែរឹងមាំ!

ក្រុមហ៊ុន Jeep តែងតែសម្លឹងមើលលើការធ្វើឲ្យរថយន្តរបស់ខ្លួនកាន់តែប្រសើរ ជាមួយនឹងគ្រឿង performance parts ដូចជា lift kits និង mirror kits ជាដើម។

ឥឡូវនេះ ក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើ បានបន្ថែមជម្រើសកញ្ចក់មុខ Gorilla Glass ថ្មី សម្រាប់ម៉ូដែល Wrangler, Wrangler Unlimited និង Gladiator ផងដែរ។

ក្រុមហ៊ុន Jeep បានឲ្យដឹងថា “នៅលើផ្លូវលំ ឬនៅលើផ្លូវធ្វើដំណើររាល់ថ្ងៃ ការខូចខាតកញ្ចក់អាចកើតឡើងគ្រប់ទីកន្លែងគ្រប់ពេលវេលា។ កញ្ចក់ជំនួសដែលត្រូវបានសាកល្បង និងមានគុណភាព ប្រភេទ Gorilla Glass របស់យើង អាចផ្តល់ជូននូវការការពារបន្ថែមដល់ Jeep Wrangler និង Gladiator”។

ដោយប្រើបច្ចេកវិទ្យាដូចគ្នានៅលើស្មាតហ្វូន កញ្ចក់ Gorilla Glass ថ្មីនេះនឹងស៊ូបានល្អជាងមុន។ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន Jeep។

គួរឲ្យដឹងថា Jeep នឹងផ្លាស់ប្តូរកញ្ចក់ Gorilla Glass ថ្មីសម្រាប់រថយន្ត Wrangler ឬ Gladiator ក្នុងតម្លៃ ៧៩៣ដុល្លារ, ៨២០ដុល្លារ មានអង់តែន, ៩២៧ដុល្លារ មានកាមេរ៉ាមុខ និងមុខងារកម្តៅ ឬ ៩៣២ដុល្លារ មានទាំងអង់តែន កាមេរ៉ាមុខ និង មុខងារកម្តៅ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+