ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែង Tesla នឹងចាប់ផ្ដើមទន្ទ្រានទឹកដីអឺរ៉ុបនៅដើមឆ្នាំក្រោយ

ក្រុមហ៊ុនរថយន្តអគ្គិសនីអាមេរិក Rivian បានបញ្ជាក់ថាខ្លួននឹងចាប់ផ្ដើមការលក់រថយន្តនៅទីផ្សារអឺរ៉ុប នៅអំឡុងដើមឆ្នាំ ២០២២ ខាងមុខនេះ។

ក្រុមហ៊ុន Rivian ត្រូវបានរំពឹងថានឹងចាប់ផ្ដើមការដឹកជញ្ជូនរថយន្តជូនអតិថិជននៅអាមេរិកជាលើកដំបូងនៅចុងខែកក្កដានេះ ខណៈដែលនៅកាណាដានឹងចាប់ផ្ដើមនៅខែវិច្ឆិកា ហើយវាហាក់សមហេតុផលដែលក្រុមហ៊ុនចង់ពង្រីកទីផ្សារកាន់តែធំនៅដើមឆ្នាំក្រោយ។

ក្រុមហ៊ុន Rivian មិនបានបញ្ជាក់ទេថានឹងដាក់លក់រថយន្តនៅទីផ្សារអឺរ៉ុបទាំងពីរម៉ូដែលឬយ៉ាងណានោះ ដោយសារតែទីផ្សាររថយន្តភីកអាប់នៅអឺរ៉ុបគឺតូចជាងនៅសហរដ្ឋអាមេរិក។ យ៉ាងណាក្ដីស្ថាបនិក Rivian ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុននឹងផលិតរថយន្តខ្នាតតូចដើម្បីតម្រូវទីផ្សារប្រទេសចិន ក៏ដូចជាអឺរ៉ុបផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានវៀតណាម VinFast ឈានជើងចូលទឹកដីអាមេរិកជាផ្លូវការ

ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានបើកការិយាល័យរបស់ខ្លួនជាផ្លូវការ នៅអាមេរិកខាងជើង ជាមួយនឹងតំបន់អឺរ៉ុប មុនពេលចាប់ផ្តើមការលក់រថយន្តនៅលើទីផ្សារទាំងពីរ។

VinFast គឺក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកដំបូងគេរបស់ប្រទេសវៀតណាម ដែលបានបង្ហាញខ្លួនបានច្រើនឆ្នាំដែរហើយ ខណៈក្រុមហ៊ុននេះក៏មានចេតនាក្នុងការពង្រីកខ្លួន ហួសពីប្រទេសកំណើតផងដែរ។ បើទោះបីជាអ្វីៗមិនដំណើរការដូចការគ្រោងទុកនៅក្នុងឧស្សាហកម្មនេះ ក្រុមហ៊ុន VinFast នៅតែរឹងមាំដដែល។

ក្រុមហ៊ុនខាងលើបានប្រាប់ឲ្យដឹងថា “VinFast បានបង្កើតការិយាល័យតំណាងនៅក្នុងទីផ្សារអន្តរជាតិចំនួន ៥ ហើយនឹងបើកបន្ទប់តាំងបង្ហាញនៅរដ្ឋ California នាពេលឆាប់ៗនេះ”។ មិនតែប៉ុណ្ណោះ នាយកប្រតិបត្តិក្រុមហ៊ុន VinFast US លោក Van Anh បានផ្លាស់ទីលំនៅទៅទីក្រុង Los Angeles រួចទៅហើយ។

ឥឡូវនេះ ផែនការរបស់ក្រុមហ៊ុន VinFast កំពុងឈានដល់ដំណាក់កាលជឿនលឿនសម្រាប់បណ្តាញលក់តែតាមអ៊ិនធឺណិត។ កង្វះនៃក្រុមហ៊ុនចែកចាយផ្លូវការ នឹងជួយកាត់បន្ថយថ្លៃដើម សម្រាប់ទាំងក្រុមហ៊ុន និងអតិថិជន។ ទោះយ៉ាងណាគេរំពឹងថានឹងមានមជ្ឈមណ្ឌលសេវាកម្មផងដែរ។

គួរឲ្យដឹងដែរថា ផែនការបច្ចុប្បន្នរបស់ VinFast គឺលក់តែរថយន្តអគ្គិសនីនៅលើផ្សារទាំងពីរ ដោយក្នុងនោះមានម៉ូដែល VF e35 និង VF e36 ដែលត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅខែមីនាឆ្នាំក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda បញ្ជាក់ថា CX-5 ជំនាន់ថ្មីនឹងបំពាក់ម៉ាស៊ីន៦ស៊ីឡាំង និងប្រើគ្រោងឆ្អឹងថ្មី

រថយន្ត Mazda CX-5 ដែលជារថយន្តលក់ដាច់ខ្លាំងបំផុតរបស់ Mazda នឹងទទួលបានការផ្លាស់ប្ដូរទ្រង់ទ្រាយធំមួយសម្រាប់រថយន្តជំនាន់ថ្មី ដែលរថយន្តជំនាន់ថ្មីធ្លាប់ត្រូវបានប្រទះឃើញបើកបរសាកល្បងនាពេលកន្លងមក។

ដំណឹងសំខាន់បំផុតអំពីរថយន្ត Mazda CX-5 ជំនាន់ថ្មីនោះគឺវានឹងប្រើប្រាស់នូវគ្រោងឆ្អឹងថ្មី ដែលដំណើរការដោយម៉ាស៊ីន៦ស៊ីឡាំង ជាប្រភេទ Inline។ ដំណឹងសំខាន់ពីរនេះមានការបញ្ជាក់ផ្ទាល់ពីអ្នកចាត់ការ Mazda ប្រចាំប្រទេសអូស្ត្រាលី។

ទោះបីជាមានការបញ្ជាក់នេះក្ដី ដំណឹងលម្អិតអំពីគ្រោងឆ្អឹងថ្មី ដ៏ដូចជាម៉ាស៊ីន៦ស៊ីឡាំង នៅមិនទាន់មានធ្លាយចេញនៅឡើយទេ។ បន្ថែមពីនេះដែរ កាលបរិច្ឆេទប្រកាសចេញរថយន្ត CX-5 ជំនាន់ថ្មី ក៏មិនទាន់មានការលេចឮនៅឡើយដែរ។

គួរដឹងថារថយន្ត Mazda CX-5 បានក្លាយជាម៉ាស៊ីនផលិតលុយមួយសម្រាប់ Mazda ដោយកាលពីឆ្នាំ២០២០ រថយន្តនេះអាចលក់ចេញបាន ៣៦១ ០៥១គ្រឿង ទោះបីជាពិភពលោកជួបប្រទះនឹងវិបត្តិកូវីដក្ដី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រៀបធៀប Hilux Revo Rally ២០២១ vs Isuzu D-Max ២០២១

[REVIEW+] និយាយដល់រថយន្តប្រភេទដឹក ឬហៅថាភីកអ៊ាប់ បងប្អូនយើងប្រាកដជាបានស្គាល់យ៉ាងច្បាស់ គឺមានរថយន្ត ២ម៉ូឌែល Hilux Revo Rally និង Isuzu D-Max ដែលស្ថិតនៅក្នុងជម្រើសរើសរបស់បងប្អូនជាក់ជាមិនខានឡើយ ដោយសារតែវាស្ថិតនៅក្នុងតារាងកំពូលរថយន្ត Pickup ដែលនិយមប្រើប្រាស់ជាច្រើនទៀតនៅកម្ពុជាដូចជា Mitsubishi Triton, Mazda BT-50, Ford Ranger Wildtrak, Nissan Navara និង Maxus T60ផងដែរ។

ប៉ុន្តែថ្ងៃនេះយើងនឹងធ្វើការប្រៀបធៀបលក្ខណៈពិសេសលម្អិត ដើម្បីជាព័ត៌មានសម្រាប់បងប្អូនអាចយកទៅពិចារណាបាន ក្នុងការសម្រេចចិត្តជ្រើសរើស ដែលចំណុចទាំងនោះរួមមាន ផ្នែកខាងក្រៅ ផ្នែកខាងក្នុង ថាមពលកម្លាំង ប្រព័ន្ធសុវត្ថិភាព និងតម្លៃ។ អ្វីដែលយើងមិនអាចប្រៀបធៀបបាននៅគឺទាក់ទងនឹងការរចនា ដែលវាអាស្រ័យទៅលើចំណង់ចំណូលចិត្តរបស់យើងម្នាក់ៗ តែប៉ុណ្ណោះ។ យើងសូមហៅពាក្យកាត់ Hilux Revo Rally ថា ‘Rally‘ និង Isuzu D-Max ថា ‘D-Max‘។

| ផ្នែកខាងក្រៅ

Revo & D-Max (រាប់ពីលើ មកក្រោម)

រថយន្តទាំង២ នេះមានរូបរាងគួរអោយទាក់ទាញដូចគ្នា ចង្កៀងមុខប្រើប្រាស់អំពូល Bi-Beam ឬ Bi-LED ភ្ជាប់ដោយមុខងារបិទ/បើកស្វ័យប្រវត្តិ អំពូលបំភ្លឺពេលថ្ងៃប្រភេទ LED មានរបាការពារខាងក្រោមនៅផ្នែកខាងមុខ ថាសកង់ទំហំ ១៨អុីញបែបស្ព័រ។ រីឯផ្នែកចំហៀងវិញ កញ្ចក់របស់ D-Max មានទំហំធំជាង ភ្ជាប់ដោយមុខងារឆ្លាតវៃ Blind Spot Monitoring មានលេងកាងលំអរខាងលើ Roof Rail ចំណែកឯ Rally វិញគឺមានលេងកាងលំអរ Sport Bar ដ៏រឹងមាំនៅផ្នែកខាងក្រោយដែលបន្ថែមអោយឃើញពីអំណាច និងអនុភាពកាន់តែខ្លាំងខ្លា។

ចំពោះស្តុបខាងក្រោយវិញប្រើប្រាស់ការរចនាថ្មីទាន់សម័យ និងប្រើប្រាស់អំពូល LED ដូចគ្នា។ អ្វីដែល Rally ល្អនោះគឺមានបំពាក់ដោយប្រព័ន្ធជំនួយបិទ/បើកទ្វាខាងក្រោយ មិនធ្ងន់ដូច D-Max និងមួយទៀតនោះ Rally មានភ្លើង LED ៣កន្លែងសម្រាប់បំភ្លឺក្នុងស្ថានភាពងងឹតនៅឃ្លុបក្រោយ ប្រើសិនបើយើងចង់បើកសម្រាប់ការដាក់អីវ៉ាន់ផ្សេងៗ។ ចំពោះភ្លើងផ្តល់សញ្ញាពេលជាន់ហ្វ្រាំងបញ្ឈប់រថយន្ត Rally បំពាក់លើដៃទ្វាបើកខាងក្រោយ រីឯ D-Max ដាក់នៅលើកញ្ចក់ក្រោយឡាន។

| ផ្នែកខាងក្នុង

Revo & D-Max (រាប់ពីឆ្វេង ទៅស្តាំ)

រថយន្តទាំងពីរប្រើប្រាស់កៅអីស្បែក ដោយគ្រាន់តែ Rally ប្រើប្រាស់ពណ៌ខ្មៅ D-Max ប្រើប្រាស់ពណ៌បែបសំរិត។ កុងទ័រទំហំ ៤,២អុីញ អេក្រង់កំសាន្តរបស់ D-Max ៩អុីញ មានទំហំធំជាង Rally ១អុីញ ភ្ជាប់ដោយមុខងារ Apple CarPlay និង Android ដូចគ្នា។ រីឯឧបករណ៌បំពងសម្លេង D-Max មានរហូតដល់ ៨ចំណុច ខណៈ Rally មានតែ ៦ចំណុចប៉ុណ្ណោះ។

| ថាមពលកម្លាំង

Revo & D-Max (រាប់ពីឆ្វេង ទៅស្តាំ)

រថយន្តទាំងពីរនេះប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត និងមានប្រអប់លេខ ៦វគ្គស្វ័យប្រវិត្តដូចគ្នា ប៉ុន្តែចំពោះកម្លាំងវិញ៖

  • Rally ដំណើរការដោយម៉ាស៊ីន ២,៨លីត្រ GD Engine មានកម្លាំង ២០១សេះ និងកម្លាំងរមួល ៥០០ញ៉ូតុនម៉ែត្រ។
  • D-Max ដំណើរការដោយម៉ាស៊ីន ៣,០លីត្រ Ddi Blue Power មានកម្លាំង ១៩០សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ។ ត្រង់ចំណុចនេះ រថយន្ត D-Max បង់ពន្ធផ្លូវថ្លៃជាង Rally

| ប្រព័ន្ធសុវត្ថិភាព

Revo & D-Max (រាប់ពីឆ្វេង ទៅស្តាំ)

រថយន្តទាំង២ ទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ពីសមាគមន៌វាយតម្លៃប្រព័ន្ធសុវត្ថិភាពប្រចាំតំបន់អាស៊ានដូចគ្នា។ មានប្រព័ន្ធហ្វ្រាំងសុវត្ថិភាពដូចគ្នាទៅលើ៖ ABS, BA, EBD, ESS (ឬ EBS), VSC (ឬ ESC), ប្រព័ន្ធជំនួយពេលបើកបរឡើងចំណោត / ចុះចំណោត,

  • Rally បានបំពាក់នូវកញ្ចប់សុវត្ថិភាពឆ្លាតវៃ TSS ដែលផ្តោតសំខាន់លើមុខងារសុវត្ថិភាពយ៉ាងទំនើបទៅលើ៖
    • PCS: (ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ
    • DRCC: ប្រព័ន្ធរក្សាល្បឿនថេរ បន្ថែមល្បឿន និងបន្ថយល្បឿនតាមរថយន្តខាងមុខ
    • LDA: ប្រព័ន្ធរក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ។
កញ្ចប់សុវត្ថិភាពឆ្លាតវៃ TSS

Rally ក៏មានមុខងារ Tire Angle Monitoring បង្ហាញពីមុំកាច់បត់នៃចង្កូតនៅលើអេក្រង់បង្ហាញពហុព័ត៌មាន និងមានប្រព័ន្ធបញ្ឈប់រថយន្ត នៅពេលជាន់ហ្គែរ និងហ្វ្រាំងក្នុងពេលតែមួយ BOS (Brake Override System) ផងដែរ។

ចំណុច ៥ខាងលើនេះគឺ D-Max មិនទាន់មាននៅឡើយទេ ប៉ុន្តែអ្វីដែល Rally មិនមានដូច D-Max គឺ៖

    • ​RCTA ប្រព័ន្ធផ្តល់សញ្ញាដាស់តឿននៅពេលដែលមានរថយន្ត ឬ អ្វីមួយនៅពីក្រោយរថយន្តក្នុងអំឡុងពេលថយក្រោយ
    • មុខងារបញ្ឆេះរថយន្តពីចម្ងាយ Remote Engine Start
    • កញ្ចក់មុខកាត់ IR ជាមួយស្រទាប់ការពារកាំរស្មី UVA និង UVB ដើម្បីរក្សាសីតុណ្ហភាពក្នុងរថយន្តឱ្យនៅទាប ទោះជារថយន្តរងកម្ដៅថ្ងៃក្ដៅខ្លាំងយ៉ាងណាក៏ដោយ
កញ្ចក់មុខកាត់ IR ជាមួយស្រទាប់ការពារកាំរស្មី UVA និង UVB
  • D-Max មានសេនស័រមុខក្រោយ ៨ចំណុច រីឯ Rally មាន ៦ចំណុច ភ្ជាប់ដោយកាំមេរ៉ាមើលក្រោយដូចគ្នា
  • Rally មានពោងសុវត្ថិភាព ៧ចំណុច លើស D-Max មួយចំណុចត្រង់ពោងសុវត្ថិភាពនៅជង្គង់នៅផ្នែកខាងមុខនៃអ្នកបើកបរ។

| តម្លៃ

  • Rally មានតម្លៃប្រហាក់ប្រហែល ៥២ ៥០០ដុល្លារ
  • D-Max មានតម្លៃប្រហាក់ប្រហែល ៥១ ៩០០ដុល្លារ

យ៉ាងណាមិញនេះគ្រាន់តែជាចំណុចដែលយើងអាចមើលឃើញ ប៉ុន្តែទាក់ទងនឹងកេរ្តិ៌ឈ្មោះ សេវាកម្ម ឬការលក់ត្រលប់ទៅវិញក៏វាស្ថិតនៅលើចំណុចដែលបងប្អូនគួរពិចារណាផងដែរ។ ហើយការសម្រេចចិត្តចុងក្រោយថាទិញ ឬមិនទិញគឺបងប្អូនខ្លួនឯង ក្រុមការងារយើងខ្ញុំមិនមានបំណងបង្អប់ ឬពាណិជ្ជកម្មអោយផលិតផលណាមួយឡើយ ដោយសារតែវាមានចំណុចពិសេសរៀងៗខ្លួន។ ហើយនេះជាអត្ថបទដែលក្រុមការងាររបស់ ខេមបូអូតូ បានប្រមូលមក និងសិក្សាលើចំណុចទាំងនេះ ប្រសិនបើបងប្អូន ឬក្រោមហ៊ុនមានអ្វីចង់បន្ថែមសូមទាក់ទងមកក្រុមការងាររបស់ខេមបូអូតូ និងមួយប្រសិនបើបងប្អូនចង់ស្វែងយល់ពីរថយន្តនីមួយៗអាចចុចតាមតំណរភ្ជាប់ខាងក្រោម៖

សម្រាប់ព៌ត័មានបន្ថែម បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់បាន!

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គន្លឹះងាយៗ ជួយឲ្យរថយន្តរបស់អ្នកលែងសូវស៊ីសាំង | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] សាំង​ឡើង​​ថ្លៃ​​មធ្យម​ទេ តែ​ងំ​ត្រង់​​រថយន្ត​ស៊ី​សាំង​ខ្លាំង​​​ហ្នឹង​តែ​ម្ដង​។ អ្នកប្រើប្រាស់រថយន្តខ្លះក៏បានទៅបំពាក់បន្ថែមឧបករណ៍មួយចំនួន ដើម្បីកាត់បន្ថយការចំណាយប្រេងឥន្ធនះនេះ តែវាខុសពីបទដ្ឋានបច្ចេកទេសរថយន្ត ដែលអាចធ្វើអោយម៉ាស៊ីនចុះខ្សោយ មិនស្ទុះជាដើម ។ តោះមកស្វែងយល់ពីវិធីមួយចំនួន ដែលមិនប៉ះពាល់ដល់ម៉ាស៊ីនរថយន្តនោះទេ។

១. បើកបរក្នុងល្បឿនមធ្យម

ត្រូវ​ចាំ​ថា​កាល​ណា​អ្នក​បើក​​កាន់​តែ​លឿន នោះ​ឡាន​របស់​អ្នក​ក៏​ស៊ី​សាំង​កាន់​តែ​ខ្លាំង​ផង​ដែរ។ ម្យ៉ាង​​ទៀត​​អ្នក​ក៏​គួរ​តែ​កុំ​ជាន់​ហ្វ្រាំង​ញឹក​ញាប់​ពេក (បើ​មិន​ចាំ​បាច់​ពេល​កំពុង​បើក​បរ) ព្រោះ​វា​ក៏​ជា​ហេតុ​ធ្វើ​ឲ្យ​រថយន្ត​ស៊ីសាំង​​ដែរ។

២. ឧស្សាហ៍ត្រួតពិនិត្យសម្ពាធកង់រថយន្ត

មុន​នឹង​ចេញ​ដំណើរ​ទៅ​ទី​ឆ្ងាយ​ ​អ្នក​ចាំ​បាច់​ត្រូវ​ពិនិត្យ​មើល​កង់​រថយន្ត​ជាមុន។ ប្រសិន​បើ​កង់​រថយន្ត​របស់​អ្នក​ធូរ​ នោះ​កម្លាំង​វិល​នៃ​កង់​នឹង​កាន់​តែតឹង​​ ជាហេតុ​នាំ​ឲ្យ​រថយន្ត​របស់​អ្នក​ស៊ីសាំង​កាន់​តែ​លឿន​។ ជាទូទៅ​កង់​រថយន្ត​នឹង​បាត់​បង់​សម្ពាធ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ។

៣. ចាក់សាំងឲ្យពេញធុង

សាំង​ជា​វត្ថុរាវ​ដែល​ងាយ​នឹង​ហើរ​ពេល​ត្រូវ​ខ្យល់ ដូច្នេះ​បើ​ធុងសាំង​រថយន្ត​របស់​អ្នក​មាន​សាំង​កាន់​តែ​ច្រើន នោះ​សម្ពាធ​ខ្យល់​នៅ​ក្នុង​ធុង​ក៏​កាន់​តែ​តិច ដូច្នេះ​កម្រិត​ហើរ​នៃ​សាំង​​មាន​​តិច​តួច​បំផុត។

៤. ពិចារណាមុននឹងដូរកង់រថយន្តទំនើបទំហំធំ

​​

ការ​​​ដូរ​កង់​រថយន្ត​ដែល​មាន​ទទឹង​កាន់​តែ​ធំ​ រឹត​តែ​ធ្វើ​ឲ្យ​រថយន្ត​របស់​អ្នក​ស៊ីសាំង​ទៅ​វិញ​ទេ ព្រោះ​កង់​រថយន្ត​កាន់​តែ​ធំ កម្លាំង​វិល​នៃ​កង់​​កាន់​តែ​ខ្លាំង​ជា​ហេតុ​នាំ​ឲ្យ​រថយន្ត​ស៊ីសាំង​ដូច​គ្នា​។

៥. ចតរថយន្តក្នុងម្លប់ ត្រូវមានអ្វីគ្រប​​​ពេលចតហាលថ្ងៃ

បើ​សិន​ជា​អាច​ អ្នក​គួរ​តែ​ចត​រថយន្ត​​ក្នុង​ម្លប់​ ដើម្បី​កុំ​ឲ្យ​ធុង​សាំង​ត្រូវ​ថ្ងៃ​ហើយ​ហួត​អស់​មួយ​ផ្នែក។ ប៉ុន្តែ​បើ​សិន​ជា​គ្មាន​ម្លប់​ទេ ចាំ​បាច់​ត្រូវ​មាន​កំណាត់​អ្វី​មក​គ្រប​ពី​លើ​ តែ​វា​ពុំ​សូវ​មាន​ប្រសិទ្ធភាព​ដូច​ការ​ចត​រថយន្ត​ក្រោម​ម្លប់​នោះ​ទេ។

៦. បន្ថយទម្ងន់រថយន្ត

បើ​សិន​​ជា​អ្នក​មាន​អីវ៉ាន់​ណា​ធ្ងន់ៗ​ និង​​មិន​ចាំ​បាច់​ទេ ​អ្នក​គួរ​តែ​យក​វា​ចេញ​​​ទៅ​ ព្រោះ​កាល​ណា​រថយន្ត​របស់​អ្នក​ធ្ងន់​ពេក សាំង​ក៏​ត្រូវ​ស៊ី​ខ្លាំង​ដែរ (ពេល​កំពុង​បើក​បរ)។ ទម្ងន់​អីវ៉ាន់​​៥០គីឡូក្រាម​​ធ្វើ​ឲ្យ​រថយន្ត​របស់​អ្នក​ស៊ីសាំង​បន្ថែម​២ភាគរយ។

៧. រក្សាម៉ាស៊ីនរថយន្តរបស់អ្នកក្នុងលក្ខខណ្ឌ​​មួយ​​ល្អប្រសើរ

​​​​​​​​​​​​អ្នក​ត្រូវ​​ត្រួត​ពិនិត្យ​ប្រេង​រំអិល​រថយន្ត ហ្វ្រាំង​ដៃ និង​អំប្រាយ៉ា​ឲ្យ​បាន​ញឹក​ញាប់។ ម្យ៉ាង​ទៀត​អ្នក​គួរ​ឧស្សាហ៍​សម្អាត​តម្រង​ខ្យល់​​ដើម្បី​កុំ​ឲ្យ​ស្ទះ​ខ្យល់ ជាហេតុ​ធ្វើ​ឲ្យ​​រថយន្ត​របស់​អ្នក​ដំណើរ​ការ​មិន​ស្រួល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus ចេញម៉ូឌែលពិសេស RX L Black Line Edition ឆ្នាំ ២០២២ ផលិតត្រឹមចំនួន ៤៩៥គ្រឿង

នាថ្ងៃនេះ ក្រុមហ៊ុន Lexus បានធ្វើការប្រកាសចេញលក់នូវម៉ូឌែលពិសេសនៃត្រកូល RX L ដែលជារថយន្ត SUV កៅអី ៣ជួរ ឈ្មោះថា RX L Black Line Edition ដែលផលិតត្រឹមចំនួន ៤៩៥គ្រឿងប៉ុណ្ណោះ ។

ជាមួយចំនួនផលិតមានកំណត់ រថយន្ត RX 450hL មានចំនួន ៣៩៣គ្រឿង និង RX 350L មានចំនួន ១០៦គ្រឿង ហើយនឹងត្រូវលក់ជាមួយពណ៌តែ ២ពណ៌ប៉ុណ្ណោះ គឺស (Eminent White) និងប្រផេះ (Cloudbust Gray)។

សម្រាប់ម៉ូឌែលទាំងពីរនេះ នឹងបំពាក់ជាមួយថាសកង់ពណ៌ខ្មៅទំហំ ២០អ៊ីញ, ពីឡុងកង់ពណ៌ខ្មៅ, ស៊ុមកញ្ចក់សងខាងពណ៌ខ្មៅ, កាងការពារ ពណ៌ខ្មៅ និងឈ្មោះខាងក្រោយពណ៌ខ្មៅ។ ចំណែកផ្នែកខាងក្នុងបានលេងខ្លួនជាមួយពណ៌ខ្មៅ លាយស តួរយ៉ាងនៅលើកៅស្បែក, ដែចង្កូត និង តាប្លូ និងកម្រាល់ទ្រាបជើងបានប្រើប្រាស់ជាមួយពណ៌ខ្មៅ បន្ថែមជាមួយប្រព័ន្ធចង់ចាំរបស់ Lexus, ដំបូលកញ្ចក់ Moonroof និង Roof rails។

ម៉ូដែលពិសេស RX 350L ឆ្នាំ ២០២២ ដំណើការដោយម៉ាស៊ីចំណុះ ៣,៥លីត្រ V6 មានកម្លាំង ២៩០សេះ ចំណែក RX 450hL ដំណើរការដោយម៉ាស៊ីន Hybrid មានកម្លាំង ៣០៨សេះ។

ក្រុមហ៊ុន Lexus បានបញ្ជាក់ថា RX L Black Line Edition ចេញលក់ជាផ្លូវការចុងខែនេះ ដោយ RX 350L មានតម្លៃចាប់ពី ៥២ ០៣០ដុល្លារ និង RX 450hL ចាប់ពី ៥៥ ២៩០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford F-150 នឹងបោះបង់ជម្រើសម៉ាស៊ីនម៉ាស៊ូត ត្រឹមថ្ងៃទី ១៦នេះ

យោងតាមការាយការណ៌ពី Ford F-150 Authority និងការបញ្ជាក់ពី The Drive បាននិយាយថា ជម្រើសម៉ាស៊ីនម៉ាស៊ូត ៣,០លីត្រ PowerStroke V6 ឈានដល់ទីបញ្ចប់នៅត្រឹមថ្ងៃទី ១៦ខាងមុខនេះ ជាមួយចំនួនតម្រូវការទាប និងជាជម្រើសមួយដែលមានតម្លៃខ្ពស់រហូតដល់ ៤ ៩៩៥ដុល្លារ។

សម្រាប់ម៉ាស៊ីនម៉ាស៊ូត ៣,០លីត្រ PowerStroke V6 នេះមានកម្លាំង ២៥០សេះ និងកម្លាំងរមួល ៥៩៧ញ៉ូតុនម៉ែត្រ បើកបរចម្ងាយ ១០០គីឡូម៉ែត្រស៊ីប្រេងជាមធ្យម ១០,២លីត្រ។ វាមានកម្លាំងតិចជាងគូរប្រគួតដូចជា Silverado ៣,០លីត្រ I6 មានកម្លាំង ២៧៧សេះ និង Ram ៣,០លីត្រ EcoDiesel V6 កម្លាំង ២៦០សេះ។

យ៉ាងណាមិញ បើសិនប្រៀបធៀបជាមួយប្រភេទ Hybridថ្មីចំណុះ ៣,៥លីត្រ PowerBoost V6 មានកម្លាំង ៤៣០សេះ ស៊ីប្រេងជាមធ្យម ៩,៨លីត្រក្នុងចម្ងាយ ១០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai ប្រកាសតម្លៃរថយន្តភីកអាប់របស់ខ្លួនជាផ្លូវការ ដោយចាប់ពីជាង ២ម៉ឺនដុល្លារ

គួររំលឹកដែរថា កាលពីខែមេសាកន្លងទៅ ក្រុមហ៊ុន Hyundai បានធ្វើការបង្ហាញចេញនូវរថយន្តភីកអាប់បែបស្ព័ររបស់ខ្លួនជាផ្លូវការ(ចុចទីនេះដើម្បីអាន) នាពេលនេះផងដែរ ក្រុមហ៊ុន Hyundai ក៏បានធ្វើការប្រកាសអំពីតម្លៃផ្លូវការនៃរថយន្តនេះផងដែរ។

រថយន្ត Santa Cruz ២០២២ មានផ្តល់នូវ ២ជម្រើសម៉ាស៊ីន គឺប្រភេទ ២,៥លីត្រ កម្លាំង ១៩០+សេស កម្លាំងរមួល ២៤៤+ ញ៉ូតុនម៉ែត្រ រីឯមួយប្រភេទទៀត ២,៥លីត្រ turbocharged កម្លាំង ២៧៥+សេស កម្លាំងរមួល ៤២០+ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ។ បើទោះបីជារថយន្តនេះ ត្រូវបានផលិតដោយមិនបានប្រើប្រាស់តួរខ្លួនជារថយន្ត Pickup ដោយមានឈ្មោះថា “Sport Adventure Vehicle” ក៏ពិតមែន តែក្រុមហ៊ុនបានធានាជូនដល់ការអូសសណ្តោងផ្សេងៗដោយប្រភេទម៉ាស៊ីនធម្មតាបានរហូតដល់ ១ ៥៨៨គីឡូក្រាម ខណះប្រភេទ Turbocharged បានរហូតដល់ ២ ២៦៨គីឡូក្រាម។

រថយន្ត Santa Cruz ២០២២ មាន៥ជម្រើសដូចជា៖ SE, SEL, SEL Activity, SEL Premium និង Limited។

  • ម៉ូឌែល SE មានតម្លៃចាប់ពី ២៣ ៩៩០ដុល្លារដល់ ២៥ ៤៩០ដុល្លារ
  • ម៉ូឌែល SEL មានតម្លៃចាប់ពី ២៧ ១៩០ដុល្លារដល់ ២៨ ៦៩០ដុល្លារ
  • ម៉ូឌែល SEL Activity មានតម្លៃចាប់ពី ៣០ ៤៦០ ដុល្លារដល់ ៣១ ៩៦០ដុល្លារ
  • ម៉ូឌែល SEL Premium មានតម្លៃចាប់ពី ៣៥ ៦៨០ដុល្លារ
  • ម៉ូឌែល Limited មានតម្លៃចាប់ពី ៣៩ ៧២០ដុល្លារ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

អឺរ៉ុប ចង់ហាមឃាត់ការលក់ឡានប្រើម៉ាស៊ីនចំហេះក្នុង នៅត្រឹមឆ្នាំ ២០៣៥

យោងតាមរបាយការណ៍ពីទីភ្នាក់ងារព័ត៌មាន Bloomberg បានឲ្យដឹងថា សហគមន៍អឺរ៉ុប រំពឹងថានឹងស្នើសុំរថយន្តដឹកអ្នកដំណើរថ្មីទាំងអស់ដែលបានលក់ចាប់ពីឆ្នាំ ២០៣៥ ទៅ ជារថយន្តដែលមិនបំភាយឧស្ម័នកាបូន ពោលគឺអនុញ្ញាតឲ្យលក់តែរថយន្តអគ្គិសនីសុទ្ធប៉ុណ្ណោះ ក្នុងរយៈពេល ១៤ ឆ្នាំទៀត។

ទ្វីបដែលផ្តល់កំណើតដល់រថយន្តល្បីៗជាច្រើន ដូចជា Porsche និង BMW ជាដើម បានសម្លឹងមើលការផ្លាស់ប្តូរ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដ៏ធំ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ដល់សូន្យ នៅត្រឹមឆ្នាំ ២០៥០ ហើយការផ្លាស់ប្តូរនឹងត្រូវបានធ្វើបន្តិចម្តងៗ។

អង្គភាពនិយតកម្មរបស់គណៈកម្មការអឺរ៉ុបចង់ឲ្យមានការបំភាយឧស្ម័នពីរថយន្តថ្មី រួមទាំងរថយន្តវ៉ែន ថយចុះ ៦៥ភាគរយនៅឆ្នាំ ២០៣០ មុនពេលវាធ្លាក់ចុះដល់សូន្យនៅរយៈពេល ៥ឆ្នាំបន្ទាប់។ ទន្ទឹមនឹងនេះដែរ ច្បាប់ប្រឆាំងនឹងការបំពុលបរិស្ថានថ្មីទាំងនេះ នឹងបង្ខំឲ្យសហភាពអ៊ឺរ៉ុបជំរុញបណ្តាប្រទេសនានាបង្កើនហេដ្ឋារចនាសម្ព័ន្ធ ឬស្ថានីយ៍សាកភ្លើងរបស់ខ្លួនរៀងៗខ្លួន។

គួរឲ្យដឹងដែរថា បច្ចុប្បន្ននេះគោលដៅនៃការកាត់បន្ថយការបំភាយឧស្ម័នពុលចេញពីរថយន្ត គឺតម្រូវឲ្យមានការកាត់បន្ថយ ៣៧,៥ ភាគរយសម្រាប់រថយន្តដឹកអ្នកដំណើរ នៅត្រឹមឆ្នាំ ២០៣០។ រថយន្តដឹកអ្នកដំណើរបច្ចុប្បន្នមានប្រហែល ១២ ភាគរយ នៃការបំភាយឧស្ម័នពុលសរុបនៅអឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Mercedes នឹងឈប់ផលិតម៉ាស៊ីនចំហេះក្នុងមួយភាគធំ នៅចុងទសវត្សរ៍នេះ

ក្រុមហ៊ុន Mercedes មានកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងការផលិតម៉ាស៊ីន V8 និង V12 ដ៏អស្ចារ្យ ប៉ុន្តែពេលវេលារបស់ពួកគេគឺកំពុងតែជិតអស់ហើយ។

យោងទៅគេហទំព័រ Automobilwoche បានឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ខាងលើ កំពុងបង្កើនល្បឿននៃការផ្លាស់ប្តូរទៅផលិតរថយន្តអគ្គិសនី ហើយវាក៏មានន័យថា ម៉ាស៊ីនចំហេះខាងក្នុង (ប្រើប្រេងឥន្ធនៈ) មួយភាគធំនឹងត្រូវឈប់ផលិតនៅចុងទសវត្សនេះដែរ។

ថ្វីបើព័ត៌មានលម្អិតនៅខ្វះខាតនៅឡើយ ប៉ុន្តែគ្រប់ម៉ូដែលរថយន្តរបស់ Mercedes នឹងមានប្រភេទប្រើអគ្គិសនី មិនថាជាប្រភេទ Plug-in Hybrid ឬអគ្គិសនីសុទ្ធឡើយ។ លើសពីនេះទៅទៀត រថយន្តប្រភេទ Plug-in Hybrid នឹងត្រូវឈប់ផលិតនៅពេលក្រោយទៀត ព្រោះក្រុមហ៊ុននឹងផ្តោតលើរថយន្តអគ្គិសនីសុទ្ធតែម្តង។

ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តមួយចំនួនបានកំណត់កាលបរិច្ឆេទ ថានឹងផលិតតែរថយន្តអគ្គិសនីសុទ្ធ ក្រុមហ៊ុន Mercedes ឯណេះវិញមិនទាន់បានត្រៀមខ្លួនរួចរាល់ដើម្បីកំណត់ពេលវេលាជាក់លាក់ណាមួយនៅឡើយទេ។ ផ្ទុយទៅវិញក្រុមហ៊ុនខាងលើជឿជាក់ថា នឹងនៅតែមានតម្រូវការសម្រាប់ម៉ាស៊ីនចំហេះក្នុង បន្ទាប់ពីឆ្នាំ ២០៣០ នៅក្នុងទីផ្សារដែលខ្វះហេដ្ឋារចនាសម្ព័ន្ធ ឬស្ថានីយ៍សាកភ្លើងរថយន្ត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+