ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV អគ្គិសនីដំបូងគេរបស់ BMW សម្រាប់ទីផ្សារអាមេរិក ចូលរោងចក្រផលិតហើយ

ក្រោយពីមានការពន្យារពេលមួយរយៈខ្លី នាពេលនេះរថយន្ត BMW iX ស៊េរីឆ្នាំ២០២២ ដែលជារថយន្តអគ្គិសនីសុទ្ធដំបូងរបស់ BMW សម្រាប់ទីផ្សារសហរដ្ឋអាមេរិក បានចាប់ផ្ដើមការផលិតជាផ្លូវការហើយ។

ការផលិតរថយន្ត BMW iX បានធ្វើឡើងនៅរោងចក្រ Dingolfing ក្នុងតំបន់ Lower Bavaria នៃប្រទេសអាល្លឺម៉ង់ ដែលរោងចក្រ Dingolfing គឺជារោងចក្រទំនើបមួយ មានផលិតរថយន្តម៉ាស៊ីនពីស្តុង, រថយន្ត PHEV និងរថយន្តអគ្គិសនីសុទ្ធនៅក្នុងសង្វាក់ផលិតកម្មតែមួយ។

រថយន្ត iX ត្រូវបានផលិតរួមគ្នាជាមួយនឹងរថយន្ត 5 Series, 7 Series និងរថយន្ត 8 Series ផងដែរ។ ក្រុមហ៊ុន BMW បានចំណាយទឹកប្រាក់ប្រមាណ ៤៧៤លានដុល្លារ កាលពីថ្មីៗនេះ ដើម្បីពង្រីក និងជួសជុលរោងចក្រ Dingolfing ដើម្បីអាចផលិតរថយន្តបានច្រើនប្រភេទបែបនេះ។

ការបណ្ដាក់ទុនរបស់ BMW នឹងជួយដល់ការផលិតរថយន្ត 5 Series និងរថយន្ត 7 Series ជំនាន់ថ្មី ដែលរថយន្តទាំងពីរនេះមានការបញ្ជាក់ថានឹងមានបន្ថែមមកនូវប្រភេទអគ្គិសនីសុទ្ធសម្រាប់ជំនាន់ថ្មី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតចេញតម្លៃ Suzuki Jimny ប្រភេទធូរថ្លៃបំផុត

ក្រុមហ៊ុន Suzuki ប្រចាំប្រទេសអូស្ត្រាលីបានបង្ហាញចេញតម្លៃសម្រាប់រថយន្ត Suzuki Jimny Lite ស៊េរីឆ្នាំ២០២២ ដែលមានតម្លៃចាប់ផ្ដើមពីប្រមាណ ២០ ៣២៤ដុល្លារ។

Suzuki Jimny Lite នេះបើប្រៀបធៀបនឹងតម្លៃរថយន្ត Suzuki Jimny ប្រភេទធម្មតានៅទីផ្សារអូស្រ្តាលី គឺធូរថ្លៃជាងប្រមាណ ១ ១២៩ដុល្លារ។ ដើម្បីអាចលក់តម្លៃធូរថ្លៃបែបនេះបាន Jimny Lite បានប្ដូរមកប្រើប្រាស់កង់ដែកទំហំ ១៥អ៊ីញ ជំនួសឲ្យកង់ប្រភេទ Alloy និងប្រើប្រាស់ម៉ាស៊ីនចាក់វិទ្យុ និង CD ជំនួសឲ្យអេក្រង់កម្សាន្តផងដែរ។

Jimny Lite ក៏មានស្រោបកញ្ចក់មើលក្រោយដោយជ័រផ្លាស្ទិក, ប្រើប្រាស់អំពូលប្រភេទ Halogen ជំនួសឲ្យអំពូល LED និងមានលុបបំបាត់នូវអំពូលកាត់អព្ទ័ផងដែរ។

រថយន្ត Jimny Lite នេះមានដំណើរការដោយម៉ាស៊ីនចំណុះ ១,៥លីត្រ ៤ស៊ីឡាំង ដូចជា Jimny ធម្មតាដែរ ប៉ុន្តែមានតែជម្រើសលេខដៃ៥វគ្គមួយប៉ុណ្ណោះ។

គួរដឹងថារថយន្ត Suzuki Jimny Lite នឹងចេញលក់លើទីផ្សារប្រទេសអូស្ត្រាលីជាផ្លូវការនៅថ្ងៃទី០១ ខែសីហា ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បាន Mercedes កំពុងសម្ងំធ្វើតេស្តឡាន CLE ឆ្នាំ២០២៣

កាលពីពេលថ្មីៗនេះ គេប្រមាញ់បានរូបថតជាច្រើនសន្លឹក បង្ហាញឲ្យឃើញក្រុមហ៊ុន Mercedes កំពុងធ្វើតេស្តរថយន្តបើកដំបូលថ្មី នៅក្នុងប្រទេសអាល្លឺម៉ង់ ដែលវាជាម៉ូដែលថ្មីស្ថិតនៅចន្លោះរវាងម៉ូដែល C-Class Coupe និង E-Class Coupe។

ទោះជាយ៉ាងណាក៏ដោយ មានពាក្យចចាមអារ៉ាមថ្មីនិយាយថា Mercedes បានសម្រេចចិត្តរុះរើសម៉ូដែលរថយន្តរបស់ខ្លួន ដោយឈប់ផលិត C Class Coupe និង E Class Coupe ទៀតហើយ ប៉ុន្តែជំនួសមកវិញនូវម៉ូដែលតែមួយគត់ គឺ CLE។

ជាការពិតណាស់ ពាក្យចចាមអារ៉ាមនេះបានលេចឡើង បន្ទាប់ពី Mercedes បានចុះប៉ាតង់ឈ្មោះរថយន្តថ្មី គឺ “CLE” នៅសហរដ្ឋអាមេរិក ដោយវានឹងត្រូវផលិតឡើងដោយផ្អែកលើគ្រោងឆ្អឹង MRA-2 ដូចម៉ូដែល C-Class ដែរ។

យ៉ាងណាមិញ គេនៅមិនទាន់ច្បាស់ ១០០% ឡើយថា រថយន្តដែល Mercedes កំពុងធ្វើតេស្តនោះ គឺជាម៉ូដែល CLE ឬយ៉ាងណា ប៉ុន្តែប្រសិនបើជាការពិតមែននោះ វាត្រូវគេរំពឹងថានឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងឆ្នាំ២០២៣ ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GM វិនិយោគក្នុងគម្រោងមួយ ដែលអាចក្លាយជាអ្នកផ្គត់ផ្គង់អាគុយលីចូមធំបំផុតរបស់អាមេរិក

ក្រុមហ៊ុន General Motors ឬ GM មានគោលបំណងដើម្បីធានាការផ្គត់ផ្គង់អាគុយលីចូមមានទំហំធំល្មម ដើម្បីផ្តល់ឲ្យរថយន្តអគ្គិសនី ៦ លានគ្រឿង នៅត្រឹមពាក់កណ្តាលឆ្នាំ ២០២៤។ គម្រោងនេះនឹងរាប់បញ្ចូលការវិនិយោគរាប់ពាន់លានដុល្លារ ទៅក្នុងទីតាំងផលិតអាគុយលីចូម នៅរដ្ឋ California ផងដែរ។

កិច្ចព្រមព្រៀងនេះនឹងមើលឃើញក្រុមហ៊ុន GM ជួយអភិវឌ្ឍគម្រោង Hell’s Kitchen Geothermal Brine Project របស់ក្រុមហ៊ុន Controlled Thermal Resources Ltd នៅក្បែរសមុទ្រ Salton Sea រដ្ឋ California នៅចម្ងាយ ១៦០ម៉ាយ៍ នៃភាគអាគ្នេយ៍ទីក្រុង Los Angeles។

លោក Doug Parks នាយកប្រតិបត្តិក្រុមហ៊ុន GM ផ្នែកអភិវឌ្ឍផលិតផលសកល ការទិញ និងខ្សែសង្វាក់ផ្គត់ផ្គង់ បាននិយាយថា “តាមរយៈការធានា និងធ្វើមូលដ្ឋានីយកម្មខ្សែសង្វាក់ផ្គត់ផ្គង់អាគុយលីចូមនៅសហរដ្ឋអាមេរិក យើងកំពុងជួយធានានូវសមត្ថភាពរបស់យើងក្នុងការផលិតរថយន្តអគ្គិសនីដែលមានកម្លាំងខ្លាំង មានតម្លៃសមរម្យ និងមានចម្ងាយឆ្ងាយ ព្រមទាំងជួយកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងនាំអាគុយលីចូមដែលមានតម្លៃកាន់តែទាបនៅលើទីផ្សារទាំងមូល”។

ទោះបីជាតួលេខពិតប្រាកដដែលបានវិនិយោគមិនត្រូវបានបង្ហាញក៏ដោយ ប៉ុន្តែកិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយនៃការវិនិយោគសរុបចំនួន ៣៥ ពាន់លានដុល្លាររបស់ក្រុមហ៊ុន GM ក្នុងបច្ចេកវិទ្យារថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ព្រមានថាការផ្គត់ផ្គង់បន្ទះឈីប អាចនៅមានកម្រិតទាបខ្លាំង រហូតដល់ពាក់កណ្តាលឆ្នាំ២០២១

នៅពេលដែលបញ្ហាកង្វះបន្ទះឈីបអេឡិចត្រូនិកកំពុងកើនឡើង ក្តីសង្ឃឹមថានឹងមានដំណោះស្រាយឲ្យបានលឿនចំពោះបញ្ហានេះ ក៏កំពុងតែថមថយ។ ពេលនេះក្រុមហ៊ុន BMW ប្រាប់ថា ខ្លួនរំពឹងថានឹងនៅតែខ្វះបន្ទះឈីបរហូតដល់ពាក់កណ្តាលឆ្នាំនេះ។

លោក Milan Nedeljkovic ប្រធានផ្នែកផលិតរថយន្ត BMW បានប្រាប់អ្នកសារព័ត៌មាននៅឯព្រឹត្តិការណ៍មួយថា “ការផ្គត់ផ្គង់បន្ទះឈីបអេឡិចត្រូនិច កំពុងតែនៅមានកម្រិតទាបខ្លាំងណាស់”។

គួរឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្តជាច្រើនបានមើលឃើញពីការកើនឡើងនៃការលក់យ៉ាងខ្លាំង តាមរយៈពីរត្រីមាសដំបូងនៃឆ្នាំ ២០២១ ដោយសារតែតម្រូវការបានផ្ទុះឡើងនៅលើទីផ្សារ បន្ទាប់ពីការបន្ធូរបន្ថយនៃការរឹតត្បិតលើជំងឺកូវីដ១៩។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ ការផ្គត់ផ្គង់កំពុងធ្លាក់ចុះ ខណៈដែលឈ្មួញកំពុងតែអស់រថយន្តថ្មីដើម្បីជំនួសកន្លែងរថយន្តដែលពួកគេបានលក់។

ឈ្មួញចែកចាយរថយន្តទូទាំងសហរដ្ឋអាមេរិកបានរាយការណ៍ថា អតិថិជនកំពុងចូលមកទិញរថយន្តថ្មីដោយមិនចាំបាច់ចរចា ហើយសូម្បីតែរថយន្តដែលមានតម្រូវការទាបក៏លក់បានច្រើនជាងមុនដែរ។

លោក Nedeljkovic បានប្រាប់អ្នកសារព័ត៌មានថា មកទល់ពេលនេះ BMW ខាតការផលិតរថយន្តប្រមាណ ៣០ ០០០ គ្រឿង ហើយបាននិយាយថា ការខាតបង់ក៏អាចកើតមានផងដែរសម្រាប់ឆមាសទី២ នៃឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lexus សម្លាប់ម្តង ៣ម៉ូដែល លែងមានលក់នៅប្រទេសមួយនេះ

CEO នៃក្រុមហ៊ុន Lexus Australia លោក Scott Thompson បានបញ្ជាក់នៅក្នុងអំឡុងពេលបង្ហាញចេញរថយន្ត Lexus NX ថ្មី ក្នុងទីក្រុង Melbourne ថា Lexus នឹងឈប់លក់រថយន្តចំនួន ៣ ម៉ូដែល ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២១។

ជាមួយនឹងតម្រូវការច្បាប់អូស្រ្តាលីថ្មី Australian Design Rules ទាក់ទងនឹងផលប៉ះពាល់បង្គោល (លេខ ៨៥/០១) ដែលនឹងចាប់ផ្តើមដំណើរការនាខែវិច្ឆិកាខាងមុខនេះ ក្រុមហ៊ុន Lexus នឹងលែងមានលក់រថយន្តម៉ូដែល CT, RC និង IS ថ្មីទៀតហើយ។

ជាមួយនឹងចំនួនភាគច្រើន ប្រហែលបីភាគបួន នៃការលក់របស់ Lexus បានមកពីរថយន្តប្រភេទ SUV របស់ខ្លួន ដូច្នេះការឈប់លក់ម៉ូដែលទាំងនេះនឹងមិនបង្កអន្តរាយដល់ម៉ាកយីហោនេះឡើយ។ ទោះជាយ៉ាងណា ម៉ូដែល ES, LS និង LC នៅតែមានលក់ដដែល។

យ៉ាងណាមិញ រថយន្ត Lexus NX ស៊េរីឆ្នាំ២០២២ ថ្មី នឹងមានលក់នៅក្នុងប្រទេសអូស្ត្រាលី ជាមួយនឹងជម្រើសម៉ូដែល NX 350h, NX 350 និង NX 250 ខណៈម៉ូដែល NX 450h+ PHEV នៅមិនទាន់ត្រូវបានបញ្ជាក់ថាមានលក់នៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota វ៉ាដាច់ក្រុមហ៊ុន GM ក្លាយជាក្រុមហ៊ុនផលិតរថយន្តលក់ដាច់បំផុត នៅត្រីមាសទី២

ក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់បំផុតនៅអាមេរិចលែងមានមូលដ្ឋាននៅសហរដ្ឋអាមេរិកទៀតហើយ ខណៈដែលក្រុមហ៊ុន Toyota លក់រថយន្តដាច់ជាងក្រុមហ៊ុន GM នៅត្រីមាសទី ២។

យោងតាមសារព័ត៌មាន CNBC បានអោយដឹងថាក្រុមហ៊ុន Toyota បានឈានមុខគេ ខណៈពេលដែលក្រុមហ៊ុនលក់រថយន្តបានចំនួន ៦៨៨ ៨១៣ គ្រឿងនៅសហរដ្ឋអាមេរិកកាលពីត្រីមាសមុន បើប្រៀបធៀបទៅនឹងក្រុមហ៊ុន GM របស់ក្រុមហ៊ុនចំនួន ៦៨៨ ២៣៦ គ្រឿង ហើយក្រុមហ៊ុន Ford លក់រថយន្តបានចំនួន ៤៧៥ ៣២៧ ប៉ុណ្ណោះនៅក្នុងត្រីមាសទី ២។

ទោះបីជាការខាតបង់នៅត្រីមាសទី ២ ក៏ដោយក៏ក្រុមហ៊ុន GM នៅតែនាំមុខគេក្នុងការលក់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារពួកគេបានលក់រថយន្តចំនួន ១ ៣៣០ ៤៨៦ គ្រឿងនៅសហរដ្ឋអាមេរិក ចាប់តាំងពីខែមករាមក។ កត្តានេះធ្វើឱ្យពួកគេនាំមុខក្រុមហ៊ុន Toyota ដែលបានលក់រថយន្តចំនួន ១ ២៩១ ៨៧៩ គ្រឿងក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ។

លោក Kurt McNeil អនុប្រធានផ្នែកប្រតិបត្តិការផ្នែកលក់របស់សហរដ្ឋអាមេរិកមានប្រសាសន៍ថា៖ ក្រុមហ៊ុន GM បានលើកឡើងពីបញ្ហាប្រឈម ខណៈពេលដែលស្ថានភាពនៅតែមានដំណើរការដោយបានផ្តោតលើការបន្តប្រើប្រាស់រាល់ឧបករណ៍អេឡិចត្រូនិកដែលមាន ដើម្បីផលិត និង ដឹកជញ្ជូនផលិតផលដែលមានតម្រូវការខ្ពស់បំផុតរបស់យើង។ ការខ្វះខាតបន្ទះឈីបកំពុងជះឥទ្ធិពលដល់“ សារពើភ័ណ្ឌយ៉ាងតឹងរឹង” របស់ក្រុមហ៊ុន GM ដែលបានធ្លាក់ចុះពីចំនួន ៣៣៤ ៦២៨ គ្រឿងនៅចុងត្រីមាសទី ១ មកនៅត្រឹម ២១១ ៩៧៤ គ្រឿងនៅចុងត្រីមាសទី ២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភាពខុសគ្នារវាងម៉ាស៊ីនសាំង និង ម៉ាស៊ីនម៉ាស៊ូត | ចំណេះដឹងយានយន្ត

[​ចំណេះដឹងយានយន្ត] ក្នុងពេលបច្ចុប្បន្ន រថយន្តដែលពេញនិយមសម្រាប់នៅក្នុងប្រទេសកម្ពុជា គឺមានរថយន្តប្រភេទប្រើសាំង និង ប្រើម៉ាស៊ូត។​ ដោយរថយន្តប្រើសាំងមានការប្រើប្រាស់ច្រើនជាង ទៅលើការធ្វើដំណើរសម្រាប់លក្ខណៈគ្រួសារ តែសម្រាប់រថយន្តប្រើម៉ាស៊ូតគឺប្រើសម្រាប់ការដឹកជញ្ជូនឥវ៉ាន់។ ដូច្នេះទៅស្វែងយល់ពីគុណសម្បត្តិ និង គុណវិបត្តិរវាងម៉ាស៊ីនសាំង និង ម៉ាស៊ីនម៉ាស៊ូត ជាមួយខេមបូអូតូទាំងអស់គ្នា។

ម៉ាស៊ីនសាំង

  • គុណសម្បត្តិ
    • ម៉ាស៊ីនសាំងមានកម្លាំងសេះច្រើនជាងម៉ាស៊ីនម៉ាស៊ូត
    • ផ្សែងរបស់ម៉ាស៊ីនសាំងមិនសូវបំផុលបរិស្ថាន
    • ម៉ាស៊ីនសាំងងាយស្រួលក្នុងការកែ ឬ បំពាក់គ្រឿងផ្សេងៗ
    • គ្រឿងបន្លាស់នៃម៉ាស៊ីនសាំង គឺថោកជាងម៉ាស៊ីនម៉ាស៊ូត
    • ម៉ាស៊ីនសាំងទម្ងន់ស្រាលជាងម៉ាស៊ីនម៉ាស៊ូត
    •  ដំណើរការម៉ាស៊ីនសាំងមានសំលេងស្ងាត់ជាងម៉ាស៊ីនម៉ាស៊ូត។
  • គុណវិបត្តិ
    • អាយុកាលប្រើប្រាស់ខ្លីជាងម៉ាស៊ីនម៉ាស៊ូត
    • ម៉ាស៊ីនសាំងមានកម្រិតស៊ីប្រេងច្រើនជាងម៉ាស៊ីនម៉ាស៊ូត
    • ប្រេងសាំងមានតម្លៃថ្លៃជាងម៉ាស៊ីនម៉ាស៊ូត
    • ប្រើហើយ លក់ចេញវិញខាតច្រើន។

ម៉ាស៊ីនម៉ាស៊ូត

  • គុណសម្បត្តិ
    • ម៉ាស៊ីនម៉ាស៊ូតមានកម្លាំងរង្វិលជុំ (Torque) ខ្លាំងជាងម៉ាស៊ីនសាំង
    • ម៉ាស៊ីនម៉ាស៊ូតមានកម្រិតស៊ីប្រេងតិចជាងម៉ាស៊ីនសាំង
    • ល្អសម្រាប់វិស័យដឹកជញ្ជូន និង សណ្តោង
    • ការបើកបរផ្លូវឆ្ងាយល្អជាងម៉ាស៊ីនសាំង
    • រថយន្តប្រើម៉ាស៊ីនម៉ាស៊ូតលក់ចេញវិញខាតតិចជាងម៉ាស៊ីនសាំង
    • ម៉ាស៊ីតម៉ាស៊ូតដំណើរការរលូនជាងម៉ាស៊ីនសាំង
    • ប្រេងម៉ាស៊ូតមានតម្លៃថោក។
  • គុណវិបត្តិ
    • ពេលចាស់ សំឡេងលឺខ្លាំងជាងម៉ាស៊ីនសាំង
    • ម៉ាស៊ីនមានទម្ងន់ធ្ងន់ជាម៉ាស៊ីនសាំង
    • គ្រឿងបន្លាស់ថ្លៃជាងម៉ាស៊ីនសាំង
    • ម៉ាស៊ីនម៉ាស៊ូតមានកម្លាំងសេះតិចជាងម៉ាស៊ីនសាំង
    • ចំហេះម៉ាស៊ីនម៉ាស៊ូតមាននៅសល់កម្ទេចកម្ទីច្រើននិងមិនស្អាតដូចសាំង
    • ម៉ាស៊ីនម៉ាស៊ូតផ្តល់ផលប៉ះពាក់ច្រើនដល់បរិស្ថាន
    • ការថែទាំត្រូវចំណាយប្រាក់ច្រើនជាងម៉ាស៊ីនសាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតាទេ Suzuki Jimny ក្លាយជាឡាន SUV ខ្នាតតូចលក់ដាច់ជាងគេលើលោក

ផ្អែកតាមរបាយការណ៍របស់ Jato Dynamics បានឲ្យដឹងថាទីផ្សាររថយន្ត SUV ខ្នាតតូច (A-Segment) គឺមានរថយន្តសរុបចំនួនប្រមាណ ១២៥ ៨០០គ្រឿង បានលក់ចេញកាលពីឆ្នាំ២០២០ នៅទូទាំងពិភពលោក។

ក្នុងចំនួនលក់នោះដែរ រថយន្ត Suzuki Jimny គឺមានចំនួនប្រមាណ ៨៣ ០០០គ្រឿង ដែលអាចគ្រងតំណែងជារថយន្ត SUV ខ្នាតតូចដែលលក់ដាច់ជាងគេលើលោកកាលពីឆ្នាំ២០២០កន្លងទៅ។ ចំនួនលក់នេះដែរក៏មានកំណើន ២០% ផងដែរ បើធៀបនឹងឆ្នាំ២០១៩។

ចំណាត់ថ្នាក់លេខពីរគឺបានទៅលើរថយន្ត Lada Niva Legend ដែលលក់បានចំនួន ៣ម៉ឺនគ្រឿង ថយចុះ ១៧% ធៀបនឹងឆ្នាំ២០១៩។ ចំណាត់ថ្នាក់លេខបីគឺរថយន្ត Mahindra Thar ដែលលក់បាន ៥ ៥០០គ្រឿង កើនឡើង ៣៩%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីផ្សារឡានអគ្គិសនីនៅតែរីកចម្រើនខ្លាំងនៅប្រទេសចិន

ទីផ្សាររថយន្តអគ្គិសនីនៅប្រទេសចិននៅតែមានសញ្ញារីកច្រើនខ្លាំង ដោយក្រុមហ៊ុនរថយន្តអគ្គិសនីដូចជា Nio និង XPeng សុទ្ធតែបានរាយការណ៍អំពីកំណត់ត្រាលក់ថ្មីប្រចាំខែមិថុនា និងកំណត់ត្រាលក់ប្រចាំត្រីមាសទីពីរនៃឆ្នាំ២០២១នេះផងដែរ។

ក្នុងសេចក្ដីប្រកាសកាលពីថ្ងៃទី១ ខែកក្កដា ក្រុមហ៊ុន Nio បាននិយាយថាខ្លួនលក់រថយន្តបាន ៨ ០៨៣គ្រឿងនៅខែមិថុនា ដែលកើនឡើង ១១៦,១% ធៀបនឹងខែមិថុនាឆ្នាំមុន ហើយក៏កើនឡើង ២០% ផងដែរបើធៀបនឹងខែឧសភា។ គិតក្នុងត្រីមាសទីពីរ ក្រុមហ៊ុននេះអាចលក់រថយន្តបានសរុប ២១ ៨៩៦គ្រឿង ដែលមានកំណើន ១១១,៩% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណែកក្រុមហ៊ុន XPeng ឯណោះវិញ ត្បិតថាលក់រថយន្តមិនបានច្រើនដូចជា Nio ប៉ុន្តែការលក់ក៏មានកំណើនខ្លាំងណាស់ដែរ។ ក្រុមហ៊ុន XPeng និយាយថាខ្លួនអាចលក់រថយន្តបាន ៦ ៥៦៥គ្រឿងក្នុងខែមិថុនា ដែលមានកំណើនរហូតដល់ ៦១៧% ធៀបនឹងខែមិថុនា ឆ្នាំ២០២០ និងមានកំណើន ១៥% ធៀបនឹងខែឧសភា។

ចំនួនលក់ប្រចាំត្រីមាសទីពីររបស់ XPeng គឺមានសរុប ១៧ ៣៩៨គ្រឿង ដែលមានកំណើនចំនួន ៤៣៩% ធៀបនឹងត្រីមាសទីពីរឆ្នាំ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+