ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Land Cruiser សេរ៊ីថ្មី ជួបឧបទ្ទវហេតុ ពេលកំពុងដឹកទៅកាន់ក្រុមហ៊ុនចែកចាយ (មានវីដេអូ)

គ្រោះថ្នាក់នេះបានកើតឡើងនៅពេលរថយន្តប្រភេទ SUV ជំនាន់ថ្មី ត្រូវបានគេដឹកទៅកាន់ក្រុមហ៊ុនចែកចាយមួយនៅ Salalah ដែលជាទីក្រុងធំទី ៣ របស់ប្រទេសអូម៉ង់។ ប្រទេសនេះ គឺជាទីផ្សារមួយក្នុងចំនោមទីផ្សារនៅមជ្ឈឹមបូព៌ា ដែលក្រុមហ៊ុនតូយ៉ូតាផ្តល់អាទិភាព ដោយសារតែចំណូលចិត្តរបស់ពួកគេចំពោះរថយន្ត Off-road ក៏ដូចជាទទួលបានប្រាក់ចំណេញយ៉ាងច្រើនផងដែរ។

តាមរយ:វីដេអូនេះ យើងឃើញថាមានរថយន្ត ចំនួន ៤គ្រឿងបានខូចខាតយ៉ាងធ្ងន់ធ្ងរ ហើយតាមរូបភាពមួយទៀតគេឃើញមានរថយន្តមួយគ្រឿងទៀតក្រឡាប់នៅលើចញ្ចឹមផ្លូវផងដែរ ប៉ុន្តែគួរអោយសោកស្តាយ ដោយយើងមិនទាន់ដឹងច្បាស់អំពីមូលហេតុនៃគ្រោះថ្នាក់នេះ និងចំនួនរថយន្តខូចខាតនៅឡើយទេ។

គួរបញ្ជាក់ផងដែរថា រថយន្ត Toyota Land Cruiser សេរ៊ីថ្មី បានធ្វើការប្រគល់អោយអតិថិជនរបស់ខ្លួននៅប្រទេសអារ៉ាប់រួម និងប្រទេសក្បែខាងប្រទេសអូម៉ង់រួចមកហើយ ចំណែកឯប្រទេសអូម៉ង់ គឺកំពុងដឹកជញ្ជូននេះ ក៏បាន ជួបឧបទ្ទវហេតុនេះកើតឡើងមក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត MG HS បានត្រៀមរួចរាល់ក្នុងការបន្ថែមគ្រឿងតុបតែងឱ្យកាន់តែទាក់ទាញ

ថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ២០២១ ក្រុមហ៊ុន MG Cambodia បានប្រកាសនូវការផ្តល់ជូនយ៉ាងពិសេសសម្រាប់រថយន្ត MG HS របស់ពួកគេ ដែលមានតម្លៃចាប់ពី ៤០ ៨៨៨ដុល្លារ បូករួមជាមួយការថែមជូនដូចជា: កាងមុខក្រោយ, ស្លាកលេខវែង, កម្រាលជើងប្រណីត, សេវាកម្មប្តូរប្រេងម៉ាស៊ីនរយៈពេល៣ឆ្នាំ, បិតស្កុតការពារកម្តៅ និង មានការធានារយៈពេល៣ឆ្នាំទៀតផង, ខណៈពេលដែលម៉ូឌែលដែលជាដៃគូប្រកួតប្រជែងរបស់គេមានតម្លៃប្រហែល ៤៥ ០០០ដុល្លារ ឬ ៥០ ០០០ដុល្លារ។ MG គឺបានព្យាយាមផ្តល់ជូននូវតម្លៃសមរម្យតាមដែលអាចធ្វើទៅបាន ដើម្បីធ្វើឱ្យតម្លៃគឺជាគន្លឹះសំខាន់នៃភាពជោគជ័យរបស់យីហោ MG នៅក្នុងប្រទេសកម្ពុជា។ អ្វីដែលអតិថិជនត្រូវការគឺរួមមានក្នុងកញ្ចប់ប្រម៉ូសិនរបស់ MG។ MG កំពុងបង្ហាញពីការរចនាយ៉ាងរឹងម៉ាំ ភាពស្រស់ស្អាត និងប្រណិតភាព តាមបែបទំនើបរបស់ចក្រភពអង់គ្លេស។ ហើយឥលូវនេះរថយន្ត MG HS ក៏អាចបំពាក់គ្រឿងតុបតែងបន្ថែមបានតាមតម្រូវការ ដូចជាកាងមុខក្រោយដែលបានផ្តល់ជូនដោយក្រុមហ៊ុនMG ដើម្បីធ្វើឱ្យរថយន្តMGរបស់អ្នកកាន់តែមានភាពទាក់ទាញនិងបង្ហាញពីស្ទីលផ្ទាល់ខ្លួនរបស់អ្នក។

MG HS គឺជាប្រភេទរថយន្តប្រភេទ SUV ដែលមានការរចនាបែបស្ព័រ ហើយវាពិតជាមានការពេញនិយមណាស់នៅក្នុងប្រទេសកម្ពុជាជាពិសេសសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារនិងសម្រាប់សហគ្រិនវ័យក្មេងមួយចំនួន។ ជាមួយនឹងរចនាប្រកបដោយភាពស្វាហាប់រឹងមាំ ព្រមទាំងមានលក្ខណៈពិសេសដ៏អស្ចារ្យជាច្រើនមុខ បានធ្វើឱ្យរថយន្ត MG HS ក្លាយជារថយន្តបែបស្ព័រនៅក្នុងថ្នាក់រថយន្តប្រភេទSUV។ រូបរាងនៃ MG HS បានរចនាឡើងយ៉ាងរលើបរលោងពិតជាស្រស់ស្អាតនិងទាក់ទាញ។

MG HS ផ្តល់ជូនអ្នកប្រើប្រាស់នូវជម្រើសដ៏គួរឱ្យចាប់អារម្មណ៏ ព្រមជាមួយគុណភាពខ្ពស់ ដើម្បីជាផ្តល់ជាជម្រើសយ៉ាងល្អជាមួយនឹងផ្នែកខាងក្រៅបែបស្ព័រនិងផ្នែកខាងក្នុងបំពាក់ដោយសម្ភារៈទន់ល្អដ៏ប្រណីត។ ការរចនាផ្ទៃខាងក្នុងរបស់វាពោរពេញទៅដោយលក្ខណៈពិសេសថ្មីៗគួរឱ្យទាក់ទាញនិងប្លែកភ្នែក។ ផ្នែកខាងក្នុងនៃរថយន្ត MG HS គឺផ្តល់នូវផាសុកភាព ភាពធំទូលាយ និង ប្រណីតភាពក្នុងការអង្គុយបើកបរឬរួមដំណើរ ហើយជួយឱ្យរាល់ការធ្វើដំណើរទទួលបាននូវអនុស្សារវរីយ៍ល្អ។

កត្តាសំខាន់ចំពោះលក្ខណៈពិសេសរបស់រថយន្ត MG HS គឺម៉ាស៊ីនតួបូចំណុះ ១,៥លីត្រ របស់វាដែលផ្តល់នូវកម្លាំងខ្លាំង និងស៊ីប្រេងឥន្ធនៈតិច។ MG HS ភ្ជាប់មកជាមួយមុខងារស្តង់ដារជាច្រើនដូចជា: ដំបូលលើបើកបានធំPanoramic Sunroof, សោរឆ្លាតវៃ Smart key, ប៊ូតុង start/stop, កៅអីមុខអូតូដែលអាចផ្លាស់ប្តូរបានដោយ ៤បែប, ការគ្រប់គ្រងប្រព័ន្ធម៉ាស៊ីនស្វ័យប្រវត្តិទាំងផ្នែកខាងមុខនិងក្រោយ, ប្រព័ន្ធបន្សុទខ្យល់ និងប្រព័ន្ធសុវត្ថិភាពដែលបំពាក់ដោយពោងពីចំហៀង, សេនស័រ និង កាមេរ៉ាក្រោយជំនួយពេលចតរថយន្ត, ព្រមជាមួយចំណុចពិសេសជាច្រើនទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Honda Civic Type R ឆ្នាំ២០២២ ទំនងជាមានរូបរាងបែបនេះ!

បន្ទាប់ពីការប្រកាសចេញរថយន្ត Honda Civic Hatchback ឆ្នាំ២០២២ រូបថតបែប Render នៃម៉ូដែល Civic Type R ថ្មីក៏ត្រូវបានបង្កើតឡើង។

បើទោះបីជារថយន្ត Civic Type R បច្ចុប្បន្ន នៅតែត្រូវបានគេចាត់ទុកថាជា Best Hot Hatch នៅលើទីផ្សារក៏ដោយ ប៉ុន្តែ Honda បានខិតខំយ៉ាងខ្លាំងក្នុងការអភិវឌ្ឍ Civic Type R ជំនាន់ថ្មី។ ជាក់ស្តែង វាត្រូវបានគេប្រមាញ់បានជាលើកដំបូង កាលពីជាងមួយឆ្នាំមុនមកម្ល៉េស។

ថ្មីៗនេះដែរ KDesign AG បានបង្ហាញរូប Render នៃរថយន្ត Civic Type R ដោយប្រើប្រាស់រថយន្ត Civic Hatchback ថ្មីធ្វើជាគោល ដោយលទ្ធផលពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន។

យ៉ាងណាក៏ដោយ Honda មិនទាន់បានបង្ហាញព័ត៌មានច្រើននោះទេអំពី Civic Type R ឆ្នាំ២០២២ ប៉ុន្តែគេសង្ស័យថា វានៅតែបន្តប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ខណៈខ្លះទៀតសង្ស័យថា វាអាចនឹងបំពាក់ប្រព័ន្ធ Hybrid មកជាមួយ ក៏ដូចជាប្រព័ន្ធប៉ុងពីរ AWD ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Genesis GV80 ទំនងចេញប្រភេទ ៦កៅអី សម្រាប់ស៊េរីឆ្នាំ២០២២

Genesis GV80 ត្រូវបានគេរំពឹងថា នឹងផ្តល់ជម្រើស ៦កៅអី នៅពេលវាបង្ហាញខ្លួនថ្មីសម្រាប់ស៊េរីឆ្នាំ២០២២។

យោងតាមគេហទំព័រ Korean Car Blog បានអះអាងថា រថយន្ត GV80 នឹងផ្តល់ជម្រើសកៅអី ៣ជួរ (១ជួរ ២កៅអី) ឬហៅថា ២+២+២។

គួរឲ្យដឹងថា គំរូនៃរថយន្តនេះត្រូវបានគេប្រមាញ់រួចមកហើយ ដោយបង្ហាញឲ្យឃើញនូវកៅអីជួរទី២ ធំ (Captain Chairs) ចែកដាច់ដោយឡែកពីប្លុកបញ្ជាផ្នែកកណ្តាល ជាមួយកន្លែងដាក់ដៃ, កន្លែងដាក់កែវទឹក និង អេក្រង់បញ្ជា Genesis Touch Controller។

មិនតែប៉ុណ្ណោះ GV80 ប្រភេទ ៦កៅអី ក៏នឹងមានបន្ទះសាកថ្មទូរសព្ទឥតប្រើខ្សែ ហើយកៅអីជួរទី២ មានមុខងារកម្តៅ និងបញ្ចេញខ្យល់ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ចុះប៉ាតង់ឈ្មោះថ្មី “Rattler” ទំនង់ជាឡានភីកអាប់ និង SUVថ្មី

យោងតាម Paperwork បានអោយដឹងថា ក្រុមហ៊ុន Ford បានធ្វើការដាក់ពាក្យសុំចុះប៉ាតង់ឈ្មោះថ្មី ហៅថា ”Rattler’ ជាមួយការិយាល័យប៉ាតង់អាមេរិក United States Patent and Trademark Office កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ វានឹងផ្តោតទៅលើ “យានយន្តប្រភេទ SUV, អគ្គិសនី, ភីកអាប់, Off-road និង Structural Parts”។

ការពណ៌នានេះបានបង្ហាញយ៉ាងច្បាស់អំពីផែនការរបស់ Ford សម្រាប់ឈ្មោះ ”Rattler’។ ឈ្មោះថ្មីនេះ ទំនងនឹងបង្ហាញខ្លួនលើរថយន្តភីកអាប់ ឬ SUVថ្មី នាពេលអនាគត។ យ៉ាងណាមិញមិនមែនរាល់ឈ្មោះប៉ាតង់ថ្មី របស់ Ford ថ្មីៗ បានបង្ហាញខ្លួនក្នុងផលិតកម្មនោះទេ ឬក្រុមហ៊ុនមានបំណងប្រកាន់ភ្ជាប់ឈ្មោះ Raptor សម្រាប់ផ្សារភ្ជាប់រវាងរថយន្ត SUV និងរថយន្តភីកអាប់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GMC ចេញវីដេអូអួតមុខងារ “Watts To Freedom” លើឡានអគ្គិសនី Hummer EV (មានវីដេអូ)

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន GMC បានបញ្ចេញវីដេអូឃ្លីបខ្លីមួយ បង្ហាញឲ្យឃើញនូវគំរូរថយន្តអគ្គិសនី Hummer EV ប្រើប្រាស់មុខងារ Launch Control របស់ខ្លួន ដែលមានឈ្មោះថា “Watts to Freedom”។

មុខងារជាន់ស្ទុះភ្លាមៗ Watts to Freedom នេះ គឺមានជាស្តង់ដារតែម្តងលើម៉ូដែល Hummer EV Edition 1 ដែលប្រើកម្លាំងទាំងអស់ចេញពីម៉ូទ័រអគ្គិសនីចំនួន ៣ សរុប ១ ០០០សេះរបស់វា។

នៅពេលដែលអ្នកបើកបរប្រើមុខងារពិសេសនេះ រថយន្តនឹងចាប់ផ្តើមបង្ហាញផ្ទាំង Animation, បញ្ចេញសំឡេង ព្រមទាំងបន្ទាបបូម ៥១មីល្លីម៉ែត្រ (២អ៊ីញ) ដើម្បីកាត់បន្ថយទំនាញកណ្តាលរបស់វាទៀតផង។ បន្ទាប់មក វានឹងប្រាប់ឲ្យអ្នកបើកបរដកជើងចេញពីហ្វ្រាំង ដើម្បីជាន់រថយន្តឲ្យស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលប្រហែល ៣វិនាទីប៉ុណ្ណោះ។

សូមបញ្ជាក់ថា រថយន្ត Hummer EV នឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២១ នេះ ខណៈម៉ូដែល Edition 1 មានតម្លៃដល់ខ្ទង់ ១១០ ០០០ដុល្លារ ហើយម៉ូដែលថោកបំផុតគឺ 3X ចេញលក់នៅឆ្នាំ២០២២ មានតម្លៃ ៩៩ ៩៩៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ចេញឡានភីកអាប់ Navara Pro-4X Warrior ថ្មី មានលក់តែក្នុងប្រទេសមួយប៉ុណ្ណោះ

ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្តភីកអាប់ Navara ប្រភេទ Pro-4X Warrior ថ្មី ដែលត្រូវបានផលិត និងឌីហ្សាញឡើងយ៉ាងពិសេស សម្រាប់តែទីផ្សារប្រទេសអូស្ត្រាលីប៉ុណ្ណោះ។

រថយន្ត Nissan Navara Pro-4X Warrior ថ្មី ទទួលបានការអាប់ដេតបន្ថែមសមត្ថភាព Off-road ក៏ដូចជាការតុបតែងខ្លួនឲ្យមើលទៅកាន់តែមាំជាងមុនទៀតផង។

Navara Pro-4X Warrior ទទួលបានការអាប់ដេតប្រព័ន្ធជើងក្រោម ជួយឲ្យវាឈរផុតពីដីខ្ពស់ជាងមុន ៤០មីល្លីម៉ែត្រ សរុបស្មើនឹង ២៦០មីល្លីម៉ែត្រ ក៏ដូចជាជួយឲ្យ approach angle ប្រសើរជាងមុន ពី ៣២ ទៅ ៣៦ដឺក្រេ។ តាមរយៈការអាប់ដេតនេះ ក្រុមហ៊ុន Nissan អះអាងថា Navara Pro-4X Warrior ផ្តល់ផាសុកភាព និងទប់លំនឹងបានល្អប្រសើរជាងមុន។

ទោះជាយ៉ាងណាក៏ដោយ ម៉ាស៊ីនរបស់វានៅតែដដែលមិនបានផ្លាស់ប្តូរឡើយ គឺ ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,៣លីត្រ twin-turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៧សេះ ដែលអាចឲ្យវាដឹកបានទម្ងន់ ៩៦០គីឡូក្រាម និងអូសសណ្តោងបានដល់ ៣,៥តោន។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វាក៏មានបំពាក់កុងទ័រឌីជីថលទំហំ ៧អ៊ីញមកស្តង់ដារ និងអេក្រង់កម្សាន្តទំហំ ៨អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto បានផងដែរ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Nissan មិនទាន់បានប្រកាសពីតម្លៃរបស់វានៅឡើយទេ ប៉ុន្តែ Navara Pro-4X ធម្មតា មានតម្លៃចាប់ពី ៤៥ ៨០០ដុល្លារ នៅលើទីផ្សារអូស្ត្រាលី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mini John Cooper Work ឆ្នាំ ២០២១ ចេញលក់នៅប្រទេសម៉ាឡេស៊ី តម្លៃញាក់សាច់

បន្ទាប់ពីការបញ្ចេញរថយន្ត John Cooper Works ប្រភេទទ្វា ៣ កាលពីពេលកន្លងរួចមក ឥឡូវនេះក្រុមហ៊ុន Mini ម៉ាឡេស៊ីក៏បានធ្វើការចេញលក់ John Cooper Works (JCW) ជាផ្លូវការ។

ផ្នែកខាងក្រៅទទួលបានការឌីស្សាញថ្មីលើចង្កៀងមុខប្រភេទ Adaptive LED, ថាសកង់ទំហំ ១៩អ៊ីញ និងដុំហ្រ្វាំងទំហំ ៣៣០-៣៦០មីលីម៉ែត្រ។ ចំណែកឯផ្នែកខាងក្នុងវិញ វាមានបំពាក់កៅអី និងដៃចង្កូតស្បែក Nappa Leather រំលេចដោយថ្នេរដេរពណ៌ប្រផេះ, អេក្រង់កម្សាន្ត Touchscreen ទំហំ ៨,៨អ៊ីញ ហើយក៏មាន Option មុខងារកម្តៅដៃចង្កូត, មុខងារ Lane Departure warning និង stop & go function សម្រាប់ប្រើជាមួយមុខងារ Active Cruise Control ទៀតផង។

រថយន្តនេះបំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០១សេះ(hp) និងកម្លាំងរមួល ៤៥០ញ៉ូតុនម៉ែត្រ(Nm) ភ្ជាប់ជាមួយប្រអប់លេខអូតូ ៨វគ្គ ហើយវាមានតម្លៃចាប់ពី ៩០ ២៨៤ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តម្លៃរបស់ Land Cruiser ស៊េរីឆ្នាំ២០២២ លក់ដោយក្រុមហ៊ុនផ្លូវការនៅវៀតណាម ធូរថ្លៃជាងឈ្មួញរាប់ម៉ឺនដុល្លារ

រថយន្ត Land Cruiser ជំនាន់ថ្មីរំពឹងថានឹងបង្ហាញវត្តមានជាផ្លូវការនៅប្រទេសវៀតណាមក្នុងខែកក្កដានេះ ហើយក្រុមហ៊ុនលក់រថយន្ត Toyota ផ្លូវការនៅវៀតណាមបានកំណត់តម្លៃលក់បណ្ដោះអាសន្នគឺប្រមាណ ១៦៩ ៥៧៦ដុល្លារ ដែលតម្លៃធូរថ្លៃជាងហាងលក់រថយន្តឯកជនប្រមាណជា ៩ម៉ឺនដុល្លារឯណោះ។

រថយន្ត Land Cruiser លក់នៅវៀតណាមនឹងនាំចូលពីប្រទេសជប៉ុនផ្ទាល់ ដោយមានតែប្រភេទ VX មួយគត់ ដែលវាមានបំពាក់មកជាមួយនូវម៉ាស៊ីនថ្មី Twin-Turbo ចំណុះ៣,៥លីត្រ ៦ស៊ីឡាំង ភ្ជាប់ជាមួយនឹងប្រអប់លេខស្វ័យប្រវត្តិ១០វគ្គ។

នៅប្រទេសជប៉ុន Land Cruiser ជំនាន់ថ្មីមានចំនួន៥ជម្រើសគឺរួមមាន GX, AX, VX, ZX និង GR-S ដូចនេះប្រភេទ VX ដែលលក់នៅវៀតណាមគឺជាលំដាប់កណ្ដាលមួយ ដែលជាហេតុធ្វើឲ្យតម្លៃរបស់វាមិនសូវជាថ្លៃពេកនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Range Rover Sport ស៊េរីថ្មី ចាប់ផ្ដើមលេចមុខលើដងផ្លូវហើយ

កន្លងមកគេធ្លាប់បានឃើញរួចមកហើយនូវរូបរាងរថយន្ត Range Rover ជំនាន់ថ្មីដែលបើកបរសាកល្បងលើដងផ្លូវ នៅពេលនេះគេបានឃើញរូបរាងរថយន្ត Range Rover Sport ជំនាន់ថ្មីវិញម្ដង ដែលវាទំនងជាបានផ្លាស់ប្ដូរការឌីហ្សាញខុសពីស៊េរីបច្ចុប្បន្ន។

ត្បិតថាមានការបិទបាំងការឌីហ្សាញបានយ៉ាងល្អ ប៉ុន្តែគេអាចមើលឃើញថារថយន្ត Range Rover Sport ជំនាន់ថ្មីនឹងមានបំពាក់អំពូលភ្លើង LED ថ្មី រួមទាំងផ្ទាំងប៉ាណាមុខថ្មីផងដែរ។ ចំណុចដទៃទៀតនៃរថយន្តជំនាន់ថ្មីនេះ ហាក់ពិបាកនឹងសង្កេតមើលបន្តិច ដោយសារតែមានការបិទបាំង។

រថយន្ត Range Rover Sport ជំនាន់ថ្មី ត្រូវបានរំពឹងថានឹងបង្ហាញវត្តមាននៅចុងឆ្នាំ២០២២ ដែលនឹងបង្ហាញចេញជាស៊េរីឆ្នាំ២០២៣ តែម្ដង។ មកទល់ពេលនេះដំណឹងអំពីវាមានមិនច្រើននៅឡើយទេ ប៉ុន្តែគេដឹងថាវានឹងប្រើប្រាស់គ្រោងឆ្អឹងថ្មីឈ្មោះថា MLA ដូចជារថយន្ត Range Rover ជំនាន់ថ្មីដែលត្រៀមនឹងប្រកាសចេញដែរ។

ក្រុមហ៊ុន Jaguar Land Rover ធ្លាប់បាននិយាយថាគ្រោងឆ្អឹង MLA បានឌីហ្សាញឡើងសម្រាប់រថយន្តប្រើម៉ាស៊ីនពីស្តុង រួមទាំងរថយន្ត Hybrid, PHEV និងរថយន្តដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+