ផ្ទាំងផ្សាយពាណិជ្ជកម្ម

Aston Martin ប្រាប់ពីពេលផលិតឡានអគ្គិសនីដំបូងបង្អស់របស់ខ្លួន

រហូតមកទល់ពេលនេះ មានក្រុមហ៊ុនរថយន្តមិនតិចនោះទេ ដែលបានប្រកាសថានឹងផលិតរថយន្តអគ្គិសនី ហើយក្នុងនោះក៏មានក្រុមហ៊ុន Aston Martin ដែរ។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុនរថយន្តអង់គ្លេសមួយនេះបានបញ្ជាក់ហើយថា ខ្លួននឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីជាលើកដំបូងបង្អស់ នៅក្នុងឆ្នាំ២០២៥។

ក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះជាមួយកាសែត Financial Times លោក Lawrence Stroll មេ Aston Martin បានបញ្ជាក់ថា “រថយន្តស្ព័រ និង SUV ដំណើរការដោយថាមពលអគ្គិសនី នឹងត្រូវផលិតនៅរោងចក្ររបស់ខ្លួន នៅទីក្រុង Gaydon ប្រទេសអង់គ្លេស និងនៅ St Athan ប្រទេសវែល”។

គួររំលឹកឲ្យដឹងថា លោក Lawrence Stroll ធ្លាប់បានបញ្ជាក់ថា ក្រុមហ៊ុន Aston Martin នឹងបន្តផលិតរថយន្តដោយប្រើម៉ាស៊ីនចំហេះក្នុង (ប្រើប្រេងឥន្ទនៈ) ហួសពីឆ្នាំ ២០៣០ ទោះបីជាមានការប្រកាសពីរដ្ឋាភិបាលអង់គ្លេសថា នឹងហាមឃាត់ការលក់រថយន្តដែលប្រើប្រាស់ម៉ាស៊ីនចំហេះក្នុង នៅឆ្នាំ ២០៣០ ក៏ដោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Tucson ឆ្នាំ២០២២ ចេញជាផ្លូវការ តម្លៃចាប់ពីជាង ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Hyundai ទើបតែបានប្រកាសចេញរថយន្ត  Tucson ស៊េរីឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដែលនឹងមានតម្លៃចាប់ពី ២៤ ៩៥០ដុល្លារ។

រថយន្ត Hyundai Tucson ស៊េរីឆ្នាំ២០២២ នេះ ចែកចេញជាច្រើនម៉ូដែល ដូចជា Tucson SE, SEL, SEL Premium, N Line និង Limited។

គ្រប់ម៉ូដែលខាងលើនេះសុទ្ធតែបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៧សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ហើយក៏មានជម្រើសប៉ុងពីរ AWD ផងដែរ។

ដោយឡែក ចំពោះអ្នកចង់បានរថយន្តដែលសន្សំសំចៃខ្លាំង Hyundai ក៏ផ្តល់ជម្រើស Tucson Hybrid ដែលមានតម្លៃចាប់ពី ២៩ ០៥០ដុល្លារ បំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ turbocharged ទំហំ ៤ស៊ីឡាំង គួបផ្សំជាមួយអាគុយ Hybrid និងម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ២២៧សេះ ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ និងប៉ុងពីរមកស្តង់ដារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បញ្ចេញភីកអាប់ខ្នាតធំ សេរ៊ីឆ្នាំ២០២២ ជាផ្លូវការ

Ford បានបង្ហាញចេញនូវរថយន្តភីកអាប់ខ្នាតធំ Super Duty ឆ្នាំ២០២២ ដែលនឹងបង្ហាញវត្តមានជាផ្លូវការនៅខែមិថុនាខាងមុខនេះ ជាមួយការអាប់ដេតថ្មី។

ត្រកូល Ford Super Duty ឆ្នាំ២០២២ ក៏នឹងទទួលបាននូវជម្រើសពណ៌ផ្នែកខាងក្រៅថ្មី ឈ្មោះ Atlas Blue និងជម្រើសពណ៌ផ្នែកខាងក្នុងថ្មីឈ្មោះ Baja, Navy Pier និង Light Slate ផងដែរ។ ប្រភេទ F-250 និង F-350 នឹងបំពាក់ថ្មីជាមួយកញ្ចប់ Lariat Sport Appearance សម្រាប់ផ្តល់ទៅកាន់អតិថិជនដែលចូលចិត្ត ក្រូមតិច។ កញ្ចប់ថ្មីនេះ រួមមាន កាងពណ៌ដូចតូររថយន្តទាំងមូល, ប៉ាណាមុខ, កញ្ចក់ផ្នែកខាងក្រៅ, ក្រូមខាងមុខ និងឈ្នាន់ពណ៌ខ្មៅ។ បន្ថែមពីនេះ សម្រាប់ម៉ូដែល XLT នឹងទទួលបានថ្មីនូវកញ្ចប់ Black Appearance Package រួមមាន ថាសកង់ Ebony ទំហំ ​២០អ៊ីញ, កាងពណ៌ដូចតូររថយន្តទាំងមូល, ប៉ាណាមុខ និងឈ្នាន់ Ebony ពណ៌ខ្មៅ។

សម្រាប់ការអាប់ដេតលើម៉ូដែល​ឆ្នាំ ២០២២នេះ Ford បានបំពាក់ថ្មី នូវព័ន្ធកម្សាន្ត SYNC4 អេក្រង់ទំហំ ១២អ៊ីញដែលភ្ជាប់ជាមួយ រន្ធសាកថ្មឥតខ្សែ,  Apple Carplay, Android Auto និងកម្មវិធី SYNC4 AppLink ។

Ford Super Duty ឆ្នាំ២០២២ បំពាក់ជាមួយជម្រើសម៉ាស៊ីនចំណុះ ៧,៣លីត្រ V8 កម្លាំង ៤៣០សេះ និងជម្រើសម៉ាស៊ីនម៉ាស៊ូត ៦,៧លីត្រ V8 កម្លាំង ៤៧៥សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VW ឲ្យតម្រុយរឿងផលិតឡានប្រជែងនឹង Ford Ranger Raptor

ក្នុងកិច្ចសម្ភាសន៍ជាមួយ Motoring.com លោក Nick Reid ប្រធានផ្នែកទីផ្សារនិងផលិតផលរបស់ Volkswagen ប្រចាំនៅប្រទេសអូស្ត្រាលីបានឲ្យតម្រុយថា VW អូស្ត្រាលី កំពុងតែគិតគូរផលិតរថយន្តភីកអាប់សម្រាប់ប្រកួតប្រជែងនឹង Ford Ranger Raptor។

រថយន្តគូប្រជែងរបស់ Ranger Raptor នេះអាចនឹងកើតចេញពីរថយន្តភីកអាប់ VW Amarok ប្រភេទកម្លាំងខ្លាំងដែលមានឈ្មោះសម្គាល់ថា W580។ រថយន្ត W580 នេះគឺកំពុងតែស្ថិតក្នុងការផលិត ហើយក្រោយពីរថយន្តនេះប្រកាសចេញហើយ VW អាចនឹងធ្វើការត្រួតពិនិត្យឪកាសក្នុងការផលិតរថយន្ត VW Amarok ដែលផ្ដោតខ្លាំងលើការបើកបរ Off-Road សម្រាប់ប្រជែងនឹង Ranger Raptor។

គួរដឹងថារថយន្តភីកអាប់ប្រភេទ Off-Road ជាប្រភេទរថយន្តដែលមានទីផ្សារខ្លាំងនៅប្រទេសអូស្ត្រាលី ហើយទីផ្សារនេះត្រូវបានកាន់កាប់ដោយ Ford Ranger Raptor។ ក្រៅពី Ford Ranger Raptor ក៏មាន Nissan ដែលផ្ដល់ជូនអតិថិជននូវរថយន្ត Navara Warrior ជារថយន្តជំនាញខាង Off-Road ហើយក៏មានចចាមអារ៉ាមថា Toyota កំពុងផលិតរថយន្ត Hilux ដែលផ្ដោតលើការបើកបរ Off-Road នេះផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាងពិតឡានអគ្គិសនី Hyundai ដែលកំពុងល្បីខ្លាំង

រថយន្តអគ្គិសនីម៉ូដែល Ioniq 5 របស់ក្រុមហ៊ុន Hyundai ដែលបានបង្ហាញវត្តមានកាលពីសប្ដាហ៍កន្លងទៅនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជនដោយសាររចនាបថរូបរាង និងមុខងារពិសេសៗរបស់វា។

ពេលនេះមានវីដេអូបង្ហាញច្បាស់ៗអំពីរូបរាងរបស់ Hyundai Ioniq 5 ដោយអាចបង្ហាញឲ្យឃើញថានៅខាងក្រៅរថយន្តនេះមានទំហំប៉ុណ្ណា និងមានភាពទាក់ទាញកម្រិតណា ៖

គួរដឹងថាមុខងារលេចធ្លោមួយរបស់រថយន្តអគ្គិសនីថ្មីនេះគឺសមត្ថភាពសាកកម្លាំង ៨០០វ៉ុល ដោយពេលដែលដោតជាមួយដុំសាក ៣៥០kW អាចឲ្យរថយន្តនេះសាកបញ្ចូលភ្លើងពី ៥% ឡើងដល់ ៨០% ក្នុងពេលត្រឹម ១៨នាទី ហើយសាកថ្មតែ ៥នាទីអាចជិះបានចម្ងាយ ១០០គីឡូម៉ែត្រ។

រថយន្តនេះដែរក៏នឹងមានជម្រើសអាគុយចំនួនពីរប្រភេទគឺទំហំ ៥៨kWh និងទំហំ ៧២,៦kWh។ ប្រភេទដែលមានកម្លាំងខ្លាំងជាងគេអាចផលិតកម្លាំងបាន ៣០២សេះ ហើយស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ដោយប្រើពេល ៥,២វិនាទី។ សម្រាប់ប្រភេទអាគុយ ៧២,៦kWh អាចបើកបរបានចម្ងាយប្រមាណពី ៤៧០ ទៅ ៤៨០គីឡូម៉ែត្រពេលសាកភ្លើងពេញ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាងច្បាស់ៗ ឡាន Toyota ប្រើអ៊ីដ្រូហ្សែន ទើបប្រកាសចេញនៅអឺរ៉ុប

ក្រុមហ៊ុន Toyota បានប្រកាសចេញរថយន្តប្រើអ៊ីដ្រូហ្សែន Mirai ស៊េរីឆ្នាំ២០២១ ជាផ្លូវការរបស់ខ្លួន នៅលើទីផ្សារអឺរ៉ុប បន្ទាប់ពីប្រកាសចេញលក់ នៅលើទីផ្សារសហរដ្ឋអាមេរិក ក្នុងតម្លៃចាប់ពី ៤៩ ៥០០ដុល្លារ។

Toyota Mirai ឆ្នាំ២០២១ ទទួលបានការអាប់ដេតច្រើន បើប្រៀបធៀបទៅនឹងស៊េរីមុន ដោយលើកនេះមានបំពាក់ចង្កៀង LED និងយ៉ាន់ ១៩អ៊ីញមកស្តង់ដារ។ ជាមួយគ្នានេះដែរ វាក៏បំពាក់កុងទ័រឌីជីថល ៨អ៊ីញ និងអេក្រង់កម្សាន្ត ១២,៣អ៊ីញ អាចភ្ជាប់មុខងារ Android Auto, Apple CarPlay និង Amazon Alexa ព្រមទាំងប្រព័ន្ធសំឡេង JBL ១៤គ្រាប់ទៀតផង។

បើនិយាយពីសុវត្ថិភាពវិញ​ Mirai ឆ្នាំ២០២១ មានបំពាក់មុខងារដូចជា auto high beam headlights, blind spot monitor with rear cross-traffic alert, pre-collision system with pedestrian detection, lane departure alert with steering assist, road sign assist, lane tracing assist និង full-speed range dynamic radar cruise control។

រថយន្តនេះមានកម្លាំង ១៨០សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៩,២វិនាទី ហើយអាចបើកបរបានចម្ងាយ ៦៤៧គីឡូម៉ែត្រ នៅពេលចាក់អ៊ីដ្រូហ្សែនមួយពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលឡានអគ្គិសនី Audi រត់ដល់កុងទ័រ ២៥០ គ្មានឃ្លោងអីបន្តិច (មានវីដេអូ)

បន្ទាប់ពីក្រុមហ៊ុន Audi ប្រកាសចេញរថយន្តអគ្គិសនី RS E-Tron GT ជាផ្លូវការ ថ្មីៗនេះក៏មានអ្នកមានឱកាសសាកល្បងវានៅលើផ្លូវ German Autobahn ដែលគ្មានល្បឿនកំណត់តែម្តង។

រថយន្តអគ្គិសនី Audi RS E-Tron GT ថ្មីនេះ គឺជាគូប្រជែងរបស់រថយន្ត Porsche Taycan Turbo S និង Tesla Model S Plaid ដោយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣,៣វិនាទីប៉ុណ្ណោះ។

វាមានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៨៦គីឡូវ៉ាត់ម៉ោង ដែលអាចបង្កើតកម្លាំងបាន ៦៣៧សេះឯណោះ។ រថយន្តនេះមានតម្លៃចាប់ពី ១៣៩ ៩០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

 ចង់ដឹងយ៉ាងណាសូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលតម្លៃ Audi RS5 ឆ្នាំ២០២១ ទើបចេញលក់នៅប្រទេសជាប់កម្ពុជាក្តៅៗ

ក្រុមហ៊ុន Audi Thailand បានធ្វើការសម្ភោធជាផ្លូវការ នូវរថយន្ត Audi RS5 Coupe សេរ៊ីឆ្នាំ ២០២១  ដែលជាម៉ូឌែលជំនាន់ទី៥របស់ខ្លួន។

រថយន្ត Audi RS5 Coupe សេរ៊ីឆ្នាំ ២០២១ បានទទួលការឌីស្សាញថ្មី ទៅលើប៉ាណាខាងមុខ ធំជាងមុន, រន្ធខ្យល់ថ្មី ដែលស្រដៀងម៉ូឌែលជំនាន់ ១៩៨៤, ចង្កៀងខាងមុខ Matrix LED, ដំបូលSunroof, ថាសកង់ទំហំ ២០អ៊ីញ, បំពុងស៊ីមាំងថ្មី និងឡូហ្គូ Audi ពណ៌ខ្មៅ ទាំងផ្នែកខាងមុខ និងខាងក្រោយ។

ឯផ្នែកខាងក្នុង ទទួលបានភាពឌីស្សាញបន្ថែមអោយកាន់តែទំនើបទៅលើប៊ូតុងមុខងារ ដោយប្រើប្រាស់ Touch Screen។ ដៃចង្កូតបានបំពាក់ជាមួយស្បែកកាំម្ញី, អេក្រង់បង្ហាញព៌ត៍មានលើកញ្ចក់ HUD, នាឡិកា Digital ភ្ជាប់ជាមួយអេក្រង់បង្ហាញព៌ត៍មានទំហំ ១២,៣អ៊ីញ, អេក្រង់កម្សាន្តទំហំ ១០,១អ៊ីញ, ម៉ាស៊ីនត្រជាក់ ៣តំបន់, ប្រព័ន្ធសម្លេង Bang & Olufsen ១៩គ្រាប់ ព្រមទាំងមុខងារ MMI Navigation, Virtual Cockpit និងកៅអីដែលមានមុខងារម៉ាស្សា។

Audi RS5 Coupe បានបំពាក់ជាមួយម៉ាស៊ីនសាំង ២,៩លីត្រ Turbocharged កម្លាំង ៤៥០សេះ កម្លាំងបង្វិល ៦០០Nm ដំណើការដោយប្រអប់លេខ ៨វគ្គអូតូ និងប្រព័ន្ធប៉ុង២។ វាអាចស្ទុះពីល្បឿនកុងទ័រ ០-១០០គ.ម/ម៉ ចំណាយពេល ៣,៩វិនាទី។

សម្រាប់នៅលទីផ្សារប្រទេសថៃ រថយន្ត Audi RS5 Coupe សេរ៊ីឆ្នាំ ២០២១ មានតម្លៃចាប់ពី ៥,៩៩ Million Baht ឬ ១៩៦ ០៦៥ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន GAC ផ្តល់ជូនតម្លៃពិសេសដែលមិនធ្លាប់មាន ជាមួយការបង់ប្រចាំខែកាន់តែតិច

GAC Motor Cambodia ជាក្រុមហ៊ុនដែលទើបបង្ហាញខ្លួនចូលទីផ្សារកម្ពុជាថ្មីៗនេះ ដែលមានការពេញនិយម និងសន្ទុះ ការគាំទ្រយ៉ាងច្រើនពីអតិថិជន ។ ដោយមានការសំណូមពរពីអតិថិជនជាច្រើន ក្រុមហ៊ុន GAC បានសម្រេចផ្តល់ជូនតម្លៃពិសេស ដែលមិនធ្លាប់មានពីមុន ជាមួយការបង់ប្រចាំខែកាន់តែតិច សម្រាប់អ្នកដែលបំណងចង់ផ្លាស់ប្តូរឡានចាស់មកទិញឡានថ្មី។

ក្នុងនោះក៏មានវត្តមានរថយន្តម៉ូឌែលដែលពេញនិយមប្រចាំដើមឆ្នាំ ២០២១ ដូចជារថយន្ត SUV ៥ កៅអី GS5 បញ្ចុះតម្លៃ ពិសេសនៅសល់ត្រឹមតែ ៣៧​ ៩៩៩ដុល្លារ ឬបង់ប្រចាំខែត្រឹមតែ ៤៤០ដុល្លារ និងរថយន្ត VAN ៧កៅអី GN8 បញ្ចុះតម្លៃពិសេសនៅសល់ ត្រឹមតែ ៦២ ៩៩៩ដុល្លារ ឬបង់ប្រចាំខែត្រឹមតែ ៧៣០ដុល្លារ តែប៉ុណ្ណោះ ជាមួយការធានារហូតដល់ ៥ ឆ្នាំផងដែរ។ អ្វីកាន់តែពិសេសនោះ អតិថិជនមិនបាច់រងចាំយូរក្នុងការទិញ គឺទិញភ្លាមបានភ្លាម មានស្តុកស្រាប់ អាចយកមកប្រើប្រាស់បាន។

គូសបញ្ជាក់ផងដែរថា GAC ជាក្រុមហ៊ុនដៃគូរផលិតរថយន្ត និងផ្គត់ផ្គង់គ្រឿងបន្លាស់រថយន្តរបស់ TOYOTA, LEXUS, HONDA និង MITSUBISHI ហើយកំពុងទទួលប្រជាប្រិយភាពយ៉ាងខ្លាំងតាមបណ្តាប្រទេសជាច្រើនជុំវិញពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini Urus ស៊េរីថ្មីអាចនឹងមានបន្ថែមប្រភេទអាចសាកភ្លើងបាន

ដំណឹងទាក់ទងនឹងរថយន្ត Urus ប្រភេទ PHEV បានលេចចេញឡើងតាំងពីប៉ុន្មានឆ្នាំមកម្ល៉េះ ប៉ុន្តែពេលនេះ Lamborghini ប្រហែលជានឹងផ្ដល់ជូនប្រភេទ PHEV នេះមកជាមួយនឹង Urus ស៊េរីថ្មីដែលកំពុងស្ថិតក្រោមការផលិត។

Lamborghini Urus ស៊េរីថ្មីពេលបើកបរសាកល្បង

ការចុះផ្សាយរបស់ Car Magazine បានអះអាងថារថយន្ត Urus ប្រភេទ PHEV នឹងមានបំពាក់ម៉ាស៊ីនសាំងដែលអាចផលិតកម្លាំងបានរហូតដល់ ៥៩២សេះ ដែលគេមិនច្បាស់ថាម៉ាស៊ីន ៦ស៊ីឡាំង ឬ ៨ស៊ីឡាំងនោះទេ។ យ៉ាងណាវាក៏មានមកជាមួយនូវម៉ូទ័រអគ្គិសនីដែលធ្វើឲ្យកម្លាំងសរុបឡើង ៨០៨សេះ។

រថយន្ត Urus PHEV អាចនឹងបង្ហាញវត្តមាននៅឆ្នាំ ២០២២ ខាងមុខ ដែលវាប្រហែលជាមានទម្ងន់ធ្ងន់ជាងប្រភេទធម្មតាប្រមាណជាង ២៥០គីឡូក្រាម ដែលទម្ងន់សរុបអាចមានដល់ ២២០០គីឡូក្រាម។

គួរដឹងថារថយន្ត Urus មួយប្រភេទទៀតក៏កំពុងស្ថិតក្រោមការផលិតដែរ ដែលមានឈ្មោះថា Urus Sport RS មានសមត្ថភាពអាចផលិតកម្លាំងបាន ៦៦៥សេះ។ នេះបើផ្អែកតាមការចុះផ្សាយរបស់ប្រភពខាងលើ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+