ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រជាប្រិយភាព Ferrari ធ្លាក់ចុះ ៣៥% ក្នុងពេល ១០ឆ្នាំចុងក្រោយនេះ

Compare the Market ដែលជាវិបសាយមួយរបស់អង់គ្លេសជំនាញខាងប្រៀបធៀបតម្លៃ ទើបបានបញ្ចេញលទ្ធផលនៃការស្ទង់មតិអំពីប្រជាប្រិយភាពនៃក្រុមហ៊ុនផលិតរថយន្តលើពិភពលោក ដែលលទ្ធផលគឺផ្អែកលើចំនួនស្វែងរកលើ Google ក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ។

ជាលទ្ធផលមានក្រុមហ៊ុនរថយន្តចំនួន ៥ ដែលធ្លាក់ចុះប្រជាប្រិយភាពខ្លាំងជាងគេក្នុងរយៈពេល ១០ឆ្នាំកន្លងមកនេះ រួមមាន Fiat, Citroen, Vauxhall, Mitsubishi និង Ferrari។ សម្រាប់ Ferrari ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់អ៉ីតាលីធ្លាក់ចុះប្រជាប្រិយភាពរហូតដល់ ៣៥,៣%។

ជាការបកស្រាយលើលទ្ធផលនេះ គឺអាចដោយសារការបោះជំហានយឺតរបស់ Ferrari។ ខណៈដែលក្រុមហ៊ុនផលិតរថយន្ត Supercar ដទៃបានងាកមកផលិតរថយន្ត SUV ដើម្បីផ្គាប់ចិត្តអតិថិជន ក្រុមហ៊ុន Ferrari ឯណេះនៅបន្តស្ម័គ្រស្មោះនឹងការផលិតរថយន្ត Supercar តួទាបដដែល។

ជាក់ស្ដែងដូចជា Lamborghini ឃើញថាទទួលបានជោគជ័យខ្លាំងជាមួយរថយន្ត Urus របស់ខ្លួន ដែលមិនត្រឹមជោគជ័យលើការលក់នោះទេ ប៉ុន្តែក៏បានជួយឲ្យម៉ាក Lamborghini កាន់តែទទួលបានការចាប់អារម្មណ៍ពីសំណាក់សាធារណជនផងដែរ។

ដោយឡែករថយន្តតួខ្ពស់ដំបូងរបស់ Ferrari ដែលជាម៉ូដែល Purosangue គឺកំពុងស្ថិតនៅក្នុងដំណាក់កាលសាកល្បងនៅឡើយ ដែលរំពឹងថានឹងបង្ហាញវត្តមានជាផ្លូវការនៅឆ្នាំ ២០២៣ ខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានបើកបរស្វ័យប្រវត្តិកម្រិត៣ របស់ Honda ចេញលក់នៅជប៉ុនផ្លូវការ

រថយន្ត Honda Legend Hybrid EX នឹងចេញលក់នៅលើទីផ្សារប្រទេសជប៉ុនចាប់ពីថ្ងៃទី ០៥ ខែមិនានេះទៅ ជាមួយចំនួននៃការផលិតត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ ដោយវាមានតម្លៃចាប់ពី ១០២ ៧៤៥ដុល្លារ(១១ Million yen)។

រថយន្តប្រភេទ Sedanនេះបំពាក់ជាមួយម៉ាស៊ីនសាំងចំណុះ ៣,៥លីត្រ V6 ដំណើរការដោយប្រអប់លេខ ៧វគ្គ Dual-Clutch និងប្រព័ន្ធប៉ុងពីរ (SH-AWD) និងមុខងារជំនួយការបើកបរ Active Lane Keeping Assist, Active Lane Change និងប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិកម្រិត ៣។

សម្រាប់ម៉ូឌែលនេះ គឺពុំមានភាពខុសគ្នាខ្លាំងពីម៉ូដែលកន្លងនោះទេ ប៉ុន្តែអ្វីដែលគួរអោយកត់សម្គាល់នោះគឺកញ្ចប់ Honda Sensing Elite សម្រាប់ផ្តល់នូវដំណឹងដល់អ្នកបើកបរអំពីស្ថានភាពនៃការបើកបរ ដោយប្រើប្រាស់ផែនទី 3D និងប្រព័ន្ធចាប់សញ្ញា ដើម្បីកំណត់ទីតាំង និងស្ថានភាពចរាចរណ៍។ សម្រាប់កញ្ចប់ Honda Sensing Elite រួមមាននូវមុខងារពិសេសៗដូចជា៖

  • ឧបករណ៍ចាប់សញ្ញាជុំវិញរថយន្ត ដើម្បីកំណត់ការប៉ះទង្គិច និងត្រួតពិនិត្យស្ថានភាពអ្នកបើកបរជាមួយកាមេរ៉ាឃ្លាំមើលនៅក្នុងកាប៊ីន បង្ហាញការដាស់តឿនប្រសិនបើវារកឃើញការរំខាន ឬងងុយគេង។

  • មុខងារ Hand-free វានឹងជួយអោយរថយន្តដំណើរការដោយស្ថេរភាព ទោះបីជាអ្នកបើកបរដកដៃចេញចង្កូតក៏ដោយ វានឹងដំណើការជាមួយប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ

  • មុខងារ Assess the Traffic Situation នៅពេលដែលរកឃើញថារថយន្តនៅខាងមុខកំពុងបើកបរក្នុងល្បឿនទាប ប្រព័ន្ធនឹងបង្ហាញដំណឹងមុនពេលបើកជែងដោយស្វ័យប្រវត្តិហើយត្រឡប់ទៅគន្លងផ្លូវដើមវិញ។

  • មុខងារ Traffic Jam Pilot វានឹងគ្រប់គ្រងលើប្រព័ន្ធហ្រ្វាំង និងចង្កូតរថយន្ត ដែលសមស្របក្នុងស្ថានភាពចរាចរណ៍ក្នុងទីក្រុងដែលមានមនុស្សច្រើន។

  • មុខងារចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិ(Emergency Stop Assist) នៅពេលដែលរកឃើញថាអ្នកបើកបរគ្មានការឆ្លើយតប ប្រព័ន្ធនឹងដាស់តឿនដោយសំឡេង និងរំញ័រខ្សែក្រវ៉ាត់កៅអី។ ប្រសិនបើអ្នកបើកបរនៅតែមិនទទួលការឆ្លើយតប ប្រព័ន្ធនឹងបន្ថយល្បឿនរថយន្តដោយបើកភ្លើងអាសន្ន និងស៊ីប្លេដើម្បីព្រមានរថយន្តនៅជុំវិញ។ ហើយប្រសិនបើមានករណីនៅពេលរកឃើញផ្លូវកំពុងមានអាសន្ន ប្រព័ន្ធនឹងគ្រប់គ្រងយានយន្តដើម្បីផ្លាស់ប្តូរផ្លូវហើយឈប់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើល Hyundai Tucson ឆ្នាំ២០២២ ធ្វើតេស្តចាក់អន្ទង់ លទ្ធផលយ៉ាងណាដែរ? (មានវីដេអូ)

រថយន្ត Hyundai Tucson ឆ្នាំ២០២២ ទទួលបានការឌីហ្សាញថ្មី ដែលមើលទៅខុសពីស៊េរីមុនដាច់។ ប៉ុន្តែ តើវាអាចឆ្លងផុតពីការធ្វើតេស្តចាក់អន្ទង់ Moose Test បានដែរឬទេ?

ថ្មីៗនេះ គេហទំព័រអេស្ប៉ាញ KM77 បានយករថយន្ត Hyundai Tucson Hybrid ស៊េរីឆ្នាំ២០២២ ទៅធ្វើតេស្ត Moose Test ប៉ុន្តែហាក់មិនទទួលបានលទ្ធផលល្អប៉ុន្មានឡើយ។

នៅក្នុងការធ្វើតេស្ដដំបូង អ្នកបើកបររថយន្ត Tucson ព្យាយាមសាកល្បងល្បឿន ៧៦គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែមិនបានសម្រេចឡើយ ដោយសារតែបុកនឹងឧបសគ្គ។ បន្ទាប់ពីព្យាយាមប៉ុន្មានដងរួចមក ល្បឿនដែលវាអាចទទួលបានជោគជ័យ ដោយមិនបុកឧបសគ្គនោះគឺ ៧១គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរឲ្យដឹងថា គូប្រជែងរបស់វាដូចជា Volkswagen Tiguan និង Subaru Forester សុទ្ធតែអាចឆ្លងផុត បានដោយជោគជ័យនៅល្បឿន ៧៧គីឡូម៉ែត្រក្នុងមួយម៉ោង៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche ចេញឡាន Taycan Cross Turismo ថ្មី ប្រភេទកប់បំផុតតម្លៃជិត ៣០ម៉ឺនដុល្លារ

បន្ទាប់ពីបានប្រកាសចេញរថយន្ត Taycan Cross Turismo រួចមក ក្រុមហ៊ុន Porsche មិនឲ្យចាំយូរនោះទេ ដោយអនុញ្ញាតឲ្យអតិថិជនជ្រើសរើស Option ផ្សេងៗបាន នៅលើវេបសាយរបស់ខ្លួនតែម្តង។

នៅលើវេបសាយនោះ អ្នកអាចជ្រើសរើសពណ៌, យ៉ាន់, កាប៊ីនខាងក្នុង និង Option បន្ថែមផ្សេងៗទៀត ហើយអាចជ្រើសរើសបាន ៤ ម៉ូដែល ដោយក្នុងនោះរួមមាន Taycan 4 Cross Turismo, Taycan 4S Cross Turismo, Taycan Turbo Cross Turismo និង Taycan Turbo S Cross Turismo។

រថយន្ត Taycan 4 Cross Turismo មានកម្លាំង ៤៦៩សេះ ហើយមានតម្លៃចាប់ពី ៩០ ៩០០ដុល្លារ ខណៈម៉ូដែល Taycan 4S Cross Turismo មានកម្លាំង ៥៦២សេះ ហើយមានតម្លៃ ១១០ ៣០០ដុល្លារ។

ជាមួយគ្នានេះ Taycan Turbo Cross Turismo ដែលមានកម្លាំង ៦៧០សេះ ត្រូវបានដាក់លក់ក្នុងតម្លៃ ១៥៣ ៥០០ដុល្លារ ហើយ Taycan Turbo S Cross Turismo ដែលមានកម្លាំង ៧៥០សេះ មានតម្លៃ ១៨៧ ៦០០ដុល្លារ។

តួលេខខាងលើនេះគឺគ្រាន់តែជាតម្លៃចាប់ផ្តើមប៉ុណ្ណោះ ព្រោះថា Porsche ផ្តល់នូវ Option ជាច្រើនផ្សេងទៀត ដូចជា ទឹកថ្នាំពណ៌ខៀវ Neptune Blue តម្លៃ ៣ ១៥០ដុល្លារ, យ៉ាន់ ២១អ៊ីញ ផលិតពី Carbon Fiber តម្លៃ ៤ ៥១០ដុល្លារ, ពូកស្បែក Olea Club តម្លៃ ២ ៤៥០ដុល្លារ, Dynamic Chassis Control តម្លស ៣ ៥៩០ដុល្លារ បូកផ្សំនឹងហ្វ្រាំង Ceramic Composite Brake និងចង្កៀងមុខ LED Matrix Headlights ព្រមទាំង Night Vision និងគ្រឿងលេងផ្សេងទៀត ធ្វើឲ្យរថយន្តនេះឡើងថ្លៃដល់ទៅ ២៧២ ២២៩ដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG ហក់ចូលចំណាត់ថ្នាក់ឡានលក់ដាច់កំពូលទាំង១០ នៅទឹកដីអូស្ត្រាលី

ចំនួនលក់រថយន្តថ្មីនៅអូស្ត្រាលីទំនងជាមានការទំនោរកើនឡើងឡើងវិញ ក្រោយពីរងការប៉ះទង្គិចខ្លាំងកាលពីឆ្នាំ ២០២០ កន្លងទៅដោយសារការផ្ទុះជំងឺឆ្លងសកលកូវីដ១៩។

កាលពីខែកុម្ភៈឆ្នាំ ២០២១ រថយន្តថ្មីសរុប ៨៣ ៩៧៧គ្រឿងបានលក់ចេញនៅប្រទេសអូស្ត្រាលី ដែលមានការកើនឡើង ៥,១% បើធៀបនឹងឆ្នាំ ២០២០ ដែលចំនួនលក់ពេលនោះគឺមាន ៧៩ ៩៤០គ្រឿង។

គួរដឹងថាពលរដ្ឋអូស្ត្រាលីមិនខុសពីទីផ្សារដទៃទៀតប៉ុន្មានឡើយ គឺមានប្ដូរពីរថយន្តតួទាប មកចាប់អារម្មណ៍លើពពួករថយន្តតួខ្ពស់ដូចជា SUV ជាដើម។ ជាក់ស្ដែងចំនួនលក់រថយន្តទាបមានការធ្លាក់ចុះ ១៥,៣% នៅខែកុម្ភៈឆ្នាំ ២០២១ ខណៈដែលចំនួនលក់រថយន្ត SUV កើនឡើង ៨,៦%។

ក្រុមហ៊ុនដែលអាចលក់រថយន្តចេញបានច្រើនជាងគេកាលពីខែកុម្ភៈគឺមាន Toyota ជាប់លេខ១ ដែលលក់បាន ១៨ ៣៧៥គ្រឿង ហើយចំណាត់ថ្នាក់បន្តបន្ទាប់មានដូចខាងក្រោម ៖

២. Mazda ៖ ៨ ៣២២គ្រឿង

៣. Hyundai ៖ ៦ ២៥២គ្រឿង

៤. Mitsubishi ៖ ៦ ២០២គ្រឿង

៥. Kia ៖ ៥ ៨៧១គ្រឿង

៦. Ford ៖ ៤ ៧១២គ្រឿង

៧. Nissan ៖ ៣ ៨២៤គ្រឿង

៨. MG ៖ ៣ ០១៧គ្រឿង

៩. Volkswagen ៖ ៣ ០០៩គ្រឿង

១០. Subaru ៖ ២ ៦៣៩គ្រឿង

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំនួនលក់ជាសកល Volvo កើនឡើងជាង ២៩% គួរអរគុណធំដល់ចិន

ចំនួនលក់ជាសកលរបស់ក្រុមហ៊ុន Volvo មានការកើនឡើងជាង ២៩% នៅពីរខែដំបូងនៃឆ្នាំ ២០២១ នេះ ដែលកំណើនដ៏ខ្លាំងក្លានេះគឺដោយសារសន្ទុះលក់នៅប្រទេសចិនមានការកើនឡើង។

កាលពីខែកុម្ភៈចំនួនលក់របស់ Volvo មានការកើនឡើងរហូតដល់ ៧៣៧% ធៀបនឹងឆ្នាំ ២០២០ ក៏ដោយសារកាលពីឆ្នាំ ២០២០ ចំនួនលក់របស់ Volvo នៅប្រទេសចិនមានការធ្លាក់ចុះខ្លាំងគួរសម។ ក្នុងរយៈពេល ២ខែដំបូងនៃឆ្នាំ ២០២១ នេះ Volvo អាចលក់រថយន្តបានជិត ៣ម៉ឺនគ្រឿងនៅចិន ដោយនៅលើសកលគឺមានសរុបជាង ១១ម៉ឺនគ្រឿង។

ចំនួនលក់នៅអឺរ៉ុបឯណោះវិញគឺមានការកើនឡើងប្រមាណ ៥% ខណៈដែលនៅសហរដ្ឋអាមេរិកអាចលក់ចេញបាន ១៧ ០០០គ្រឿង ដែលមានការកើនឡើងជិត ២៥% ធៀបនឹងពីរខែដំបូងនៃឆ្នាំ ២០២០។

XC60 Inscription, in Pine Grey metallic

រថយន្តដែល Volvo អាចលក់ចេញបានច្រើនជាងគេកាលពីខែកុម្ភៈគឺម៉ូដែល XC40 ដែលចំនួនលក់របស់វាមានការកើនឡើងជាង ៥០% ហើយវាមានចំណែកជាង ៣០% នៃចំនួនលក់សរុបរបស់ Volvo។ រថយន្តបន្ទាប់គឺ XC60 ដែលមានចំណែក ២៨% នៃចំនួនលក់សរុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Stinger សេរ៊ីថ្មី ២០២២ ចេញផ្លូវការ ឯតម្លៃឡើងថ្លៃជាងមុន

(សហរដ្ឋអាមេរិច) ក្រុមហ៊ុនផលិតរថយន្ត Kia បានប្រកាសចេញរថយន្ត Kia Stinger សេរ៊ីថ្មី ២០២២ ចេញផ្លូវការសម្រាប់ទីផ្សារសហរដ្ឋអាមេរិច។

Kia Stinger សេរ៊ីថ្មី ២០២២ មានចំនួន​ ២ប្រភេទគឺ GT-Line បំពាក់ជាមួយម៉ាស៊ីន ២,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង កម្លាំង ៣០០សេះ និង GT-2 បំពាក់ជាមួយម៉ាស៊ីនចំណុះ ៣,៣លីត្រ Twin-Turbocharged ទំហំ ៦ស៊ីឡាំង កម្លាំង ៣៦៨សេះ។

ម៉ូឌែល GT-Line មានតម្លៃចាប់ពី ៣៧ ១៣៥ដុល្លារ ថ្លៃ​ជាងម៉ូឌែលមុន ៣ ០០០ដុល្លារ និង GT-2 មានតម្លៃចាប់ពី ៥៤ ៥០០ដុល្លារ ថ្លៃ​ជាងម៉ូឌែលមុន ៩០០ដុល្លារ។ បន្ថែមពីនេះ ក្រុមហ៊ុនបានផ្តល់នូវជម្រើសក្នុងការអាប់ដេតនូវ Sport Package ដែលមានតម្លៃ ១ ២៩៥ដុល្លារផងដែរ។

ផ្នែកខាងក្រៅនៃរថយន្ត Kia Stinger សេរ៊ីថ្មី ២០២២ បានទទួលការឌីស្សាញថ្មីទៅលើ ប៉ាណាខាងមុខ, ចង្កៀងមុខ-ក្រោយ និងអំពូលបំភ្លឺពេលថ្ងៃ ដោយប្រើប្រភេទអំពូល LED និងថាសកង់ទំហំ ១៨-១៩អ៊ីញ។

រីឯផ្នែកខាងក្នុង Kia បានអាប់ដេតបន្ថែមអោយកាន់ទំនើប តួរយ៉ាងដូចជា កៅអីនៃរថយន្តបានបំពាក់ជាមួយស្បែកប្រភេទ Nappa, អេក្រង់បង្ហាញព័ត៌មានភ្លោះទំហំ ៤,២អ៊ីញ, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ​ ដែលអាចភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto និងប្រព័ន្ធសុវត្តិភាពដូចជា ប្រព័ន្ធរក្សាគន្លងផ្លូវ, Highway assist, ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ, Blind Spot Monitoring, Distance Warning System និងប្រព័ន្ធប្រមានការបើកទ្វា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មហិច្ឆតាកាន់តែធំ! VinFast ចង់បើករោងចក្រផលិតឡាននៅអាមេរិក

កាលពីថ្ងៃអង្គារ ទី២ ខែមីនា ឆ្នាំ២០២១ កន្លងទៅនេះ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast គ្រោងនឹងបង្កើតរោងចក្រផលិតរថយន្តមួយនៅសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ខ្លួន ដើម្បីចាប់ផ្តើមលក់នៅទីនោះ ក្នុងឆ្នាំ ២០២២។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Vingroup នេះ មិនបានផ្តល់ព័ត៌មានលម្អិតអំពីថាតើនឹងត្រូវបង្កើតឡើងនៅពេលណា ឬកន្លែងណានោះទេ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានដកស្រង់សម្តីរបស់លោក Thai Thanh Hai នាយកប្រតិបត្តិ VinFast ថា “ចក្ខុវិស័យរបស់ VinFast គឺដើម្បីក្លាយជាក្រុមហ៊ុនរថយន្តអគ្គិសនីឆ្លាតវៃមួយនៅលើពិភពលោក ហើយសហរដ្ឋអាមេរិកគឺជាទីផ្សារអន្តរជាតិដំបូងគេដែលយើងនឹងផ្តោតលើ។ ដំបូងយើងនឹងផលិតម៉ូដែលប្រភេទ high-end សម្រាប់សហរដ្ឋអាមេរិក”។

គួរឲ្យដឹងដែរថា ក្រុមហ៊ុនវៀតណាមមួយនេះក៏គ្រោងនឹងបើកកន្លែងតាំងបង្ហាញ (Showroom) និងមជ្ឈមណ្ឌលសេវាកម្មចំនួន ៣៥ កន្លែងនៅឆ្នាំនេះ នៅរដ្ឋ California ដែលជាកន្លែង VinFast ទទួលបានអាជ្ញាប័ណ្ណធ្វើតេស្តយានយន្តស្វយ័តនៅតាមដងផ្លូវសាធារណៈរួចជាស្រេច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG បង្អួតរាង GT 73 អាចមានកម្លាំងច្រើនជាង ៨០០សេះ

បន្ទាប់ពីការតាមប្រមាញ់រូបថតនៃរថយន្ត Mercedes-AMG GT 73 ជាច្រើនលើកច្រើនសាររួចមក ឥឡូវនេះក្រុមហ៊ុន Mercedes បានបញ្ចេញរូបថតប៉ុន្មានសន្លឹកយ៉ាងស្ងៀមស្ងាត់ដោយខ្លួនឯងតែម្តង។

ថ្វីបើមើលមួយភ្លែត រថយន្ត Mercedes-AMG GT 73 មិនជាខុសគ្នាប៉ុន្មានពីម៉ូដែល GT 63 ដែលកំពុងមានលក់នៅលើទីផ្សារ ប៉ុន្តែច្បាស់ណាស់គឺវាមានចំណុចខុសគ្នាច្រើន។ អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុត គឺ GT 73 ប្រើប្រាស់យ៉ាន់ Alloy ទម្ងន់ស្រាលថ្មី ព្រមទាំងមានតែម “V8 Biturbo E Performance” ជំនួសឲ្យ “V8 Biturbo 4Matic+” ដែលមានលើ GT 63 ទៀតផង។

ខណៈពេលដែល ក្រុមហ៊ុន Mercedes មិនទាន់បានបង្ហាញព័ត៌មានលម្អិតអំពីរថយន្តនេះ ប៉ុន្តែគេបានរំពឹងទុករួចទៅហើយថា វានឹងដំណើរការដោយម៉ាស៊ីន Plug-in Hybrid ដែលគួបផ្សំរវាងម៉ាស៊ីនសាំង twin-turbo ចំណុះ ៤,០លីត្រ V8 ជាមួយម៉ូទ័រអគ្គិសនីមួយ និងកញ្ចប់អាគុយអគ្គិសនីទម្ងន់ស្រាលមួយ ផងដែរ។

បើផ្អែកតាមរថយន្តគំរូ Mercedes-AMG GT ចេញកាលឆ្នាំ២០១៧ ម៉ូដែលនេះអាចមានកម្លាំងសរុបរហូតដល់ទៅ ៨០៥សេះឯណោះ ហើយអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលមិនដល់ ៣វិនាទីឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Niro ឆ្នាំ២០២១ ចេញប្រភេទ Hybrid និង Plug-In Hybrid តម្លៃខ្ទង់ ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Kia បានប្រកាសចេញរថយន្ត Niro Hybrid និង Niro Plug-in Hybrid ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយទទួលបានការអាប់ដេតជាច្រើនលើផ្នែកសុវត្ថិភាព និងបច្ចេកវិទ្យា។

ក្រៅពីការបំបាក់មុខងារសុវត្ថិភាពថ្មី រថយន្តទាំងពីរម៉ូដែលខាងលើក៏បានបំពាក់អេក្រង់កម្សាន្ត ទំហំ ៨អ៊ីញ ដែលអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ដោយមិនចាំបាច់ប្រើខ្សែបានផងដែរ។ ជាមួយគ្នានេះ មុខងារ Smart Key របស់វាអាចបញ្ជាបញ្ឆេះម៉ាស៊ីនពីចម្ងាយទៀតផង។

រថយន្ត Niro Hybrid ឆ្នាំ២០២១ មានតម្លៃចាប់ពី ២៤ ៦៩០ដុល្លារ សម្រាប់ទីផ្សារបរទេស។ វាមានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៦លីត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ និងអាគុយ Hybrid ទំហំ ១,៥៦គីឡូវ៉ាត់ម៉ោងមួយ មានកម្លាំងសរុប ១៣៩សេះ។ ចំពោះកម្រិតស៊ីសាំងរបស់វា គឺ ៤,៧លីត្រ/១០០គីឡូម៉ែត្រ។

ដោយឡែក ចំពោះរថយន្ត Niro Plug-in Hybrid វិញ មានតម្លៃចាប់ពី ២៩ ៥៩០ដុល្លារ។ វាបំពាក់ម៉ាស៊ីនសាងចំណុះ ១,៦លីត្រ ដូចម៉ូដែល Niro Hybrid ដែរ ប៉ុន្តែប្រើម៉ូទ័រអគ្គិសនីកម្លាំងខ្លាំងជាង និងអាគុយទំហំធំជាង ដល់ ៨,៩គីឡូវ៉ាត់ម៉ោង ដែលបង្កើតកម្លាំងបានសរុប ១៣៩សេះ។ រថយន្តនេះក៏អាចបើកបរដោយប្រើអាគុយអគ្គិសនីសុទ្ធចម្ងាយ ៤២គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+