ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Kona ២០២២ ចេញលក់ផ្លូវការក្នុងប្រទេសមួយនេះ

បន្ទាប់ពីទីផ្សារប្រទេសកំណើតខ្លួន សហរដ្ឋអាមេរិចគឺជាទីផ្សារបន្ទាប់ដែលរថយន្ត Hyundai Kona ឆ្នាំ២០២២ នឹងមានវត្តមាន ជាមួយជម្រើសម៉ាស៊ីនសាំង និងជម្រើសអគ្គិសនីសុទ្ធ។

ប្រៀបធៀបជាមួយនិងម៉ួឌែលមុន Hyundai Kona ឆ្នាំ២០២២ គឺមានការផ្លាស់ប្តូរតិចតួចប៉ុណ្ណោះ។ ចំណុចដំបូងដែលបានផ្លាស់ប្តូរគឺ ប៉ាណាខាងមុខ មានទំហំធំជាងមុន, ផ្លាស់ប្តូរ Internal stripes, កាងមុខ ត្រូវបានទម្លាក់អោយទាបជាងមុន, ឌីស្សាញថ្មីទៅលើប្រព័ន្ធភ្លើង, បំពាក់ជាមួយកង់ទំហំ ១៦-១៨អ៊ីញថ្មី, អេក្រង់បង្ហាញទំហំ ១០,២៥អ៊ីញ និងអេក្រង់កម្សាន្តទំហំ ៨អ៊ីញ ដែលអាចភ្ជាប់ជាមួយមុខងារ Android Auto និង Apple Carplay។

Hyundai Kona ២០២២ បំពាក់មកជាមួយម៉ាស៊ីនចំណុះ ២,០ លីត្រ ៤ ស៊ីឡាំងដែលផលិតកម្លាំងបាន ១៤៧ សេះនិងកម្លាំងបង្វិល ១៧៩ Nm។ សម្រាប់ប្រភេទ Kona Limited និង Kona N Line ពាក់មកជាមួយម៉ាស៊ីនចំណុះ ១,៦ លីត្រ ៤ ស៊ីឡាំងដែលផលិតកម្លាំងបាន ១៩៥ សេះនិងកម្លាំងបង្វិល ២៦៤ Nm ដំណើការដោយប្រអប់លេខ ៧វគ្គអូតូ ប្រភេទ Dual-clutch។

និង Hyundai Kona ២០២២ ប្រភេទអគ្គិសនីសុទ្ធ គឺផ្នែកខាងមុខវា ពុំមានប៉ាណាឡើយដោយ ដោយជំនួសដោយរន្ធសាកថ្ម។ សម្រាប់ Kona ប្រភេទអគ្គិសនីសុទ្ធនេះ ប្រើម៉ូទ័រអគ្គិសនីដែលមានកម្លាំង ២០១ សេះនិងកម្លាំងបង្វិល ៣៩៥ Nm ភ្ជាប់ជាមួយកញ្ចប់អាគុយទំហំ ៦៤ kWh ដែលអាចបើកបរបានចម្ងាយប្រហែល ៤១៥គីឡូម៉ែត្រ។ ហើយអាចសាកពីកម្រិតថ្ម ១០ភាគរយទៅ ៨០ភាគរយ ក្នុងរយៈពេលតែ ៤៧ នាទី ប្រសិនបើប្រាស់ឆ្នាំងសាកលឿន DC៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានស្ព័រថ្មីរបស់ McLaren ជិះ១០០គីឡូម៉ែត្រ ស៊ីតែ ៤,៧លីត្រ

នៅទីបំផុតរថយន្ត McLaren Artura ដែលជារថយន្តស្ព័រប្រភេទ Plug-in Hybrid (អាចសាកភ្លើងបាន) បានបង្ហាញវត្តមានជាផ្លូវការ ជាមួយកម្លាំងដ៏ខ្លាំងក្លា ប៉ុន្តែមានសមត្ថភាពអាចសន្សំសំចៃប្រេងឥន្ធនៈបានល្អបំផុត។

ម៉ូទ័រអគ្គិសនី និងអាគុយដែលបានបំពាក់លើរថយន្ត McLaren Artura នេះអាចឲ្យរថយន្តបើកបរទៅមុខដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ហើយអាចឲ្យរថយន្តនេះស៊ីប្រេងឥន្ធនៈជាមធ្យមត្រឹមតែ ៤,៧លីត្រ ពេលបើកបរចម្ងាយ ១០០គីឡូម៉ែត្រ ដោយពឹងផ្អែកលើប្រព័ន្ធ Hybrid។

ត្បិតថាសន្សំសំចៃប្រេងឥន្ធនៈមែន ប៉ុន្តែរថយន្តនេះអាចផលិតកម្លាំងសរុប ៦៧១សេះ ដោយមានបំពាក់មកជាមួយនូវម៉ាស៊ីនចំណុះ ៣,០លីត្រ ៦ស៊ីឡាំង ប្រភេទ Turbo ដែលម៉ាស៊ីននេះផលិតកម្លាំងបាន ៥៧៧សេះ គួបផ្សំនឹងម៉ូទ័រអគ្គិសនីបានកម្លាំងសរុប ៦៧១សេះ។ កម្លាំង ៦៧១សេះនេះ អាចឲ្យរថយន្ត McLaren ស្ទុះពី ០ ដល់ ៩៦គ.ម/ម៉ ដោយប្រើតែ ៣,០វិនាទី ប៉ុណ្ណោះ និងមានល្បឿនអតិបរមាដល់ ៣៣០គ.ម/ម៉។

McLaren បាននិយាយថាអាគុយរបស់ Artura នេះអាចសាកថ្មបានដល់ ៨០% ដោយប្រើពេល ២,៥ម៉ោង តាមរយៈការខ្សែសាកស្តង់ដារ EVSE ហើយវាក៏អាចសាកបញ្ចូលថាមពលដោយពឹងផ្អែកលើម៉ាស៊ីនប្រេងឥន្ធនៈដែលសាកភ្លើងអំឡុងពេលបើកបរអាស្រ័យលើប្រភេទបើកបរដែលជ្រើសរើស។

រថយន្ត McLaren Artura នេះគឺមានតម្លៃចាប់ពី ២២៥ ០០០ដុល្លារ ដែលចាប់ផ្ដើមទទួលការកុម្ម៉ង់ចាប់ពីពេលនេះសម្រាប់ទីផ្សារបរទេស ហើយអតិថិជនអាចនឹងទទួលបានរថយន្តនៅក្នុងត្រីមាសទី៣នៃឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla នាំមុខ Audi ដណ្ដើមយកតំណែងលេខ៤នៅអាមេរិក

ក្រុមហ៊ុន Tesla បានក្លាយជាក្រុមហ៊ុនរថយន្តប្រណីតធំលំដាប់ទី៤នៅសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០២០ ដោយទិន្នន័យពីមជ្ឈមណ្ឌលស្រាវជ្រាវព័ត៌មាន និងទិន្នន័យយានយន្ត បានបង្ហាញថា Tesla បានចុះបញ្ជីរថយន្តថ្មីចំនួន ២០០ ៥៦១គ្រឿង។

ចំនួនរថយន្តចុះបញ្ជីរបស់ Tesla អាចឲ្យក្រុមហ៊ុននេះនាំមុខក្រុមហ៊ុនរថយន្តប្រណីត Audi ដែលមានការាយការណ៍ពីរថយន្តថ្មីចុះបញ្ជីចំនួន ១៨៣ ៥៩៤គ្រឿង។ ចំណាត់ថ្នាក់លេខ១គឺ BMW ដែលមានចំនួន ២៨៧ ២៥៩រថយន្តបានចុះបញ្ជី ហើយលេខ៣គឺ Lexus ជាមួយរថយន្ត ២៧១ ៣៨៤គ្រឿង និង Mercedes-Benz មានចំនួន ២៦៥ ៦០០គ្រឿង។

គួរដឹងថា Tesla មិនបានបង្ហាញចំនួនរថយន្តដែលបានលក់ចេញលើទីផ្សារសហរដ្ឋអាមេរិកកាលពីឆ្នាំ ២០២០ នោះទេ គឺបង្ហាញចំនួនលក់សរុបលើពិភពលោកតែម្ដង ដូចនេះមានតែពឹងផ្អែកលើទិន្នន័យនៃការចុះបញ្ជីប៉ុណ្ណោះ។ កាលពីឆ្នាំ ២០២០ កន្លងទៅនេះមានរថយន្តសរុប ១៤,៦លានគ្រឿង បានលក់ចេញនៅសហរដ្ឋអាមេរិក ហើយមានរថយន្ត ១៤,២លានគ្រឿងបានចុះបញ្ជី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Porsche 911 GT3 ជាមួយនឹងអ្នកជំនាញខាងកីឡាប្រណាំងរថយន្ត (មានវីដេអូ)

ទីក្រុង Stuttgart: ក្រុមហ៊ុន Porsche បានស្រាយចំនងពីរថយន្ត 911 GT3 ស៊េរីថ្មីរបស់ខ្លួនហើយ​ ដែលជារថយន្តជំនាន់ទី ៧ នៃប្រភេទរថយន្តស្ព័រដែលមានសមត្ថភាពខ្ពស់ហើយក៏ជារថយន្តដែលត្រូវបានវិវឌ្ឍន៍ឡើង តាមរយៈការសហការគ្នាយ៉ាងជិតដិតជាមួយនឹង Porsche Motorsport។ Porsche Motorsport បានបញ្ចូលនូវបច្ចេកវិទ្យានៃការប្រណាំងដ៏សុទ្ធសាធមួយទៅក្នុងផលិតកម្មរថយន្តដោយមានការកែតម្រូវតិចតួចបំផុតដែលមិនធ្លាប់មានពីមុនមក ដែលមានដូចជា ប៉ុងខាងមុខប្រើប្រាស់ជាប្រភេទ double wishbone និង រូបរាងលំហូរខ្យល់ដ៏ទំនើប ជាមួយនឹង ស្លាបខាងក្រោយដែលមានទម្រដូចកក្ងាន និង កន្លែងរំសាយខ្យល់ដ៏ទាក់ទាញនៅបាតខាងក្រោយដែលបានមកពីរថយន្តប្រណាំងដ៏ជោគជ័យប្រភេទ GT គឺរថយន្ត 911 RSR ព្រមទាំងភ្ជាប់មកជាមួយនូវកម្លាំង ៣៧៥ kW (510 PS) ម៉ាស៊ីន boxer ៤,០លីត្រ ៦ ស៊ីឡាំង ជាម៉ាស៊ីនដែលយកមកពីរថយន្ត 911 GT3 R បានឆ្លងកាត់ការសាកល្បងនៅក្នុងការប្រណាំងប្រភេទ endurance រួចមកហើយ។ ម៉ាស៊ីនដែលមានសម្លេងដ៏ស្រួយស្រឹប និង រោទ៍បានយ៉ាងខ្ពស់នេះក៏ត្រូវបានប្រើប្រាស់ ដោយមិនមានការផ្លាស់ប្តូរ នៅក្នុងរថយន្ត 911 GT3 Cup ស៊េរីថ្មីផងដែរ។ ដែលជាលទ្ធផល គឺយើងទទួលបាននូវម៉ាស៊ីនបើកបរដ៏អស្ចារ្យមួយ ដែលមានប្រសិទ្ធភាពខ្ពស់ មានមនោសញ្ចេតនា ច្បាស់លាស់ និង សមត្ថភាពខ្ពស់ ដែលល្អឥតខ្ចោះសម្រាប់បើកបរលើផ្លូវប្រណាំង និង ល្អវិសេសសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ។

ចំនុចខ្លាំងដ៏ពិសេសរបស់រថយន្ត 911 GT3 គឺស្ថិតនៅត្រង់ការរួមបញ្ចូលគ្នានៃអត្តចរិករបស់រថយន្តនេះផ្ទាល់តែម្តង។ ជាមួយនឹងល្បឿនអតិបរមា ៣២០ គីឡូម៉ែត្រ/ម៉ោង (៣១៨ គីឡូម៉ែត្រ/ម៉ោង ជាមួយប្រអប់លេខ PDK) រថយន្តនេះមានល្បឿនលឿនជាងរថយន្ត 911 GT3 RS ជំនាន់មុនទៅទៀត។ រថយន្តនេះអាចបង្កើនល្បឿនពី ០ ទៅ ១០០ គីឡូម៉ែត្រ/ម៉ោង ក្នុងរយៈពេលត្រឹមតែ ៣,៤ វិនាទីប៉ុណ្ណោះ។ ក្រុមហ៊ុន Porsche ក៏មានការផ្តល់ជូននូវម៉ូដែលស៊េរីថ្មីនេះជាមួយនឹងប្រភេទចង្កិះលេខដៃ ដែលមាន ៦ លេខ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តទទួលបានបទពិសោធន៍បើកបរដាក់លេខដោយខ្លួនឯង។ រូបរាងលំហូរខ្យល់ដ៏ទំនើប របស់រថយន្តនេះ បានទទួលមកពីបទពិសោធន៍នៃការប្រណាំងរថយន្ត ដែលលំហូរខ្យល់នេះអាចបង្កើតបានជាទំងន់សង្កត់រថយន្តសម្រាប់ពេលបើកបរល្បឿនលឿន ដោយមិនប៉ះពាល់ដល់ការបង្កើនល្បឿនរបស់រថយន្តនេះឡើយ។ នៅក្នុងទំរង់បែប Performance ការបញ្ជារ ស្លាបខាងក្រោយ និង កន្លែងរំសាយខ្យល់នៅបាតខាងក្រោយនៃរថយន្ត អាចបង្កើននូវកម្លាំងសង្កត់នៃខ្យល់បានយ៉ាងច្រើនសម្រាប់ការបត់បែននៅក្នុងល្បឿនលឿន ប៉ុន្តែការបញ្ជារទាំងនេះ គឺត្រូវបានរក្សាទុកយ៉ាងតឹងរឹងសម្រាប់តែលើផ្លូវប្រណាំងប៉ុណ្ណោះ ដែលនៅទីនោះ រថយន្ត 911 GT3 អាចបញ្ចេញនូវគ្រប់សមត្ថភាពទាំងអស់ដែលខ្លួនមាន។ នៅលើផ្លូវប្រណាំង Nürburgring’s Nordschleife ដែលតាមទំនៀមទំលាប់ គឺជាកន្លែងដែលគ្រប់រថយន្តស្ព័រ ទាំងអស់របស់ Porsche ធ្វើការសាកល្បងបញ្ចាក់ពីគុណភាពស្តង់ដា ហើយដែលរថយន្ត 911 GT3 នេះបានបំបែកឯកត្តកម្ម ជារថយន្តផលិតកម្មដំបូងគេដែលមិនប្រើប្រាស់ម៉ាស៊ីន Turbo ដែលបានបញ្ចប់ជុំរបស់ផ្លូវប្រណាំងនេះក្នុងថេរៈវេលាតិចជាង ៧ នាទី។​ លោក Lars Kern ជាអ្នកអភិវឌ្ឍន៍ខាងផ្នែកបើកបរបានឆ្លងកាត់ខ្សែបន្ទាត់ផ្តាច់ព្រ័ត្រនៃផ្លូវប្រណាំង ២០,៨ គឺឡូម៉ែត្រ ដោយប្រើប្រាស់ពេលវេលាត្រឹមតែ ៦:៥៩.៩២៧ នាទីប៉ុណ្ណោះ។ ផ្លូវប្រណាំងដែលមានចំងាយខ្លីជាងនេះបន្តិច ២០,៦ គីឡូម៉ែត្រ ដែលកាលពីមុន គេប្រើប្រាស់វាជាទីសម្រាប់សាកល្បងគុណភាពស្តង់ដារនោះ គឺបានបញ្ចប់ដោយរថយន្ត 911 GT3 ក្នុងពេលវេលាត្រឹមតែ ៦:៥៥.២ នាទី។ ដោយប្រើប្រាស់សំបកកង់ Michelin Pilot Sport Cup 2 R រថយន្តស៊េរីថ្មីនេះបានផ្តល់ជូននូវលទ្ធផលដូចៗគ្នាជាច្រើនជុំ ដោយនៅពីក្រោយស្នាដៃរបស់ឯកអគ្គរាជទូតសុច្ឆន្ទៈរបស់ Porsche គឺលោក Jörg Bergmeister​។ ចំពោះលោក Bergmeister លោកថាវាគឺជារថយន្ត ផលិតកម្មដែលល្អបំផុត ដែលអ្នកឯកទេសបើកបរមានបទពិសោធន៍មិនធ្លាប់បានបើកបរពីមុនមកនៅ Green Hell។

ក្រៅពីទទឹងខ្លួន និង កង់ទាំងបួនធំជាងមុន ព្រមទាំង លក្ខណៈបច្ចេកទេសពិសេសៗបន្ថែមទៀត ទំងន់នៃរថយន្ត GT3 ថ្មីនេះគឺនៅតែអាចប្រៀបធៀបបានជាមួយនឹងស៊េរីមុន។ ជាមួយនឹងចង្កិះលេខដៃ វាមានទំងន់ ១ ៤១៨ គីឡូក្រាម ហើយសម្រាប់ចង្កិះលេខ PDK វាមានទំងន់ ១ ៤៣៥ គីឡូក្រាម។ គម្របខាងមុខផលិតឡើងពី carbon fibre-reinforced plastic (CFRP) រួមទាំងកញ្ចក់ស្រាល ឌីសហ្រ្វាំងដែលបានបង្កើនប្រសិទ្ធភាពជាងមុន និង យ៉ាន់កង់ដែលបានបង្កើតឡើងពីលោហៈស្រាលដែលធានាបាននូវទំងន់ដែលសមស្របតាមក្បួន ដូចទៅនឹងគម្រប់ប្រអប់កៅអីខាងក្រោយដែរ។ ប្រព័ន្ធបំពង់ស៊ីម៉ាំងស្ព័របែបស្រាលបានកាត់បន្ថយទំងន់មិនតិចជាង ១០ គីឡូក្រាមទេ។ ជាមួយនឹងស្លាបបិទបើកបំពង់ស៊ីម៉ាំង វាបានធ្វើអោយស៊ីសង្វាក់គ្នាជាមួយនឹងសម្លេងដែលប្រកបដោយមនោសញ្ចេតនាដែលសមស្របទៅនឹង Euro 6d ISC FCM (EU6 AP) ស្តង់ដានៃការបញ្ចេញឧស្ម័ន។ កម្រិតស៊ីសាំងជាមធ្យមរបស់រថយន្ត 911 GT3 គី ១៣,៣ លីត្រ ក្នុង ១០០ គីឡូម៉ែត្រ ១២,៤ លីត្រសម្រាប់ចង្កិះលេខ PDK។

ហ្សែនប្រណាំងរបស់រថយន្តនេះត្រូវបានបង្ហាញទាំងស្រុងនៅលើចំនុចលម្អិតទាំងអស់នៃរថយន្ត 911 GT3 ស៊េរីថ្មី។ កន្លែងបញ្ជាកណ្តាលគឺអាចប្រៀបធៀបគ្នាបានជាមួយនឹងម៉ូដែលរថយន្ត911​ ជំនាន់ក្រោយនេះដែរ។ លក្ខណៈពិសេសថ្មីនោះគឺជាអេក្រង់សម្រាប់ផ្លូវប្រណាំង ដោយគ្រាន់តែចុចប៉ូតុងមួយប៉ុណ្ណោះ វានឹងកាត់បន្ថយរូបភាបឌីជីថលនៅលើអេក្រង់អោយខិតទៅខាង ឆ្វេង និង ស្តាំ នៃកុងទ័ររង្វិលជុំម៉ាស៊ីននៅកណ្តាល ដែលកុងទ័ររង្វិលជុំនេះអាចបង្ហាញកំរិតវិលជុំរហូតដល់ ១០ ០០០ ហើយវាក៏នឹងបង្ហាញពីព័ត៌មានផ្សេងៗទៀត ដែលមានដូចជា សំពាធខ្យល់របស់កង់រថយន្ត សំពាធប្រេង សីតុណ្ហភាពប្រេង កម្រឹតប្រេងសាំង និង សីតុណ្ហភាពទឹក ដែលជាព័ត៌មានសំខាន់នៅពេលបើកបរលើផ្លូវប្រណាំង។ វាក៏មានរួមបញ្ចូលទាំង ជំនួយការតម្លើងលេខរថយន្តផងដែរ ដែលវាបង្ហាញជាបន្ទាត់ពណ៌ឆ្នូតៗ នៅខាងឆ្វេង និងស្តាំ នៃកុងទ័ររង្វិលជុំ ហើយនិងសញ្ញាភ្លើងសម្រាប់ដាក់លេខដែលបានមកពី Motorsport។

អតិថិជនបានចាប់ផ្តើមសំណូមពរជាសំភារៈដែលអាចប្តូរតាមចិត្តបានជាច្រើនជាពិសេសសម្រាប់ម៉ូដែលរថយន្ត Porsche GT។ ហេតុផលនេះហើយបានជាសំភារៈពី Porsche Exclusive Manufaktur ក៏បានត្រូវដាក់អោយអតិថិជនអាចជ្រើសរើសបានសម្រាប់រថយន្ត 911 GT3 ស៊េរីថ្មី ហើយវាក៏មាន option បន្ថែមទៀតដែលផលិតឡើងសម្រាប់តែរថយន្ត GT3 តែមួយគត់គឺ ដំបូលស្រាលដែលផលិតឡើងពីសរសៃកាបូន។ Options ផ្សេងទៀតរួមមាន ផ្នែកខាងលើនៃកញ្ចក់ចំហៀងផលិតឡើងពីកាបូន ចង្កៀងខាងមុខពណ៌ខ្មៅ ត្រូវគ្នាជាមួយនឹង Exclusive design ស្តុបខាងក្រោយដែលបានបំបាត់ពណ៌ក្រហមចេញទាំងអស់។ រង្វង់ជុំវិញយ៉ាន់កង់ពណ៌ Guards Red ឬ Shark Blue កាន់តែបន្ថែមភាពស្រស់ស្អាតដល់យ៉ាន់កង់ពណ៌ខ្មៅ។ នៅផ្នែកខាងក្នុងចំនុចលម្អិតនៃសំភារៈជាច្រើនដែលមានដូចជា ទ្រនិចនៃកុងទ័ររង្វិលជុំ និង នាឡិកាកំនត់នាទី Sport Chrono ខ្សែក្រវាត់ និង ស្នាមថ្នេរដូចទៅនឹងពណ៌រថយន្ត ឬ ពណ៌ផ្សេងទៀតតាមតម្រូវការដែលបង្ហាញពីប្រណីតភាព។

ដែលមានភាពវិសេសវិសាលផ្តាច់មុខដូចជារថយន្ត 911 GT3 នេះឯង គឺជាឧបករណ៍កំនត់ពេលវេលាសម្រាប់បុគ្គលដែល Porsche Design ផ្តល់ជូនផ្តាច់មុខសម្រាប់តែអតិថិជនដែលចូលចិត្តរថយន្តស្ព័រដែលមានសមត្ថភាពខ្ពស់។ ប្រៀបបានដូចទៅនឹងរថយន្តរបស់វាដែរ ឧបករណ៍កំនត់ពេលវេលានេះផ្តោតសំខាន់ទៅលើការរចនាបែបឌីណាម៉ិច សមត្ថភាពដែលមិនផ្លាស់ប្តូរ និង ស្នាដៃការងារដ៏មានគុណភាពខ្ពស់។ សំបកខាងក្រៅរបស់វាបានបង្ហាញពីហ្សែន Motorsport។ ប្រៀបដូចជាដែកដែលភ្ចាប់ទៅនឹងម៉ាស៊ីនរបស់រថយន្ត GT3 នេះដែរ ដែលវាផ្សំឡើងពីសារធាតុទីតានីញ៉ូម ធន់ ហើយស្រាល។ ឧបករណ៍កំនត់ពេលវេលា នេះបានទទួលថាមពល មកពីរង្វិលជុំរបស់ម៉ូទ័រតូចៗដែលប្រដូចបានទៅនឹង កង់នៃរថយន្ត 911 GT3 ផងដែរ។ រង្វង់ជុំវិញនៃផ្ទៃនាឡិកានេះអាចធ្វើការផ្លាស់ប្តូរពណ៌បានតាមចំនូលចិត្តដូចទៅនឹងពណ៌របស់រថយន្ត 911 GT3 ផ្ទាល់តែម្តង។

*សំភារៈ Options និង តម្លៃអាចមានការផ្លាស់ប្តូរទៅតាមការផ្លាស់ប្តូរនៃឆ្នាំរបស់រថយន្ត។

សម្រាប់ព័ត៌មានបន្ថែម វីដេអូ និង រូបភាព លោកអ្នកអាចទាញយកបាននៅ Porsche Newsroom តាមរយៈតំណរភ្ចាប់នេះ៖ newsroom.porsche.com

កម្រិតស៊ីសាំង និង ការបញ្ចេញឧស្ម័ន គឺត្រូវបានកំណត់តាមរយៈ Worldwide Harmonized Light Vehicle Test Procedure (WLTP) ថ្មី។ តួរលេខ NEDC ដែលបានទាញយកមកពី នេះគួតែបន្តបញ្ចាក់អោយច្បាស់សម្រាប់ពេលបច្ចុប្បន្ន។ តួរលេខទាំងនេះមិនអាចប្រៀបធៀបបានទៅនឹងតួរលេខដែលត្រូវបានកំណត់តាមរយៈ ការវាស់វែងរបស់​ NEDC បានទេរហូតមកដល់ពេលនេះ។

សម្រាប់ព័ត៌មានបន្ថែមទៅលើកម្រិតស៊ីសាំង និង កម្រិតបញ្ចេញឧស្ម័នផ្លូវការនៃរថយន្តដឹកអ្នកដំណើរថ្មី អាចរកបាននៅក្នុងឯកសារសារធារណៈដែលមានចំនងជើងថា “ Guidelines on fuel consumption, CO2 emissions and power consumption of new passenger cars” ដែលអាចរកបានដោយមិនគិតថ្លៃនៅគ្រប់បញ្ជរលក់ទាំងអស់ និង ពី Deutsche Automobil Treuhand GmbH (DAT).

អំពី​មជ្ឈមណ្ឌល​ Porsche ភ្នំពេញ

មជ្ឈមណ្ឌល​ Porsche ភ្នំពេញ ជាភ្នាក់ងារលក់របស់ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុននាំចូលស្របច្បាប់ និងចែកចាយផ្តាច់មុខ នូវរថយន្ត និងគ្រឿងបន្លាស់សុទ្ធម៉ាក Porsche បានមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាចាប់តាំងពីឆ្នាំ ២០១៣។ ដោយមាន​ទីតាំង​ តាមបណ្តោយមហាវិថីសម្តេច ហ៊ុន សែន កែងនឹងមហាវិថី ឧកញ៉ា ហ៊ុន នាង មជ្ឈមណ្ឌល​ Porsche ភ្នំពេញបម្រើ​ការជា​ទីតាំង​ផ្តល់​សេវា​ច្រើនមុខ ​ដែល​មានចាប់ពី​ការលក់​ សេវាកម្ម​ក្រោយការលក់​​ សម្ភារៈតុបតែងនិងលម្អបន្ថែម​ សម្ភារៈតុបតែងរបស់​អ្នកបើកបរ​Porsche​) នៅក្នុង​កន្លែង​តែមួយ​ ដោយផ្តល់​នូវ​កម្រិត​សេវាកម្ម​ខ្ពស់​ដល់​អតិថិជន​របស់​ Porsche ​នៅក្នុង​ប្រទេស​កម្ពុជា​។ ​មជ្ឈ​មណ្ឌល​ Porsche ភ្នំពេញ​​​ ផ្តល់ជូនអតិថិជន នូវគ្រប់ម៉ូដែលនៃរថយន្តPorsche ព្រមទាំងការរចនាបន្ថែមទៅតាមចំណូលចិត្តអតិថិជន ដើម្បីអោយរថយន្តកាន់តែមានលក្ខណៈពិសេសដែលអតិថិជនទាំងអស់អាចស្វែងយល់បន្ថែមបាននៅទីនេះ https://dealer.porsche.com/cambodia/virtual-showroom។ លើសពីនេះទៅទៀត គ្រប់រថយន្តដែលមានលក់នៅមជ្ឈ​មណ្ឌល​ Porsche ភ្នំពេញ​​​ បានបំពាក់ជាមួយកញ្ចប់សេវាកម្មថែទាំ និងធានាពីរោងចក្ររយៈពេលរហូតទៅដល់ 4ឆ្នាំ ដែលធ្វើអោយរថយន្ត Porsche កាន់តែមានភាពលេចធ្លោ និងពិសេសលើសពីរថយន្តផ្សេងទៀតដែលនាំចូលមកព្រះរាជាណាចក្រកម្ពុជា។

មជ្ឈមណ្ឌល​ Porsche ភ្នំពេញ

ផ្នែកទំនាក់ទំនង​សាធារណៈ​ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​

អ្នកនាង ងួន​ កែវ្វត្តី

ទូរសព្ទ​៖ (+855)-11-888-976

អ៊ីមែល​៖ [email protected]

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កូនកាត់របស់ Nissan Rogue រថយន្ត Mitsubishi Outlander ឆ្នាំ២០២២ ចេញផ្លូវការ

រថយន្ត ៧កៅអី​ Mitsubishi Outlander ឆ្នាំ ២០២២ បានបង្ហាញខ្លួនជាផ្លូវការ ជាមួយការផ្លាស់ប្តូររូបរាងថ្មី និងបំពាក់ជាមួយម៉ាស៊ីនរបស់ Nissan។ Outlander នឹងចេញលក់ដំបូងនៅសហរដ្ឋអាមេរិចចាប់ពីខែមេសា មុនពេលចេញលក់នៅលើទីផ្សារផ្សេងៗក្នុងឆ្នាំ២០២១នេះ។ រថយន្ត Outlander ផលិតដោយប្រើប្រាស់គ្រោងរថយន្តរបស់ I-Fu-Do-Do ដែលជារថយន្តផលិតឡើងផ្អែកលើរថយន្ត Nissan Rogue។

សម្រាប់រូបរាងរបស់ Outlander មានការបំផុសគំនិតនៃការឌីស្សាញចេញពីរថយន្ត Engelberg Tourer។ ផ្នែកខាងបានបំពាក់ជាមួយប៉ាណារាងដូចអក្សរ C ដែលបំផុសគំនិតចេញពីរថយន្ត Montero ឬ Pajero និង Evolution X , ចង្កៀងមុខប្រភេទ LED ៣ថ្នាក់ត្រួតស៊ីគ្នា, អំពូលបំភ្លឺពេលថ្ងៃ និងកាត់អ័ព្ទ ប្រភេទ LED, កាងការពារការប៉ះទង្គិចនៅផ្នែកខាងក្រោយ និងថាសកង់ទំហំ ២០អ៊ីញ។

រីឯផ្នែកខាងក្នុងបានបំពាក់ជាមួយ អេក្រង់បង្ហាញទំហំ ៩អ៊ីញ, អេក្រង់កម្សាន្ត ដែលអាចភ្ជាប់ជាមួយមុខងារ Apple Carplay និង Android Auto ទំហំ ១២,៣អ៊ីញ, ពោងសុវត្តិភាពចំនួន ១១, រន្ធសាកថ្ម USB A និង USB C, Speaker ប្រភេទ Bose ចំនួន ១០កន្លែង និង full-color Head-Up Display(HUD) និងប្រព័ន្ធជំនួយការបើកបរ Adaptive Cruise Control, Lane Keep Assist និង Navigation។

ក្រុមហ៊ុន Mitsubishi អះអាងថា Mitsubishi Outlander ត្រូវបានបំពាក់ជាមួយម៉ាស៊ីនសាំង ២,៥លីត្រ ដែលបង្កើតថ្មីដោយ Alliance ដែលវាមានន័យថា Outlander កំពុងប្រើម៉ាស៊ីនដូចគ្នានិងផលិតផលរបស់ Nissan។  ដែលមានកម្លាំង ១៨១សេះ កម្លាំងបង្វិល ២៤៥ ញ៉ូតុនម៉ែត្រ ប្រើប្រាស់ប្រអប់លេខ CVT ៨វគ្គ។

Outlander ស៊េរីថ្មីឆ្នាំ ២០២២ នឹងមានតម្លៃចាប់ពី ២៥ ៧៩៥ ដុល្លារដោយមិនរាប់បញ្ចូលការដឹកជញ្ជូន ១ ១៩៥ ដុល្លារ។ តម្លៃបន្ថែមពេញលេញ និងប្រភេទនៃរថយន្ត នឹងប្រកាសនៅពេលក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan GT-R ជំនាន់ថ្មី ឆ្នាំ២០២២ នឹងដូរមកប្រើម៉ាស៊ីន Hybrid វិញ

រថយន្ត Nissan GT-R ជំនាន់ R35 បាននិងកំពុងតែមានលក់នៅលើទីផ្សារអស់រយៈពេលជាង ១០ឆ្នាំមកហើយ។ ទោះជាយ៉ាងណា ក្រុមហ៊ុន Nissan បានបញ្ជាក់ហើយថា អ្នកស្នងតំណែងរបស់វាកំពុងស្ថិតក្នុងការអភិវឌ្ឍ ប៉ុន្តែមិនបានបង្ហាញព័ត៌មានលម្អិតនោះទេ។

យ៉ាងណាមិញ គេហទំព័រជប៉ុន Best Car Web បានអះអាងថា រថយន្ត GT-R ជំនាន់ថ្មី R36 នឹងបង្ហាញខ្លួននៅចុងឆ្នាំ២០២២ ដោយការផ្លាស់ប្តូរមកប្រើម៉ាស៊ីនថ្មី។

យោងតាមការចុះផ្សាយរបស់គេហទំព័ររថយន្តខាងលើ ស្តង់ដារ CAFE (Corporate Average Fuel Economy) និងបទបញ្ញត្តិសំឡេងរំខាន កំពុងត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេសជប៉ុន ក្នុងឆ្នាំ ២០២១ នេះ។ ដោយសារតែម៉ាស៊ីនចំណុះ ៣,៨លីត្រ twin-turbo V6 របស់ GT-R បច្ចុប្បន្នមិនត្រឹមត្រូវតាមស្តង់ដារ និងច្បាប់ទាំងនេះ ដូច្នេះហើយ GT-R ជំនាន់ថ្មីនឹងងាកមកប្រើម៉ាស៊ីន Hybrid វិញ។

គួរឲ្យដឹងថា រថយន្ត GT-R ជំនាន់ R36 ថ្មី នឹងគួបផ្សំម៉ាស៊ីនចំណុះ ៣,៨លីត្រ twin-turbo V6 បច្ចុប្បន្ន ជាមួយនឹងប្រព័ន្ធ Mild-hybrid ៤៨វ៉ុល, កញ្ចប់អាគុយ Hybrid មួយ និង ម៉ូទ័រអគ្គិសនីមួយ ដែលជួយដល់ដំណើរការវា ហើយកាត់បន្ថយកម្រិតស៊ីសាំង ក៏ដូចជាធ្វើឲ្យសំឡេងរបស់វាស្រាលជាងមុនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MINI ចេញឡាន Countryman Boardwalk Edition ថ្មី តម្លៃ ៤ម៉ឺនដុល្លារ

ក្រុមហ៊ុន MINI បានប្រកាសចេញរថយន្ត Countryman ប្រភេទ Boardwalk Edition ថ្មី សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដោយនឹងត្រូវផលិតមានកំណត់ ត្រឹមតែ ២៩គ្រឿងប៉ុណ្ណោះ សម្រាប់ម៉ូដែល Cooper និង ៣០គ្រឿង សម្រាប់ម៉ូដែល Cooper S។

រថយន្ត MINI Countryman Boardwalk Edition ម៉ូដែល Cooper ថ្មីនេះនឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៥២ ០០០ដុល្លារអូស្ត្រាលី ឬស្មើនឹង ៤០ ៣៥០ដុល្លារអាមេរិក។ វាមានបំពាក់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៣ស៊ីឡាំង មានកម្លាំង ១៣៤សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៩,៧វិនាទី។ ចំពោះកម្រិតស៊ីសាំងវិញគឺ ៦,៣លីត្រ/១០០គីឡូម៉ែត្រ។

ដោយឡែកចំពោះម៉ូដែល Cooper S វិញ នឹងមានមានតម្លៃចាប់ពី ៥៨ ៥០០ដុល្លារអូស្ត្រាលី ឬស្មើនឹង ៤៥ ៤០០ដុល្លារអាមេរិក ហើយមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៩សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៥វិនាទី។ ចំពោះកម្រិតស៊ីសាំងវិញគឺ ៦,៧លីត្រ/១០០គីឡូម៉ែត្រ។

រថយន្តទាំង ២ ម៉ូដែលខាងលើនឹងដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch ហើយមានជម្រើសតែមួយពណ៌គត់ គឺ Deep Laguna Metallic។ វាក៏មានបំពាក់យ៉ាន់អាលុយមីញ៉ូម ទំហំ ១៨អ៊ីញ និងសម្បកកង់ run-flat tires ផងដែរ។

ក្រៅពីនោះលក្ខណៈពិសេសមួយចំនួនទៀតមានដូចជា ចង្កៀងមុខ, អំពូលកាត់អ័ព្ទ និងចង្កៀងក្រោយ សុទ្ធតែជា LED, កុងទ័រឌីជីថល ៥អ៊ីញ, អេក្រង់កម្សាន្ត ៨,៨អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay, កាមេរ៉ាមើលក្រោយ, ប្រព័ន្ធសំឡេង Harman Kardon និងពូកស្បែកជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះជាតារាងសង្ខេបបន្ថយអត្រាអាករពិសេសលើរថយន្ត បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះអត្រាអាករពិសេស

នេះជាសាទរថ្មីមួយទៀតសម្រាប់កម្ពុជា ក្រោយពីរាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះអត្រាអាករពិសេស លើមុខទំនិញរថយន្តមួយចំនួន ដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ នេះតទៅ ដោយអនុលោមតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្ដីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួន។

នៅលើទំព័រផ្លូវការរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើការបង្ហាញនៅតារាងសង្ខេបដែលមានដូចខាងក្រោម ដើម្បីងាយស្រួលអោយបងប្អូន កាន់តែងាយយល់បន្ថែមទៀត។

ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា
ប្រភព៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

ខាងក្រោមនេះជាសេចក្តីប្រកាសទាំងស្រុង ពីបណ្តាញសង្គមផ្លូវការ៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche ថាមិនខ្ចីចាប់អារម្មណ៍សងរោងចក្រផលិតឡាននៅចិន

Porsche បានអះអាងថាមិនចាប់ចិត្តក្នុងការសាងសង់រោងចក្រផលិតរថយន្តនៅប្រទេសចិននោះទេ ទោះបីជាប្រទេសចិនគឺជាទីផ្សារដ៏ធំបំផុតមួយរបស់ខ្លួនក្ដី។

លោក Oliver Blume ប្រធានក្រុមហ៊ុន Porsche បាននិយាយប្រាប់ Financial Times ដូចនេះថា ៖ “បច្ចុប្បន្ននេះខ្ញុំថាវាមិនសមហេតុផលក្នុងការសាងសង់រោងចក្រផលិតនៅចិន។ ប៉ុន្តែ ១០ឆ្នាំទៀត ខ្ញុំមិនដឹងទេ។ វាអាស្រ័យលើថាទីផ្សារប្រទេសចិននឹងមានតម្រូវការកើនឡើងកម្រិតណា និងអាស្រ័យលើច្បាប់ក្នុងប្រទេសនីមួយៗផងដែរ។”

លោក Blume បានបន្ថែមថា តាមរយៈការបន្តផលិតរថយន្ត Porsche មួយភាគធំនៅប្រទេសអាល្លឺម៉ង់ គឺអាចរក្សាតម្លៃលក់ឲ្យមានស្ថិរភាពបាន។ លោកបានបន្ថែមទៀតថា វាមានតម្លៃក្នុងការចំណាយថ្លៃកម្លាំងពលកម្មខ្ពស់នៅប្រទេសអាល្លឺម៉ង់ ដើម្បីរក្សាកេរ្តិ៍ឈ្មោះ “ផលិតនៅអាល្លឺម៉ង់” របស់ក្រុមហ៊ុន។

គួរដឹងថាកាលពីឆ្នាំ ២០២០ ក្រុមហ៊ុនអាល្លឺម៉ង់នេះអាចលក់រថយន្តបានសរុប ២៧២ ១៦២គ្រឿង ដែលក្នុងនោះគឺមាន ៨៨ ៩៦៨គ្រឿងត្រូវបានដឹកជញ្ជូនទៅកាន់ប្រទេសចិន។ ចំនួននេះគឺច្រើនជាងចំនួននៅអឺរ៉ុប (៨០ ៨៩២គ្រឿង) និង សហរដ្ឋអាមេរិក (៨០ ៨៩២គ្រឿង) ទៅទៀត៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេ Volkswagenថាមិនខ្លាចឡានអគ្គិសនី Apple

កន្លងមកមានការលេចជាហូរហែមកហើយអំពីផែនការនៃការឈានជើងចូលពិភពរថយន្តរបស់ក្រុមហ៊ុន Apple ជាមួយរថយន្តអគ្គិសនីបើកបរស្វ័យប្រវត្តិ ដែលគេរំពឹងថាអាចបង្ហាញវត្តមាននៅត្រឹមឆ្នាំ ២០២៤។

ត្បិតថាក្រុមហ៊ុនដែលមានតម្លៃជាងគេក្នុងលោកនេះអាចឈានជើងចូលឧស្សាហកម្មយានយន្តក៏ពិតមែន ប៉ុន្តែលោក Herbert Diess ប្រធានក្រុមហ៊ុន Volkswagen មិនបានភ័យខ្លាចនឹង Apple នោះឡើយ។

ពេលនិយាយជាមួយកាសែតអាល្លឺម៉ង់ Frankfurter Allgemeine Sonntagszeiting លោក Diess បាននិយាយថា ៖ “ឧស្សាហកម្មរថយន្តមិនដូចជាឧស្សាហកម្មបច្ចេកវិទ្យាធម្មតា ដែលអ្នកអាចត្របាក់យកក្នុងពេលខ្លីបាននោះទេ។ Apple នឹងមិនអាចធ្វើវាក្នុងពេលតែមួយយប់នោះទេ។”

លោក Diess បានបន្ថែមថាវាមិនមែនជាអ្វីដែលភ្ញាក់ផ្អើលនោះទេចំពោះដំណឹងដែលថា Apple កំពុងផលិតរថយន្ត ដោយសារក្រុមហ៊ុននេះមានបទពិសោធន៍យូរឆ្នាំមកហើយខាងផ្នែកថាមពលថ្ម, ផ្នែក Software និងឌីហ្សាញ ហើយថែមទាំងមានប្រាក់បម្រុងដ៏ច្រើនមហាសាលទៀតផង។ យ៉ាងណាក្ដីលោក Diess បានបញ្ជាក់ដូចនេះថា “យើងមិនខ្លាចនោះទេ”៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+