ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ចង់ឲ្យឡាន ២០ ភាគរយរបស់ខ្លួន ដើរដោយថាមពលអគ្គិសនី នៅឆ្នាំ ២០២៣

ក្រុមហ៊ុន BMW គ្រោងនឹងបង្កើនត្រកូលរថយន្តអគ្គិសនីរបស់ខ្លួន ដោយការបន្ថែមរថយន្តអគ្គិសនីជាច្រើនម៉ូដែលថែមទៀត នៅក្នុងពេលអនាគត។

ថ្លែងទៅកាន់កាសែតអាល្លឺម៉ង់ ឈ្មោះ Augsburger Allgemeine នាយកប្រតិបត្តិក្រុមហ៊ុន BMW លោក Oliver Zipse មានប្រសាសន៍ថា ក្រុមហ៊ុនផលិតរថយន្ត BMW ចង់ឲ្យរថយន្តរបស់ខ្លួនប្រមាណ ២០ ភាគរយ ប្រើថាមពលអគ្គិសនីត្រឹមឆ្នាំ ២០២៣ បើប្រៀបធៀបទៅនឹងប្រមាណ ៨ ភាគរយនៅឆ្នាំនេះ។

“យើងកំពុងបង្កើនចំនួនយានយន្តអគ្គិសនី។ នៅចន្លោះឆ្នាំ ២០២១ និង ២០២៣ យើងនឹងផលិតរថយន្តអគ្គិសនីចំនួន ២៥០ ០០០ គ្រឿង ច្រើនជាងផែនការដែលបានគ្រោងទុក”។ នេះបើតាមសម្តីលោក Zipse។

ទោះជាយ៉ាងណា Zipse បានសារភាពថា ដើម្បីឲ្យក្រុមហ៊ុន BMW សម្រេចផែនការរថយន្តអគ្គិសនីនេះបាន ហេដ្ឋារចនាសម្ព័ន្ធនៃកន្លែងសាកភ្លើងចាំបាច់ត្រូវកែលម្អ។

“ស្ថានីយសាកភ្លើងឯកជនចំនួន ១៥ ០០០ កន្លែង និង សាធារណៈប្រហែល ១ ៣០០ កន្លែងទៀត នឹងត្រូវដាក់ឲ្យដំណើរការជារៀងរាល់សប្តាហ៍គិតត្រឹមថ្ងៃនេះ។ ជាអកុសល យើងនៅឆ្ងាយពីផែនការនេះណាស់”។ លោក Zipse បញ្ជាក់ប្រាប់ Reuters បន្ថែម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla កំពុងត្រៀមខ្លួនចូលទីផ្សារឥណ្ឌា នៅឆ្នាំ ២០២១

នៅទីបំផុត ក្រុមហ៊ុន Tesla នឹងចេញលក់របស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ដែលជាទីផ្សាររថយន្តធំជាងគេ ទី ៥ របស់ពិភពលោក នៅឆ្នាំ ២០២១។ នេះបើយោងតាមរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនឥណ្ឌា និង លោក Elon Musk ។

ថ្លែងទៅកាន់កាសែត Indian Express លោក Nitin Gadkari បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Tesla នឹងចាប់ផ្តើមលក់រថយន្តរបស់ខ្លួននៅក្នុងប្រទេសឥណ្ឌា ហើយបន្ទាប់មកនឹងសម្រេចចិត្តលើការដំឡើង និងការផលិតរថយន្ត អាស្រ័យលើតម្រូវការទីផ្សារ។

ទន្ទឹមនឹងនេះដែរ លោក Elon Musk បាននិយាយនៅលើបណ្តាញសង្គម Twitter ថា ក្រុមហ៊ុន Tesla ពិតជានឹងចូលទីផ្សារឥណ្ឌា នៅឆ្នាំ ២០២១ មែន គ្រាន់តែមិនមែននៅក្នុងខែមករា ដូចពាក្យចចាមអារាមពីមុននោះទេ។

យោងតាមសារព័ត៌មាន Reuters បានរាយការណ៍ថា ប្រទេសឥណ្ឌាកំពុងប្រឹងប្រែងក្នុងការជំរុញយានយន្តអគ្គិសនី ក្នុងគោលបំណងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសលើប្រេង ប៉ុន្តែរហូតមកដល់ពេលនេះ បញ្ហាទាំងនេះត្រូវបានរារាំងដោយកង្វះការវិនិយោគក្នុងផលិតកម្ម និងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងស្ថានីយបញ្ចូលភ្លើងផងដែរ។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលឥណ្ឌា បានប្រកាសកាលពីខែកញ្ញាថា ពួកគេមានផែនការផ្តល់ប្រាក់លើកទឹកចិត្តចំនួន ៤,៦ ពាន់លានដុល្លារ នៅឆ្នាំ ២០៣០ ដល់ក្រុមហ៊ុននានាដើម្បីបង្កើតរោងចក្រផលិតអាគុយរថយន្តអគ្គិសនី នៅក្នុងប្រទេសទៀតផង។

យ៉ាងណាមិញ មានតែរថយន្តអគ្គិសនីចំនួន ៣០០ គ្រឿងប៉ុណ្ណោះ ដែលត្រូវបានលក់ក្នុងស្រុក ក្នុងអំឡុងឆ្នាំ ២០១៩ បើធៀបនឹងរថយន្តចេះហេះក្នុង (ប្រេងសាំង) វិញ គឺ ១,៧ លានគ្រឿងឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

McLaren ប្រកាសជំហមិនផលិតឡាន SUV ជាថ្មីម្ដងទៀត អីដែលសំខាន់គឺឡាន Hybrid

លោក Mike Flewitt នាយក​ប្រតិបត្តិ McLaren បាន​បញ្ជាក់​ច្បាស់ៗ​ជា​ថ្មី​ម្ដង​ទៀត​អំពី​អនាគត​របស់​ម៉ាក​រថយន្ត McLaren គឺ​ថា​​នឹង​មិន​​មាន​​ផែនការ​ផលិត​រថយន្ត​ SUV ដូច​ជា​ Aston Martin, Ferrari ឬ Lamborghini ​នោះ​ទេ។

យ៉ាងណាក្ដី​​អនាគត​របស់ McLaren នឹង​ត្រូវ​ផ្ដោត​សំខាន់​លើ​រថយន្ត Hybrid ឲ្យ​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត។ លោក Mike បាន​និយាយ​ថា ៖ “ខ្ញុំ​អាច​និយាយ​ដោយ​ស្មោះត្រង់​ថា​ យើង​នឹង​​បន្ថែម​ប្រព័ន្ធ​ម៉ាស៊ីន Hybrid ​លើ​រថយន្ត​គឺ​ដើម្បី​តែ​គោរព​តាម​គោលការណ៍​ច្បាប់​ប៉ុណ្ណោះ។ ចាប់​ពី​ឆ្នាំ ២០២២ ដល់ ឆ្នាំ ២០២៣ ខ្ញុំ​មិន​សម្លឹង​ឃើញ​ថា​​យើង (McLaren) ​ប្រកាស​ចេញ​រថយន្ត​ដែល​មិន​​មែន​ប្រភេទ​​ Hybrid នោះ​ទេ។​”

រថយន្ត Hybrid ជំនាន់​ថ្មី​ដែល McLaren បាន​បញ្ជាក់​ថា​នឹង​ប្រកាស​ចេញ​គឺ​រថយន្ត McLaren Artura ដែល​នឹង​បង្ហាញ​វត្តមាន​នៅ​ឆមាស​​ដំបូង​នៃ​ឆ្នាំ ២០២១។ រថយន្ត​នេះ​នឹង​ប្រើ​ប្រាស់​នូវ​គ្រោង​ឆ្អឹង​​សរសៃ​កាបូន​​ថ្មី​ដែល​មាន​ឈ្មោះ​ថា MCLA៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai គិតថាឡាន Tucson ថ្មីនឹងលក់ដាច់ជាងឡាន Kona

រថយន្ត​ Kona បាន​ក្លាយ​ជា​រថយន្ត​ SUV ខ្នាត​តូច​ដែល​លក់​ដាច់​ជាង​គេ​របស់​ក្រុមហ៊ុន​រថយន្ត​កូរ៉េ Hyundai នៅ​ទីផ្សារ​តំបន់​អឺរ៉ុប។

យ៉ាងណាក្ដី​បើ​តាម​ការ​លើក​ឡើង​របស់​​ប្រធាន​ Hyundai នៅ​អ៊ីតាលី​លោក Andrea Crespi ​បាន​ឲ្យ​​​ដឹង​​រថយន្ត Tucson ជំនាន់​ថ្មី​នឹង​​ក្លាយ​ជា​រថយន្ត​លក់​ដាច់​ជាង​គេ​របស់ Hyundai ជា​ថ្មី​នៅ​ទីផ្សារ​អឺរ៉ុប។

ប្រធាន​ Hyundai ​នៅ​អ៊ីតាលី​បាន​បន្ថែម​ថា Hyundai រំពឹង​ថា​នឹង​អាច​លក់​រថយន្ត Tucson បាន ១៥ ០០០​គ្រឿង នៅ​ក្នុង​ឆ្នាំ ២០២១ ដោយ​ក្នុង​នោះ​មាន ​៧​ពាន់​គ្រឿង គួរ​តែ​ជា​រថយន្ត Hybrid និង ១៥០០គ្រឿង​ជា​ប្រភេទ PHEV។

​​គួរ​ដឹង​ថា​​​រថយន្ត​ SUV ខ្នាត​តូច​ដែល​ពេញ​និយម​ជាង​គេ​នៅ​អឺរ៉ុប​មាន​ដូច​ជា Volkswagen Tiguan, Nissan Qashqai និង Peugeot 3008 ជា​ដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បញ្ចេញកូនរថយន្តអគ្គិសនីថ្មី តម្លៃជិត ២ម៉ឺនដុល្លារ

(ប្រទេសជប៉ុន) ក្រុមហ៊ុន Toyota បានធ្វើការបញ្ចេញនូវ កូនរថយន្តអគ្គិសនីថ្មី ឈ្មោះ C+pod ដែលជា Concept របស់ Ultra-Compact BEV ពីមុន។ Toyota មានគម្រោងក្នុងការបង្កើត C+pod នេះឡើងដោយផ្តោតសំខាន់លើ អ្នកប្រើប្រាស់គ្រប់ស្ថានភាព មិនថាអង្គការ, រដ្ឋាភិបាល, អ្នកប្រើប្រាស់បែបសារជីកម្ម ឬប្រជាជនធម្មតានោះឡើយ។

C+pod មានបណ្តោយប្រវែង ២ ៤៩០មីលីម៉ែត្រ, ទទឹងប្រវែង ១ ២៩០មីលីម៉ែត្រ, កម្ពស់ប្រវែង ១ ៥៥០មីលីម៉ែត្រ និងមានទំងន់ត្រឹម ៦៧០គីឡូក្រាម ដោយតូខ្លួនខាងក្រៅរបស់វា គឺផលិតឡើងពីប្លាស្ទិច ក្នុងការជួយកាត់បន្ថយទំងន់។ បន្ថែមពីនេះ C+pod  ក៏បានបំពាក់ជាមួ ចង្កៀងមុខ-ក្រោយ ប្រភេទ LED, ប្រព័ន្ធម៉ាស៊ីនត្រជាក់, អេក្រង់បង្ហាញព័ត៍មាន នៅចំកណ្តាល, Electrically adjustable side mirrors និងមុខងារ Pre-collision safety, Intelligent clearance sonar​ ផងដែរ។

រថយន្តអគ្គិសនី C+pod បំពាក់ជាមួយម៉ូទ័រអគ្គិសនីមួយ ដែលផលិតកម្លាំងបាន ៩,២គីឡូវ៉ាត់ ឬ ១២,៣សេះ និងល្បឿនអតិបរមា ៦០គ.ម/ម៉ោង។ ព្រមទាំងចំណាយពេល ៥ម៉ោង ក្នុងការសាកភ្លើងកម្លាំងថាមពល ២០០វ៉ុល និង ១៦ម៉ោង សម្រាប់កម្លាំងថាមពល ១០០វ៉ុល។

ជាមួយគ្នានេះដែរ C+pod បានដាក់លក់នៅលើទីផ្សារប្រទេសជប៉ុនកាលពីថ្ងៃ ២៥រួចមកហើយ ដោយមានតម្លៃចាប់ពី ១ ៦៥០ ០០០យ៉េន ឬ ១៦ ៥៤៤ដុល្លារផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia ប្រកាសចេញ Kia Rio ឆ្នាំ ២០២១ ជាផ្លូវការ ជាមួយតម្លៃចាប់ពីខ្ទង់ ១ម៉ឺនដុល្លារ

(សហរដ្ឋអាមេរិច) ក្រុមហ៊ុនផលិតរថយន្តកូរ៉េ Kia បានប្រកាសចេញនូវរថយន្ត Kia Rio ឆ្នាំ ២០២១ សម្រាប់ទីផ្សារសហរដ្ឋអាមេរិចជាផ្លូវការ ជាមួយតម្លៃចាប់ពី ១៦ ០៥០ដុល្លារ ។

Kia Rio Sedan

រថយន្ត Kia Rio ឆ្នាំ ២០២១ បានបំពាក់ថ្មីជាមួយ អេក្រង់កម្សាន្ត Touchscreen ទំហំ ៨អ៊ីញ ដែលមានមុខងារ Apple CarPlay និង Android Auto, ប្រព័ន្ធតន្រ្តី ចំនួន៤, Power Window, អេក្រង់បង្ហាញព័ត៍មាន ទំហំ ៣,៥អ៊ីញ និងយ៉ាន់កង់ ទំហំ ១៥អ៊ីញផងដែរ។

សម្រាប់តម្លៃរបស់ Kia Rio ឆ្នាំ ២០២១ ប្រភេទធម្មតា គឺមានតម្លៃចាប់ពី ១៦ ០៥០ដុល្លារ, ប្រភេទខ្ពស់បំផុត Rio S មានតម្លៃចាប់ពី ១៦ ៦៩០ដុល្លារ និងប្រភេទ Rio 5-Door មានតម្លៃចាប់ពី១៦ ៩៩០ដុល្លារ។​

Kia Rio 5-Door

ហើយ Rio S ក៏អាចបំពាក់ជាមួយ កញ្ចប់បច្ចេកវិទ្យាបន្ថែមបានផងដែរ ដោយមាន តម្លៃ១ ៨០០ដុល្លារ។ សម្រាប់កញ្ចប់បច្ចេកវិទ្យានេះរួមមាន យ៉ាន់កង់ទំហំ ១៥អ៊ីញ, Push-button Ignition, Automatic Climate Control System, ចង្កៀងខាងមុខ ប្រភេទ LED, អេក្រង់បង្ហាញព័ត៍មាន ទំហំ ៣,៥អ៊ីញ និងប្រព័ន្ធជំនួយការបើកបរ Forward Collision Avoidance, Lane Following Assist, Lane Departure Warning, High Beam Assist និង Rear Occupant Alert។

បន្ថែមពីនេះ គ្រប់ម៉ូឌែលទាំងអស់របស់ Kia Rio ឆ្នាំ ២០២១ នឹងបំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៦លីត្រ ទំហំ ៤ស៊ីឡាំង បង្កើតកម្លាំងបាន ១២០សេះ និងកម្លាំងបង្វិល ១៥២ញ៉ូតុនម៉ែត្រ ប្រើប្រាស់ប្រអប់លេខ CVT។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បាន ឡាន Mercedes-Benz C-Class ២០២២ ទំនងនឹងបង្ហាញខ្លួនឆាប់ៗ

Mercedes-Benz ទំនងជានឹងដាក់បង្ហាញរថយន្ត C-Class ស៊េរីឆ្នាំ២០២២ ក្នុងពេលឆាប់ៗខាងមុខនេះ ខណៈគេបានប្រទះឃើញក្រុមហ៊ុនរថយន្តអាល្លឺម៉ង់មួយនេះ បាននិងកំពុងធ្វើតេស្តលើម៉ូដែល C-Class ជំនាន់ថ្មី ជាច្រើនប្រភេទ រួមទាំង Sedan, Wagon និង AMG។

C-Class ឆ្នាំ២០២២ (ជំនាន់ W206) ពណ៌ខៀវខាងលើនេះ មិនមានការបិតបាំងច្រើននោះទេ ដែលមានន័យថា ក្រុមហ៊ុនកំពុងតែត្រៀមដាក់បង្ហាញរូបរាងពិតរបស់វាហើយ។ យ៉ាងណាមិញ C-Class ជំនាន់ថ្មីនេះហាក់មានការឌីហ្សាញកាចជាងមុន ជាពិសេសគឺប៉ាណាមុខ និងចង្កៀងមុខតែម្តង។ គួរឲ្យដឹងថា រថយន្ត Mercedes-Benz C-Class ជំនាន់មុន (W205) បានបង្ហាញខ្លួនតាំងពីឆ្នាំ២០១៤ មកម្ល៉េះ។

ទោះជាយ៉ាងណាក៏ដោយ បើផ្អែកតាមយ៉ាន់ដែលបានបំពាក់លើរថយន្តខាងលើ វាទំនងជាងម៉ូដែល C300 ដែលអាចនឹងបន្តប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំងប្រហែល ២៥៥សេះ។ Mercedes ក៏នឹងផ្តល់ជម្រើសម៉ាស៊ីន Plug-in Hybrid ផងដែរ។

ចំណែកឯម៉ូដែល C43 អាចនឹងត្រូវជំនួសដោយម៉ូដែល C53 ហើយប្រើម៉ាស៊ីនចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ជំនួយដោយប្រព័ន្ធ Mild-hybrid ដែលបង្កើតកម្លាំងបានលើស ៤០០សេះទៅទៀត។ បន្ថែមពីនេះ ម៉ូដែល C63 អាចបោះចោលម៉ាស៊ីន V8 ហើយងាកមកប្រើម៉ាស៊ីនទំហំ ៤ស៊ីឡាំង ដំណើរការជាមួយប្រព័ន្ធ Hybrid ដែលបង្កើតកម្លាំងបានសរុបជាង ៥០០សេះឯណោះ។

រថយន្ត Mercedes-Benz C-Class ឆ្នាំ២០២២ (ជំនាន់ W206) អាចនឹងត្រូវបង្ហាញខ្លួនជាផ្លូវការ នៅដើមឆ្នាំ២០២១ ខណៈម៉ូដែល C53 និង C63 អាចបង្ហាញខ្លួននៅចុងឆ្នាំ២០២១ ឬដើមឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រុស្ស៊ី យកឡាន SUV មកលក់នៅអាមេរិក ដាក់តម្លៃសឹងស្មើ Jeep Wrangler

ក្រុមហ៊ុនរថយន្តរុស្ស៊ី UAZ បានសហការណ៍ជាមួយក្រុមហ៊ុន Bremach Inc. ដោយនាំយករថយន្តខ្លាំងខាង Off-road មកលក់នៅលើទីផ្សារសហរដ្ឋអាមេរិក គឺម៉ូដែល Bremach Taos។

រថយន្ត Bremach Taos នេះ ត្រូវបានដាក់ឲ្យបញ្ជាទិញក្នុងតម្លៃចាប់ពី ២៦ ៤០៥ដុល្លារ ដែលថោកជាងរថយន្ត Jeep Wrangler ឆ្នាំ២០២១ ត្រឹមតែ ២ ០០០ដុល្លារប៉ុណ្ណោះ។

លក្ខណៈពិសេសស្តង់ដារបំពាក់លើរថយន្តនេះ មានដូចជា យ៉ាន់ Alloy ១៨អ៊ីញ, សេនស័រចូលចតមុខ-ក្រោយ, កាមេរ៉ាក្រោយ, អេក្រង់កម្សាន្ត Touchscreen ៧អ៊ីញ, ប្រព័ន្ធ LTE/Wi-Fi Modem, កៅអីមុខក្រោយមានមុខងារកម្តៅ, កញ្ចក់មុខ និងចំហៀងមានមុខងារកម្តៅ, ទូរទឹកកក និងបញ្ជាសោបញ្ឆេះម៉ាស៊ីនពីចម្ងាយ។

Bremach Taos មានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៧លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥០សេះ ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ និងប៉ុងពីរ។ វាក៏មានជម្រើស Option ប៉ុងដៃផងដែរ។ រថយន្តនេះមានកម្ពស់បាតឈរផុតពីដី ២១០មីល្លីម៉ែត្រ ហើយអាចលយទឹកជម្រៅ ៥០០មីល្លីម៉ែត្រទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះឡានតម្លៃថោកជាងគេនៅអាមេរិក ដឹងតម្លៃប៉ុន្មានអត់?

រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ Mitsubishi Mirage និង Nissan Versa តែង​ផ្លាស់​ប្ដូរ​វេន​គ្នា​ជា​រថយន្ត​​ថ្មី​ដែល​មាន​តម្លៃ​ធូរ​ជាង​គេ​នៅ​សហរដ្ឋអាមេរិក។ យ៉ាងណាក្ដី​ចូល​ដល់​ឆ្នាំ ២០២១ រថយន្ត Chevrolet Spark ស៊េរី​ឆ្នាំ ២០២១ នឹង​ជា​រថយន្ត​ដែល​មាន​តម្លៃ​ធូរ​ជាង​គេ​បំផុត។

រថយន្ត Chevrolet Spark ស៊េរី​ថ្មី​​គឺ​មាន​តម្លៃ​​ត្រឹម​តែ​ចាប់​ពី ១៣ ៤០០​ដុល្លារ ដែល​ធូរ​ថ្លៃ​ជាង​រថយន្ត Mirage (១៤ ២៩៥ដុល្លារ) និង​រថយន្ត Versa (១៤ ៩៣០ដុល្លារ)។

ជា​មួយ​តម្លៃ​នេះ​ Chevrolet Spark មាន​មក​ជា​មួយ​នូវ​ម៉ាស៊ីន​ Ecotec ចំណុះ ១,៤លីត្រ ៤ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន ៩៨​សេះ ដែល​មាន​​លេខ​ដៃ​៥​វគ្គ។ អតិថិជន​ក៏​អាច​ជ្រើស​រើស​យក​លេខ​​អូតូ​ដែល​ធ្វើ​ឲ្យ​តម្លៃ​ឡើង​ដល់ ១៤ ១៤០ដុល្លារ។

ប្រសិន​បើ​អតិថិជន​​បើ​ចង់​បាន​ Chevrolet Spark ស៊េរី​ឆ្នាំ ២០២១ ដែល​​ជា​​ប្រភេទ Full Option គឺ​ត្រូវ​ចំណាយ​ដល់​ជាង​ ២១ ០០០​ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Ford Fusion ចាប់កំណើតជាថ្មីក្នុងរូបរាងជាឡាន SUV

រថយន្ត Ford Fusion បាន​ក្ស័យ​សង្ខារ​ជា​ផ្លូវ​ការ​​​ ដោយ​​មួយ​គ្រឿង​​ចុង​ក្រោយ​​នៃ​រថយន្ត Sedan នេះ​បាន​រំកិល​ចេញ​រោងចក្រ​កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​ឯង។ យ៉ាងណាក្ដី Ford ទំនង​ជា​បាន​ផ្ដល់​កំណើត​ថ្មី​ដល់​រថយន្ត Fusion នេះ​ ក្នុង​រូបរាង​ជា​​រថយន្ត​តួ​ខ្ពស់​វិញ​ម្ដង។

តាម​រយៈ​វិបសាយ​ Cochespias.net គេ​បាន​ឃើញ​នូវ​រូបរាង​គំរូ​នៃ​រថយន្ត Fusion ដែល​ចាប់​កំណើត​ថ្មី។ រូបភាព​មិន​បាន​បង្ហាញ​អំពី​រថយន្ត​ទាំង​ស្រុង​នោះ​ទេ ប៉ុន្តែ​គេ​បាន​ឃើញ​ច្បាស់​អំពី​តួ​ខ្លួន​របស់​វា ហើយ​អ្វី​ដែល​ជា​ចំណុច​ចាប់​អារម្មណ៍​គឺ​នៅ​ផ្នែក​ខាង​ក្នុង។

នៅ​ផ្នែក​ខាង​ក្នុង​មាន​អេក្រង់​ទំហំ​ធំ​ដែល​នៅ​​ពេញ​មួយ​តាបឡូ​រថយន្ត​តែ​ម្ដង ដែល​​ការ​ឌីហ្សាញ​នេះ​ស្រដៀង​នឹង​​ Mercedes-Benz ដែរ។ ​បច្ចុប្បន្ន​ ប្រព័ន្ធ SYNC របស់ Ford គឺ​មាន​តែ​ជា​ប្រភេទ​ដូច​ជា​ Tablet ​ប៉ុណ្ណោះ មិន​ទាន់​មាន​ការ​ឌីហ្សាញ​ដូច​ដែល​ឃើញ​លើ​រថយន្ត Fusion ថ្មី​នេះ​ទេ។

រថយន្ត Fusion ប្រភេទ​តួ​ខ្ពស់​នេះ នឹង​មាន​ដាក់​លក់​ជា​លក្ខណៈ​សកល​លោក​ដូច​ជា​រថយន្ត​ប្រភេទ Sedan ដែរ ដោយ​រំពឹង​ថា​នឹង​មាន​លក់​នៅ​សហរដ្ឋអាមេរិក អឺរ៉ុប និង​ចិន។ គេ​រំពឹង​ថា​រថយន្ត​ថ្មី​នេះ​នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ ២០២២ និង​ដាក់​លក់​ជា​ម៉ូដែល​ឆ្នាំ ២០២៣៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+