ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេ Toyota ហាក់មិនពេញចិត្តនឹងការផ្លាស់ប្ដូរទៅប្រើឡានអគ្គិសនីប៉ុន្មានឡើយ

បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Wall Street Journal បាន​ឲ្យ​ដឹង​ថា​លោក Akio Toyoda នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Toyota ហាក់​មិន​ពេញ​ចិត្ត​នឹង​​រថយន្ត​អគ្គិសនី​ប៉ុន្មាន​ឡើយ។

ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​សប្ដាហ៍​មុន លោក Toyoda បាន​និយាយ​ថា​ ៖ “ម៉ូដែល​អាជីវកម្ម​បច្ចុប្បន្ន​នៃ​ឧស្សាហកម្ម​យានយន្ត​នឹង​ត្រូវ​ដួល​រលំ។ ពេល​ណា​យើង​ផលិត​ឡើង​អគ្គិសនី​កាន់​តែ​ច្រើន ក៏​មិន​មាន​ការ​បញ្ចេញ​ឧស្ម័ន​កាបូន​ឌីអុកស៊ីត​កាន់​តែ​ច្រើន​ដែរ…ពេល​ដែល​អ្នក​នយោបាយ​និយាយ​ថា «យើង​នាំ​គ្នា​លុប​បំបាត់​រថយន្ត​ប្រើ​ប្រាស់​ថាមពល​ប្រេង​ឥន្ធនៈ» តើ​ពួក​គេ​មាន​យល់​អំពី​ចំណុច​នេះ​ទេ?”

ការ​លើក​ឡើង​របស់​លោក Toyoda ដែល​បង្ហាញ​នូវ​គំនិត​អវិជ្ជមាន​ចំពោះ​រថយន្ត​អគ្គិសនី​នេះ បាន​ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​អំពី​ផែនការ​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ហាម​ឃាត់​មិន​ឲ្យ​លក់​រថយន្ត​ប្រើ​ថាមពល​ប្រេង​ឥន្ធនៈ​​នៅ​ត្រឹម​ឆ្នាំ ២០៣០៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Porsche Taycan កាន់តែពេញនិយមខ្លាំងហើយនៅអាមេរិក

ចាប់​តាំង​ពី​ការ​ចេញ​លក់​នៅ​ខែ​ធ្នូ​ឆ្នាំ​មុន​មក តម្រូវ​ការ​រថយន្ត​​អគ្គិសនី Porsche Taycan មាន​ខ្ពស់​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដោយ​នៅ​សហរដ្ឋអាមេរិក​វា​អាច​លក់​ចេញ​បាន​លើស​ពី ៤​ពាន់​គ្រឿង​ហើយ។

នៅ​ត្រីមាស​ទី​៣ នៃ​ឆ្នាំ ២០២០ នេះ រថយន្ត​ Porsche Taycan បាន​ក្លាយ​ជា​រថយន្ត​លក់​ដាច់​ជាង​គេ​លំដាប់​ទី​៣ របស់ Porsche លើ​ទីផ្សារ​អាមេរិក ដែល​លក់​បាន​ច្រើន​ជាង​រថយន្ត 911 ប៉ុន្តែ​នៅ​ចាញ់​រថយន្ត​ Macan និង Cayenne នៅ​ឡើយ។ អាច​ចាត់​ទុក​ថា​ជា​លទ្ធផល​ដ៏​ល្អ​មួយ ដោយ​សារ​ការ​ផលិត​រថយន្ត​ Taycan ត្រូវ​បាន​បិទ​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ​១៩ ធ្វើ​ឲ្យ​មាន​ការ​យឺតយ៉ាវ​រាប់​សប្ដាហ៍។

រថយន្ត​ Taycan ក៏​បាន​ជួយ​ឲ្យ​ម៉ាក Porsche ទទួល​បាន​អតិថិជន​ថ្មីៗ​ច្រើន​ផង​ដែរ។ បើ​តាម​ការ​ឲ្យ​ដឹង​ពី Porsche មាន​មួយ​ភាគ​បី​នៃ​ម្ចាស់​រថយន្ត​ Porsche Taycan គឺ​ជា​អ្នក​ប្ដូរ​មក​ពី​ម៉ាក​រថយន្ត​ផ្សេង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះហើយជាឡាន Aston Martin DBS Superleggera Concorde គ្រឿងទី១ ក្នុងចំណោម១០គ្រឿងលើលោក

ក្រុមហ៊ុន Aston Martin បានចាប់ផ្តើមសង្វាក់ផលិតកម្មនៃរថយន្ត DBS Superleggera Concorde ហើយ ពោលគឺរយៈពេលជាង ១ឆ្នាំ បន្ទាប់ពីដាក់បង្ហាញវាជាផ្លូវការ។

ទោះជាយ៉ាងណាក៏ ដោយក្រុមហ៊ុនមិនបានបញ្ជាក់ពីមូលហេតុ ដែលធ្វើឲ្យខ្លួនចាយពេលយូរយ៉ាងនេះឡើយ ប៉ុន្តែជំងឺឆ្លងរាតត្បាតកូវីដ១៩ ក៏អាចជាមូលហេតុដែរ។

រថយន្ត Aston Martin DBS Superleggera Concorde គ្រឿងទី១ ក្នុងចំណោម ១០គ្រឿងនេះ មានតួខ្លួនពណ៌ស រំលេចដោយដំបូលពណ៌ខ្មៅ និងក្រហម។ ក្នុងនោះគេក៏លេងតែមទង់ជាតិចក្រភពអង់គ្លេសលើខ្លួនរបស់វាផងដែរ។

រថយន្តម៉ូដែលពិសេសផលិតមានចំនួនកំណត់នេះ នៅតែបំពាក់ម៉ាស៊ីន twin-turbocharged ចំណុះ ៥,២លីត្រ V12 មានកម្លាំង ៧១៥សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រ ប្រើពេល ៣,៤វិនាទី ហើយមានល្បឿនអតិបរមា ៣៤០គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរឲ្យដឹងថា នៅពេលដាក់បង្ហាញរថយន្ត DBS Superleggera Concorde កាលពីឆ្នាំ២០១៩ ក្រុមហ៊ុន Aston Martin បានអះអាងថា ចំណូលពីការលក់រថយន្តនីមួយៗ នឹងផ្តល់ទៅឲ្យអង្គការមិនរកប្រាក់កម្រៃ ដែលជួយដល់កុមារ និងបង្រៀនពួកគេឲ្យបើកយន្តហោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ចេញលក់ Civic Type R ២០២១ ថ្លៃជាងមុន ២ពាន់ដុល្លារ

រថយន្ត Honda Civic Type R ស៊េរីឆ្នាំ២០២១ បានចេញលក់ជាផ្លូវការនៅក្នុងប្រទេសអូស្ត្រាលី ដោយទទួលបានការអាប់ដេត ដូចទៅនឹងទីផ្សារដទៃទៀតដែរ។

ចំណុចអាប់ដេតសំខាន់បំផុតសម្រាប់ Civic Type R ឆ្នាំ២០២១ គឺ Software ថ្មី សម្រាប់ប្រព័ន្ធបូម Adaptive Damper System ដែលវាយតម្លៃស្ថានភាពផ្លូវបានលឿនជាងមុន ១០ដង ជួយឲ្យការបើកបរកាន់តែប្រសើរជាងមុន។

រថយន្តប្រភេទ Hatchback នេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged VTEC ទំហំ ៤ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៣០៦សេះ ដូចទៅនឹងស៊េរីមុនៗដែរ ហើយដំណើរការដោយប្រអប់លេខដៃ ៦វគ្គ និងប៉ុងមួយវិលកង់មុខ។

Civic Type R ២០២១ បានបំពាក់ចង្កឹះលេខថ្មី ព្រមទាំងមុខងារ Active Sound Control ដែលជួយឲ្យសំឡេងម៉ាស៊ីនកាន់តែពិរោះ នៅពេលប្រើ Sport និង +R Mode។

ចំពោះទីផ្សារប្រទេសអូស្ត្រាលី រថយន្តនេះមានតម្លៃចាប់ពី ៥៤ ៩៩០ដុល្លារអូស្ត្រាលី ឬ ៤១ ៨០០ដុល្លារអាមេរិក ពោលគឺថ្លៃជាងស៊េរីមុន ៣ ០០០ដុល្លារអូស្ត្រាលី ឬ ២ ២៨០ដុល្លារអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Santa Fe ២០២១ ចេញលក់ផ្លូវការនៅអូស្ត្រាលី មានម៉ាស៊ីន ២ជម្រើស

រថយន្ត Hyundai Santa Fe ២០២១ ដែលបានធ្វើការផ្លាស់ប្តូររូបរាងថ្មី ចាប់ផ្តើមដាក់លក់ជាផ្លូវការនៅប្រទេសអូស្ត្រាលី មាន៤ប្រភេទសម្រាប់អោយអតិថិជនជ្រើសរើស។ រថយន្ត Santa Fe ប្រភេទធម្មតាមានតម្លៃចាប់ពី ៣៣ ៦៣០ដុល្លារ ម៉ាស៊ីនសាំង ៣,៦លីត្រ ៦ស៊ីឡាំង ថាមពលកម្លាំង ២៦៨សេះ កម្លាំងបង្វិល ៣៣២ញ៉ូតុនម៉ែត្រ និងម៉ាស៊ីនម៉ាស៊ូត ២,២លីត្រ ថាមពលកម្លាំង ១៩៨សេះ និងកម្លាំងបង្វិល ៤៤០ញ៉ូតុនម៉ែត្រ។ ម៉ាស៊ីនសាំង បំពាក់ជាមួយប្រអប់លេខអូតូ ៨វគ្គ រីឯម៉ាស៊ីនម៉ាស៊ូត ៨វគ្គ Dual-Clutch (លេខដៃ និងអូតូ) តម្លៃចាប់ពី ៣៦ ២៦៤ដុល្លារ។

ចំពោះប្រភេទលើនេះបន្តិច Santa Fe Active មានជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ូតដែលមានតម្លៃចាប់ពី ៣៦ ៣៣៩ដុល្លារ ដល់ ៣៨ ៩៧២ដុល្លារ។ ប្រភេទ Elite វិញ មា៉ស៊ីនសាំងមានតម្លៃចាប់ពី ៤០ ៨៥៣ដុល្លារ និងម៉ាស៊ីនម៉ាស៊ូតតម្លៃ ៤៣ ៤៨៦ដុល្លារ និងប្រភេទខ្ពស់ជាងគេ Highlander មានតម្លៃចាប់ពី ៤៧ ០៣៧ដុល្លារ (សាំង) និង ៤៩ ៧០៥ដុល្លារ (ម៉ាស៊ូត)។

ចំពោះលក្ខណៈពិសេសសម្រាប់ប្រភេទកំរឹតទាបមានបំពាក់ប្រព័ន្ធកម្សាន្តទំហំ ៨អុីញ មានមុខងារ Apple CarPlay និង Android Auto ជាមួយកាំមេរ៉ា មើលក្រោយ ប្រព័ន្ធរក្សាកម្លាតគ្រោះថ្នាក់ពេលចូលចំណត ប្រព័ន្ធតាមដានសម្ពាធខ្សល់កង់រថយន្ត និងប្រព័ន្ធកញ្ចប់សុវត្ថិភាព SmartSense ដែលមានមុខងារ Forward Collision-Avoidance Assist with Junction Turning, Driver Attention Warning និង Blind-Spot Collision Avoidance-Assist។ ធៀបជាមួយប្រភេទ Highlander បំពាក់ជាមួយអេក្រង់កុងទ័រទំហំ ១២,៣អុីញ ប្រព័ន្ធកម្សាន្តទំហំ ១០,២៥អុីញ ឧបករណ៌ប្រព័ន្ធសម្លេងប្រភេទ Harmon Kardon កៅអីស្បែកបញ្ជេារកម្តៅ ឬត្រជាក់ និងមុខងារទំនើបជាច្រើនទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យក Honda Civic ២០០៩ ច្នៃទៅជា Lamborghini Aventador (មានវីដេអូ)

គំនិតនៃការការច្នៃចម្លងម៉ូដរថយន្តណាមួយ វាតែងតែធ្វើអោយមនុស្សមានការយល់ច្រលំ ហើយហេតុផលមួយដ៏ល្អគឺដោយសារតែវាបង្កើតមកពិតជាគួរឱ្យរន្ធត់ណាស់។ ជាក់ស្តែងដូចជារថយន្តមួយគ្រឿងដែលត្រូវបានគេថតបានកាលពីពេលថ្មីនេះៗ នៅប្រទេសឥណ្ឌា គឺរថយន្តចម្លងម៉ូដតាម Lamborghini Aventador នេះចឹងដែរ។

Aventador នេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនក្នុងស្រុកមួយឈ្មោះ Executive Mod Trendz មានទីតាំងនៅទីក្រុង Mumbai។ វាត្រូវបានកើតឡើងជារឿយ ដែលមានការចម្លងម៉ូដនេះត្រូវបានផលិតឡើង ក្នុងតម្លៃសមរម្យ ដោយយកម៉ាស៊ីនឡានស្ព័រកម្រឹតមធ្យមពីរថយន្ត Pontiac Fiero ត្រូវបានកែច្នៃលើរថយន្ត Honda Civic ឆ្នាំ ២០០៩ ប្រភេទម៉ាស៊ីនមុខ វិលកង់មុខ។

ដូចនេះហើយ បង្គុំនៃរថយន្តចម្លងម៉ូដ Aventador វាមើលទៅមិនដូចជារបស់ពិតនោះទេ។ ជាក់ស្តែង នៅក្នុងវីដេអូដែលថតបានពេលកំពុងបើកបរលើផ្លូវ ប្រទេសឥណ្ឌា បានបង្ហាញថាវាខុសពីរថយន្តពិតត្រង់ដំបូលខ្ពស់ជាង។ ទោះជាយ៉ាងនេះក្តី វាមានចំណុចខ្លះដែលមើលទៅដូចរថយន្តពិតផងដែរ ដូចជា ចង្កៀងមុខ ភ្លើងអំពូលស៊ីញ៉ូក្រោយ តែវានៅតែជា Lamborghini ក្លែងក្លាយដដែល។ អ្នកកែច្នៃ មិនមែនធ្វើនៅលើតែផ្នែកខាងក្រៅនោះទេ ប៉ុន្តែផ្នែកខាងក្នុងក៏បានបំពាក់តាម Aventador រំលេចកៅអីស្បែកពណ៌ទឹកក្រូច តាប្លូ និងដៃចង្កូត។ កាន់តែស្រដៀងទៀតនោះគឺកន្លែង Center Console ហើយដៃចង្កូតមានឡូហ្គូរបស់ Lamborghini។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche ដាក់ដំណើរការប្រព័ន្ធលក់ឡានតាមអនឡាញនៅប្រទេសអឺរ៉ុបជាច្រើន

ក្រោយ​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សាក​ល្បង​នៅ​ប្រទេស​អាល្លឺម៉ង់​កាល​ពី​ឆ្នាំ​មុន​រួច​មក នា​ពេល​នេះ Porsche បាន​ដាក់​ដំណើរ​ការ​ប្រព័ន្ធ​លក់​រថយន្ត​បែប​ឌីជីថល​នៅ​ក្នុង​ប្រទេស​ចំនួន ៨​​ទៀត​នៅ​អឺរ៉ុប។

នេះ​មាន​ន័យ​ថា​អតិថិជន​នៅ​អេស្ប៉ាញ, ព័រទុយហ្គាល់, ស្វីស, អ៊ីតាលី, បារាំង, ប៉ូឡូញ, ស្លូវើនៀ និង​អេស្តូនី​ ​នា​ពេល​នេះ​អាច​ទិញ​រថយន្ត​ Porsche ថ្មី​ឬ​មួយ​ទឹក តាម​អនឡាញ​បាន​ដោយ​គ្រាន់​តែ​អង្គុយ​យ៉ាង​ស្រួល​លើ​សាឡុង លើ​គ្រែ​គេង ឬ​នៅ​ការិយាល័យ។ ចក្រភព​អង់គ្លេស​អាច​នឹង​ជា​ប្រទេស​បន្ទាប់​ដែល​នឹង​ដាក់​ដំណើរ​ការ​សេវា​នេះ។

ដោយ​អាស្រ័យ​លើ​ទីផ្សារ ការ​លក់​រថយន្ត​អាច​នឹង​ធ្វើ​ឡើង​តាម​អនឡាញ​ឲ្យ​បាន​ច្រើន​ដង​តាម​ដែល​អាច​ទៅ​រួច ដោយ​អតិថិជន​អាច​​ឲ្យ​​មាន​ការ​ដឹក​ជញ្ជូន​រថយន្ត​ទៅ​ដល់​ផ្ទះ​របស់​ពួក​គេ​ផ្ទាល់ មិន​ចាំ​បាច់​ទៅ​ដល់​ហាង​លក់​ឡើយ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Ferrari ពាសដែក តម្លៃខ្ទង់ ៦០ម៉ឺនដុល្លារ

ក្រុមហ៊ុន​មួយ​ឈ្មោះ​ថា AddAmor បាន​បង្ហាញ​នូវ​រថយន្ត​ Ferrari 458 Speciale ​ដ៏​ពិសេស​មួយ​ ដែល​មាន​ការ​ពាស​ដែក​ផ្នែក​ខាង​ក្រៅ មើល​ទៅ​ប្រៀប​ដូច​ជា​រថយន្ត​ធម្មតា​អ៊ីចឹង។

AddAmor បាន​បំពាក់​នូវ​ប្រព័ន្ធ​ការពារ​កម្រិត B4 លើ​រថយន្ត​​អ៊ីតាលី​មហា​កម្លាំង ដែល​វា​អាច​ធន់​នឹង​គាប់​កាំភ្លើង​ខ្លី រួម​ទាំង​គ្រាប់​កាំភ្លើង .44 Magnum ផង​ដែរ។ ​​ការ​ពាស​ដែក​ការពារ​លើ​រថយន្ត​នេះ​ដែរ បាន​បន្ថែម​ទម្ងន់​ត្រឹម ៧០​គីឡូក្រាម​ប៉ុណ្ណោះ​លើ​រថយន្ត​ ដោយ​សារ​គេ​បាន​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ពិសេស​ដែល​មាន​ភាព​រឹងមាំ​ជាង​ដែក​ធម្មតា​​១០​ដង ប៉ុន្តែ​ស្រាល​ជាង ៦០​%។

បន្ថែម​ពី​នេះ​គេ​បាន​ជ្រើស​រើស​ប្រើ​ប្រាស់​វត្ថុ​ធាតុ​ស្រាលៗ​ជា​ច្រើន​ទៀត​លើ​រថយន្ត​ ​ជា​មួយ​ការ​បំពាក់​នូវ Option ប្រភេទ​សរសៃ​កាបូន​គ្រប់​ប្រភេទ​ដែល Ferrari មាន​ផ្ដល់​ជូន​សម្រាប់​រថយន្ត 458 Speciale និង​ប្រើ​បំពង់ស៊ីមាំង​ Capristo ដែល​មាន​ទម្ងន់​ស្រាល​ផង​ដែរ។ នេះ​មាន​ន័យ​ថា​ទម្ងន់​រថយន្ត​ក្រោយ​ពាស​ដែក​រួច​គឺ​ធ្ងន់​ជាង​ធម្មតា ៣០​គីឡូក្រាម ហើយ​តាម​រយៈ​ប្រព័ន្ធ​បំពង់ស៊ីមាំង​ដែល​ជួយ​បន្ថែម​កម្លាំង ៤០​សេះ​ទៀត មាន​ន័យ​ថា​ការ​ឡើង​ទម្ងន់​នេះ​ពិបាក​នឹង​មើល​ដឹង​ណាស់។

ក្រុមហ៊ុន AddAmor មិន​បាន​បញ្ជាក់​ថា​បាន​ចំណាយ​ទឹក​ប្រាក់​អស់​ប៉ុន្មាន​សម្រាប់​ការ​កែច្នៃ​រថយន្ត​ 458 Speciale នេះ​ដែរ​ ប៉ុន្តែ​បាន​និយាយ​ថា​វា​មាន​តម្លៃ​ប្រមាណ ៦២៥ ០០០​ដុល្លារ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Ram 1500 TRX ចូលរោងចក្រផលិតហើយ ខណៈគ្រឿងទី១ ទោះមានលុយ ក៏មិនប្រាកដទិញបាន

Ram 1500 TRX គឺជារថយន្តភីកអាប់ដ៏ខ្លាំងក្លាបំផុតមួយ ហើយឥឡូវនេះវាបានចូលខ្សែសង្វាក់ផលិតកម្មជាផ្លូវការហើយ ខណៈគ្រឿងទី១ នៃរថយន្តនេះបានចេញពីរោងចក្រ នៅក្នុងរដ្ឋ Michigan បាត់ទៅហើយ។

រថយន្ត Ram 1500 TRX គ្រឿងទី១ ដែលជាប្រភេទ Launch Edition នោះ នឹងត្រូវយកទៅដាក់លក់ដេញថ្លៃ សម្រាប់ជួយដល់មូនិធិនៅពេលអនាគត។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមិនបានបង្ហាញប្រាប់ពីព័ត៌មានលម្អិតបន្ថែមទៀតឡើយ។

គួរឲ្យដឹងថា Ram 1500 TRX Launch Edition មានតម្លៃ ៩២ ០១០ដុល្លារ ដោយមានតួខ្លួនពណ៌ប្រផេះ Anvil Gray ហើយបំពាក់យ៉ាន់ ១៨អ៊ីញ, សម្បកកង់ ៣៥អ៊ីញ, ដំបូល Panoramic Sunroof និង ប្រព័ន្ធសំឡេង Harman Kardon ១៩គ្រាប់ ជាដើម។

មិនខុសពីម៉ូដែលធម្មតា Launch Edition បំពាក់ម៉ាស៊ីន supercharged ចំណុះ ៦,២លីត្រ V8 មានកម្លាំង ៧០២សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៤,៥វិនាទី ហើយមានល្បឿនអតិបរមាដល់ ១៩០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Nissan Leaf ២០២១ ថ្លៃជាងមុនតែ ២០ដុល្លារ

ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្តអគ្គិសនី Leaf ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយក្នុងនោះបានកំណត់តម្លៃរបស់វាចាប់ពី ៣១ ៦២០ដុល្លារ ដែលមានន័យថា វាថ្លៃជាងស៊េរីឆ្នាំ២០២០ ត្រឹមតែ ២០ដុល្លារប៉ុណ្ណោះ។

ទោះបីជាយ៉ាងណាក៏ដោយ មិនមានការផ្លាស់ប្តូរធំដុំសម្រាប់រថយន្តអគ្គិសនីមួយនេះឡើយ។ ប៉ុន្តែវាបានបន្ថែមពណ៌ថ្មី ព្រមទាំងបច្ចេកវិទ្យាថ្មី សម្រាប់ស៊េរីឆ្នាំ២០២១ ផងដែរ។ ឥឡូវនេះ មុខងារ Apple CarPlay និង Android Auto ក៏ដូចជា Nissan App ត្រូវបានបំពាក់មកស្តង់ដារតែម្តង។

Nissan Leaf ឆ្នាំ២០២១ ផ្តល់ជម្រើសថាមពលចំនួន ២ គឺ ៤០គីឡូវ៉ាត់ម៉ោង និង ៦២គីឡូវ៉ាត់ម៉ោង ដោយពួកវាអាចសាកដល់ ៨០% ក្នុងរយៈពេល ៤៥នាទីប៉ុណ្ណោះ។ កញ្ចប់អាគុយតូច អាចឲ្យវាបើកបរបានចម្ងាយ ១៥០ម៉ាយ៍ ឬ ២៤០គីឡូម៉ែត្រ ខណៈកញ្ចប់អាគុយធំ អាចបាន ២២៦ម៉ាយ៍ ឬ ៣៦០គីឡូម៉ែត្រ។

ជាមួយគ្នានេះ ប្រភេទ ៤០គីឡូវ៉ាត់ម៉ោង នឹងបំពាក់ម៉ូទ័រអគ្គិសនីមួយ ដែលផ្តល់កម្លាំង ១៤៧សេះ ខណៈ ៦២គីឡូវ៉ាត់ម៉ោង បំពាក់ម៉ូទ័រអគ្គិសនីមួយ ដែលផ្តល់កម្លាំង ២១៤សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+