ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរាងឡាន SUV ប្រើឆ្អឹងឡានភីកអាប់ ដែលផលិតត្រឹម១០គ្រឿងប៉ុណ្ណោះក្នុងលោក

ក្រុមហ៊ុន Aznom បាន​បង្ហាញ​រូបភាព​ជា​ច្រើន​សន្លឹក​ ដែល​បង្ហាញ​ច្បាស់​ពី​រូបរាង​របស់​រថយន្ត​ម៉ូដែល Palladium ដែល​វា​គឺ​ជា​រថយន្ត​ដ៏​ប្លែក​ពី​គេ​មួយ ​ក្នុង​ចំណោម​រថយន្ត​ដែល​បាន​ចេញ​លក់​ក្នុង​ឆ្នាំ​នេះ។

រថយន្ត​ Palladium គឺ​ជា​ការ​រួម​បញ្ចូល​គ្នា​រវាង​រថយន្ត​ភីកអាប់​ផង រថយន្ត​ SUV ផង និង​រថយន្ត​ Sedan ផង​។ វា​​ផលិត​ឡើង​ដោយ​ផ្អែក​លើ​រថយន្ត​ភីកអាប់ Ram 1500 និង​មាន​បំពាក់​ដោយ​ម៉ាស៊ីន ៥,៧លីត្រ ៨ស៊ីឡាំង ដែល​ភ្ជាប់​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​៨​វគ្គ និង​ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ។ វា​អាច​ផលិត​កម្លាំង​បាន ៧០០សេះ ​អាច​ស្ទុះ​ពី ០-១០០គ.ម/ម៉ ដោយ​ប្រើ​ពេល​តែ ៤,៥វិនាទី និង​មាន​ល្បឿន​អតិបរមា ២១០​គ.ម/ម៉។

រថយន្ត​ Palldium នេះ​នឹង​មាន​ផលិត​ត្រឹម ១០​គ្រឿង​ប៉ុណ្ណោះ​ក្នុង​លោក ដោយ​តម្លៃ​លក់​នឹង​ត្រូវ​ប្រកាស​ចេញ​នា​ពេល​ក្រោយ។ ក្រុមហ៊ុន Aznom រំពឹង​ថា​រថយន្ត​នេះ​នឹង​អាច​ទាក់ទាញ​ចំណាប់​អារម្មណ៍​អតិថិជន​មក​ពី​តំបន់​មជ្ឈិមបូព៌ា, រុស្ស៊ី, ចិន និង​សហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែង Land Cruiser មកពីត្រកូល Nissan ចេញឆ្នាំ២០២១ ជាផ្លូវការ

រថយន្ត Nissan Armada ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ ដោយទទួលបានការអាប់ដេតរូបរាងកាន់តែហំ, បច្ចេកវិទ្យាទំនើបជាងមុន ព្រមទាំងអាប់ដេតកាប៊ីនខាងក្នុងផងដែរ។ វានឹងចេញលក់នៅសហរដ្ឋអាមេរិក នៅខែមករា ឆ្នាំ២០២១ ខាងមុខ។

Armada ឆ្នាំ២០២១ គឺជារថយន្ត Nissan ដំបូងបង្អស់ ដែលមានបំពាក់ឡូហ្គូថ្មី ព្រមទាំងប៉ាណាមុខថ្មី, គម្របដំបូលថ្មី, កាងមុខក្រោយថ្មី បូករួមទាំងចង្កៀងមុខក្រោយ LED ថ្មីផងដែរ។

Nissan ផ្តល់ជម្រើស Armada ដល់ទៅ ៣ ម៉ូដែល គឺ SV, SL និង Platinum ព្រមទាំងជម្រើសប៉ុងមួយ 2WD និងប៉ុងពីរ 4WD ទៀតផង។ ម៉ូដែលថ្មីមួយទៀត គឺ Armada S នឹងចេញនៅពេលក្រោយ។

SUV ខ្នាតធំមានកៅអី ៣ជួរនេះ បំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ១២,៣អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Wi-Fi។ វាបំពាក់ម៉ាស៊ីនចំណុះ ៥,៦លីត្រ Endurance V8 មានកម្លាំង ៤០០សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ហើយអាចអូសសណ្តោងបានទម្ងន់ ៣ ៨៥៥គីឡូក្រាម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រៅពីរថយន្តពណ៌ស នៅមានពណ៌មួយនេះ ពេញនិយមខ្លាំងបំផុតលើលោក

ក្រុមហ៊ុនផលិតរថយន្ត តែងតែបង្កើតជម្រើសពណ៌ថ្មី និងប្លែកៗ សម្រាប់ឲ្យអតិថិជនរបស់ខ្លួនជ្រើសរើស។ បើទោះបីជាយ៉ាងនោះក្តី ពណ៌រថយន្តដែលគេពេញនិយមបំផុត នៅតែជាពណ៌ស។

យោងតាមប្រភពព័ត៌មានបានបង្ហាញថា រថយន្តពណ៌ស, ខ្មៅ, ទឹកប្រាក់ និងប្រផេះ មានសរុបចំនួន ៨១% នៅលើរថយន្តទាំងអស់។

បើតាមរបាយការណ៍ Global Automotive Color Popularity Report ប្រចាំឆ្នាំ លើកទី៦៨ របស់ Axalta បានបង្ហាញថា ពណ៌ស គឺពេញនិយមបំផុត សរុប ៣៨% នៅលើរថយន្តទាំងអស់។ បន្ទាប់មកទៀតគឺពណ៌ខ្មៅ (១៩%) និង ប្រផេះ (១៥%)។

ក្រៅពីនេះ ពណ៌ដែលគេពេញនិយមខ្លាំងផ្សេងទៀត មានដូចជា ទឹកប្រាក់ (៩%), ខៀវ (៧%), ក្រហម (៥%) និង ត្នោត (៣%)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi នឹងឡើងគ្រប់គ្រងលើម៉ាក Bentley ចាប់ពីដើមឆ្នាំ ២០២១

​​ផ្អែក​តាម​ផែនការ​​របស់ Volkswagen ដែល​មាន​ការ​​ឯកភាព​ពី​ក្រុមប្រឹក្សា​ជាន់​ខ្ពស់​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ បាន​ឲ្យ​ដឹង​ថា​ម៉ាក​រថយន្ត​ Bentley នឹង​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ម៉ាក Audi ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មីនា ឆ្នាំ ២០២១។

គួរ​ដឹង​ថា​ដំណឹង​នៃ​ការ​ប្ដូរ​ការ​គ្រប់គ្រង​ពី Volkswagen ទៅ​កាន់ Audi នេះ​គឺ​បាន​លេច​​ឮ​ឡើង​តាំង​ពី​ចុង​ខែ​តុលា​មក​ម្ល៉េះ ដែល​មាន​ការ​ចុះ​ផ្សាយ​ពី​វិបសាយ​រថយន្ត​ភាសា​អាល្លឺម៉ង់​ឈ្មោះ​ថា Automobilwoche។ ពេល​នោះ មាន​ការ​បញ្ជាក់​ថា​ Volkswagen ចង់​​ផ្ដល់​នូវ​ការ​ចាប់​ផ្ដើម​ថ្មី​មួយ​សម្រាប់ Bentley ក្រោម​ការ​មើល​ថែ​របស់ Audi។

ត្បិត​ថា​ Audi ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុមហ៊ុន Volkswagen Group ក៏​ពិត​មែន ប៉ុន្តែ​ក្រុមហ៊ុន Audi ​​ក៏​មាន​​កាន់​កាប់​ម៉ាក​ជា​ច្រើន​ទៀត​ដែល​មាន​ដូច​ជា Ducati, Italdesign Giugiaro និង​​ Lamborghini ផង​ដែរ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតដឹងជោគវាសនារបស់ Lamborghini និង Ducati ហើយ

កន្លង​មក​នេះ​ធ្លាប់​មាន​ការ​សង្ស័យ​ថា​ម៉ាក​រថយន្ត Lamborghini និង​ម៉ាក​ម៉ូតូ Ducati អាច​នឹង​ត្រូវ​ Volkswagen លក់​ចេញ​ទៅ​ឲ្យ​ក្រុមហ៊ុន​ផ្សេង។

ប៉ុន្តែ​ពេល​នេះ​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់ Volkswagen បាន​ឲ្យ​ដឹង​ម៉ាក​ទាំង​ពីរ​នឹង​នៅ​តែ​ជា​ផ្នែក​មួយ​របស់ Volkswagen ដូច​ដើម។ ក្រុមហ៊ុន​មិន​បាន​និយាយ​ច្រើន​អំពី​ការ​សម្រេច​ចិត្ត​នេះ​ទេ ប៉ុន្តែ​ក្នុង​សេចក្ដី​ប្រកាស​គឺ​មិន​មាន​និយាយ​អំពី​ម៉ាក Bugatti សោះ​ឡើយ។

ការ​មិន​ប្រកាស​អំពី Bugatti នាំ​ឲ្យ​កើត​មាន​ការ​ងឿង​ឆ្ងល់​ដោយ​សារ​ម៉ាក Bugatti ក៏​​បាន​ស្ថិត​ក្រោម​ការ​វាយ​តម្លៃ​របស់​ Volkswagens ផង​ដែរ ហើយ​​ធ្លាប់​មាន​ដំណឹង​ចចាមអារ៉ាម​ថា​ Bugatti អាច​នឹង​ត្រូវ​លក់​ឲ្យ​ក្រុមហ៊ុន​ Rimac ដែល​ជា​ផ្នែក​មួយ​នៃ​ការ​ដោះដូរ​ភាគហ៊ុន៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Jeep Wrangler ២០២១ ប្រភេទសាកភ្លើង ចាប់ផ្តើមចូលរោងចក្រផលិតហើយ

ក្រុមហ៊ុន FCA បានចាប់ផ្តើមការដំឡើងរថយន្ត Jeep Wrangler 4xe ប្រភេទសាកភ្លើងថ្មី នៅរោងចក្រ Toledo North របស់ខ្លួន ក្នុងរដ្ឋ Ohio សហរដ្ឋអាមេរិក ជាមួយនឹងរថយន្ត Wrangler ផ្សេងទៀតហើយ។

រថយន្ត SUV ប្រភេទ Plug-in Hybrid នេះ ត្រូវបានគេកំណត់ឲ្យចេញលក់ជាផ្លូវការ នៅដើមឆ្នាំ២០២១ នេះតែម្តង។

Wrangler 4xe ឆ្នាំ២០២១ ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged និង ម៉ូទ័រអគ្គិសនី២ ដែលបង្កើតកម្លាំងបានសរុប ៣៧៥សេះ។ វាក៏មានបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ១៧គីឡូវ៉ាត់ម៉ោង ដែលផ្តល់ឲ្យវានូវចម្ងាយបើកបរដោយថាមពលអគ្គិសនីសុទ្ធ ៤០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។

Jeep នឹងមានលក់ Wrangler ប្រភេទសាកភ្លើងនេះចំនួន ៣ ម៉ូដែលសម្រាប់ទីផ្សារសហរដ្ឋអាមេរិក គឺ 4xe, Sahara 4xe និង Rubicon 4xe ជាមួយនឹងជម្រើសពណ៌ចំនួន១០។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរថយន្តអាមេរិកមួយនេះ មិនទាន់បានប្រកាសតម្លៃរបស់វានៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Subaru សាកភ្លើងម្តងជិះបាន ៦០០គីឡូម៉ែត្រ នឹងបង្ហាញខ្លួន

កាលពីខែមករាកន្លងទៅនេះ ក្រុមហ៊ុន Subaru បានដាក់បង្ហាញគំរូរថយន្តអគ្គិសនីរបស់ខ្លួន ហើយឥឡូវនេះវាបានបញ្ជាក់ថា នឹងចេញលក់សម្រាប់ទីផ្សារអឺរ៉ុប។

ខណៈពេលដែលព័ត៌មានពាក់ព័ន្ធនឹងរថយន្តអគ្គិសនីនេះនៅមានកម្រិតនៅឡើយ ក្រុមហ៊ុន Subaru បានអះអាងថា វានឹងមានតួខ្លួនជាប្រភេទ SUV ខ្នាតមធ្យម ដែលមានទំហំស្រដៀងទៅនឹងម៉ូដែល Forester។ ក្រុមហ៊ុនរថយន្តជប៉ុននេះក៏បានបញ្ជាក់ទៀតថា វានឹងត្រូវផលិតឡើងដោយប្រើគ្រោងឆ្អឹង ដែលប្រើរួមគ្នាជាមួយ Toyota គឺ e-TNGA។ គ្រោងឆ្អឹងនេះនឹងអនុញ្ញាតឲ្យវា អាចដើរតួជារថយន្តប្រើប៉ុងមួយ និងប៉ុងពីរ។

គួរឲ្យដឹងថា SUVអគ្គិសនីរបស់ Subaru ទំនងជាត្រូវហៅឈ្មោះថា Evoltis។ ទោះជាយ៉ាងណាក៏ដោយ វាមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយទេ។

យ៉ាងណាមិញ រថយន្ត Subaru Evoltis អាចនឹងបង្ហាញខ្លួននាឆ្នាំក្រោយ នៅក្នុងកម្មវិធី Tokyo Motor Show ហើយអាចមានចម្ងាយបើកបរដល់ ៦០០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Elon Musk ថា ឆ្នាំក្រោយម្ចាស់ឡាន Tesla អាចរកលុយបាន ៣ម៉ឺនដុល្លារ/ឆ្នាំ ពេលចេញមុខងារថ្មីនេះ

ថ្មីៗនេះ CEO ក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា ម្ចាស់រថយន្ត Tesla អាចរកលុយបានរហូតដល់ទៅខ្ទង់ ៣ម៉ឺនដុល្លារក្នុងមួយឆ្នាំ នៅពេលដែលក្រុមហ៊ុនរបស់ខ្លួន ចេញមុខងារមួយហៅថា Robotaxi។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហាញនូវផែនការមួយ ដើម្បីយករថយន្ត Tesla ធ្វើជារថយន្តតាក់ស៊ី Robotaxi វិញ។ វានឹងអនុញ្ញាតឲ្យម្ចាស់រថយន្ត Tesla ដែលមានបំពាក់មុខងារបើកបរស្វ័យប្រវត្តិ ជួលរថយន្តរបស់ពួកគេ ខណៈពេលដែលម្ចាស់រថយន្តប្រើកម្មវិធីដើម្បីពិនិត្យ។

ជាមួយគ្នានេះដែរ លោក Musk ប៉ាន់ស្មានថា Robotaxi មួយគ្រឿង អាចរកចំណូលឲ្យម្ចាស់របស់វា រហូតដល់ទៅ ៣០ ០០០ ដុល្លារឯណោះក្នុងមួយឆ្នាំ។ លោកបានបន្ថែមថា កម្មវិធីនេះអាចត្រូវបានអនុវត្តនៅដើមឆ្នាំក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អាគុយស្ងួតរបស់ Toyota នឹងបង្ហាញមុខលឿនជាងការរំពឹងទុក

អាគុយ​ប្រភេទ​លីចូម​ត្រូវ​បាន​និយម​ប្រើ​ប្រាស់​លើ​រថយន្ត​អគ្គសនី​សម័យ​ថ្មី​ដូច​ជា​រថយន្ត Tesla Model 3 ជា​ដើម។ ត្បិត​ថា​វា​អាច​ផ្ដល់​នូវ​ការ​បើកបរ​ចម្ងាយ​ឆ្ងាយ និង​ល្បឿន​សាក​បញ្ចូល​ដែល​អាច​ទទួល​យក​បាន ប៉ុន្តែ​នៅ​ខ្លាំង​មិន​ដល់​អាគុយ​ស្ងួត (Solid-State Battery) នោះ​ទេ។

កាល​ពី​ដើម​ឆ្នាំ​មាន​ការ​រាយការណ៍​ថា Toyota បាន​ធ្វើ​ការ​សាក​ល្បង​អាគុយ​ស្ងួត​ជា​មួយ​រថយន្ត Concept របស់​ខ្លួន ហើយ​ការ​ផលិត​រថយន្ត​ប្រើ​អាគុយ​ស្ងួត​ក្នុង​ចំនួន​តិច​តួច​អាច​នឹង​ចាប់​ផ្ដើម​នៅ​អំឡុង​ឆ្នាំ ២០២៥។

យ៉ាងណាក្ដី​​គេ​ប្រហែល​ជា​មិន​ត្រូវ​រង់ចាំ​យូរ​នោះ​ទេ​ដើម្បី​ដឹង​អំពី​សមត្ថភាព​របស់​អាគុយ​ស្ងួត ដោយ​សារ Toyota ​គ្រោង​នឹង​បង្ហាញ​ចេញ​រថយន្ត​គំរូ​ដែល​ប្រើ​អាគុយ​ប្រភេទ​នេះ​នៅ​ឆ្នាំ ២០២១។ តាម​ការ​ចុះ​ផ្សាយ​របស់ Nikkei Asia បាន​ឲ្យ​ដឹង​ថា​ Toyota មាន​មហិច្ឆតា​ចង់​ក្លាយ​ជា​ក្រុមហ៊ុន​រថយន្ត​ដំបូង​ដែល​ចេញ​លក់​រថយន្ត​ប្រើ​អាគុយ​ស្ងួត​នៅ​ដើម​​ទសវត្ស​ឆ្នាំ ២០២០។

បើ​តាម​ដំណឹង​នា​ពេល​កន្លង​មក ការ​សាក​​ភ្លើង​រថយន្ត​អគ្គិសនី​ដែល​ប្រើ​អាគុយ​ស្ងួត​អាច​ប្រើ​ពេល​ខ្លី​ត្រឹម ១០​នាទី ខណៈ​ដែល​រយៈ​ចម្ងាយ​ដែល​វា​ផ្ដល់​ជូន​បាន​គឺ​លើស​​រថយន្ត​អគ្គិសនី​ដែល​ប្រើ​អាគុយ​លីចូម​ដល់​ទៅ​ពីរ​ដង៕​

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti ហៅឡាន ៧៩គ្រឿងចូលរោងចក្រវិញ ព្រោះបញ្ហាមួយនេះ

រថយន្ត Bugatti ជាច្រើនគ្រឿងត្រូវបានហៅវិលចូលរោងចក្រវិញ នៅឯអាមេរិកខាងជើង ដោយសារតែបញ្ហា Software ដែលអាចធ្វើឲ្យប៉ះពាល់ដល់មុខងារទប់លំនឹង Electronic Stability Control (ESC) របស់វា។

នៅក្នុងការសង្ខេបការហៅចូលវិញនេះ រដ្ឋបាល National Highway Traffic Safety Administration បានកត់សម្គាល់ថា “បន្ទាប់ពីបញ្ឆេះរួចហើយ មុខងារ ESC មិនបានត្រលប់ទៅ បើកដំណើរការពេញលេញដោយស្វ័យប្រវត្តិ វិញនោះទេ ប្រសិនបើអ្នកបើកបរបានជ្រើសរើស Handling Mode នៅលើកុងតាក់ Drive Mode”។

ជាលទ្ធផល រថយន្ត Chiron, Chiron Sport និង Divo មិនបានគោរពតាមស្តង់ដារ Federal Motor Vehicle Safety Standard #126 of ‘Electronic Stability Control Systems’ ឡើយ។ គ្រប់ម៉ូដែលទាំង ៣ ដែលផលិតកាលពីប៉ុន្មានខែចុងក្រោយ ទទួលបានការអាប់ដេត Software ស្របពេលដែលក្រុមហ៊ុនរថយន្តបារាំងនេះ បានរកឃើញពីបញ្ហានៅដើមឆ្នាំកន្លងទៅ។

ទោះជាយ៉ាងណា រថយន្តចំនួន ៧៩គ្រឿង មានភាគរយជួបបញ្ហាដល់ទៅ ១០០% ឯណោះ ដែលត្រូវការការជួសជុល។ ក្នុងនោះ រថយន្ត Chiron ផលិតចាប់ពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ដល់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០, រថយន្ត Chiron Sport ផលិតចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ដល់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ និង រថយន្ត Divo ផលិតចាប់ពីថ្ងៃទី២៤ ខែកក្កដា ដល់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+