ផ្ទាំងផ្សាយពាណិជ្ជកម្ម

អេម! NISMO ចេញសេវាកម្មស្តារឡាន Nissan Skyline ចាស់ៗឲ្យថ្មីដូចដើម តែតម្លៃញាក់សាច់

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តម្លៃនៃរថយន្ត Nissan Skyline មួយចំនួនបានឡើងថ្លៃកប់ពពក។ ឥឡូវនេះក្រុមហ៊ុន NISMO ដែលជាផ្នែកមួយរបស់ Nissan បានចេញសេវាកម្មស្តាររថយន្តឲ្យថ្មីដូចដើមវិញផងដែរ។

ទោះជាយ៉ាងណាក៏ដោយ សេវាកម្មដ៏អស្ចារ្យសម្រាប់អ្នកគាំទ្ររថយន្ត Nissan នេះ មានតម្លៃថ្លៃខ្លាំង ដែលល្មមអាចធ្វើឲ្យអ្នកគិតឡើងវិញតែម្តង។

ដំណើរការក្នុងការស្តារនេះគឺត្រូវដោះគ្រឿងរថយន្តចេញទាំងអស់តែម្តង។ បន្ទាប់មក Nismo នឹងបាញ់ថ្នាំពណ៌ស ហើយប្រើបច្ចេកវិទ្យា 3D ដើម្បីវាស់ និងស្វែងរកកន្លែងដែលមិនស្មើ ឬខូចខាតណាមួយនៅលើសាក់ស៊ី។ ប្រសិនបើមាន ពួកគេនឹងធ្វើការជួសជុល។ បន្ទាប់មកទៀត ពួកគេនឹងប្រើម៉ាស៊ីនដើម្បីធ្វើតេស្តភាពរឹងមាំនៃតួរថយន្ត មុនពេលបំពាក់បន្ទះការពាររំញ័រ និងកាត់បន្ថយសំឡេង។ តួខ្លួនរថយន្តក្រោយមកនឹងត្រូវចូលដល់កន្លែងបាញ់ថ្នាំ ដោយម្ចាស់រថយន្តអាចរក្សាពណ៌ដើមរបស់វា ឬជ្រើសរើសពណ៌ថ្មីបាន។

ទន្ទឹមគ្នានេះដែរ ម៉ាស៊ីនដើម RB26DETT របស់ Skyline នឹងត្រូវរើចេញទាំងអស់ ហើយផ្គុំឡើងវិញ ដោយជួសជុល ឬប្រើគ្រឿងថ្មី។ វានឹងឆ្លងកាត់ធ្វើតេស្តដ៏ត្រឹមត្រូវ មុនពេលទទួលបានការយល់ព្រមឲ្យប្រើប្រាស់វិញ។

កន្លែងសំខាន់ៗទៀតដូចជា ប្រព័ន្ធជើងក្រោម និងហ្វ្រាំង ក៏ត្រូវរើ និងផ្គុំឡើងវិញដែរ។ បន្ថែមពីនេះ ខ្សែភ្លើងទាំងអស់នឹងត្រូវគេពិនិត្យឡើងវិញ ហើយជួសជុលបើចាំបាច់។

ចំណែកឯផ្នែកខាងក្នុងវិញមាន ២ ជម្រើស។ ដោយសារតែ Nissan មិនអាចប្រើវត្ថុធាតុដើមដូចរបស់ Skyline ស៊េរីចាស់បនា ដូច្នេះអតិថិជនអាចជ្រើសរើសវត្ថុធាតុដើមដូចទៅនឹងម៉ូដែល GT-R បច្ចុប្បន្ន ឬឲ្យ Nismo សម្អាត និងស្តារកាប៊ីនដើមនោះតែម្តង។

បើតាមក្រុមហ៊ុន Nismo បានបង្ហាញថា តម្លៃស្តង់ដារក្នុងការស្តាររថយន្តទាំងមូលនេះ គឺ ៤៥លានយ៉េន ឬប្រហែល ៤៣៣ ០០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Ford ប្រាប់កម្រិតស៊ីសាំងឡាន F-150 ប្រភេទ Hybrid

រថយន្ត​ភីកអាប់ F-150 ស៊េរី​ថ្មី​ចាប់​ផ្ដើម​បញ្ចេញ​លក់​លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ជា​បណ្ដើរៗ​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ។ ពេល​នេះ​ដែរ Ford បាន​បង្ហាញ​កម្រិត​ស៊ី​សាំង​ផ្លូវ​ការ​សម្រាប់​រថយន្ត​ស៊េរី​ថ្មី​របស់​ខ្លួន ហើយ​ប្រភេទ​ដែល​គេ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​ប្រភេទ Hybrid ដែល​ទើប​មាន​ជា​លើក​ដំបូង​លើ​រថយន្ត​ភីកអាប់​នេះ។

ចំពោះ​ប្រភេទ​ម៉ាស៊ីន Hybrid ដែល​ប្រើ​ម៉ាស៊ីន​សាំង​ចំណុះ ៣,៥លីត្រ PowerBoost ៦ស៊ីឡាំង ផលិត​កម្លាំង​បាន​ ៤៣០សេះ វា​អាច​បើកបរ​បាន​ចម្ងាយ​ប្រមាណ ១២០៧​គីឡូម៉ែត្រ ពេល​ចាក់​សាំង​ពេញ និង​សម្រាប់​ប្រភេទ​ប្រើ​ប្រព័ន្ធ​បើកបរ​​ប៉ុង​មួយ។ ប្រភេទ​មួយ​នេះ​​មាន​កម្រិត​ស៊ី​ប្រេង​ ៩,៤លីត្រ​សម្រាប់​បើក​ក្នុង​ទីក្រុង​ និង​ ៩,១លីត្រ​សម្រាប់​ការ​បើក​ផ្លូវ​លាត និង ៩,៤លីត្រ​​គិត​ជា​មធ្យម។

ដោយ​ឡែក​​ប្រភេទ Hybrid ដែល​ប្រើ​ប្រាស់​ប្រព័ន្ធ​បើកបរ​ប៉ុង​ពីរ​វិញ​អាច​ជិះ​បាន​ចម្ងាយ ១១២៧​គីឡូម៉ែត្រ​ពេល​ចាក់​សាំង​ពេញ និង​មាន​កម្រិត​ស៊ី​សាំង​គិត​ជា​មធ្យម ៩,៨លីត្រ ក្នុង​ចម្ងាយ ១០០​គីឡូម៉ែត្រ។

ខាង​ក្រោម​ជា​កម្រិត​ស៊ី​សាំង​របស់​ F-150 ដែល​ប្រើ​ប្រភេទ​ម៉ាស៊ីន​ផ្សេង​ទៀត (លេខកាន់តែខ្ពស់កាន់តែល្អ) ៖​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford ចាប់ផ្ដើមបញ្ចេញលក់ឡាន Ford F-150 ស៊េរីថ្មី នៅតែទទួលបានការគាំទ្រខ្លាំង

Ford បាន​បញ្ជាក់​ថា​រថយន្ត​ F-150 ស៊េរី​ឆ្នាំ ២០២១ បាន​ចាប់​ផ្ដើម​ដឹក​ជញ្ជូន​ទៅ​កាន់​ហាង​លក់​នៅ​ទូទាំង​សហរដ្ឋអាមេរិក​ចាប់​ពី​សប្ដាហ៍​នេះ ​ហើយ​គេ​កត់​សម្គាល់​ឃើញ​ថា​ចំនួន​​អតិថិជន​ទន្ទឹង​រង់​ចាំ​រថយន្ត​ភីកអាប់​នេះ​នៅ​តែ​មាន​ច្រើន​ និង​ច្រើន​លើស​មុន​ទៀត​ផង។

អនុ​ប្រធាន​ Ford ប្រចាំ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ ​ការ​លក់​ចេញ​ជូន​អតិថិជន​ដែល​បាន​កក់​​គឺ​មាន​ការ​កើន​ឡើង​ជាង ២១០% បើ​ធៀប​នឹង​ខែ​វិច្ឆិកា​ឆ្នាំ ២០១៩ ​ហើយ​ចំនួន​​កុម្ម៉ង់​ទុក​ក្នុង​ស្តុក​ពី​សំណាក់​ឈ្មួញ​ចែក​ចាយ​រថយន្ត​​គឺ​មាន​ច្រើន​លើស​ចំនួន​​ដែល​ Ford គ្រោង​ផលិត​រហូត​ដល់ ២​ដង​ផង​ដែរ។

ដំណឹង​នេះ​ហាក់​មិន​មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ប៉ុន្មាន​ឡើយ​ ដោយ​សារ​ភីកអាប់ F-Series បាន​ក្លាយ​ជា​រថយន្ត​ភីកអាប់​លក់​ដាច់​ជាង​គេ​នៅ​អាមេរិក​រយៈពេល ៤៣​ឆ្នាំ​មក​ហើយ ហើយ​វា​ក៏​ជា​រថយន្ត​ (​រាប់​បញ្ចូល​ជា​មួយ​ប្រភេទ​រថយន្ត​ផ្សេង​ទៀត) លក់​ដាច់​ជាង​គេ​នៅ​អាមេរិក​រយៈពេល ៣៨​ឆ្នាំ​ផង​ដែរ។

តម្លៃ​របស់ Ford F-150 ស៊េរី​ឆ្នាំ ២០២១ នៅ​សហរដ្ឋអាមេរិក​គឺ​មាន​ចាប់​ផ្ដើម​ពី ២៨ ៩៤០​ដុល្លារ​ឡើង​ទៅ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Range Rover បុរាណប្រែខ្លួនជាឡានអគ្គិសនី លក់តម្លៃដល់ជាង៣០ម៉ឺនដុល្លារ

ក្រុមហ៊ុន​ Lunaz ដែល​មាន​មូលដ្ឋាន​នៅ​ចក្រភព​អង់គ្លេស​បាន​​សម្រេច​រួច​រាល់​លើ​ការ​កែ​ច្នៃ​រថយន្ត​ Range Rover Classic ទៅ​ជា​រថយន្ត​ដែល​ដើរ​ដោយ​ថាមពល​អគ្គិសនី។

រថយន្ត​ Range Rover Classic ​ត្រូវ​បាន​ផលិត​ចាប់​ពី​​ឆ្នាំ ១៩៦៩ ​ដល់​​ទសវត្ស​ឆ្នាំ ១៩៩៦ ដែល​ជា​រថយន្ត​​ SUV ជំនាន់​ដំបូង​​គេ​បំផុត​ដែល​ប្រើ​ប្រាស់​ត្រកូល Range Rover។ ប្រសិន​បើ​តាម​គម្រោង​ការ​ នៅ​ពេល​ដែល​ចេញ​លក់​លើ​ទីផ្សារ រថយន្ត​ Range Rover Classic មួយ​គ្រឿងៗ​នឹង​លក់​ក្នុង​តម្លៃ​ប្រមាណ ៣២៤ ០០០​ដុល្លារ។

គួរ​ដឹង​ថា​ក្រុមហ៊ុន Lunaz ធ្លាប់​បាន​កែច្នៃ​រថយន្ត​បុរាណ​ជា​ច្រើន​ម៉ូដែល​មក​ហើយ ​មាន​ទាំង​ម៉ាក Jaguar, ម៉ាក Bentley និង​ម៉ាក Rolls-Royce ផង​ដែរ។ ក្រុមហ៊ុន​និយាយ​ថា​តម្រូវ​ការ​លើ​រថយន្ត​បុរាណ​ដែល​ប្រើ​ប្រាស់​ម៉ូទ័រ​អគ្គិសនី​គឺ​មាន​ខ្ពស់​ពី​សំណាក់​អតិថិជន។

រថយន្ត​ Range Rover Classic ប្រភេទ​អគ្គិសនី​នឹង​មាន​ជា​ពីរ​ប្រភេទ​ឲ្យ​អតិថិជន​ជ្រើស​រើស​គឺ​មាន​ប្រភេទ Town និង​ប្រភេទ Country។ ប្រភេទ Town ​ផលិត​ឡើង​ដោយ​ផ្អែក​លើ​ផាសុកភាព​របស់​អ្នក​ដំណើរ​ខាង​ក្រោយ ខណៈ​ប្រភេទ Country នឹង​ជា​ប្រភេទ​សម្រាប់​តម្រូវ​តាម​ចំណូល​ចិត្ត​អ្នក​និយម​ Off-Road៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Maserati ពង្រីកវត្តមានរបស់ខ្លួននៅទូទាំងពិភពលោក៖ ប្រទេសកម្ពុជា គឺជាទីផ្សារលូតលាស់ថ្មីមួយក្នុងតំបន់អាស៊ីអាគ្នេយ៍

ទីក្រុងម៉ូដេណា ថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2020 – Maserati ប្រកាសអំពីការបើកសម្ភោធទីផ្សារថ្មី​នៅអាស៊ី​ប៉ាស៊ីហ្វិចក្នុងខណៈដែលម៉ាករបស់ខ្លួនបានចូលក្នុងប្រទេសកម្ពុជា និងបង្ហាញអំពីគោលដៅ​របស់​ខ្លួន​ក្នុងការក្លាយជាតួអង្គមួយពិតៗក្នុងវិស័យរថយន្ដទូទាំងពិភពលោក។

ក្នុងប្រទេសកម្ពុជា Maserati ត្រូវបានតំណាងដោយ HGB Group ដែលជាប្រតិបតិ្តករវិស័យរថយន្ដ​ដ៏​រឹងមាំមួយដែលមានវត្តមានក្នុងទីផ្សារតាំងពីឆ្នាំ 2010។ HGB Group នឹងធ្វើការលក់ចែកចាយប្រភេទរថយន្ដ Maserati ដ៏ទំនើបទាំងអស់ដែលបាន​ឌីហ្សាញ និងផលិតដោយអ៊ីតាលី ដើម្បីបំពេញតម្រូវការ​អតិថិជន​ឲ្យ​បាន 360°។

សាលតាំងបង្ហាញរបស់ HGB Group ស្ថិតនៅក្នុងតំបន់ដ៏ស្រស់ស្អាត និងលេចធ្លោបំផុតក្នុង​រាជធានី​​ភ្នំពេញនៃប្រទេសកម្ពុជា និងបានត្រៀមរួចរាល់សម្រាប់ស្វាគមន៍អតិថិជន Maserati នៅ​ក្នុង​បរិស្ថាន​មួយ​ប្រកប​ដោយភាពផ្តាច់មុខ ស្រស់ស្រាយ និងប្រណិតភាព។ ការបើកសម្ភោធ​សាលតាំងបង្ហាញនេះត្រូវបាន​ប្រកាស​ដោយ​ឧកញ៉ា ង៉ូវ លាងហួត ប្រធានក្រមហ៊ុន HGB Group តាមរយៈការផ្សាយបន្តផ្ទាល់​ដល់​អ្នក​ទស្សនា​នៅ​ទូទាំងពិភពលោក។ អគារទាំងមូលរួមមាន សាល​តាំងបង្ហាញដែលមានផ្ទៃក្រឡា 610 ម៉ែត្រការ៉េ សម្រាប់តាំងបង្ហាញខ្សែសង្វាក់ផលិតផល Maserati និងយានដ្ឋានដែលមានផ្ទៃក្រឡា 1,760 ម៉ែត្រការ៉េ បំពាក់ទៅដោយរោងជាងចំនួន 3។

Luca Delfino ប្រធាន Maserati APAC w/o China បានមានប្រសាសន៍ថា ‘’Maserati ត្រូវកសាង​វត្តមានរបស់ខ្លួនយ៉ាងសកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាឆ្នាំថ្មីៗនេះ។ យើងខ្ញុំមានដៃគូរួចហើយ​នៅ​ក្នុង​ប្រទេស​សិង្ហបុរី ប្រទេសម៉ាឡេស៊ី ប្រទេសថៃ ប្រទេសវៀតណាម និងប្រទេស​ឥណ្ឌូណេស៊ី។ ប្រទេស​កម្ពុជា គឺជាទីផ្សារប្រកបដោយសក្ដានុពលមួយសម្រាប់ Maserati រីក​ចម្រើន​លូតលាស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយយើងខ្ញុំមានសេចក្ដីសោមនស្ស​រីករាយជា​ខ្លាំង​​ដែលមាន HGB Group ជាដៃគូក្នុង​ការពង្រឹង​តួនាទី​របស់​យើង​ខ្ញុំក្នុងនាមជា​ម៉ាក​រថយន្ដ​ប្រណិត​មួយ។’’

“HGB Group មានមោទនភាព និងក្ដីរំភើបជាខ្លាំងក្នុងការចាប់ផ្ដើមម៉ាកជានិមិត្តរូប Maserati ក្នុង​ប្រទេស​កម្ពុជា។

Maserati ដែលចាប់បានកំណើតនៅលើផ្លូវប្រណាំង មានប្រវត្តិយ៉ាងល្បី​ល្បាញ​​រយៈ​​ពេល​​ជាង 100 ឆ្នាំ​មក​ហើយ​។ DNA ជារថយន្ដប្រណាំងដ៏អស្ចារ្យរបស់ខ្លួនគឺអាចមើលឃើញ​យ៉ាងច្បាស់នៅ​ក្នុង​ប្រវត្តិជោគជ័យ​របស់ Maserati ក្នុងការប្រណាំងនៅលើប្រភេទផ្លូវជាច្រើននៅទូទាំងពិភព​លោក ដោយមានចាប់ពី  Indianapolis 500 ដល់ Formula 1។

គ្រប់គ្នាដែលបើកបរ Maserati នឹងយល់បានភ្លាមៗអំពីថាមពល សមត្ថភាព និងប្រណិតភាពដែល​ជា​និមិ្មតរូប​នៃភាពឥតខ្ចោះរបស់អ៊ីតាលី។ យើងខ្ញុំនាំមកជូនប្រទេសកម្ពុជានូវប្រភេទ​រថយន្ត Maserati ប្រណិតដែលនឹងផ្ដល់នូវឧត្តមភាព និងភាពរីករាយដល់អតិថិជនរបស់យើងខ្ញុំ។ បានមានប្រសាសន៍ ឧកញ៉ា ង៉ូវ លាងហួត ប្រធានក្រុមហ៊ុន HGB Group ក្នុងប្រទេសកម្ពុជា “ក្ដីស្រឡាញ់ និង​ការ​ពេញ​ចិត្ត​របស់​យើង​ខ្ញុំ​ចំពោះ​ម៉ាក Maserati គឺច្បាស់លាស់ណាស់ ហើយ​យើង​ខ្ញុំ​ប្ដេជ្ញាធ្វើឲ្យ Maserati ក្លាយជាម៉ាករថយន្ដ​ប្រណិត​ដែល​ទទួលបានជោគជ័យ និងការពេញ​និយមបំផុតនៅក្នុងប្រទេសកម្ពុជា។”

ឧកញ៉ា ង៉ូវ លាងហួត ប្រធានក្រុមហ៊ុន HGB Group (រូបទី៣ រាប់ពីស្តាំទៅឆ្វេង)

ជាមួយនឹងប្រភេទពេញលេញរបស់ខ្លួន Maserati កំណត់នូវនិយមន័យថ្មីសម្រាប់រថយន្ដស្ព័រ​អ៊ីតាលី​​ទាក់ទិននឹងម៉ូតឌីហ្សាញ សមត្ថភាព ផាសុកភាព ភាពសង្ហារ និងសុវត្ថិភាព ហើយ​ពេលនេះ បន្ថែម​លើ​ទី​ផ្សា​រ​ជាង​ ៧០ នៅទូទាំងពិភពលោក វាក៏មានវត្តមាននៅក្នុងប្រទេស​កម្ពុជា​ផងដែរ។

ប្រទេសកម្ពុជាគឺជាទីផ្សារមួយប្រកបដោយសក្ដានុពលភាពខ្ពស់សម្រាប់ Maserati ក្នុងខណៈ​ដែល​ទីផ្សារ​រថយន្ដ​ប្រណិតត្រូវបានប៉ាន់ប្រមាណនឹងមានកំណើនក្នុងអត្រាកំណើនសមាស​ប្រចាំ​ឆ្នាំ (Compound Annual Growth Rate) 14% ពីឆ្នាំ 2017 ដល់ 2020។  ប្រទេសកម្ពុជាមានកំណើត GDP មធ្យមប្រចាំឆ្នាំ 7% នៅចន្លោះរវាង 2014 និង 2018 និងរហូតដល់ 6% យ៉ាងយូរនៅឆ្នាំ 2024។ ឧស្សាហកម្មច​ម្បង​ៗ​របស់​ខ្លួន (វិស័យកាត់ដេរ កសិកម្ម ទេសចរណ៍ និង​ល្បែក​កម្សាន្ដ និងអចលនទ្រព្យ) បានទាក់ទាញ​វិនិយោគ​ផ្ទាល់​ពីបរទេសក្នុងទឹកប្រាក់ចំនួន USD 2.2 ពាន់លាន ក្នុងឆ្នាំ 2016 ជាមួយនឹងកំណើនមធ្យមប្រចាំឆ្នាំ 12% ក្នុងឆ្នាំ 2014-2016 និងរហូតដល់ USD 6 ពាន់លានយ៉ាងយូរនៅឆ្នាំ 2024។ អ្វីដែល​សំខាន់បំផុតនោះ ចំនួនប្រជាជនកម្ពុជាដែលមានទ្រព្យសកម្មសុទ្ធជាង $30 លានបាន​កើនឡើង 170% ក្នុងទសវត្សកន្លងទៅ ហើយវានឹងកើនឡើង 56% បន្ថែមទៀតនៅក្នុង​ទសវត្ស​ក្រោយ។

ផ្នែកខាងក្រៅរថយន្ត Levante
ផ្នែកខាងក្នុងរថយន្ត Levante

Maserati ផលិតរថយន្តពិសេសល្អឯកគ្មានពីរ ដែលមានលក្ខណៈអស្ចារ្យ និងត្រូវបានទទួលស្គាល់ភ្លាមៗ​នៅគ្រប់​ទិសទី។ ជាមួយនឹងម៉ូត បច្ចេកវិទ្យា និងលក្ខណៈពិសេសគ្មានពីររបស់ពួកវា ពួកវាផ្ដល់នូវរសជាតិពិសេស​អស្ចារ្យ​បំផុត ហើយជានិច្ចកាលគឺជាគំរូនៅក្នុងវិស័យរថយន្ដទូទាំងពិភពលោក។ ប្រពៃណីនៃរថយន្ដប្រកបដោយជោគជ័យ ដែលនីមួយៗបានកំណត់ជាថ្មីតើរថយន្ដបែបណាគឺជារថយន្ដស្ព័ររបស់អ៊ីតាលីទាក់ទិនទៅនឹងម៉ូតរចនា សមត្ថភាព ផាសុកភាព ភាពស្រស់ស្អាត និងសុវត្ថិភាព ដែលបច្ចុប្បន្នមាននៅក្នុងទីផ្សារអន្តរជាតិជាងចិតសិប។

ផ្នែកខាងក្រៅរថយន្ត Ghibli
ផ្នែកខាងក្នុងរថយន្ត Ghibli

ទូតនៃមរត៌ក​នេះ​គឺ Quattroporte រថយន្ដសឺដង់ស្ព័រ Ghibli ពេលនេះក៏មានជាប្រភេទហៃប្រីត រថយន្ដអគ្គិសនីដំបូងរបស់ម៉ាក Trident និង Levante ដែលជា Maserati SUV ដំបូង ដែលគ្រប់ម៉ូដែលទាំងអស់ត្រូវបានផលិតឡើងដោយ​ប្រើប្រាស់​សម្ភារៈ និងបច្ចេកទេសដ៏ឯកសម្រាប់ភាពឥតខ្ចោះគ្មានពីរ។ ប្រភេទទាំងអស់ រាប់បញ្ចូលទាំង V6 និង V8 ប្រេងសាំង ហៃប្រីតស៊ីឡាំង 4 ហៃប្រីត និង V6 ម៉ាស៊ូត បើកបរដោយកង់ក្រោយ និងបើកបរដោយកង់ទាំងបួន។

នាពេលថ្មីៗនេះ កិត្តិនាមរបស់រថយន្ដក៏រឹតតែត្រូវបានបង្កើនបន្ថែមទៀតតាមរយៈការបញ្ចូលនូវរថយន្ដប្រភេទ Trofeo Collection ថ្មី ដែលមាន Ghibli, Quattroporte និង Levante បំពាក់ដោយម៉ាស៊ីន 580 hp V8 ដ៏ខ្លាំងក្លា។ រថយន្ដលំដាប់ខ្ពស់​បំផុតគឺរថយន្ដស្ព័រដ៏ទំនើប MC20 ថ្មី បំពាក់ដោយម៉ាស៊ីនបច្ចេកវិទ្យាថ្មី Nettuno V6 ដែលបានរួមបញ្ចូលនូវបច្ចេកវិទ្យា F1 ពេលនេះមាននៅផ្នែកផលិតរថយន្ដស្ដង់ដារជាលើកដំបូង។ បច្ចុប្បន្ន ប្រភេទ Maserati ត្រូវបានផលិតឡើងនៅ​រោងចក្រ​ចំនួនបីគឺ: Ghibli និង Quattroporte ត្រូវបានផលិតនៅរោងចក្រ Avvocato Giovanni Agnelli (AGAP) នៅក្នុង Grugliasco (Turin) និង Levante នៅរោងចក្រ Mirafiori នៅក្នុង Turin។ រថយន្ដទំនើប MC20 ថ្មី ត្រូវបានផលិតក្នុងក្រុង Modena នៅរោងចក្រជាប្រវត្តិសាស្ត្រ  VialeCiro Menotti។

សម្រាប់ព័ត៌មានបន្ថែម:

MASERATI

Maria Conti – ប្រធានផ្នែកទំនាក់ទំនង Maserati –  [email protected]
DavideKluzer – ទទួលខុសត្រូវផ្នែកផ្សព្វផ្សាយផលិតផល– [email protected]
Secil Dayi – ប្រធានផ្នែក​យុទ្ធសាស្ត្រទីផ្សារ​ – [email protected]

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV កៅអី៣ជួរ ឆ្នាំ២០២១ ថ្មីរបស់ Hyundai ដាក់លក់តម្លៃជាង ៤ម៉ឺនដុល្លារ

រថយន្ត Hyundai Palisade ស៊េរីឆ្នាំ២០២១ បានបង្ហាញខ្លួនជាផ្លូវការ នៅក្នុងប្រទេសអូស្ត្រាលី ដោយផ្តល់ជម្រើសកៅអី ៧ ឬ ៨ ជាមួយនឹងម៉ាស៊ីន ២ ជម្រើសផងដែរ។

SUV របស់ប្រទេសកូរ៉េនេះបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,៨លីត្រ V6 មនាកម្លាំង ២៩១សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយមកស្តង់ដារ។ ដោយឡែក ម៉ាស៊ីនមួយទៀតគឺ ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩៧សេះ ដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ ដូចគ្នា ប៉ុន្តែប្រើប៉ុងពីរ AWD ហើយមានកម្រិតស៊ីប្រេងជាមធ្យម ៧,៣លីត្រ/១០០គីឡូម៉ែត្រ។

ចំពោះតម្លៃរបស់វាវិញគឺចាប់ពី ៤៤ ៩៦០ដុល្លារ សម្រាប់ប្រភេទ Base Model ដែលប្រើម៉ាស៊ីនសាំង ឬ ៤៧ ៩៦០ដុល្លារ សម្រាប់ជម្រើសម៉ាស៊ីនម៉ាស៊ូត។

រថយន្ត Palisade មានបំពាក់អេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay, Android Auto, Bluetooth, មានផែនទី, ប្រព័ន្ធសំឡេង Infinity, កុងទ័រ ៧អ៊ីញ និង ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់ ជាដើម។

ជាមួយគ្នានេះដែរ វាក៏មានបំពាក់មុខងារ blind spot collision avoidance system, forward collision avoidance, lane keeping assist, lane following assist, rear cross traffic collision avoidance, reversing camera, trailer stability assist, tire pressure monitoring, smart cruise control with stop and go និង high beam assist ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru WRX និង WRX STI ឆ្នាំ២០២១ ចេញតម្លៃលក់ផ្លូវការ

ក្រុមហ៊ុន Subaru បានប្រកាសចេញនូវតម្លៃនៃរថយន្តម៉ូដែល WRX និង WRX STI ស៊េរីឆ្នាំ២០២១ ជាផ្លូវការ សម្រាប់ទីផ្សារបរទេស ដោយមានតម្លៃចាប់ពី ២៧ ៤៩៥ដុល្លារ និង ៣៧ ២៤៥ដុល្លារ។

រថយន្ត Subaru WRX ចែកចេញជា ៣ ម៉ូដែល គឺ WRX (ប្រភេទ Base Model), WRX Premium និង WRX Limited។ វាមានបំពាក់ម៉ាស៊ីន turbo ចំណុះ ២,០លីត្រ ប្រភេទ Boxer ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦៨សេះ ដំណើរការដោយប្រអប់លេខដៃ ៦វគ្គស្តង់ដារ តែក៏អាចជ្រើសយកប្រអប់លេខអូតូ CVT  និងប៉ុងពីរ AWD ជាមួយមុខងារ Active Torque Vectoring។

រថយន្តនេះមានបំពាក់បច្ចេកវិទ្យា EyeSight Driver Assist Technology ដោយរួមមានមុខងារ ដូចជា Lane Departure and Sway Warning, Pre-Collision Throttle Management, Pre-Collision Brake Assist, Lane Keep Assist, Lane Departure Prevention, Lane Vehicle Start Alert ិនង Adaptive Cruise Control។

ដោយឡែក ចំពោះរថយន្ត WRX STI វិញ បំពាក់ម៉ាស៊ីន turbocharged ចំណុះ ២,៥លីត្រ ប្រភេទ Boxer ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣១០សេះ ហើយមានបំពាក់ប៉ុងពីរ AWD ជាមួយមុខងារ Active Torque Vectoring និង Vehicle Dynamics Control មកស្តង់ដារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីថ្មីមួយទៀត សាកភ្លើងម្តងជិះបាន ៧០០គ.ម៉ នឹងបង្ហាញខ្លួន

យោងតាមក្រុមហ៊ុន Volkswagen បានឲ្យដឹងថា រថយន្តអគ្គិសនីត្រកូល ID ទី៥ របស់ខ្លួន នឹងបង្ហាញខ្លួននៅត្រីមាសទី៣ នៃឆ្នាំ២០២៣ ជាមួយនឹងចម្ងាយបើកបររហូតដល់ទៅ ៧០០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង។

រថយន្តអគ្គិសនីដែលអាចនឹងប្រើឈ្មោះ ID.6 (មិនទាន់ផ្លូវការ) នេះ នឹងផ្តល់ជម្រើសតួខ្លួនចំនួន ២ គឺ Saloon និង Estate ដោយមានទំហំប្រហាក់ប្រហែលម៉ូដែល Volkswagen Passat ប៉ុន្តែផ្តល់នូវកាប៊ីនធំទូលាយជាង។

រថយន្ត Volkswagen ID.6 ប្រភេទប៉ុងមួយវិលកង់ក្រោយ (RWD) នឹងបំពាក់ម៉ូទ័រអគ្គិសនីមួយ ខណៈប្រភេទប៉ុងពីរ (4WD) នឹងប្រើម៉ូទ័រអគ្គិសនី២។

មិនតែប៉ុណ្ណោះ វាក៏ផ្តល់ជម្រើសទំហំអាគុយអគ្គិសនីខុសៗគ្នាដែរ ដោយប្រភេទធំបំផុតគឺ ៨៤គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរ ៧០០គីឡូម៉ែត្រ ហើយគាំទ្រការសាកភ្លើងកម្លាំង ២០០គីឡូវ៉ាត់ ដែលអាចសាកបាន ២៣០គីឡូម៉ែត្រ ក្នុងរយៈពេលត្រឹម ១០នាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda ចេញឡាន MX-5 ប្រភេទ RS GT ឆ្នាំ២០២១ មានលក់តែក្នុងប្រទេសមួយប៉ុណ្ណោះ

ក្រុមហ៊ុន Mazda ទើបតែបានប្រកាសចេញរថយន្ត MX-5 ស៊េរីឆ្នាំ២០២១ ប្រភេទថ្មីមួយហៅថា MX-5 RS GT ដែលផ្តល់ទាំងជម្រើសតួខ្លួនបើកដំបូល Roadster និងដំបូលពេញ Black Roof។

រថយន្ត Mazda MX-5 RS GT ថ្មីនេះ នឹងមានលក់តែក្នុងប្រទេសអូស្ត្រាលីប៉ុណ្ណោះ ដោយទទួលបានការអាប់ដេត ដូចជា ហ្វ្រាំង Brembo និង ធុងទឹកស្អំដំណើរការប្រសើរជាងមុន ព្រមទាំងបានកែកុនប្រព័ន្ធបូម ដែលជួយឲ្យរថយន្តដំណើរការកាន់តែប្រសើរជាមុន និងបំពាក់យ៉ាន់ ១៧អ៊ីញ ប្រភេទ Forged Alloy របស់ក្រុមហ៊ុន BBS ទៀតផង។

MX-5 GT RS ប្រើម៉ាស៊ីនសាំង SkyActiv-G ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨១សេះ ដំណើរការដោយប្រអប់លេខដៃ ៦វគ្គ។ វានឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៣៥ ០០០ដុល្លារ សម្រាប់ម៉ូដែល GT RS Roadster និង ៣៨ ០០០ដុល្លារ សម្រាប់ម៉ូដែល RS GT Black Roof៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Tucon ប្រភេទសាកភ្លើងបាន អាចជិះចម្ងាយលើសពី៥០គ.ម ដោយមិនប្រើសាំង

Hyundai បាន​បង្ហាញ​ចេញ​​ព័ត៌មាន​​កាន់​តែ​ច្រើន​អំពី​រថយន្ត​ Tuscon ប្រភេទ PHEV (Plug-in Hybrid) ដែល​រថយន្ត​នេះ​នឹង​ដាក់​លក់​នៅ​តំបន់​អឺរ៉ុប​ជា​ផ្លូវ​ការ​ចាប់​ពី​​ត្រីមាស​ទី​ពីរ​នៃ​ឆ្នាំ ២០២១។

រថយន្ត​ Tucson PHEV មាន​គួប​ផ្សំ​ដោយ​ម៉ាស៊ីន​ Turbocharged កម្លាំង ១៧៧សេះ ​ដែល​មាន​ចំណុះ ១,៦លីត្រ ជា​មួយ​នឹង​ម៉ូទ័រ​អគ្គិសនី​ចំនួន​មួយ​ដែល​មាន​កម្លាំង ៩០សេះ ហើយ​វា​ពឹង​ផ្អែក​លើ​អាគុយ​ដែល​ផ្ទុក​ថាមពល​បាន ១៣,៨គីឡូវ៉ាត់​ម៉ោង។ សរុប​បញ្ចូល​គ្នា​វា​អាច​ឲ្យ​រថយន្ត​ផលិត​កម្លាំង​បាន ២៦១សេះ។

Hyundai បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​ថា​រថយន្ត Tucson PHEV របស់​ខ្លួន នឹង​អាច​បើកបរ​ដោយ​ប្រើ​ប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ​បាន​ចម្ងាយ​លើស​ពី​ ៥០​គីឡូម៉ែត្រ។ រថយន្ត​នេះ​មាន​មក​ជា​មួយ​នូវ​ដុំ​សាក​ ៧,២គីឡូវ៉ាត់ ប៉ុន្តែ Hyundai មិន​ទាន់​ប្រាប់​រយៈពេល​សាក​អាគុយ​​នោះ​ទេ ដែល​ព័ត៌មាន​នេះ និង​ព័ត៌មាន​ដទៃ​ទៀត​នឹង​ត្រូវ​ប្រកាស​ឲ្យ​ដឹង​នា​ពេល​ក្រោយ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+