ផ្ទាំងផ្សាយពាណិជ្ជកម្ម

Stellantis ជាក្រុមហ៊ុនរថយន្តថ្មី បង្កើតឡើងដោយដាក់ FCA និង PSA បញ្ចូលគ្នា

ដំណើរ​ការ​នៃ​ការ​ដាក់​បញ្ចូល​គ្នា​នៃ​ក្រុមហ៊ុន​រថយន្ត Fiat Chrysler Automobiles និង Groupe PSA កំពុង​បន្ត​ដំណើរ​ការ​ឆ្ពោះ​ទៅ​មុខ ដោយ​ពេល​នេះ​ក្រុមហ៊ុន​ទាំង​ពីរ​បាន​​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ដែល​រួបរួម​គ្នា​នេះ​នឹង​មាន​ឈ្មោះ​ថា Stellantis។

ក្រុមហ៊ុន​បាន​បក​ស្រាយ​ថា​ឈ្មោះ​នេះ​គឺ​មក​ពី​កិរិយាសព្ទ​នៃ​ភាសា​ឡាទីន “Stello” ដែល​វា​មាន​អត្ថន័យ​ថា​ “​ភ្លឺ​ចិញ្ចាច​ដោយ​ពន្លឺ​ដួង​តារា”​។ ក្រុមហ៊ុន FCA និង Groupe PSA និយាយ​ថា​ ការ​ស្វែង​រក​ឈ្មោះ​នេះ​បាន​ចាប់​ផ្ដើម​ភ្លាមៗ​ក្រោយ​ពី​បាន​ប្រកាស​ពី​ការ​ដាក់​បញ្ចូល​គ្នា​រវាង​ក្រុមហ៊ុន​ទាំង​ពីរ​កាល​ពី​ឆ្នាំ​មុន។ ដំណាក់​កាល​បន្ត​បន្ទាប់​ទៀត​គឺ​ការ​បង្កើត​ឡូហ្គោ​សម្រាប់​ក្រុមហ៊ុន Stellantis។

ក្រុមហ៊ុន​ទាំង​ពីរ​មិន​បាន​និយាយ​អ្វី​ច្រើន​ពី​ការ​ដាក់​បញ្ចូល​គ្នា​នោះ​ទេ ប៉ុន្តែ​បាន​បញ្ជាក់​ថា​រំពឹង​ថា​ការ​ដាក់​បញ្ចូល​គ្នា​នឹង​សម្រេច​រួច​រាល់​នៅ​ត្រីមាស​ទី​មួយ​នា​ឆ្នាំ ២០២១ ខាង​មុខ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ព្រឹត្តិការណ៌ពិព័រណ៌រថយន្តដ៏ធំលើទី ៤១ ឆ្នាំ២០២០ នៅថៃ មានការចូលរួមប្រមាណជាង ៣៦ក្រុមហ៊ុនធំៗ

ប​ន្ទាប់ពីមានការថមថយនៃការរីករាត្បាតពីជម្ងឺកូវីដ១៩ រួចមក ព្រឹត្តិការណ៌ពិព័រណ៌ដ៏ធំលើកទី ៤១ គឺ The 41st Bangkok International Motor Show ២០២០ បានប្រព្រឹត្តទៅដោយមានការចូលរួមប្រមាណជាង ៣៦ក្រុមហ៊ុន នៅទីក្រុងបាងកក ប្រទេសថៃ។ ទោះជាយ៉ាងណាក៏នៅតែមានការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាព រាល់ការចេញចូល ក៏ដូចជាការសម្អាត ពាក់ស្រោមដៃ និងពាក់របាំងមុខការពារ ឬម៉ាស់ផងដែរ។

កម្មវិធីត្រូវបានបែងចែកជា ៣ ដំណាក់កាលដែលមានដូចជា៖

  • VIP Day សម្រាប់ភ្ញៀវកតិ្តយសសំខាន់ ដែលបានប្រព្រឹត្តរួចទៅហើយកាលពីថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២០ ចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ៨យប់។
  • Press Day សម្រាប់ដៃគូរសារព័ត៌មាន ដើម្បីធ្វើការទស្សនា និងចុះផ្សាយពីការបើកដំណើរការនៃព្រឹត្តិការណ៌ពិព័រណ៌ទាំងមូល កាលពីថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២០ ចាប់ពីម៉ោង ៨ៈ៥៩នាទីព្រឹក ដល់ម៉ោង ៦ល្ងាច។
  • Public Day សម្រាប់អោយមហាជនទូទៅ ក៏ដូចជាហ្វេនៗចូលទស្សនាបាន ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២០ (ចន្ទ –  សុក្រ៖ ម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង ១០យប់ | សៅរ៌ – អាទិត្យ៖ ១១ព្រឹក ដល់ម៉ោង ១០យប់)។

តោះទៅមើលរូបភាពមួយចំនួននៃព្រឹត្តិការណ៌ ដែលមានដូចខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បង្ហាញមុខឡាន Camry ឆ្នាំ ២០២១ មានរហូតដល់ ១៧ប្រភេទ

Toyota នៅ​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ចេញ​រថយន្ត Camry ម៉ូដែល​ឆ្នាំ ២០២១ ដែល​ជា​រថយន្ត​ Toyota ដំបូង​មាន​ប្រើ​ប្រាស់​នូវ​ Toyota Safety Senese 2.5+ ថ្មី។

រថយន្ត​ Camry ស៊េរី​ឆ្នាំ ២០២១ ក៏​មាន​ផ្លាស់​ប្ដូរ​ស្ទីល​ផ្នែក​ខាង​មុខ​បន្តិច​បន្តួច មាន​ការ​ផ្លាស់​ប្ដូរ​គ្រឿង​បរិក្ខារ​ខាង​ក្នុង ហើយ​ចំពោះ Camry Hybrid គេ​បាន​បន្ថែម​នូវ​ប្រភេទ XSE ថ្មី​មក​ជា​មួយ​ផង​ដែរ។ អតិថិជន​ដែល​ទិញ​រថយន្ត Camry នៅ​អាមេរិក​នា​ពេល​នេះ គឺ​មាន​ជម្រើស​ច្រើន​ជាង​មុន ដោយ​មាន​រហូត​ដល់​ទៅ ១៧​ជម្រើស ​ដែល​មាន​ Option, ម៉ាស៊ីន និង​ប្រព័ន្ធ​បើកបរ​ខុសៗ​គ្នា។

និយាយ​អំពី Toyota Safey Sense 2.5+ (TSS 2.5+) គឺ​មាន​សមត្ថភាព​ទប់​ស្កាត់​ការ​ប៉ះ​ទង្គិច​ដែល​ល្អ​ប្រសើរ​ជាង​មុន និង​មាន​បន្ថែម​នូវ​មុខងារ​ដូច​ Automatic High Beam, Lane Departure Alert និង Rear Seat Reminder ផង​ដែរ។

ចំពោះ​​ម៉ាស៊ីន​នៅ​រក្សា​ដូច​មុន​ដែរ ដែល​មាន​ជម្រើស​បី មាន​ទី​មួយ​ម៉ាស៊ីន​សាំង ២,៥លីត្រ ៤ស៊ីឡាំង កម្លាំង ២០២-២០៦សេះ។ ទី​ពីរ​ជា​ម៉ាស៊ីន​សាំង​ទំហំ ៣,៥លីត្រ ៦ស៊ីឡាំង កម្លាំង ៣០១សេះ និង​ចុង​ក្រោយ​ជា​ប្រភេទ Hybrid មាន​គួប​ផ្សំ​ដោយ​ម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង ជា​មួយ​ម៉ូទ័រ​អគ្គិសនី​មួយ ដែល​ផលិត​កម្លាំង​បាន​ ២០៨សេះ។ សម្រាប់​តម្លៃ​នៅ​ទាន់​បង្ហាញ​នៅ​ឡើយ​ទេ ហើយ​វា​អាច​នឹង​ចេញ​លក់​លើ​ទីផ្សារ​នៅ​ចុង​ឆ្នាំ ២០២០នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan បង្ហាញចេញឡាន SUV អគ្គិសនីថ្មី តម្លៃចាប់ពីជាង ៤ម៉ឺនដុល្លារ

Nissan បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត​អគ្គិសនី​ថ្មី​ម៉ូដែល Ariya ជា​ស៊េរី​ឆ្នាំ ២០២២ ដែល​នឹង​ចាប់​ផ្ដើម​លក់​លើ​ទីផ្សារ​ប្រទេស​ជប៉ុន​នៅ​ពាក់​កណ្ដាល​ឆ្នាំ ២០២១ ជា​មួយ​តម្លៃ​ចាប់​ពី ៥​លាន​យេន (ប្រមាណ ៤៦ ០០០ដុល្លារ) ហើយ​នៅ​ចុង​ឆ្នាំ ២០២១ នឹង​ដាក់​លក់​នៅ​អឺរ៉ុប អាមេរិក​ខាង​ជើង រួម​ទាំង​ប្រទេស​ចិន។

Nissan នឹង​ដាក់​លក់​រថយន្ត​អគ្គិសនី​នេះ​ដោយ​មាន​ជម្រើស​​​បួន​ប្រភេទ។ ទី​មួយ​ជា​ប្រភេទ​ដែល​ប្រើ​ប្រព័ន្ធ​បើកបរ​ប៉ុង​ក្រោយ បំពាក់​នូវ​អាគុយ​ទំហំ ៦៥ kWh និង​មាន​ម៉ូទ័រ​ដែល​ផលិត​កម្លាំង​បាន ២១៥សេះ។ ​ប្រភេទ​នេះ​អាច​ជិះ​បាន​ចម្ងាយ ៤៥០ គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ។

បន្ទាប់​មក​ទៀត​ជា​ប្រភេទ​​ប៉ុង​មួយ​ដូច​គ្នា ប៉ុន្តែ​មាន​អាគុយ​ទំហំ ៩០kWh និង​មាន​កម្លាំង ២៣៩សេះ ដែល​អាច​ជិះ​បាន​ចម្ងាយ ៦១០ គីឡូម៉ែត្រ​ឯណោះ។ ទី​បី​ជា​ប្រភេទ​ប្រើ​ប៉ុង​ពីរ ដែល​មាន​អាគុយ​ទំហំ ៦៥kWh និង​មាន​ម៉ូទ័រ​អគ្គិសនី​ពីរ​ផលិត​កម្លាំង​បាន ៣៣៥សេះ ជិះ​បាន​ចម្ងាយ ៤៣០គីឡូម៉ែត្រ។ ចុង​ក្រោយ​គេ​ជា​ប្រភេទ​ប៉ុង​ពីរ​ប្រើ​អាគុយ ៩០kWh និង​មាន​កម្លាំង​ ៣៨៩សេះ ដែល​ជិះ​បាន​ចម្ងាយ ៥៨០គីឡូម៉ែត្រ។

និយាយ​ពី​រូបរាង​រថយន្ត Nissan Ariya នេះ​វិញ ក្រុម​អ្នក​ឌីហ្សាញ​បាន​រក្សា​​ការ​ប្រើ​ប្រាស់​រូបរាង​ដូច​ជា​រថយន្ត​ Concept ដែល​​ក្រុមហ៊ុន​ធ្លាប់​បង្ហាញ​ចេញ​កន្លង​មក។ នា​ផ្នែក​ខាង​មុខ​គឺ​មាន​​ការ​ឌីហ្សាញ​ផ្ទាំង​ប៉ាណា​បែប​ 3D និង​បំពាក់​ដោយ​ឡូហ្គោ​ Nissan ថ្មី។ កង់​រថយន្ត​គឺ​ជា​ប្រភេទ Alloy ដែល​មាន​ជម្រើស​ទំហំ ១៩អ៊ីញ និង ២០អ៊ីញ។

ផ្នែក​ខាង​ក្នុង​ជា​ផ្នែក​ដែល​គេ​ចាប់​អារម្មណ៍​ ដោយ​មាន​បំពាក់​នូវ​គ្រឿង​បរិក្ខារ​ទំនើបៗ​ជា​ច្រើន ដូច​ជា​កុងទ័រ​ឌីជីថល​ទំហំ ១២,៣អ៊ីញ និង​មាន​អេក្រង់​កម្សាន្ត​ទំហំ ១២,៣អ៊ីញ​ផង​ដែរ។ រឹត​តែ​គួរ​ចាប់​អារម្មណ៍​នោះ​គឺ គេ​បាន​ប្រើ​ប្រាស់​ប៊ូតុង Touch បង្កប់​ខ្លួន​លើ​តួ​រថយន្ត ជំនួស​ឲ្យ​គ្រាប់​ចុច​ធម្មតា ដែល​ប្រើ​សម្រាប់​បញ្ជា​សីតុណ្ហភាព និង​មុខងារ​ដទៃ​ទៀត​ជា​ច្រើន។

Nissan ក៏​បាន​បំពាក់​រថយន្ត Ariya ជា​មួយ​ប្រព័ន្ធ​ជំនួយ​ការ​បើកបរ ProPILOT 2.0 និង ProPILOT Remote Park ផង​ដែរ ដែល​មាន​គួប​ផ្សំ​ដោយ​កាមេរ៉ា​ចំនួន​ ៧​គ្រាប់, មាន​រ៉ាដា​បញ្ចេញ​រលក​សញ្ញា​បាន ៥​មីល្លីម៉ែត្រ និង Sensor Ultrasonic Sonar ចំនួន​ ១២​គ្រាប់​ទៀត​ផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សាហាវមែន! ទើបចេញសោះ Ford លក់ឡាន Bronco ប្រភេទ First Edition ដាច់អស់បាត់!

រយៈពេលមិនបានប៉ុន្មានម៉ោងផង ក្រោយការប្រកាសចេញនៃរថយន្ត Ford Bronco ស៊េរីឆ្នាំ២០២១ គេហទំព័រផ្លូវការរបស់ Ford ដែលបើកឲ្យកុម្ម៉ង់ទិញរថយន្តផលិតមានចំនួនកំណត់នេះ បានប្រកាសថាលក់ដាច់អស់បាត់ទៅហើយ។

គេហទំព័រខាងលើបានបង្ហាញរូបភាពនៃរថយន្ត Bronco First Edition ជាមួយនឹងសារសរសេរថា “Reservations Full” ដែលបញ្ជាក់ថា រថយន្តនេះត្រូវគេកក់អស់បាត់ទៅហើយ។

គួរឲ្យដឹងថា រថយន្ត Ford Bronco First Edition នេះ មានតម្លៃចាប់ពី ៥៩ ៣០៥ដុល្លារ។ Ford អះអាងថា នឹងផលិតរថយន្តនេះត្រឹម ៣ ៥០០គ្រឿងប៉ុណ្ណោះ។

Ford ក៏បានបញ្ជាក់ឲ្យដឹងដែរថា រថយន្ត Bronco នឹងខ្លាំងខ្លា រឹងមាំដូចប្រភេទ F-Series ហើយឆើតឆាយដូច Mustang។ Bronco បំពាក់ជម្រើសម៉ាស៊ីន ៤ និង ៦ Turbocharger ជាមួយជម្រើស អគ្គីសនី និងម៉ាស៊ូត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Telluride Nightfall Edition ឆ្នាំ២០២១ លេងខ្លួនខ្មៅក្រិប រឹតតែទាក់ទាញខ្លាំង

Kia បានប្រកាសចេញរថយន្ត Telluride ប្រភេទ Nightfall Edition ថ្មី សម្រាប់ស៊េរីឆ្នាំ២០២១ ដែលមើលទៅរឹតតែទាក់ទាញខ្លាំង។

រថយន្ត Kia Telluride Nightfall Edition នេះ បានតុបតែងតួខ្លួនពណ៌ខ្មៅក្រិប ដោយក្នុងនោះរួមទាំងបំពាក់ប៉ាណាមុខខ្មៅថ្មី, យ៉ាន់ខ្មៅទំហំ ២០អ៊ីញ និង រឺហ្គែរលើដំបូលពណ៌ខ្មៅ ជាដើម។ ក្រៅពីនោះ វាក៏បានតុបតែងគែមៗនៃចង្កៀងមុខ LED និងអំពូលកាត់អ័ព្ទ ព្រមទាំងដៃទ្វារទៅជាពណ៌ខ្មៅផងដែរ។

ក្រៅពីពណ៌ខ្មៅ Nightfall Edition នេះក៏មានលើជម្រើសពណ៌ផ្សេងទៀត ដូចជា Snow White Pearl, Everlasting Silver, Gravity Gray, Ebony Black, Sangria, Black Copper និង Dark Moss។

រថយន្ត SUV នេះបំពាក់ម៉ាស៊ីនចំណុះ ៣,៨លីត្រ V6 មានកម្លាំង ២៩១ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ។ ចំពោះតម្លៃ និងពេលចេញលក់របស់វា នឹងត្រូវប្រកាសនាពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត HONDA HR-V ស៊េរីថ្មីឆ្នាំ 2021 ទើបតែចេញសោះ អ្នកកក់ច្រើនម្ល៉េះ?

រថយន្ត HONDA HR-V គឺជារថយន្តមួយម៉ូដែលដែលស្ថិតនៅក្នុងត្រកូល HONDA ហើយរថយន្តនេះជារថយន្តប្រភេទ Subcompact SUVs កូនកាត់ស្ព័រ ដែលគេនិយមហៅថា Mini SUV រឺ ប្អូនបង្កើតរបស់ HONDA CR-V ។ រថយន្តនេះក៏ត្រូវបានពេញនិយមនៅក្នុងប្រទេសកម្ពុជាយ៉ាងខ្លាំងនៅ ២ឆ្នាំចុងក្រោយនេះផងដែរ។

យ៉ាងណាមិញ កាលពី ៣សប្តាហ៏មុន ក្រុមហ៊ុន ភ្នំពេញ ហុងដា បានប្រកាសបើកការកក់ទុកសំរាប់រថយន្ត HONDA HR-V ២០២១ ដែលជាជំនាន់ចុងក្រោយបង្អស់ ហើយត្រូវបានដឹងថាគឺមានអ្នកកក់ច្រើនហួសពីការរំពឹងទុក។

បើតាមការអោយដឹងពី​ ក្រុមហ៊ុន ភ្នំពេញ ហុងដា ដែលជាក្រុមហ៊ុនធំតែមួយគត់ដែលបានទទួលសិទ្ធិនាំចូលនិងចែកចាយផ្ទាល់ពីក្រុមហ៊ុន Honda Motors ​និងគ្រឿងបន្លាស់ម៉ាកហុងដាគ្រប់ប្រភេទ ប្រចាំប្រទេសកម្ពុជា បានប្រកាសបង្ហាញ HONDA HR-V ២០២១​ នេះជាផ្លូវការកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០​ នៅលើគេហទំព័រ Facebook: HONDA Cambodia ដែលជាគេហទំព័រសង្គមផ្ទាល់របស់ក្រុមហ៊ុន។

អ្វីដែលធ្វើអោយ HONDA HR-V ២០២១​ ទទួលបានការលេចធ្លោនោះ គឺការរចនាឡើងយ៉ាងប្រណិតទាក់ទាញទាំងផ្នែកខាងក្រៅ និងផ្នែកខាងក្នុង។

បើប្រៀបធៀបនឹងរថយន្តស៊េរីមុន ឃើញថារថយន្ត HONDA HR-V ២០២១ នេះបានបន្ថែមនូវសមត្ថភាពរបស់ខ្លួន ទាំងបច្ចេកវិទ្យាទំនើប និងប្រព័ន្ធសុវត្ថិភាពមួយចំនួនថ្មី ដើម្បីធានាក្នុងការបើកបរ ដោយមានបំពាក់បន្ថែមនូវ Foot Sensor សំរាប់បើកបិទទ្វារគូទក្រោយស្វ័យប្រវត្តិ ដោយគ្រាន់តែយកជើងដាក់ពីក្រោម ,ប្រព័ន្ធសោរបញ្ជាកញ្ចក់ចំហៀងមើលក្រោយក្តោប និងលា មកវិញដោយស្វ័យប្រវត្តិ, ប្រព័ន្ធបញ្ជាតេឡេបិទកញ្ចក់ទាំងមុខទាំងក្រោយអូតូ និងមានប្រព័ន្ធផ្តល់សញ្ញាប្រកាសអាសន្នពេលមានចោរកម្ម។

HONDA HR-V ២០២១​​​  ត្រូវបានគេទទួលស្គាល់ថាជារថយន្ត ដែលពុំបាច់ប្រើប្រាស់សោរទៀតទេក្នុងការ  បញ្ជេះនៅពេលបើកបរ ហើយត្រូវបានបំពាក់ដោយបរិក្ខារទំនើប និងប្រព័ន្ធសុវត្ថិភាពជាច្រើនដូចជា: កៅអីរចនាដោយស្បែកព៌ណខ្មៅ, នៅលើដៃចង្កូតមានមុខងារបញ្ជាជាច្រើននៅលើនោះ​ដូចជា​ (Cruise Control សំរាប់កំនត់ល្បឿនលើផ្លូវ ​Highway, Paddle Shift លេខដៃលើចង្កូត, Audio Control System, Voice Control (មុខងារបញ្ជានិងប្រើប្រាស់ដោយសំលេង​យើងផ្ទាល់)។

Touch Screen Audio (ទំហំ ៧ អុីញ ដែលមានបំពាក់ Apple Car Play និង Android Car Play ), Map Light (បច្ចេកវិទ្យាបង្ហាញផែនទីដែលត្រូវធ្វើដំណើរ), Econ Mode (មុខងារសន្សំសំចៃសាំង), Engine Temperature (ពន្លឺព៌ណបង្ហាញពីកំរិតសន្សំសំចៃនៅលើអេក្រង់), Air Conditioning System (ម៉ាស៊ីនត្រជាក់អូតូ ), Electric Parking Brake (ហ្វ្រាំងដៃអេឡិចត្រូនិច), Auto Break Hold (​ប្រព័ន្ធឈប់ដោយស្វ័យប្រវត្តិពេលឈប់ស្តុប)​, Daytime Running Light (ចង្កៀង LED បំភ្លឺពេលថ្ងៃដើម្បីអោយគេមើលឃើញរថយន្តយើងបានច្បាស់), Front & Rear Sensor (សេនស័រជំនួយក្នុងការចូលចត និងបើកបរ​), Rear Camera (កាម៉េរាផ្នែកខាងក្រោយ), ប្រព័ន្ធបញ្ជាតេឡេបិទកញ្ចក់ទាំងមុខនិងក្រោយអូតូ,  ប្រព័ន្ធផ្តល់សញ្ញាប្រកាសអាសន្នពេលមានចោរកម្ម , ប្រព័ន្ធសុវត្ថិភាពជាច្រើន និងព្រមទាំងមានមុខងារដទៃច្រើនទៀត។

នៅក្នុងឳកាសនេះ​ ក្រុមហ៊ុនក៏មានប្រូម៉ូសិនពិសេសដែលពុំធ្លាប់ពីមុនមក សំរាប់រថយន្ត HONDA CR-V ២០២០ តម្លៃត្រឹមតែ ៤៩ ៧៨៨ដុល្លារ  និង HONDA CIVIC​ ២០១៩ តម្លៃត្រឹមតែ ៣៩ ៧៨៨ដុល្លារ តែប៉ុណ្ណោះ។

សំរាប់អ្នកដែលមានចំណាប់អារម្មណ៏អាចអញ្ជើញទៅទស្សនាផ្ទាល់នៅក្រុមហ៊ុនភ្នំពេញហុងដា​ ដែលមានអាស័យដ្ឋានស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ទល់មុខនឹងព្រលានយន្តហោះភ្នំពេញអន្តរជាតិ និងលេខទូរស័ព្ទ ០២៣ ៩០១ ៨៥៨ / ០១៧ ៨៩៩ ៨៥៥ / ០១៦ ៧៧២ ៥៨៥ ឬ តាមរយះ Facebook Page : HONDA Cambodia

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Palisade ឆ្នាំ២០២១ ចេញម៉ូដែលថ្មី “Calligraphy” កាន់តែទំនើប

Hyundai Palisde គឺជារថយន្ត SUV ប្រណីត និងទំនើបបំផុតមួយរបស់កូរ៉េ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ឥឡូវក្រុមហ៊ុនរថយន្តនេះបានបញ្ចេញរថយន្ត Palisade ម៉ូដែលថ្មីមួយទៀតហៅថា Palisade Calligraphy ដែលបំពាក់លក្ខណៈពិសេសកាន់តែទំនើប។

រថយន្ត Palisade Calligraphy មានបំពាក់ប៉ាណាមុខប្លែកខុសពីម៉ូដែល Palisade ធម្មតា, មានតុបតែងបន្ថែមក្រូម៉េ និងយ៉ាន់ Alloy ទំហំ ២០អ៊ីញទៀតផង។

អ្វីដែលរឹតតែពិសេស គឺកាប៊ីនខាងក្នុង ដែលមានបំពាក់គ្រឿងបរិក្ខាកាន់តែប្រណីត។ មិនតែប៉ុណ្ណោះ វាបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងកៅអីស្បែក Nappa Leather ដែលមានមុខងារបញ្ចេញខ្យល់ និងកម្តៅផងដែរ។ ក្រៅពីនោះគឺ វាបំពាក់កៅអីធំនៅជួរទី២, ប្រព័ន្ធសំឡេង Harman Kardon និងអេក្រង់កម្សាន្តទំហំ ១០,២៥អ៊ីញ មានមុខងារផែនទី GPS Navigation ទៀតផង។

រថយន្ត Hyundia Palisade Calligraphy បំពាក់ម៉ាស៊ីនចំណុះ ៣,៨លីត្រ V6 មានកម្លាំង ២៩១សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរ។ វានឹងចេញលក់នៅលើទីផ្សារសហរដ្ឋអាមេរិក នៅចុងខែកក្កដានេះតែម្តង ហើយតម្លៃវានឹងត្រូវប្រកាសនាពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla បញ្ចុះតម្លៃឡាន SUV ថ្មីដល់ ៣០០០ដុល្លារ

រយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីរថយន្ត Model Y បានចេញលក់ជាផ្លូវការ ក្រុមហ៊ុន Tesla បានបញ្ចុះតម្លៃរហូតដល់ទៅ ៣ ០០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

បច្ចុប្បន្ន Model Y មានជម្រើស ២ ម៉ូដែល គឺ Long Range និង Performance។ ដោយសារតែការបញ្ចុះតម្លៃខាងលើ ធ្វើឲ្យរថយន្ត Model Y Long Range នៅសល់តម្លៃត្រឹមតែ ៤៩ ៩៩០ដុល្លារប៉ុណ្ណោះ ខណៈតម្លៃដើមគឺ ៥២ ៩៩០ដុល្លារ។ ចំណែកឯ Model Y Performance វិញមានតម្លៃចាប់ពី ៥៩ ៩៩០ដុល្លារ ក៏ចុះមកសល់ត្រឹមតែ ៥៦ ៩៩០ដុល្លារ។

គួរឲ្យដឹងថា ការបញ្ចុះតម្លៃនេះមិនមែនជារឿងចម្លែកសម្រាប់ Tesla ឡើយ ដោយក្រុមហ៊ុនរថយន្តអគ្គិសនីមួយនេះ ធ្លាប់បញ្ចុះតម្លៃ Model S និង Model X រហូតដល់ទៅ ៥ ០០០ដុល្លារ ហើយ Model 3 ចុះបាន ២ ០០០ដុល្លារដែរ កាលពីខែមេសាកន្លងទៅនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែង Tesla បានដើមទុន ២,៥ពាន់លានដុល្លារបន្ថែមទៀត

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ថ្មីថ្មោង​ឈ្មោះ Rivian ​ទទួល​បាន​ការ​បណ្ដាក់​ទុន ២,៥​ពាន់​លាន​ដុល្លារ​បន្ថែម​ទៀត ដែល​មាន​ន័យ​ថា​គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ ២០១៩ មក ក្រុមហ៊ុន​ទទួល​បាន​ការ​បណ្ដាក់​ទុក​សរុប​ប្រមាណ ៥,៣​ពាន់​លាន​ដុល្លារ​។

ការ​បណ្ដាក់​ទុន​លើក​ចុង​ក្រោយ​នេះ​គឺ​បាន​ពី​ក្រុមហ៊ុន​ដូច​ជា​ Soros Fund Management LLC, Coatue, Fidelity Management and Research Company​និង​ Baron Capital Group ហើយ​ម្ចាស់​ភាគហ៊ុន​ចាស់​រួម​មាន​ Amazon និង​ BlackRock ក៏​បាន​​ចូល​រួម​លើ​ការ​បណ្ដាក់​ទុន​ចុង​ក្រោយ​នេះ​ដែរ។

គួរ​រំលឹក​ថា​រថយន្ត​ភីកអាប់​​អគ្គិសនី​ដែល​​ក្រុមហ៊ុន Rivianគ្រោង​ថា​នឹង​ប្រកាស​ចេញ​លក់​នា​ឆ្នាំ ២០២០ នេះ នឹង​ត្រូវ​ផ្លាស់​ប្ដូរ​ដល់​អំឡុង​ឆ្នាំ ២០២១ ខាង​មុខ ព្រោះ​តែ​ការ​ផ្ទុះ​នូវ​ជំងឺ​កូវីដ​១៩​។ អំឡុង​ពេល​ជាក់​លាក់​ណា​មួយ​នៅ​ឆ្នាំ ២០២១ គឺ​អាស្រ័យ​លើ​កត្តា​ជា​ច្រើន​ រួម​មាន​រយៈពេល​ដែល​ត្រូវ​បិទ​ប្រទេស​ផង​​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​ផង​ដែរ។ ចំណែក​​រថយន្ត SUV អគ្គិសនី Rivian R1S ​​ទំនង​ជា​ត្រូវ​ពន្យារពេល​ចេញ​លក់​​បន្តិច​បន្តួច ដែល​រថយន្ត​ R1S ​នេះ​ដំបូង​ធ្លាប់​បាន​កំណត់​ថា​នឹង​ចេញ​លក់​នៅ​​ដើម​ឆ្នាំ ២០២១៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+