ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុតឡាន SUV អគ្គិសនីដំបូងរបស់ BMW បង្ហាញមុខជាផ្លូវការហើយ

រថយន្ត BMW iX3 បាន​បង្ហាញ​មុខ​ជា​ផ្លូវ​ការ ដែល​នេះ​គឺ​ជា​រថយន្ត SUV អគ្គិសនី​ដំបូង​របស់​ម៉ាក​យីហោ​រថយន្ត​អាល្លឺម៉ង់។

BMW iX3 បាន​ផលិត​ឡើង​ផ្អែក​តាម​​រថយន្ត X3 ម៉ូដែល​បច្ចុប្បន្ន​ ហើយ​មាន​បំពាក់​ដោយ​ប្រព័ន្ធ eDrive ជំនាន់​ទី​ប្រាំ ដែល​មាន​រួម​បញ្ចូល​នូវ​អាគុយ​ទំហំ ៨០ kWh និង​ម៉ូទ័រ​អគ្គិសនី​ដែល​មាន​កម្លាំង ២៨២សេះ។ BMW និយាយ​ថា​រថយន្ត iX3 អាច​ជិះ​បាន​ចម្ងាយ​ដល់ ៤៦០គ.ម ពេល​សាក​ភ្លើង​ពេញ។

កម្លាំង​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​កង់​រថយន្ត​ខាង​ក្រោយ ដោយ​វា​អាច​​ឲ្យ​រថយន្ត​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល ៦,៨វិនាទី និង​មាន​ល្បឿន​អតិបរមា​ដែល​កំណត់​នៅ​ត្រឹម ១៨០គ.ម/ម៉។

BMW iX3 មាន​គាំទ្រ​នូវ​ដុំ​សាក​ល្បឿន​លឿន​កម្លាំង ១៥០ kW ដែល​អាច​សាក​ភ្លើង​ពី ០-៨០% ប្រើ​ពេល​ត្រឹម​តែ ៣៤​នាទី។ សាក​ភ្លើង ១០​នាទី ដោយ​ប្រើ​ដុំ​សាក​ល្បឿន​លឿន អាច​ឲ្យ​រថយន្ត​នេះ​បើកបរ​បាន​ដល់​ចម្ងាយ ១០០គ.ម។

រថយន្ត BMW iX3 នេះ​គឺ​ជា​រថយន្ត​អគ្គិសនី​មួយ ក្នុង​ចំណោម​រថយន្ត​អគ្គិសនី​ថ្មី​បី​ម៉ូដែល​ ដែល BMW ត្រៀម​ប្រកាស​ចេញ ដែល​ពីរ​ទៀត​នឹង​ជា BMW i4 រួម​ជា​មួយ​ផលិតផល​សម្រេច​នៃ​រថយន្ត iNext ដែល​ពួក​វា​ទាំង​នឹង​បង្ហាញ​មុខ​នៅ​មុន​ដំណាច់​ឆ្នាំ ២០២១។

BMW iX3 នេះ​នឹង​មាន​ដាក់​លក់​នៅ​ប្រទេស​ចិន​ចាប់​ពី​ចុង​ឆ្នាំ ២០២០ នេះ ហើយ​នៅ​អឺរ៉ុប​នឹង​មាន​លក់​នៅ​ឆ្នាំ ២០២១។ រថយន្ត SUV អគ្គិសនី​នឹង​មិន​មាន​លក់​នៅ​អាមេរិក​ខាង​ជើង​នោះ​ទេ ដោយ​អតិថិជន​នៅ​អាមេរិក​នឹង​ត្រូវ​រថយន្ត​វត្តមាន​រថយន្ត i4 និង iNext ជំនួស​វិញ៕​​​​​​​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដ៏សាកសមសម្រាប់ផ្លូវលិចទឹកនារដូវភ្លៀងធ្លាក់

ទឹកភ្លៀងគឺជារឿងមួយដ៏ល្អ វាជួយផ្តល់ទឹកដល់រុក្ខជាតិរបស់យើង, វាអាចផ្តល់ភាពរីករាយដល់កសិករប៉ុន្តែសម្រាប់អ្នកធ្វើដំណើរដោយបើកបរយានយន្តគឺមិនសូវសប្បាយចិត្តទេព្រោះតាមពិតវាអាចមានគ្រោះថ្នាក់ខ្លាំងណាស់។
ទឹកជំនន់ដែលអាចលិចជិតដល់ម៉ាស៊ីនរថយន្ត ឬទាបជាងគួរតែមានសុវត្ថិភាពសម្រាប់ពេលលោកអ្នកបើកបរឆ្លងកាត់។ ជម្រៅទឹកគឺជាកំរិតទឹកអតិបរិមាមួយដែលបានកំណត់សម្រាប់រថយន្តពីព្រោះ ប្រព័ន្ធខ្យល់ និងសមាសធាតុអគ្គិសនីផ្សេងៗជាធម្មតាស្ថិតនៅផ្នែកខាងលើ។

មិនថាអ្នករស់នៅទីក្រុងឬតាមខេត្តទេទឹកជំនន់អាចបង្កជាបញ្ហាធំនៅលើដងផ្លូវ។ ប្រសិនបើអ្នកមិនចង់អោយមានបញ្ហានេះកើតឡើងទេអ្នកអាចដោះស្រាយបញ្ហានេះនៅក្នុងដៃរបស់អ្នកផ្ទាល់ដោយជ្រើសរើសរថយន្តដែលមានសមត្ថភាពខ្ពស់អាចបើកបរឆ្លងកាត់ទឹកជ្រៅដោយមិនមានការខូចខាតធ្ងន់ធ្ងរនិងមិនមានការកាំងម៉ាស៊ីនរថយន្តផងដែរ។ ជាទូទៅកំពស់ប្រមាណ៦-៨អុីញនៃរថយន្តគឺអាចបើកបរកាត់ទឹកបានសម្រាប់រថយន្តប្រភេទ sedan, ៨-១៦អុីញអាចឆ្លងកាត់បានសម្រាប់ប្រភេទរថយន្ត crossover ហើយកំពស់ ១៦-៣០អុីញអាចបើកបរបានដោយសុវត្ថិភាពជាមួយរថយន្តប្រភេទSUVនិងរថយន្តដឹកទំនិញធំៗ។

ដោយមានអ្នកបើកបរភាគច្រើនបានជ្រើសរើសយករថយន្តប្រភេទSUV ៧កៅអី ដែលពួកគេប្រហែលជាគិតថាវាមានសមត្ថភាពក្នុងការបើកបរឆ្លងកាត់ទឹកជ្រៅបានដោយគ្មានបញ្ហា។ តែទោះជាយ៉ាងណាក៏ដោយក៏រថយន្តប៉ុន្មានម៉ូឌែលនេះដូចជា Toyota Avanza ដែលមានតម្លៃប្រហែល ៣១ ៩០០ដុល្លារ , រថយន្តMG HS តម្លៃប្រមាណ ៤៣ ០០០ដុល្លារ , ឬរថយន្តភីកអាប់ Nissan Navara តម្លៃប្រមាណ ៥១ ៣០០ដុល្លារ ក៏អាចបើកបរបានក្នុងស្ថានភាពផ្លូវដែលមានទឹកជំនន់បានដែរហើយវាអាចល្អប្រសើរជាងរថយន្តប្រភេទsedan។

រថយន្ត Avanza
រថយន្តMG HS
រថយន្ត Nissan Navara

ដោយសារតែរថយន្តទាំងនេះភាគច្រើនមានកំពស់ខ្ពស់ដែលសាកសមជាមួយផ្លូវដែលមានទឹកលិចដែលរាល់ចំនុចសំខាន់ៗដូចជាប្រព័ន្ធម៉ាស៊ីននិងប្រព័ន្ធអគ្គិសនីផ្សេងៗនឹងអាចប្រើប្រាស់បានយូរអង្វែងជាមួយផ្លូវបែបនេះ។
លោកអ្នកអាចធ្វើការបើកបរដោយជៀសវាងពីផ្លូវដែលមានទឹកលិចខ្លាំងប្រសិនបើអាចជៀសបាន។ តែប្រសិនបើអ្នកមានអារម្មណ៍មិនច្បាស់សូមកុំមានសម្ពាធក្នុងការប្រឈមមុខនឹងការឆ្លងកាត់ផ្លូវដែលមានទឹកលិចគួរឱ្យសង្ស័យនោះអី។ ដូច្នេះសូមជ្រើសរើសរថយន្តអោយបានត្រឹមត្រូវដែលផ្តល់ជូនអ្នកនូវសុវត្ថិភាពនិងផាសុខភាព។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford បង្ហាញរូបរាង Bronco ២០២១ ជាមួយតម្លៃចាប់ពី ២៦ ៦០០ ដុល្លារ (មានវីដេអូ)

ក្រុមហ៊ុន Ford បានបញ្ចេញនូវរូបរាងទាំងក្នុង និងក្រៅរបស់រថយន្ត Ford Bronco ២០២១ ដែលមានទ្វារ ២ ទ្វារ ៤ និងទ្វារ ៥ ជាជម្រើសផងដែរ ដែលមានតម្លៃចាប់ពី ២៦ ៦០០ ដុល្លារអាមេរិក ដើម្បីប្រកួតប្រជែងជាមួយរថយន្ត Jeep Wrangler ផងដែរ។ តម្លៃខាងលើគឺសម្រាប់ទីផ្សារសហរដ្ឋអាមេរិក តែប៉ុណ្ណោះ។

តាមពិតទៅរថយន្តនេះបានបង្ហាញវត្តមានដំបូងតាំងពីឆ្នាំ ១៩៦៥ ដល់ ១៩៩៦ បន្ទាប់ពីមានឈ្មោះនៅលើទីផ្សារអស់រយះពេល ៣១ឆ្នាំ។ ហើយស៊េរីថ្មី ២០២១ គឺសម្រាប់ស្វាគមន៌សតវត្សទី ២១នេះ។ Ford បានបញ្ជាក់ថា រថយន្ត Bronco ត្រូវបានផលិតឡើងដែលខ្លាំងខ្លា រឹងមាំដូចប្រភេទ F-Series និងឆើតឆាយដូច Mustang។ Bronco បំពាក់ជម្រើសម៉ាស៊ីន ៤ និង ៦ Turbocharger ជាមួយជម្រើស អគ្គីសនី និងម៉ាស៊ូត។

តោះទៅមើលរូបរាងខាងក្នុងម្តង៖

វីដេអូ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai នាំមុខ Toyota ក្លាយជារថយន្តលក់ដាច់បានច្រើនជាងគេនៅវៀតណាម

ក្នុង​អំឡុង​​​ឆ​មាស​​ដំបូង​នៃ​ឆ្នាំ ២០២០ រថយន្ត​ Hyundai ​អាច​លក់​ចេញ​លក់​ទីផ្សារ​វៀតណាម​បាន​ចំនួន ២៥ ៤៨២​គ្រឿង ដែល​លក់​បាន​ច្រើន​ជាង​រថយន្ត Toyota ជាង ៣០០​គ្រឿង ធ្វើ​ឲ្យ​ Hyundai ក្លាយ​ជា​រថយន្ត​លក់​បាន​ច្រើន​ជាង​គេ​នៅ​វៀតណាម។

ក្រឡេក​ទៅ​កាល​ពី​ឆមាស​ទី​មួយ​ឆ្នាំ ២០១៩ ម៉ាក​រថយន្ត Toyota ជា​ម៉ាក​ពេញ​និយម​ខ្លាំង​មួយ​នៅ​វៀតណាម ដែល​លក់​ចេញ​រថយន្ត​បាន​​ជិត​ ៣៧ ០០០​គ្រឿង ខណៈ​ Hyundai ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​ពីរ​ជា​មួយ​​ចំនួន​លក់ ៣១ ៨៥១​គ្រឿង។

​​នៅ​ឆមាស​ដំបូង​នៃ​ឆ្នាំ​នេះ Toyota លក់​រថយន្ត​បាន ២៥ ១៦២​គ្រឿង តាម​ពី​ក្រោយ​ដោយ Honda ដែល​លក់​បាន ១២ ០៣៥​គ្រឿង និង Kia លក់​បាន ១១ ០៤៩​គ្រឿង។ ម៉ាក​រថយន្ត​បន្ត​បន្ទាប់​មាន Mazda, Mitsubishi, Ford, Suzuki, Isuzu, Peugeot និង Nissan៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សុខៗស្រាប់តែ Tesla ទម្លាក់តម្លៃឡាន SUV អគ្គិសនីរាប់ពាន់ដុល្លារ

ក្រោយ​ពី​បាន​ចេញ​លក់​លើ​ទីផ្សារ​បាន​ត្រឹម ៤​ខែ ក្រុមហ៊ុន Tesla បាន​សម្រេច​បញ្ចុះ​តម្លៃ​រថយន្ត​ SUV អគ្គិសនី Model Y របស់​ខ្លួន។

តម្លៃ​ថ្មី​នា​ពេល​នេះ​គឺ​មាន​ចាប់​ពី ៥១ ១៩០​ដុល្លារ ដែល​គិត​បញ្ចូល​ថ្លៃ​ដឹក​ជញ្ជូន​ ១ ២០០​ដុល្លារ​ផង​ដែរ។ ពី​មុន​ Tesla Model Y មាន​ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី ៥៤ ១៩០​ដុល្លារ ដែល​មាន​ន័យ​ថា​តម្លៃ​បាន​ថយ​ចុះ ៣ពាន់​ដុល្លារ។

គួរ​ដឹង​ថា​កាល​ពី​ចុង​ខែ​ឧសភា Tesla Model S និង Model X ក៏​ទទួល​បាន​ការ​បញ្ចុះ​តម្លៃ ៥​ពាន់​ដុល្លារ​ផង​ដែរ ខណៈ​ដែល​រថយន្ត Model 3 មាន​បញ្ចុះ​តម្លៃ ២​ពាន់​ដុល្លារ។ Tesla មិន​បាន​បក​ស្រាយ​នោះ​ទេ​ថា​ហេតុអ្វី​តម្លៃ​ Model Y សុខៗ​ស្រាប់​តែ​ចុះ​ថ្លៃ​បែប​នេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota មិនទាន់មានគម្រោងលក់ឡាន Corolla Cross នៅអាមេរិកឡើយ

Toyota ទើបតែបានប្រកាសចេញរថយន្ត Corolla Cross នៅក្នុងប្រទេសថៃ ហើយវាក៏នឹងប្រកាសចេញនៅទីផ្សារដទៃមួយចំនួនទៀតផងដែរ។

ទោះជាយ៉ាងណា ក្រុមហ៊ុន Toyota Motor North America បានឲ្យដឹងថា “Corolla Cross គឺជារថយន្ត Toyota ថ្មីដ៏គួរឲ្យចាប់អារម្មណ៍មួយ ដែលនឹងមានលក់នៅលើទីផ្សារមួយចំនួន នៅជុំវិញពិភពលោក។ នៅពេលនេះ មិនទាន់មានការសម្រេចចិត្ត ឬប្រកាសថាវានឹងមានលក់នៅសហរដ្ឋអាមេរិកឡើយ”។

រថយន្ត Corolla Cross ប្រើគ្រោងឆ្អឹង TNGA មានប្រវែង ៤,៤ម៉ែត្រ ទទឹង ១,៨ម៉ែត្រ និងកម្ពស់ ១,៦ម៉ែត្រ។ វាបំពាក់ម៉ាស៊ីនចំនួន ២ ជម្រើសគឺ ម៉ាស៊ីនសាំងចំណុះ ១,៨លីត្រ មានកម្លាំង ១៣៨សេះ និង ម៉ាស៊ីន Hybrid ចំណុះ ១,៨លីត្រ កម្លាំង ១២០សេះ។

Corolla Cross ក៏មានបំពាក់ប្រព័ន្ធសុវត្ថិភាពខ្ពស់ TSS (Toyota Safety Sense) ហើយមាន ៤ ជម្រើសដូចជា៖

  • Hybrid Premium Safety តម្លៃប្រហាក់ប្រហែល ៣៨ ៥០០ ដុល្លារសហរដ្ឋអាមេរិក
  • Hybrid Premium តម្លៃប្រហាក់ប្រហែល ៣៥ ០០០ ដុល្លារសហរដ្ឋអាមេរិក
  • Hybrid Smart តម្លៃប្រហាក់ប្រហែល ៣២ ៦០០ ដុល្លារសហរដ្ឋអាមេរិក
  • 1.8 Sport តម្លៃប្រហាក់ប្រហែល ៣០ ៧០០ ដុល្លារសហរដ្ឋអាមេរិក

បញ្ជាក់៖ តម្លៃខាងលើសម្រាប់ទីផ្សារក្នុងស្រុករបស់ប្រទេសថៃ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើល Jeep Grand Cherokee Trackhawk និង Lamborghini Urus ប្រកួតគ្នាយកតំណែង SUV លឿនបំផុត (មានវីដេអូ)

រថយន្ត Jeep Grand Cherokee Trackhawk និង Lamborghini Urus សុទ្ធតែជា SUV កំពូលកម្លាំង ដែលមានល្បឿនលឿនបំផុតមួយ។

ចុះប្រសិនបើពួកវាប្រកួតគ្នាលើផ្លូវលាតត្រង់ តើមួយណានឹងឈ្នះ?

រថយន្ត Jeep Grand Cherokee Trackhawk ដែលជាផលិតផលរបស់អាមេរិក បំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ Supercharged V8 មានកម្លាំងសរុប ៧០៧សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ២៩០គីឡូម៉ែត្រក្នុងមួយម៉ោង។

ចំណែកឯរថយន្ត Lamborghini Urus ដែលជាផលិតផលរបស់អ៊ីតាលីវិញ បំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំង ៦៤១សេះ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ៣០៥គីឡូម៉ែត្រក្នុងមួយម៉ោង។

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនចិនមួយចេញលក់ឡានតម្លៃថោកបំផុត ត្រឹម ៦ពាន់ដុល្លារ

ក្រុមហ៊ុន SAIC-GM-Wuling បានចេញលក់រថយន្តថ្មីនៅក្នុងប្រទេសចិន គឺម៉ាក Hong Guang V 1.2L ដោយមានតម្លៃចាប់ពី ៤២ ៩០០យ័ន ឬស្មើនឹងខ្ទង់ ៦ ១៣៥ដុល្លារ។

រថយន្ត Hong Guang V 1.2L ចែកចេញជា ៣ម៉ូដែល ក្នុងនោះរួមមានប្រភេទម៉ាស៊ីនតូចចំណុះ ១,២លីត្រ naturally aspirated មានកម្លាំង ៧៥សេះ ហើយប្រើប្រអប់លេខដៃ ៥វគ្គ។

ក្រុមហ៊ុនខាងលើអះអាងថា ក្រៅពីមានលំនឹងល្អ, ខ្លាំង និងស៊ីសាំងតិច រថយន្តរបស់ខ្លួនក៏បានបំពេញតាមស្តង់ដារបញ្ចេញផ្សែងពុល China 6B Emission Standard ដែរ។ ក្រៅពីនោះ វាមានបំពាក់ប្រព័ន្ធហ្វ្រាំង ABS និង EBD ព្រមទាំងចង្កូតប្រើភ្លើងទៀតផង។ បន្ថែមពីនេះ Hong Guang V 1.2L មានកាប៊ីនធំទូលាយ ស្មើនឹងរថយន្ត BMW 3-Series Sedan ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បិតា Tesla ពេលនេះក្លាយជាអ្នកមានជាងគេលើលោកលំដាប់លេខ ៧

តាម​សារព័ត៌មាន Bloomberg បាន​ឲ្យ​ដឹង​ថា​ទ្រព្យ​សម្បត្តិ​របស់​លោក Elon Musk អ្នក​បង្កើត​ក្រុមហ៊ុន​​ផលិត​រថយន្ត​អគ្គិសនី Tesla បាន​កើន​ឡើង​ជាង ៦​ពាន់​លាន​ដុល្លារ​​កាល​ពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​ភាគ​ហ៊ុន​របស់​ Tesla ឡើង​ថ្លៃ ១០,៨% មាន​តម្លៃ ១៥៤៤​ដុល្លារ ក្នុង​មួយ​ហ៊ុន។

​គួរ​ដឹង​ថា​លោក Elon Musk ​មាន​កាន់​កាប់​ចំណែក​ភាគហ៊ុន​​នៅ Tesla ចំនួន ២០,៨% ដែល​វា​​មាន​តម្លៃ​ស្មើ​នឹង​​ប្រមាណ ៥៣ពាន់​លាន​ដុល្លារ។ លោក Musk ក៏​ជា​ម្ចាស់​ភាគហ៊ុន​ធំ​មួយ​​នៃ​ក្រុមហ៊ុន​​អវកាស SpaceX ផង​ដែរ។ ផ្អែក​តាម​តួ​លេខ​របស់ Bloomberg Billionaires Index បាន​បង្ហាញ​ថា​បច្ចុប្បន្ន​នេះ​លោក Elon Musk មាន​ទ្រព្យ​សម្បត្តិ​​ប្រមាណ ៧០,៥​ពាន់​លាន​ដុល្លារ ដែល​បាន​នាំ​មុខ​លោក Warren Buffett ក្លាយ​ជា​បុគ្គល​មាន​ទ្រព្យ​ច្រើន​ជាង​គេ​ក្នុង​លោក​លំដាប់​ទី​ ៧។

នៅ​ក្នុង​ឆ្នាំ ២០២០ នេះ​ តម្លៃ​ភាគហ៊ុន​របស់ Tesla មាន​កើន​ឡើង​រហូត​ដល់ ២៦៩​% ឯណោះ ដែល​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​មាន​តម្លៃ​ថ្លៃ​ជាង​គេ​លើ​លោក​ អាច​នាំ​មុខ​ក្រុមហ៊ុន Toyota៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Hyundai ថ្មី ប្រើលេខដៃ តែអត់មានឈ្នាន់អំប្រ៊ីយ៉ា

Hyundai នឹងចេញលក់រថយន្ត Venue ថ្មីនៅប្រទេសឥណ្ឌាក្នុងពេលឆាប់ៗខាងមុខ ដោយបំពាក់ប្រអប់លេខដៃ ប៉ុន្តែអត់មានឈ្នាន់អំប្រ៊ីយ៉ាឡើយ។

ក្រុមហ៊ុនរថយន្តកូរ៉េខាងលើបានហៅប្រអប់លេខដៃដ៏ពិសេសនេះថា Intelligent Manual Transmission (iMT) ដែលគួបផ្សំរវាងប្រអប់លេខដៃ និងប្រអប់លេខអូតូ ទៅក្នុងប្រព័ន្ធតែមួយ។

រថយន្ត Hyundai Venue

ប្រអប់លេខដៃ iMT នេះ នឹងមានបំពាក់តែលើរថយន្ត Hyundai Venue ម៉ាស៊ីនសាំងចំណុះ ១,០លីត្រ Turbo កម្លាំង ១២០សេះប៉ុណ្ណោះ។

គួរឲ្យដឹងថា iMT ខាងលើ គឺដូចទៅនឹងប្រអប់លេខដៃធម្មតាអីចឹង ដោយមានកន្លែងដាក់លេខរាងអក្សរ H ៦វគ្គ សម្រាប់ទៅមុខ និងថយក្រោយ។ អ្នកបើកបរអាចដាក់លេខបានតាមចិត្តចង់ ដូចលើប្រអប់លេខដៃធម្មតាដទៃទៀតអីចឹង គ្រាន់តែរថយន្តនេះមានឈ្នាន់តែ ២ប៉ុណ្ណោះ គឺឈ្នាន់ហ្វ្រាំង និងឈ្នាន់ហ្គែរ។

យ៉ាងណាមិញ ក្រុមហ៊ុន Kia ដែលជាសាច់ញាតិរបស់ Hyundai ក៏ធ្លាប់បានប្រកាសដែរថា នឹងបំពាក់ប្រអប់លេខដៃពិសេសនេះលើរថយន្ត Sonet SUV របស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+