ផ្ទាំងផ្សាយពាណិជ្ជកម្ម

Peugeot E-3008 និង E-5008 ទទួលបានម៉ាស៊ីនកូនកាត់ Plug-in hybrid ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Peugeot បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Peugeot E-3008 និង E-5008 ប្រភេទ Plug-in hybrid ជាមួយតម្លៃលក់ចាប់ពី ៤២ ០៥០ ដុល្លារ ដល់ ៤៧ ៩៥០ ដុល្លារនៅទីផ្សារតំបន់អឺរ៉ុប ។

Peugeot E-3008 និង E-5008 ដំណើរការដោយប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ១៩២ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ព្រមទាំងអាគុយទំហំ ២១គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨៤គីឡូម៉ែត្រដោយប្រើថាមពលអគ្គិសនីសុទ្ធ។

សម្រាប់ Peugeot E-3008 និង E-5008 ផលិតឡើងនៅលើគ្រោងឆ្អឹងថ្មី STLA Medium architecture ដោយបានបំពាក់ជាស្តង់ដាររួមមាន ចង្កៀងមុខ-ក្រោយ LED ប្រើប្រាស់នៅថាសកង់ប្រភេទស្ព័រ Alloy Wheels ក៏ដូចជាកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ជាដើម ៕

Peugeot E-5008
Peugeot E-3008
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV ខ្នាតធំរបស់ក្រុមហ៊ុន Chery ទទួលបានលទ្ធផលផ្កាយ ៥ ក្នុងការធ្វើតេស្តសុវត្តិភាពពីប្រទេសអូស្រ្តាលី ANCAP

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ រថយន្ត Chery Tiggo 8 Pro Max ស៊េរីឆ្នាំ ២០២៤ បានទទួលនៅលទ្ធផលក្នុងការធ្វើតេស្តសុវត្តិភាពស្តង់ដាចេញពីអង្គភាពវាយតម្លៃប្រចាំប្រទេសអូស្រ្តាលី Australian NCAP ដោយទទួលបានចំណាត់ថ្នាក់ផ្កាយ ៥ ។

សម្រាប់ការធ្វើតេស្តសុវត្ថិភាពនេះដែរ រថយន្ត ប្រភេទ SUV ខ្នាតធំនេះ បានទទួលពិន្ទុទៅលើការ៖

  • ការពរអ្នកដំណើរពេញវ័យចំនួន ៨៨ ភាគរយ
  • ការការពារអ្នកដំណើរវ័យក្មេង ៨៧ ភាគរយ
  • មុខងារជំនួយការបើកបរ និងសុវត្ថិភាព ៨៦ ភាគរយ
  • ការការពារអ្នកថ្មើរជើង ឬអ្នកធ្វើដំណើរនៅតាមដងផ្លូវចំនួន ៧៩ ភាគរយ

គួរឲ្យដឹងថា ការធ្វើតេស្តសុវត្ថិភាពនៅក្នុងប្រទេសអូស្រ្តាលី ត្រូវបានធ្វើតេស្តបុកប៉ះនៅផ្នែកខាងមុខជាមួយល្បឿន ៦៤គីឡូម៉ែត្រក្នុងមួយម៉ោង រួមទាំងផ្នែកចំហៀងជាមួយបង្គោល ដែលមានមនុស្សជ័រពេញវ័យសម្រាប់ការធ្វើតេស្តនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo ស្នើសុំរដ្ឋាភិបាលរបស់ខ្លួននៅទឹកប្រាក់ ១,២ពាន់លានដុល្លារ សម្រាប់សាងសង់រោងចក្រផលិតអាគុយរថយន្តអគ្គិសនី

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volvo កំពុងស្នើសុំជំនួយរដ្ឋាភិបាលរបស់ខ្លួននៅចំនួនទឹកប្រាក់ប្រមាណស្មើនឹង ១,២ ពាន់លានដុល្លារសម្រាប់រោងចក្រអាគុយរថយន្តអគ្គិសនីដែលខ្លួនកំពុងសាងសង់ជាមួយក្រុមហ៊ុន Northvolt ។

រោងចក្រ​នេះកំពុង​សាងសង់​ ដោយ​ប្រតិបត្តិការ​រំពឹង​ថា​នឹង​ចាប់​ផ្តើម​នៅ​ឆ្នាំ ២០២៥ ជាមួយសមត្ថភាពផលិតថ្មប្រចាំឆ្នាំត្រូវបានគេរំពឹងថានឹងឡើងដល់ ៥០ជីហ្គាវ៉ាត់ម៉ោង គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់រថយន្តអគ្គិសនីប្រហែល ៥០០ ០០០ គ្រឿងក្នុងមួយឆ្នាំ រួមទាំងម៉ូដែលអគ្គិសនីសុទ្ធពីក្រុមហ៊ុន Volvo និង Polestar ។

Volvo រំពឹងថាផលិតផលអគ្គិសនីនឹងមានប្រហែល ៥០-៦០% នៃការលក់នៅឆ្នាំ ២០២៥។ ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសស៊ុយអែត ក៏បានផ្លាស់ប្តូរគោលការណ៍ផលិតផលរថយន្តអគ្គិសនីសុទ្ធទាំងស្រុងរបស់ខ្លួននៅឆ្នាំ ២០៣០ ដោយអាចប្តូរនៅពេលដែលលក្ខខណ្ឌទីផ្សារសមស្របមួយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chery Omoda C9 ប្រកាសដាក់បង្ហាញនៅម៉ាឡេសុី ទទួលជម្រើសម៉ាសុីនចំនួន២ ត្រៀមចេញលក់នៅចុងឆ្នាំនេះ

[បរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការប្រកាសគ្រោងដាក់បង្ហាញចេញលក់ជាផ្លូវការនូវរថយន្ត Chery Omoda C9 ក្នុងទីផ្សារប្រទេសម៉ាឡេសុី ខណៈតម្លៃលក់ខាងក្រុមហ៊ុនមិនទាន់ដាក់បង្ហាញចេញនៅឡើយទេ។

រថយន្ត Chery Omoda C9 ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹង M3X platform មានប្រវែងតួខ្លួនសរុប ៤ ៧៧៥ ម.ម ទទឹង ១ ៩២០ ម.ម កម្ពស់ ១ ៦៧១ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨០០០ ម.ម ដំណើរការដោយ៖

  • ម៉ាសុីនសុាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤សុីឡាំង អាចផលិតកម្លាំងបាន ២៦១ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ dual-clutch transmission (DCT) ចំនួន ៧វគ្គ និងប្រព័ន្ធបើកបរប៉ុង១ FWD។
  • ម៉ាសុីនកូនកាត់ plug-in hybrid ធ្វើការរួមគ្នារវាងម៉ាសុីនសុាំងចំណុះ ១,៥លីត្រ turbocharged ទំហំ ៤សុីឡាំង និងម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងសរុបបាន ៦១៩ សេះ និងកម្លាំងរមួល ៩២០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ dedicated hybrid transmission (DHT) ចំនួន ៣វគ្គ និងជម្រើសប្រព័ន្ធបើកបរប៉ុង១ FWD និងប៉ុង២ AWD។

សម្រាប់ការរចនាផ្នែកខាងក្រៅ រថយន្តនេះ ភ្ជាប់មកជាមួយប៉ាណាទំហំធំគ្មានស៊ុន ក៏ដូចជា ចង្កៀងមុខ-ក្រោយ LED ដែលបើក និងបិទដោយស្វ័យប្រវត្តិ ថាសកង់ស្ព័រទំហំ ១៨អ៊ីញ ទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី និងដៃទ្វារអគ្គិសនីជាដើម។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់ដោយអេក្រង់ភ្លោះទំហំធំរួមបញ្ជូលគ្នារវាងអេក្រង់កុងទ័រព៌ត័មានឌីជីថលនិងអេក្រង់កម្សាន្ត touchscreen អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto រួមទាំងឧបករណ៍បំពងសម្លេងកន្លែងសាកថ្មឥតខ្សែ ដំបូលកញ្ចក់ Panoramic Sunroof អំពូលបំភ្លឺ និងប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធជំនួយការបើកបរជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ផ្អាកផលិតឡានអគ្គិសនីសុទ្ធមួយម៉ូដែល និងដកបុគ្គលិក ២០០នាក់ ដោយសារបញ្ហានេះ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Volkswagen បានធ្វើការបញ្ឈប់ការផលិតនៅរថយន្តអគ្គិសនីសុទ្ធ VW ID.4 ស៊េរីថ្មីចុងក្រោយ ចាប់ពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ តទៅ បន្ទាប់ពីប្រមូលមកវិញចំនួន ៩៨ ៦០៦គ្រឿងដោយសារបញ្ហាដៃទ្វា ។

ជាមួយគ្នានេះ ក្រុមហ៊ុន VW បានបញ្ជាក់ថា ខ្លួននឹងផ្អាកការផលិត ID.4 រហូតដល់វាមានដំណោះស្រាយ ដោយការកំណត់ពេលវេលាមិនមានការកំណត់ជាក់លាក់នោះទេ ។ លើសពីនេះ និយោជិតប្រហែល ២០០ នាក់នឹងត្រូវបានដកចេញ ដោយម្នាក់ៗទទួលបាន ៨០% នៃប្រាក់ខែគោលរបស់ពួកគេ។

គួរឲ្យដឹងថា ការលក់នៅសហរដ្ឋអាមេរិកមានរបស់រថយន្តអគ្គិសនី ID.4 បានធ្លាក់ចុះយ៉ាងខ្លាំងនៅឆ្នាំនេះ ដោយមួយផ្នែកដោយសារតែការបញ្ឈប់ការលក់ ដោយនៅក្នុងត្រីមាសទីពីរ VW លក់បានត្រឹមតែ ៥ ៦៩០ គ្រឿងជាការធ្លាក់ចុះ ១៥% បើប្រៀបធៀបទៅនឹងត្រីមាសទី ២ ឆ្នាំ ២០២៣ និងត្រីមាសទីពីរជាប់គ្នានៃការធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nio ថា ពួកគេនឹងទិញរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន Audi ក្នុងប្រទេសបែលហ្សិក ដើម្បីកាត់បន្ថយពន្ធលើរថយន្តដែលនាំចូលពីប្រទេសចិន

យោងតាមការរាយការណ៍ថ្មីៗ បាននិយាយថា ក្រុមហ៊ុន Nio ដែលជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញរបស់ប្រទេសចិន កំពុងពិចារណាក្នុងការទិញរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន Audi នៅក្នុងទីក្រុង Vorst ប្រទេសបែលហ្សិក។

បច្ចុប្បន្ន រោងចក្រនេះ ត្រូវបានក្រុមហ៊ុន Audi ប្រើប្រាស់សម្រាប់ផលិតរថយន្ត Audi Q8 e-tron ដែលជារថយន្ត SUV អគ្គិសនី។ លើសពីនេះទៅទៀត ក្រុមហ៊ុន Audi ក៏មានគំរោងបញ្ចប់ការផលិតរថយន្ត និងបិតរោងចក្រនេះជាបណ្តោះអាស្ននក្នុងពេលខាងមុខនេះផងដែរ។

គួរឲដឹងថា ការទិញរោងចក្រផលិតរថយន្តរបស់ក្រុមហ៊ុន Audi នៅក្នុងទីក្រុង Vorst ប្រទេសបែលហ្សិក នេះនឹងក្លាយជាដំណោះស្រាយរបស់ក្រុមហ៊ុន Nio ក្នុងការជៀសវាងពន្ធ EV និងពន្ធទូទៅលើរថយន្តដែលនាំចូលពីប្រទេសចិន។ យ៉ាងណាមិញ ចំពោះការទិញរោងចក្ររបស់ក្រុមហ៊ុន Audi មិនមែនជារឿងងាយស្រួលទេ ដោយសារតែក្រុមហ៊ុន Audi និងក្រុមហ៊ុន Nio ធ្លាប់មានបញ្ហាជាមួយគ្នាតាមផ្លូវច្បាប់ជុំវិញសិទ្ធិប្រើប្រាស់ឈ្មោះ ES6 និង ES7 ដែលក្រុមហ៊ុន Audi បានអះអាងថាក្រុមហ៊ុន Nio បានរំលោភសិទ្ធិយកឈ្មោះរបស់ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ចេញឡានបោះតង់ថ្មី តម្លៃខ្ទង់ ១មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Honda បានធ្វើការដាក់បង្ហាញចេញលក់ជាផ្លូវការនៅរថយន្ត Honda N-Box Joy ប្រភេទ Van ខ្នាតតូច ជាមួយតម្លៃលក់ចាប់ពី ១២ ៨៩០​ ដុល្លារ ដល់ ១៥ ២០០ ដុល្លារ សម្រាប់ទីផ្សារប្រទេសជប៉ុន។

ទាក់ទងទៅនឹងរូបរាងផ្នែកខាងក្រៅ រថយន្តនេះ ត្រូវបានឌីស្សាញឡើងបែបប្រអប់ជ្រុងដោយផ្នែកខាងមុខបំពាក់ជាមួយប៉ាណាពណ៌ខ្មៅអមជាមួយឡូហ្គោ Honda នៅចំកណ្តាល និងចង្កៀងមុខ-ក្រោយ ប្រភេទ Halogen ព្រមទាំងប្រើប្រាស់់នូវថាសកង់ទំហំ ១៥អ៊ីញ៕

សម្រាប់ផ្នែកម៉ាសុីន រថយន្តនេះ ដំណើរការដោយម៉ាសុីនសុាំងចំណុះ 658 cc ទំហំ ៣សុីឡាំង អាចផលិតកម្លាំងបានចំនួន ៥៨សេះ ចំណែក Turbocharged វិញ អាចផលិតកម្លាំងបានចំនួន ៦៣សេះ និងមានភ្ជាប់មកជាមួយប្រអប់លេខ CVT និងជម្រើសប៉ុង១ FWD និងប៉ុង២ 4WD។

ចំពោះនៅផ្នែកខាងក្នុង ឌីស្សាញឡើងផ្តោតទៅលើភាពធំទូលាយជាធំ ដែលមានបំពាក់ជាមួយកៅអីចំនួន៤ ក៏ដូចជាអេក្រង់ព៌ត័មានឌីជីថលទំហំ ៧អ៊ីញ និងជម្រើសអេក្រង់កម្សាន្ត Touchscreen ទំហំ ៩អ៊ីញ និងកញ្ចប់ប្រព័ន្ធសុវត្ថិភាពមួយចំនួនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេធំ Ford ដាក់ចំៗថា ឡានអគ្គិសនីសុទ្ធរបស់ប្រទេសចិនកំពុងនាំមុខពួកយើង

[បរទេស] កាលពីពេលថ្មីៗនេះ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ford លោក Jim Farley បានពណ៌នាចំៗ រថយន្តអគ្គិសនីសុទ្ធ EV របស់ក្រុមហ៊ុនប្រទេសចិនថាជា ការគំរាមកំហែងដ៏មានឥទ្វិពល ដោយបញ្ជាក់ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ពួកគេ ព្រមទាំងអាចនាំមុខគេក្នុងផ្នែករថយន្តអគ្គិសនី ។

ការលើកឡើងបែបនេះ បន្ទាប់ពីលោកបានទៅប្រទេសចិនកាលពីឆ្នាំ ២០២៣ ដើម្បីទទួលយកបទពិសោធន៍ធ្វើតេស្តនៅរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Changan ប្រភេទ SUV ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុន Ford ។

គួរឲ្យដឹងថា នៅដើមខែកក្កដា ឆ្នាំ ២០២៤ លោក Farley បាននិយាយថា ម៉ាកយីហោនឹងត្រៀមចេញលក់រថយន្តអគ្គិសនីសុទ្ធខ្នាតតូចតម្លៃ ៣០ ០០០ ដុល្លារនៅដើមឆ្នាំ ២០២៧ ដែលត្រូវបានភលិតឡើងដើម្បីប្រកួតប្រជែងជាមួយនឹងជម្រើសដ៏គួរឲ្យទាក់ទាញចេញពីប្រទេសចិន ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Toyota Prius បំបែកកំណត់ត្រាពិភពលោក Guinness World Records ជារថយន្តសុីប្រេងតិចជាងគេ

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota បានប្រកាសថា រថយន្ត Toyota Prius បានបង្កើតកំណត់ត្រា Guinness World Records ក្នុងនាមជារថយន្តដែលសុីប្រេងទាបបំផុតពោល ៣៩,៦ គីឡូម៉ែត្រ នៅក្នុង ១លីត្រ។

ចំពោះកំណត់ត្រាថ្មីនេះ ត្រូវបានធ្វើឡើងដោយលោក Wayne Gerdes ដែលបានបើកបររថយន្ត Toyota Prius LE របស់ខ្លួនពីទីក្រុង Los Angeles ទៅទីក្រុង New York ដែលមានចម្ងាយសរុប ៥ ១៦៨ គីឡូម៉ែត្រ។ គួរបញ្ជក់ផងថា ការបើកបរនេះ ត្រូវបានឆ្លងកាត់ស្ថានភាពលំបាកជាច្រើន ដូចជាការបើកបរនៅកណ្តាលវាលខ្សាច់ Mojave ដែលមានសីតុណ្ហភាព ៤០,៥ ដឺក្រេ, ខ្យល់បក់បោកតាមឈូងសមុទ្រក្នុងប្រទេសម៉ិកស៊ិក និងការបើកបរឡើងភ្នំកម្ពស់លើសពី ២ ០០០ ម៉ែត្រ។

ក្នុងនោះការទទួលបានកំណត់ត្រាថ្មីនេះ បានបំបែកកំណត់ត្រាមុននៃការបើកបរក្នុងសហរដ្ឋអាមេរិកដែលដែលមានអត្រាសុីប្រេង ២៩,៧៦ គីឡូម៉ែត្រ នៅក្នុង ១លីត្រ។

គួរឲដឹងថា កំណត់ត្រាថ្មីនេះ គឺជាកំណត់ត្រាលើកទី៣០ របស់រថយន្ត Toyota Prius បន្ទាប់ពីចេញលក់រថយន្ត Toyota Prius សេរ៊ីឆ្នាំ២០២៣ នៅសហរដ្ឋអាមេរិក ដែលដំណើរការដោយម៉ាស៊ីន Hybrid ២,០លីត្រ ទំហំ ១៩៤សេះ និងមានអត្រាសុីប្រេង ២៤,២៣ គីឡូម៉ែត្រ នៅក្នុង ១លីត្រ (ស្តង់ដារ EPA)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ Toyota Tundra ស៊េរីឆ្នាំ២០២៥ ចេញលក់នៅអូស្រ្តាលី តម្លៃជិត ១០មុឺនដុល្លារ

[ទីផ្សារបរទេស] កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំទីផ្សារប្រទេសអូស្រ្តាលីបានប្រកាសថា ខ្លួននឹងចេញលក់ជាផ្លូវការនូវរថយន្តភីកអាប់ Toyota Tundra ស៊េរីឆ្នាំ២០២៥ នៅក្នុងខែចុងឆ្នាំ២០២៤ នេះ ខណៈតម្លៃប្រហែលចាប់ផ្តើមពី ៩៣ ៤០០ ដុល្លារ។

រថយន្តភីកអាប់ Toyota Tundra ដំណើរការដោយម៉ាស៊ីន i-Force Max Hybrid ធ្វើការរួមគ្នារវាងម៉ាស៊ីនសុាំងចំណុះ ៣,៥ លីត្រ Twin-Turbo V6 និងម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងសរុបបានចំនួន ៤៣៧ សេះ និងកម្លាំងរមួល ៧៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់មកជាមួយប្រអប់លេខអូតូ ១០វគ្គ, ប្រព័ន្ធបើកបរប៉ុង២ 4WD និងមានកម្រិតសុីប្រេង ១១,៧លីត្រ/១០០គ.ម។

ចំពោះផ្នែកខាងក្រៅរបស់ភីកអាប់ Toyota Tundra ថ្មីនេះ មានការរចនាប៉ាណាមុខថ្មីទំហំធំ ជាមួយនឹងកាងខាងមុខដែលបានរចនាថ្មីផ្តល់នៅរូបរាងហាប់ណែនជាងមុន ចង្កៀងមុខ-ក្រោយ LED រួមជាមួយការប្រើប្រាស់នូវថាសកង់ទំហំ ២០អ៊ីញ និងសំបកកង់ប្រភេទ Off-Road ជាដើម។ លើសពីនេះទៅទៀត រថយន្តនេះ ក៏មានសមត្ថភាពអូសសណ្តោងបាន ៤ ៥០០ គីឡូក្រាមផងដែរ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកជាមួយអេក្រង់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៊ីញ អាចប្រើប្រាស់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាអំពូល LED កៅអីម៉ាស្សា និងឧបករណ៏បំពងសម្លេង JBL ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+