ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG ចេញឡាន A35 និង CLA 35 ម៉ូដែលខួប ៥៥ឆ្នាំថ្មី តែងខ្លួនរឹតតែឡូយ

ឆ្នាំ២០២២ នេះ គឺជាខួបលើកទី៥៥ នៃផ្នែក AMG ហើយក្រុមហ៊ុន Mercedes ក៏បានយកឱកាសនេះដើម្បីបញ្ចេញរថយន្តម៉ូដែលពិសេសជាច្រើនដែរ ដូចជា G 63 Edition 55 ហើយឥឡូយនេះ A 35 Edition 55 និង CLA 35 Edition 55 ក៏បានបង្ហាញខ្លួនដែរ។

រថយន្ត Mercedes-AMG A35 Edition 55 និង CLA 35 Edition 55 ដែលបច្ចុប្បន្នដាក់ឲ្យបញ្ជាទិញលើទីផ្សារអឺរ៉ុប នឹងមានបំពាក់ Option “AMG Aerodynamics Package” ដែលរួមមានកាងកាត់ខ្យល់មុខ, កាងកន្ទុយត្រី និង កាងកាត់ខ្យល់ក្រោយ ផងដែរ។

ជាមួយគ្នានេះដែរ វាក៏មានបំពាក់ Option “AMG Night” និង “Night II Packages” ដែលតុបតែងខ្លួនរថយន្តពណ៌ខ្មៅ មើលទៅកាន់តែទាក់ទាញ។

មិនតែប៉ុណ្ណោះ ផ្នែកខាងក្នុងវាមាន Option កៅអី AMG Performance ដែលរំលេចថ្នេរដេរពណ៌ក្រហម ព្រមទាំងមានតែម “Edition 55” លើដៃចង្កូតប្រភេទ AMG Performance ទៀតផង។

សូមបញ្ជាក់ថា រថយន្តទាំងពីរម៉ូដែលនេះមានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០២សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៧វិនាទី និងមានល្បឿនអតិបរមា ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ត្រឹម១ត្រីមាស ឆ្នាំ២០២២ លុយចំណេញរបស់ Tesla ឡើងដល់ ៣,៣ ពាន់លានដុល្លារ ដោយសារហេតុផល ២យ៉ាង

ក្រុមហ៊ុន Tesla បានចែកចាយរថយន្តលើសចំនួនកំណត់ត្រាក្នុងត្រីមាសទី១ នៃឆ្នាំ ២០២២ ហើយបានប្រកាសពីប្រាក់ចំណេញខ្ពស់មិនធ្លាប់មានពីមុនមក។

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិចខាងលើ បានផលិតរថយន្តចំនួន ៣០៥ ៤០៧ គ្រឿង នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ និងបានចែកចាយរថយន្តចំនួន ៣១០ ០៤៨ គ្រឿង ក្នុងនោះមាន ២៩៥ ៣២៤ គ្រឿងជា Model 3 និង Model Y ខណៈនៅសល់ ១៤ ៧២៤ គ្រឿងទៀត គឺ Model S និង Model X។

បើប្រៀបធៀបជាមួយនឹងត្រីមាសទី១ ឆ្នាំ២០២១ Tesla បានចែកចាយរថយន្តត្រឹមចំនួន ១៨៤ ៨៧៧ គ្រឿងប៉ុណ្ណោះ និង ៣០៨ ៦៥០ គ្រឿងនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២១។

នៅពីក្រោយនៃការកើនឡើងចំនួនលក់ ដែលរកចំណូលបានមិនតិចជាង ១៨,៧៦ ពាន់លានដុល្លារ ក្រុមហ៊ុន Tesla បានប្រកាសប្រាក់ចំណេញនៅត្រីមាសទី ១ ចំនួន ៣,៣២ ពាន់លានដុល្លារ ពោលគឺច្រើនជាងប្រាក់ចំណេញ ២,៣ ពាន់លានដុល្លារ ដែលវាបានកត់ត្រានៅក្នុងត្រីមាសមុន និងខ្ពស់ជាងការរំពឹងទុករបស់កាសែត Wall Street ទៅទៀត។

មិនតែប៉ុណ្ណោះ Tesla បានបញ្ចប់ត្រីមាសទី១ ឆ្នាំ២០២២ ជាមួយនឹងសាច់ប្រាក់ និងសមមូលសាច់ប្រាក់ចំនួន ១៨ ពាន់លានដុល្លារ ហើយបានរាយការណ៍ពីប្រាក់ចំណូលក្នុងមួយហ៊ុនចំនួន ២,៨៦ដុល្លារទៀត។ មូលហេតុដែលធ្វើឲ្យ Tesla រកប្រាក់ចំណូល និងប្រាក់ចំណេញបានច្រើនបែបនេះ ក៏ដោយសារតែការដំឡើងថ្លៃរថយន្ត និងតម្រូវការរថយន្តកើនឡើងខ្ពស់ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូចង្កឹះលេខ Honda ស៊ីសាំងកាន់តែតិច ១ លីត្រ អាចរត់បានជិត ១០០ គ.ម តម្លៃខ្ទង់ ១ ពាន់ដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda ក៏បានចេញម៉ូតូ Future 125  ស៊េរីឆ្នាំ ២០២២ របស់ខ្លួន នៅលើទីផ្សារប្រទេសវៀតណាម ជាមួយនឹងរូបរាងស្អាត និងអ្វីដែលកាន់តែពិសេសនោះគឺសន្សំចំចៃសាំងរហូត ១,៥៤ លីត្រ អាចរត់បានចម្ងាយ ១០០ គ.ម។

ម៉ូតូចង្កឺះលេខ Honda Future 125 បានប្រើប្រាស់ម៉ាស៊ីនសាំង OHC ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង Air-Cooled ដំណើរការជាមួយនឹងប្រព័ន្ធប៊ិច PGM-FI injectors ចំណុះ ១២៥ សេសេ ផលិតកម្លាំង ៩,១សេះ និងកម្លាំងរមួល ១០,២ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់ចង្កះលេខ ៤ វគ្គ។ ខណៈដែលកម្រិតនៃការប្រើប្រាស់សាំងក្នុង ១,៥៤ លីត្រ អាចរត់បានចម្ងាយ ១០០ គ.ម។

ជាមួយគ្នានេះដែររូបរាងរបស់ម៉ូតូចង្កះលេខ Honda Future 125 រចនាទ្បើងស្រដៀងគ្នានឹង Wave ដោយវាបានបំពាក់នូវចង្កៀងមុខ-ក្រោយ LED, កុងទ័រសម្រាប់មើលព័ត៌មានល្បឿន ឬសាំង និងប្រព័ន្ធ Shutter key ដើម្បីសុវត្ថិភាពផងដែរ។

ម៉ូតូចង្កះលេខ Honda Future 125 ស៊េរីឆ្នាំ ២០២២ មានជម្រើស ៣ ម៉ូឌែលតម្លៃចាប់ពី ១​,២៩៤ ដុល្លារ  នៅលើទីផ្សារប្រទេសវៀតណាម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ចេញឡានអគ្គិសនី i7 xDrive60 ឆ្នាំ២០២៣ ថ្មី សាកម្តងជិះបានជិត ៥០០គ.ម៉ ឯតម្លៃជាង ១០ម៉ឺនដុល្លារ

ក្រុមហ៊ុន BMW បានបញ្ចេញរថយន្តម៉ូដែល i7 xDrive60 ថ្មី ដែលជាត្រកូល 7-Series ដំណើរការដោយថាមពលអគ្គិសនីដំបូងបង្អស់ ដោយសាកភ្លើងម្តងអាចជិះបាន ៣០០ម៉ាយ៍ ឬ ៤៨៣គីឡូម៉ែត្រឯណោះ។

BMW i7 xDrive60 ឆ្នាំ២០២៣ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៥៣៦សេះ និងកម្លាំងរមួល ៧៤៤ញ៉ូតុនម៉ែត្រ។ រថយន្តនេះអាចរត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលប្រហែល ៤,៥វិនាទី។

i7 xDrive60 បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ១០១,៧គីឡូវ៉ាត់ម៉ោង ហើយអាចសាកល្បឿនលឿនដល់ទៅ ១៩៥គីឡូវ៉ាត់ ដែល BMW អះអាងថា អាចបន្ថែមចម្ងាយបើកបរ ៨០ម៉ាយ៍ ឬ ១២៨គីឡូម៉ែត្រ ក្នុងពេលត្រឹមតែ ១០នាទីប៉ុណ្ណោះ។

សូមបញ្ជាក់ថា រថយន្ត BMW i7 xDrive60 ឆ្នាំ២០២៣ នឹងបើកឲ្យបញ្ជាទិញនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នេះ ហើយរំពឹងដឹកឲ្យអតិថិជននៅត្រីមាសទី៤ នៃឆ្នាំនេះតែម្តង ក្នុងតម្លៃចាប់ពី ១១៩ ៣០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru BRZ ឆ្នាំ២០២៣ ចេញតម្លៃលក់ថ្មី ចាប់ពី ២៨ ៥៩៥ដុល្លារ

ក្រុមហ៊ុន Subaru ទើបតែបានប្រកាសចេញនូវតម្លៃថ្មីសម្រាប់រថយន្ត BRZ ស៊េរីឆ្នាំ២០២៣ នៅលើទីផ្សារសហរដ្ឋអាមេរិក ដោយតម្លៃថ្មីគឺថ្លៃជាងមុនបន្តិច។

រថយន្ត Subaru BRZ ឆ្នាំ២០២៣ នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ២៨ ៥៩៥ដុល្លារ ពោលគឺថ្លៃជាងមុន ៦០០ដុល្លារ។ ថ្វីបើឡើងថ្លៃមែន ប៉ុន្តែវាហាក់បីដូចជាគ្មានអ្វីផ្លាស់ប្តូរនោះទេ។ ជាមួយគ្នានេះដែរ Subaru BRZ Limited ក៏បានឡើងថ្លៃ ៦០០ដុល្លារ ចាប៉ពី ៣១ ០៩៥ដុល្លារផងដែរ។

សូមបញ្ជាក់ថា រថយន្ត Subaru BRZ ឆ្នាំ២០២៣ នឹងបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២២៨សេះ និងកម្លាំងរមួល ២៤៩ញ៉ូតុនម៉ែត្រ។ វាប្រើប្រអប់លេខដៃ ៦វគ្គមកស្តង់ដារ ប៉ុន្តែក៏មាន Option ប្រអប់លេខអូតូ ៦វគ្គដែរ តម្លៃ ១ ៥០០ដុល្លារលើម៉ូដែល Premium និង ១ ៧០០ដុល្លារលើម៉ូដែល Limited។

គួរឲ្យដឹងដែរថា ចំពោះប្រភេទប្រើប្រអប់លេខអូតូ វានឹងមានបន្ថែមប្រព័ន្ធជំនួយការបើកបរជាច្រើន រួមទាំង adaptive cruise control, pre-collision braking, lane departure and sway warning និង lead vehicle start alert ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Lexus RZ ប្រកាសចេញជាផ្លូវការ មានម៉ូទ័រអគ្គិសនីភ្លោះមកជាស្តង់ដារ

[ទីផ្សារបរទេស] រថយន្ត Lexus RZ ត្រូវបានប្រកាសចេញជាផ្លូវការ ក្នុងនាមជារថយន្តដំបូងរបស់ Lexus ដែលមានប្រើប្រាស់គ្រោងឆ្អឹង e-TNGA ដែលជាគ្រោងឆ្អឹងផលិតឡើងជាពិសេសសម្រាប់រថយន្តអគ្គិសនីសុទ្ធ។

ត្បិតថាមានសាច់ឈាមជាបងប្អូនរបស់រថយន្ត Toyota bZ4x និងរថយន្ត Subaru Solterra ប៉ុន្តែ Lexus RZ មានរូបរាងខុសគ្នាមើលទៅបែបប្រណីតភាពជាង និងមានមុខងារទំនើបៗច្រើនជាង ថែមទាំងមានកម្លាំងខ្លាំងជាងថែមទៀតផង។

រូបរាងរបស់ Lexus RZ ត្រូវបាន Lexus បង្ហាញចេញជារឿយៗរួចមកហើយកាលពីប៉ុន្មានខែមុន ចំណែកផ្នែកខាងក្នុងមានបំពាក់នូវកាប៊ីនបើកបរឈ្មោះថា Lexus Tazuna ដែលមាននូវកុងទ័រឌីជីថលបំពាក់នៅខាងក្រោយនៃចង្កូតរថយន្តបែប Yoke-Style ដែលជាចង្កូត Option ហើយមាននូវអេក្រង់កម្សាន្តទំហំ ១៤អ៉ីញផងដែរ។

អ្វីដែលសំខាន់ រថយន្ត RZ មានមកជាស្តង់ដារនូវម៉ូទ័រអគ្គិសនីភ្លោះ ដែលអាចផលិតកម្លាំងបាន ២០១សេះនៅផ្នែកខាងមុខ និងផលិតកម្លាំងបាន ១០៧សេះនៅផ្នែកខាងក្រោយ ជាមួយកម្លាំងសរុប ៣០៩សេះ ហើយ Lexus ក៏បានណែនាំនូវប្រព័ន្ធគ្រប់គ្រងប្រព័ន្ធបើកបរប៉ុងពីរថ្មីផងដែរ។ កម្លាំងសរុបរបស់ RZ មានអនុភាពខ្លាំងជាងបើធៀបនឹងកម្លាំង ២១៥សេះ នៃម៉ូទ័រអគ្គិសនីភ្លោះលើរថយន្ត Toyota bZ4x និងរថយន្ត Subaru Solterra ដែលកម្លាំងរបស់ RZ អាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេល ៥,៦វិនាទី។

ផ្អែកតាមការប៉ាន់ស្មានរបស់ Lexus បានឲ្យដឹងថាអាគុយចំណុះ ៧១,៤kWh លើរថយន្ត RX នឹងអាចផ្ដល់ចម្ងាយបើកបរបានប្រមាណ ៤៥០គីឡូម៉ែត្រ ខណៈដែល Lexus Europe បានបញ្ជាក់ថាការធ្វើតេស្ត WLTP ជាមួយរថយន្តនេះអាចផ្ដល់ចម្ងាយបើកបរបានជាមធ្យម ៤០០គីឡូម៉ែត្រ។

គួរដឹងថា Lexus RZ 450e បានបើកទទួលការកក់ទិញជាផ្លូវការហើយតាមរយៈអនឡាញ ដោយតម្លៃលក់មិនទាន់ត្រូវបង្ហាញ ប៉ុន្តែច្បាស់ណាស់ថាវានឹងមានតម្លៃខ្ពស់ជាងរថយន្ត Toyota bZ4x ដែលនៅសហរដ្ឋអាមេរិកមានតម្លៃចាប់ពី ៤៨ ៧៨០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW និយាយត្រង់ៗថា Tesla លែងជាស្ដេចត្រាញ់ទីផ្សាររថយន្តអគ្គិសនីតទៀតហើយ

[ទីផ្សារបរទេស] ក្រុមហ៊ុន BMW បានធ្វើការសង្កេតយ៉ាងដឹតដល់លើទីផ្សាររថយន្តអគ្គិសនី ហើយពេលនេះក្រុមហ៊ុនជឿជាក់ថាអំណាចរបស់ Tesla លើទីផ្សាររថយន្តអគ្គិសនីគឺបានសាបរលាបហើយ។

ជាច្រើនឆ្នាំមកហើយដែល Tesla ឈានមុខគេលើរថយន្តអគ្គិសនី និងតែងតែលក់រថយន្តបានច្រើនជាងគូប្រជែង។ នៅឆ្នាំនេះដែរ BMW មានគម្រោងថានឹងលក់រថយន្តអគ្គិសនីឲ្យបាន ២០ម៉ឺនគ្រឿង កើនឡើងលើសឆ្នាំមុនពីរដង ហើយវាគឺជាផ្នែកមួយនៃផែនការធ្វើយ៉ាងណាឲ្យរថយន្តដែលក្រុមហ៊ុនលក់លើទីផ្សារ មានយ៉ាងតិច ៥០% ជារថយន្តអគ្គិសនីសុទ្ធ ដែលផែនការគ្រោងសម្រេចឲ្យបានត្រឹមឆ្នាំ២០៣០។

ពេលនិយាយជាមួយ Auto News នៅក្នុងកម្មវិធីសន្និសីទកាសែតនៅទីក្រុងញ៉ូវយក នាយកផ្នែកលក់របស់ BMW Group បានទទួលស្គាល់ថា Tesla មានចំណុចទាក់ទាញមួយដែលអាចលក់រថយន្តបានច្រើន ប៉ុន្តែពេលនេះលែងដូចមុនទៀតហើយ។

ទោះយ៉ាងណាបើតាមតួលេខចុះបញ្ជីរថយន្តនៅសហរដ្ឋអាមេរិក បង្ហាញថា BMW នៅចាញ់ប្រៀប​ Tesla នៅរយៈពេលដើមឆ្នាំ២០២២នេះ ដោយពីរខែដំបូង Tesla លក់រថយន្តបាន ៧១ ២៥០គ្រឿង ខណៈដែល BMW លក់រថយន្តបាន ៥៤ ២១០គ្រឿង។

ដើម្បីប្រកួតប្រជែងនឹង Tesla ផងដែរនោះ BMW បានប្រកាសចេញរថយន្តអគ្គិសនីសុទ្ធម៉ូដែល i4 និង iX ហើយក៏ត្រៀមនឹងប្រកាសចេញរថយន្ត i7 ឆាប់ៗផងដែរ។ នៅឆ្នាំ២០២៣ខាងមុខ BMW នឹងពង្រីកបន្ថែមជាមួយការប្រកាសចេញរថយន្តអគ្គិសនីនៃម៉ូដែល 5-Series រួមទាំងរថយន្ត Mini Countryman ប្រភេទអគ្គិសនីថែមទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទំនើបលែងនិយាយហើយ បើការសាកថ្មវិញ ១០នាទី ជិះបានចម្ងាយ ៣០០គីឡូម៉ែត្រ

[គំរូរថយន្ត] កាលពីថ្ងៃទី ១៩ កន្លងទៅនេះ ក្រុមហ៊ុន Audi ធ្វើការបង្ហាញចេញនូវគំរូរថយន្ត Urbansphere ដែលជាគំរូរថយន្តដែលមាន ការរចនាម៉ូដដូចគ្នាទៅនឹងរថយន្តគំរូ Audi skysphere ដែលបានបង្ហាញចេញកាលពីឆ្នាំមុន ប៉ុន្តែ Urbansphere ផ្តោតខ្លាំងទៅលើគ្រួសារ។

គំរូរថយន្ត Urbansphere បានបង្ហាញខ្លួនមកជាមួយការគាំទ្រនូវបច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិកម្រិតទី៤ ដែល Audi កំពុងអភិវឌ្ឍក្នុងភាពជាដៃគូជាមួយអ្នកឯកទេស CARIAD របស់ក្រុមហ៊ុន Volkswagen Group។

Urbansphere នឹងក្លាយជាម៉ូឌែល Crossover ដ៏ធំបំផុតរបស់ម៉ាកយីហោ ដោយវា​មាន​ប្រវែង ៥,៥ម៉ែត្រ ទទឹង ២,០១ម៉ែត្រ និង​កម្ពស់ ១,៧៨ម៉ែត្រ និង​មានប្រវែងនៃគម្លាតកង់ ៣,៤០ម៉ែត្រ។

រថយន្តនេះត្រូវបានបង្កើតឡើងដោយប្រើប្រាស់នូវគ្រោងឆ្អឹង PPE (Premium Platform Electric) និងបានបំពាក់មកជាជាមួយថាមពលអាគុយទំហំ ១២០គីឡូវ៉ាត់ម៉ោ។

បន្ថែមពីនេះ វាត្រូវបានបំពាក់ដោយម៉ូទ័រអេឡិចអគ្គិសនីចំនួនពីរដែលមានកម្លាំង ៣៩៥សេះ និងកម្លាំងបង្វិលអតិបរមា ៦៩០ញ៉ូតុនម៉ែត្រ ដែលអាចអនុញ្ញាតអោយរថយន្តបើកបរបានចម្ងាយសរុប ៧៥០គីឡូម៉ែត្រ។

យ៉ាងណាមិញ ចំពោះការសាកថ្មរថយន្តនេះអាចសាកថ្មល្បឿនលឿនDC ទំហំ ២៧០គីឡូវ៉ាត់ ជាមួយនឹងបច្ចេកវិទ្យា ៨០០វ៉ុល ដែលអាចសាកពីថាមពលថ្មដល់ ៨០% ប្រើរយៈពេល ២៥នាទី និងសាកថ្ម ១០ នាទីអាចបើកបរបានចម្ងាយ ៣០០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Mitsubishi Xpander ២០២២ ចេញលក់ជាផ្លូវការនៅប្រទេសថៃ ជាមួយតម្លៃខ្ទង់ ៣មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mitsubishi បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mitsubishi Xpander ស៊េរីឆ្នាំ ២០២២ ដោយមានពីរម៉ូដែលរួមមាន GLS-LTD ​មានតម្លៃចាប់ពី ២៣ ៦២៧ ថ្លៃជាងម៉ូដែលដើម ២៩៥ ដុល្លារ និងម៉ូដែល GT តម្លៃ ២៦ ៤៦១ ដុល្លារ  កើនឡើង ៩៤៦ ដុល្លារពីម៉ូដែលដើម នៅក្នុងទីផ្សារប្រទេសថៃ។

សម្រាប់រូបរាងផ្នែកខាងក្រៅនៃរថយន្ត Mitsubishi Xpander មុខមាត់ថ្មី វាត្រូវបានរចនាឡើងនៅពីមុខឲ្យឈ្មោះថា Advanced Dynamic Shield បំពាក់ដោយចង្កៀងមុខ halogen រចនាថ្មី ជាមួយនឹងចង្កៀងប្រភេទ LED dimmer, ចង្កៀងក្រោយប្រភេទ LED រាងអក្សរ T ត្រូវបានរចនាថ្មី ថាសកង់ស្ព័រពីរពណ៌ទំហំ ១៧ អ៊ីញ។ លើសពីនេះ ក៏មានការធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ suspension rear shock absorbers ដើម្បីបង្កើនការបើកបរឲ្យកាន់រលូន។

ចំពោះនៅខាងក្នុងវិញ ត្រូវបានដំឡើងកុងសូលរចនាបែបផ្ដេកថ្មី តុបតែងដោយពណ៌ត្នោត-ខ្មៅ កៅអីស្បែកមុខងារកម្តៅ ដៃចង្កូតរចនាបែបស្ព័រថ្មី, រន្ធសាក USB-A និង USB-C នៅកៅអីជួរទី២, រន្ធសាកថ្ម ១២ វ៉ុល នៅកៅអីជួរទី៣, ម៉ាស៊ីនត្រជាក់ពីរតំបន់ឌីជីថលជាមួយមុខងារ Max Cool, អេក្រង់កំសាន្ត touchscreen ទំហំ ៩អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto និង electric parking brake ជាមួយ Brake Auto Hold ជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Mitsubishi Xpander មុខមាត់ថ្មីនេះ វាត្រូវបានបំពាក់ដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ  MIVEC ទំហំ ៤ស៊ីឡាំង ដែលផលិតកម្លាំងបាន ១០៥ សេះ និងកម្លាំងរមួល ១៤១ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ CVT ជាមួយ មុខងារ Auto Stop & Go គាំទ្រជាមួយប្រភេទប្រេង E20៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តាមរូបភាព teaser នេះ រថយន្តភីកអាប់អគ្គិសនីខ្នាតធំ GMC Sierra Denali ថ្មីទំនងជាមានរូបរាងបែបនេះ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត GMC បានធ្វើការដាក់បញ្ចេញវីដេអូ teaser រយៈពេល ១៩ វិនាទី នៃរថយន្ត GMC Sierra Denali ថ្មីដែលជារថយន្តភីកអាប់អគ្គិសនីខ្នាតធំទី២ ដែលបានបង្ហាញយ៉ាងច្បាស់នៅផ្នែកខាងមុខនៃរថយន្ត ដោយមានភាពទំនើបទាន់សម័យជាមួយនឹងចង្កៀងមុខ LED នឹងការរចនាខ្លះយកលំនាំពីរថយន្ត Hummer EV ។

យោងតាមរូបភាព Teaser បានបង្ហាញយ៉ាងច្បាស់ពីការរចនាផ្នែកខាងមុខ ដោយបំពាក់ជាមួយប៉ាណាមុខដែលព័ទ្ធជុំវិញជាមួយនឹងបន្ទាត់ភ្លើងប្រភេទ LED bezel ត្រូវបានបំភ្លឺយ៉ាងលេចធ្លោដោយឡូហ្គោ GMC ពណ៌ក្រហម រួមជាមួយនឹងចង្កៀងមុខដែលមានរូបរាងលេខ ៧ ។

ចំពោះផ្នែកខាងក្នុងវិញ GMC Sierra EV ត្រូវបានរំពឹងថានឹងបំពាក់ជាមួយកុងទ័រព័ត៌មានឌីជីថលទំហំ ១១ អ៊ីញ, អេក្រង់កំសាន្ត​ touchscreen ទំហំ ១៧អ៊ីញ, អេក្រង់បង្ហាញលើកញ្ចក់ទំហំ ១៤ អ៊ីញជាដើម។

ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តបានបញ្ជាក់ថា GMC Sierra នឹងប្រើប្រាស់គ្រោងឆ្អឹង Ultium platform របស់រថយន្ត Hummer EV និងផលិតរថយន្តភីកអាប់នៅរោងចក្រ Factory Zero របស់ខ្លួននៅទីក្រុង Detroit និង Hamtram រដ្ឋ Michigan ។

ចំពោះផ្នែកម៉ាស៊ីនសម្រាប់ឆ្នាំម៉ូដែល Sierra Denali ឆ្នាំ ២០២៣ រំពឹងថាមានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួនពីរនៅក្នុងម៉ូដែលខ្ពស់បំផុត ឬប្រហែលជាទទួលបានម៉ូទ័រអគ្គិសនីចំនួន៣ ដែលផ្តល់កម្លាំងសរុប ១ ០០០ សេះ ស្រដៀងទៅនឹង Hummer EV Edition 1 ផងដែរ។

គួរបញ្ជាក់ផងដែរថា រថយន្តភីកអាប់អគ្គិសនី GMC Sierra Denali ថ្មីនេះ អាចនឹងបង្ហាញខ្លួននៅក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ ២០២២ ឬនិទាឃរដូវឆ្នាំ ២០២៣ ប៉ុន្មានខែបន្ទាប់ពីរថយន្ត Silverado EV ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+