ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក់ដាច់ពេក! ORA Good Cat ផ្អាក​ការ​កក់​ទុក​ជា​បណ្ដោះ​អាសន្ន​នៅ​ប្រទេស​ថៃ​ចាប់ពីថ្ងៃនេះតទៅ ដោយសារ​កង្វះ​បន្ទះ​ឈីប​

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Great Wall Motors បានធ្វើការប្រកាសថា ខ្លួននឹងឈប់ទទួលការកក់ទុកសម្រាប់រថយន្តអគ្គិសនី ORA Good Cat ទាំង៣ម៉ូដែលរួមមាន​ 400 TECH, 400 PRO និង 500 ULTRA ដោយសារតែកង្វះបន្ទះឈីប និងអាគុយដែលប៉ះពាល់ដល់បរិមាណផលិតកម្មបច្ចុប្បន្ន ចាប់ផ្តើមពីម៉ោង ០០.00 ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២២ តទៅ។

ក្នុងនោះ ក្រុមហ៊ុន Great Wall Motor ប្រចាំនៅប្រទេសថៃ បានបញ្ជាក់ថា រថយន្តអគ្គិសនី ORA Good Cat បច្ចុប្បន្នមានការកក់ទុកជាង ៣ ៥០០ គ្រឿងដែលកំពុងរង់ចាំការដឹកជញ្ជូន ហើយក្រុមហ៊ុនកំពុងប្រឹងប្រែងដើម្បីពន្លឿនការដឹកជញ្ជូនជាបណ្តើរៗដល់អតិថិជន។ ប៉ុន្តែដោយការវាយតម្លៃលទ្ធភាពនៃការចែកចាយជាមួយនឹងបរិមាណកក់ដែលកើនឡើងនាពេលបច្ចុប្បន្ន រួមទាំងផលប៉ះពាល់យ៉ាងខ្លាំងនៃស្ថានភាព Covid-19 ជុំវិញពិភពលោក និងប្រទេសចិន ដោយ​បាន​បណ្តាល​ឲ្យ​មាន​ការ​ខ្វះខាត​បន្ទះ​ឈីប និង​អាគុយជា​សាកល​តាំង​ពី​ឆ្នាំ​មុន។

គួរបញ្ជាក់ផងដែរថា សម្រាប់អតិថិជនដែលបានកក់ទុក ORA Good Cat នៅមុនកាលបរិច្ឆេទ និងពេលវេលានៃការប្រកាសជាផ្លូវការបានឈប់ទទួលការកក់ទុក ក្រុមហ៊ុន Great Wall Motor Thailand នឹងសហការជាមួយដៃគូរ ដើម្បីដឹកជញ្ជូនរថយន្តជូនអតិថិជនជាបណ្តើរៗ ឲ្យបានឆាប់តាមដែលអាចធ្វើបាន ស្របតាមពេលវេលាដែលបានបញ្ជាក់ដោយ ក្រុមហ៊ុន អតិថិជនដែលត្រូវបានចែកចាយនឹងមិនរងផលប៉ះពាល់តាមមធ្យោបាយណាមួយឡើយ ពីការឈប់ទទួលការកក់បែបនេះ។

គួរឲ្យដឹងថា កាលពីមុនក្រុមហ៊ុន Great Wall Motor Thailand ទើបតែបានកែសម្រួលតម្លៃលក់រថយន្តអគ្គិសនី ORA Good Cat បញ្ចុះតម្លៃ ៤ ៧៥២ ដុល្លារក្នុងមួយម៉ូដែល ចាប់តាំងពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២ ដែលជាលទ្ធផលនៃវិធានការគាំទ្រការប្រើប្រាស់ និងការផលិតរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ។ ដំណាក់កាលទី១ ជាលទ្ធផល តម្លៃលក់ត្រូវបានកាត់បន្ថយមកនៅត្រឹម ២៤ ៥២៩ ដុល្លារ ដល់ ៣០ ៧៤៧ ដុល្លារ ពីតម្លៃលក់ដើម ២៩ ២៨៦ ដុល្លារ ដល់ ៣៥ ៥០៤ ដុល្លារ ហើយរថយន្តជាង ១,១០៨ គ្រឿងត្រូវបានចែកចាយចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២១ ដល់ ខែកុម្ភៈ ឆ្នាំ ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណុច ៥យ៉ាងដែលអ្នកគួរដឹងអំពីរថយន្ត SsangYong Tivoli ឆ្នាំ២០២២

[៥ចំណុចពីឡាន] វិសាលភាពនៃការប្រើប្រាស់រថយន្តថ្មីនៅកម្ពុជាបាន និងកំពុងកើនឡើងយ៉ាងខ្លាំង ជាក់ស្តែងពុំថារថយន្តប្រភេទភីកអាប់, SUV ខ្នាតមធ្យម ឬ SUV ខ្នាតតូចនោះឡើយគឺពិតជាមានការកើនឡើងយ៉ាងខ្លាំង ប៉ុន្តែបើក្រឡេកមកមើលមួយរយៈពេលចុងក្រោយនៃកំណើននៃការប្រើប្រាស់រថយន្ត SUV ខ្នាតតូច ឬ Compact SUV ហាក់មានការផ្ទុះឡើងគួរអោយកត់សម្គាល់ ដូច្នេះហើយថ្ងៃនេះដែរ ខេមបូអូតូ សូមលើកយកនូវលក្ខណៈពិសេសៗ ៥យ៉ាង នៃរថយន្ត SUV ខ្នាតតូចមួយម៉ូឌែលរបស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងនោះគឺរថយន្ត SsangYong Tivoli 2022 ដើម្បីជួយអោយបងប្អូនងាយស្រួលដាក់ចូលក្នុងបញ្ជីដែលបងប្អូនកំពុងពិចារណា។

ចំណុចទី១ ទំហំ និងការរចនារូបរាងខាងក្រៅ៖ រថយន្ត Tivoli ឆ្នាំ2022 មានប្រវែងសរុប៤ ២២៥មម, ទទឹង ១ ៨១០មម, កម្ពស់ ១ ៦១៣មម, ប្រវែងគម្លាតកង់ ២ ៦០០មម និងកម្ពស់ពីដី ១៧៨មម។

ងាកទៅមើលការរចនានៅផ្នែកខាងក្រៅនៃរថយន្ត រថយន្តមានការឌីស្សាញ រឹងម៉ាំ និងទាក់ទាញទាន់សម័យ។ ដោយផ្នែកខាងមុខបានបំពាក់ជាមួយចង្កៀងប្រភេទ LED ភ្ជាប់ដោយប្រព័ន្ធកំណត់កម្ពស់ភ្លើង, អំពូលកាត់អ័ព្ទប្រភេទ LED, កញ្ជាក់ជំហៀងប្រភេទ LED ភ្ជាប់ដោយមុខងារក្តោបអូតូ, ថាសកង់ ១៨អ៊ីញ និងចង្កៀងក្រោយប្រើប្រាស់នូវអំពូលគុជ ប្រភេទ LED។

ចំណុចទី២ ការរចនា និងគ្រឿងបរិក្ខាផ្នែកខាងក្នុង៖ ដោយប្រវែងនៃគម្លាតកង់មានរហូតដល់ ២ ៦០០មម ដូច្នេះផ្នែកខាងក្នុងនៃកាប៊ីន អាចនិយាយបានថាមានសភាពទូលាយសមល្មមក្នុងការធ្វើដំណើរជាមួយសមាជិកចំនួន ៥នាក់។

បន្ថែមពីនេះផ្នែកខាងក្នុង រថយន្តនេះក៏បានប្រើប្រាស់ជាមួយស្បែក ដែលជួយបង្កើននូវបំណិតភាពផងដែរ បន្ថែមពីនេះរថយន្តនេះក៏បានបំពាក់មកជាមួយគ្រឿងបរិក្ខាដូចជាកៅអីផ្នែកខាងមុខជាប្រភេទអូតូ និងមានមុខងារក្តៅ-ត្រជាក់, កុងទ័របង្ហាញព័ត៌មាន TFT LCD ទំហំរហូតដល់ ១០,២៥អ៊ីញ, អេក្រង់កម្សាន្តទំហំ ៨អ៊ីញ ភ្ជាប់ដោយមុខងារ Apple carplay និង Android Auto, សោឆ្លាតវៃ និងប៉ូតុង Start/Stop Engine ងាយស្រួលក្នុងការបញ្ចេះ និងពន្លត់ម៉ាស៊ីនរថយន្ត, ម៉ាស៊ីនត្រជាក់ដោយស្វ័យប្រវត្តិ ២តំបន់ និងឧបករណ៍បំពងសម្លេងចំនួន ៦ចំណុចផងដែរ។

ចំណុចទី៣ ថាមពលម៉ាស៊ីន៖ រថយន្ត SsangYong Tivoli ឆ្នាំ2022 ដំណើរការដោយម៉ាស៊ីន GDI-Turbo ចំណុះ 5លីត្រ ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបានរហូតដល់ ១៦៥ps និងកម្លាំងរមួល ២៦០ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៦វគ្គអូតូ និងមានកម្រិតស៊ីប្រេងជាមធ្យម ៧,៥លីត្រ ក្នុងរយៈចម្ងាយនៃការបើបរ ១០០គ.ម។

ចំណុចទី៤ ប្រព័ន្ធសុវត្ថិភាព៖ បើក្រឡេកទៅមើលប្រព័ន្ធសុវត្តិ និងជំនួយការបើកបរវិញរថយន្ត Tivoli បានបំពាក់មកជាមួយ

  • សេនស័រមុខ-ក្រោយចំនួន ៨គ្រាប់
  • ពោងសុវត្ថិភាពចំនួន ៦ចំណុច
  • សេនស័រចាប់ទឹកភ្លើង និងផ្លិតទឹកអូតូ
  • ប្រព័ន្ធចាក់សោទ្វាដោយស្វ័យប្រវត្តិ Auto Lock

  • ប្រព័ន្ធកាំមេរ៉ាជំនួយចូលចត និងប្រព័ន្ធជំនួយពេលចូលចត Parking Assist System
  • ប្រព័ន្ធហ្វ្រាំង ABS ជួយមិនអោយហ្វ្រាំងអូសកង់នៅពេលបញ្ឈប់រថយន្តក្នុងស្ថានភាពអាសន្ន
  • ប្រព័ន្ធគ្រប់គ្រងលំនឹងនៅពេលបើកផ្លូវកោង
  • ប្រព័ន្ធផ្តល់ផ្តល់សញ្ញាពេលមានអាសន្នដល់អ្នកបើកបរនៅពីក្រោយ
  • ប្រព័ន្ធទប់លំនឹងពេលចុះចំណោត
  • ប្រព័ន្ធទប់លំនឹងពេលឡើងចំណោត

ចំណុចទី៥ ចុងក្រោយ គឺតម្លៃ៖ សម្រាប់ទីផ្សារនៅប្រទេសកម្ពុជារថយន្ត SsangYong Tivoli ឆ្នាំ2022 ផ្តល់នូវជម្រើសចំនួន ២ប្រភេទគឺ Luxury មានតម្លៃចាប់ពី ២៩ ៩០០ដុល្លារ និងប្រភេទ Premium មានតម្លៃចាប់ពី ៣៣ ៩០០ដុល្លារ។

ទាំងនេះគឺជាអ្វីដែលមាននៅលើរថយន្ត SUV ខ្នាតតូច SsangYong Tivoli ឆ្នាំ2022។ យ៉ាងណាមិញសម្រាប់ព័ត៌មានដែលបានបង្ហាញនេះអ្វីដែលក្រុមការងារខេមបូអូតូបានសិក្សាស្រាវជ្រាវ ដូច្នេះសម្រាប់ព័ត៌មានលម្អិតបន្ថែមបងប្អូនអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុនដោយផ្ទាល់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អេមណាស់! Honda ចេញម៉ូតូចងឹ្កះលេខបែប Classic ងាយស្រួលជិះធ្វើដំណើរ Off-Roads

[ទីផ្សារបរទេស] ថ្មីៗនេះក្រុមហ៊ុនផលិតម៉ូតូ Honda បានធ្វើការបញ្ចេញនូវម៉ូឌែលថ្មី CL500 ប្រភេទ Classic Scramble ដែលបរាងស្អាតបែប Classic, ម៉ាស៊ីនខ្លាំង និងងាយស្រួលជិះធ្វើដំណើរតាមផ្លូវធម្មតា និង Off-Roads នៅលើទីផ្សារក្នុងប្រទេសជប៉ុន។

រូបរាងម៉ូតូ Honda CL500 ទទួលបានការចចនាទ្បើងបែប Classic សម្រាប់អ្នកចូលចិត្តការធ្វើដំណើរ Off-Roads បែបផ្សងព្រេង បោះតង់ ស្ទួចត្រី និងជិះចូលព្រៃជាដើម។  ខណៈដែលម៉ូតូចង្កឹះលេខ Honda CL500 នេះបានដែលមកជាមួយនឹងចង្កៀងមុខដែលនៅខាងក្នុងមានអំពូលតូច LED ៤ គ្រាប់រចនាទ្បើងរូបរាងមូលនៅចំកណ្តាលមុខ, កុងទ័រឌីជីថលសម្រាប់មើលព័ត៌មានពេលបើកបរ, ថាសកង់ស្ព័រ ជាមួយនឹងសំបកកង់ធំៗ។

ម៉ូតូ Honda CL500 នឹងប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ៤៧១ សេសេ ផលិតកម្លាំង ៤៦,៩សេះ និងកម្លាំងរមួល ៤៣ ញ៉ូតុនម៉ែត្រ និងភ្ជាប់ជាមួយនឹងប្រអប់ចង្កឹះលេខ ៦ វគ្គ ដែលអាចបង្កើតល្បឿនកំពូល ១០៩ គីទ្បូម៉ែត្រក្នុងរយៈពេល ១ ម៉ោង។  យ៉ាងណាមិញចំពោះម៉ូតូ Honda CL500 មិនទាន់មានព័ត៌មានណាមួយបានបញ្ជាក់អំពីតម្លៃនៅទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូ Off-Roads ផ្សងព្រេង របស់ Suzuki កាន់តែកាច និងម៉ាស៊ីនកាន់តែខ្លាំង

[ទីផ្សរបរទេស] ក្រុមហ៊ុនផលិតម៉ូតូ Suzuki បានបញ្ចេញនូវម៉ូឌែល V-Strom 250 SX ស៊េរីឆ្នាំ ២០២២ ប្រភេទចង្កះលេខអំប្រ៊ីយ៉ា លក្ខណៈបែប Off-Roads ផ្សងព្រេង ជាមួយនឹងរូបរាងកាច និងម៉ាស៊ីនកាន់តែខ្លាំង សម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌា។

ម៉ូតូចង្កះលេខអំប្រ៊ីយ៉ា V-Strom 250 SX បានប្រើប្រាស់ម៉ាស៊ីនសាំង SOHC ចំណុះ ២៤៩សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង Oil-Cooled ផលិតកម្លាំង ២៦,៥សេះ និងកម្លាំងរមួល ២២,២ញ៉ូតុនម៉ែត្រ ហើយភ្ជាប់ជាមួយនឹងប្រអប់លេខ ៦ វគ្គ។ ខណៈដែលធុងសាំងរបស់ម៉ូតូចង្កះលេខអំប្រ៊ីយ៉ានេះអាចផ្ទុកបានចំណុះរហូតដល់ ១២ លីត្រ។

ដោយទ្បែកចំពោះឌីហ្សាញនៃម៉ូតូ V-Strom 250 SX រចនាទ្បើងបែបស្ព័រ លក្ខណៈ Off-Roads ផ្សងព្រេងដោយវាបានបំពាក់នូវកុងទ័រឌីជីថល LCD ដែលអាចភ្ជាប់ Bluetooth ជាមួយនឹងទូរស័ព្ទរបស់អ្នកបើកបរ ក្នុងការបង្ហាញសារ Call, Navigation និងពេលវេលាមកដល់ដែលប៉ាន់ស្មាន នឹងទៅដល់គោលដៅរបស់យើង។ បន្ថែមពីនេះម៉ូតូ Suzuki V Strom ក៏បានបំពាក់មកជាមួយនឹងចង្កៀងមុខ-ក្រោយ LED, រន្ធសាក USB ឬទូរស័ព្ទ និងប្រព័ន្ធហ្វាំ្រង ABS កម្រិតខ្ពស់ស្តងដាររបស់ក្រុមហ៊ុន Suzuki ផងដែរ។

ម៉ូតូ V-Strom 250 SX ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ២ ៧៦៦ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសឥណ្ឌា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota បានវិនិយោគទឹកប្រាក់ប្រមាណ ៣៨៣ លានដុល្លារ ក្នុងការផលិតម៉ាស៊ីន ៤ ស៊ីឡាំងនៅសហរដ្ឋអាមេរិក

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការបណ្តាក់ទុនទឹកប្រាក់យ៉ាងច្រើនក្នុងរោងចក្រនៅសហរដ្ឋអាមេរិករបស់ខ្លួនក្នុងការរៀបចំសម្រាប់ការផលិតម៉ាស៊ីន ៤ ស៊ីឡាំងថ្មី។

ជាមួយទឹកប្រាក់ ៣៨៣ លានដុល្លារ នឹងត្រូវវិនិយោគលើរោងចក្រផលិតនៅសហរដ្ឋអាមេរិក ដើម្បីផលិតម៉ាស៊ីន ៤ ស៊ីឡាំង ដែលនឹងត្រូវបានប្រើនៅក្នុងម៉ូដែលប្រើថាមពលចំហេះក្នុង ក៏ដូចជាម៉ាស៊ីន hybrid ផងដែរ។ ប្រាក់នឹងត្រូវបែងចែករវាងរោងចក្រផលិតម៉ាកចំនួនបួន ហើយនីមួយៗនឹងបំពេញកិច្ចការជាក់លាក់មួយ។

នៅរោងចក្រ Huntsville Alabama នឹងទទួលបានចំណែកធំបំផុតនៃការវិនិយោគ ២២២ លានដុល្លារដើម្បីបង្កើតខ្សែសង្វាក់ផលិតកម្មថ្មី ៤ស៊ីឡាំងសម្រាប់ទាំងជម្រើសម៉ាស៊ីនចំហេះក្នុង និងម៉ាស៊ីនកូនកាត់ផងដែរ។ បច្ចុប្បន្ន រោងចក្រនេះមានសមត្ថភាពផលិតម៉ាស៊ីនចំនួន ៩០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ។

សម្រាប់ទឹកប្រាក់ ១០៩ លានដុល្លារនឹងត្រូវវិនិយោគនៅក្នុងរោងចក្រ Troy រដ្ឋ Missouri ដើម្បីផ្តល់ឧបករណ៍ថ្មីសម្រាប់ផលិតក្បាលស៊ីឡាំង ខណៈដែលរោងចក្រ Jackson, Tennessee នឹងទទួលបាន ៣៦ លានដុល្លារដើម្បីសាងសង់ប្លុកម៉ាស៊ីនបួនស៊ីឡាំងថ្មី។

រីឯទឹកប្រាក់ចុងក្រោយ ១៦ លានដុល្លារនឹងផ្តល់ទៅរោងចក្រដ៏ធំបំផុតរបស់ក្រុមហ៊ុន Toyota នៅ Georgetown រដ្ឋ Kentucky ដើម្បីពង្រីកការផលិតម៉ាស៊ីនបន្ថែមទៀត។ រោងចក្រនេះបានទទួលការវិនិយោគចំនួន ៤៦១ លានដុល្លារក្នុងខែតុលា ឆ្នាំ ២០២១ ហើយបច្ចុប្បន្នផលិតបានប្រហែល ៦០០ ០០០ គ្រឿងក្នុងមួយឆ្នាំសម្រាប់ទាំងម៉ូដែល Toyota និង Lexus ។

គួរបញ្ជាក់ផងដែរថា​បច្ចុប្បន្ននេះ Toyota មានម៉ាស៊ីនបួនស៊ីឡាំងមួយចំនួននប៉ុណ្ណោះ នៅម៉ាស៊ីនចំណុះ ១,៨ លីត្រ ២,០ លីត្រ និង ២,៥​ លីត្រ ។ ទន្ទឹមនឹងនេះ ការវិនិយោគបង្ហាញថាម៉ាកយីហោជប៉ុនកំពុងធ្វើការលើម៉ាស៊ីនថ្មី ប៉ុន្តែ Toyota បានបដិសេធមិនផ្តល់ព័ត៌មានបន្ថែមណាមួយឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អុញ! Tesla លែងដាក់ខ្សែសាកភ្លើង ហើយបែរដាក់លក់វិញ ព្រោះហេតុផលនេះ

ប្រសិនបើអ្នកទិញរថយន្ត Tesla ថ្មី ហើយមើលឃើញថាឃ្លុបក្រោយវារៀងទូលាយៗជាងមុនបន្តិច នោះសូមកុំភ្ញាក់ផ្អើលឲ្យសោះ ដោយសារតែក្រុមហ៊ុនផលិតរថយន្តអគ្គិសនីអាមេរិកមួយនេះ លែងដាក់ខ្សែសាកភ្លើងមកជាមួយរថយន្តទៀតហើយ។

លោក Elon Musk ដែលជា CEO ក្រុមហ៊ុន Tesla បានបញ្ជាក់ដំណឹងនេះលើបណ្តាញសង្គម Twitter ដោយអះអាងថា ការប្រើប្រាស់ខ្សែសាកភ្លើងដែលភ្ជាប់មកជាមួយរថយន្ត គឺនៅមានតិចតួច។

ជាមួយគ្នានេះ ក្រុមហ៊ុន Tesla ជឿជាក់ថា អ្នកប្រើប្រាស់ភាគច្រើនបានដំឡើងឆ្នាំងសាកជាប់ជញ្ជាំង (wallbox) នៅផ្ទះ ឬ ប្រើប្រាស់ស្ថានីយសាកភ្លើង Tesla Supercharger ខណៈឧបករណ៍សាកភ្លើងទាំង ២ ប្រភេទនេះសុទ្ធតែមានភ្ជាប់ខ្សែសាកមកស្រាប់តែម្តង។

មិនតែប៉ុណ្ណោះ លោក Musk ក៏បានលើកទឹកចិត្តឲ្យម្ចាស់រថយន្ត Tesla ដំឡើងកន្លែងសាកភ្លើងនៅផ្ទះ ប៉ុន្តែក៏បានបន្ថែមថា បើអតិថិជនចង់ទិញខ្សែសាកភ្លើង គឺអាចរកបានតាមហាងរបស់ Tesla ក្នុងតម្លៃ ២០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន SUV អ៊ីតាលីថ្មីនេះ រាងប្លែកខ្លាំង តែកម្លាំងវិញខ្លាំងជាង Lamborghini Urus ទៀត!

Aznom Palladium គឺជារថយន្ត SUV របស់អ៊ីតាលី ដែលមានរូបរាងចម្លែកខុសពី SUV ដទៃទៀត ហើយថ្មីៗនេះវាបានបញ្ចេញម៉ូដែលពិសេស ផលិតតែ ១គ្រឿងគត់ ជាមួយនឹងជម្រើសម៉ាស៊ីនមិនធម្មតា។

ជាទូទៅ រថយន្ត Aznom Palladium ទាំងអស់ ត្រូវបានផលិតផ្អែកតាមរថយន្ត RAM 1500 ហើយមានបំពាក់ម៉ាស៊ីនចំណុះ ៥,៧លីត្រ V8 មានកម្លាំង ៧០០សេះ និងកម្លាំងរមួល ៩៥០ញ៉ូតុនម៉ែត្រ។ កម្លាំងប៉ុណ្ណេះ អាចឲ្យ SUV ដ៏ធំខាងលើ រត់ពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,៥វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមាដល់ទៅ ២១០គីឡូម៉ែត្រក្នុងមួយម៉ោង។

ទោះបីជាយ៉ាងណាក៏ដោយ កម្លាំង ៧០០សេះនេះ នៅមិនគ្រប់គ្រាន់ឡើយសម្រាប់អតិថិជនម្នាក់ រហូតធ្វើឲ្យក្រុមហ៊ុន Aznom សម្រេចចិត្តបំពាក់ម៉ាស៊ីនចំណុះ ៦,៤លីត្រ Hemi V8 ឲ្យទៅ Palladium សម្រាប់ធ្វើជាម៉ូដែលពិសេស one-off តែម្តង។

ម៉ាស៊ីនចំណុះ ៦,៤លីត្រ Hemi V8 ខាងលើ បានបំពាក់ជាមួយនឹង turbocharger ចំនួន ២ ដែលអាចឲ្យវាបង្កើតកម្លាំងបានសរុប ៨៥០សេះ និងកម្លាំងរមួល ១ ០៥០ញ៉ូតុនម៉ែត្រ ហើយដំណើរការដោយប្រអប់លេខអូតូ ៨វគ្គ និងប៉ុងពីរដូចគ្នាដែរ។ Aznom មិនបានបញ្ជាក់ពីល្បឿនពី ០-១០០ របស់វាទេ ប៉ុន្តែបង្ហាញថា វាមានល្បឿន Top Speed ដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។

គួរឲ្យដឹងថា ក្រុមហ៊ុន Aznom នឹងផលិតរថយន្ត Palladium តែ ១០គ្រឿងគត់ ហើយក្នុងនោះមានតែ ១គ្រឿងប៉ុណ្ណោះ នឹងប្រើម៉ាស៊ីន twin-turbo ចំណុះ ៦,៤លីត្រ Hemi V8 ខណៈតម្លៃរបស់វាយ៉ាងហោចណាស់ ១,៥លានដុល្លារឯណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai Staria ចេញប្រភេទបោះតង់

[ទីផ្សារបរទេស] ចាប់តាំងពីការប្រកាសចេញកាលពីឆ្នាំ២០២១មក រថយន្តវ៉ែន Hyundai Staria បានចេញលក់ប្រភេទថ្មីៗជាច្រើន មានតាំងពីប្រភេទ២កៅអី ដល់១១កៅអី និងថែមទាំងមានប្រភេទ១៥កៅអីជាប្រភេទរថយន្តដឹកសិស្សថែមទៀតផង។ ពេលនេះរថយន្តនេះមានបន្ថែមប្រភេទថ្មីមួយទៀតហើយ ឈ្មោះថា Staria Lounge Camper។

Staria Lounge Camper ដែលត្រូវបានប្រកាសចេញដំបូងសម្រាប់ទីផ្សារប្រទេសកូរ៉េខាងត្បូង មានចែកចេញជាប្រភេទ Camper 4 និង Camper 11 ដែលមានបំពាក់ចំនួនកៅអីខុសៗគ្នា។

យ៉ាងណាប្រភេទទាំងពីរ មានបំពាក់តង់ដែលអាចបើកចេញតាមបែបអេឡិចត្រូនិច និងមាននូវពូកខ្យល់មកជាមួយថែមទៀតផង។ លើសពីនេះក៏មាននូវទូទឹកកកចំណុះ ៣៦លីត្រ, មានឈុតសីងលាងសម្អាត, មានជាតុដែលអាចបត់បាន និងមានធ្នើសម្រាប់ដាក់ឥវ៉ាន់ផងដែរ។

ជាងនេះទៅទៀតវាក៏មាននូវរន្ធសម្រាប់តភ្ជាប់ទឹកសម្រាប់មុជ និងមានរន្ធសាកថ្មជាច្រើននៅផ្នែកខាងក្រោយរថយន្ត។ ម្ចាស់រថយន្តអាចបើកចំហរទ្វាររថយន្តខាងក្រោយបានដោយមិនបារម្ភពីសត្វល្អិតចូល ដោយសារតែរថយន្តនេះមានសំណាញ់ការពារមកជាមួយថែមទៀត។ នៅផ្នែកខាងក្នុងមានទំហំធំទូលាយ អាចឲ្យមនុស្សពីរនាក់គេងបានដោយស្រួលផងដែរ។

រថយន្ត Camper 11 មានដាក់លក់ក្នុងតម្លៃប្រមាណ ៤០ ០០០ដុល្លារ ខណៈដែលរថយន្ត Camper 4 ដែលមានប្រណីតភាពជាង មានដាក់លក់តម្លៃចាប់ពីប្រមាណ ៥៥ ៤០០ដុល្លារ ដោយអតិថិជនអាចបន្ថែមកញ្ចប់ថវិកាដើម្បីទទួលបានប្រព័ន្ធបើកបរប៉ុងពីរ ឬមុខងារពិសេសៗដទៃទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford មិនចែកឡាន Ranger Raptor ឲ្យទៅ Volkswagen ឡើយ

[ទីផ្សារបរទេស] វាមិនមែនជាអាថ៌កំបាំងនោះទេដែល Ford និង Volkswagen បានសហការគ្នាក្នុងការអភិវឌ្ឍន៍រថយន្តភីកអាប់ជំនាន់ថ្មី ដូចជារថយន្ត Ranger ជំនាន់ថ្មី និងរថយន្ត Amarok ជំនាន់ថ្មីដែលមានប្រើប្រាស់គ្រោងឆ្អឹងដូចគ្នាជាដើម។

យ៉ាងណាក្ដី បើងាកទៅមើលរថយន្ត Ranger Raptor វិញ Ford ហាក់មិនមានបំណងសហការផលិត ឬចែករំលែកគ្រោងឆ្អឹងរថយន្តនេះទៅឲ្យក្រុមហ៊ុន Volkswagen ប្រើប្រាស់នោះឡើយ។ ជាក់ស្ដែង អ្នកចាត់ការផ្នែកកម្មវិធីសម្រាប់ផ្នែក Icons and Ford Performance ឈ្មោះថា Ali Jammoul បាននិយាយថាជាមួយសារព័ត៌មាន Cars Guide  និងបានបញ្ជាក់ថា Ford មិនមានបំណងចែករំលែក Raptor ជាមួយ Volkswagen ឡើយ។

កន្លងមក មានដំណឹងចចាមអារ៉ាមថា Volkswagen បានទាក់ទង Ford ក្នុងការបង្កើតរថយន្ត Amarok ប្រភេទមហាកម្លាំង ដូចជារថយន្ត Ranger Raptor ប៉ុន្តែពេលនេះមានការបញ្ជាក់ច្បាស់ហើយថាក្រុមហ៊ុនទាំងពីរនឹងមិនសហការគ្នាលើការងារនេះឡើយ។ ប៉ុន្តែក៏មានដំណឹងមកថា Volkswagen បានសហការជាមួយក្រុមហ៊ុនផ្សេងដើម្បីផលិតរថយន្ត Amarok មហាកម្លាំង ដោយសហការជាមួយក្រុមហ៊ុន Walkinshaw ឯណោះ។

ប្រសិនដំណឹងទាក់ទងនឹងក្រុមហ៊ុន Walkinshaw ជាការពិត VW អាចនឹងប្រើម៉ាស៊ីនចំណុះ ៣,០លីត្រ ៦ស៊ីឡាំង ប្រភេទម៉ាស៊ូតដដែល ប៉ុន្តែទំនងជាបង្កើតកម្លាំងសេះឲ្យខ្លាំងជាងមុន ព្រោះថាកម្លាំងត្រឹម ២៦៨សេះ គឺមិនទាន់គ្រប់គ្រាន់ឡើយ។ រថយន្តម៉ាស៊ីនធំជាងគេដែល VW មានលក់នៅអាមេរិក គឺរថយន្ត Atlas ដែលប្រើម៉ាស៊ីន ៣,៦លីត្រ ៦ស៊ីលាំង និងផលិតកម្លាំងបាន ២៧៦សេះ។

យ៉ាងណាក្ដី VW មានសិទ្ធប្រើប្រាស់ម៉ាស៊ីនច្រើនប្រភេទនៅក្នុងសម្ព័ន្ធក្រុមហ៊ុម VW Group ហើយម៉ាស៊ីនប្រភេទ Turbocharged បំពាក់លើរថយន្ត Amarok មហាកម្លាំង នឹងអាចឲ្យរថយន្តនេះប្រជែងនឹង Ranger Raptor បាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តអគ្គិសនី Hyundai loniq 5 ត្រៀមអង្រួនទីផ្សារនៅវៀតណាមសប្តាហ៍ក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai គ្រោងនឹងដាក់បង្ហាញចេញនៅរថយន្តអគ្គិសនី Hyundai loniq 5 នៅប្រទេសវៀតណាមនៅសប្តាហ៍ក្រោយ ប៉ុន្តែពេលវេលាជាក់លាក់មិនត្រូវបានបង្ហាញនោះទេ។ ក្នុងនោះត្រូវបានគេដឹងថាម៉ូដែលនេះត្រូវបាននាំយកមកក្នុងគោលបំណងបង្ហាញដល់អ្នកប្រើប្រាស់និងការស្រាវជ្រាវទីផ្សារ។

សម្រាប់រថយន្តអគ្គិសនី Ioniq 5 គឺជាត្រកូល Ioniq របស់ក្រុមហ៊ុន Hyundai ។ ទន្ទឹមនឹងនេះ Ioniq 5 ត្រូវបានគេមើលឃើញថាជាការចាប់ផ្តើមរបស់ក្រុមហ៊ុន Hyundai ដែលបង្ហាញថាក្រុមហ៊ុនពិតជាមានភាពខ្លាំងក្លានៅក្នុងវិស័យរថយន្តអគ្គិសនី ជាមួយការរចនាបែប Retro-futuristic ខាងក្នុងទំនើប និងគ្រឿងបរិកា្ខដ៏ប្រណិត គឺជាភាពទាក់ទាញនៃម៉ូដែលនេះ។

ចំពោះរថយន្តអគ្គិសនី Hyundai Ioniq 5 មានប្រវែងសរុប ៤ ៦៣៥ ម.ម ទទឹង ១ ៨៩០ ម.ម  កំពស់ ១ ៦០៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ ជាមួយគ្នានេះ ដោយនៅក្នុងក្រុមរថយន្តអគ្គិសនី រថយន្ត Ioniq 5 មានទំហំប្រហាក់ប្រហែលនឹង Ford Mustang Mach-E និង Nissan Ariya ជាដើម។

គួរឲ្យដឹងថា រថយន្ត loniq 5 ជារថយន្តដំបូងបង្អស់របស់ក្រុមហ៊ុន Hyundai ដែលប្រើប្រាស់គ្រោងឆ្អឹង E-GMP platform ជាមួយម៉ូទ័រអេគ្គិសនីចំនួនមួយ ប្រភេទបើកបរវិលកង់ខាងក្រោយ មានកម្លាំង ២១៥ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ឬម៉ូទ័រអេគ្គិសនីចំនួន២ ដែលបើកបរដោយកង់ទាំងបួន មានកម្លាំង ៣០២ សេះ និងកម្លាំងរមួល ៦០៥​​ ញ៉ូតុនម៉ែត្រ។

រថយន្តនេះត្រូវបានបំពាក់ដោយកញ្ចប់អាគុយស្តង់ដារទំហំ ៥៨ គីឡូវ៉ាត់ម៉ោង ជាមួយនឹងជម្រើសកញ្ចប់អាគុយទំហំ ៧២,៦ គីឡូវ៉ាត់ម៉ោង។ យោងតាមក្រុមហ៊ុន Hyundai loniq 5 ប្រភេឬម៉ូទ័រអគ្គិសនីមួយ ភ្ជាប់ជាមួយអាគុយទំហំ ៧២,៦ គីឡូវ៉ាត់អាចបើកបរបានចម្ងាយប្រហែល ៤៨០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង។

គួរបញ្ជាក់ផងដែរថា ការដាក់បង្ហាញខ្លួនរបស់ Hyundai Ioniq 5 នឹងធ្វើឲ្យផ្នែករថយន្តអគ្គិសនីដ៏ពេញនិយម នៅក្នុងប្រទេសវៀតណាមមានជម្រើសជាច្រើនទៀត ក្រៅពីម៉ូដែល VinFast VF e34 និង VinFast VF 8 ឬ Kia EV6 នាពេលខាងមុខ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+