ផ្ទាំងផ្សាយពាណិជ្ជកម្ម

ខ្មៅរលោងម៉ង! ម៉ូដែលថ្មី Venucia V Dark Horse របស់ក្រុមហ៊ុន Dongfeng Nissan នឹងចេញលក់យប់នេះតែម្តង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត​ Dongfeng Nissan បានធ្វើការដាក់បញ្ចេញរថយន្ត Venucia V Dark Horse ថ្មី ដោយការរចនាបានយកលំនាំតាមរថយន្ត Nissan Venucia V នឹងត្រៀមចេញលក់នៅយប់នេះតែម្តងនៅក្នុងទីផ្សារប្រទេសចិន។

សម្រាប់រថយន្ត Venucia V Dark Horse ថ្មី​មានប្រវែងសរុប ៤,៥៦២ ម.ម ទទឹង ១,៩១៧ ម.ម កំពស់ ១,៦១៧ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២,៧០០ ម.ម ។ សម្រាប់រូបរាងខាងក្រៅរបស់ម៉ូដែលនេះ សង្កត់ធ្ងន់​លើ​ភាព​ប្រណីត​ និងការរចនាដ៏ទំនើបបែបគ្រួសារ ជាមួយនឹង​តួខ្លួនពណ៌​ខ្មៅ ដោយបានបំពាក់ជាមួយប៉ាណាពណ៌ខ្មៅអបជាមួយនឹងចង្កៀងមុខប្រភេទ LED ។

ចំពោះផ្នែកខាងក្នុងនៃរថយន្ត ចំនុចសំខាន់នៃ Venucia V Dark Horse Edition គឺការប្រើប្រាស់ផ្នែកខាងក្នុងពណ៌ក្រហម និងខ្មៅ រួមទាំងដៃចង្កូតពណ៌ក្រហម-ខ្មៅ បន្ទះទ្វារ និងកៅអីពណ៌ក្រហម ធ្វើឲ្យរថយន្តនេះកាន់តែមានលក្ខណៈបែបស្ព័របន្ថែមទៀត។

បើនិយាយអំពីផ្នែកម៉ាស៊ីនវិញ រថយន្ត Venucia V Dark Horse ដំណើរការដោយម៉ាស៊ីនចំណុះ ១,៥ លីត្រ turbo ផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ២៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខអូតូ ៧វគ្គ និងកម្រិតស៊ីប្រេង ៦,៦ លីត/១០០ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Yamaha បញ្ចេញម៉ូតូ Scooter ខ្នាតធំថ្មី ដែលជាគូរប្រជែង ADV 350

[ទីផ្សារបរទេស] ម៉ូតូ Yamaha XMAX SP ស៊េរីឆ្នាំ ២០២២ ប្រភេទ Scooter ខ្នាតធំ បានធ្វើការដាក់លក់ជាផ្លូវការនៅឯពិពរណ៍ Motor Show 2022 សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ។

ជាមួយគ្នានេះដែរសម្រាប់រូបរាងនៃម៉ូតូ Scooter ខ្នាតធំនេះទទួលបានការចនាទ្បើងកាន់តែកាច និងបែបស្ព័រដោយបំពាក់មកអេក្រង់ឌីជីថល Negative LCD Mileage Screen បន្ថែមមុខងារព្រមានសម្រាប់ថាមពលថ្មមិនប្រក្រតី XMAX SP Emblem, ចង្កៀងមុខ-ក្រោយប្រភេទ LED ស្តង់ដារកម្រិតខ្ពស់, រន្ធសាក USB និងទូរស័ព្ទជាដើម ។ ខណៈដែលកន្លែងផ្ទុកក្រោយកៅអីអាចដាក់មួកសុវត្ថិភាពបានចំនួន ២ ។

ដោយទ្បែកចំពោះម៉ូតូ Scooter ខ្នាតធំនេះ បានប្រើប្រាស់ម៉ាស៊ីនសាំង BlueCore ចំណុះ ២៩២សេសេ ទំហំ ១ស៊ីទ្បាំង ប្រព័ន្ធស្អំប្រេង Cooled- radiator ផលិតកម្លាំង ២៨សេះ និងកម្លាំងរមួល ២៩ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយនឹងប្រអប់លេខអូតូ CVT។ ខណៈដែលធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ១៣ លីត្រ។

អ្វីដែលកាន់ពិសេសនោះម៉ូតូ Yamaha XMAX SP ក៏បានបំពាក់ប្រព័ន្ធជំនួយការសុវត្ថិភាពរួមមាន៖ ប្រព័ន្ធហ្វាំ្រងមុខ-ក្រោយ ABS ស្តង់ដារកម្រិតខ្ពស់, ប្រព័ន្ធប្រឆាំងការបង្វិលដោយសេរី និងប្រព័ន្ធបញ្ជាពីចម្ងាយ Smart Key ជាដើម។

ម៉ូតូ Yamaha XMAX SP ស៊េរីឆ្នាំ ២០២២ មានតម្លៃចាប់ពី ៦ ២៣៥ ដុល្លារ និងទទួលបានការធានារយៈពេល ៥ ឆ្នាំ ឬ ៥ ម៉ឺនគីទ្បូម៉ែត្រ សម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូដែលពិសេស Mercedes-AMG G63 Edition 55 បង្ហាញខ្លួនជាលើកដំបូងដើម្បីអបអរ ៥៥ ឆ្នាំនៃម៉ាក AMG

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានធ្វើការដាក់បញ្ចេញម៉ូដែលម៉ូឌែលពិសេស Mercedes-AMG “Edition 55” សម្រាប់ម៉ូដែល G63 ដើម្បីអបអរខួបទី ៥៥ឆ្នាំ នៃម៉ាកយីហោ AMG ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៦៧ សម្រាប់ទីផ្សារអឺរ៉ុបជាមួយនឹងតម្លៃបន្ថែមប្រហែល ១៩ ៧០០ ដុល្លារ លើតម្លៃដើមរថយន្ត G63។

សម្រាប់ម៉ូដែល Special Edition នេះ​មាន​ជម្រើស​ពណ៌​ខាង​ក្រៅ​តែ​ពីរ​ពណ៌​គឺ Obsidian Black និង G manufaktur Opaline White ភ្ជាប់មកជាមួយថាសកង់ multi-spoke ទំហំ ២២ អ៊ីញ ពណ៌ Tantalum Grey ដែលស៊ីគ្នាជាមួយនឹងពណ៌តួខ្លួន។ ខណៈ ជម្រើសកញ្ចប់ផ្នែកខាងក្រៅ Night Package I និង II package បានបំពាក់ជាមួយឧបករណ៍ស្តង់ដារ រួមមានប៉ាណាមុខ កញ្ចក់ជុំវិញ ចង្កៀងមុខ និងភ្លើងក្រោយ មានពណ៌ក្រម៉ៅ។

ចំពោះផ្នែកខាងក្នុងរបស់ Edition 55 មានពណ៌ខ្មៅលាយនិងពណ៌ក្រហម កៅអីពូកស្បែកប្រភេទ Nappa, ដៃ​ចង្កូត​​មីក្រូ​ហ្វី​ប Dinamica របស់ Mercedes ហើយ​នៅ​កណ្តាល​មាន​ឡូហ្គោ “55 AMG” កម្រាលជើងពូកម៉ាក AMG ជាប្រភេទក្រណាត់ពណ៌ខ្មៅ ជាមួយនឹងការដេរភ្ជាប់ពណ៌ក្រហម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្ត Mercedes-AMG G63 Edition 55 ដំណើរការដោយម៉ាស៊ីនចំណុះ ៤,០ លីត្រ Twin-turbo V8  បង្កើតកម្លាំងបាន ៥៨៥ សេះ និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ ថាមពលបញ្ចូនទៅកាន់ប្រអប់លេខអូតូ ៩វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម៉ូតូចង្កឹះលេខ Suzuki Raider R150 បានដាក់លក់ជាផ្លូវការ នៅថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុន Suzuki ប្រចាំប្រទេសថៃ បានធ្វើការដាក់លក់ជាផ្លូវការនូវម៉ូឌែលថ្មីរបស់ខ្លួនគឺ Raider R150 ស៊េរីឆ្នាំ ២០២២ ដែលទទួលបានការឌីហ្សាញបែបស្ព័រ និងបំពាក់ជាមួយម៉ាស៊ីនថ្មីផងដែរ។

រូបរាងរបស់ម៉ូតូ Suzuki Raider R150 ទទួលបានការចនាទ្បើងបែបស្ព័រ រហ័សរហួន និងកាន់តែពិសេសនោះវាបានបំពាក់មកជាមួយចង្កៀងមុខ-ក្រោយប្រភេទ LED និងអេក្រង់ឌីជីថល Full LED សម្រាប់បង្ហាញព័ត៌មានពេលធ្វើដំណើរជាដើម។

ម៉ូតូ Suzuki Raider R150 បានប្រើប្រាស់ម៉ាស៊ីន DOHC ចំណុះ ១៤៧,៣សេសេ ទំហំ ១ ស៊ីទ្បាំង, ប្រព័ន្ធស្អំប្រេង Liquid-Cooled ផលិតកម្លាំង ១៥,៤សេះ និងកម្លាំងរមួល ១២,៤ញ៉ូតុនម៉ែត្រ។ ខណៈដែលធុងសាំងអាចផ្ទុកបានចំណុះរហូតដល់ ៤,៩លីត្រ។

យ៉ាងណាមិញចំពោះក្រុមហ៊ុន Suzuki មិនទាន់បានបង្ហាញអំពីតម្លៃរបស់ម៉ូតូ Raider R150 ស៊េរីឆ្នាំ ២០២២ នៅទ្បើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពិព័រណ៍ Beijing Auto Show 2022 នឹងត្រូវបានពន្យារពេលដោយសារតែការផ្ទុះឡើងនៃ Covid-19 នៅក្នុងប្រទេសចិន

[បរទេស] កាលពីពេលថ្មីៗ កន្លងទៅនេះ យោងតាមរបាយការណ៍ជាច្រើនបានឲ្យដឹងថា ពិព័រណ៍ Beijing Auto Show 2022 នៅទីក្រុងប៉េកាំង ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២១ ខែមេសា ទំនងជានឹងត្រូវពន្យារពេលដោយសារតែការរីករាលដាលនៃករណី Covid-19 នៅទូទាំងប្រទេស។ ខណៈ សារព័ត៌មាន Auto News China បាននិយាយថា កម្មវិធីនេះអាចនឹងត្រូវបានត្រឡប់ទៅខែមិថុនា។

បច្ចុប្បន្នប្រទេសចិនកំពុងជួបប្រទះរលកផ្ទុះឡើងវិញនៃ Covid-19 ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមនៅដើមឆ្នាំ ២០២០។ ខណៈ ទីក្រុងជាច្រើននិងអ្នកស្រុក ១០ លាននាក់កំពុងបិទខ្ទប់ ដែលធ្វើឲ្យអ្នករៀបចំកម្មវិធី Beijing Auto Show ចាប់ផ្តើមពិភាក្សាអំពីការពន្យារពេលនៃកម្មវិធី។

ក្នុងនោះ ក្រុមហ៊ុន​ផលិត​រថយន្ត​ជាច្រើន​បាន​ប្រកាស​រួច​ហើយ​នៅផែនការ​ក្នុង​ការ​បង្ហាញ​រថយន្ត​ម៉ូដែល​ថ្មី​របស់ខ្លួននៅទីនោះ ដូចជា ក្រុមហ៊ុន Mercedes-Benz គ្រោងនឹងបង្ហាញរថយន្តអគ្គិសនីសុទ្ធ EQS SUV  ខណៈ BMW ក៏គ្រោងនឹងបង្ហាញរថយន្ត 7-Series ជំនាន់ចុងក្រោយបង្អស់ រួមជាមួយនឹងរថយន្តអគ្គិសនី i7 ផងដែរ។

ជាមួយគ្នានេះ គំរូ Sphere ទី ៣ របស់ Audi ក៏ត្រូវបានបញ្ជាក់ផងដែរសម្រាប់ការចាប់ផ្តើមរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍នេះ ក៏ដូចជាគំរូ ID Aero15 របស់ក្រុមហ៊ុន Volkswagen ដែលជាម៉ូដែលចុងក្រោយបង្អស់នៅក្នុង I.D. ជាទម្រង់នៃរថយន្ត aerodynamic sedan ដែលមានចម្ងាយរហូតដល់ ៧០០ គីឡូម៉ែត្រ ។

គួរឲ្យដឹងថា ប្រទេសចិនបានបន្តគោលនយោបាយ ‘គ្មានកូវីដ’ ជាយូរណាស់មកហើយ ខណៈពេលដែល Omicron បានរីករាលដាលយ៉ាងខ្លាំងក្នុងការពិបាកបញ្ឈប់ជាមួយនឹងចំនួនករណីឆ្លងដ៏ច្រើនត្រូវបានរាយការណ៍ជារៀងរាល់ថ្ងៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើកទទួលកក់ជាផ្លូវការទៀតហើយ! ក្រុមហ៊ុន Ford ទទួលកក់ផ្លូវការនៃរថយន្ត Everest ឆ្នាំ២០២៣

[ទីផ្សារក្នុងស្រុក] យោងតាមទំព័រផ្លូវការនៃក្រុមហ៊ុន Ford Cambodia បានធ្វើការប្រកាសអំពីការបើកទទួលការកក់ជាផ្លូវការនៃរថយន្ត SUV ខ្នាតកណ្តាលរបស់ខ្លួននោះគឺរថយន្ត Ford Everest ឆ្នាំ២០២៣ សម្រាប់ទីផ្សារប្រទេសកម្ពុជាផ្ទាល់។

សម្រាប់រថយន្ត​ Ford Everest ឆ្នាំ២០២៣ ត្រូវបានបង្ហាញខ្លួនជាផ្លូវការកាលពីថ្ងៃទី១ ខែមីនានេះកន្លងទៅ ជាមួយការផ្លាស់ប្តូររូបរាងឆ្នាំទាំងស្រុង និងបានទទួលធ្វើការអភិវឌ្ឍន៍អោយកាន់តែប្រសើទៅលើប្រណិត និងសម្ថភាពផងដែរ។

ជាមួយនឹងម៉ូឌែលជំនាន់ថ្មីនេះ Ford មិនភ្លេចជាមួយនឹងការរចនាផ្អែកតាម DNA ថ្មីរបស់ Ford នោះគឺចង្កៀងមុខប្រភេទ C-Clamp រចនាចេញជារាងអក្សរ C និងប៉ាណាផ្ទាំងធំចំកណ្តាលដ៏រឹងមាំ រីឯប្រវែងទទឹង និងបណ្តោយក៏ត្រូវបានបន្ថែម ៥០mm។

ផ្នែកខាងក្នុងក៏រចនាយ៉ាងពិសេស ដោយបានផ្ចិតផ្ចង់រចនាផ្នែកខាងក្នុងឲ្យកាន់តែប្រសើរជាងមុន ដោយគ្រប់ឧបករណ៍ដែលបានបំពាក់សុទ្ធតែជាប្រភេទស្បែកប្រណិត ឧបករណ៍ទំនើបៗ ដូចជាកុងទ័រឌីជីថលទំហំ ៨អ៊ីញ ឬ ១២,៤អ៊ីញ, អេក្រង់កំសាន្តធំបញ្ឈរចំកណ្តាលទំហំ ១០,១អ៊ីញ ឬ ១២អ៊ីញ, ប្រព័ន្ធកាំមេរ៉ា ៣៦០ដឺក្រេកម្រិតខ្ពស់, ប្រព័ន្ធប្រត្តិបត្តិការ SYNC 4A អាចភ្ជាប់ជាមួយនឹង Apple CarPlay និង Android Auto ដោយពុំចាំបាច់ប្រើខ្សែ ថែមទាំងអាចភ្ជាប់ជាមួយនឹង FordPassTM App សម្រាប់បញ្ជាតាមទូរស័ព្ទដៃ បូករួមជាមួយនឹងភ្លើងពណ៍លម្អផ្នែកខាងក្នុង (Ambient Lighting) ដែលកាន់តែផ្តល់ជូនផាសុកភាព និងស្រស់ស្រាយពេលធ្វើដំណើរ។

ចំណែកឯសម្ថភាព រថយន្ត Ford Everest មានសមត្ថភាពអាចចុះជម្រៅទឹកបាន ៨០០មម ការអូសសណ្តោងបានរហូតដល់ទៅ​ ៣ ៥០០គីឡូក្រាម ដំបូលផ្នែកខាងលើអាចផ្ទុកអីវ៉ាន់បានចន្លោះពី ១០០គីឡូក្រាម ទៅ ៣៥០គីឡូក្រាម។ ក្រៅពីនេះ Ford Everest ជំនាន់ថ្មីនៅមានប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាជាច្រើនបន្ថែមទៀតផងដែរ។

គួរបញ្ជាក់ផងដែរ ជាមួយការប្រកាសបើកការកក់នេះ យើងពុំទាន់ដឹងថាតម្លៃនៃរថយន្តនេះមានតម្លៃពិតប្រាកដប៉ុន្មាននោះឡើយ ប៉ុន្តែបើតាមការបង្ហាញចេញពីទំព័រនៃទីប្រឹក្សាផ្នែកលក់នៃក្រុមហ៊ុន Ford បានបង្ហាញថាក្រុមហ៊ុននឹងធ្វើការយកជម្រើសម៉ូឌែលចំនួន ២ប្រភេទមកកាន់ទីផ្សារកម្ពុជាដែលរួមមាន៖

  • ម៉ូឌែល Ford Everest ប្រភេទ Titanium មានតម្លៃប្រហែល ៧៩ xxxដុល្លារ
  • ម៉ូឌែល Ford Everest ប្រភេទ Sport មានតម្លៃប្រហែល ៦៩ xxxដុល្លារ

ចំណែកឯជម្រើសម៉ាស៊ីននៃរថយន្តទាំង ២ម៉ូឌែលនេះ បើនៅលើទីផ្សារប្រទេសថៃដែលទើបតែបើកការលក់នាពេលថ្មីៗនេះ​ Ford Everest ជំនាន់ថ្មីនឹងនឹងបំពាក់ជាមួយម៉ាស៊ីន ២,០លីត្រ Bi-Turbo ផលិតកម្លាំងបាន ២១០ សេះ កម្លាំងរមួល ៥០០ ញូ៉តុនម៉ែត្រ បញ្ជូនដោយប្រអប់លេខអូតូ ១០វគ្គ។

ដូច្នេះសម្រាប់ព័ត៌មានលម្អិតអំពីតម្លៃ​ និងលក្ខណៈពិសេសបន្ថែមទៀតអំពីរថយន្តសេរ៊ីថ្មីនេះ បងប្អូនអាចធ្វើការទាក់ទងទៅកាន់ផ្នែកលក់តាមរយៈលេខទូរស័ព្ទ 078 333 748 | 016 333 785 ឬតាមរយៈគណនី Telegram ៕ អរគុណ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan នឹងប្រកាសចេញតែឡានអគ្គិសនីនៅអឺរ៉ុបចាប់ពីឆ្នាំ២០២៣

[ទីផ្សារបរទេស] ក្រុមហ៊ុនជប៉ុន Nissan បានប្រកាសថាខ្លួននឹង​មិនប្រកាសចេញរថយន្តម៉ូដែលថ្មី ដែលប្រើថាមពលប្រេងឥន្ធនៈសុទ្ធចាប់ពីឆ្នាំ២០២៣ខាងមុខ ដោយក្រុមហ៊ុនមានផែនការពង្រីកជម្រើសរថយន្តអគ្គិសនីជាមួយការប្រកាសចេញផលិតផលថ្មីចំនួន៦ ចាប់ពីឆ្នាំ២០២២នេះ។

Nissan មានមហិច្ឆតា​ចង់ឲ្យ ៧៥% នៃចំនួនលក់រថយន្តនៅអឺរ៉ុប មានរួមបញ្ចូលដោយរថយន្តប្រើថាមពលអគ្គិសនីនៅត្រឹមឆ្នាំ ២០២៦ ខណៈគោលដៅធំដែលឡើងដល់ ១០០% គឺចង់សម្រេចឲ្យបាននៅត្រឹមឆ្នាំ២០៣០នេះ។ ក្រុមហ៊ុនបញ្ជាក់ទៀតថារថយន្តថ្មីទាំង៦ម៉ូដែល ដែលត្រៀមប្រកាសចេញនឹងមានចំណុចទាក់ទាញខុសគ្នា ដោយសារបច្ចេកវិទ្យាច្រើនប្រភេទដែលក្រុមហ៊ុនកំពុងអភិវឌ្ឍន៍។

កាលពីថ្មីៗនេះដែរ Nissan ទើបបានប្រកាសចេញរថយន្ត Juke ប្រភេទ Hybrid និងរថយន្ត Qashqai ប្រភេទ Hybrid សម្រាប់ទីផ្សារអឺរ៉ុប ខណៈដែលរថយន្តអគ្គិសនីសុទ្ធម៉ូដែល Leaf ក៏បានចេញស៊េរីថ្មីសម្រាប់លក់ជាស៊េរីឆ្នាំ២០២៣ផងដែរ។ ដោយឡែករថយន្តម៉ូដែល GT-R បានបញ្ឈប់ការលក់ជាផ្លូវការពីទីផ្សារអឺរ៉ុប៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ferrari បញ្ចេញរូបភាពផ្លូវការដំបូងនៃឡាន SUV ថ្មីចេញមកប្រជែង Urus

[ទីផ្សារបរទេស] ក្រុមហ៊ុន Ferrari បានចេញផ្សាយរូបភាពផ្លូវការដំបូងនៃរថយន្ត SUV ថ្មី ម៉ូដែល Purosangue ដែលគ្រោងប្រកាសចេញក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ។

ជាមួយរូបភាព teaser នេះក្រុមហ៊ុនបានភ្ជាប់មកជាមួយសារខ្លីថា ៖ “អ្នកបានឮពាក្យចចាមអារ៉ាមរួចមកហើយ…យើងរីករាយ​ក្នុង​ការ​បញ្ជាក់ថាវាជាការពិត (ពិតមួយចំនួន)។ ព័ត៌មានទាំងអស់នឹងត្រូវបង្ហាញចេញនៅចុងឆ្នាំនេះ”។

គួរដឹងថាដំណឹងពីរថយន្ត Purosangue បានលេចចេញជាលើកដំបូងកាលពីឆ្នាំ២០១៨ នៅពេលដែល Ferrari និយាយអំពីរថយន្តនេះនៅ​ក្នុងផែនទីផលិតផលអនាគត។ វិបត្តិកូវីដ១៩បានធ្វើឲ្យការបង្ហាញវត្តមាននៃរថយន្តនេះត្រូវអូសបន្លាយជាយូរ ប៉ុន្តែទីបំផុតវានឹងត្រូវប្រកាសចេញឆាប់ៗ។

រថយន្ត Purosangue ត្រូវបានរំពឹងថានឹងប្រើប្រាស់ម៉ាស៊ីន V12 រួមជាមួយជម្រើសម៉ាស៊ីន hybrid V6 ស្រដៀងនឹងរថយន្ត Ferrari ម៉ូដែល 296 GTB ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រាងកប់! Honda HR-V ចេញលក់ជាផ្លូវការលើទីផ្សារប្រទេសឥណ្ឌូនេស៊ី ដោយម៉ូឌែលខ្ពស់បំផុតប្រើម៉ាស៊ីន Turbo

[ទីផ្សារបរទេស] ក្រុមហ៊ុន Honda បានធ្វើការបង្ហាញចេញជាផ្លូវការនូវរថយន្ត HR-V សម្រាប់ទីផ្សារប្រទេសឥណ្ឌូនេស៊ី ជាមួយការប្រើប្រាស់ម៉ាស៊ីន Turbo។

លើទីផ្សារនៅអាស៊ី រថយន្ត HR-V ទទួលបាននូវជម្រើសចំនួន ៤ប្រភេទគឺ S, E, SE និង RS។ ដោយប្រភេទខ្ពស់បំផុត RS នឹងបំពាក់ជាមួយម៉ាស៊ីនសាំងប្រភេទ Turbo ចំណុះ ១,៥លីត្រ អាចផលិតកម្លាំងបាន ១៧៥សេះ និងកម្លាំងរមួល ២៤០ញ៉ូតុនម៉ែត្រ រូមជាមួយប្រអប់លេខប្រភេទ CVT។

នៅលើទីផ្សារប្រទេសឥណ្ឌូនេស៊ី Honda HR-V ទទួលបាននូវការឌីស្សាញមានភាពប្លែកពីម៉ូឌែលដែលមានវត្តមាននៅលើទីផ្សារផ្សេងៗ ដោយមានភាពស្ព័រជាង និងមានភាពស្រដៀងគ្នាទៅនឹងម៉ូឌែល RS e:HEV លក់ក្នុងប្រទេសថៃដូចគ្នាដែរ។

ចំណែកប្រទេសដែលនឹងទទួលបាននូវម៉ាស៊ីន Turbo នេះ គឺទីផ្សារប្រទេសហ្វីលីពីន ដែលត្រៀមបង្ហាញខ្លួននៅថ្ងៃទី ១៩ ខែមេសានេះ។

សម្រាប់តម្លៃនៃរថយន្ត SUV នេះរួមមាន៖

  • ម៉ូឌែល S មានតម្លៃចាប់ពី ៣៥៥ ៩០០ ០០០រ៉ូពី ឬ ២៤ ៧៧០ដុល្លារ
  • ម៉ូឌែល E មានតម្លៃចាប់ពី ៣៧៩ ៩០០ ០០០រ៉ូពី ឬ ២៦ ៤៤០ដុល្លារ
  • ម៉ូឌែល SE មានតម្លៃចាប់ពី ៣៩៩ ៩០០ ០០០រ៉ូពី ឬ ២៧ ៨៣៣ដុល្លារ
  • ម៉ូឌែល RS មានតម្លៃចាប់ពី ៤៩៩ ៩០០ ០០០រ៉ូពី ឬ ៣៤ ៧៩០ដុល្លារ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki វិនិយោគទឹកប្រាក់ប្រមាណ ១,៤ ពាន់លានដុល្លារ ទៅលើរោងចក្រផលិតរថយន្តអគ្គិសនីនៅរោងចក្រឥណ្ឌា

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Suzuki បានធ្វើការវិនិយោគទឹកប្រាក់ចំនួន ១,៣៧ ពាន់លានដុល្លារនៅរោងចក្រក្នុងប្រទេសឥណ្ឌារបស់ខ្លួន ខណៈដែលក្រុមហ៊ុននេះត្រៀមខ្លួនសម្រាប់ថយន្តអគ្គិសនីនៅក្នុងប្រទេសដែលមានប្រជាជនច្រើនជាងគេទីពីររបស់ពិភពលោក។

រហូតមកដល់ពេលនេះ ក្រុមហ៊ុន Tata Motors គឺជាក្រុមហ៊ុនលក់រថយន្តអគ្គិសនីដ៏ធំបំផុតនៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងចំណែកទីផ្សារចំនួន ៧០% បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តឥណ្ឌាមានរថយន្តអគ្គិសនីត្រឹមតែពីរគ្រឿងប៉ុណ្ណោះដែលត្រូវបានផ្តល់ជូនគឺ Tigor EV និង Nexon EV ។ ទោះជាយ៉ាងណាក៏ដោយក្រុមហ៊ុនជឿជាក់ថា ២៥% នៃការលក់នៅឥណ្ឌារបស់ខ្លួននឹងមកពីរថយន្តអគ្គិសនីនៅឆ្នាំ ២០២៦ ។

ប៉ុន្តែខណៈដែលប្រទេសនេះមានគោលបំណងផ្លាស់ពីការពឹងផ្អែកលើប្រេង ខណៈកាត់បន្ថយកម្រិតការបំពុលនៅក្នុងទីក្រុងធំៗរបស់ប្រទេស ការវិនិយោគនេះត្រូវបានគេមើលឃើញថាមិនត្រឹមតែជាការប្តេជ្ញាចិត្តចំពោះអនាគតអគ្គិសនីប៉ុណ្ណោះទេ ប៉ុន្តែជាជំហានសំខាន់ឆ្ពោះទៅរកគោលដៅរបស់ប្រទេសឥណ្ឌាផងដែរ។

ក្នុងនោះ ក្រុមហ៊ុនបាននិយាយថាក្រុមហ៊ុន Suzuki Motor Gujarat នឹងវិនិយោគចំនួន ៥២៣ លានដុល្លារ ដើម្បីបង្កើនសមត្ថភាពផលិតរថយន្តអគ្គិសនីនៅឆ្នាំ ២០២៥ និងទឹកប្រាក់ ៩៥៤ លានដុល្លារ នឹងត្រូវចំណាយលើការសាងសង់រោងចក្រថាមពលអាគុយ។

ទន្ទឹមនឹងនេះ លោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida ត្រូវបានចុះហត្ថលេខានៅលើកិច្ចព្រមព្រៀងជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ដោយការវិនិយោគរបស់ក្រុមហ៊ុន Suzuki គឺជាផ្នែកមួយនៃការវិនិយោគច្រើនជាង ៤២ ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌាពីប្រទេសជប៉ុន។

ក្នុងនោះ លោក Toshihiro Suzuki នាយក និងជាប្រធានសាជីវកម្ម Suzuki Motor Corporation បាននិយាយថា “បេសកកម្មនាពេលអនាគតរបស់ Suzuki គឺដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូនជាមួយនឹងរថយន្តតូចៗ” ។ “យើងនឹងបន្តការវិនិយោគយ៉ាងសកម្មនៅក្នុងប្រទេសឥណ្ឌា ដើម្បីដឹងពីប្រទេសឥណ្ឌាដែលពឹងផ្អែកលើខ្លួនឯង”៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+