ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki នឹងបោះទុនចំនួន ១,៣ពាន់លានដុល្លារ ផលិតឡានអគ្គិសនីនៅប្រទេសឥណ្ឌា

យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន បានរាយការណ៍កាលពីថ្ងៃសៅរ៍ ទី១៩ ខែមីនា ថា ក្រុមហ៊ុន Suzuki Motor គ្រោងនឹងវិនិយោគប្រហែល ១៥០ ពាន់លានយ៉េន (១,២៦ ពាន់លានដុល្លារ) ដើម្បីផលិតរថយន្តអគ្គិសនី និងអាគុយ នៅក្នុងប្រទេសឥណ្ឌា។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida កំពុងបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌា កាលពីថ្ងៃសៅរ៍ ដើម្បីជួបសមភាគីឥណ្ឌាលោក Narendra Modi។

ផែនការវិនិយោគរបស់ក្រុមហ៊ុន Suzuki នឹងក្លាយជាផ្នែកមួយនៃការប្រកាសដោយ Kishida ក្នុងអំឡុងពេលធ្វើដំណើររបស់លោក អំពីផែនការវិនិយោគចំនួន ៥ ទ្រីលានយ៉េន ក្នុងរយៈពេល ៥ ឆ្នាំខាងមុខ នៅក្នុងប្រទេសឥណ្ឌា។ នេះបើយោងតាមសារព័ត៌មាន Nikkei។

យ៉ាងណាមិញ Suzuki បានសម្រេចចិត្តបង្កើតខ្សែសង្វាក់ផលិតកម្មរថយន្តអគ្គិសនីថ្មីនៅក្នុងប្រទេសឥណ្ឌា ក្នុងគោលបំណងចាប់ផ្តើមប្រតិបត្តិការនៅដើមឆ្នាំ ២០២៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini Aventador ១៥គ្រឿងត្រូវចូលរោងចក្រផលិតឡើងវិញ ក្រោយឆេះខ្ទេចលើកប៉ាល់

[ទីផ្សារបរទេស] កប៉ាល់ Felicity Ace បានជួបឧបទ្ទវហេតុភ្លើងឆេះ និងបណ្ដាលឲ្យលិចចូលសមុទ្រកាលពីដើមខែកន្លងទៅ បានបណ្ដាលឲ្យរថយន្តរបស់ក្រុមហ៊ុន Volkswagen Group ជិត៤ពាន់គ្រឿងត្រូវលិចលង់ចូលទៅក្នុងបាតសមុទ្រតែម្ដង។

រថយន្តដែលបានលិចលង់រាប់ពាន់ម៉ូដែលមានរបស់ម៉ាក Audi, Bentley, Porsche និង Lamborghini ផងដែរ ហើយអ្វីដែលចាប់អារម្មណ៍គឺរថយន្ត Aventador Ultimae ចំនួន១៥គ្រឿង ដែលរថយន្ត១៥ម៉ូដែលនេះ ត្រូវបានកំណត់ថាជារថយន្តចុងក្រោយក្នុងការបញ្ចប់ជីវិតត្រកូល Aventador។

ដោយសារតែការលិចលង់នេះដែរ Lamborghini ត្រូវបង្ខំចិត្តបើកការផលិតឡើងវិញសម្រាប់រថយន្ត Aventador Ultimae ចំនួន១៥គ្រឿង ដើម្បីធានាថាអតិថិជនដែលបានកុម្ម៉ង់ទិញអាចទទួលបានរថយន្តរបស់ពួកគេតាមដែលឆាប់ដែលអាចទៅរួច។ នេះបើតាមការបញ្ជាក់ពីនាយកប្រតិបត្តិក្រុមហ៊ុនផ្ទាល់។

ដោយឡែក ក្រុមហ៊ុន Bentley ក៏បានធ្វើការសម្រេចចិត្តដូចគ្នាសម្រាប់រថយន្តចំនួន ១០០គ្រឿង ក្នុងចំណោមរថយន្ត ១៨៩គ្រឿង ដែលពួកគេបានលក់ជូនអតិថិជន ដោយក្រុមហ៊ុនគ្រោងផលិតដើម្បីដឹកជញ្ជូនអតិថិជនដែលបានកុម្ម៉ង់ទិញ។ ចំណែក Audi ក៏នឹងផលិតរថយន្តប្រមាណ ១៨០០គ្រឿង ជាថ្មីសម្រាប់ប្រគល់ជូនអតិថិជនផងដែរ ដោយដំណើរការនៃការផលិតនេះនឹងត្រូវចំណាយពេលវេលាបន្តិច៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តួលេខផ្លូវការពី EPA បង្ហាញថាឡានអគ្គិសនី F-150 សាកភ្លើងពេញជិះបានចម្ងាយចាប់ពី ៣៧០គីឡូម៉ែត្រ

[ទីផ្សារបរទេស]​ រថយន្ត Ford F-150 Lightning បានទទួលការវាយតម្លៃពីផ្លូវការពីស្ថាប័ន EPA របស់សហរដ្ឋអាមេរិក ដោយតួលេខបានបង្ហាញថា F-150 Lightning ធម្មតាអាចបើកបរបានចម្ងាយ ៣៧០គីឡូម៉ែត្រពេលសាកភ្លើងពេញ។ តួលេខបានបង្ហាញដែរថា F-150 Lightning ធម្មតា នឹងចំណាយថាមពល ៤៩kWh សម្រាប់ការបើកបរចម្ងាយ ១៦០គីឡូម៉ែត្រ។

ដោយឡែកសម្រាប់ F-150 Lightning ប្រភេទ Extended-Range អាចបើកបរបានចម្ងាយប្រមាណ ៥១៤គីឡូម៉ែត្រ ខណៈដែលប្រភេទ Platinum អាចបើកបរបានចម្ងាយ ៤៨២គីឡូម៉ែត្រ។ គួរដឹងថារថយន្តទាំងពីរប្រភេទនេះបានប្រើប្រាស់អាគុយចំណុះ ១៣១kWh។

តាមរយៈតួលេខនេះបានបង្ហាញថា F-150 Lightning អាចបើកបរបានឆ្ងាយគួរសមក្នុងនាមជារថយន្តភីកអាប់អគ្គិសនី ប៉ុន្តែវានៅមិនទាន់អាចផ្ដល់ចម្ងាយបើកបរបានឆ្ងាយដូចជា F-150 ប្រភេទប្រើម៉ាស៊ីនពីស្តុងនោះទេ។ ជាក់ស្ដែង F-150 ដែលប្រើម៉ាស៊ីន ២,៧លីត្រ ៦ស៊ីឡាំង អាចបើកបរបានចម្ងាយដល់ចន្លោះពី ៨១៤គ.ម ទៅ ៩២០គ.ម ពេលចាក់ប្រេងមួយពេញ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche បានពិភាក្សាគម្រោងរួមគ្នា ជាមួយ Apple

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Porsche បាននិយាយនៅថ្ងៃសុក្រនេះថា អ្នកគ្រប់គ្រងនៅក្រុមហ៊ុនផលិតរថយន្ត Porsche កាលពីចុងឆ្នាំមុន បានធ្វើដំណើរទៅសហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីគម្រោងរួមគ្នាដែលអាចធ្វើទៅបាន ជាមួយក្រុមហ៊ុនផលិតទូរសព្ទ iPhone គឺក្រុមហ៊ុន Apple ក៏ដូចជា ក្រុមហ៊ុនបច្ចេកវិទ្យាមួយចំនួនទៀត។

លោក Oliver Blume នាយកប្រតិបត្តិ Porsche បាននិយាយក្នុងអំឡុងសន្និសីទវីដេអូស្តីពីលទ្ធផលប្រចាំឆ្នាំរបស់ក្រុមហ៊ុនផលិតរថយន្ត កាលពីថ្ងៃសុក្រថា “យើងមាន Apple CarPlay រួចហើយ យើងនឹងពង្រីកបន្ថែមទៀត” ។

លោកបាននិយាយថា ក្រុមហ៊ុន Porsche និង Apple ជាប្រពៃណីសហការគ្នាយ៉ាងជិតស្និទ្ធ ហើយបន្ថែមថា “ពួកគេនៅលើរលកតែមួយ” ប៉ុន្តែបានបន្ថែមថា វាឆាប់ពេកក្នុងការសម្រេចចិត្តលើគម្រោងនាពេលអនាគត។

យ៉ាងណាមិញ លោក Blume ក៏បានបញ្ជាក់ផងដែរថា Porsche កំពុងពិចារណាថាតើត្រូវចូលក្នុងរថយន្ត Formula One ដែរឬអត់ ប៉ុន្តែមិនមានការសម្រេចចិត្តណាមួយត្រូវបានធ្វើឡើងនោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានធំៗនៅវៀតណាម អត់មានឡានលក់ឲ្យភ្ញៀវ

ម៉ាករថយន្តធំៗនៅក្នុងប្រទេសវៀតណាម កំពុងប្រឈមមុខនឹងបញ្ហាផ្គត់ផ្គង់ក្នុងការចែកចាយរថយន្ត និងគ្រឿងបន្លាស់ ដោយសារកង្វះខាតបន្ទះឈីបអេឡិចត្រូនិកសកល និងវិបត្តិរុស្ស៊ី-អ៊ុយក្រែនដែលកំពុងបន្ត។

Toyota បានលក់រថយន្តភីកអាប់ Hilux សូន្យគ្រឿងឲ្យគត់កាលពីខែមុន ដោយសារស្តុករបស់វាអស់ ហើយមិនមានការមកដល់ថ្មីនោះទេ។ Hilux ត្រូវ​បាន​ផលិត​នៅ​បរទេស និង​នាំ​ចូល​ទៅ​ក្នុង​ប្រទេស​វៀតណាម​ ជា​គ្រឿង​ផលិត​ទាំង​ស្រុង។

ឈ្មួញបាននិយាយថា រថយន្ត Toyota Raize ដែលជារថយន្តពេញនិយមមួយទៀតរបស់ម៉ាកយីហោជប៉ុនខាងលើ ត្រូវបានគេរំពឹងថា នឹងដឹកជញ្ជូនមកដល់ក្នុងរយៈពេល ៦ ឬ ៧ខែទៀត។

មន្ត្រីផ្នែកលក់នៅក្រុមហ៊ុនចែកចាយរថយន្ត Toyota នៅទីក្រុងហូជីមិញ បាននិយាយថា “ម៉ូដែលមួយចំនួនអាចប្រឈមនឹងការខ្វះខាតរហូតដល់ដំណាច់ឆ្នាំ” ។

គួរឲ្យដឹងថា វាគឺជាស្ថានភាពថ្មីសម្រាប់ម៉ូដែលរថយន្តពេញនិយម។ កន្លង​មក ការ​ដឹក​ជញ្ជូន​យឺត​បាន​កើត​ឡើង​ដោយ​សារ​បញ្ហា​រដ្ឋបាល និង​គយ មិន​មែន​ដោយសារ​រោងចក្រ​បរទេស​មិន​អាច​ដឹក​ជញ្ជូន​រថយន្ត​បាន​ទេ។

ម៉ាកយីហោអាមេរិក Ford បាននិយាយថា កង្វះខាតគ្រឿងបន្លាស់កំពុងពន្យាពេលដល់ការដឹកជញ្ជូន រថយន្ត Explorer ដ៏ពេញនិយមរបស់ខ្លួនទៅកាន់ប្រទេសវៀតណាម។ ជាមួយគ្នានេះដែរ Mitsubishi ក៏​បាន​មើល​ឃើញ​ការ​កាត់​បន្ថយ​ការ​ផ្គត់ផ្គង់​រថយន្តរបស់​ខ្លួន ម៉ូដែល Pajero Sport និង Triton ដែល​នាំ​ចូល​ពី​ប្រទេស​ថៃ ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

VW ជឿជាក់ខ្លាំងលើឡានវ៉ែនអគ្គិសនីសុទ្ធ ចង់លក់ឲ្យបាន ១២ម៉ឺនគ្រឿងក្នុងមួយឆ្នាំ

[ទីផ្សារបរទេស] Volkswagen មានផែនការធំសម្រាប់រថយន្តវ៉ែនអគ្គិសនីសុទ្ធម៉ូដែល ID. Buzz ដោយមានគោលដៅចង់ឲ្យរថយន្តនេះអាចលក់ចេញបានដល់ ១២ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ។

រថយន្ត ID. Buzz បានបង្ហាញចេញកាលពីដើមខែមីនា ដែលមានរយៈពេលប្រមាណ៥ឆ្នាំចាប់តាំងពីពេលដែលវាបានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជារថយន្ត Concept។ រថយន្តដែលប្រើប្រាស់គ្រោងឆ្អឹង MEB នេះត្រូវបាននាយកប្រតិបត្តិ VW ផ្នែករថយន្តអ្នកដំណើរ រៀបរាប់ថាវាជារថយន្តមួយម៉ូដែលដែលមានសមត្ថភាពអាចក្លាយជារថយន្តលក់ដាច់បំផុតមួយ។

ID. Buzz ប្រភេទធម្មតានឹងចាប់ផ្ដើមដាក់លក់នៅអឺរ៉ុបនៅត្រីមាសទីបីនៃឆ្នាំ២០២២នេះ ដោយលក់ដំបូងវានឹងមានផ្ដល់ជូនជម្រើសកៅអីចំនួន៥ ខណៈដែល​ប្រភេទកៅអី៦ និងកៅអីបីជួរ នឹងត្រូវផលិតនៅពេលក្រោយបន្តបន្ទាប់ទៀត។ ដោយឡែកនៅឆ្នាំ២០២៣ នៅទីផ្សារអឺរ៉ុបដដែលនឹងមានចេញលក់ ID. Buzz ប្រភេទតួខ្លួនវែង ដែលមានកៅអីអង្គុយចំនួន៧។

ម៉ូដែលចេញលក់មុនគេ នឹងមានបំពាក់អាគុយចំណុះ ៨២kWh ជាមួយម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបាន ២០១សេះ និងប្រើប្រព័ន្ធបើកបរវិលកង់ក្រោយ បន្ថែមពីនេះរថយន្តដែលលក់នៅអឺរ៉ុបក៏នឹងមានមុខងារសាកភ្លើង bi-directional ដែលអាចផ្ដល់ថាមពលអគ្គិសនីត្រឡប់ទៅប្រភពវិញបាន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche រកចំណូលបានច្រើនមិនធ្លាប់មាន ឯលុយចំណេញវិញក៏កប់ក្ដោង

[ទីផ្សារបរទេស] ក្រុមហ៊ុន Porsche ទើបតែប្រកាសលទ្ធផលហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២១ ជាមួយការលក់រថយន្តបាន ៣០១ ៩១៥គ្រឿង និងរកប្រាក់ចំណេញបានប្រមាណ ៥,៨៤ពាន់លានដុល្លារឯណោះ។

កាលពីឆ្នាំកន្លងទៅ ក្រុមហ៊ុន Porsche អាចរកប្រាក់ចំណូលបានសរុបប្រមាណ ៣៦,៥ពាន់លានដុល្លារ ដែលមានកំណើន ១៥% ធៀបនឹងឆ្នាំ២០២០ ខណៈដែលប្រាក់ចំណេញដែលទទួលបានគឺមានកំណើន ២៧% ឯណោះ។

គួរដឹងថាជាមួយចំនួនលក់ឡើងដល់ ៣០ម៉ឺនគ្រឿងមួយក្នុងឆ្នាំនេះ គឺជារឿងដែលទើបតែកើតមានលើកដំបូងប៉ុណ្ណោះក្នុងប្រវត្តិសាស្ត្ររបស់ក្រុមហ៊ុន។ ក្នុងនោះដែររថយន្ត SUV លក់ដាច់ជាងគេ ដោយម៉ូដែល Macan អាចលក់ចេញបាន ៨៨ ៣៦២គ្រឿង ខណៈដែលម៉ូដែល Cayenne លក់ចេញបាន ៨៣ ៧០១គ្រឿង។

ចំណែកឯរថយន្តអគ្គិសនីសុទ្ធម៉ូដែល Taycan ដែលមានទាំងប្រភេទធម្មតា ប្រភេទ Sport Turismo និងប្រភេទ Cross Turismo អាចលក់ចេញបានសរុប ៤១ ២៩៦គ្រឿង ដែលមានការកើនឡើងលើសពី២ដងបើធៀបនឹងចំនួនលក់ដែលទទួលបានកាលពីឆ្នាំ២០២០។ ចំណែករថយន្ត 911 ក៏បានសាងកំណត់ត្រាលក់ចេញបានច្រើនមិនធ្លាប់មានជាមួយចំនួនលក់ ៣៨ ៤៦៤គ្រឿង។

ទីផ្សារដែលធំជាងគេសម្រាប់ Porsche គឺប្រទេសចិនដែលលក់បាន ៩៦ ០០០គ្រឿង កើនឡើង ៨% បន្ទាប់មកគឺសហរដ្ឋអាមេរិកដែលលក់ចេញបានជាង ៧ម៉ឺនគ្រឿង កើនឡើង ២២% ចំណែកទីផ្សារអាល្លឺម៉ង់ដែលជាទឹកដីកំណើតអាចលក់ចេញបានជិត ២៩ ០០០គ្រឿង កើនឡើង ៩%។

ក្រៅពីការប្រកាសចេញលទ្ធផលដែលល្អមិនធ្លាប់មាននេះ Porsche ក៏បានបង្ហាញអំពីគោលដៅអនាគតដែលចង់ឲ្យរថយន្តអគ្គិសនីសុទ្ធ និងរថយន្ត PHEV មានចំណែក ៥០% នៃចំនួនលក់សរុប ដែលជាគោលដៅចង់សម្រេចឲ្យបាននៅត្រឹមឆ្នាំ២០២៥។ គួរដឹងថាទីផ្សារអឺរ៉ុប ជិះបានដើរដល់គោលដៅនេះហើយ ដោយរថយន្តថ្មី ៤០% ដែល Porsche លក់ចេញកាលពីឆ្នាំ២០២១ គឺជាប្រភេទ PHEV និងអគ្គិសនីសុទ្ធ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្តាយជំនួស! ឡានអគ្គិសនី BMW i3s ត្រូវបានទុកចោលនៅលើកោះ Jeju របស់ប្រទេសកូរ៉េ (មានវីដេអូ)

[ទីផ្សារបរទេស] កាលពីសប្តាហ៍មុន វីដេអូដែលថតដោយ Youtuber ម្នាក់ បានបង្ហាញឲ្យឃើញនៅរថយន្តអគ្គិសនី BMW i3s ប្រហែល ៧០ គ្រឿង ដែលធ្លាប់ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនជួលរថយន្តដែលបានក្ស័យធន ត្រូវបានទុកចោលនៅលើកោះ Jeju ប្រទេសកូរ៉េ។

ក្នុងនោះ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បន្ទាប់ពីក្រុមហ៊ុនជួលរថយន្តបានក្ស័យធននៅឆ្នាំ ២០២០ រថយន្តដែលធ្លាប់ជាកម្មសិទ្ធិត្រូវបានរឹបអូស ហើយរថយន្តទាំងនេះត្រូវបានប្រមូលជាក្រុម ដោយទុកចោលនៅកន្លែងដាច់ស្រយាលនៅភាគខាងលិចនៃកោះទេសចរណ៍ដ៏ល្បីល្បាញ។

កាលពីមុនក្នុងឆ្នាំ ២០១៦-២០១៧ ក្រុមហ៊ុនជួលរថយន្តបានទិញរថយន្ត BMW i3 សរុប ២០០ គ្រឿង ដោយសារ i3 ជា​រថយន្ត​អគ្គិសនី មួយផ្នែក​នៃ​តម្លៃ​ត្រូវបាន​គាំទ្រ​ដោយ​រដ្ឋាភិបាល ដែលមានតម្លៃ ៤៨ ៥០០ ដុល្លារ ដោយទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល ១៣ ៨០០ ដុល្លារ/គ្រឿង។

គិតត្រឹមចុងឆ្នាំ ២០២០ រដ្ឋាភិបាលកោះ Jeju បានកត់ត្រារថយន្តអគ្គិសនីចំនួន ៤,១០០ គ្រឿងដែលបានទិញផ្តាច់មុខនៅលើកោះនេះ។ ទោះជាយ៉ាងណាក៏ដោយ មិនមានបទប្បញ្ញត្តិបច្ចុប្បន្នដែលអនុញ្ញាតឲ្យរដ្ឋាភិបាលអាចយកថ្លៃដើមទិញរថយន្តបានមកវិញទេ បើទោះបីជាក្រុមហ៊ុនក្ស័យធន និងរឹបអូសរថយន្តក៏ដោយ។

នៅពាក់កណ្តាលឆ្នាំ ២០២១ ក្រុមហ៊ុន BMW កូរ៉េត្រូវបានអនុម័តដោយរដ្ឋាភិបាលដើម្បីទិញរថយន្តអគ្គិសនីខាងលើត្រឡប់មកវិញ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ នៅ​មាន​រថយន្ត​ជា​ច្រើន​គ្រឿង​នៅចតទុកចោល​នៅ​កន្លែងដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai បញ្ចេញទ្បាន Creta ឆ្នាំ២០២២ លក់នៅក្នុងប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hyundai បានបញ្ចេញនូវម៉ូឌែល CRETA ស៊េរីឆ្នាំ ២០២២ ប្រភេទ Crossover កៅអី ៥ ដែលបានដំទ្បើងនៅរោងចក្រប្រទេសឥណ្ឌូនេស៊ី នាំចូលទៅលក់នៅថៃ។

ការឌីហ្សាញនៃរថយន្ត Hyundai CRETA ត្រូវបានរចនាទ្បើងជាមួយនឹងប៉ាណាមុខ Parametic Jewel Radiator, អំពូលជួយបំភ្លឺពេលថ្ងៃ DRL និងថាសកង់ស្ព័រប្រភេទ Diamond Cut ទំហំ ១៧អ៊ីញ។ រីឯផ្នែកខាងក្នុងវិញត្រូវបានឌីហ្សាញទ្បើងគួរឱ្យចាប់អារម្មណ៍ខ្លាំងជាមួយនឹងកង់ទ័រឌីជីថលទំហំ ១០,២៥ អ៊ីញ, អេក្រង់ប្រព័ន្ធកម្សាន្តទំហំ ៨ អ៊ីញ អាចភ្ជាប់ជាមួយ Apple CarPlay, Android Auto, ការគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិ, ឧបករណ៍សាកថ្មទូរស័ព្ទ ឥតខ្សែ និងដំបូលបើកខាងលើបែប Panoramic Sunroof ជាដើម។

រថយន្ត Hyundai CRETA បានប្រើប្រាស់ម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីទ្បាំង ផលិតកម្លាំង ១១៥សេះ ភ្ជាប់ជាមួយនឹងប្រអប់លេខ lVT ។ បន្ថែមពីនេះរថយន្តក៏មាន Driving Modes ៤ ប្រភេទដូចជា Eco, Comfort, Sport និង Smart ជាដើម។

លើសពីនេះរថយន្ត Hyundai CRETA ត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាព Hyundai SmartSense កម្រិតខ្ពស់។ ខណៈ​ដែល​ប្រព័ន្ធ​សុវត្ថិភាព​ស្តង់ដារ​រួម​មាន​ប្រព័ន្ធ​គ្រប់គ្រង​លំនឹង ESC, ប្រព័ន្ធ​ហ្វ្រាំង ABS, Hill Start Assist, ប្រព័ន្ធ​ព្រមាន​សម្ពាធ​កង់​រថយន្ត​ដោយ​ស្វ័យ​ប្រវត្តិ និងពោងសុវត្ថិភាព ៦ ចំណុចជាដើម។

សម្រាប់រថយន្ត Hyundai CRETA ស៊េរីឆ្នាំ ២០២២ មានជម្រើស ២ ម៉ូឌែល ដូចជា SE និង SEL ជាមួយនឹងតម្លៃចាប់ពី ២៨ ៥០៤ ដល់ ៣០ ០០៦ ដុល្លារសម្រាប់ទីផ្សារនៅក្នុងប្រទេសថៃ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនវៀតណាម VinFast ដាក់លក់ VF 8 និង VF 9 នៅលើទីផ្សារកាណាដា

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តវៀតណាម VinFast បានធ្វើការដាក់បញ្ចេញរថយន្ត VF 8 និង VF 9 លក់ជាផ្លូវការនៅក្នុងប្រទេសកាណាដា ដោយក្រុមហ៊ុនបានកត់ត្រាការបញ្ជាទិញជាមុនបានច្រើនជាង ៣០០ គ្រឿងចាប់តាំងពីការបើកលក់។

ជាពិសេសសម្រាប់រថយន្ត VinFast VF 8 នឹងមានតម្លៃចាប់ផ្តើម ៤០ ៦៦៩​ ដុល្លារ និង VF 9 តម្លៃចាប់ពី ៥៥ ៣៥០ ដុល្លារ​ នៅលើទីផ្សារកាណាដា។ លើសពីនេះ អតិថិជនដែលបញ្ជាទិញជាមុន នឹងទទួលបានអត្ថប្រយោជន៍ពី VinFirst នៅពេលទៅយករថយន្ត ចំនួន ២ ៧៧៧ ដុល្លារ សម្រាប់ VF 8 និង ៤ ៧៦១ ដុល្លារ សម្រាប់ VF 9 ។ ការកក់នេះអាចសងប្រាក់វិញបាន ប្រសិនបើអ្នកប្រើប្រាស់ផ្លាស់ប្តូរតម្រូវការ។

លើសពីនេះ នៅពេលបញ្ជាទិញម៉ូដែលទាំងពីរនេះជាមុន ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៥ ខែមេសា ឆ្នាំ ២០២២ អតិថិជននៅក្នុងប្រទេសកាណាដានឹងទទួលបាននៅបន្ថែមដូចជា៖ វីឡាឆ្នេរ បន្ទប់គេង៣ នៅ Vinpearl, ឆ្នាំងសាកទូរស័ព្ទដោយឥតគិតថ្លៃ កញ្ចប់ ADAS និងសេវាកម្ម Smart Service ជាដើម។ ជាមួយគ្នានេះ អ្នកតំណាង VinFast បាននិយាយថាក្រុមហ៊ុនបានទទួលការបញ្ជាទិញច្រើនជាង ៣០០ គ្រឿងពីទីផ្សារនេះបន្ទាប់ពី ១ សប្តាហ៍។ ចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀតនៅពេលដែលក្រុមហ៊ុនដាក់ពង្រាយការលក់, ទីផ្សារ (Marketing) និងព័ត៌មានលម្អិតអំពីម៉ូដែលទាំងពីរដល់អ្នកប្រើប្រាស់។

ទន្ទឹមនឹងនេះ លោក Huynh Du An អគ្គនាយកក្រុមហ៊ុន VinFast Canada បាននិយាយថា ម៉ូដែលរថយន្តអគ្គិសនីដំបូងបង្អស់របស់ក្រុមហ៊ុននឹងទៅដល់អតិថិជនកាណាដាតាមរយៈប្រព័ន្ធ​ Genuine Store  និងការលក់តាមអ៊ីនធឺណិត។

គួរឲ្យដឹងថា VF 8 និង VF 9 នឹងក្លាយជារថយន្តប្រភេទ SUV អគ្គិសនីដំបូងគេរបស់ VinFast នៅក្នុងប្រទេសកាណាដា ដោយម៉ូដែលទាំងពីរនេះបានបង្ហាញខ្លួនជាសាកលរបស់ពួកគេនៅឯពិព័រណ៍រថយន្ត Los Angeles ឆ្នាំ ២០២១ ជាមួយនឹងការរចនាដែលសរសេរដោយ Studio Pininfarina ដ៏ល្បីល្បាញ របស់ប្រទេសអ៊ីតាលី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+