ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Model 3 ជាប់ជាឡានលក់ដាច់លំដាប់ទីពីរនៅអាល្លឺម៉ង់

កាលពីខែកញ្ញា រថយន្ត Tesla Model 3 ថ្មីអាចលក់ចេញបានចំនួន ៦ ៨២៨គ្រឿង នៅលើទីផ្សារប្រទេសអាល្លឺម៉ង់ ខណៈដែល​រថយន្តដែលជាគូប្រជែងដូចជា Mercedes C-Class, BMW 3 Series និង Audi A4 ទាំងបីបូកបញ្ចូលគ្នា​មាន​ចំនួន​ត្រឹម ៦ ១០០គ្រឿងប៉ុណ្ណោះ។

ផ្អែកតាមទិន្នន័យដែលចេញផ្សាយដោយទស្សនាវដ្ដី WirtschaftsWoche បានឲ្យដឹងថា Tesla Model 3 ចាញ់តែរថយន្តមួយប៉ុណ្ណោះ គឺរថយន្ត Volkswagen Golf ដែលចំនួនលក់គឺខុសគ្នាត្រឹមតែ ៥៨គ្រឿងប៉ុណ្ណោះ។

ដោយឡែករថយន្ត BMW 3 Series ឯណោះអាចលក់ចេញបានប្រមាណ ៣ ០០០គ្រឿង ហើយរថយន្ត Mercedes C-Class អាចលក់ចេញបាន ២ ២០០គ្រឿង និងរថយន្ត Audi A4 លក់ចេញបានចំនួន ៩០០គ្រឿង នៅពេញមួយខែកញ្ញា។

តួលេខលក់ប្រចាំខែកញ្ញាបានបង្ហាញផងដែរថាទីផ្សាររថយន្តអាល្លឺម៉ង់កំពុងមានទំនោរទៅកាន់រថយន្តអគ្គិសនីកាន់តែខ្លាំងជាងមុន ដោយក្នុងនោះចំនួនលក់រថយន្តសាំងមានការថយចុះ ៤១%, ចំនួនលក់រថយន្តម៉ាស៊ូតថយចុះ ៥៤%, ចំនួនលក់រថយន្ត Hybrid មានកំណើន ១១%, រថយន្ត PHEV មានកំណើន ១៤% ឯរថយន្តអគ្គិសនីមានកំណើនរហូតដល់ ៥៩% ដែលតួលេខនេះគឺប្រៀបនឹងខែកញ្ញា ឆ្នាំ២០២០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

វិបត្តិបន្ទះឈីបមែន ប៉ុន្តែ Tesla លក់ឡានចំណេញរាប់លានដុល្លារ

Tesla បានបំបែកកំណត់ត្រាប្រាក់ចំណេញប្រចាំត្រីមាសរបស់ខ្លួន ដោយរកបាន ១,៦២ ពាន់លានដុល្លារ ក្នុងត្រីមាសទី៣ នៃឆ្នាំ ២០២១ នេះ បើទោះបីជាមានវិបត្តិបន្ទះឈីបសកល ដែលកំពុងបន្តធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ឧស្សាហកម្មរថយន្តក៏ដោយ។

តួលេខត្រីមាសទី៣ បានបំបែកកំណត់ត្រា ១,១៤ ពាន់លានដុល្លារពីមុនរបស់ក្រុមហ៊ុន Tesla ដែលបានកំណត់ក្នុងត្រីមាសទី២ នៃឆ្នាំ ២០២១ នេះ ហើយមានទំហំធំជាងជិត ៥ ដងច្រើន ជាងប្រាក់ចំណេញដែលខ្លួនរកបានក្នុងត្រីមាសទី៣ កាលពី ឆ្នាំ ២០២០ ដែលមានត្រឹមចំនួន ៣៣១ លានដុល្លារ។

យោងតាមសារព័ត៌មាន Automotive News របស់អាមេរិក បានឲ្យដឹងថា ប្រាក់ចំណូល ១៣,៨ ពាន់លានដុល្លាររបស់ Tesla ក៏ជាប់ជាការបំបែកកំណត់ត្រាមួយរបស់ក្រុមហ៊ុននេះដែរ។

ការប្រកាសពីប្រាក់ចំណេញរបស់ក្រុមហ៊ុន Tesla កើតឡើងបន្ទាប់ពីព័ត៌មានដែលបានចេញផ្សាយកាលពីដើមខែកន្លងទៅនេះ ដែលបង្ហាញថា Tesla បានចែកចាយរថយន្តអគ្គិសនីសរុប ចំនួន ២៤១ ៣០០គ្រឿង កើនឡើង ៧២ ភាគរយលើចំនួនរថយន្តដែលខ្លួនបានចែកចាយ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

មិនតែប៉ុណ្ណោះ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Tesla បានលក់រថយន្តជិត ៦៣០ ០០០ គ្រឿងហើយ គិតមកទល់ពេលនេះ មានន័យថា វាបានវ៉ាដាច់ចំនួនសរុប ៤៩៩ ៥៥០ គ្រឿង ក្នុងឆ្នាំ ២០២០ រួចបាត់ទៅហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford យកភីកអាប់ Ranger ២០២៣ ទៅតេស្ត Off-road មុនប្រកាសចេញជាផ្លូវការ (មានវីដេអូ)

ខណៈពេលដែលថ្ងៃបង្ហាញខ្លួនរបស់រថយន្តភីកអាប់ Ford Ranger ស៊េរីឆ្នាំ២០២៣ ខិតជិតមកដល់ ពោលគឺនៅចុងឆ្នាំនេះតែម្តង ក្រុមហ៊ុន Ford បានយក Ranger ជំនាន់ថ្មី ទៅធ្វើតេស្តលើគ្រប់ស្ថានភាពផ្លូវទាំងអស់។

បើយោងតាមវីដេអូដែលបង្ហោះដោយក្រុមហ៊ុន Ford ផ្ទាល់ បង្ហាញឲ្យឃើញនូវ ការធ្វើតេស្តបើកបរ Off-road នៃរថយន្ត Ranger ឆ្នាំ២០២៣ នៅលើស្ថានភាពផ្លូវលំបាកៗជាច្រើន។

អ្វីដែលពិសេសនោះគឺ រថយន្តនេះត្រូវបានគេធ្វើតេស្តដំណើរការម៉ាស៊ីន និងភាពបត់បែនរបស់រថយន្ត នៅអាមេរិកខាងជើង និងប្រទេស New Zealand នៅក្នុងសីតុណ្ហភាពក្តៅ និងត្រជាក់ ព្រមទាំងការបើកបរលើវាលខ្សាច់ចម្ងាយ ១០ ០០០គីឡូម៉ែត្រទៀតផង។

គួរឲ្យដឹងថា រថយន្ត Ford Ranger ថ្មី ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅចុងឆ្នាំនេះ ហើយចេញលក់នៅឆ្នាំ២០២២ តែម្តង៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Maxus D60 និង Mazda CX9 ជារថយន្ត SUV ៧កៅអីដែលស័ក្តសមសម្រាប់គ្រួសារសមាជិកច្រើនលើស ៥នាក់

នៅប្រទេសកម្ពុជាយើងគឺមានរថយន្តប្រភេទ SUV ជាច្រើនដែលផ្តល់ជូននូវតម្លៃសមរម្យបូករួមជាមួយជម្រើសដ៏ល្អនៃលក្ខណៈពិសេសផ្សេងៗដែលធ្វើឱ្យការបើកបររបស់លោកអ្នកកាន់តែមានទំនុកចិត្ត និងមានភាពពេញចិត្ត។ យើងនឹងមានរថយន្ត២ម៉ូឌែលដោយផ្អែកលើ តម្លៃ, លក្ខណៈពិសេស និងចំណាត់ថ្នាក់សុវត្ថិភាព។ តម្លៃគឺជាការពិចារណាដំបូងគេបង្អស់សម្រាប់អ្នកទិញជាច្រើន ព្រោះវាអាចជួយសន្សំសំចៃបានច្រើនប្រសិនបើអ្នកជ្រើសរើសរថយន្តដែលត្រឹមត្រូវជាមួយតម្លៃសមរម្យ។ ដូច្នេះលោកអ្នកអាចអានព័ត៌មានខាងក្រោមរបស់រថយន្ត Maxus D60 និង Mazda CX9 ដើម្បីទទួលបានព័ត៌មានលម្អិតអំពីរថយន្ត SUV ៧កៅអីទាំងពីរម៉ូឌែលនេះ។

  • Maxus D60 ពិតជារថយន្តប្រភេទ SUV ៧កៅអីដែលភាពស័ក្តសមសម្រាប់ការធ្វើដំណើរក្នុងទីក្រុង និងការធ្វើដំណើរផ្លូវឆ្ងាយ។ ជាមួយនឹងតម្លៃ ៤២ ៩៩០ដុល្លារ រថយន្ត Maxus D60 ក៏បន្ងែមនូវកាដូរជាច្រើនសម្រាប់អតិថិជនដូចជា ស្លាកលេខខ្លី, កម្រាលជើងប្រណិត, បិតស្កុតការពារកម្តៅ និងមានការធានាជូនរហូតដល់រយៈពេល ៥ឆ្នាំ។ ប្រសិនបើអ្នកកំពុងស្វែងរករថយន្តប្រភេទ SUV ហើយជាពិសេសអ្នកដែលមានសមាជិកគ្រួសារច្រើនលើសពី៥នាក់ Maxus D60 គួរតែជាជម្រើសដ៏ល្អសម្រាប់អ្នក។ វាមានគុណភាពល្អ ព្រមទាំងការរចនាផ្នែកខាងក្នុងយ៉ាងប្រណីត។ បទពិសោធន៍នៃការបើកបរប្រកបដោយភាពស្វាហាប់ និងបទពិសោធន៍ថ្មីនៃផ្នែកខាងក្នុងដ៏មានផាសុកភាពអាចផ្តល់ជូនអ្នកនូវអារម្មណ៍ល្អនៅពេលបានអង្គុយនៅក្នុងរថយន្ត Maxus D60 ដែលរចនាបែបស្ព័ររួមជាមួយនឹងពណ៌cherry លាយខ្មៅ។ វាមានចំណុចលេចធ្លោជាច្រើនរបស់ Maxus D60 https://bit.ly/3pr6dsj ដូចជាដំណើរការ, កម្លាំងខ្លាំង, ផាសុកភាព, ភាពងាយស្រួល និងការរចនាផ្នែកខាងក្រៅនិងផ្ទៃខាងក្នុង។ បើនិយាយពីសុវត្ថិភាពវិញ Maxus D60 បានបំពាក់ជាមួយពោងសុវត្ថិភាពសម្រាប់អ្នកបើកបរនិងអ្នកដំណើរ និងពោងសុវត្ថិភាពចំហៀង, ប្រព័ន្ធទប់លំនឹង, ប្រព័ន្ធហ្វ្រាំងជំនួយអេឡិចត្រូនិក និងប្រព័ន្ធជំនួយពេលចុះនិងពេលឡើងចំណោត, ដែលនេះហើយជាមូលហេតុធ្វើឱ្យ Maxus D60 ទទួលបានចំណាត់ថ្នាក់លំដាប់ផ្កាយ ៥ពីផ្នែកសុវត្ថិភាព។

  • Mazda CX-9 ពិតជាមានភាពរីករាយក្នុងការបើកបរ ហើយវាផ្តល់ជូននូវលក្ខណៈពិសេសៗ និងចំណាត់ថ្នាក់សុវត្ថិភាពខ្ពស់ផងដែរ។ តម្លៃរបស់ Mazda CX9 ចាប់ផ្តើមពី ៥៩ ៩០០ដុល្លារ ហើយកាប៊ីនរបស់វាគួរឱ្យចាប់អារម្មណ៏ហើយសក្ដានុពលនៃការបើកបរផ្តល់នូវភាពប្រណីតនៃលក្ខណៈស្តង់ដារនិងជម្រើសល្អ។ ពេលដែលបើកទ្វារចូលក្នុងរថយន្ត Mazda CX-9 វាពិតជាស្វាគមន៍អ្នកដំណើរជាមួយនឹងការរចនាដ៏ប្រណិតនៃពូកស្បែក (Nappa Leather Beige)។ កៅអីជួរទីពីរ និងទីបីអាចបត់បានយ៉ាងងាយស្រួលដែលសម្រួលដល់ការផ្លាស់ប្តូរនិងការកំណត់រចនាសម្ព័ន្ធយ៉ាងរហ័សដែលលក្ខណៈពិសេសនេះគឺដូច Maxus D60 ដែរ។ វាពិតជាមានភាពងាយស្រួលក្នុងការផ្ទុកសម្ភារៈ នៅផ្នែកខាងក្រោយ។ ការធ្វើដំណើរជាទូទៅគឺមានផាសុកភាពល្អ បើទោះបីជាទទួលបានយ៉ាន់ស្ព័រធំក៏ដោយ។ ចំណុចស្តង់ដារនោះគឺ Front-wheel drive, ហើយអ្នកបើកបរនឹងទទួលបានថាមពលគ្រប់គ្រាន់សម្រាប់រាល់ការធ្វើដំណើរតាមដងផ្លូវ។ នៅក្នុងប្រព័ន្ធសុវត្ថិភាពវិញ Mazda CX9 ភ្ជាប់មកជាមួយឧបករណ៍ចាប់សញ្ញាមុខក្រោយនិងកាមេរ៉ាមើលក្រោយដែលជំនួយពេលចតរថយន្ត, ពោងសុវត្ថិភាពចំនួន៦គ្រាប់, ប្រព័ន្ធជំនួយពេលឡើងនិងចុះភ្នំ, Blind Spot Monitoring, ABS និង EBA ដែលជាចំណុចពិសេសធ្វើឱ្យអ្នកបើកបរកាន់តែមានទំនុកចិត្តនិងសុវត្ថិភាព។

Maxus D60 និង Mazda CX9 ពិតជាមានអត្ថប្រយោជន៍ និងមានភាពងាយស្រួលសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ។ ប្រសិនបើអ្នកចង់បានដៃគូរដ៏ល្អដែលអាចជួយ និងផ្តល់ឱ្យការធ្វើដំណើរប្រកបដោយផាសុកភាពលោកអ្នកអាចពិនិត្យមើលរថយន្តប្រភេទ SUV ៧កៅអីទាំងពីរខាងលើនេះបាន ហើយតម្លៃពិតជាប្រកួតប្រជែង និងមានការផ្តល់ជូននូវលក្ខណៈពិសេសក៏ខុសគ្នាដែរ។ ដូច្នេះលោកអ្នកអាចអញ្ផើញបើកសាកល្បង និងសាកសួរពត៌មានលម្អិតមុននឹងអ្នកសម្រេចចិត្តទិញរថយន្តទំនើបសម្រាប់គ្រួសាររបស់អ្នក៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Maverick Hybrid មានកម្រិតស៊ីប្រេងមធ្យម ៥,៦លីត្រ ត្រូវពន្យាពេលដឹកអោយអតិថិជនរហូតដល់ដើមឆ្នាំក្រោយ

អតិថិជនរបស់ Ford Maverick ​ប្រហែលកំពុងទទួលបានការរីករាយ បន្ទាប់ពីទទួលបានការបង្ហាញអំពីកម្រិតស៊ីប្រេងជាផ្លូវការនៃរថយន្ត Ford Maverick ប្រភេទហាយប្រ៊ីដពីទីភ្នាក់ងារ​ EPA ជាមួយកម្រិតស៊ីប្រេង ៥,៦លីត្រនៅពេលបើកបរក្នុងក្រុង ប៉ុន្តែជាមួយដំណឹងដ៏រីករាយនេះ អតិថិជនក៏ត្រូវធ្វើការរង់ចាំនូវរថយន្តមកដល់ក្នុងដៃរបស់ខ្លួនរហូតដល់ដើមឆ្នាំ២០២២។

ចំពោះរថយន្ត Ford Maverick ប្រភេទហាយប្រ៊ីដ បានទទួលការវាយតម្លៃពីទីភ្នាក់ងារ EPA ជាមួយកម្រិតស៊ីប្រេងជាមធ្យមចំនួន ៥,៦លីត្រពេលបើកបរក្នុងក្រុង ឬ ៧,១លីត្រសម្រាប់ការបើកបរផ្លូវក្រៅក្រុង និងជាមធ្យម ៦,៣លីត្រ។

ក្រុមហ៊ុន Ford បានធ្វើការបញ្ចេញរថយន្តភីកអាប់ប្រភេទ Compact Unibody របស់ខ្លួនកាលពីខែមិថុនាកន្លងទៅ ជាមួយការចេញលក់ជម្រើសម៉ាស៊ីន ២,០លីត្រ Ecoboost ចាប់ផ្តើមនៅខែកញ្ញា។ ចំណែកប្រភេទហាយប្រ៊ីដ ដែលជាប្រភេទ Base Model ដែលរំពឹងថានឹងត្រូវបានលក់ក្នុងពេលតែមួយនេះ ឥឡូវនេះត្រូវបានពន្យាលពេលរហូតដល់ខែមករា ឆ្នាំ២០២២ទើបអាចដឹកអោយអតិថិជនរបស់ខ្លួន។

រថយន្តភីកអាប់នេះដំណើរការដោយម៉ាស៊ីនសាំងហាយប្រ៊ីដចំណុះ ២,៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនមួយ ផលិតកម្លាំងបាន ១៩១សេះ ភ្ជាប់ជាមួយប្រអប់លេខ CVT៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ចេញ Civic Si ឆ្នាំ២០២២ ប្រើម៉ាស៊ីន Turbo កម្លាំង ២០០សេះ

ក្រុមហ៊ុន Honda បានប្រកាសចេញរថយន្ត Civic Si ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយមានបំពាក់ម៉ាស៊ីនចំណុះ ១,៥លីត្រ Turbo ជាមួយនឹងប្រអប់លេខដៃ ៦វគ្គ និងមានបច្ចេកវិទ្យា Rev-matching Technology ដូចទៅនឹង Civic Type R ដែរ។

រថយន្ត Honda Civic Si ឆ្នាំ២០២២ នឹងមានកម្លាំង ២០០សេះ និងកម្លាំងរមួល ២៦០ញ៉ូតុនម៉ែត្រ។ ជាមួយគ្នានេះដែរ វាក៏ទទួលបានការអាប់ដេតលើប្រព័ន្ធជើងក្រោម ដែលធ្វើឲ្យវារឹងមាំ មានលំនឹង ព្រមទាំងផ្តល់ឲ្យនូវការបើកបរកាន់តែប្រសើរជាងមុន។ មិនតែប៉ុណ្ណោះ រថយន្តនេះក៏បានបំពាក់ហ្វ្រាំងដុំជាងម៉ូដែលធម្មតាដែរ។

Honda Civic Si ថ្មីនេះមានបំពាក់ចង្កៀងមុខក្រោយ LED មកស្តង់ដារ, យ៉ាន់កង់ ១៨អ៊ីញ ពណ៌ខ្មៅ ព្រមទាំងមានតួខ្លួនពណ៌ពិសេស Blazing Orange ទៀតផង។

ថ្វីបើតម្លៃរបស់ Honda Civic Si ឆ្នាំ២០២២ មិនទាន់ត្រូវបានប្រកាសក្តី ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តជប៉ុននេះ គ្រោងនឹងដឹករថយន្តឲ្យអតិថិជនរបស់ខ្លួននៅចុងឆ្នាំ២០២១ នេះតែម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បានឡាន Tesla Cybertruck មានបំពាក់កញ្ចក់មើលចំហៀង និងផ្លិតទឹក ខណៈកាលចេញដំបូងគឺគ្មាន!

ក្រុមហ៊ុន Tesla បានបង្ហាញចេញនូវរថយន្តភីកអាប់អគ្គិសនី Cybertruck កាលពីជិត ២ឆ្នាំមុន ហើយក្រុមហ៊ុននេះបានពន្យាពេលចេញលក់រហូតដល់ឆ្នាំ២០២២។

ជាលទ្ធផល គូប្រជែងរបស់ Cybertruck ដូចជា Rivian R1T និង GMC Hummer EV នឹងចេញលក់មុន ព្រមទាំងម៉ូដែល Ford F-150 Lightning ផងដែរ។

បើទោះបីជា Tesla នឹងមកក្រោយគេមែន ប៉ុន្តែថ្មីៗនេះគេប្រមាញ់បានគំរូរថយន្ត Cybertruck កំពុងធ្វើតេស្ត ដោយមានបំពាក់កញ្ចក់មើលចំហៀង និងផ្លិតទឹក ខណៈកាលបង្ហាញខ្លួនដំបូងគឺគ្មានរបស់ ២ យ៉ាងនោះទេ។

ជាមួយនឹងការបំពាក់របស់ចាំបាច់សម្រាប់រថយន្តបែបនេះ វាបានបញ្ជាក់ថា ភីកអាប់ Cybertruck គឺកំពុងខិតជិតដល់ការផលិតហើយ។ ក្រៅពីនោះ យើងក៏អាចមើលឃើញវាមានបំពាក់យ៉ាន់កង់ធម្មតា និង អំពូលកាត់អ័ព្ទទៀតផង។ ចំណែកឯការឌីហ្សាញនៅកន្លែងផ្សេងទៀត គឺដូចមុនទាំងអស់។

គួរឲ្យដឹងដែរថា រថយន្តភីកអាប់ Tesla Cybertruck ត្រូវបានកំណត់តម្លៃដើម ៣៩ ៩០០ដុល្លារ សម្រាប់ប្រភេទប៉ុងក្រោយ និង ៤៩ ៩០០ដុល្លារ សម្រាប់ប្រភេទប៉ុងពីរ។ ចំណែកឯប្រភេទប្រើម៉ូទ័រអគ្គិសនី ៣ គ្រឿង និងប្រើប៉ុងពីរ មានតម្លៃ ៦៩ ៩០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ពេលនេះឡាន Lamborghini Aventador បិទលែងទទួលការកុម្ម៉ង់ជាផ្លូវការហើយ

រថយន្ត Lamborghini Aventador បានបិទលែងទទួលការកុម្ម៉ង់ជាផ្លូវការ ដោយមានរថយន្តម៉ូដែល Aventador Ultimae ជាម៉ូដែលបិទបញ្ចប់នៃត្រកូលរថយន្ត Aventador មួយនេះ។ ប៉ុន្តែ Lamborghini បានសន្យាថាម៉ាស៊ីន V12 របស់ខ្លួន នឹងនៅបន្តមានជីវិត ហើយមានជីវិតដោយមានការផ្សែផ្សាំជាមួយថាមពល Hybrid។

រថយន្ត Aventador បានបង្ហាញវត្តមានជាលើកដំបូងនៅក្នុងកម្មវិធី Geneva Motor Show ឆ្នាំ២០១១ ដែលពេលនោះវាចូលមកជំនួសរថយន្ត Murcielago។ ក្រោយចូលរោងចក្រផលិតអស់រយៈពេល១០ឆ្នាំ រថយន្តនេះត្រូវបានកំណត់ឲ្យម៉ូដែលថ្មីចូលមកជំនួសតំណែងជាបន្ត នៅត្រឹមដំណាច់ឆ្នាំ២០២២ ឬនៅដើមឆ្នាំ២០២២។

Lamborghini បាននិយាយថាការដឹកជញ្ជូនរថយន្ត Lamborghini Aventador Ultimate នឹងបន្តរហូតដល់ចុងឆ្នាំ២០២២ ប៉ុន្តែការកុម្ម៉ង់ទិញសម្រាប់រថយន្តនេះត្រូវបានបិទបញ្ចប់ជាផ្លូវការចាប់ពីពេលនេះតទៅហើយ។

គួរដឹងថា Aventador ធ្លាប់ជារថយន្តដែលជោគជ័យមួយសម្រាប់ Lamborghini ដោយ​រយៈពេល៥ឆ្នាំប៉ុណ្ណោះ ក្រុមហ៊ុនអាចលក់រថយន្តនេះបានដល់ខ្ទង់ ៥ពាន់គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla បំបែកកំណត់ត្រាលុយចំណេញជាថ្មីម្ដងទៀត ទោះពិភពលោកកំពុងជួបវិបត្តិខ្វះឈីប

Tesla បានបំបែកកំណត់ត្រាថ្មីទៀតហើយសម្រាប់ប្រតិបត្តិការប្រចាំត្រីមាសទីបីនៃឆ្នាំ២០២១នេះ ដោយអាចរកប្រាក់ចំណូលបានសរុប ១៣,៨ពាន់លានដុល្លារ ខណៈដែលប្រាក់ចំណេញមានសរុប ១,៦២ពាន់លានដុល្លារ។

ត្រីមាសទីបីកាលពីឆ្នាំ២០២០ ក្រុមហ៊ុន Tesla រកប្រាក់ចំណេញបាន ៣៣១លានដុល្លារ ដែលធ្វើឲ្យប្រាក់ចំណេញត្រីមាសទីបីនៃឆ្នាំ២០២១នេះ មានការកើនឡើង៥ដងឯណោះ ខណៈដែលប្រាក់ចំណេញនេះក៏បានវាយបំបែកកំណត់ត្រាប្រាក់ចំណេញច្រើនបំផុតប្រចាំត្រីមាសដែល Tesla បានសាងបានកាលពីត្រីមាសទីពីរ ដែលពេលនោះទទួលបានប្រាក់ចំណេញ ១,១៤ពាន់លានដុល្លារ។

ការប្រកាសពីប្រាក់ចំណេញនេះ គឺក្រោយពី Tesla បានប្រកាសកាលពីដើមខែថាខ្លួនអាចលក់ចេញរថយន្តបាន ២៤១ ៣០០គ្រឿង កាលពីត្រីមាសទីបី ដែលមានកំណើន ៧២% ធៀបនឹងឆ្នាំមុន។

គួរដឹងថាគិតមកទល់ត្រីមាសទីបីនេះ Tesla លក់រថយន្តបានជិត ៦៣០ ០០០គ្រឿងហើយនៅក្នុងឆ្នាំ២០២១នេះ ដែល​តួលេខនេះបានវ៉ាដាច់តួលេខសរុបកាលពីឆ្នាំ២០២០ ដែលមានចំនួន ៤៩៩ ៥៥០គ្រឿង ហើយ Tesla នៅសល់ពេលវេលាបីខែទៀតផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

NHTSA បើកការស៊ើបអង្កេតលើឡាន Ram ចំនួន ៦០ម៉ឺនគ្រឿង ព្រោះបញ្ហារលត់ជាប់គាំង

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិហៅកាត់ថា NHTSA បានធ្វើការបើកការស៊ើបអង្កេតលើរថយន្ត Ram ចំនួន ៦០០ ០០០គ្រឿង ដែលដំណើរការដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ៦,លីត្រ ដោយសារមានបញ្ហារលត់ជាប់គាំង បន្ទាប់ពីទទួលបានពាក្យបណ្តឹងចំនួន ២២ផ្សេងគ្នាទាក់ទងនឹងបញ្ហាបូមប្រេង។

យោងតាមសេចក្តីថ្លៃងការដែលបានចេញផ្សាយនៅថ្ងៃទី ១៨ ខែតុលាកន្លងទៅនេះ ការបើកការស៊ើបអង្កេតលើរថយន្ត Ram ទាំង ៦០០ ០០០គ្រឿងនេះ ត្រូវបានប៉ះពាល់ដល់រថយន្ត​ Ram សេរ៊ីឆ្នាំ២០១៩ និង ២០២០ ដោយមានម៉ូឌែល 2500, 3500, 4500 និង 5500។

ចំពោះការស៊ើបអង្កេតរបស់ NHTSA នឹងផ្តោតសំខាន់ទៅលើការឡើងសម្ពាធខ្ពស់នៃបូមប្រេង (High-pressure fuel pumps)។ យោងតាមពាក្យបណ្តឹងដែល NHTSA ទទួលបាន បញ្ហាបូមប្រេងដែលជាមូលហេតុនៃការរលត់ជាប់គាំង នៅពេលបើកបរនៅកម្រិតល្បឿនចាប់ពី ៤០គីឡូម៉ែត្រក្នុងមួយម៉ោង នោះរថយន្តនឹងរលត់ ហើយមិនអាចបញ្ឆេះអោយដំណើរការបានវិញឡើយ។

គួររំលឹកផងដែរថា ការស៊ើបអង្កេតនេះបានចាប់ផ្តើងតាំងពីថ្ងៃទី ១៤ ខែតុលា កន្លងទៅនេះ ខណៈពេលក្រុមហ៊ុនក៏បានចេញសេចក្តីថ្លៃងការណ៍ផ្តូវការថា៖ យើងនឹងសហការយ៉ាងពេញលេញជាមួយការស៊ើបអង្កេតរបស់ NHTSA ខណៈពេលកំពុងបន្តការស្វែងរកការពិតផ្ទាល់ខ្លួន ដើម្បីគាំទ្រអតិថិជនរបស់យើង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+