ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda ក្លាយជាក្រុមហ៊ុនផលិតរថយន្តជប៉ុនដំបូងគេ លក់រថយន្តតាមអ៊ីនធឺណេត

ក្រុមហ៊ុន Honda បានក្លាយខ្លួនជាក្រុមហ៊ុនផលិតរថយន្តជប៉ុនដំបូងគេ សម្រាប់សេវាកម្មលក់រថយន្តរបស់ខ្លួននៅលើប្រព័ន្ធអនឡាញ ទៅកាន់អតិថិជនក្នុងទឹកដីកំណើតរបស់ខ្លួន។

សេវាកម្មដែលមានឈ្មោះថា Honda ON ត្រូវបានផ្តល់ជូនប្រជាជននៅទីក្រុងតូក្យូជាមួយកិច្ចសន្យាជាវមុន(Subscription Contract Basic) មុនពេលពង្រីកសេវាកម្មនេះទូទាំងប្រទេសជប៉ុនទាំងមូល។ ចំពោះសេវាកម្ម Honda ON នេះត្រូវបានអនុញ្ញាតអោយអតិថិជនបញ្ចប់ដំណើរការទាំងមូលតាមអ៊ីនធឺណេត ចាប់តាំងពីការពិគ្រោះយោបល់រហូតដល់ចុះកិច្ចសន្យា។

តាមរយៈសេវាកម្មនេះ អតិថិជនអាចជ្រើសយកនូវរយៈពេលកិច្ចសន្យារយៈពេល ៣ ឬ ៥ឆ្នាំ សម្រាប់រថយន្ត N-Box, Fit, Freed ឬ Vezel (HR-V)។ ដោយពួកគេនឹងធ្វើការបង់ប្រាក់ប្រចាំខែ ដែលរួមបញ្ជូលទាំងថ្លៃនៃរថយន្ត និងថ្លៃដើមថែទាំង បន្ថែមពីនេះក្រុមហ៊ុនក៏ផ្តល់នូវជម្រើសក្នុងការទិញឡើងវិញ បន្ទាប់ពីកិច្ចសន្យាទិញបានផុតកំណត់។

នៅពេលប្រើប្រាស់សេវាកម្មអតិថិជនអាចជ្រើសរើសថាតើក្រុមហ៊ុនចែកចាយ Honda ក្នុងស្រុកមួយណាដែលពួកគេចង់ឱ្យរថយន្តរបស់ពួកគេត្រូវបានដឹកជញ្ជូន និងថែទាំ។

សម្រាប់តម្លៃនៃការទិញ (Subscription) នេះក្នុងមួយខែបន្ទាប់ពីលើពន្ធរយចរាល់រថយន្ត N-Box ត្រូវបានបង់ចាប់ពី ២៧៩ដុល្លារ, Honda Fit ចាប់ពី ៣៨២ដុល្លារ, Freed ចាប់ពី ៤៣៩ដុល្លារ និង Vezel ចាប់ពី ៤៣៥ដុល្លារ។ គួរបញ្ជាក់ផងដែរថា សេរវាកម្មនេះក៏អាចផ្តល់អោយអតិថិជនរបស់ខ្លួនអាចកំណត់កាលវិភាគក្នុងការបើកបរសាកល្បងផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hyundai បោះទុន ១,១ពាន់លានដុល្លារ បង្កើតរោងចក្រផលិតថាមពលអ៊ីដ្រូហ្សែនថ្មីចំនួន ២

ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai បានប្រកាសអំពីគម្រោងនៃការបង្កើតរោងចក្រផលិតកោសិកាឥន្ធនៈអ៊ីដ្រូហ្សែនចំនួនពីរថ្មី ក្នុងប្រទេសកូរ៉េខាងត្បូង ដើម្បីពន្លឿនកំណើននៃអាជីវកម្មអ៊ីដ្រូហ្សែនរបស់ខ្លួន។

ក្នុងពិធីបើកការដ្ឋាននៃសាងសង់នៅទីក្រុងអ៊ីនឆុន(Incheon) ដែលជាទីកន្លែងនៃរោងចក្រថ្មីនេះ ក្រុមហ៊ុនផលិតរថយន្តនេះបាននិយាយថាខ្លួនបានធ្វើការវិនិយោគទឹកប្រាក់សរុបប្រមាណ ១,១ពាន់លានដុល្លារទៅលើការបង្កើតរោងចក្រនេះ ជាមួយនឹងការចាប់ផ្តើមផលិតថាមពលអ៊ីដ្រូហ្សែននៅឆមាសទី២ នៃឆ្នាំ ២០២៣ ដោយអាចផលិតបានថាមពលអ៊ីដ្រូហ្សែនប្រមាណ ១០ម៉ឺនកោសិកាឥន្ធនៈអ៊ីដ្រូហ្សែនក្នុងមួយឆ្នាំ។

យ៉ាងណាមិញរោងចក្រថ្មីនេះ វានឹងចូលរួមជាមួយរោងចក្រដែលមានស្រាប់របស់ក្រុមហ៊ុន Hyundai នៅទីក្រុងជុងជូ (Chunju) ដែលជារោងចក្រមួយអាចផលិតបានកោសិកាឥន្ធនៈអ៊ីដ្រូហ្សែនប្រមាណចំនួន ២៣ ០០០ក្នុងមួយឆ្នាំ។

បន្ថែមពីនេះ រោងចក្រថ្មីនេះដែរ Hyundai សង្ឃឹមថាវានឹងជួយអោយអាជីវកម្មអ៊ីដ្រូហ្សែនរបស់ខ្លួនកាន់តែរីកចម្រើន។ បច្ចុប្បន្ន Hyundai ក៏មានគម្រោងក្នុងការបង្កើតប្រព័ន្ធថ្មីសម្រាប់រថយន្ត គ្រឿងចក្រ និងយានសម្រាប់ដឹកជញ្ជូនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford Bronco Sport ឆ្នាំ ២០២២ នឹងឡើងថ្លៃជាងមុនប្រហែល ១ពាន់ដុល្លារ

រថយន្ត Ford Bronco Sport គឺកំពុងទទួលបានការលទ្ធផលយ៉ាងល្អនៅក្នុងខែកញ្ញា។ ក្នុងនោះដែរ យោងតាម CarsDirect ដែលទទួលបានទិន្នន័យពីការបញ្ជាទិញថ្មីបាននិយាយថារថយន្ត Bronco Sport ឆ្នាំ២០២២ ប្រភេទ Base Model នឹងមានតម្លៃចាប់ពី ២៨ ៧៦០ដុល្លារ (បន្ទាប់ពីគិតសេវាកម្មគោលដៅ ១ ៤៩៥ដុល្លារ) ថ្លៃជាងមុន ៥០ដុល្លារ និង Bronco Sport Big Bend មានតម្លៃចាប់ពី ៣០ ៣២០ដុល្លារ ដ្លៃជាងម៉ូឌែលឆ្នាំ២០២១ ចំនួន ១០៥ដុល្លារ

បន្ថែមជាមួយ Bronco Sport Outer Banks មានតម្លៃចាប់ពី ៣៤ ៥៧០ដុល្លារ ថ្លៃជាងម៉ូឌែលឆ្នាំមុន ២១៥ដុល្លារ។ ចំណែកឯម៉ូឌែលកប់បំផុត Bronco Sport Badlands មានតម្លៃចាប់ពី ៣៥ ៤៣០ដុល្លារ មានតម្លៃថ្លៃជាងម៉ូឌែលឆ្នាំ ២០២១ ចំនួន ១ ១១៥ដុល្លារ។

សម្រាប់ម៉ូឌែលឆ្នាំ២០២២ Bronco Sport នៅតែបន្តដំណើរការជាមួយម៉ាស៊ីនចំណុះ ១,៥លីត្រ Turbocharged កម្លាំង ១៨១សេះ និងកម្លាំងរមួល ២៥៩ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយប្រអប់លេខ ៨វគ្គអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Chevrolet គ្រោងចេញ SUV អគ្គិសនីតម្លៃធូរថ្លៃ ត្រឹម ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន General Motors កំពុងតែសម្ងំផលិតរថយន្ត SUV ដំណើរការដោយថាមពលអគ្គិសនីសុទ្ធថ្មី ដែលយកលំនាំតាមរថយន្ត Chevrolet Equinox។

រថយន្ត Chevrolet Equinox

ប្រធានក្រុមហ៊ុន General Motors លោក Mark Reuss បានថ្លែងក្នុងពេលធ្វើបទបង្ហាញដល់អ្នកវិនិយោគ នាពេលថ្មីៗនេះថាក្រុមហ៊ុនរបស់លោកកំពុងធ្វើការលើ Crossover អគ្គិសនីថ្មី ដែលប្រើគ្រោងឆ្អឹង Ultium Platform របស់ខ្លួន ហើយនឹងត្រូវដាក់លក់ក្នុងតម្លៃប្រហែល ៣ ម៉ឺនដុល្លារ។ លោកបានបន្ថែមថា លោកបានហៅរថយន្តនោះថាជា Equinox EV។

ដោយសារតែរថយន្ត SUV អគ្គិសនីខាងលើ នឹងប្រើគ្រោងឆ្អឹង Ultium Platform ជាជាងប្រើគ្រោងឆ្អឹងដែលមានស្រាប់លើរថយន្ត Equinox ដូច្នេះវាគួរតែជាម៉ូដែលថ្មីទាំងស្រុង។ ជាក់ស្តែង ប៉ាតង់ឌីហ្សាញមួយដែលបានរកឃើញកាលពីប៉ុន្មានខែមុន បានបង្ហាញថាវានឹងមានរូបរាងខុសប្លែកពី Equinox បច្ចុប្បន្ន។

ថ្វីត្បិតតែមានផ្នែកខាងមុខ និងខាងក្រោយ ផ្ទាល់ខ្លួនក៏ដោយ ក៏ទំហំ និងរូបរាងទាំងមូលនៃរថយន្ត Equinox EV នឹងមានលក្ខណៈប្រហាក់ប្រហែលទៅនឹងម៉ូដែល Equinox ធម្មតាដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ស្ងាត់ៗ! ឡានអគ្គិសនី Tesla Model 3 និង Model Y បន្តឡើងថ្លៃទៀតហើយ!

តម្លៃរថយន្តរបស់ក្រុមហ៊ុន Tesla ហាក់ដូចជាប្រែប្រួលដូចខ្យល់អីចឹង។ នៅឆមាសទីមួយ នៃឆ្នាំ ២០២១ តម្លៃនៃម៉ូដែលពេញនិយមបំផុតរបស់ Tesla គឺ Model 3 និង Model Y បានផ្លាស់ប្តូរឥតឈប់ឈរ។

ឥឡូវនេះក្រុមហ៊ុន Tesla បានតម្លើងថ្លៃ Model 3 និង Model Y ដោយស្ងាត់ស្ងៀមនៅគ្រប់ម៉ូដែលទាំងអស់។ នៅសហរដ្ឋអាមេរិក Tesla Model 3 Standard Range Plus បានឡើងថ្លៃ ២ ០០០ ដុល្លារ កើនឡើងពី ៣៩ ៩៩០ ដុល្លារទៅ ៤១ ៩៩០ ដុល្លារ។

គួររំលឹកឲ្យដឹងដែរថា កាលពីដើមឆ្នាំកន្លងទៅនេះ រថយន្ត Model 3 Standard Range Plus មានតម្លៃត្រឹមចាប់ពី ៣៦ ៩៩០ដុល្លារ ប៉ុណ្ណោះ ដូច្នេះបើគិតទៅវាឡើងថ្លៃខ្ទង់ ៥ ០០០ដុល្លារបាត់ទៅហើយ។ វាមានន័យថា Model 3 Standard Range Plus លែងជារថយន្ត Tesla ដែលមានតម្លៃថោកបំផុតទៀតហើយ ខណៈតំណែងនេះបានទៅលើភីកអាប់ Cybertruck ដែលមានតម្លៃចាប់ពី ៣៩ ៩០០ដុល្លារ។

ជាមួយគ្នានេះដែរ Model 3 Long Range AWD នៅតែរក្សាតម្លៃ ៤៩ ៩៩០ដុល្លារដដែល ប៉ុន្តែ Model 3 Performance បានឡើងពី ៥៦ ៩៩០ដុល្លារ ទៅ ៥៧ ៩៩០ដុល្លារ។

ដោយឡែក រថយន្ត Tesla Model Y Long Range Dual Motor ឥឡូវនេះមានតម្លៃចាប់ពី ៥៤ ៩៩០ដុល្លារ ពោលគឺឡើងថ្លៃ ២ ០០០ដុល្លារ។ រីឯ Model Y Performance វិញ ឥឡូវនេះមានតម្លៃ ៦០ ៩៩០ដុល្លារ។

សូមបញ្ជាក់ថា នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ធ្លាប់បានបញ្ជាក់ប្រាប់រួចមកហើយថា ការឡើងថ្លៃជាញឹកញាប់នេះគឺបណ្តាលមកពី បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Supercar របស់ប្រទេសចិន ដែលមានតម្លៃថ្លៃៗ ទាំង ៨ម៉ូឌែល

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនផលិតរបស់ចិនជាច្រើនបានចាប់ផ្តើមចូលប្រឡូកក្នុងទីផ្សាររថយន្តទំនើបៗ (Supercar) ជាមួយនឹងគំនិតនៃការរចនាប្លែកៗ។ ទោះបីនៅក្មេងខ្ចីក៏ដោយឧស្សាហកម្មរថយន្តចិននៅតែមានទំនុកចិត្តថារថយន្តទំនើបទាំងនេះអាចប្រកួតប្រជែងជាមួយ Ferrari និង Lamborghini នាពេលអនាគត ដោយសារការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ និងការរចនាប្លែកៗផងដែរ។

១. Farnova Othello: រថយន្តនេះគឺរថយន្តអគ្គិសនីដែលផលិតឡើងដោយក្រុមហ៊ុន Farnova Automotive។ វាបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន២ ដែលអាចផលិតកម្លាំងបាន ១ ៨៣៥សេះ និងមានតម្លៃ ២៨៨ ០០០ដុល្លារ។

២. Hongqi S9: ត្រូវបានផលិតឡើងក្រោមការសហការណ៍គ្នារវាងក្រុមហ៊ុន Silk EV និង FAW និងត្រូវបានបង្ហាញខ្លួនជាផ្លូវក្នុងកម្មវិធី Milan Design Week ក្នុងឆ្នាំ២០២១។ វាបំពាក់ជាមួយម៉ាស៊ីនចំណុះ ៤,០លីត្រ V8 មានកម្លាំង ៨៥០សេះ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនពី មានកម្លាំង ៥៣០ និងមានកម្លាំងសរុប ១ ៤០០សេះ និងមានតម្លៃ ១,៥លានដុល្លារ។

៣. BAC Mono One: រថយន្តនេះត្រូវបានផលិតឡើងត្រឹមចំនួន ៣គ្រឿងប៉ុណ្ណោះ ជាមួយការប្រើប្រាស់គ្រឿងបរិក្ខាប្រភេទកាបូន។ រថយន្តនេះមានតម្លៃ ២០៥ ៩៤១ដុល្លារ ដោយដំណើរការដោយម៉ាស៊ីនចំណុះ ២,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០៥សេះ និងអាចរត់ស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ២,៨វិនាទី។

៤. BAIC Arcfox-7: វាគឺជារថយន្តអគ្គិសនីដំបូងនៃក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសចិន ដែលបានបង្ហាញចេញលក់ដំបូងកាលពីឆ្នាំ២០១៦ ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Beijing Motor Show ជាមួយតម្លៃ ៦០០ ០០០ដុល្លារ។ រថយន្តនេះបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ៣ អាចផលិតកម្លាំងបាន ៦២០សេះ និងអាចបើកបរបានចម្ងាយ ២៩៩គីឡូម៉ែត្រនៅពេលសាកភ្លើងពេញម្តង។

៥. Techrules TREV: រថយន្តនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុនទើបចាប់ផ្តើមថ្មី Techrules ដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៥។ វាដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន៦ ដោយនៅផ្នែកខាងមុខមានចំនួន ២ និងខាងក្រោយចំនួន ៤ ដែលអាចផលិតកម្លាំងបាន ១ ០៣០សេះ និងមានសម្ថភាពអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ២,៥វិនាទី និងមានតម្លៃប្រហែល ១,៦លានដុល្លារ។

៦. Icona Vulcano Titanium: រថយន្តនេះត្រូវបានផលិតឡើងដោយក្រុមហ៊ុន Shanghai-based Icona ដែលជាក្រុមហ៊ុនមួយបង្កើតឡើងក្នុងឆ្នាំ២០១០។ រថយន្តនេះមានកម្លាំង ៦៨០សេះ និងអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ២,៨វិនាទី និងមានតម្លៃប្រហែល ២,៨លានដុល្លារ។

៧. Qiantu K50: ត្រូវបានបង្ហាញខ្លួនក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Shanghai Auto Show ក្នុងឆ្នាំ២០១៥ និងបានឈានជើងចូលទីផ្សារសហរដ្ឋអាមេរិចនៅឆ្នាំ២០១៩ ជាមួយតម្លៃ ១១២ ៥០០ដុល្លារ។ រថយន្តនេះមានកម្លាំង ៣៧៥សេះ និងអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៤,៦វិនាទី ។

៨. Windbooster Titan: រថយន្តនេះបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥៤៤សេះ និងអាចបើកបរបានចម្ងាយ ៤០០គីឡូម៉ែត្រនៅពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota លក់ឡានបានច្រើនជាងក្រុមហ៊ុនឡានធំរបស់អាមេរិក នៅផ្សារអាមេរិក

ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២១នេះ Toyota អាចលក់រថយន្តបានចំនួន ១,៨៦លានគ្រឿង នៅសហរដ្ឋអាមេរិក ធៀបនឹងក្រុមហ៊ុនធំរបស់អាមេរិក General Motors អាចលក់បាន ១,៧៨លានគ្រឿង។

គួររំលឹកថាចាប់តាំងពីឆ្នាំ១៩៣១មក ក្រុមហ៊ុន General Motors បានគ្រងតំណែងជាក្រុមហ៊ុនលក់រថយន្តបានច្រើនជាងគេអស់រយៈពេល ៨៩ឆ្នាំជាប់គ្នា ប៉ុន្តែពេលនេះក្រុមហ៊ុនកំពុងប្រឈមនឹងបញ្ហាធំ ដោយសារតែវិបត្តិឈីបសកល ដែលបានបង្ខំឲ្យក្រុមហ៊ុនផ្អាកដំណើរការរោងចក្រផលិតជាច្រើន។

GM បាននិយាយថាចំនួនលក់នៅត្រីមាសទី៣នេះ មានការធ្លាក់ចុះរហូតដល់ជិត ៣៣% ជាមួយចំនួនលក់ត្រឹម ៤៤៦ ៩៩៧គ្រឿង ប៉ុន្តែចំនួនលក់សរុបនៅរយៈពេល៩ខែដំបូងនៃឆ្នាំ២០២១ មានកំណើន ០,១%។

ដោយឡែកក្រុមហ៊ុន Toyota ឯណោះ មានកំណើនចំនួនលក់ ១,៤% ក្នុងត្រីមាសទីបីនេះ ដោយលក់បាន ៥៦៦ ០០៥គ្រឿង ខណៈដែលចំនួនលក់សរុប៩ខែដំបូង មានកំណើនរហូតដល់ ២៧,៩% ឯណោះ។

ប្រសិនបើស្ថានភាពនៅតែមិនល្អប្រសើរនៅត្រីមាសទី៤ នោះក្រុមហ៊ុន GM ទំនងជាបាត់បង់តំណែងជាក្រុមហ៊ុនលក់រថយន្តបានច្រើនជាងគេនៅអាមេរិកដែលខ្លួនបានកាន់កាប់អស់រយៈពេល ៨៩ឆ្នាំមកហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Toyota Mirai ចាក់អ៉ីដ្រូហ្សែនមួយពេញជិះបាន ១៣៦០គ.ម ក្លាយជាកំណត់ត្រាពិភពលោកថ្មី

រថយន្ត Toyota Mirai មួយគ្រឿង ទទួលបានកំណត់ត្រាពិភពលោកជារថយន្តអ៉ីដ្រូហ្សែនដែលបើកបរបានចម្ងាយឆ្ងាយជាងគេ ដោយមិនចាក់បំពេញអ៉ីដ្រូហ្សែនបន្ថែមឡើយ។ រថយន្តនេះអាចបើកបរបានចម្ងាយរហូតដល់ ១៣៦០គ.ម ពេលបើកបរនៅភាគខាងត្បូង California កាលពីខែសីហា។

រថយន្ត Toyota Mirai ដែលជាប់កំណត់ត្រាពិភពលោកនេះបានធ្វើដំណើររយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២៣ និងទី២៤ ខែសីហា ដោយវាបានចាក់អ៉ីដ្រូហ្សែនតែមួយលើកប៉ុណ្ណោះ គឺពេលចាប់ផ្ដើមចេញដំណើរ ដែលប្រើពេល ៥នាទី។

ចំណុចចាប់ផ្ដើមនៃដំណើរប្រវែងជាង ១ពាន់គីឡូម៉ែត្រនេះគឺនៅទីតាំងមជ្ឈមណ្ឌលបច្ចេកទេស Toyota នៅក្រុង Gardena រដ្ឋ California ដោយថ្ងៃដំបូងគេបានបើកបរអស់ចម្ងាយ ៧៦១គីឡូម៉ែត្រ និងថ្ងៃបន្ទាប់មកទៀត បន្តបើកបរចម្ងាយ ៥៩៩គីឡូម៉ែត្របន្ថែមទៀត។

រយៈពេលពីរថ្ងៃនេះ រថយន្ត Mirai បានប្រើប្រាស់អ៉ីដ្រូហ្សែនអស់ចំនួន ៥,៦៥គីឡូក្រាម ដែលមិនមានបញ្ចេញឧស្ម័នកាបូនិចទៅក្នុងបរិយាកាសឡើយ គឺបញ្ចេញតែចំហាយទឹកមួយចំនួនប៉ុណ្ណោះ។ Toyota បានប៉ាន់ស្មាន សម្រាប់រថយន្តម៉ាស៊ីនពីស្តុងប្រហែលជាអាចបញ្ចេញឧស្ម័នពុលកាបូនិចចំនួន ៣០១គីឡូក្រាម ក្នុងរយៈចម្ងាយបើកបរដូចគ្នានេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ram 3500 ឆ្នាំ២០២២ ចេញលក់នៅអូស្ត្រាលី ថ្លៃជាងលក់នៅអាមេរិក ពាក់កណ្តាល

ក្រុមហ៊ុន Ram នៅប្រទេសអូស្ត្រាលី បានប្រកាសចេញរថយន្តភីកអាប់ Ram 3500 ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយចូលរួមជាមួយនឹងម៉ូដែល Ram 1500 និង Ram 2500 ដែលបានបង្ហាញខ្លួនកាលពីដើមឆ្នាំ។

រថយន្ត Ram 3500 ឆ្នាំ២០២២ ដែលដាក់លក់នៅអូស្ត្រាលី គឺមានតែម៉ូដែល Laramie Crew Cab ប៉ុណ្ណោះ ហើយមានតម្លៃចាប់ពី ១៦២ ៩៥០ដុល្លារអូស្ត្រាលី ឬប្រហែល ១១៩ ០០០ដុល្លារអាមេរិក។ តម្លៃនេះបានធ្វើឲ្យវាថ្លៃជាងទីផ្សារសហរដ្ឋអាមេរិក ដល់ទៅជាងពាក់កណ្តាលឯណោះ ព្រោះនៅសហរដ្ឋអាមេរិកដាក់លក់ក្នុងតម្លៃត្រឹមតែ ៥២ ២៩៥ដុល្លារប៉ុណ្ណោះ។

រថយន្ត Ram 3500 មានបំពាក់ម៉ាស៊ីនម៉ាស៊ូត ចំណុះ ៦,៧លីត្រ turbo មានកម្លាំង ៣៧០សេះ និងកម្លាំងរមួល ១ ១៥២ញ៉ូតុនម៉ែត្រ ដែលអនុញ្ញាតឲ្យភីកអាប់នេះអាចដឹកបានទម្ងន់ ១ ៧០០គីឡូក្រាម និងអូសសណ្តោងបាន ៨តោនឯណោះ។

គួរឲ្យដឹងថា មិនខុសពីរថយន្ត Ram ដែលបាននាំចូលទៅក្នុងប្រទេសអូស្ត្រាលីផ្សេងទៀតឡើយ ម៉ូដែល Ram 3500 ត្រូវបាននាំចូលជាប្រភេទ international-spec មុនពេលវាត្រូវកែចង្កូតពីឆ្វេងទៅស្តាំ ដែលប្រើគ្រឿងក្នុងស្រុកជាង ៤០០ មុខផ្សេងគ្នា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi R8 ឆ្នាំ២០២២ បង្ហាញខ្លួនជាផ្លូវការ កម្លាំង ៥៦២សេះ ជាន់កប់បានកុងទ័រ ៣២៩គ.ម/ម៉

ក្រុមហ៊ុន Audi បានប្រកាសចេញរថយន្ត R8 ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយឥឡូវនេះបានយកម៉ូដែល R8 V10 Performance RWD ធ្វើជា Base Model វិញសម្រាប់ត្រកូលរថយន្តនេះ។

រថយន្ត Audi R8 V10 Performance RWD បំពាក់ម៉ាស៊ីន naturally-aspirated ចំណុះ ៥,២លីត្រ ទំហំ ១០ស៊ីឡាំង មានកម្លាំងសរុបដល់ ៥៦២សេះ និងកម្លាំងរមួល ៥៥០ញ៉ូតុនម៉ែត្រ ដែលធ្វើឲ្យវាខ្លាំងជាងស៊េរីមុន ៣០សេះឯណោះ។ វាដំណើរការជាមួយនឹងប្រអប់លេខអូតូ ៧វគ្គ និង ប៉ុងមួយវិលកង់ក្រោយ។

រថយន្តស្ព័ររបស់អាល្លឺម៉ង់នេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៣,៧វិនាទី សម្រាប់ម៉ូដែលតួខ្លួន Coupé និង ៣,៨វិនាទី សម្រាប់ម៉ូដែលតួខ្លួនបើកដំបូលបាន Spyder ខណៈល្បឿនអតិបរមាវិញគឺ ៣២៩ និង ៣២៧គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរឲ្យដឹងថា រថយន្ត Audi R8 ត្រូវបានផលិតនៅរោងចក្រ Böllinger Höfe Factory ក្នុងទីក្រុង Neckarsulm ប្រទេសអាល្លឺម៉ង់ ជាមួយនឹងរថយន្តប្រណាំង R8 LMS GT4។

យ៉ាងណាមិញ រថយន្ត Audi R8 V10 Performance RWD Coupé ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១៧២ ១៩០ដុល្លារ ក្នុងប្រទេសអាល្លឺម៉ង់ ខណៈម៉ូដែល Spyder មានតម្លៃថ្លៃជាងបន្តិច គឺចាប់ពី ១៨៧ ២១០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+