ផ្ទាំងផ្សាយពាណិជ្ជកម្ម

Huawei បង្ហាញរថយន្តដំបូងរបស់ខ្លួន អាចជិះបានចម្ងាយជាង ១ ០០០គីឡូម៉ែត្រ

ក្រុមហ៊ុន Huawei បានបង្ហាញខ្លួននៅក្នុងពិព័រណ៍ Shanghai Auto Show ជាលើកដំបូងជាមួយម៉ូដែល SF5 ដែលជាម៉ូឌេលមួយផលិតឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Huawei និងក្រុមហ៊ុន Cyrus។

រថយន្ត SF5 នេះមានប្រវែងតួរខ្លួនសរុប ៤ ៧០០មីលីម៉ែត្រ, ទទឹងប្រវែង ១ ៩៣០មីលីម៉ែត្រ, កម្ពស់ ១៦២៥មីលីម៉ែត្រ និងប្រវែងពីកង់មុខ ដល់ កង់ក្រោយ ២ ៨៧៥មីលីម៉ែត្រ ដោយវាមានទំហំដូចទៅនិងរថយន្ត Audi Q5 ។

សម្រាប់ម៉ាស៊ីនរបស់ SF5 វាបានបំពាក់ដោយម៉ាស៊ីន ១,៥លីត្រ ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៥៤៣ សេះ និងកម្លាំងបង្វិល ៨២០ Nm។ ម៉ូដែលប្រភេទ Crossover នេះមានសមត្ថភាពស្ទុះល្បឿនពី ០-១០០ គ.ម / ម៉ ប្រើពេលប្រហែល ៤,៧ វិនាទី។ លើសពីនេះ វាអាចបើកបរបានចម្ងាយជាង ១៨០គីឡូម៉ែត្រ សម្រាប់ពេលប្រើម៉ូទ័រអគ្គិសនីសុទ្ធតែមួយ និងបានចម្ងាយជាង ១ ០០០ គីឡូម៉ែត្រ នៅពេលមានជំនួយជួយពីម៉ាស៊ីនចំហេះក្នុង។

រូបរាងនៃ SF5 ត្រូវបានបំពាក់ដោយចង្កៀង LED ជាមួយអំពូលរាងអក្សរ L លាតសន្ធឹងរហូតដល់កាងក្រោម ព្រមជាមួយដៃទ្វាត្រូវបានលាក់ចូលទៅក្នុងខ្លួនដូចជា Range Rover Velar ឬ Evoque។ នៅខាងក្នុងកាប៊ីន បានប្រើប្រាស់ដៃចង្កូតប្រភេទស្ព័រ D-Cut 2, អេក្រង់បង្ហាញព័ត៌មាន, អេក្រង់កម្សាន្តបញ្ឃរទំហំធំ, Speaker ចំនួន ១១គ្រាប់ និងកៅអីផ្នែកខាងមុខ មានមុខងារក្តៅ-ត្រជាក់ និងម៉ាស្សាផងដែរ។

ក្នុងនាមជាផលិតផលដែលបានសហការជាមួយក្រុមហ៊ុន Huawei វាមិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលទេដែលថា SF5 ត្រូវបានរួមបញ្ចូលជាមួយប្រព័ន្ធ Huawei HiCar ដោយក្នុងកាប៊ីនរបស់ SF5 មានសម្លេងរំខានត្រឹមតែ ៣៨ dB ដោយសារការប្រើប្រាស់សម្ភារះ Soundproof កាត់បន្ថយសំឡេង ដូចជាកញ្ចក់ខាងមុខចំនួន ២ជាន់ជាដើម។

បន្ថែមពីនេះ ទាក់ទងនឹងបច្ចេកវិទ្យាសុវត្តិភាព វាក៏បានបំពាក់ជាមួយ ប្រព័ន្ធ Radar, Ultrasonic Sensors និងកាំមេរ៉ា រួមបន្ថែមជាមួយ មុខងារសុវត្តិភាព ដូចជាប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ, ប្រព័ន្ធចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ, ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង និងឧបករណ៍ផ្តល់ដំណឹងពេលចេញពីគន្លង ផងដែរ។

រថយន្ត SF5 នឹងត្រូវដាក់បង្ហាញនៅតាមបណ្តាហាងរបស់ Huawei មួយចំនួននៅប្រទេសចិន។ ការដឹកជញ្ជូនសម្រាប់អតិថិជនដែលបានកក់រួច ត្រូវបានគេរំពឹងថានឹងកើតឡើងនៅខែឧសភា ដោយមានតម្លៃចាប់ពី ៣៣ ៣៥៦ ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ប្រកាសប្រមូលឡាន Venza ពីឆ្នាំ២០០៩-២០១៥ ទូទាំងពិភពលោកមកវិញ

ក្រុមហ៊ុន Toyota បានចេញការប្រកាសប្រមូលចូលរោងចក្រវិញ នូវរថយន្តម៉ូដែល Venza ពីឆ្នាំ២០០៩-២០១៥ សរុបជាង ៣៧០ ០០០ គ្រឿងនៅទូទាំងពិភពលោក។

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវ៉េជាតិ (NHTSA) បានឲ្យដឹងថា រថយន្ត Venza ស៊េរីឆ្នាំ២០០៩ ដល់ ២០១៥ សរុប ៣៧៣ ០០០ គ្រឿងខាងលើ មាន ២៧៩ ០៤០ គ្រឿងកំពុងស្ថិតនៅសហរដ្ឋអាមេរិក។ NHTSA បានបញ្ជាក់ថា រថយន្តទាំងនោះមានបញ្ហាខ្សែភ្លើង ដែលអាចរារាំងពោងផ្នែកចំហៀងមិនឲ្យផ្ទុះ ពេលមានគ្រោះថ្នាក់។

ក្រុមហ៊ុន Toyota បញ្ជាក់ថា រថយន្ត Venza មានសេនស័រពោងសុវត្ថិភាពនៅទ្វារខាងមុខរបស់អ្នកបើកបរ។ វាត្រូវបានភ្ជាប់ទៅនឹងប្រព័ន្ធជំនួយបន្ថែម Supplemental Restraint System (SRS) ECU ដោយខ្សែភ្លើងពីរ ដែលត្រូវបានបញ្ចោញតាមទ្វារចូលតួរថយន្តតាមរយៈរងមួយ។

យោងតាមក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើ បានបង្ហាញថា ភាពខុសគ្នាកាន់តែធំរវាងប្រវែងរណបខ្សែភ្លើង និងប្រវែងរងរថយន្តដែលរងផលប៉ះពាល់ ជាហេតុធ្វើឲ្យខ្សែភ្លើងបត់ បណ្តាលឲ្យខ្សែភ្លើងបាក់ឆ្អឹង និងខូច។ ប្រសិនបើរឿងនេះកើតឡើង ភ្លើងព្រមានពោងសុវត្ថិភាព SRS នឹងលោតឡើង ហើយសេនស័រពោងសុវត្ថិភាពនៅក្នុងទ្វារខាងមុខរបស់អ្នកបើកបរ នឹងមិនអាចដំណើរការបាននោះទេ។

សូមបញ្ជាក់ថា រថយន្ត Venza ដែលរងផលប៉ះពាល់ ត្រូវបានផលិតឡើងនៅចន្លោះថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០០៨ និងថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៥៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota នឹងចេញឡានអគ្គិសនីថ្មី ១៥ម៉ូដែលទៀត នៅត្រឹមឆ្នាំ២០២៥

ក្រុមហ៊ុន Toyota Motor Corp បាននិយាយកាលពីថ្ងៃច័ន្ទថា ខ្លួននឹងចេញរថយន្តអគ្គិសនី (BEV) ចំនួន ១៥ម៉ូដែលទៀត នៅទូទាំងពិភពលោក នៅត្រឹមឆ្នាំ ២០២៥ ដោយពង្រីកនូវត្រកូលរថយន្តអគ្គិសនីរបស់ខ្លួន ដើម្បីសម្រេចបានទ័ពរថយន្តដែលមិនបំពុលបរិស្ថាន មុនឆ្នាំ ២០៥០។

Toyota បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុននឹងបង្កើនចំនួនរថយន្តអគ្គិសនីរបស់ខ្លួនដល់ប្រមាណជា ៧០ ម៉ូដែល ពីចំនួន ៥៥ ដែលបានផ្តល់ឲ្យនាពេលបច្ចុប្បន្ន។

ក្រុមហ៊ុនផលិតរថយន្តជប៉ុនខាងលើ បាននិយាយថា រថយន្ត BEV ថ្មីត្រកូលToyota BZ ដែលត្រូវបានដាក់បង្ហាញនៅក្នុងពិព័រណ៍រថយន្ត 2021 Shanghai Auto Show កាលពីថ្ងៃច័ន្ទ គឺសម្រាប់ប្រទេសចិន សហរដ្ឋអាមេរិក និងអឺរ៉ុប។

គួរឲ្យដឹងដែរថា ក្រុមហ៊ុនផលិតរថយន្តនៅជុំវិញពិភពលោក កំពុងតែផ្លាស់ប្តូរទៅប្រើយានយន្តដើរដោយថាមពលអគ្គិសនី ខណៈពេលដែលបទបញ្ញត្តិនៃការបំភាយឧស្ម័នពុល កាន់តែតឹងរឹងជាងមុន និងការប្រកួតប្រជែងកាន់តែខ្លាំងឡើង ដើម្បីអភិវឌ្ឍយានយន្តដែលមិនបញ្ចេញផ្សែងពុល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

NIO បង្ហាញស្ថានីយដោះដូរអាគុយជំនាន់ថ្មី មួយថ្ងៃដូរបាន ៣១២អាគុយ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ចិនឈ្មោះថា NIO បានបង្ហាញនូវស្ថានីយដោះដូរអាគុយជំនាន់ថ្មីដែលមានសមត្ថភាពកាន់តែខ្លាំងជាងមុន អាចឲ្យរថយន្តបើកចូលទៅក្នុងស្ថានីយដោយស្វ័យប្រវត្តិ។

ស្ថានីយ Power Swap Station 2.0 នីមួយៗគឺមាននូវ Sensor ចំនួន ២៣៩ និងមានប្រព័ន្ធ Cloud Computing ចំនួន៤ ដែលអាចឲ្យម្ចាស់រថយន្តដោះដូរអាគុយរថយន្តបានដោយខ្លួនឯងផ្ទាល់ ដោយគ្រាន់តែចុចបញ្ជាពីក្នុងរថយន្ត។ ប្រព័ន្ធនេះអាចដោះដូរអាគុយបានដល់ទៅ ៣១២ដងក្នុងមួយថ្ងៃ ដែលលឿនជាងជំនាន់ដំបូង ៣ដង។

ស្ថានីយនេះបង្កើតឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុន NIO និងក្រុមហ៊ុន Sinopec ហើយស្ថានីយដំបូងគេបានដំឡើងនៅទីក្រុងប៉េកាំង។ ក្រុមហ៊ុន Sinopec និយាយថាមានគម្រោងសាងសង់ស្ថានីយសាកភ្លើង និងដោះដូរអាគុយឲ្យបាន ៥ពាន់កន្លែងនៅទូទាំងប្រទេសចិន ក្រោមជំនួយរបស់ NIO៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda បង្ហាញមុខឡានអគ្គិសនីថ្មីមួយទៀត

ក្រុមហ៊ុន Mazda បានបង្ហាញចេញដោយស្ងាត់ៗនូវរថយន្តអគ្គិសនីម៉ូដែលថ្មីនៅកម្មវិធីតាំងបង្ហាញរថយន្ត Shanghai Auto Show ដែលជាម៉ូដែល CX-30 EV។

រថយន្ត CX-30 EV នេះបានផលិតឡើងដោយផ្អែកលើរថយន្ត CX-30 ប្រភេទប្រើម៉ាស៊ីនពីស្តុង ហើយរថយន្តនេះនឹងផលិតឡើងក្រោមកិច្ចសហការរវាងក្រុមហ៊ុន Mazda និងក្រុមហ៊ុន Changan Automobile។ យ៉ាងណាក្ដី Mazda មិនបានប្រាប់លម្អិតអំពីរថយន្តច្រើនប៉ុន្មានឡើយ ប៉ុន្តែបានបញ្ជាក់ថាវាដំណើរការដោយ e-SkyActiv។

រថយន្តនេះមានប្រើប្រាស់គ្រោងឆ្អឹង SkyActiv-Vehicle Architecture ដូចគ្នានឹងរថយន្ត MX-30 ដែរ ដូចនេះរំពឹងថាសមត្ថភាពខាងក្នុងរបស់វាគឺដូចគ្នាទៅនឹងរថយន្ត MX-30 អ៊ីចឹងដែរ។ ប្រសិនដូចនេះមែន នោះវាមានម៉ូទ័រអគ្គិសនីមួយនៅខាងមុខដែលផលិតកម្លាំងបាន ១៤១សេះ ដែលបានថាមពលពីអាគុយចំណុះ ៣៥,៥គីឡូវ៉ាត់ម៉ោង។

ដោយសារតែរថយន្ត MX-30 មិនមានដាក់លក់នៅប្រទេសចិន ដូចនេះ Mazda CX-30 EV នេះនឹងជារថយន្តអគ្គិសនីដំបូងរបស់ក្រុមហ៊ុនសម្រាប់ទីផ្សារប្រទេសចិន ដែលការលក់នឹងចាប់ផ្ដើមនៅឆមាសទីពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ម្ចាស់រថយន្ត Tesla ម្នាក់ឡើងលើដំបូលឡាន Model 3 ដើម្បីធ្វើការតវ៉ាចំពោះបញ្ហាហ្វ្រាំងលើរថយន្ត Tesla របស់នាង(មានវីដេអូ)

ពិព័រណ៍រថយន្ត Shanghai Auto Show បានក្លាយជាកន្លែងនៃការតវ៉ារបស់ម្ចាស់រថយន្ត Tesla Model 3 ដែលខឹងសម្បារ នឹងបានចោទប្រកាន់ក្រុមហ៊ុន Tesla ថាបានបំពាក់ហ្វ្រាំងខុសបច្ចេកទេស សម្រាប់ឡានរបស់នាង។

ម្ចាស់រថយន្ត បានទស្សនាស្តង់របស់ក្រុមហ៊ុន Tesla នៅឯពិព័រណ៍រថយន្ត Shanghai ហើយបានឡើងទៅលើដំបូលរថយន្ត Model 3 ដោយពាក់អាវយឺតដែលមានអក្សរ“ ហ្រ្វាំងបាត់បង់ការគ្រប់គ្រង (Brake Lost Control)” នៅក្នុងការសរសេរភាសាចិន ហើយត្រូវបានមនុស្សជុំវិញថតយកទៅចែកចាយលើបណ្តាញសង្គម។

ស្ត្រីរូបនេះត្រូវបានសន្តិសុខព័ទ្ធជុំវិញយ៉ាងលឿន ដោយបានប្រើឆ័ត្រដើម្បីព្យាយាមលាក់បាំងសាររបស់នាង។ ទោះយ៉ាងណានាងបានចាប់ឆ័ត្រ ហើយបោះវាចោល ខណៈពេលដែលស្រែកថា “ហ្វ្រាំងឡាន Tesla បានបាត់បង់ការគ្រប់គ្រង” មុនពេលដែលបានទាញចុះពីដំបូលរថយន្តហើយបាននាំយកទៅឆ្ងាយ។

ក្រុមហ៊ុន Tesla បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មាន Bloomberg ថា” ស្ត្រីរូបនេះត្រូវបានគេដឹងថាបានធ្វើការតវ៉ាម្តងហើយម្តងទៀតប្រឆាំងនឹងបញ្ហាហ្វ្រាំងរបស់ក្រុមហ៊ុន Tesla ។ មុននេះនាងបានផ្សាយផ្ទាល់(Live) ពីខាងក្នុងពិព័រណ៍រថយន្ត Shanghai Auto Show មុនពេលទៅដល់ស្តង់របស់ក្រុមហ៊ុន Tesla ។ យោងតាមអ្នកតំណាងបាននិយាយថា ក្រុមហ៊ុន Tesla បានព្យាយាមបញ្ចុះបញ្ចូលនាងឱ្យចុះពីលើឡាន ប៉ុន្តែការខិតខំបញ្ចុះបញ្ចូលរបស់ពួកគេបានបរាជ័យ ហើយពួកគេបានសំរេចចិត្តស្នើសុំប្រើប្រាស់កងសន្តិសុខ ក្នុងការនាំនាងចេញពីទីនោះផងដែរ។

ម្ចាស់រថយន្ត Tesla បានអះអាងថាការជាន់ហ្វ្រាំងលើ Model 3 របស់នាងបានបរាជ័យដែលស្ទើរតែបានសម្លាប់សមាជិកគ្រួសាររបស់នាងចំនួន ៤ នាក់នៅក្នុងគ្រោះថ្នា​ក់ចរាចរណ៍មួយ។ ទោះយ៉ាងណាក្រុមហ៊ុន Tesla បាននិយាយថាទិន្នន័យនៅលើរថយន្តបានបង្ហាញថា ហ្វ្រាំង និងប្រព័ន្ធជំនួយការបើកបរទាំងអស់ ដំណើរការបានត្រឹមត្រូវ ក្នុងអំឡុងពេលមានគ្រោះថ្នាក់ ហើយល្បឿនមុនពេលជាន់ហ្វ្រាំង គឺប្រហែល ១២០ គីឡូម៉ែត្រ / ម៉ោង (៧៥ mph)។


ក្រុមហ៊ុន Tesla បានបន្ថែមទៀតថា“ វាផ្តោតសំខាន់ទៅលើសិទ្ធិអ្នកប្រើប្រាស់ ហើយពួកគេបានផ្តល់នូវដំណោះស្រាយជាច្រើន នៅក្នុងការចរចារជាមួយម្ចាស់រថយន្ត ដោយបានទទូចអោយប្រគល់ឡាននោះមកវិញ។ ក្រុមហ៊ុន Tesla ថែមទាំងស្នើឱ្យមានការត្រួតពិនិត្យរថយន្តដោយភាគីទីបី(Third Party) ប៉ុន្តែម្ចាស់រថយន្តបានបដិសេធ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Kia Forte ស៊េរីឆ្នាំ២០២២ បង្ហាញមុខជាផ្លូវការ ឌីហ្សាញកាន់តែទាក់ទាញ

ក្រុមហ៊ុន Kia បានប្រកាសចេញរថយន្តម៉ូដែល K3 ស៊េរីឆ្នាំ២០២២ ជាផ្លូវការ នៅក្នុងប្រទេសកូរ៉េខាងត្បូង ខណៈម៉ូដែលនេះក៏ប្រើឈ្មោះ Forte និង Cerato នៅលើទីផ្សារមួយចំនួនផងដែរ។

រថយន្ត Kia Forte ឆ្នាំ២០២២ នេះ បានបំពាក់ចង្កៀងមុខថ្មី ជាមួយនឹងអំពូលបំភ្លឺពេលថ្ងៃ LED ដែលមើលទៅរឹតតែកាច និងទាក់ទាញជាមុន។ មិនតែប៉ុណ្ណោះ វាក៏បានកែកុនប៉ាណាមុខ Tiger-Nose ប្រចាំត្រកូលរបស់ខ្លួន ព្រមទាំងបំពាក់ឡូហ្គូ Kia ថ្មី នៅផ្នែកខាងមុខទៀតផង។

ចំណែកឯចង្កៀងក្រោយវិញ ត្រូវបានបំពាក់មកជាមួយនូវរបា LED ពេញផ្នែកខាងក្រោយ ខណៈដែរភ្លើងស៊ីញ៉ូគឺស្ថិតនៅលើកាងក្រោយផ្នែកខាងក្រោម។ រថយន្តដែលអ្នកទាំងអស់គ្នាកំពុងតែមើលឃើញនេះ មានពណ៌ខៀវថ្មី ហៅថា Mineral Blue រំលេចជាមួយយ៉ាន់ពណ៌ទឹកប្រាក់ ទំហំ ១៧អ៊ីញ។

Kia Forte ថ្មី ក៏មានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ ១០,២៥អ៊ីញ និងកុងទ័រឌីជីថលទំហំ ១០,២៥អ៊ីញផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរថយន្តកូរ៉េខាងត្បូងមួយនេះ មិនទាន់បានបញ្ជាក់ពីជម្រើសម៉ាស៊ីន និងតម្លៃរបស់វានៅឡើយទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Hengchi បង្ហាញគូប្រជែងរបស់ Mercedes EQS ជាមួយរថយន្ត ៨ម៉ូឌែលផ្សេងទៀត ក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Shanghai Auto Show ២០២១

ក្រុមហ៊ុន Hengchi បានធ្វើការបង្ហាញចេញនូវរថយន្តចំនួន ៩ម៉ូឌែល នៅក្នុងកម្មវិធីតាំងបង្ហាញរថយន្ត Shanghai Auto Show ២០២១ ដោយក្នុងចំណោមរថយន្តទាំង ៩ម៉ូឌែលនោះ គេឃើញថារថយន្ត Hengchi 1 ដែលគូប្រជែងរបស់ Mercedes EQS ទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ។

ក្រុមហ៊ុន Hengchi ពុំបាននិយាយអ្វីច្រើនអំពីរថយន្តទាំង ៩ម៉ូឌែលនោះឡើយ ប៉ុន្តែយោងតាមការរាយការណ៍ បានបង្ហាញថា Hengchi 1 ផលិតឡើងតាមបទដ្ឋាន Aerodynamic ព្រមទាំងមានប្រវែងតួរខ្លួនសរុប ៥ ៣២០មីលីម៉ែត្រ, ប្រវែងពីកង់មុខ ដល់កង់ក្រោយ ៣ ១៧០មីលីម៉ែត្រ និងអាចបើកបរបានចង្ងាយសរុប ៧៦០គីឡូម៉ែត្រ ពេលសាកថ្មពេញម្តង។ ប្រសិនបើការរាយការណ៍នេះត្រឹមត្រូវ នោះវានិងមានប្រវែងខ្លីជាង Cadillac Escalade ចំនួន ៤១មីលីម៉ែត្រ និងមានប្រវែងពីកង់មុខ ដល់កង់ក្រោយវែងជាង ៩៩មីលីម៉ែត្រ។

ចំណែក Hengchi 9 មានប្រវែងតួរខ្លួនសរុប ៤ ៨១០មីលីម៉ែត្រ, ប្រវែងពីកង់មុខ ដល់កង់ក្រោយ ២ ៩១០មីលីម៉ែត្រ និងអាចបើកបរបានចង្ងាយសរុប ៨១០គីឡូម៉ែត្រ ពេលសាកថ្មពេញម្តង។

ក្នុងចំណោមម៉ូឌែលបង្ហាញផ្សេងទៀតរបស់ក្រុមហ៊ុននេះ គឺមាន Hengchi 6 ប្រភេទ Crossover Coupe ព្រមទាំងម៉ូឌែល Hengchi 3 និង Hengchi 5 ប្រភេទ Crossovers, ម៉ូឌែល Hengchi 4 ប្រភេទ MPV, ម៉ូឌែល Hengchi 7 និង Hengchi 8 ប្រភេទ Sedan និងប្រភេទ Coupe ចំនួន ២ម៉ូឌែលទៀតផងដែរ។

ម៉ូឌែលទាំងអស់នេះ នឹងត្រូវបានផលិតនៅចុងឆ្នាំនេះ ហើយត្រៀមខ្លួនសម្រាប់ការដាក់លក់នៅឆ្នាំ ២០២១ ។ Hengchi គឺជាម៉ាយីហោ របស់ Evergrande ដែលមានសម្ព័ន្ធមិត្តជាមួយក្រុមហ៊ុន Faraday Future, Koenigsegg និង NEVS ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Subaru Outback Wilderness ឆ្នាំ២០២២ តម្លៃខ្ទង់ ៣ម៉ឺនដុល្លារ

ក្រុមហ៊ុន Subaru បានប្រកាសចេញរថយន្តម៉ូដែល Outback Wilderness ស៊េរីឆ្នាំ២០២២ ជាផ្លូវការ ដោយមានតម្លៃចាប់ពី ៣៦ ៩៩៥ដុល្លារ។

រថយន្ត Subaru Outback Wilderness ត្រូវបានផលិតឡើងដោយផ្តោតលើការបើកបរ off-road ដោយមានបំពាក់ប៉ាណាមុខ និងកាងមុខពិសេស ខុសប្លែកពីម៉ូដែល Outback ផ្សេងទៀត។

បន្ថែមពីនេះ វាក៏មានបំពាក់បន្ទះការពារបាតក្រោម និងរបាំងផុកលៀន ព្រមទាំងរឺហ្គែរលើដំបូល, សម្បកកង់ Yokohama Geolandar all-terrain, យ៉ាន់ពណ៌ខ្មៅគ្រើម ទំហំ ១៧អ៊ីញ និងកល់បូមខ្ពស់ជាងមុន សរុបពីបាតរថយន្តដល់ដី គឺ ២៤១មីល្លីម៉ែត្រ។

ចំណែកឯកាប៊ីនខាងក្នុងវិញ រថយន្ត Subaru Outback Wilderness ឆ្នាំ២០២២ បំពាក់អេក្រង់កម្សាន្តទមហំ ១១,៦អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay, ប្រព័ន្ធម៉ាស៊ីនត្រជាក់ dual-zone និងកម្រាលជើងប្រើបានគ្រប់ស្ថានភាពអាកាសធាតុ ទៀតផង។

Outback Wilderness បំពាក់ម៉ាស៊ីនចំណុះ ២,៤លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦០សេះ ដំណើរការដោយប្រអប់លេខអូតូ CVT និងប៉ុងពីរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-Benz បង្ហាញរថយន្ត C-Class L ថ្មី សម្រាប់ទីផ្សារប្រទេសចិន

ក្រុមហ៊ុន Mercedes-Benz បានយកកម្មវិធីតាំងបង្ហាញរថយន្ត Shanghai Auto Show ឆ្នាំ ២០២១ ដើម្បីបង្ហាញអំពីម៉ូឌែលថ្មីៗដែលគ្រោងនឹងចេញជាច្រើន ក្នុងនោះរួមមានរថយន្ត C-Class L ២០២១ ផងដែរ។

ដូចដែលឈ្មោះបានបង្ហាញ ម៉ូដែលនេះគឺជាប្រភេទដែលមានប្រវែងកង់មុខ ដល់កង់ក្រោយវែង នៃជំនាន់ C-Class ថ្មី ហើយក្រៅពីមានទំហំផ្នែកខាងក្នុងធំទូលាយ វាក៏បង្ហាញពីការរចនាថ្មីបែប Classic សម្រាប់ប៉ាណាខាងមុខ រួមជាមួយនឹងបរិក្ខាបន្ថែមទៀតផងដែរ។

រថយន្ត C-Class L ថ្មី មិនត្រឹមតែផ្តល់នូវទំហំផ្នែកខាងក្រោយធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសម្រួលដល់ការផ្តល់នូវផាសុកភាពនៅខាងក្រោយ ជាមួយនឹងកន្លែងទប់ក, ធ្នាក់ដៃធំជាងមុន មានកន្លែងទុកកែវ, រន្ធUSB, Sound-proof កាត់បន្ថយសម្លេងបានស្ងាត់ និងគ្រឿងបរិក្ខាទំនើបៗជាច្រើនបន្ថែមទៀត ។

ក្រុមហ៊ុន Mercedes-Benz ពុំបានបង្ហាញអំពីព័ត៌មានលម្អិតរបស់វិមាត្រនៃរថយន្តនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយចិនបានអះអាងថាវាមានប្រវែងតួខ្លួនសរុប ៤ ៨៨២ មីលីម៉ែត្រ, ទទឹងប្រវែង ១ ៨២០មីលីម៉ែត្រ, កម្ពស់ ១ ៤៦១ មីលីម៉ែត្រ និងប្រវែងកង់មុខ ដល់កង់ក្រោយ ២ ៩៥៤ មីលីម៉ែត្រ វែងជាង C-Class L ចាស់ប្រវែង ៨៩មីលីម៉ែត្រ។

ត្រូវបានផលិតឡើង និងសម្រាប់លក់ផ្តាច់មុខនៅក្នុងប្រទេសចិន C-Class L ឆ្នាំ២០២១ នឹងមានចំនួន ២ម៉ូឌែលគឺ C200 L បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៥លីត្រ កម្លាំង ១៦៨សេះ និង C260 L បំពាក់ជាមួយម៉ាស៊ីនចំណុះ ១,៥លីត្រ Mild-Hybrid កម្លាំង ២០១សេះ ឬ ២,០លីត្រ កម្លាំង ២០១សេះ។ ហើយវានឹងដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ ខណៈពេលដែលប្រព័ន្ធ 4Matic AWD នឹងត្រូវបានកំណត់ សម្រាប់តែម៉ូឌែលខ្ពស់បំផុត(Specs ខ្ពស់)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+