ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ចុះហត្ថលេខាតម្លៃ ៣៣៤ លានដុល្លារ ជាមួយក្រុមហ៊ុនផ្គត់ផ្គង់អាគុយឡានអាមេរិក

ក្រុមហ៊ុនរថយន្ត BMW Group កំពុងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃចំនួន ២៨៥ លានផោន (៣៣៤ លានដុល្លារ) ជាមួយក្រុមហ៊ុនផ្គត់ផ្គង់អាគុយលីចូម ទី២ របស់ខ្លួន។ តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនអាមេរិក Livent នឹងផ្គត់ផ្គង់អាគុយរថយន្តទៅឲ្យក្រុមហ៊ុនផលិតរថយន្ត BMW។

ថ្វីបើ Livent មានមូលដ្ឋាននៅទីក្រុង Philidelphia សហរដ្ឋអាមេរិក ក៏ដោយ ក៏វាទទួលបានលីចូមរបស់ខ្លួនពីបឹងអំបិលនៅអាហ្សង់ទីន ក្បែរព្រំដែនជាមួយប្រទេសបូលីវី និងឈីលី។ Livent នឹងលក់ដោយផ្ទាល់ទៅក្រុមហ៊ុនផលិតអាគុយរបស់ BMW ដើម្បីឲ្យក្រុមហ៊ុនអាចតាមដាននូវការផលិតបាន។

ក្រុមហ៊ុន BMW បានជ្រើសរើសយក Livent ដែលជាអ្នកផ្គត់ផ្គង់អាគុយឲ្យក្រុមហ៊ុន Tesla ផងដែរ ដើម្បីធ្វើពិសោធកម្មមូលដ្ឋានអ្នកផ្គត់ផ្គង់របស់ខ្លួន និងដោយសារតែរបៀបនៃការទាញយកលីចូមរបស់ពួកគេ។ Livent ប្រើវិធីសាស្រ្តដែលមិនសូវប៉ះពាល់ដល់បរិស្ថាន ដើម្បីយកលីចូមពីក្នុងបឹងអំបិល។ ក្រុមហ៊ុននិយាយថា វាកាត់បន្ថយបរិមាណដីដែលត្រូវបានប្រើ ហើយទទួលបានផលច្រើនទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mustang និង Challenger លក់ដាច់ជាង Camaro ពាក់កណ្តាល

ក្រុមហ៊ុន Dodge បានលក់ដាច់រថយន្តស្ព័រ Challenger ចំនួន ១៥ ០៩៦ គ្រឿងនៅសហរដ្ឋអាមេរិក ក្នុងរយៈពេល ៣ខែដំបូង នៃឆ្នាំ២០២១ ហើយនេះគឺជាការកើនឡើងគួរឲ្យកត់សំគាល់ បើធៀបនឹងចំនួន ១២ ១៣៨ គ្រឿង ដែលបានលក់ដាច់នៅក្នុងត្រីមាសទី ១ នៃឆ្នាំ២០២០។ គួរឲ្យដឹងដែរថា Challenger ឥឡូវនេះ គឺជាផលិតផលដែលលក់ដាច់បំផុតទី 3 របស់ក្រុមហ៊ុន Dodge។

ទោះបីជាការលក់កើនឡើងក៏ដោយ ប៉ុន្តែ Challenger នៅតែស្ថិតពីក្រោយរថយន្ត Ford Mustang ដែលលក់បាន ១៧ ២៧៤ គ្រឿងនៅត្រីមាសដំបូងនៃឆ្នាំនេះ។ ទោះជាយ៉ាងណា វាគឺជាការធ្លាក់ចុះ ៤,៤% ពីឆ្នាំមុន ដែលមានចំនួន ១៨ ០៦៩ គ្រឿង។ យ៉ាងណា Mustang ឥឡូវនេះ គឺជារថយន្តដែលលក់ដាច់បំផុតរបស់ Ford។

ដោយឡែក ចំពោះរថយន្ត Chevrolet Camaro វិញ បានឈរនៅលំដាប់លេខ៣ ជាមួយនឹងចំនួនលក់ត្រឹមតែ ៧ ០៨៩គ្រឿងប៉ុណ្ណោះ។

ជាការពិតណាស់ ការធ្លាក់ចុះនៃការលក់របស់ Camaro គឺមិនគួរឲ្យភ្ញាក់ផ្អើលនោះទេ ព្រោះថាតម្រូវការនៃរថយន្តនេះបានធ្លាក់ចុះអស់រយៈពេល ៧ ឆ្នាំជាប់ៗគ្នាមកហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនធម្មតា! ត្រឹម២៤ម៉ោង មានអ្នកកក់ឡានអគ្គិសនី Kia EV6 ជាង២ម៉ឺនគ្រឿង

មិនខុសពី Hyundai Ioniq 5 ប៉ុន្មានឡើយ រថយន្ត Kia EV6 កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំង នៅក្នុងប្រទេសកំណើតរបស់ខ្លួន។

ក្នុងរយៈពេលត្រឹមតែ ២៤ម៉ោងបណ្ណោះ បន្ទាប់ពី Kia បានបើកឲ្យកក់រថយន្ត EV6 នៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រុមហ៊ុនអះអាងថា មានអ្នកកក់ជាង ២១ ០០០គ្រឿងបាត់ទៅហើយ។ ចំនួនតួលេខនេះគឺស្រដៀងទៅនឹងរថយន្ត Ioniq 5 ដែរ ដោយពេលនោះ Hyundai ទទួលបានការកក់ ២៣ ៧៦០គ្រឿងឯណោះ ក្នុងរយៈពេល ២៤ម៉ោងដំបូង នៅកូរ៉េខាងត្បូង។

ទោះជាយ៉ាងណាក៏ដោយ Kia មិនទាន់បានបង្ហាញឡើយថា ខ្លួនទទួលបានការកក់ប៉ុន្មានគ្រឿងនៅអឺរ៉ុប ប៉ុន្តែ Hyundai ទទួលបានការកក់ ២៣៦ ០០០គ្រឿង សម្រាប់រថយន្ត Ioniq 5 ក្នុងរយៈពេលត្រឹម ១សប្តាហ៍ប៉ុណ្ណោះ។

គួរឲ្យដឹងថា Kia នឹងបើកការបញ្ជាទិញនៅអឺរ៉ុប ក្នុងខែឧសភា ហើយនឹងដឹករថយន្តឲ្យអតិថិជននៅខែកញ្ញា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន Stellantis ចង់លក់រថយន្តអគ្គិសនីឲ្យបាន ៤០ម៉ឺនគ្រឿងក្នុងឆ្នាំនេះ

យោងតាមលោក John Elkann ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Exor ដែលជាម្ចាស់ភាគហ៊ុនដ៏សំខាន់នៅ Stellantis បានបង្ហាញថា ក្រុមហ៊ុនមានគោលដៅលក់រថយន្តកូនកាត់ និងអគ្គីសនីសុទ្ធអោយបានចំនួន ៤០ ម៉ឺនគ្រឿងនៅឆ្នាំ ២០២១ ដែលច្រើនជាងចំនួនបីដងនៃចំនួនលក់នៅឆ្នាំ ២០២០។ ដើម្បីសម្រេចគោលដៅនៃការលក់នេះ លោកបានបន្តទៀតថា វានឹងមានជំនួយពីរថយន្តម៉ូឌែលថ្មីៗរបស់ក្រុមហ៊ុនចំនួន ១១ម៉ូឌែលផងដែរ។

តាមរយ:តួលេខនៃការលក់ពីឆ្នាំ ២០២០ បានបង្ហាញថា ការលក់រថយន្តអគ្គិសនីកំពុងកើនឡើង។ ទោះបីជាការលក់សរុប បានធ្លាក់ចុះ ២០ ភាគរយក៏ដោយ ក៏រថយន្តយន្តអគ្គិសនីបានកើនឡើង ៦៧ ភាគរយក្នុងឆ្នាំ ២០២០ និងចំនួនលក់សរុបបាន ១៣,៦ ភាគរយ កើនឡើង ៦,៥ ភាគរយផងដែរ។ ដូចគ្នានឹងក្រុមហ៊ុនផលិតរថយន្តភាគច្រើនដែរ Stellantis និងផលិតរថយន្តប្រភេទអគ្គិសនីសុទ្ធសម្រាប់ទីផ្សារអ៊ឺរ៉ុបទាំងមូលនៅឆ្នាំ ២០២៥។

Stellantis ត្រូវបានបង្កើតឡើងជាផ្លូវការកាលពីដើមឆ្នាំនេះ តាមរយៈការរួមបញ្ចូលគ្នានៃក្រុមហ៊ុនរថយន្ត Fiat Chrysler Automobiles ជាមួយ Groupe PSA។ ហើយពេលឥឡូវនេះវា គឺជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទីបួននៅលើពិភពលោក ដែលរួមមានម៉ាកយីហោរថយន្ត Citroen, Opel, Peugeot, Vauxhall, Aberth, Jeep, Dodge, Chrysler, Masarati, Ram និង Alfa Romeo៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត! ឡានប្រភេទអគ្គិសនី SUV របស់ Hummer សេរ៊ីឆ្នាំ២០២៤ ចេញផ្លូវការ ជាមួយកម្លាំង ៨៣០សេះ

បន្ទាប់ពីត្រកូល GMC Hummer បានវិលត្រឡប់មកវិញកាលពីកន្លះឆ្នាំមុន ជាមួយរថយន្តអគ្គិសនីប្រភេទភីកអាប់របស់ខ្លួន។ នាពេលនេះ GMC ក៏បានប្រកាសចេញផ្លូវការនូវប្រភេទ SUV របស់ខ្លួនវិញម្តង ដោយមានភាពខុសគ្នាតែការឌីស្សាញមានឃ្លុបក្រោយប៉ុណ្ណោះ។

ស្រដៀងប្រភេទភីកអាប់ដែរ ក្រុមហ៊ុន GMC ចាប់ផ្តើមទទួលការបញ្ជាទិញជាមុនសម្រាប់ប្រភេទ Edition 1 ហើយវានឹងចាប់ផ្តើមផលិតនៅដើមឆ្នាំ ២០២៣។ រថយន្ត Hummer អគ្គិសនីប្រភេទ SUVនេះមាន ៥ ម៉ូឌែលស្តង់ដា។

  • ម៉ូឌែលប្រភេទ 2 មានតម្លៃចាប់ពី ៧៩ ៩៩៥ ដុល្លារ។​ វាបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន២ មានកម្លាំងសរុប ៦២៥សេះ និងអាចធ្វើដំណើបានចម្ងាយសរុប ៤០២គីឡូម៉ែត្រ។
  • ម៉ូឌែលប្រភេទ 2X មានតម្លៃចាប់ពី ៨៩ ៩៩៥ ដុល្លារ។ វាបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន២ មានកម្លាំងសរុប ៦២៥សេះ និងអាចធ្វើដំណើបានចម្ងាយសរុប ៤៨៣គីឡូម៉ែត្រ
  • ម៉ូឌែលប្រភេទ 3X មានតម្លៃចាប់ផ្តើមពី ៩៩ ៩៩៥ ដុល្លារ។​ វាបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន៣ មានកម្លាំងសរុប ៨៣០សេះ និងអាចធ្វើដំណើបានចម្ងាយសរុប ៤៨៣គីឡូម៉ែត្រ
  • ម៉ូឌែលប្រភេទ Edition 1 មានតម្លៃចាប់ពី ១០៥ ៥៩៥ ដុល្លារ។ វាបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន៣​ មានកម្លាំងសរុប ៨៣០សេះ ហើយវាអាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៣,៥វិនាទី និងអាចធ្វើដំណើបានចម្ងាយសរុប ៤៨៣គីឡូម៉ែត្រ
  • ម៉ូឌែលប្រភេទ Edition 1 With Off-Road Package មានតម្លៃចាប់ពី ១១០ ៥៩៥ ដុល្លារ។ វាបំពាក់ដោយម៉ូទ័រអគ្គិសនីចំនួន៣ មានកម្លាំងសរុប ៨៣០សេះ និងអាចធ្វើដំណើបានចម្ងាយសរុប ៤៥១គីឡូម៉ែត្រ ។

រូបរាងរបស់ SUV នេះគឺស្រដៀងទៅនិងប្រភេទភីកអាប់ដែរ ចំណែកឯភាពខុសគ្នា គឺវាបំពាក់ជាមួយសំបកកង់ទំហំ ២២អ៊ីញ(Full Size Spare Tire) ដែលធ្វើអោយរថយន្តនេះកាន់តែមានអំណាច រីឯផ្នែកផ្សេងៗ ដូចជា ចង្កៀងមុខ-ក្រោយ, កាងមុខ-ក្រោយ គឺដូចគ្នា ដូចនឹងប្រភេទភីកអាប់ដែរ។

រីឯផ្នែកខាងក្នុងការប៊ីនរថយន្ត វាមានបំពាក់ជាមួយកៅអីចំនួន ៥, អេក្រង់ឌីជីថល ទំហំ ១២,៣អ៊ីញ ព្រមទាំងអេក្រង់កម្សន្ត ទំហំ ១៣,៤អ៊ីញ និងប្រព័ន្ធ Super Semi-autonomous Driving System ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អក្សរ Tesla និងឡូហ្គូ Tesla ខុសគ្នាណាបងប្អូន! Admin ច្បាស់ណាស់ថាជាក្រុមហ៊ុន…

[ទីផ្សាររថយន្តក្នុងស្រុក] ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ យើងសង្កេតឃើញថាមានការជជែកវែកញែក ជាច្រើនទាក់ទងនឹងពាក្យថា Tesla រហូតដល់មានការផ្សព្វផ្សាយពីបណ្តាញសង្គមព័ត៌មាននៅថៃទៀត។ នេះក៏ដោយសារតែយើងម្នាក់ៗបានដឹងហើយថា Tesla គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បីល្បាញមួយនៅលើពិភពលោក របស់មហាសេដ្ឋីពាន់លាន Elon Musk។

លោក Elon Musk

ចឹងថ្ងៃនេះ សម្រាប់ Admin ផ្ទាល់ គឺមិនហ៊ានវែកញែករឿងចុះបញ្ជីរអាជីវកម្មបែបណានោះទេ ប៉ុន្តែអ្វីដែល Admin អាចនិយាយបានគឺមាន ២ របៀប ដោយទី១គឺពាក្យថា Tesla បានចុះបញ្ជីដែលមានការបញ្ជាក់ពីខាងក្រសួងហើយថាមិនមែនជាក្រុមហ៊ុនលក់រថយន្តរបស់មហាសេដ្ឋីពាន់លាន Elon Musk នោះទេ ប៉ុន្តែនោះជា Tesla អាជីវកម្មផ្សេង។ រីឯទី២ គឺជាឡូហ្គូរបស់ Tesla ដែលខ្ញុំអាចនិយាយបានថាជារបស់មហាសេដ្ឋីពាន់លាន Elon Musk យ៉ាងពិតប្រាកដ។

រូបភាពអគារដែលកំពុងសាងសង់មានឡូហ្គូ Tesla (ប្រភព៖ Tesla Cambodia)

ហេតុនេះហើយ សម្រាប់ខ្លួនខ្ញុំផ្ទាល់ អគារដែលមានឡូហ្គូរបស់ ​​Tesla គឺច្បាស់ណាស់ ជាក្រុមហ៊ុនឡានអគ្គិសនី ក៏ប៉ុន្តែអ្វីដែលយើងមិនបានដឹងគឺទាក់ទងថាតើ សេវាកម្មអ្វីខ្លះដែលនឹងមាននៅទីនោះ អាចជាកន្លែងលក់រថយន្តថ្មី ឬអាចជាកន្លែងលក់រថយន្តមួយទឹកក៏ថាបាន។ យើងនឹងរង់ចាំមើលទាំងអស់គ្នា!

រូបភាពអគារដែលកំពុងសាងសង់មានឡូហ្គូ Tesla (ប្រភព៖ Tesla Cambodia)
ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla បង្កើតកំណត់ត្រាលក់អស្ចារ្យជាថ្មីម្ដងទៀត

ក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ទើបបញ្ចេញរបាយការណ៍អំពីការផលិត និងការលក់ប្រចាំត្រីមាសឆ្នាំ ២០២១ របស់ខ្លួន ដែលរយៈពេល៣ខែកន្លងមក ក្រុមហ៊ុន Tesla បានបង្កើតកំណត់ត្រាដ៏អស្ចារ្យជាថ្មីម្ដងទៀត។

ចំនួនលក់ជាសកលរបស់ Tesla គឺមានចំនួន ១៨៤ ៨០០គ្រឿង គួបផ្សំដោយរថយន្ត Model Y, Model 3, Model S និងរថយន្ត Model X ដែលលទ្ធផលនេះគឺលើសពីការរំពឹងទុករបស់ Tesla។ លទ្ធផលលក់នេះគឺជាកំណត់ត្រាថ្មីមួយទៀតសម្រាប់ Tesla ដែលអាចយកឈ្នះកំណត់ត្រាចាស់កាលពីត្រីមាសទី៤ឆ្នាំ ២០២០ អាចលក់ចេញបាន ១៨០ ៥៧០គ្រឿង។

សម្រាប់ត្រីមាសទី១ឆ្នាំ២០២១នេះ Tesla អាចបញ្ចេញលក់រថយន្ត Model 3 និង Model Y បាន ១៨២ ៧៨០គ្រឿង និងរថយន្ត Model S ជាមួយ Model X បញ្ចេញលក់បាន ២ ០២០គ្រឿង។

ចំណែកលទ្ធផលនៃការផលិតវិញគឺផលិតបានសរុប ១៨០ ៣៣៨គ្រឿង ប៉ុន្តែគួរបញ្ជាក់ថាក្រុមហ៊ុនមិនបានផលិតរថយន្ត Model S និង Model X នៅត្រីមាសទី១នេះទេ ដោយកំពុងត្រៀមផលិតស៊េរីថ្មីនៃរថយន្តទាំងពីរសម្រាប់បញ្ចេញលក់ចុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda6 ស៊េរីឆ្នាំ២០២១ ទើបចេញលក់នៅម៉ាឡេស៊ី តម្លៃជាង ៤ម៉ឺនដុល្លារ

រថយន្ត Mazda6 ស៊េរីឆ្នាំ ២០២១ ទើបចេញលក់នៅប្រទេសម៉ាឡេស៊ីជាផ្លូវការជាមួយប្រភេទចំនួនពីរ ដែលជារថយន្តនាំចូលពីប្រទេសជប៉ុនផ្ទាល់តែម្ដង។

សម្រាប់រថយន្ត Mazda6 2.0L មានតម្លៃចាប់ពីប្រមាណ ៤១ ២៨៤ដុល្លារ ខណៈរថយន្ត Mazda6 2.5L មានតម្លៃចាប់ពីប្រមាណ ៥០ ១៥៥ដុល្លារ។ គួរដឹងថារថយន្ត Mazda6 ស៊េរីឆ្នាំ ២០២១ មិនមានការផ្លាស់ខ្លាំងប៉ុន្មានឡើយលើរូបរាងខាងក្រៅ ហើយម៉ាស៊ីនក៏នៅរក្សាដដែលផងដែរ។

រថយន្តនេះនៅបន្តប្រើម៉ាស៊ីន SkyActiv-G ចំណុះ ២,០លីត្រ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៦២សេះ និងម៉ាស៊ីនចំណុះ ២,៥លីត្រ អាចផលិតកម្លាំងបាន ១៩២សេះ។ ទាំងពីរប្រភេទនេះគឺមានប្រើប្រាស់ប្រព័ន្ធបើកបរវិលកង់មុខ, លេខអូតូ៦វគ្គ, បច្ចេកវិទ្យា i-Stop និងបច្ចេកវិទ្យា G-Vectoring ផងដែរ។

បន្ថែមពីនេះរថយន្ត រថយន្ត Mazda6 ស៊េរីឆ្នាំ ២០២១ មានបន្ថែមនូវមុខងារ Apple CarPlay ទៅក្នុងអេក្រង់កម្សាន្តទំហំ ៨អ៊ីញផងដែរ ហើយក៏មានមុខងារ Android Auto ដូចមុនផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Honda និង Acura ហៅឡានជាង ៦សែនគ្រឿងចូលរោងចក្រវិញ ដោយសារបញ្ហាបូមប្រេង

រថយន្ដ Honda និង Acura ដែលផលិតនៅចន្លោះឆ្នាំ ២០១៨ និង ២០២០ កំពុងត្រូវបានហៅត្រលប់ចូលរោងចក្រវិញនៅសហរដ្ឋអាមេរិក ដោយសារបញ្ហាបូមសាំង។

រថយន្តចំនួន ៦២៨ ១២៤ គ្រឿង នឹងត្រូវប្តូរបូមប្រេងរបស់ពួកគេចេញ ដោយសារតែពួកវាអាចនឹងខូចបាន។ ប្រសិនបើវាកើតឡើង វាអាចបណ្តាលឲ្យរថយន្តរលត់ជាប់គាំង ដែលអាចបង្កើនហានិភ័យនៃគ្រោះថ្នាក់។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុននិយាយថាមិនមានរបាយការណ៍គ្រោះថ្នាក់ ឬការរងរបួសដោយសារកំហុសនោះទេ។ ការប្រមូលមកវិញនេះ នៅតែជាដំណឹងអាក្រក់សម្រាប់ក្រុមហ៊ុន Honda ព្រោះក្នុងនោះក៏ត្រូវប្រមូលយក CR-V ដែលជារថយន្តលក់ដាច់បំផុតរបស់ក្រុមហ៊ុនដែរ។

ខាងក្រោមនេះគឺជារថយន្តដែលត្រូវហៅត្រលប់មកវិញ (សហរដ្ឋអាមេរិក)

  • 2018-2019 Honda CR-V
  • 2019 Honda Fit
  • 2019 Honda Odyssey
  • 2019 Honda Passport
  • 2019 Honda Pilot
  • 2019 Honda Ridgeline
  • 2019 Honda Civic Coupe, Sedan, Type R
  • 2019-2020 Honda Civic Hatchback
  • 2019-2020 Honda Insight
  • 2019 Acura ILX
  • 2019-2020 Acura MDX
  • 2019-2020 Acura RDX
  • 2019-2020 Acura TLX
ផ្ទាំងផ្សាយពាណិជ្ជកម្ម

លេចដំណឹងថា Tesla និង Toyota រួមគ្នាផលិត SUV អគ្គិសនីខ្នាតតូច

របាយការណ៍ពីកាសែតកូរ៉េខាងត្បូងមួយអះអាងថា ក្រុមហ៊ុន Tesla និង Toyota នឹងសហការគ្នាដើម្បីបង្កើតរថយន្ត SUV អគ្គិសនីខ្នាតតូចមួយ។

យោងតាមកាសែត Chosun Ilbo បានឲ្យដឹងថា ក្រុមហ៊ុន Toyota នឹងចេញគ្រោងឆ្អឹងយានយន្ត ខណៈដែលក្រុមហ៊ុន Tesla នឹងផ្គត់ផ្គង់ electronic control platform និង software របស់ខ្លួន។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនផលិតរថយន្តទាំងពីរមិនទាន់បានធ្វើអត្ថាធិប្បាយ អំពីពាក្យចចាមអារាមនេះឡើយ ប៉ុន្តែប្រសិនបើវាជាការពិតមែន ជាលទ្ធផលពួកគេអាចផលិតរថយន្ត SUV អគ្គិសនី ដែលមានតម្លៃថោកសមរម្យត្រឹមតែ ២៥ ០០០ ដុល្លារប៉ុណ្ណោះ។

មិនតែប៉ុណ្ណោះ ប្រសិនបើរថយន្តនេះត្រូវបានប្រើ software ឈានមុខគេក្នុងវិស័យឧស្សាហកម្មរបស់ក្រុមហ៊ុន Tesla និងគួបផ្សំជាមួយនឹងភាពធន់ដ៏ល្បីរបស់ Toyota ទៀត នោះពួកគេអាចមានរថយន្តគួរឲ្យទាក់ទាញអារម្មណ៍បំផុតនៅក្នុងដៃ។

គួរឲ្យដឹងដែរថា ក្រុមហ៊ុន Toyota បានប្រកាសរួចហើយនូវផែនការក្នុងការផលិតរថយន្តអគ្គិសនីឲ្យបាន ៤០ ភាគរយ នៃត្រកូលរថយន្តរបស់ខ្លួន នៅឆ្នាំ ២០២៥ និង ៧០ ភាគរយនៅឆ្នាំ ២០៣០៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+