ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota កំពុងជំរុញឲ្យមនុស្សងាកមកប្រើរថយន្តប្រើអ៊ីដ្រូហ្សែន

ក្រុមហ៊ុន Toyota Motor Corp បានបើកដំណើរការស្ថានីយ៍បញ្ចូលអ៊ីដ្រូហ្សែនដំបូងបង្អស់របស់ខ្លួន នៅក្នុងរដ្ឋ Victoria នៃប្រទេសអូស្រ្តាលី ដោយជម្រុញឲ្យរដ្ឋាភិបាលលើកទឹកចិត្តដល់ការបង្កើតស្ថានីយ៍នេះបន្ថែមទៀតដើម្បីជំរុញដល់មនុស្សងាកមកប្រើរថយន្តដែលមិនបំពុលដល់បរិស្ថាន។

ស្ថានីយ៍អ៊ីដ្រូហ្សែនខាងលើ ក៏ជាកន្លែងធំបំផុតរបស់ Toyota ផងដែរ នៅទូទាំងពិភពលោក ទាក់ទងនឹងការផលិត រក្សាទុក និងចែកចាយអ៊ីដ្រូហ្សែន។

គួររំលឹកឲ្យដឹងដែរថា នៅក្នុងខែមេសានេះ ក្រុមហ៊ុន Toyota នឹងនាំយករថយន្ត Toyota Mirai ដែលដំណើរការដោយអ៊ីដ្រូហ្សែន ចំនួន ២០ គ្រឿងទៅកាន់ប្រទេសអូស្រ្តាលី ដើម្បីទទួលបានការមតិរិះគន់ពីរបៀបដែលវាដំណើរការ។

យ៉ាងណាមិញ រថយន្តប្រើអ៊ីដ្រូហ្សែន នៅតែជាផ្នែកតូចមួយនៅទូទាំងពិភពលោក ចំពេលមានការព្រួយបារម្ភអំពីកង្វះស្ថានីយ៍ តម្លៃលក់បន្ត និងហានិភ័យនៃការផ្ទុះអ៊ីដ្រូហ្សែន។ Toyota បានលក់រថយន្ត Mirai ប្រមាណ ១០ ០០០ គ្រឿងហើយ ដែលភាគច្រើននៅក្នុងប្រទេសជប៉ុន និងសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Genesis ចេញគំរូឡានអគ្គិសនីថ្មី ម៉ូដែល “X” រាងអេមខ្លាំង

ក្រុមហ៊ុនរថយន្តកូរ៉េ Genesis បានប្រកាសចេញនូវគំរូរថយន្តអគ្គិសនីថ្មីរបស់ខ្លួន ហៅថា Genesis X ដែលមានការឌីហ្សាញគួរឲ្យទាក់ទាញ។

គំរូរថយន្ត Genesis X នេះត្រូវបានរចនាឡើងតាមភាសាឌីហ្សាញ “Two Lines” ដោយក្នុងនោះមានប៉ាណាមុខធំប្រចាំត្រកូលរបស់ខ្លួន រួមជាមួយចង្កៀងមុខ ២ ឆ្នូត មើលទៅបែបអនាគតកាល និងស្រលូន។

គួរឲ្យដឹងថា រថយន្ត Genesis X ត្រូវបានឌីហ្សាញឡើងឲ្យមានរូបរាងទាប និងទទឹងធំ ដើម្បីមានលំនឹង និងមុជខ្យល់បានល្អតាមដែលអាចធ្វើទៅបាន។ ជាមួយគ្នានេះដែរ ពណ៌នៃរថយន្តនេះត្រូវបានគេហៅថា Lençóis Blue។

ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វាត្រូវបានឌីហ្សាញឡើងដោយផ្តោតខ្លាំងលើអ្នកបើកបរ ដោយមានប្លុកបញ្ជាព័ន្ធជុំវិញអ្នកបើកបរតែម្តង ដើម្បីងាយស្រួលបញ្ជា និងផ្តោតអារម្មណ៍ក្នុងការបើកបរ។

ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Genesis មិនបានបង្ហាញព័ត៌មានលម្អិតបន្ថែម អំពីដំណើរការនៃគំរូរថយន្តនេះនៅឡើយទេ ហើយក៏មិនបានបញ្ជាក់ដែរថា រថយន្តនេះនឹងត្រូវផលិតលក់ឬយ៉ាងណាឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ភីកអាប់ ៣ម៉ូឌែលនេះ មានតម្លៃថោកបំផុតនៅប្រទេសវៀតណាម

បើប្រៀបធៀបទៅនឹងរថយន្តប្រភេទ SUV រថយន្តភីកអាប់មានគុណសម្បត្តិជាច្រើន ដែលធ្វើអោយជនជាតិវៀតណាមជាច្រើនបានជ្រើសរើសយកវា។ ក្រៅពីម៉ូឌែលភីកអាប់ដែលមានតម្លៃចាប់ពី ៣៤​ ៦៥០ដុល្លារ ដល់ជាង ៤៣ ៣០០ដុល្លារ អ្នកប្រើប្រាស់ក្នុងស្រុកក៏អាចទិញភីកអាប់ថ្មី ១០០% ក្នុងតម្លៃត្រឹមតែ ២៦ ០០០ដុល្លារ។ ខាងក្រោមនេះជាម៉ូដែល ភីកអាប់ ថោកបំផុតចំនួន ៣ នៅប្រទេសវៀតណាម។

១. Mazda BT-50 Standard MT មានតម្លៃ ៥៦៩លានដុង ឬ ២៤ ៦៥៨ដុល្លារ

បច្ចុប្បន្ននេះ BT-50 Standard MT គឺជាប្រភេទភីកអាប់ថោកបំផុតនៅក្នុងប្រទេសវៀតណាម។ ក្នុងនាមជា Version ទាបបំផុត រថយន្តនេះត្រូវបានបំពាក់តែជាមួយអំពូលភ្លើង Halogen, ម៉ាស៊ីនចាក់ DVD, ម៉ាស៊ីនត្រជាក់ និងប្រព័ន្ធសុវត្ថិភាពមួយចំនួនដូចជា ពោងសុវត្ថិភាពចំនួន ២, ប្រព័ន្ធហ្វ្រាំងABS / EBD និង Anti-lock Bracking System។

រថយន្ត Mazda BT-50 Standard MT ដំណើរការដោយម៉ាស៊ីនម៉ាស៊ូត ២,២លីត្រ មានកម្លាំង ១៤៨សេះ និងកម្លាំងបង្វិល ៣៧៥Nm ដំណើរការដោយប្រអប់លេខ ៦វគ្គអូតូ។

២. Mitsubushi Triton 4×2 MT មានតម្លៃ ៦០០លានដុង ឬ ២៦ ០០០ដុល្លារ

Mitsubushi Triton ជំនាន់ថ្មីត្រូវបានសម្ភោធជាផ្លូវការដោយក្រុមហ៊ុន Mitsubishi ប្រទេសវៀតណាមនៅដើមឆ្នាំ ២០២០ ។ Triton 4×2 MT ត្រូវបានបំពាក់ជាមួយថាសកង់ទំហំ ១៦ អ៊ីញ, អំពូលភ្លើង Halogen  និងSpeaker ចំនួន ៤គ្រាប់ ។

រថយន្ត Mitsubushi Triton 4×2 MT ដំណើរការដោយម៉ាស៊ីនម៉ាស៊ូត ២,៤លីត្រ DI-D មានកម្លាំង ១៣៦សេះ និងកម្លាំងបង្វិល ៣២៤Nm ដំណើរការដោយប្រអប់លេខ ៦វគ្គអូតូ។

៣. Ford Ranger XL 2.2 4×4 MT មានតម្លៃ ៦១៦លានដុង ឬ ២៦ ៦៨០ដុល្លារ

រថយន្ត Ford Ranger XL 2.2 4×4 MT ដំណើរការដោយម៉ាស៊ីនម៉ាស៊ូត ២,២លីត្រ TDCi មានកម្លាំង ១៥៨សេះ និងកម្លាំងបង្វិល ៣៨៥Nm ដំណើរការដោយប្រអប់លេខ ៦វគ្គអូតូ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នកទិញឡាន Ford Bronco ជិត ២០ភាគរយ ជ្រើសយកលេខដៃ

រយៈពេលមិនយូរប៉ុន្មានបន្ទាប់ពីការប្រកាសថា Ford ទទួលបានការបញ្ជាទិញរថយន្ត Bronco ឆ្នាំ២០២១ ដល់ទៅច្រើនជាង ១២៥ ០០០គ្រឿង ប្រធានផ្នែកយុទ្ធសាស្រ្តនៃក្រុមហ៊ុនផលិតរថយន្តអាមេរិកខាងលើ គឺ លោក Ryan McManus បានបង្ហាញថា ១៨% នៃការបញ្ជាទិញទាំងនោះ គឺជាប្រភេទលេខដៃ ៦វគ្គ។

តួលេខគួរឲ្យកត់សម្គាល់លើរថយន្ត Ford Bronco លេខដៃនេះ ក៏ដោយសារតែប្រអប់លេខដៃនេះមានតែលើរថយន្ត Bronco ដែលបំពាក់ម៉ាស៊ីនតូច គឺចំណុះ ២,៣លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ហើយគ្មានលើប្រភេទម៉ាស៊ីនធំ ចំណុះ ២,៧លីត្រ twin-turbocharged EcoBoost ទំហំ ៦ស៊ីឡាំង ឡើយ។

ទោះជាយ៉ាងណាក៏ដោយ គេសង្ស័យថា Ford ក៏នឹងទំនងជាផ្តល់ជម្រើសប្រអប់លេខដៃលើប្រភេទម៉ាស៊ីនធំដែរ ព្រោះក្រុមហ៊ុននេះសុខចិត្តធ្វើអ្វីៗគ្រប់យ៉ាងដល់អតិថិជនរបស់ខ្លួន។ ជាក់ស្តែង កាលពីពេល Bronco ប្រកាសចេញដំបូង Ford និយាយថា ពួកគេនឹងផ្តល់ Option ដូចជា សម្បកកង់ ៣៥អ៊ីញ និង ប្រអប់លេខអូតូ ១០វគ្គ ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bentley ចង់រក្សាម៉ាស៊ីន ១២ស៊ីឡាំង ទោះត្រូវផលិតឡានអគ្គិសនីសុទ្ធ

កាលពីសប្តាហ៍មុន ក្រុមហ៊ុន Bentley បានបង្ហាញចេញនូវរថយន្ត Continental GT Speed ស៊េរីថ្មីរបស់ខ្លួន។ ជាមួយនឹងម៉ាស៊ីនទំហំ ១២ស៊ីឡាំង (W12) ចំណុះ ៦,០លីត្រ មានកម្លាំង ៦៥០ សេះ Speed នេះ គឺជាម៉ូដែលខ្លាំងបំផុតក្នុងត្រកូល Continental GT។

ប៉ុន្តែដោយសារតែក្រុមហ៊ុន Bentley បានដាក់គោលដៅក្លាយជាម៉ាករថយន្តអគ្គិសនីចាប់ពីឆ្នាំ ២០៣០ ហើយម្ចាស់ភាគហ៊ុន Volkswagen ក៏នឹងបញ្ឈប់ការផលិតម៉ាស៊ីនចំហេះក្នុង (ប្រើប្រេងឥន្ធនៈ) វាទំនងជា រថយន្ត Continental GT Speed អាចដើរតួជាម៉ូដែលចុងក្រោយបង្អស់សម្រាប់ម៉ាស៊ីន W12 ជាទីស្រលាញ់របស់ Bentley។

ទោះជាយ៉ាងណាក៏ដោយ លោក Adrian Hallmark ដែលជា CEO ក្រុមហ៊ុន Bentley បាននិយាយថា “ខ្ញុំនឹងមិនទាន់ហៅវាថាជាម៉ូដែលចុងក្រោយឡើយ។ វាជាចំណុចកំពូលនៃយីហោរបស់យើង ហើយវាជាគ្រឹះរបស់ Continental GT។ វាជាម៉ាស៊ីនស្អាតបំផុតដែលយើងបានផលិត ហើយជាមួយនឹងការកែលម្អជាបន្តបន្ទាប់ វានឹងមានអ្វីជាច្រើនទៀតដែលត្រូវធ្វើ ជាមួយម៉ាស៊ីន ១២ស៊ីឡាំងនេះ”។

យ៉ាងណាក៏ដោយ លោក Hallmark បានច្រានចោលនូវលទ្ធភាពនៃការផលិតម៉ាស៊ីន Plug-in Hybrid ជាមួយ W12 ដោយសារតែទម្ងន់បន្ថែម នឹងជះឥទ្ធិពលអាក្រក់ដល់ដំណើរការ និងសក្ដានុពលនៃការបើកបរ។

លោក Hallmark មិនបានបញ្ជាក់ពីរបៀបដែលខ្លួនគ្រោងការពារ ម៉ាស៊ីន ១២ស៊ីឡាំង (W12) នោះទេ ប៉ុន្តែវាចាំបាច់ត្រូវតែដំណើរការជាមួយប្រព័ន្ធអគ្គិសនីតាមទម្រង់ណាមួយ ដើម្បីធ្វើឲ្យវាកាន់តែមានប្រសិទ្ធភាព និងនៅតែស្ថិតក្នុងផលិតកម្ម លើសពីឆ្នាំ ២០២៦៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xiaomi បញ្ជាក់ផ្លូវការពីផែនការផលិតឡានអគ្គិសនី

ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ចិនបានបញ្ជាក់ជាផ្លូវការថាខ្លួននឹងចាប់ផ្ដើមអាជីវកម្មផលិតរថយន្តអគ្គិសនី ដែលចាប់ផ្ដើមជាមួយការបណ្ដាក់ទុននូវទឹកប្រាក់ទំហំប្រមាណ ១,៥ពាន់លានដុល្លារ និងកញ្ចប់លុយ ១០ពាន់លានដុល្លារបន្ថែមទៀតសម្រាប់រយៈពេល១០ឆ្នាំខាងមុខ។

Xiaomi បានននិយាយថាខ្លួននឹងបង្កើតក្រុមហ៊ុនសាខាមួយដើម្បីប្រតិបត្តិការលើអាជីវកម្មផលិតរថយន្តអគ្គិសនី ប៉ុន្តែមិនបានបង្ហើបអំពីផែនការលក់រថយន្ត ថានឹងបញ្ចេញលក់ពេលណា ឬនឹងលក់នៅលើទីផ្សារណាខ្លះនោះទេ។

យ៉ាងណាក្ដី Xiaomi បានបញ្ជាក់ថា លោក Lei Jun ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិ Xiaomi នឹងកាន់កាប់តំណែងជានាយកប្រតិបត្តិនៅក្រុមហ៊ុនសាខាថ្មីផ្ទាល់តែម្ដង។

Xiaomi គឺជាក្រុមហ៊ុនបច្ចេកវិទ្យាចិនចុងក្រោយគេមួយដែលសម្រេចចិត្តឈានជើងចូលឧស្សាហកម្មរថយន្តអគ្គិសនី ដែលជាឧស្សាហកម្មកំពុងរីកចម្រើនខ្លាំងបំផុតមួយ។ កាលពីថ្មីៗនេះក្រុមហ៊ុនចិន Baidu ដែលជាក្រុមហ៊ុន Search Engine ធំមួយក៏បានប្រកាសដែរថាខ្លួននឹងចាប់ផ្ដើមការផលិតរថយន្តអគ្គិសនីដោយនឹងពឹងពាក់លើក្រុមហ៊ុន Geely ជាជំនួយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានអគ្គិសនីថ្មី រងការប្ដឹងព្រោះលក់ឡានមិនប្រើឈ្មួញកណ្ដាល

ឈ្មួញលក់រថយន្តនៅរដ្ឋ Illinois សហរដ្ឋអាមេរិកបានដាក់ពាក្យបណ្ដឹងប្ដឹងទៅកាន់ក្រុមហ៊ុនរថយន្តអគ្គិសនី Rivian និងក្រុមហ៊ុនរថយន្តអគ្គិសនី Lucid Motors ដែលមិនបានប្រើប្រាស់ឈ្មួញកណ្ដាល ដោយសម្រេចចិត្តលក់រថយន្តទៅកាន់អតិថិជនដោយផ្ទាល់។

ពាក្យបណ្ដឹងត្រូវបានដាក់ដោយសមាគមន៍ឈ្មួញរថយន្តនៅរដ្ឋ Illinois រួមជាមួយដើមបណ្ដឹងដទៃទៀត ក្នុងនោះរួមមានឈ្មួញលក់រថយន្តជាច្រើន ដែលពួកគេបានចោទប្រកាន់ក្រុមហ៊ុនទាំងពីរថាបានល្មើសនឹងច្បាប់របស់រដ្ឋដែលតម្រូវឲ្យរថយន្តថ្មីត្រូវដាក់លក់តាមរយៈឈ្មួញលក់រថយន្តដែលទទួលបានសិទ្ធ។

ទាក់ទងនឹងបញ្ហានេះនៅមិនទាន់មានការឆ្លើយតបពីខាងក្រុមហ៊ុន Rivian ឬក្រុមហ៊ុន Lucid Motors នៅឡើយទេ។

គួរដឹងថាបច្ចុប្បន្ននេះ Rivian កំពុងតែពន្លឿនការផលិតរថយន្តអគ្គិសនីប្រភេទ SUV និងប្រភេទភីកអាប់របស់ខ្លួន ដែលគ្រោងផលិតនៅខែមិថុនាខាងមុខនេះ នៅរោងចក្រដែលស្ថិតនៅរដ្ឋ Illinois ដែលរំពឹងថានឹងមានបុគ្គលិកបម្រើការងារចំនួនជាង ១ពាន់នាក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នេះជារូបមន្តគណនា តម្លៃពន្ធឡាន នៅកម្ពុជា! (មានឧទាហរណ៌)

ដោយសារតែមានការជជែកវែកញែកជាច្រើនទាក់ទងនឹងការគណនាតម្លៃពន្ធឡានផ្សេងៗ ថ្ងៃនេះខេមបូអូតូ សូមធ្វើការបង្ហាញបងប្អូនទាំងអស់គ្នាពីរូបមន្ត ដែលបានចុះផ្សាយនៅលើគេហទំព័រផ្លូវការរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ មួយវិញទៀត បងប្អូនយើងជាច្រើនមានការសប្បាយចិត្តផងដែរ ស្តីអំពីការកែសម្រួលអត្រាពិសេសលើមុខទំនិញរថយន្តមួយចំនួន របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រោយពីការប្រកាសនេះ យើងក៏ឃើញមានខាងក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) និងក្រុមហ៊ុន Ford Cambodia បានធ្វើការអនុវត្តតាមសេចក្តីប្រកាសរបស់រដ្ឋាភិបាលផងដែរ ដែលអាចអោយបងប្អូនយើងចំនេញរហូតដល់ជាង ៤ ០០០ ដុល្លារផងដែរ។

យ៉ាងណាមិញ នេះជាអ្វីដែលបងប្អូនយើងអាចមើលជាគោល អំពីការគណនា។ ដោយជាពន្ធ​ និងអាករលើទំនិញនាំចូល​ នាំចេញ ដែលត្រូវបាន​គណនាតាមវិធីសាស្ត្រដូចខាងក្រោម៖

ក. ចំពោះទំនិញទូទៅ

ការគណនាប្រាក់ពន្ធ​ អាករ​ ត្រូវគណនា​តាមលំដាប់លំដោយ​ ជាដំបូងត្រូវគណនាពន្ធនាំចូល​ អាករពិសេស​ (បើមាន)​ និងអាករលើតម្លៃបន្ថែម។​

  • ពន្ធនាំចូល​ = តម្លៃគិតពន្ធគយ​ x អត្រាពន្ធនាំចូល
  • អាករពិសេស​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x អត្រាអាករពិសេស
  • អាករលើតម្លៃបន្ថែម​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x ១០%​ (ចំពោះទំនិញទូទៅ​មិនជាប់អាករពិសេស)

ឬ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​ + អាករពិសេស) x ១០%​ (ចំពោះទំនិញទូទៅ​)

ប្រាក់ពន្ធ​ និងអាករសរុប​ = ពន្ធនាំចូល​ + អាករលើតម្លៃបន្ថែម​ (ចំពោះទំនិញទូទៅ​មិនជាប់អាករពិសេស) ឬ = ពន្ធនាំចូល​ + អាករពិសេស​ + អាករលើតម្លៃបន្ថែម​ (ចំពោះទំនិញទូទៅ​ជាប់អាករពិសេស)

ប្រសិនបើបងប្អូន ចង់មើលលម្អិតអាចចុចទៅកាន់ទំព័រដើមរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដោយចុចទីនេះ!

ឧទាហរណ៍៖ យើងទិញឡានពីអាមេរិច Prius 2012 តម្លៃ $11,600 (មិនទាន់បូកថ្លៃដឹកជញ្ជូន និងសេវាកម្មផ្សេងៗរបស់ភ្នាក់ងារ) ចឹងសម្រាប់ពន្ធនាំចូលគឺ 35% អត្រាអករពិសេសថ្មីបន្ទាប់ពីការកែសម្រួលសម្រាប់ Hybrid 50% (Prius ម៉ាស៊ីន 1.8L ប្រហែល 1,798cc)។
ការគណនាពន្ធ ឬយើងហៅថា ប្រាក់ពន្ធ​ និងអាករសរុប​ = ពន្ធនាំចូល​ + អាករពិសេស​ + អាករលើតម្លៃបន្ថែម​
ប៉ុន្តែដើម្បីបានពន្ធនីមួយៗមានរូបមន្ត៖
➡️ ពន្ធនាំចូល​ = តម្លៃគិតពន្ធគយ​ x អត្រាពន្ធនាំចូល
➡️ អាករពិសេស​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​) x អត្រាអាករពិសេស
➡️ អាករលើតម្លៃបន្ថែម​ = (តម្លៃគិតពន្ធគយ​ + ពន្ធនាំចូល​ + អាករពិសេស) x ១០%​ (ចំពោះទំនិញទូទៅ​)
ចឹងយើងអាចធ្វើការគណនា៖
➡️ ពន្ធនាំចូល = 11,600 x 35% = 4,060
➡️ អាករពិសេស = (11,600 + 4,060) x 50% = 7,830
➡️ អាករលើតម្លៃបន្ថែម = (11,600 + 4,060 +7,830) x 10% = 2,349
ប្រាក់ពន្ធ​ និងអាករសរុប​ = 4,060 + 7,830 + 2,349 = $14,239
ហេតុនេះ យើងត្រូវបង់ពន្ធសរុប = $14,239
មានកន្លែងណាមិនយល់អាចសួរខ្ញុំបាន អរគុណ!

ទាំងនេះគ្រាន់តែជាគណនាពន្ធតែប៉ុណ្ណោះ ដូច្នេះដើម្បីបានតម្លៃឡានចេញលក់លើទីផ្សារ គឺត្រូវមានការគណនាលើការដឹកជញ្ជូន សេវាផ្សេងៗ និងប្រាក់ចំនេញរបស់ក្រុមហ៊ុននាំចូលមួយទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីកម្ពុជា Rolls-Royce Ghost ឆ្នាំ២០២១ ចេញលក់ក្នុងប្រទេសមួយនេះ នៅអាស៊ី ក្នុងតម្លៃចាប់ពី ៣៥ម៉ឺនដុល្លារ

ក្រុមហ៊ុន Rolls-Royce Motor Cars Kuala Lumpur ដែលជាក្រុមហ៊ុនចែកចាយរថយន្ត Rolls-Royce នៅប្រទេសម៉ាឡេស៊ី​ បានធ្វើការបង្ហាញនូវរថយន្តប្រណិតសេរ៊ីទំនើប Ghost ជំនាន់ទី២ ដល់អតិថិជនរបស់ខ្លួន។ បន្ទាប់ពីសិង្ហបុរី, ថៃ និងកម្ពុជា ប្រទេសម៉ាឡេស៊ីគឺជាទីផ្សារបន្ទាប់នៅអាស៊ីអាគ្នេយ៍ដែលមានវត្តមានរថយន្តប្រណិតសេរ៊ីទំនើប Rolls-Royce Ghost នេះ។

សម្រាប់ប្រទេសម៉ាឡេស៊ី រថយន្ត Rolls-Royce Ghost មានជម្រើសទំហំ ២ប្រភេទគឺ Standard Version និងExtended Version។ ដោយ Standard Version មានប្រវែងពីកង់មុខដល់កង់ក្រោយ ៥ ៥៤៥មីលីម៉ែត្រ និង Extended Version មានប្រវែង ៥ ៧១៥មីលីម៉ែត្រ។ ជម្រើសទាំងពីរនេះមានតម្លៃចាប់ពី ៣៥០ ០០០ដុល្លារ ដល់ ៤០០ ០០០ដុល្លរ។

សម្រាប់រថយន្ត Rolls-Royce Ghost បានបំពាក់ជាមួយសម្ភារ:ការពារសម្លេង Soundproof ចំនួន ១០០គីឡូ និងបានអភិវឌ្ឍថ្មីលើ ប្រព័ន្ធរន្ធខ្យល់ថ្មី ដែលជួយឲ្យកាប៊ីនរថយន្តមានភាពស្ងប់ស្ងាត់។

បន្ថែមពីនេះ ផ្នែកខាងក្នុងកាប៊ីនរថយន្តបានរចនាអោយកាន់តែទំនើប និងស្រស់ឆើតឆាត តួរយ៉ាងសម្ភារ:សំខាន់នៅផ្នែកខាងក្នុងនៃរថយន្តនេះភាគច្រើនផលិតឡើងពីដែកមានគុណភាពខ្ពស់ និងឈើប្រណិត។ លើពីនេះវាក៏បានបំពាក់ជាមួយអេក្រង់កម្សាន្ត, អេក្រង់បង្ហាញព័ត៌មាន, ទូទឹកកក និងSpeaker ទំហំ ១ ៣០០វ៉ាត់ ចំនួន ១៨គ្រាប់ សម្រាប់អ្នកដំណើរខាងក្រោយផងដែរ។

រថយន្ត Rolls-Royce Ghost ឆ្នាំ២០២១ បានបំពាក់ជាមួយម៉ាស៊ីនចំណុះ ៦,៧៥លីត្រ Twin-turbochared ទំហំ ១២ស៊ីឡាំង មានកម្លាំង ៥៦៣សេះ កម្លាំងរមួល ៨៥០ញូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខ ៨វគ្គអូតូ​ និងប្រភេទប៉ុងពីរ។ វាអាចស្ទុះពីល្បឿនកុងទ័រ ០-១០០គ.ម/ម៉ ប្រើពេល ៤,៨វិនាទី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត MG 6 កំពុងតែមានភាពពេញនិយមសម្រាប់រថយន្តប្រភេទ Sedan នៅលើទីផ្សារប្រទេសកម្ពុជា

រថយន្ត MG 6ជាប្រភេទរថយន្ត Sedan ដែលបានផលិតឡើងដោយក្រុមហ៊ុនរថយន្តចក្រភពអង់គ្លេស។ រថយន្ត MG 6 ផ្តល់ជូនដល់អតិថិជននូវតម្លៃត្រឹមតែ ៣៣ ០០០ដុល្លារ ដែលនោះហើយបានធ្វើអោយរថយន្ត MG 6 ក្លាយជារថយន្តមួយដែលមានតម្លៃសមរម្យព្រមជាមួយនឹងលក្ខណៈពិសេសកម្រិតខ្ពស់និងការបើកបរយ៉ាងងាយស្រួល។ រថយន្តនេះបានបង្កើតឡើងជាមួយនឹងការបំផុសគំនិតដ៏ល្អអស្ចារ្យរួមទាំងចំណុចរចនាថ្មីៗគួរឱ្យចាប់អារម្មណ៍ដែលផ្តល់ឱ្យរថយន្ត​​ MG 6 នូវរូបរាងថ្មីស្រស់ស្អាតនិងទាក់ទាញដោយវាជាការរចនារបស់អ្នកឌីស្សាញរបស់ប្រទេសអឺរ៉ុប។

រថយន្ត MG 6ជារថយន្តប្រភេទ Sedan ប៉ុន្តែសម្រាប់ទំហំវិញត្រូវបានផ្តល់ដោយទំហំនៃរថយន្តប្រភេទ SUV ហើយវាធ្វើអោយលោកអ្នកមានទំហំគ្រប់គ្រាន់ក្នុងការធ្វើដំណើរផ្សងព្រេង ឬការបើកបរ។ MG 6បានបំពាក់ដោយការរចនាបែបស្តង់ដារ, បច្ចេកវិទ្យាទំនើប, ការផ្តល់ជូននូវផាសុកភាពកម្រិតខ្ពស់ និងការបង្កើនកំរិតនៃបច្ចេកវិទ្យាស្តង់ដារដោយការជម្រុញនូវផ្នែកសុវត្ថិភាពសំខាន់ៗដែលវាជាចំណុចពិសេសរថយន្តMG 6។

រថយន្ត MG 6 បានផ្តល់នូវកម្លាំង ១៦៩សេះ និងកម្លាំងបង្វិល ២៥០Nm ដោយសារវាបានបំពាក់មកជាមួយនឹងម៉ាស៊ីនប្រភេទតួបូចំណុះ ១,៥លីត្រ ហើយវាក៏ត្រូវបានបំពាក់ដោយប្រអប់លេខអូតូ ៧វគ្គ ដែលជាចំណុចល្អបំផុតសម្រាប់ជួរនៃរថយន្ត Sedan។ រថយន្តនេះបានកំណត់ដោយល្បឿនខ្ពស់បំផុត ២១០km/h។ ប្រអប់លេខ ៧វគ្គរបស់វាអាចធ្វើអោយលោកអ្នកអាចបើកបរឆ្លងកាត់គ្រប់ស្ថានភាពផ្លូវ។ រួមផ្សំជាមួយនឹងឧបករណ៍ជំនួយក្នុងពេលបើកបរដ៏ឈានមុខគេ លោកអ្នកអាចទទួលបាននូវសុវត្ថិភាពគ្រប់ពេលបើកបរ។

ប្រព័ន្ធសុវត្ថិភាពល្អបំផុតមួយចំនួនដែលបានបំពាក់ក្នុងរថយន្ដ MG 6 ជាចំណុចពិសេសដែលផ្តល់នូវការការពារពេញលេញពីរថយន្តប្រភេទsedanនេះ។ ប្រព័ន្ធសុវត្ថិភាពទាំងនោះមានដូចជា: ប្រព័ន្ធហ្វ្រាំងABS, ប្រព័ន្ធហ្វ្រាំងជំនួយ, កាំមេរានិងសេនស័រក្រោយជំនួយពេលចតរថយន្ត និងប្រព័ន្ធផ្តល់ដំណឹងពីសម្ពាធកង់ រួមបន្ថែមជាមួយនឹងប្រព័ន្ធពោងសុវត្ថិភាព និងISOFIX ហើយអ្នកនឹងទទួលបានទំនុកចិត្តខ្ពស់ក្នុងការបើកបរគ្រប់ស្ថានភាពផ្លូវ ដោយលក្ខណៈពិសេសសុវត្ថិភាពយ៉ាងស្តង់ដារនេះ។

សម្រាប់ផ្នែកខាងក្រៅវិញ, ការឌីស្សាញបែបថ្មីនៃចង្កៀង LED Daytime Running បានធ្វើអោយរថយន្តនេះកាន់តែស្ព័រនិងទំនើបកម្រិតខ្ពស់ព្រមទាងបង្កើននូវសុវត្ថិភាពផងដែរ។ ស្ទីលថ្មីយ៉ាងទាន់សម័យពីដំបូលលើរហូតដល់គូទក្រោយរថយន្ត និងកាងមុខក្រោយបែបថ្មីរួមទាំងយ៉ាន់ស្ព័រទំហំ ១៨អ៊ីញដែលជួយបង្កើនភាពរឹងមាំដល់រថយន្ត។ ស្ទើរតែគ្រប់ជ្រុងជ្រោយនៃផ្នែកខាងក្នុងបានរចនាដោយស្បែកពូកកម្រិតខ្ពស់ដ៏អស្ចារ្យជាមួយនឹងពណ៍ក្រហមលាយក្រហមយ៉ាងប្រណីតនិងផាសុកភាពធ្វើអោយរថយន្ត MG 6 កាន់តែលេចធ្លោ។

រថយន្ត MG 6 ជារថយន្តដែលមានការរចនាផ្នែកខាងក្រៅជាបែបស្ព័រ ហើយលោកអ្នកអាចទទួលបានគំនិតច្នៃប្រឌិតដ៏ល្អចំពោះរថយន្តនេះផងដែរ។ MG 6 អាចត្រូវបានគេប្តូរតាមតំរូវការពីរង្វង់កង់ទៅដងខ្លួនបង្កើនបន្ថែមនូវទាំងរូបរាងអោយកាន់តែទាក់ទាញ រួមនឹងការបំពាក់ដោយម៉ាស៊ីនតួបូដែលជាសញ្ញាបង្ហាញថារថយន្ត MG 6 មានកម្លាំងខ្លាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+