ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនី Mustang Mach-E របស់ Ford កាន់តែមានសន្ទុះលក់ខ្លាំងឡើង

សន្ទុះលក់នៃរថយន្តអគ្គិសនី Ford Mustang Mach-E នៅសហរដ្ឋអាមេរិកកាន់តែមានការកើនឡើងខ្លាំង ដោយកាលពីខែកុម្ភៈវាអាចលក់ចេញបាន ៣ ៧៣៩គ្រឿង ធៀបនឹងចំនួន ២៣៨គ្រឿងកាលពីខែមករា និងចំនួន ៣គ្រឿងកាលពីខែធ្នូ។

ចំនួនលក់របស់ Ford ជារួមនៅសហរដ្ឋអាមេរិកគឺមានចំនួន ១៥៥ ៨៥៦គ្រឿង ដែលមានការថយចុះ ១៣,៦% ហើយវាមានន័យថារថយន្តប្រើថាមពលអគ្គិសនីសុទ្ធមានកាន់កាប់ចំណែកប្រមាណ ២,៤% នៃចំនួនលក់សរុប។

គួរដឹងដែរថាចំនួនលក់នៃរថយន្តដែលមានប្រើប្រាស់ថាមពលអគ្គិសនី (រាប់ទាំង Hybrid និង PHEV) គឺមានចំនួន ៩ ២៦៧គ្រឿង ដែលកើនឡើង ៥៦,១% ធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ ២០២០។ កំណើនដ៏ខ្លាំងក្លានេះគឺដោយសាររថយន្ត F-150 PowerBoost Hybrid, Escape និងរថយន្ត Explorer ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដឹងល្ហៀងៗថ្ងៃចាប់កំណើតឡាន Mercedes C-Class ប្រភេទអគ្គិសនីសុទ្ធ

ក្នុងរយៈពេលប៉ុន្មានខាងមុខទៀតនេះ Mercedes នឹងពង្រីកត្រកូលរថយន្តអគ្គិសនី EQ របស់ខ្លួន ឲ្យមានលើសពីរថយន្ត EQC SUV តាមរយៈការបន្ថែមរថយន្ត EQA និង EQB។ ហើយរថយន្តទាំងនេះនឹងចូលរួមដោយរថយន្ត EQS និង EQE ដែលជាប្រភេទអគ្គិសនីនៃរថយន្ត S-Class និង E-Class។

ដោយឡែកសម្រាប់រថយន្ត C-Class ស៊េរីថ្មីដែល Mercedes ទើបប្រកាសចេញកាលពីខែមុន នៅមិនទាន់មានដំណឹងចេញពី Mercedes អំពីការផលិតប្រភេទអគ្គិសនីនៃរថយន្តនេះនៅឡើយទេ។ យ៉ាងណាក្ដីពេលនិយាយជាមួយទស្សនាវដ្ដី Autocar ប្រធាននប្រតិបត្តិរបស់ Mercedes បានឲ្យតម្រុយថារថយន្ត C-Class អគ្គិសនីអាចនឹងបង្ហាញខ្លួននៅឆ្នាំ ២០២៤។

រថយន្ត C-Class ប្រភេទអគ្គិសនីដែលអាចមានឈ្មោះថា EQC Sedan នឹងមានលក្ខណៈខុសពីរថយន្ត C-Class និង S-Class ដែលប្រើប្រាស់គ្រោងឆ្អឹង MRA ផ្ទុយទៅវិញវានឹងប្រើប្រាស់នូវគ្រោងឆ្អឹងថ្មីឈ្មោះថា MMA ដែលឌីហ្សាញមកសម្រាប់រថយន្តអគ្គិសនីតូចៗ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកស្គាល់រថយន្តទាំង ១០ម៉ូដែល ដែលអាចបើកបរលើសពី ៣២ម៉ឺនគីឡូម៉ែត្រ

យោងតាមការសិក្សារបស់គេហទំព័រ iSeeCars ដែលបានធ្វើការសិក្សា និងវិភាគលើរថយន្តចំនួន ១១,៨លានគ្រឿង លក់បាននៅក្នុងឆ្នាំ២០២០ ដើម្បីកំណត់ថាតើរថយន្តម៉ូដែលណា ដែលបង្ហាញពីភាពជាប់ធន់បំផុត និងភាពជឿជាក់ជាមួយនឹងបើកបរមានភាគរយខ្ពស់បំផុត ឈានដល់ ២០០,០០០ ម៉ាយល៍ ឬលើសនេះ។

បើតាមការសិក្សាបានបង្ហាញថា រថយន្ត Toyota Land Cruiser ឈរនៅលំដាប់លេខ ១ ទទួលបាន ១៦,៣% ក្នុងចំនោមរថយន្តទាំង ១០ម៉ូដែល។ ខាងក្រោមនេះជាតារាងដែលបានបង្ហាញ ជាមួយនឹងភាគរយនៃការបញ្ជាក់ផងដែរ៖

ប្រភព៖ iseecars.com
ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកមើលតម្លៃម៉ូឌែលពិសេស Ranger Rapter X ចេញលក់នៅម៉ាឡេស៊ីក្តៅៗ

ដៃគូចែកចាយនៃក្រុមហ៊ុន Ford ប្រចាំប្រទេសម៉ាឡេស៊ី ក្រុមហ៊ុន Sime Darby Auto ConnXion (SDAX) បានបង្ហាញចេញនូវម៉ូឌែលពិសេស Ranger Rapter X ទៅកាន់អ្នកប្រើប្រាស់នៅក្នុងប្រទេសម៉ាឡេស៊ីជាផ្លូវការ។

ប្រសិនបើប្រៀបធៀបជាមួយ Ranger Rapter ប្រភេទធម្មតា រថយន្តនេះបានទទួលបានការអាប់ដេតលើការឌីស្សាញ និងបានបំពាក់ជាមួយគ្រឿងបរិក្ខាថ្មីបន្ថែមទៀត។ តួរយ៉ាងសម្រាប់រូបរាងនៃម៉ូឌែលពិសេសនេះបានលេងខ្លួនជាមួយ ពណ៌ក្រហមលាយជាមួយពណ៌ខ្មៅ និងមាននូវជាមួយអក្ស X Special Edition នៅកន្ទុយខាងក្រោយផងដែរ។

បន្ថែមពីនេះ ផ្នែកខាងក្នុង SDAX បានបំពាក់ជាមួយកាំម៉េរា ៣៦០ដឺក្រេ, កាំម៉េរាសម្រាប់ Record នៅកញ្ចក់ខាងលើ, កម្រាលជើងដែលមានពាក្យ Rapter X, ចង្កៀងខាងមុខប្រភេទ LED, សេនស័រមុខ-ក្រោយ, រន្ធដោយ USB និងប្រព័ន្ធជំនួយការបើកបរ ការចាប់ហ្រ្វាំងដោយស្វ័យប្រវត្តិ(AEB)។

សម្រាប់ម៉ាស៊ីនរបស់ Ranger Rapter X គឺដូចទៅនិងប្រភេទ Ranger Rapter ប្រភេទធម្មតាដែរ វាបំពាក់ជាមួយម៉ាស៊ីនចំណុះ ២,០លីត្រ Bi-Turbo ទំហំ ៤ស៊ីឡាំង​ បង្កើតកម្លាំងបាន ១៩៧សេះ កម្លាំងរមួល ៥០០Nm និងដំណើការដោយប្រអប់លេខ Getrag 10R80 ១០វគ្គ។

SDAX បានដាក់លក់ម៉ូឌែលពិសេស Ranger Rapter X នូវតម្លៃពិសេស ដោយមានតម្លៃចាប់ពី ៥៣ ៤៥០៧ ដុល្លារ (២១៦ ៨៨៨ Ringggit) ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

NHTSA បើកការស៊ើបអង្កេតលើឡាន Toyota RAV4 ១,៩ លានគ្រឿង ដែលអាចឆ្លងភ្លើងឆេះ

រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិ National Highway Traffic Safety Administration ឬហៅកាត់ថា NHTSA បានបើកការស៊ើបអង្កេតបឋមមួយ លើរថយន្ត Toyota RAV4 ជំនាន់ទី ៤ បន្ទាប់ពីមានរបាយការណ៍អំពីអគ្គិភ័យឆាបឆេះចេញពីអាគុយ ១២ វ៉ុលរបស់វា។

NHTSA និយាយថា ខ្លួនកំពុងស៊ើបអង្កេតលើរថយន្ត RAV4 ដែលបានផលិតនៅចន្លោះឆ្នាំ ២០១៣ និង ២០១៨ បន្ទាប់ពីទទួលបានការរាយការណ៍ ពាក់ព័ន្ធនឹងករណីឆាបឆេះនេះ ចំនួន ១១ លើក។ ការឆ្លងភ្លើងឆេះនេះអាចមកពីការចាប់ស៊ុមអាគុយមិនត្រឹមត្រូវ ដែលបណ្តាលឲ្យបាត់បង់ថាមពលអគ្គីសនី រលត់ម៉ាស៊ីន និងឆេះភ្លាមៗបាន។

មិនតែប៉ុណ្ណោះ បើយោងតាម ​​NHTSA បានឲ្យដឹងថា របាយការណ៍ចំនួន ៤ បានអះអាងថា ឆេះបានចេះខណៈពេលដែលម៉ាស៊ីនរថយន្តមិនទាន់ទាំងដំណើរការផង។

ជាមួយគ្នានេះ សារព័ត៌មាន AP បានសាកសួរតំណាងក្រុមហ៊ុន Toyota ថាតើគួរទុកយានយន្តនៅខាងក្រៅ ឬអត់ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តមួយនេះបានបដិសេធក្នុងការអធិប្បាយ។ ក្នុងនោះអ្នកតំណាងក្រុមហ៊ុន Toyota បានត្រឹមតែនិយាយថា ក្រុមហ៊ុនកំពុងសហការជាមួយ NHTSA ក្នុងការស៊ើបអង្កេតរឿងនេះប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-8 ឆ្នាំ២០២១ ចេញលក់តម្លៃខ្ទង់ ៣ម៉ឺនដុល្លារ បំពាក់កៅអីប្រណីត៦

ក្រុមហ៊ុន Mazda បានប្រកាសចេញរថយន្ត CX-8 ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ សម្រាប់ទីផ្សារប្រទេសអូស្ត្រាលី ដោយបានបន្ថែមម៉ូដែលថ្មីចំនួន ២ គឺ Touring SP និង Asaki LE។

រថយន្ត Mazda CX-8 Asaki LE ឥឡូវនេះគឺជាប្រភេទកប់បំផុត ដោយមានបំពាក់កៅអីធំប្រណីតចំនួន ៦ ដូចទៅនឹងម៉ូដែល CX-9 ដែរ។ កៅអីធំនោះគឺជាប្រភេទស្បែក Nappa Leather ដែលផ្តល់ជម្រើសពណ៌ត្នោត (Chroma Brown) និង ស (Pure White) ហើយថែមទាំងមានមុខងារកម្តៅ និងបញ្ចេញត្រជាក់ទៀតផង។

រថយន្ត CX-8 Asaki LE បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ដំណើរការដោយប្រអប់លេខអូតូ ៦វគ្គ និងប៉ុងពីរ i-Activ AWD។ ដោយឡែកចំពោះម៉ូដែល CX-8 Touring SP វិញ ផ្តល់ទាំងជម្រើសម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ប៉ុងមួយវិលកង់មុខ ឬ ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,២លីត្រ ដូចម៉ូដែល Asaki LE ដែរ។

សូមបញ្ជាក់ថា រថយន្ត Mazda CX-8 មានតម្លៃចាប់ពី ៣៩ ៩៩០ដុល្លារ ដល់ ៥៤ ៧០០ដុល្លារ នៅលើទីផ្សារប្រទេសអូស្ត្រាលី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo អាចនឹងបញ្ចប់ជីវិតរថយន្តប្រភេទ Sedan របស់ខ្លួននៅពេលខាងមុខ

បន្ទាប់ពីបានប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មី C40 Recharge រួចហើយ ពេលនេះ Volvo ក៏បានប្រកាសពីទិសដៅអភិវឌ្ឍន៍របស់ខ្លួនសម្រាប់រយៈពេល ១០ ឆ្នាំខាងមុខ។ ប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Volvo គឺលោក Hakan Samuelsson បានប្រាប់ Autocar ថាបច្ចុប្បន្ននេះ Volvo មានម៉ូឌែលទាបៗដែលមានតម្លៃថោកជាច្រើន រួមមានទាំងរថយន្តប្រភេទ Sedan និងប្រភេទ Cross Country wagon។

មេដឹកនាំក្រុមហ៊ុនផលិតរថយន្តស៊ុយអ៊ែតរូបនេះ បានបញ្ជាក់ថាលោកនឹងបញ្ចប់ជីវិតរថយន្តម៉ូឌែលទាបៗ ប៉ុន្តែលោកមិនបានបញ្ជាក់ថាតើម៉ូដែលណាមួយអាចត្រូវបានរក្សាទុកទេ។ ហើយអតិថិជននៅតែអាចទិញរថយន្ត Volvo ម៉ូឌែលទាបៗបាន គ្រាន់តែថាវានឹងមានជំរើសតិចជាងមុន។

ផ្ទុយទៅវិញក្រុមហ៊ុន Volvo នឹងផ្តោតលើការផលិតរថយន្តប្រភេទខ្ពស់ៗ(SUVs) ព្រោះថា ៧៥% នៃការលក់របស់ Volvo គឺជារថយន្តប្រភេទ SUV ។ បច្ចុប្បន្ននេះមានការបញ្ជាក់ព័ត៌មានអំពីរថយន្តប្រភេទ SUV ខ្នាតតូចថ្មីចំនួន ២ គ្រឿងដែលរំពឹងថានឹងចេញលក់នាពេលអនាគតគឺ XC20 និង C20 ។

លើសពីនេះទៀត ក្រុមហ៊ុន Volvo កំពុងតែគិតគូពីផែនការរបស់ខ្លួនក្នុងការផលិតរថយន្តប្រភេទ SUV ដ៏ប្រណីតមួយដែលមានឈ្មោះថា XC100 ក្នុងគោលបំណងដើម្បីប្រកួតប្រជែងជាមួយនឹងរថយន្ត BMW X7 ឬ Mercedes-Benz GLS ។

រូបភាពគំរូនៃរថយន្ត XC100

បន្ថែមពីនេះ ក្នុងរយៈពេល ៥ ឆ្នាំខាងមុខក្រុមហ៊ុន Volvo នឹងផលិតតែរថយន្តប្រភេទកូនកាត់ (PHEV) និងរថយន្តអគ្គិសនីសុទ្ធ។ យោងតាមផែនការនៅឆ្នាំ ២០៣០ Volvo នឹងលក់តែរថយន្តអគ្គិសនីសុទ្ធប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Bugatti មួយគ្រឿងនេះ ប្រើពេលជិត ២ឆ្នាំ ទើបផលិតរួច

ក្រោយពីបានបង្ហាញវត្តមានរថយន្ត Divo នៅក្នុងកម្មវិធី Pebble Beach ឆ្នាំ ២០១៨ រួចមក Bugatti បានផ្ដល់នូវជម្រើសអស្ចារ្យបន្ថែមសម្រាប់អតិថិជនដែលចង់បានការលាបពណ៌ប្លែកនៅលើរថយន្តរបស់ខ្លួន។

ជាក់ស្ដែងដូចជារថយន្ត Bugatti Divo Lady Bug មួយគ្រឿងនេះមានការលាបពណ៌រថយន្តដោយប្រើប្រាស់នូវការឆ្លាស់គ្នារវាងពណ៌ Customer Special Red និងពណ៌ Graphite ដែលមានឆ្នូតជារូបរាងគ្រាប់ពេជ្រ។

កិច្ចការនេះមិនមែនជារឿងងាយនោះទេ ដោយសារក្រុមអ្នកឌីហ្សាញត្រូវប្រើពេលជាង ១ឆ្នាំដើម្បីតម្រៀបទម្រង់គ្រាប់ពេជ្រចំនួនប្រមាណ ១ ៦០០គ្រាប់ ឲ្យមានភាពស្មើគ្នាមុនការលាបពណ៌លើរថយន្តរបស់អតិថិជន។ វាជាការងារដ៏ពិបាកមួយ ដោយមានពេលមួយ ក្រុមការងារឌីហ្សាញស្ទើរតែបោះបង់ចោលគម្រោងការនេះ។

រថយន្តដែលមានឈ្មោះថា Divo Lady Bug នេះបានដឹកជញ្ជូនជូនម្ចាស់របស់វានៅដើមឆ្នាំ ២០២១ នេះ ដោយម្ចាស់នៃរថយន្តនេះក៏មានកាន់កាប់រថយន្តមានតម្លៃដទៃទៀតដូចជា Vision Gran Turismo, Chiron និង Veyron Vitesse។

រថយន្ត Divo គឺមានតម្លៃចាប់ពី ៦លានដុល្លារ ដែលមិនទាន់គិតតម្លៃពន្ធនៅឡើយទេ ហើយរថយន្តនេះប្រើម៉ាស៊ីនកម្លាំង ១៤៧៩សេះ ដែលមានល្បឿនអតិបរមា ៣៨០គ.ម/ម៉ ហើយវាមានផលិតត្រឹម ៤០គ្រឿងប៉ុណ្ណោះក្នុងលោក៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volvo នឹងលក់តែឡានអគ្គិសនីសុទ្ធត្រឹមឆ្នាំ ២០៣០

ក្រុមហ៊ុនរថយន្ត Volvo បានប្រកាសអំពីផែនការថានឹងលក់តែរថយន្តប្រើប្រាស់ថាមពលអគ្គិសនីតែមួយគត់នៅត្រឹមឆ្នាំ ២០៣០ ដោយបញ្ឈប់ការលក់រថយន្តដើរដោយថាមពលប្រេងឥន្ធនៈ។ ក្រុមហ៊ុននេះក៏មានផែនការលក់រថយន្តអគ្គិសនីនៅលើអនឡាញ ដើម្បីសាងទំនាក់ទំនងជាមួយអតិថិជនដោយផ្ទាល់តែម្ដង។

ការសម្រេចចិត្តថានឹងក្លាយខ្លួនជាក្រុមហ៊ុនរថយន្តអគ្គិសនីទាំងស្រុងនេះ គឺជាផែនការបន្ថែមពីលើផែនការពីមុន ដែលក្រុមហ៊ុនធ្លាប់បានឲ្យដឹងថា ៥០% នៃសែស្រឡាយរថយន្តរបស់ខ្លួននឹងមានការប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធនៅត្រឹមឆ្នាំ ២០២៥។

លោក Henrik Green ជាប្រធានផ្នែកបច្ចេកវិទ្យារបស់ Volvo បាននិយាយថា ៖ “មិនមានអនាគតយូរអង្វែងនោះទេ សម្រាប់រថយន្តដែលដើរដោយថាមពលប្រេងឥន្ធនៈ។ យើងតាំងចិត្តក្នុងការក្លាយជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីតែមួយគត់ ហើយវាអាចកើតមានឡើងត្រឹមឆ្នាំ ២០៣០៕”

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទំនងតើ! ចង់បានឡានបារាំងនេះ អាចរំលស់ជាមួយការប្រាក់ត្រឹមតែ ៦,៩៩% ក្នុងមួយឆ្នាំ

ប្រភពរូប៖ PEUGEOT Cambodia

ជារឿងដ៏គួរអោយចាប់អារម្មណ៌មួយផងដែរ ដោយសារតែឃើញការផ្សាយរបស់ធនាគារ ហុង លីអុង បញ្ចេញនូវការផ្សាយពាណិជ្ជកម្មទាក់ទងនឹងការបង់រំលស់រថយន្តរបស់បារំាង Peugeot ម៉ូឌែល 3008​ ដោយអត្រាការប្រាក់ត្រឹមតែ ៦,៩៩%ក្នុងមួយឆ្នាំ ដែលការប្រាក់នេះមានអត្រាពិសេសដូចជាការបង់រំលស់អចលនទ្រព្យផងដែរ និងមិនធ្លាប់មានសោះ។

ប្រភព៖ ធនាគារ ហុង លីអុង

តែទោះយ៉ាងណា នៅក្នុងនោះក៏បានបញ្ជាក់ពីលក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ដោយសារឥណទានរថយន្តរបស់ធនាគារ ហុង លីអុង ផ្តល់ជូននូវអត្រាការប្រាក់ដ៏ល្អត្រឹមតែ ៦.៩៩% ក្នុងមួយឆ្នាំដេាយមានទ្រព្យធានាជាប្លង់អចលនទ្រព្យ និង ១០.៥% ក្នុងមួយឆ្នាំដេាយមានទ្រព្យធានាជារថយន្ត។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងធនាគារដើម្បីច្បាស់ទាំងអស់គ្នា តាមរយៈទូរសព្ទ៖ ០២៣ ៩៩៩ ៧១១។ នៅខាងក្រោមនេះជាការផ្សាយពាណិជ្ជកម្មរបស់ធនាគារ

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+