ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche Taycan បង្កើតកំណត់ត្រាពិភពលោក ឡានអគ្គិសនីបើក Drift បានយូរបំផុត (មានវីដេអូ)

រថយន្ត Porsche Taycan បានបង្កើតកំណត់ត្រាពិភពលោក Guinness World Record ថ្មី ក្លាយជារថយន្តអគ្គិសនីអាចបើក Drift បានយូរបំផុត។

កំណត់ត្រាថ្មីនេះត្រូវបានធ្វើឡើងនៅឯ Porsche Experience Center ក្នុងទីលាន Hockenheimring ដោយគ្រូបង្ហាត់របស់ក្រុមហ៊ុន Porsche គឺលោក Dennis Retera បានបើក Drift រថយន្ត Taycan ចំនួន ២១០ជុំ លើទីលានប្រវែង ២០០ម៉ែត្រនោះ។

គួរឲ្យដឹងថា លោក Retera បានចំណាយពេល ៥៤នាទី និងអាចបើក Drift បានចម្ងាយ ៤២គីឡូម៉ែត្រ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ញាក់សាច់! Audi TT RS ឆ្នាំ២០២១ ឡើងថ្លៃ ៥០០០ដុល្លារ

រថយន្ត Audi TT RS បានត្រលប់មកវិញជាមួយនឹងស៊េរីឆ្នាំ២០២១ ដោយទទួលបានការអាប់ដេតមួយចំនួន ប៉ុន្តែបានឡើងថ្លៃដល់ទៅជិត ៥ ០០០ដុល្លារ។

វាមិនមែនជាចំនួនលុយតិចឡើយសម្រាប់រថយន្តស្ព័រមួយនេះ ដោយ Audi TT RS ឥឡូវមានតម្លៃចាប់ពី ៧៣ ៥៤៥ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា Audi បានបំពាក់លក្ខណៈពិសេសមកស្តង់ដារជាច្រើន ដូចជា លេងពណ៌ខ្មៅសម្រាប់ផ្នែកខាងក្រៅ, មុខងារ Apply CarPlay និង Android Auto, ដុំហ្វ្រាំងពណ៌ក្រហម និង យ៉ាន់ Audi Sport ២០អ៊ីញ ជាដើម។

ចំណែកឯកាប៊ីនខាងក្នុងវិញ វារំលេចដោយ Carbon Fiber, ប្រព័ន្ធសំឡេង Bang and Olufsen Stereo System, អេក្រង់កម្សាន្ត MMI ព្រមទាំងមុខងារ Lane-Change Assist មកស្តង់ដារទៀតផង។

មិនខុសពីឆ្នាំមុន TT RS នៅតែបំពាក់ម៉ាស៊ីនចំណុះ ២,៥លីត្រ Turbocharged ទំហំ ៥ស៊ីឡាំង មានកម្លាំង ៣៩៤សេះ ដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch និង ប៉ុងពីរ AWD។ រថយន្តស្ព័រខ្នាតតូចនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៦វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ចាប់ផ្ដើមជម្រុះចោលឡានម៉ាស៊ូតបណ្ដើរៗហើយ

ការ​រឹត​បន្តឹង​លើ​ច្បាប់​បញ្ចេញ​ឧស្ម័ន​ពុល​​នៅ​​អង់គ្លេស​​បាន​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​រថយន្ត​ភាគ​ច្រើន​ពិបាក​នឹង​សម្រប​ខ្លួន​តាម ដែល​នាំ​ឲ្យ​មាន​ម៉ាក​សញ្ញា​ជា​ច្រើន​បាន​នាំ​គ្នា​កាត់​បន្ថយ​ជម្រើស​ម៉ាស៊ីន​ម៉ាស៊ូត​ចេញ​ពី​ស៊េរី​រថយន្ត​របស់​ខ្លួន។

​ឧទាហរណ៍​ជាក់​ស្ដែង​ចុង​ក្រោយ​បំផុត​មួយ​គឺ​ក្រុមហ៊ុន BMW ដែល​ក្រុមហ៊ុន​បាន​សម្រេច​ចិត្ត​បញ្ឈប់​ការ​លក់​រថយន្ត​ ​2-Series Coupe និង 2-Series Convertible ជា​មួយ​ជម្រើស​ម៉ាស៊ីន​ម៉ាស៊ូត​ នៅ​លើ​ទីផ្សារ​អង់គ្លេស។ រថយន្ត​ពីរ​ប្រភេទ​នេះ​នឹង​មាន​តែ​ជម្រើស​ម៉ាស៊ីន​សាំង​ប៉ុណ្ណោះ ដោយ​មាន​ជម្រើស​ម៉ាស៊ីន ១,៥លីត្រ ដល់​ម៉ាស៊ីន ៣,០លីត្រ។

​មិន​មែន​តែ​រថយន្ត​ពីរ​ប្រភេទ​ខាង​លើ​នោះ​ទេ​ដែល​រង​ការ​ប៉ះពាល់ នៅ​មាន​រថយន្ត​ X5, X6 និង​ X7 ​ក៏​​ត្រូវ​បាន​បំបាត់​ចោល​នូវ​ជម្រើស​ម៉ាស៊ីន​ម៉ាស៊ូត M50d ផង​ដែរ។ ម៉ាស៊ីន​ម៉ាស៊ូត​នេះ​មាន​ចំណុះ ៣,០លីត្រ ជា​ប្រភេទ Quad-Turbocharged ដែល​អាច​ផលិត​កម្លាំង​បាន ៣៩៤សេះ និង​អាច​ស្ទុះ​ពី ០-១០០គ.ម/ម៉ ដោយ​ប្រើ​ពេល​ ៥,២វិនាទី៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មួយពព្រិចភ្នែកសោះមេ Tesla ឡើងក្លាយជាអ្នកមានជាងគេលើលោក ក្រោមមនុស្សតែម្នាក់

តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Tesla បាន​បន្ត​កើន​ឡើង​ឥត​ឈប់ឈរ​គិត​ចាប់​តាំង​ពី​​ដើម​ឆ្នាំ​រហូត​មក​ដល់​បច្ចុប្បន្ន ដែល​​ក្នុង​រយៈពេល​ជិត ១២​ខែ​ប៉ុណ្ណោះ តម្លៃ​ក្នុង​មួយ​ហ៊ុន​មាន​ការ​កើន​ឡើង​ប្រមាណ ៤៦០​ដុល្លារ​ ​ជា​មួយ​តម្លៃ​បច្ចុប្បន្ន​គឺ​ ៥៥៥​ដុល្លារ​ក្នុង​មួយ​ហ៊ុន។

ការ​កើន​ឡើង​តម្លៃ​ហ៊ុន​នេះ​ធ្វើ​ឲ្យ​ម្ចាស់​ហ៊ុន​នៅ​​ Tesla ​មាន​ការ​កើន​ឡើង​ទ្រព្យ​សម្បត្តិ​ទៅ​តាម​នោះ​ដែរ ហើយ​ក្នុង​នោះ​ក៏​មាន​លោក Elon Musk ម្នាក់​ដែល​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla។ បច្ចុប្បន្ន​នេះ​ទ្រព្យ​សម្បត្តិ​របស់​លោក Elon Musk បាន​ឡើង​ដល់ ១៣៦​ពាន់​លាន​ដុល្លារ ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​មហាសេដ្ឋី​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទីពីរ​ក្នុង​លោក។

បញ្ជីមហាសេដ្ឋីរបស់ Bloomberg

ក្នុង​ឆ្នាំ ២០២០ នេះ​តែ​ឯង ទ្រព្យ​សម្បត្តិ​របស់​លោក Elon Musk មាន​ការ​កើន​ឡើង​រហូត​ដល់​ ១០៨​ពាន់​លាន​ដុល្លារ​ឯណោះ ដែល​ជា​ការ​កើន​ឡើង​ទ្រព្យ​សម្បត្តិ​ច្រើន​ក្នុង​ពេល​ដ៏​ខ្លី​បំផុត​ដែល​គេ​មិន​ធ្លាប់​ជួប​ពី​មុន​មក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត McLaren ព្រមប្រាប់ឈ្មោះឡានមហាកម្លាំងជំនាន់ថ្មីរបស់ខ្លួនហើយ

McLaren បាន​ធ្វើ​ការ​បញ្ជាក់​ជា​ផ្លូវ​ការ​ថា​រថយន្ត​ Hybrid មហា​កម្លាំង​ជំនាន់​ថ្មី​របស់​ខ្លួន ដែល​គ្រោង​នឹង​បញ្ចេញ​លក់​លើ​ទីផ្សារ​នា​ដើម​ឆ្នាំ​ក្រោយ​នេះ គឺ​នឹង​មាន​ឈ្មោះ​ថា​ “Artura”។

រថយន្ត Artura នឹង​មាន​ប្រើ​ប្រាស់​ម៉ាស៊ីន​ថ្មី​ប្រភេទ​ Twin-Turbocharged ៦ស៊ីឡាំង ដែល​មាន​រូបរាង​តូច ដែល​ដំណើរ​ការ​ជា​មួយ​ម៉ូទ័រ​អគ្គិសនី​ចំនួន​មួយ​។ រថយន្ត​ Artura នេះ​ដែរ​ក៏​នឹង​អាច​បើកបរ​ដោយ​ប្រើ​កម្លាំង​អគ្គិសនី​សុទ្ធ ក្នុង​រយៈ​ចម្ងាយ​មួយ​ដែល​សម​ល្មម​សម្រាប់​ការ​បើកបរ​ក្នុង​ក្រុង​ជា​ប្រចាំ​ថ្ងៃ។ នេះ​បើ​តាម​ការ​បង្ហើប​ពី McLaren។

រថយន្ត Artura ក៏​នឹង​ជា​រថយន្ត​ដំបូង​គេ​ដែល​ផលិត​ឡើង​ដោយ​ប្រើ​ប្រាស់​គ្រោង​ឆ្អឹង​ថ្មី ដែល​បាន​​កែ​សម្រួល​ជា​ពិសេស​​សម្រាប់​ប្រព័ន្ធ​ម៉ាស៊ីន Hybrid ហើយ​វា​បាន​ឌីហ្សាញ និង​ផលិត​ឡើង​ដោយ​​មជ្ឈមណ្ឌល Composites Technology របស់​ក្រុមហ៊ុន​ផ្ទាល់៕
​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan Note ស៊េរីឆ្នាំ ២០២១ បង្ហាញខ្លួនជាផ្លូវការនៅជប៉ុន

Nissan បាន​បង្ហាញ​ចេញ​រថយន្ត Note ជំនាន់​ថ្មី​នៅ​ក្នុង​ប្រទេស​ចិន ដោយ​ការ​បញ្ចេញ​លក់​គ្រោង​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​២៣ ខែ​ធ្នូ​ខាង​មុខ​នេះ។

រថយន្ត Nissan Note ជំនាន់​ថ្មី​មាន​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី ដែល​ចូល​មក​ជំនួស​រថយន្ត Note ​ជំនាន់​មុន​ដែល​បង្ហាញ​មុខ​លើ​ទីផ្សារ​តាំង​ពី​ឆ្នាំ ២០១២ មក​ម្ល៉េះ។ រូបរាង​ខាង​ក្រៅ​មាន​ការ​ផ្លាស់​ប្ដូរ​ថ្មី ជា​មួយ​កង់​ដែល​មាន​រចនាបថ​ថ្មី និង​មាន​បន្ថែម​ជម្រើស​ពណ៌​ Opera Mauve មក​ជា​មួយ​ផង​ដែរ។

នៅ​ផ្នែក​ខាង​ក្នុង​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​ដែរ ដោយ​មាន​បំពាក់​អេក្រង់​កម្សាន្ត​ ជា​មួយ​នឹង​ការ​ប្រើ​កុងទ័រ​ប្រភេទ​ឌីជីថល។ ចង្កូត​រថយន្ត​គឺ​មាន​រូបរាង​ថ្មី​ដែល​អាច​​បញ្ជា​មុខងារ​​មួយ​ចំនួន​ចេញ​ពី​ចង្កូត​បាន ហើយ​ក៏​មាន​នូវ​កន្លែង​សាក​ថ្ម​ទូរសព្ទ​ដោយ​ឥត​ប្រើ​ខ្សែ​នៅ​ខាង​ក្នុង​រថយន្ត​ផង​ដែរ។

រថយន្ត​នេះ​បាន​បំពាក់​នូវ​ប្រព័ន្ធ e-Power ជំនាន់​ទី​ពីរ​ ដែល​មាន​ម៉ូទ័រ​អគ្គិសនី​ និង​​ឧបករណ៍​បម្លែង​ថាមពល​ថ្មី។ ម៉ូទ័រ​អគ្គិសនី​ថ្មី​អាច​បញ្ចេញ​កម្លាំង​បាន​ច្រើន​ជាង​មុន ៦% ហើយ​ម៉ាស៊ីន​សាំង​ក៏​អាច​សន្សំសំចៃ​ថាមពល​បាន​ច្រើន​ជាង​មុន​ផង​ដែរ។ បន្ថែម​ពី​នេះ​ប្រភេទ​ប្រើ​អគ្គិសនី​សុទ្ធ គឺ​មាន​បំពាក់​នូវ​ម៉ូទ័រ​ពីរ ដែល​អាច​​បើកបរ​ដោយ​វិល​កង់​ទាំង​បួន។

រថយន្ត Nissan Note ស៊េរី​ឆ្នាំ ២០២១ លក់​នៅ​ទីផ្សារ​ក្នុង​ស្រុក​គឺ​នឹង​មាន​តម្លៃ​ចាប់​ពី​ប្រមាណ ១៩ ៥១០​ដុល្លារ ដល់​ប្រមាណ ២១ ០២២​ដុល្លារ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Hyundai អាចប្រើឡានបើកដោយស្វ័យប្រវត្តិរបស់ខ្លួន ក្នុងប្រទេសធំមួយនេះ

រថយន្តបើកបរដោយខ្លួនឯងកាន់តែខិតជិតទៅរកភាពសាមញ្ញមួយនៃជីវិតរស់នៅរបស់យើង។ មិនយូរប៉ុន្មាន ក្រុមហ៊ុន Walmart នឹងដឹកជញ្ជូនអីវាន់ដល់ផ្ទះរបស់អ្នក ដោយប្រើប្រាប់យានយន្តស្វ័យប្រវត្តិ ហើយក្រុមហ៊ុនដូចជា Tesla ដែលមានការជឿនលឿនផ្នែកបច្ចេកវិទ្យានេះ បង្ហាញថា រថយន្តរបស់ខ្លួនមានសមត្ថភាពលើគ្រប់ផ្លូវទាំងអស់។

ឥឡូវនេះ Motional ដែលជាក្រុមហ៊ុនទ្រទ្រង់ដោយក្រុមហ៊ុន Aptiv និងក្រុមហ៊ុនរថយន្ត Hyundai ទើបតែទទួលបានការយល់ព្រមពីរដ្ឋ Nevada ដើម្បីអាចបើកដំណើរការរថយន្តបើកស្វ័យប្រវត្តិរបស់ខ្លួន នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។

ទោះជាយ៉ាងណា វាមិនមែនមានន័យថា យើងនឹងអាចមើលឃើញរថយន្តរបស់ Hyundai បើកបរនៅលើដងផ្លូវដោយគ្មានតៃកុងក្នុងពេលឆាប់ៗនោះទេ ប៉ុន្តែវាមានន័យថា នៅពេលដែលពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីបើកដំណើរការបច្ចេកវិទ្យានោះ ពួកគេក៏ទទួលបានការអនុញ្ញាតរួចស្រាប់ទៅហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនឡានអាមេរិក ហៅភីកអាប់ និង SUV ជិត៦លានគ្រឿងមកវិញ ដោយសារពោងសុវត្ថិភាពជប៉ុន

ការកោះហៅរថយន្តដែលប្រើប្រាស់ពោងសុវត្ថិភាពរបស់ក្រុមហ៊ុន Takata នៅតែបន្ត ស្របពេលដែល រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាតិ National Highway Traffic Safety Administration (NHTSA) បានរុញច្រានឲ្យក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors កោះហៅភីកអាប់ និង SUV ជិត ៦លានគ្រឿង ពីស៊េរីឆ្នាំ២០០៧-២០១៤។

ស្របពេលដែលបញ្ហាលើឧបករណ៍បំប៉ោងនៃពោងសុវត្ថិភាព Takata ត្រូវបានមនុស្សជាច្រើនដឹងឮ ក្រុមហ៊ុន GM បានដាក់ញត្តិដើម្បីចៀសវាងការហៅរថយន្តទាំងនោះមកវិញ ដោយសារពួកគេជឿជាក់ថា សកម្មភាពនេះមិនត្រូវបានធានាដោយផ្អែកលើកំណត់ត្រាអង្គហេតុ និងវិទ្យាសាស្ត្រឡើយ។

បើយោងតាមសារព័ត៌មាន Reuters បានឲ្យដឹងថា ការកោះហៅរថយន្តជិត ៦លានគ្រឿងត្រលប់មកវិញនេះ អាចនឹងធ្វើឲ្យពួកគេខាតបង់លុយ ១,២ពាន់លានដុល្លារឯណោះ។

ទោះជាយ៉ាងណាក៏ដោយ NHTSA គឺធ្វើតាមតែនិតិវិធីរបស់ខ្លួនប៉ុណ្ណោះ បន្ទាប់ពីពោងសុវត្ថិភាព Takata ត្រូវបានគេស្តីបន្ទោសចំពោះការស្លាប់មនុស្សចំនួន ២៧នាក់៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានខ្នាតតូចថ្មីរបស់ Honda តម្លៃចាប់ពីជាង ១ម៉ឺនដុល្លារ

រថយន្ត​ Honda N-One ស៊េរី​ឆ្នាំ ២០២១ ដែល​ក្រុមហ៊ុន​ទើប​បាន​បង្ហាញ​ចេញ​កាល​ពី​ខែ​កញ្ញា​កន្លង​ទៅ​នេះ បាន​ដាក់​លក់​ជា​ផ្លូវ​ការ​​នៅ​ប្រទេស​ជប៉ុន​កាល​ពី​ថ្ងៃ​ទី​២០ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។

រថយន្ត​ N-One ស៊េរី​ថ្មី​មាន​ចែក​ចេញ​ជា​បួន​ប្រភេទ ដោយ​មាន​ជា Original, Premium, Premium Tourer និង RS ជា​មួយ​តម្លៃ​ចន្លោះ​ពី​ប្រមាណ ១៥ ៣៩០​ដុល្លារ ដល់​ប្រមាណ ១៩ ៤៦៥​ដុល្លារ ដែល​តម្លៃ​នេះ​មាន​គិត​បញ្ចូល​អត្រា​ពន្ធ ១០% ផង​ដែរ។

គ្រប់​ប្រភេទ​ទាំង​អស់​គឺ​មាន​ដំណើរការ​ដោយ​ម៉ាស៊ីន DOHC ចំណុះ ៦៦០សេសេ ​ហើយ​មាន​ជា Turbocharged សម្រាប់​ប្រភេទ Premium និង RS។ ម៉ាស៊ីន​នេះ​គឺ​ភ្ជាប់​នឹង​ប្រអប់​លេខ​ CVT ប៉ុន្តែ​ចំពោះ​ប្រភេទ RS គឺ​មាន​ភ្ជាប់​នឹង​ប្រអប់​លេខ​ដៃ​៦​វគ្គ។ ​​គួរ​ដឹង​ថា​ប្រភេទ Original, Premium និង​ Premium Tourer ក៏​មាន​ជម្រើស​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន​មក​ជា​មួយ​ផង​ដែរ។

រថយន្ត N-Oneក៏​មាន​មុខងារ​សុវត្ថិភាព​មួយ​ចំនួន​ផង​ដែរ​ដូច​ជា​មុខងារ​ Pedestrian Collision Mitigation, Collision Mitigation Braking, Road Departure Mitigation, Lane Keeping Assist, Hill-start Assist, Traffic-sign Recognition, Adaptive Cruise Control និង​ Automatic High Beams៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Camry ឆ្នាំ ២០២១ ប្រភេទ Hybrid លក់នៅអឺរ៉ុប មានរូបរាងប្លែកពីធម្មតា

Toyota បាន​បង្ហាញ​ចេញ​រថយន្ត​ Camry Hybrid ស៊េរី​ឆ្នាំ ២០២១ សម្រាប់​លក់​លើ​ទីផ្សារ​អឺរ៉ុប​ ដោយ​​ហាក់​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ថ្មី​ខុស​ប្លែក​ពី​ប្រភេទ​លក់​នៅ​ទីផ្សារ​ដទៃ ហើយ​ផ្នែក​ខាង​ក្នុង​ក៏​មាន​ប្រែ​ប្រួល​ខ្លះ​ដែរ។

រថយន្ត Camry Hybrid សម្រាប់​អឺរ៉ុប​ឃើញ​មាន​ផ្លាស់​ប្ដូរ​ឌីហ្សាញ​ខាង​មុខ​ដោយ​បំពាក់​កាង​ថ្មី និង​រន្ធ​ខ្យល់​ខាង​លើ/ខាង​ក្រោម​ក៏​មាន​ផ្លាស់​ប្ដូរ​រចនាបថ​ផង​ដែរ។ បន្ថែម​ពី​នេះ​ Toyota ក៏​បាន​បន្ថែម​យ៉ាន់​កង់​ Alloy ទំហំ ១៧អ៊ីញ និង ១៨អ៊ីញ ដែល​មាន​ការ​ឌីហ្សាញ​ថ្មី រួម​ជា​មួយ​ជម្រើស​ពណ៌​ថ្មី​ឈ្មោះ Deep Metal Grey។

នៅ​ផ្នែក​ខាង​ក្នុង​រថយន្ត​មាន​បំពាក់​នូវ​អេក្រង់ Touch ទំហំ៩អ៊ីញ​ថ្មី ដែល​មាន​ទីតាំង​នៅ​កម្ពស់​ខ្ពស់​ជាង​មុន។ ការ​ផ្លាស់​ប្ដូរ​ថ្មី​នេះ​ក៏​មាន​បន្ថែម​គ្រាប់​ចុច​ដែល​កាន់​តែ​ងាយ​ស្រួល​បញ្ជា​ជាង​មុន ជា​មួយ​នឹង Software ដែល​ដំណើរ​ការ​លឿន​ជាង​មុន ហើយ​មាន​មក​ស្រាប់​នូវ​មុខងារ Apple CarPlay និង Android Auto។

ដោយ​ឡែក​ចំពោះ​ផ្នែក​ម៉ាស៊ីន​វិញ Toyota មិន​បាន​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នោះ​ទេ ដោយ​វា​នៅ​តែ​ប្រើ​ប្រាស់​ប្រព័ន្ធ Hybrid អាច​សាក​​បញ្ចូល​កម្លាំង​អគ្គិសនី​ដល់​អាគុយ​បាន​ដោយ​ខ្លួន​ឯង ដែល​មាន​ម៉ូទ័រ​អគ្គិសនី​មួយ​ ជា​មួយ​ម៉ាស៊ីន​សាំង​ចំណុះ ២,៥លីត្រ ៤ស៊ីឡាំង ផលិត​កម្លាំង​បាន ២១៥សេះ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+