ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Chevrolet Equinox ឆ្នាំ២០២១ លក់ក្នុងប្រទេសនេះ តម្លៃតែជាង២ម៉ឺនដុល្លារ

រថយន្ត Chevrolet Equinox ស៊េរីឆ្នាំ២០២១ បានចេញលក់នៅក្នុងប្រទេសចិនជាផ្លូវការ។ វាមានរហូតដល់ទៅ ៦ម៉ូដែល និងម៉ាស៊ីនចំនួន ២ជម្រើស ហើយមានតម្លៃចន្លោះពី ២៤ ៨៩០ដុល្លារ ដល់ ៣៥ ១៤៥ដុល្លារ។

Equinox បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ EcoTec ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៣៣សេះ ដំណើរការជាមួយប្រអប់លេខអូតូ ៩វគ្គ ប្រភេទ Hydra-Matic អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៩វិនាទី ហើយមានកម្រិតស៊ីសាំងជាមធ្យម ៦,៩លីត្រ/១០០គីឡូម៉ែត្រ។

ដោយឡែក ជម្រើសម៉ាស៊ីនមួយទៀតគឺ ចំណុះ ១,៥លីត្រ Turbo ដំណើរការជាមួយប្រអប់លេខដៃ ៦វគ្គ ហើយមានកម្រិតស៊ីសាំងជាមធ្យម ៦,៨លីត្រ/១០០គីឡូម៉ែត្រ។

Chevrolet Equinox​ មានបំពាក់ប្រព័ន្ធកម្សាន្ត MyLink+ ដែលគាំទ្រមុខងារ Apple CarPlay, Baidu CarLife និង Bluetooth ផងដែរ។ ក្រៅពីនោះ វាមានបំពាក់មុខងារសុវត្ថិភាព ដូចជា automatic emergency braking, forward collision alert, lane departure warning, side blind zone alert, lane change alert និងrear cross traffic alert៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

MG HS ប្រភេទសាកភ្លើងបានលក់តម្លៃជិត ៤ម៉ឺនដុល្លារ នៅចក្រភពអង់គ្លេស

រថយន្ត​ SUV ខ្នាត​តូច MG HS បាន​ចេញ​លក់​លើ​ទីផ្សារ​ចក្រភព​អង់គ្លេស​កាល​ពី​ខែ​តុលា​ឆ្នាំ​មុន ដែល​មាន​តែ​ជម្រើស​ម៉ាស៊ីន Turbocharged ចំណុះ​ ១,៥លីត្រ ​៤ស៊ីឡាំង ផលិត​កម្លាំង​បាន​ ១៦០​សេះ។

នា​ពេល​នេះ​ MG បាន​នាំ​យក​ប្រភេទ Plug-in Hybrid នៃ​រថយន្ត​ HS លក់​លើ​ទីផ្សារ​ចក្រភព​អង់គ្លេស​ ដែល​នឹង​មាន​លក់​ក្នុង​តម្លៃ​ចាប់​ពី​ប្រមាណ ៣៨ ០០០​ដុល្លារ។ វា​មាន​ប្រើ​ប្រាស់​​នូវ​ម៉ាស៊ីន​ដូច​មុន​ ប៉ុន្តែ​បន្ថែម​នូវ​ម៉ូទ័រ​អគ្គិសនី​ ៩០kW។ ជា​លទ្ធផល​អាច​ឲ្យ​រថយន្ត​បើកបរ​ដោយ​ថាមពល​អគ្គិសនី​បាន​ចម្ងាយ ៥១​គ.ម និង​មាន​កម្លាំង​សរុប ២៥៤​សេះ។ រថយន្ត​នេះ​ដែរ​ប្រើ​ប្រអប់​លេខ​អូតូ ១០វគ្គ ដែល​អាច​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល ៦,៩វិនាទី លឿន​ជាង​មុន ៣វិនាទី។

MG បាន​និយាយ​ថា​រថយន្ត​ HS PHEV នេះ​គឺ​មាន​ទំហំ​ធំ និង​ទូលាយ​ជាង​រថយន្ត​ Plug-in Hybrid ដទៃ​ដែល​ស្ថិត​ក្នុង​ជួរ​តម្លៃ​ជា​មួយ​គ្នា​ មាន​ដូច​ជា​រថយន្ត​ Ford Kuga, Mitsubishi Outlander, Peugeot 3008 និង​ Vauxhall Grandland X ជា​ដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Taycan ក្លាយជាឡានលក់ដាច់ជាងគេរបស់ Porsche នៅអឺរ៉ុប

តាម​តួ​លេខ​របស់​ Car Industry Analysis បាន​​ឲ្យ​ដឹង​ថា​រថយន្ត​ Taycan បាន​ក្លាយ​ជា​រថយន្ត​ដែល​លក់​ដាច់​ជាង​គេ​របស់​ Porsche ប្រចាំ​ខែ​សីហា​ នៅ​លើ​ទឹក​ដី​អឺរ៉ុប​ ដែល​​នាំ​មុខ​រថយន្ត Panamera, 911 និង​រថយន្ត Cayenne ថែម​ទៀត​ផង។

រថយន្ត​ Taycan អាច​លក់​ចេញ​បាន​ ១១៨៣​គ្រឿង​ កាល​ពី​ខែ​សីហា​នៅ​លើ​ទីផ្សារ​អឺរ៉ុប ចំណែក​រថយន្ត​ 911 លក់​ចេញ​បាន​ ១០៩៧​គ្រឿង និង​រថយន្ត​ Cayenne លក់​បាន​ ៧៧១​គ្រឿង។ ​បញ្ជាក់​ថា​​ចំនួន​លក់​រថយន្ត​ Cayenne ជាប់​លេខ​១ ប្រសិន​បើ​រាប់​បញ្ចូល​គ្នា​ជា​មួយ Cayenne Coupe។

​​​គួរ​ដឹង​ថា​អាជីវកម្ម​របស់​​ក្រុមហ៊ុន Porsche នៅ​មាន​លទ្ធផល​ល្អ​​គួរ​សម​ ទោះ​បី​ជា​​វិបត្តិ​កូវីដ​១៩​បាន​ប៉ះពាល់​ដល់​ពិភពលោក​ទាំង​មូល​ក្ដី។ ​ក្នុង​រយៈពេល​ ៦ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ ក្រុមហ៊ុន​អាច​រក​ប្រាក់​ចំណេញ​បាន ១,៤​ពាន់​លាន​ដុល្លារ ពី​ប្រាក់​ចំណូល​ ១៤,៦៤​ពាន់​លាន​ដុល្លារ ដែល​ថយ​ចុះ ៧,៣%​ ប៉ុណ្ណោះ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុនវៀតណាម​ Vinfast កំពុងអភិវឌ្ឍរថយន្តអគ្គិសនី សម្រាប់ឈានជើងចូលទីផ្សារសហរដ្ឋអាមេរិច នៅឆ្នាំក្រោយ

កាលពី ២ឆ្នាំមុន ប្រទេសវៀតណាមបានធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ជាមួយនិងការប្រកាស អំពីក្រុមហ៊ុនផលិតរថយន្តដំបូងរបស់ខ្លួនឈ្មោះ Vinfast​ ព្រមទាំងសម្ភោធផ្លូវការនៃរថយន្ត ២ម៉ូឌែលគឺ LUX A2.0 ប្រភេទ Sedan និង​ LUX SA2.0 ប្រភេទ SUV។

តាមរយៈការចុះផ្សាយរបស់ក្រុមហ៊ុន Vinfast​ បាននិយាយថា​ ខ្លួនកំពុងសិក្សា និងអភិវឌ្ឍបន្ថែមទៅលើ រថយន្តអគ្គិសនី​​ សម្រាប់ឈានជើងចូលទីផ្សារសហរដ្ឋអាមេរិច​ នៅឆ្នាំក្រោយ។

តាមសម្តី​ម្ចាស់​សម្ព័ន្ធ ​Vingroup​ លោក​ Pham Nhat Voung បាននិយាយថា៖ “Vinfast ចង់បង្កើតម៉ាករបស់ប្រទេសវៀតណាម អោយក្លាយជាម៉ាកលំដាប់អន្តរជាតិ”។ លោកក៏បានបន្តទៀតថា៖ “បញ្ហាប្រឈមធំបំផុតរបស់យើងគឺ ផលិតផលរបស់វៀតណាម គឺពុំទាន់បានក្លាយជា​ម៉ាកអន្តរជាតិ ដែលគេទទួលស្គាល់នូវឡើយ។ បើធៀបទៅប្រទេសដៃគួរអន្តរជាតិជាច្រើន ប្រទេសវៀតណាម នៅខ្សោយ និងដើរថយក្រោយ​ ដូច្នេះពួកគេត្រូវស្វែងរកទីផ្សារ និងអភិវឌ្បផលិតផលរបស់ពួកយើង ដើម្បីបញ្ជាក់ថា ផលិតផលរបស់យើងមានកំរឹតស្តង់ដារខ្ពស់ ឈានដល់លំដាប់ពិភពលោក”។

យោងតាមរបាយការណ៌ពីមុនបានបញ្ជាក់ថា ​ លោក​ Pham Nhat Voung បានចំណាយ​លុយ​ផ្ទាល់​ខ្លួន​ជាង ២ ពាន់​លាន​ដុល្លារ ដើម្បី​ធ្វើ​ឲ្យ​ Vinfast ជោគជ័យ​លើ​ទឹក​ដី​សហរដ្ឋអាមេរិក។ ទោះបីជាមានឧបសគ្គជាច្រើន បូករួមជាមួយការមើលឃើញរបស់ក្រុមហ៊ុនផ្ទាល់ ទីផ្សារវៀតណាមនៅតូចណាស់ សម្រាប់ការរកប្រាក់ចំណេញ ដូច្នេះហើយទើបតម្រូវអោយមានការពង្រីកទីផ្សារអោយកាន់តែធំ ដើម្បីទទួលបានប្រាក់ចំណេញកាន់តែច្រើន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Range Rover Velar ស៊េរីឆ្នាំ ២០២១ មានបន្ថែមប្រភេទសាកភ្លើងបាន

ក្រោយ​ពី​បាន​បង្ហាញ​ចេញ​​ស៊េរី​ឆ្នាំ ២០២១ នៃ​រថយន្ត​ម៉ូដែល Range Rover, Range Rover Sport និង Range Rover Evoque រួច​មក នា​ពេល​នេះ​ដល់​វេន​ Range Rover Velar វិញ​ម្ដង ដោយ​ជា​មួយ​ស៊េរី​ឆ្នាំ​ ២០២១ ក្រុមហ៊ុន Land Rover បាន​បន្ថែម​ប្រភេទ Plug-in Hybrid មក​ជា​លើក​ដំបូង។

Range Rover Velar ប្រភេទ Plug-in Hybrid មាន​បំពាក់​ម៉ាស៊ីន​ចំណុះ ២,០លីត្រ ៤ស៊ីឡាំង ដែល​គួប​ផ្សំ​ជា​មួយ​ម៉ូទ័រ​អគ្គិសនី​ចំនួន​មួយ អាច​ផលិត​កម្លាំង​សរុប​បាន​ ៣៩៨​សេះ ដែល​អាច​ឲ្យ​រថយន្ត​ SUV ប្រណីត​នេះ​ស្ទុះ​ពី ០-១០០​គ.ម/ម៉ ក្នុង​ពេល​ ៥,១​វិនាទី។ អាគុយ​ដែល​ផ្ដល់​ថាមពល​ដល់​ម៉ូទ័រ​គឺ​មាន​ទំហំ ១៧,១kWh ដែល​អាច​បើកបរ​​ដោយ​អគ្គិសនី​សុទ្ធ​បាន​ចម្ងាយ ៥៣,១​គីឡូម៉ែត្រ និង​អាច​សាក​ដល់ ៨០% ក្នុង​ពេល ៣០នាទី។

គួរ​ដឹង​ថា​សម្រាប់​ស៊េរី​ឆ្នាំ ២០២១ នេះ ផ្នែក​ខាង​ក្នុង​របស់​រថយន្ត​បាន​​ដំឡើង​ប្រើ​ប្រាស់​ប្រព័ន្ធ​កម្សាន្ត​ថ្មី​របស់​ Land Rover ឈ្មោះ​ថា​ Pivi និង Pivi Pro ដែល​ងាយ​ស្រួល​ប្រើ​ជាង​មុន, អាច​អាប់ដេត​តាម​អ៊ីនធឺណិត និង​ភ្ជាប់​មក​នូវ​សេវាកម្ម​ Spotify ជា​លើក​ដំបូង​ផង​ដែរ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Rolls-Royce Ghost ស៊េរីថ្មី មានបន្ថែមប្រភេទតួវែងយ៉ាងពិសេស

ក្រោយ​ពី​បាន​បង្ហាញ​ចេញ​រថយន្ត​​​ Ghost ជំនាន់​ថ្មី​នៅ​ដើម​ខែ​កញ្ញា​រួច​មក នា​ពេល​នេះ​ Rolls-Royce បាន​បង្ហាញ​ចេញ​​ប្រភេទ​តួ​វែង​នៃ​រថយន្ត​នេះ ដែល​បាន​ដាក់​ឈ្មោះ​ឲ្យ​ថា​ Ghost Extended។

រថយន្ត​ Ghost Extended នឹង​ចេញ​លក់​​​​នៅ​មុន​ដំណាច់​ឆ្នាំ ២០២០ នេះ ដែល​វា​មាន​​ប្រវែង​សរុប​ ៥៧១៦​ម.ម វែង​ជាង​ប្រភេទ​ធម្មតា​ ១៧០​ម.ម។ ប្រវែង​វែង​ជាង​មុន​នេះ​អាច​ផ្ដល់​នូវ​​ទីធ្លា​ខាង​ក្នុង​ដែល​ធំ​ទូលាយ​ជាង​មុន​ ហើយ​ទម្ងន់​របស់​វា​ក៏​ធ្ងន់​ជាង​ប្រភេទ​ធម្មតា​ចំនួន ៤៦​គីឡូក្រាម​ផង​ដែរ ពោល​ឡើង​ដល់​ ២៥៩៩​គីឡូក្រាម។

រថយន្ត​ Ghost Extended នេះ​គឺ​នៅ​តែ​បំពាក់​ម៉ាស៊ីន Twin-Turbo ចំណុះ ៦,៧៥លីត្រ ១២ស៊ីឡាំង​ ដដែល ដែល​វា​ផលិត​កម្លាំង​បាន​ ៥៦៣​សេះ។ ទោះ​បី​ជា​ធ្ងន់​ជាង​មុន​មែន​ប៉ុន្តែ​សមត្ថភាព​របស់​វា​នៅ​ដូច​នឹង​ Ghost ធម្មតា​ដែរ ដែល​មាន​ន័យ​ថា​អាច​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល​ ៤,៦វិនាទី និង​ល្បឿន​អតិបរមា​ ២៥០​គ.ម/ម៉៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV អត់ប្រើសាំងដំបូងបង្អស់របស់ Volkswagen ចេញមុខមកតតាំង Tesla ហើយ!

ក្រុមហ៊ុន Volkswagen បានប្រកាសចេញរថយន្ត SUV ដំបូងបង្អស់របស់ខ្លួន ដែលដំណើរការដោយថាមពលអគ្គិសនី គឺម៉ូដែល ID.4 ស៊េរីឆ្នាំ២០២១។

រថយន្ត Volkswagen ID.4 បានបំពាក់គ្រោងឆ្អឹង MEB (Modular Electric Drive Architecture) និងម៉ូទ័រអគ្គិសនីមួយ នៅកង់ខាងក្រោយ (RWD) ដែលបង្កើតកម្លាំងបាន ២០១សេះ។ ម៉ូទ័រនោះត្រូវផ្តល់ថាមពលដោយកញ្ចប់អាគុយអគ្គិសនីកម្លាំង ៨២គីឡូវ៉ាត់ម៉ោង ដែលស្ថិតនៅក្រោមរថយន្ត អនុញ្ញាតឲ្យវាអាចបើកបរបានចម្ងាយ ២៥០ម៉ាយ៍ ឬ ៤០០គីឡូម៉ែត្រ នៅពេលសាកភ្លើងពេញម្តង។ ជាមួយគ្នានេះ វាក៏មានប្រភេទប្រើប៉ុងពីរ (AWD) ដែរ ដែលបង្កើតកម្លាំងរហូតដល់ទៅ ៣០២សេះ។

ID.4 RWD អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៨,៥វិនាទី ហើយមានល្បឿនអតិបរមា ១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ SUV សាកភ្លើងដោយប្រើឆ្នាំងសាកកម្លាំង 11kW បានប្រហែល ៣៣ម៉ាយ៍ ឬ ៥៣គីឡូម៉ែត្រ/១ម៉ោង ហើយក៏គាំទ្រការភ្លើងល្បឿនលឿន (125kW) ដែរ ដោយពី ៥ ទៅ ៨០% ប្រើពេលត្រឹមម ៣៨នាទីប៉ុណ្ណោះ។

ក្រឡេកមកមើលផ្នែកខាងក្នុងវិញ វាប្រើកុងទ័រឌីជីថល ID.Cockpit Digital Display ទំហំ ៥,៣អ៊ីញ និង អេក្រង់បង្ហាញព័ត៌មាន Discover Pro ទំហំ ១០អ៊ីញ។ បើនិយាយពីផ្នែកសុវត្ថិភាពវិញ វាមានបំពាក់ប្រព័ន្ធជំនួយការបើកបរ IQ.Drive មកស្តង់ដារ ដោយក្នុងនោះរួមមានមុខងារ មានដូចជា Front Assist, Side Assist, Rear Traffic Alert, Adaptive Cruise Control, Lane Assist, Travel Assist និង Emergency Assist ជាដើម។

រថយន្ត Volkswagen ID.4 នឹងមានតម្លៃចាប់ពី ៣៩ ៩៩៥ដុល្លារ សម្រាប់ម៉ូដែល RWD និង ៤៣ ៦៩៥ដុល្លារ សម្រាប់ម៉ូដែល AWD៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes-AMG GT ឆ្នាំ២០២១ ចេញប្រភេទ Stealth Edition ថ្មី កាន់តែខ្លាំង និងកាចជាងមុន

រថយន្ត Mercedes-AMG GT ស៊េរីឆ្នាំ២០២១ ទាំងប្រភេទតួខ្លួន Coupe និង Roadster (បើកដំបូល) នឹងចេញលក់នៅអាមេរិកនាដើមឆ្នាំ២០២១។

រថយន្តនេះនឹងបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំង ៥២៣សេះ (ខ្លាំងជាងមុន ៥៤សេះ) អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៧វិនាទី ហើយមានល្បឿនអតិបរមាដល់ទៅជាង ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង។

ក្រៅពីអាប់ដេតលើកម្លាំង ក្រុមហ៊ុន Mercedes-AMG ក៏បានបំពាក់លក្ខណៈពិសេសមកស្តង់ដារជាច្រើនលើ GT ដែរ ដូចជា ប្រព័ន្ធបូម AMG Ride Control suspension with adaptive damping adjustment, Electronic limited-slip differential, ហ្វ្រាំង AMG high-performance composite brakes និង ដុំហ្វ្រាំងពណ៌ក្រហម ផងដែរ។

លើសពីនេះទៅទៀត សម្រាប់អតិថិជនចង់បានអ្វីដែលរឹតតែពិសេស AMG GT ឆ្នាំ២០២១ ផ្តល់នូវជម្រើសម៉ូដែល Stealth Edition ថ្មី ដោយក្នុងនោះវាបានតុបតែងទាំងផ្នែកខាងក្រៅ និងកាប៊ីនខាងក្នុង ដូចជា មានកញ្ចប់ AMG Exterior Night Package, ចង្កៀងមុខពណ៌ខ្មៅ, ប៉ាណាមុខ AMG ក្រូមេខ្មៅ, ដុំហ្វ្រាំងខ្មៅ និង យ៉ាន់ Alloy ពណ៌ខ្មៅ ផងដែរ។

ចំណែកឯផ្នែកខាងក្នុងវិញ Mercedes-AMG GT Stealth Edition ឆ្នាំ២០២១ មានកញ្ចប់ AMG Interior Night Package, កៅអី AMG Performance ពណ៌ខ្មៅ ក៏ដូចជា ដៃចង្កូត AMG ពណ៌ខ្មៅមួយឈុត ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មេ Tesla និយាយថានឹងផលិត Cybertruck ធន់តូចសម្រាប់ទីផ្សារក្រៅស្រុក

ក្រុមហ៊ុន Tesla មានជំនឿចិត្តច្បាស់ថា រថយន្ត Tesla Cybertruck​ របស់ខ្លួននឹងត្រូវបានគេចាត់ទុកថា ជារថយន្តប្រភេទដឹក ធន់មធ្យម ដែលនឹងអាចប្រកួតប្រជែងជាមួយរថយន្ត Ford F-250 ប្រភេទដឹកធន់ធំ នៅទីផ្សារអាមេរិចខាងជើង។  ហើយពេលនេះ ក្រុមហ៊ុនកំពុងមានផែនការបង្កើត Cybertruck ធន់តូចសម្រាប់ទីផ្សារក្រៅស្រុក។

កាលពីដើមសប្តាហ៍នេះ លោក Elon Musk នាយក​ប្រតិបត្ត នៃក្រុមហ៊ុន Tesla បាននិយាយទៅកាន់អ្នកសារព័ត៌មាន ពីគម្រោងមួយទៀត នៅក្នុងថ្ងៃធ្វើបទបង្ហាញពីថាមពល Battery Day Presentation ថា ពេលនេះពួកគេកំពុងគិតពិចារណា​ លើការផលិតរថយន្តភីកអាប់អគ្គិសនីមួយប្រភេទទៀតធន់តូច។ ទោះជាយ៉ាងណាក៏លោកមិនទាន់បង្ហាញលម្អិតអំពី កម្រិតថាមពល ប្រព័ន្ធបើកបរ (ប៉ុង) ពេលវេលាដាក់បង្ហាញផ្លូវការ​ និង​ តម្លៃ នៅឡើយ។ លោកក៏បានបញ្ជាក់បន្ថែមថា យើងនឹងបង្កើតរថយន្តភីកអាប់អគ្គិសនីធន់តូច សម្រាប់ទីផ្សារអន្តរជាតិ។

ប្រសិនបើគ្មានបញ្ហាអ្វីនោះទេ យោងតាមការកំណត់ចង្វាក់ផលិតកម្ម ដែលនឹងផលិតនៅឆ្នាំក្រោយ រថយន្ត Cybertruck នឹងត្រូវផលិតនៅរោងចក្រថ្មីមួយ ដែលមានទីតាំងនៅក្រៅក្រុង Austin រដ្ឋ Texas ដែលត្រូវបានរំពឹងថានឹងផលិតបាន ចំនួន ២៥០ ០០០គ្រឿង ដល់ ៣០០ ០០០គ្រឿង ឬច្រើនជាងនេះ។ ចំនួនទាំងនេះ ហាក់មិនមានការគំរាមគំហែង ដល់ដៃគួរប្រកួតប្រជែងធំដូចជា Ford និងFCA នោះទេ ពីព្រោះពួកគេអាចលក់បានប្រហែលជិត ៩០០ ០០០ គ្រឿងសម្រាប់ប្រភេទ F-Series និងលើសពី ៦០០ ០០០គ្រឿង សម្រាប់ Ram។ រហូតមកដល់ពេលនេះ មានចំនួនអ្នកកក់រថយន្តអគ្គិសនី Cybertruck ប្រមាណជាងកន្លះលាន។ លោក Elon Musk បន្ថែមថា វាពិតជាចំនួនច្រើន រហូតដល់យើងលែងរាប់ទៅហើយ។

ទោះជាយ៉ាងណាក៏ដោយវានៅតែមិនទាន់ច្បាស់នៅឡើយទេព្រោះអ្នកកក់ទាំងនោះកក់ត្រឹមតែ ១០០ដុល្លារ និងអាចដកយកលុយកក់នោះមកវិញបានទៀត ហេតុនេះហើយ មិនប្រាកថាចំនួនអ្នកកក់នោះ នឹងធ្វើការបញ្ជារទិញរថយន្តនោះទាំងអស់គ្នានោះឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មួយម៉ាត់ខ្លី! ឡាន Rolls-Royce អគ្គិសនីនឹងចេញលក់ក្នុង​ទសវត្ស​នេះ

សារព័ត៌មាន​ Automative News Europe បាន​ជួប​សម្ភាសន៍​ជា​មួយ​លោក​ Torsten Müller-Ötvös នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Rolls-Royce កាល​ពី​ថ្មីៗ​នេះ ដោយ​ក្នុង​ពេល​នោះ​លោក​បាន​ Torsten បង្ហើប​ថា​រថយន្ត​អគ្គិសនី​ដំបូង​របស់ Rolls-Royce នឹង​បង្ហាញ​មុខ​​ក្នុង​អំឡុង​ទសវត្ស​នេះ (ចន្លោះ​ឆ្នាំ ២០២០ ដល់ ២០២៩)។

គួរ​ដឹង​ថា​ចំណាប់​អារម្មណ៍​លើ​រថយន្ត​អគ្គិសនី​របស់ Rolls-Royce គឺ​កើត​ចេញ​កាល​ពី​ឆ្នាំ ២០១៧ ដែល​ពេល​នោះ​លោក Torsten និយាយ​ថា​រថយន្ត​អគ្គិសនី​គឺ​ជា​អនាគត ហើយ​ទីផ្សារ​មួយ​ចំនួន​ដូច​ជា​ប្រទេស​ចិន​ចាប់​អារម្មណ៍​លើ​រថយន្ត​ប្រភេទ​នេះ។

រថយន្ត​អគ្គិសនី​ដំបូង​របស់ Rolls-Royce ត្រូវ​បាន​រាយការណ៍​ថា​បាន​​ស្ថិត​ក្នុង​ដំណាក់​កាល​អភិវឌ្ឍន៍ ដោយ​វា​ប្រើ​ប្រាស់​នូវ​គ្រោង​ឆ្អឹង​ដូច​គ្នា​នឹង​រថយន្ត​ Rolls-Royce នា​​ពេល​​បច្ចុប្បន្ន​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+