ផ្ទាំងផ្សាយពាណិជ្ជកម្ម

SUV អគ្គិសនីដំបូងបង្អស់របស់ Cadillac នឹងថោកជាង Tesla Model X

យោងតាមប្រធានក្រុមហ៊ុន GM North American លោក Steve Carlisle បានបង្ហាញឲ្យដឹងថា រថយន្ត Cadillac Lyriq ដែលជា SUV អគ្គិសនីដំបូងបង្អស់របស់ខ្លួន នឹងមានតម្លៃថោកជាងខ្ទង់ ៦០ ០០០ដុល្លារ។

តម្លៃខាងលើនេះនឹងធ្វើឲ្យ រថយន្ត Cadillac Lyriq ថោកជាងគូប្រជែង ដូចជា Audi E-Tron, Jaguar I-Pace និង Tesla Model X ផងដែរ។

រថយន្ត Lyriq ប្រើគ្រោងឆ្អឹងជំនាន់ថ្មីរបស់ក្រុមហ៊ុន GM និងដំណើរការដោយប្រព័ន្ធថាមពលអគ្គិសនីថ្មី ហៅថា Ultium ដែលមានសមត្ថភាពអាចបើកបរបានចម្ងាយ ៣០០ម៉ាយ៍ ឬ ៤៨០គីឡូម៉ែត្រ។ SUV អត់ប្រើសាំងនេះ នឹងផ្តល់ជាជម្រើសទាំងប្រភេទប៉ុងមួយ និងប៉ុងពីរ។

អ្វីដែលជាចំណុចពិសេសនៃរថយន្តនេះ គឺការបំពាក់អេក្រង់ធំបំផុតមិនធ្លាប់មាន គឺ អេក្រង់ LED ទំហំ ៣៣អ៊ីញ ដែលបង្ហាញព័ត៌មាន, កន្លែងបញ្ជា និងកាមេរ៉ា ជាដើម។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់កុងទ័របាញ់លើកញ្ចក់ ប្រភេទ AR ដែលបង្ហាញព័ត៌មានដូចជា ល្បឿន, ទិសដៅ និងការដាស់តឿនផ្សេងៗទៀតផង។ រថយន្តនេះនឹងចូលសង្វាក់ផលិតកម្មនៅចុងឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីថ្មីមួយ សាកម្ដងអាចជិះបានដល់ ៨៣២ គីឡូម៉ែត្រ

រថយន្ត Lucid Air របស់​ក្រុមហ៊ុន​អាមេរិក Lucid Motors នឹង​បង្ហាញ​មុខ​មាត់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​៩ ខែ​កញ្ញា​ខាង​មុខ​នេះ ហើយ​ពេល​នេះ​ចម្ងាយ​បើកបរ​របស់​រថយន្ត​ត្រូវ​បាន​ប្រកាស​ចេញ​ជា​មុន។

ក្នុង​សេចក្ដី​ថ្លែងការណ៍​មួយ ក្រុមហ៊ុន Lucid Motors បាន​បញ្ជាក់​ថា​រថយន្ត Lucid Air មាន​ការ​ប៉ាន់​ស្មាន​ពី​ស្ថាប័ន EPA ថា​អាច​ជិះ​បាន​រយៈ​ចម្ងាយ ៨៣២ គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ។ ក្រុមហ៊ុន​និយាយ​ថា​តួ​លេខ​នេះ​គឺ​ទទួល​បាន​តាម​រយៈ​ការ​ធ្វើ​តេស្ត​ឯករាជ្យ​ជា​មួយ​ក្រុមហ៊ុន FEV North America ក្នុង​ទីក្រុង Auburn Hills រដ្ឋ Michigan ​ដែល​បាន​ប្រើ​ប្រាស់​វិធីសាស្ត្រ​ធ្វើ​តេស្ត​របស់​ស្ថាប័ន EPA។

ជា​មួយ​ចម្ងាយ​ជិះ​បាន​ឆ្ងាយ​បែប​នេះ អាច​ឲ្យ​រថយន្ត​ Lucid Air ក្លាយ​ជា​រថយន្ត​អគ្គិសនី​ដែល​ជិះ​បាន​ឆ្ងាយ​ជាង​គេ​នៅ​សហរដ្ឋអាមេរិក ​ដោយ​​ជិះ​បាន​ឆ្ងាយ​ជាង​រថយន្ត Tesla Model S Long Range ​ដែល​មាន​រយៈ​ចម្ងាយ ៦៤៧​គីឡូម៉ែត្រ។

បន្ថែម​ពី​ការ​ជិះ​បាន​ឆ្ងាយ​នេះ​ដែរ រថយន្ត Lucid Air នឹង​អាច​ស្ទុះ​ពី ០-៩៦ គ.ម/ម៉ ដោយ​ប្រើ​ពេល​​មិន​ដល់ ២,៥​វិនាទី​នោះ​ទេ ហើយ​វា​អាច​ជិះ​បាន​ដល់​ល្បឿន​ជាង ៣២០ គ.ម/ម៉ ឯណោះ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាងថ្មីនៃឡាន SUV លឿនជាងគេក្នុងលោក

រថយន្ត​ Bentley Betayga ស៊េរី​ឆ្នាំ ២០២១ បាន​ផ្លាស់​ប្ដូរ​មុខ​មាត់​ថ្មី​មួយ​ចំនួន​ ហើយ​ពេល​នេះ​ក្រុមហ៊ុន Bentley បាន​បង្ហាញ​ចេញ​នូវ​ Bentayga Speed ស៊េរី​ឆ្នាំ ២០២១ ​មួយ​ទៀត ដែល​រថយន្ត​ប្រភេទ​នេះ​មាន​ផ្ដោត​សំខាន់​លើ​កម្លាំង​​បន្ថែម​ពី​លើ​ប្រណីតភាព។

រថយន្ត​ Bentayga Speed ​ស៊េរី​ថ្មី​នេះ​គឺ​មាន​ប្រើ​ប្រាស់​ការ​ឌីហ្សាញ​ដូច​គ្នា​នឹង​រថយន្ត Bentayga ​ស៊េរី​ឆ្នាំ ២០២១ ​ធម្មតា ដោយ​វា​មាន​ការ​ផ្លាស់​ប្ដូរ​រូបរាង​ខ្លាំង​នៅ​ត្រង់​ផ្នែក​ខាង​ក្រោយ ខុស​​ប្លែក​ពី​ស៊េរី​​ឆ្នាំ ២០២០។

​យ៉ាងណាក្ដី​ Bentayga Speed ឆ្នាំ ២០២១ នៅ​តែ​មាន​បំពាក់​ម៉ាស៊ីន Twin-Turbocharged ចំណុះ ៦,០លីត្រ ១២​ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន​ ៦២៦​សេះ។ ម៉ាស៊ីន​នេះ​អាច​ឲ្យ​រថយន្ត​ស្ទុះ​ពី ០-១០០ គ.ម/ម៉ ក្នុង​ពេល​ ៣,៩វិនាទី និង​មាន​ល្បឿន​អតិបរមា​ ៣០៦​គ.ម/ម៉ ធ្វើ​ឲ្យ​វា​អាច​រក្សា​ឈ្មោះ​ជា​រថយន្ត SUV លឿន​ជាង​គេ​ក្នុង​លោក​ដដែល។

តម្លៃ​នៅ​មិន​ទាន់​បាន​ប្រកាស​នៅ​ឡើយ​នោះ​ទេ ប៉ុន្តែ​ក្រុមហ៊ុន​បាន​និយាយ​ថា​ SUV នេះ​នឹង​ដាក់​លក់​នៅ​សហរដ្ឋអាមេរិក មជ្ឈិមបូព៌ា និង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ផង​ដែរ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែកធ្លាយតម្លៃ Ford F-150 ឆ្នាំ២០២១ គឺចាប់ពី ២៨៩៥០ដុល្លារ

តម្លៃនៃរបស់ Ford F-150 ស៊េរីឆ្នាំ២០២១ ត្រូវបានបែកធ្លាយនៅលើបណ្តាញអ៊ីនធឺណិត រយៈពេល៦សប្តាហ៍ បន្ទាប់ពីរថយន្តភីកអាប់ខ្នាតធំនេះ បានបង្ហាញខ្លួនជាផ្លូវការ។

តម្លៃបែកធ្លាយនោះបញ្ជាក់ថា F-150 ថ្មី នឹងមានតម្លៃចាប់ពី ២៨ ៩៥០ដុល្លារ សម្រាប់ម៉ូដែល XL ក្នុងតួខ្លួន Regular Cab, ៣៣ ០២៥ដុល្លារ សម្រាប់តួខ្លួន Supercab និង ៣៦ ៦៥០ដុល្លារ សម្រាប់តួខ្លួន Supercrew។ មិនខុសពី F-150 បច្ចុប្បន្នឡើយ ភីកអាប់ថ្មីនេះផ្តល់ជម្រើសរហូតដល់ទៅ ៤២ប្រភេទខុសៗគ្នា។

F-150 ឆ្នាំ២០២១ នឹងបំពាក់បច្ចេកវិទ្យាជំនួយការបើកបរ Ford Co-Pilot360 2.0 ដោយក្នុងនោះរួមមានមុខងារជាច្រើនព្រមទាំង Pre-Collision Assist with Automatic Emergency Braking, Pedestrian Detection, កាមេរ៉ាមើលក្រោយ, ចង្កៀងទម្លាក់និងដំឡើងអូតូ, ចង្កៀងបិទបើកអូតូ និង Active Driver Assist ផងដែរ។

ចំពោះជម្រើសម៉ាស៊ីនវិញក៏មានច្រើនជម្រើសដែរ រួមទាំង ចំណុះ ៣,៣លីត្រ V6, ២,៧លីត្រ EcoBoost, ៣,៥លីត្រ twin-turbo EcoBoost, ចំណុះ ៣,០លីត្រ និង ៥,០លីត្រ V8 ទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Suzuki Ignis ឆ្នាំ២០២១ ចេញលក់តម្លៃមិនដល់ ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Suzuki បានប្រកាសចេញលក់រថយន្ត Ignis ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅលើទីផ្សារអឺរ៉ុប។

Suzuki ផ្តល់ជម្រើស Ignis ថ្មីជា ៣ម៉ូដែល គឺ SZ3, SZ_T និង SZ5 ជាមួយនឹងតម្លៃចាប់ពី ១៨ ៣០០ដុល្លារ។ រថយន្តនេះមានបំពាក់យ៉ាន់ទំហំ ១៥អ៊ីញមកស្តង់ដារ រួមជាមួយ ចង្កៀងមុខ LED, មុខងារ Bluetooth និង កញ្ចក់ក្រោយពណ៌ខ្មៅ ជាដើម។

រថយន្ត Ignis បំពាក់ម៉ាស៊ីនសាំងចំណុះ ១,២លីត្រ មានកម្លាំង ៨២សេះ ប្រើប៉ុងមួយ និងលេខដៃមកស្តង់ដារ ខណៈលេខអូតូ CVT និងប៉ុងពីរ AllGrip 4WD គឺជា Option។ SUV ខ្នាតតូចនេះមានកម្រិតស៊ីសាំងជាមធ្យមត្រឹមតែ ៥,៤លីត្រ/១០០គីឡូម៉ែត្រ។

រថយន្តនេះផ្តល់ជម្រើសពណ៌សរុបចំនួន ៣ គឺ Tough Khaki Pearl Metallic, Rush Yellow Metallic និង Caravan Ivory Pearl Metallic ខណៈកាប៊ីនខាងក្នុងវិញ មានបំពាក់អេក្រង់កម្សាន្ត និងកុងទ័រថ្មីផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Porsche កម្រមួយ បែរជាត្រូវបោះបង់ចោលនៅប្រទេសចិន

គណនី Instagram ឈ្មោះ cherongermando បាន​បង្ហាញ​រូបភាព​ជា​ច្រើន​សន្លឹក​ដែល​ជា​ទិដ្ឋភាព​ហាង​លក់​រថយន្ត​ប្រណីត​មួយ​កន្លែង​​នៅ​ប្រទេស​ចិន ត្រូវ​គេ​បោះ​បង់​ចោល។ បើ​តាម​ការ​ចុះ​ផ្សាយ​របស់ Periodismodel Motor បាន​ឲ្យ​ដឹង​ថា​នេះ​ជា​ហាង​លក់​រថយន្ត​ប្រណីត​ដំបូង​គេ​មួយ​ក្នុង​ប្រទេស​ចិន។

ប្រភព​ខាង​លើ​បាន​អះអាង​ដែរ​ថា​ចំនួន​លក់​នៅ​ហាង​លក់​រថយន្ត​នេះ ​បាន​ចាប់​ផ្ដើម​ធ្លាក់​ចុះ​នៅ​ក្នុង​ឆ្នាំ ២០០៧ ​ហើយ​ប្រហែល​ជា​មក​ពី​ការ​បោស​សម្អាត​អំពើ​ពុក​រលួយ​នា​ពេល​ក្រោយ​មក​ទៀត​របស់​រដ្ឋាភិបាល​ចិន បាន​ធ្វើ​ឲ្យ​ហាង​លក់​នេះ​ត្រូវ​បិទ​ទ្វារ និង​បោះ​បង់​ចោល​តែ​ម្ដង។

ម្ចាស់​រូបថត​ទាំង​នេះ​​ជឿជាក់​ថា​រថយន្ត Porsche នៅ​ក្នុង​ហាង​ត្រូវ​បាន​ទុក​ចោល​គ្មាន​មនុស្ស​ប៉ះ​តាំង​ពី​ឆ្នាំ ២០១២។ ក្រៅ​ពី​រថយន្ត Porsche Carrera GT ​ក៏​ឃើញ​មាន​រថយន្ត C5 Corvette Z06 និង Ferrari 575 Superamerica ផង​ដែរ។

C5 Corvette Z06
Ferrari 575 Superamerica

រថយន្ត Porsche Carrera GT ដែល​មាន​គ្រប​ដោយ​ធូលី​ដី​​ខាង​លើ គឺ​ជា​រថយន្ត​លេខ​រៀង​ទី ១២៥៥ ក្នុង​ចំណោម​រថយន្ត ១២៧០​គ្រឿង ដែល​ក្រុមហ៊ុន​ផលិត​លក់ ដូច​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រភេទ​រថយន្ត​កម្រ​មួយ៕​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

នៅអាមេរិកគេនាំគ្នាបោះបង់ឡាន Sedan ខុសគេតែ Toyota ប៉ុណ្ណោះ

ក្រុមហ៊ុន​រថយន្ត​កាន់​តែ​ច្រើន​បាន​ផ្លាស់​ប្ដូរ​មុខ​សញ្ញា​ទៅ​កាន់​រថយន្ត​ប្រភេទ SUV ហើយ​មាន​ក្រុមហ៊ុន​ផលិត​រថយន្ត​នៅ​អាមេរិក​ខ្លះ បាន​បោះ​បង់​ចោល​រថយន្ត​ប្រភេទ Sedan អស់​ពី​មួយ​ចូល​មួយ។

ជាក់​ស្ដែង​ដូច​ជា​ក្រុមហ៊ុន Ford និង Buick ឆាប់ៗ​ខាង​មុខ​នេះ​នឹង​លែង​មាន​រថយន្ត​ប្រភេទ Sedan លក់​ជូន​អតិថិជន​ទៀត​ហើយ បន្ទាប់​ពី​ការ​ផលិត​រថយន្ត Fusion និង Regal ត្រូវ​បញ្ចប់។ នៅ​ចុង​ឆ្នាំ ក្រុមហ៊ុន Lincoln ក៏​នឹង​ដូច​គ្នា ពេល​ដែល​ការ​ផលិត​រថយន្ត​ Continental ត្រូវ​បញ្ចប់​។ ចំណែក​ឯ Cadillac និង Chevrolet វិញ ជម្រើស​រថយន្ត Sedan ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​មាន​កាន់​តែ​តិច​ទៅៗ។

ដោយ​ឡែក​ បើ​ក្រឡេក​មើល​ទៅ​ក្រុមហ៊ុន Toyota នៅ​អាមេរិក​ឯណោះ​វិញ ហាក់​មាន​បំណង​ចង់​ក្រសោប​យក​អតិថិជន​ Sedan ដែល​ក្រុមហ៊ុន​ដទៃ​បាន​បោះ​បង់​ចោល ដោយ​ក្រុមហ៊ុន Toyota បាន​បន្ថែម​ជម្រើស​កាន់​តែ​ច្រើន​សម្រាប់​រថយន្ត Sedan ខ្លួន។

កាល​ពី​ថ្មីៗ​នេះ Toyota ទើប​បាន​ប្រកាស​ចេញ​ប្រភេទ Nightshade Editions សម្រាប់​រថយន្ត Camry SE ឆ្នាំ ២០២១ និង​រថយន្ត Avalon XSE ឆ្នាំ ២០២១ ហើយ​បញ្ចេញ​លក់​រថយន្ត Corolla Hybrid និង​រថយន្ត​ Prius, Avalon, Camry ប្រភេទ AWD ទៀត​ផង។ នៅ​មាន​ច្រើន​ជម្រើស​ទៀត​ដែល​ក្រុមហ៊ុន Toyota នឹង​ផ្ដល់​ជូន ក្នុង​នោះ​រួម​មាន​រថយន្ត​អ៊ីដ្រូហ្សែន Mirai ជំនាន់​ទី​ពីរ ដែល​នឹង​លក់​នា​ចុង​ឆ្នាំ​នេះ។

អនុប្រធាន​ទីផ្សារ​ប្រចាំ​នៅ​ Toyota USA បាន​មើល​ឃើញ​អំពី​អនាគត​​ត្រចះ​ត្រចង់​​នៃ​រថយន្ត Sedan ​របស់ Toyota។ លោក​​ស្រី Cynthia Tenhouse បាន​និយាយ​ដូច​នេះ​ថា ៖ “ពិត​ជា​អស្ចារ្យ​មែន​ដែល​តម្រូវ​ការ​រថយន្ត Sedan នៅ​មាន​ច្រើន​គួរ​សម។ យើង​រំពឹង​ថា​រថយន្ត Sedan ដែល​លក់​ចេញ​នៅ​ឆ្នាំ ២០២០ អាច​នឹង​មាន​ចំនួន ៤​លាន​គ្រឿង។ ហើយ​យើង​សប្បាយ​ចិត្ត​ក្នុង​ការ​កាន់​កាប់​ចំណែក​ទីផ្សារ​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ទៅ​រួច។ សម្រាប់​យើង យើង​រំពឹង​ថា​នឹង​លក់​រថយន្ត Sedan បាន​ប្រមាណ ៧៥ម៉ឺន​គ្រឿង​នៅ​អាមេរិក​នា​ឆ្នាំ​នេះ។”

គួរ​រំលឹក​ថា​កាល​ពី​ឆ្នាំ ២០១៩ ក្រុមហ៊ុន Toyota អាច​លក់​រថយន្ត​បាន ២,១​លាន​គ្រឿង​នៅ​អាមេរិក ដែល​មាន​ជិត ៧៧​ម៉ឺន​គ្រឿង ជា​រថយន្ត Sedan៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Audi ចេញឡាន S3 Sportback និង S3 Sedan ឆ្នាំ២០២១ ជាផ្លូវការ តម្លៃខ្ទង់៥ម៉ឺនដុល្លារ

ក្រុមហ៊ុន Audi បានប្រកាសចេញរថយន្ត S3 ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយក្នុងនោះមានតួខ្លួន ២ប្រភេទ គឺ Sportback និង Sedan។

រថយន្ត Audi S3 ថ្មីបំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ៣០៦សេះ ប្រើប្រអប់លេខអូតូ ៧វគ្គ ប្រភេទ S Tronic និងប៉ុងពីរ quattro AWD។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៨វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

មុខងារសុវត្ថិភាពជាច្រើនត្រូវបានបំពាក់លើរថយន្ត S3 ថ្មីនេះ ក្នុងនោះរួមមានទាំង lane departure warning, pre-sense front និង swerve assist with turn assist មកស្តង់ដារ ខណៈ lane change and exit warnings, cross-traffic និង park assist systems ជា Option។

Audi S3 ឆ្នាំ២០២១ នឹងត្រូវចេញលក់នៅដើមខែតុលា នៅលើទីផ្សារប្រទេសអាល្លឺម៉ង់ ជាមួយតម្លៃចាប់ពី ៥៤ ៤៧៥ដុល្លារ សម្រាប់ប្រភេទ Hatchback និង ៥៥ ៥០៥ដុល្លារ សម្រាប់ប្រភេទ Sedan៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡាន Nissan GT-R ប្រើម៉ាស៊ីន Hybrid អាចនឹងចេញនៅឆ្នាំ២០២៣

វាមានរយៈពេល ១៣ឆ្នាំហើយដែលរថយន្ត Nissan GT-R (R35) បានបង្ហាញខ្លួន ហើយឥឡូវនេះរបាយការណ៍ថ្មីមួយអះអាងថា រថយន្ត GT-R ប្រភេទប្រើម៉ាស៊ីន Hybrid អាចនឹងចេញលក់ក្នុងពេលខាងមុខនេះ។

បើយោងតាមគេហទំព័រ Auto News បង្ហាញឲ្យឃើញថា រថយន្ត Nissan GT-R Hybrid ទំនងជាអាចបង្ហាញខ្លួននៅក្នុងឆ្នាំ២០២៣ ដើម្បីជាការអាប់ដេតមួយដល់រថយន្តដែលមានវ័យចំណាស់នេះ។

បច្ចុប្បន្ននេះ រថយន្ត Nissan GT-R មានតែប្រភេទប្រើសាំងប៉ុណ្ណោះ ហើយដំណើរការដោយម៉ាស៊ីនចំណុះ ៣,៨លីត្រ twin-turbo V6 មានកម្លាំងសរុប ៥៦៥សេះ។ សម្រាប់ស៊េរីឆ្នាំ២០២០នេះ GT-R ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ១១៣ ៥៤០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មកដឹងតម្លៃឡានអគ្គិសនីរបស់ Cadillac

កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ​ក្រុមហ៊ុន Cadillac បាន​បង្ហាញ​ចេញ​រថយន្ត​អគ្គិសនី​ថ្មី​របស់​ខ្លួន​ជា​ម៉ូដែល Cadillac Lyriq ស៊េរី​ឆ្នាំ ២០២៣ ដែល​ជា​ប្រភេទ​រថយន្ត​ SUV អគ្គិសនី​ខ្នាត​កណ្ដាល ជា​គូ​ប្រជែង​របស់​រថយន្ត​អគ្គិសនីប្រណីត​ដូច​ជា Audi E-Tron ជា​ដើម។

ពេល​នេះ​តម្លៃ​រថយន្ត​ត្រូវ​បាន​បង្ហាញ​ចេញ​ហើយ ដែល​ក្រុមហ៊ុន​បាន​បង្ហើប​ថា​នឹង​​មាន​តម្លៃ​ចាប់​ពី​​ក្រោម ៧៥ ០០០​ដុល្លារ។ តម្លៃ​នេះ​ត្រូវ​បាន​​បញ្ជាក់​ពី​លោក Steve Carlisle ប្រធាន​ក្រុមហ៊ុន​ Cadillac ផ្ទាល់​តែ​ម្ដង។

គួរ​ដឹង​ថា​រថយន្ត Cadillac Lyriq គ្រោង​នឹង​ដាក់​លក់​នា​​ចុង​ឆ្នាំ ២០២២ ខាង​មុខ ដែល​​​រថយន្ត​នេះ​អាច​បើកបរ​បាន​ចម្ងាយ​យ៉ាងហោច​ណាស់ ៤៨២​គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ​ម្ដងៗ៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+