ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្លែកភ្នែក ពេលឡាន Camry ប្រែរាងពីប្រភេទ Sedan មកជា Wagon

ក្រុម​ការងារ Kolesa បាន​បង្ហាញ​ចេញ​រូបរាង​ Render ដ៏​ប្លែក​ភ្នែក​នៃ​រថយន្ត​ Toyota Camry ដែល​បាន​ប្រែ​រាង​ពី​រថយន្ត Sedan មក​ជា​រថយន្ត Wagon វិញ ប្រៀប​ដូច​ជា​រថយន្ត Corolla Trek អ៊ីចឹង​ដែរ។

​គួរ​ដឹង​ថា​​ទាំង​នេះ​ត្រឹម​តែ​ជា​រូបភាព Render មិន​ផ្លូវ​ការ​មួយ ប៉ុន្តែ​ប្រសិន​បើ Toyota សម្រេច​ចិត្ត​បន្ថែម​ប្រភេទ Wagon លើ​រថយន្ត Camry មែន វា​នឹង​ក្លាយ​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​មួយ​របស់​​រថយន្ត Superb Scout និង Pssat Alltrack លើ​ទីផ្សារ​អឺរ៉ុប​ជា​មិន​ខាន​ឡើយ។

រថយន្ត​​ប្រភេទ​ Wagon នៅ​តែ​ទទួល​បាន​ការ​ពេញ​និយម​នៅ​លើ​ទីផ្សារ​អឺរ៉ុប ទោះ​បី​ជា​រថយន្ត​​តួ​ខ្ពស់ SUV បាន​វាយ​លុក​គ្រប់​ទីផ្សារ​នៅ​ទូទាំង​ពិភពលោក​ក្ដី៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណាយតែ ១០០ដុល្លារ អាចក្លាយជាម្ចាស់ឡាន Ford Bronco ឆ្នាំ២០២១

Ford នឹងធ្វើការបង្ហាញរថយន្ត SUV ថ្មីរបស់ខ្លួនគឺ Ford Bronco ស៊េរីឆ្នាំ២០២១ ជាផ្លូវការ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ ហើយនឹងចាប់ផ្តើមបើកទទួលការកក់លុយតែម្តង។

Ford បានឲ្យដឹងថា អតិថិជនដែលចង់ក្លាយជាម្ចាស់រថយន្ត Bronco ថ្មីនេះ អាចកក់លុយត្រឹមតែ ១០០ដុល្លារប៉ុណ្ណោះ។ មិនតែប៉ុណ្ណោះ ពេលជិតចេញលក់ អតិថិជនទាំងអស់នឹងអាចជ្រើសរើស Option ហើយធ្វើការជាមួយឈ្មួញនៅក្នុងតំបន់ ដើម្បីបញ្ចប់ការទិញលក់។ ប៉ុន្តែប្រសិនបើពួកគេប្តូរចិត្ត មិនចង់ទិញវិញ ក៏អាចទទួលបានលុយកក់វិញដែរ។

រថយន្ត Ford Bronco ថ្មីនេះអាចនឹងផ្តល់ជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនចំណុះ ២,៣លីត្រ EcoBoost ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៧០សេះ និង ម៉ាស៊ីនចំណុះ ២,៧លីត្រ EcoBoost V6 មានកម្លាំង ៣២៥សេះ។ គេរំពឹងថាវានឹងប្រើប្រអប់លេខអូតូ ១០វគ្គ ឬ លេខដៃ ៧វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Volkswagen ចេញម៉ូដែល Tiguan ឆ្នាំ២០២១ មានថែមប្រភេទ “R” កម្លាំងជាង ៣០០សេះ

Tiguan ដែលជារថយន្ត SUV លក់ដាច់បំផុតរបស់ក្រុមហ៊ុន Volkswagen បានទទួលការអាប់ដេតថ្មីជាច្រើន សម្រាប់ស៊េរីឆ្នាំ២០២១ ហើយក្នុងនោះក៏មានបន្ថែមម៉ូដែលថ្មីមួយចំនួនទៀតផងដែរ។

ចាប់ផ្តើមពីផ្នែកខាងក្រៅ វាបានបំពាក់ប៉ាណាមុខថ្មីសន្លាង និងកែកុនចង្កៀងមុខ ស្រដៀងទៅនឹងម៉ូដែល Golf។ មិនតែប៉ុណ្ណោះ វាក៏បានបំពាក់កាងមុខបែបស្ព័រ ដែលមើលទៅរាងកាចជាងមុនទៀតផង។ ចំណែកឯផ្នែកខាងក្រោយវិញ វាបានបំពាក់ចង្កៀងក្រោយថ្មី, យ៉ាន់ឌីហ្សាញថ្មី និងកាងក្រោយថ្មីផងដែរ។

ការអាប់ដេតបានធ្វើឡើងដល់ក្នុងកាប៊ីន ដោយមានបំពាក់ដៃចង្កូតថ្មី ដែលមានកន្លែងប៉ះ និងអូស ដើម្បីបញ្ជាមុខងារផ្សេងៗ។ ជាមួយគ្នានេះ វាបំពាក់កុងទ័រឌីជីថលធំបំផុតដល់ទំហំ ១០,២៥អ៊ីញ និងប្រព័ន្ធភ្លើងបំភ្លឺក្នុងកាប៊ីនសរុប ១៥ពណ៌។

សម្រាប់ទីផ្សារសហរដ្ឋអាមេរិក Volkswagen Tiguan បំពាក់ម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨៤សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងមាន Option ប៉ុងពីរផងដែរ។ រីឯទីផ្សារអឺរ៉ុបវិញ មានបន្ថែមប្រភេទប្រើម៉ាស៊ីន Plug-in Hybrid មានកម្លាំង ២៤២សេះ និងម៉ូដែល Tiguan R ដែលមានកម្លាំងដល់ ៣១៦សេះឯណោះ។ ចំពោះតម្លៃរបស់វានឹងត្រូវប្រកាសនាពេលក្រោយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche ដាក់លក់ឡានអគ្គិសនីប្រភេទតម្លៃធូរនៅចិន សាកម្ដងជិះបានជិត ៥០០គ.ម

ក្រុមហ៊ុន Porsche បាន​ប្រើ​ប្រាស់​យុទ្ធសាស្ត្រ​ប្លែក​មួយ​សម្រាប់​រថយន្ត​អគ្គិសនី Taycan របស់​ខ្លួន ដោយ​ដាក់​លក់​ប្រភេទ​តម្លៃ​ខ្ពស់​មុន រួច​ទើប​​បញ្ចេញ​លក់​ប្រភេទ Base ដែល​មាន​តម្លៃ​ធូរ​ជាង​គេ​ជា​ក្រោយ។

ប្រភេទ Base នៃ​រថយន្ត Taycan ត្រូវ​បាន​ Porsche ដាក់​លក់​មុន​គេ​នៅ​លើ​ទីផ្សារ​ប្រទេស​ចិន ដែល​មាន​ជម្រើស​អាគុយ​ចំនួន​ពីរ​ប្រភេទ​មាន​កម្លាំង​ខុស​គ្នា​។ ប្រភេទ​ទី​មួយ​​មាន​​អាគុយ​ចំណុះ ៧៩,២ kWh ដែល​​ភ្ជាប់​នឹង​ម៉ូទ័រ​អគ្គិសនី​ខាង​ក្រោយ​អាច​ផលិត​កម្លាំង​បាន ៤០២សេះ។ អាគុយ​នេះ​អាច​បើកបរ​បាន​ចម្ងាយ​​ ៤១៤គ.ម ពេល​សាក​ភ្លើង​ពេញ។

មួយ​ប្រភេទ​ទៀត​មាន​អាគុយ​ទំហំ ៩៣,៤ kWh ដែល​អាច​ឲ្យ​ម៉ូទ័រ​អគ្គិសនី​ផលិត​កម្លាំង​បាន ៤៦៩សេះ និង​បើកបរ​បាន​ចម្ងាយ ៤៨៩គ.ម ពេល​សាក​ភ្លើង​ពេញ។ រថយន្ត​ទាំង​ពីរ​ប្រភេទ​សុទ្ធ​តែ​អាច​ស្ទុះ​ពី ០-១០០គ.ម/ម៉ ក្នុង​ពេល ៥,៤វិនាទី និង​មាន​ល្បឿន​អតិបរមា ២៣០គ.ម/ម៉។

នៅ​ប្រទេស​ចិន Porsche បាន​ដាក់​លក់​រថយន្ត​ទាំង​ពីរ​ប្រភេទ​នេះ ដោយ​មួយ​មាន​តម្លៃ​ប្រមាណ ១២៥ ៤២០​ដុល្លារ និង​មួយ​ទៀត​មាន​តម្លៃ​ប្រមាណ ១៣៣ ៩៥០​ដុល្លារ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តដែល SUV ទាំង១០ កម្លាំងស្ទុះខ្លាំងជាងគេប្រចាំឆ្នាំ ២០២០

ខាង​ក្រោម​នេះ​គឺ​ជា​រថយន្ត​ SUV កំពូល​ទាំង ១០​ ម៉ូដែល ដែល​ចំណាយ​ពេល​តិច​ជាង​គេ​បំផុត​ក្នុង​បង្កើន​​ល្បឿន​​រថយន្ត​ពី ០ ទៅ ១០០ គ.ម/ម៉។

១០. Jaguar F-Pace SVR ៖ ៤,១វិនាទី

រថយន្ត​នេះ​ប្រើ​ម៉ាស៊ីន​ V8 Supercharged ចំណុះ ៥,០លីត្រ ដែល​កម្លាំង​បាន​ ៥៥០សេះ និង​មាន​ល្បឿន​អតិបរមា​ ២៨៣គ.ម/ម៉។

៩. BMW X5 M50i ៖ ៤,១វិនាទី

ម៉ាស៊ីន​ដែល​គេ​បាន​បំពាក់​លើ​ BMW X5 M50i គឺ​ជា​ប្រភេទ​ Supercharged V8 ចំណុះ ៤,៤លីត្រ ដែល​ផលិត​កម្លាំង​បាន​ ៥២៣សេះ។

៨. Mercedes-AMG G63 ៖ ៣,៩វិនាទី

ម៉ាស៊ីន​រថយន្ត SUV នេះ​គឺ​ជា​ប្រភេទ Supercharged V8 ចំណុះ ៤,០លីត្រ ដែល​មាន​កម្លាំង ៥៧៧សេះ និង​មាន​ល្បឿន​អតិបរមា ២២០គ.ម/ម៉។

​​៧. Bentley Bentayga Speed ៖ ៣,៨វិនាទី

លើ​រថយន្ត Bentayga ធម្មតា​គេ​បាន​ប្រើ​ម៉ាស៊ីន W12 Turbocharged ចំណុះ ៦,០លីត្រ ដែល​មាន​កម្លាំង ៦០០សេះ។ សម្រាប់​ប្រភេទ Speed នេះ គេ​បាន​កែ​សម្រួល​លើ​ម៉ាស៊ីន​ឲ្យ​វា​អាច​ផលិត​កម្លាំង​បាន ៦២៦សេះ។

៦. Maserati Levante Trofeo ៖ ៣,៧វិនាទី

រថយន្ត​ស៊េរី​ឆ្នាំ ២០១៩ នេះ មាន​ប្រើ​ប្រាស់​ម៉ាស៊ីន V8 Supercharged ចំណុះ ៣,៨លីត្រ ដែល​ផលិត​ឡើង​ដោយ​ក្រុមហ៊ុន Ferrari អាច​បង្កើត​កម្លាំង​បាន ៥៩០សេះ។

៥. Porsche Cayenne Turbo ៖ ៣,៧វិនាទី

រថយន្ត​នេះ​មាន​ប្រើ​ម៉ាស៊ីន Twin-Turbocharged V8 ចំណុះ ៤,០លីត្រ ដែល​មាន​កម្លាំង ៥៤១សេះ។

៤. Alfa Romeo Stelvio Quadrifoglio ៖ ៣,៦វិនាទី

ត្បិត​ថា​ម៉ាស៊ីន​របស់​រថយន្ត​មាន​ចំណុះ​ត្រឹម ២,៩លីត្រ ប៉ុន្តែ​វា​អាច​បង្កើត​កម្លាំង​បាន ៥០៥សេះ ដោយ​ជា​ប្រភេទ​ម៉ាស៊ីន Supercharged V6។ ម៉ាស៊ីន​នេះ​អាច​ឲ្យ​រថយន្ត​រត់​បាន​ដល់​ល្បឿន ២៨៣គ.ម/ម៉។

៣. Mercedes-AMG GLC 63 S ៖ ៣,៦វិនាទី

ម៉ាស៊ីន​ដែល​មាន​បំពាក់​លើ​រថយន្ត​គឺ​ជា​ប្រភេទ Supercharged V8 ចំណុះ ៤,០លីត្រ ដែល​ផលិត​កម្លាំង​បាន ៥០៣សេះ។

២. Lamborghini Urus ៖ ៣,៦វិនាទី

រថយន្ត​ SUV ដំបូង​របស់ Lamborghini មាន​ប្រើ​ប្រាស់​ម៉ាស៊ីន Supercharged V8 ចំណុះ ៤,០លីត្រ ដែល​ផលិត​កម្លាំង​បាន ៦៤២សេះ និង​មាន​ល្បឿន​អតិបរមា​ ៣០៥គ.ម/ម៉។

១. Tesla Model X Performance ៖ ២,៧វិនាទី

ស្ថិត​នៅ​តំណែង​លេខ​មួយ​គឺ​រថយន្ត​អគ្គិសនី​របស់ Tesla ដោយ​ម៉ូទ័រ​អគ្គិសនី​របស់​វា​អាច​បង្កើត​​កម្លាំង​បាន ៥១៨សេះ ​អាច​ឲ្យ​រថយន្ត​ស្ទុះ​ពី ០-១០០គ.ម/ម៉ ក្នុង​ពេល​ត្រឹម ២,៧វិនាទី។ យ៉ាងណាក្ដី​វា​មាន​ល្បឿន​អតិបរមា​ត្រឹម ២០៩គ.ម/ម៉៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

អ្នករៀបចំពិព័រណ៌ឡាន Geneva Motor Show គ្រោងលក់កម្មវិធីនេះវិញ ព្រោះហេតុផលចាក់ដោតមួយ

កម្មវិធីពិព័រណ៌រថយន្ត Geneva Motor Show ឆ្នាំ២០២០ ត្រូវបានលុបចោល ដោយសារតែជំងឺកូវីដ១៩ ខណៈក្រុមអ្នករៀបចំកម្មវិធីនេះ ទើបតែបានសម្រេចចិត្ត និងប្រកាសលុបចោលកម្មវិធី Geneva Motor Show ប្រចាំឆ្នាំ២០២១ ទៀត។

ក្រុមអ្នករៀបចំកម្មវិធីបាននិយាយថា ក្រុមហ៊ុនផលិតរថយន្តត្រូវការពេលវេលាដើម្បីងើបចេញពីបញ្ហាជំងឺកូវីដ១៩ ហើយគេគិតថា កម្មវិធី Geneva Motor Show ប្រចាំឆ្នាំ២០២១ នឹងមិនអាចទាក់ទាញមនុស្សឲ្យចូលរួមទស្សនាដូចមុនឡើយ។

ក្រៅពីលុបចោលកម្មវិធី Geneva Motor Show ប្រចាំឆ្នាំ២០២១ ក្រុមអ្នករៀបចំក៏បានប្រកាសពីគម្រោងដាក់លក់កម្មវិធីនេះ ឲ្យទៅក្រុមហ៊ុន Palexpo SA ផងដែរ។

ក្រុមអ្នករៀបចំបានពន្យល់ឲ្យដឹងថា ការលុបចោលកម្មវិធីភ្លាមៗនៅក្នុងឆ្នាំនេះ ធ្វើឲ្យពួកគេខាតអស់ ១១,៥លានដុល្លារឯណោះ។ ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា ពួកគេនឹងដាក់លក់កម្មវិធីនេះក្នុងតម្លៃប៉ុន្មានឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda ចេញឡានស្ព័របើកដំបូល MX-5 ម៉ូដែលពិសេសថ្មី តម្លៃតែ ៣ម៉ឺនដុល្លារ

Mazda នឹងចេញរថយន្តស្ព័របើកដំបូល MX-5 ម៉ូដែលពិសេសថ្មី ហៅថា MX-5 100th Anniversary Special Edition។

រថយន្តជប៉ុនផលិតមានចំនួនកំណត់នេះ នឹងចេញលក់នៅសហរដ្ឋអាមេរិក នៅចុងឆ្នាំ២០២០ ដោយបំពាក់ដំបូលទន់ពណ៌ក្រហម ហើយមានតម្លៃចាប់ពី ៣២ ៦៧០ដុល្លារ សម្រាប់ប្រភេទប្រើលេខដៃ និង ៣៥ ៤២៥ដុល្លារ សម្រាប់ប្រភេទ RF។

MX-5 ម៉ូដែលពិសេស 100th Anniversary Edition នេះ ត្រូវបានផលិតផ្អែកតាមម៉ូដែល MX-5 Grand Touring ឆ្នាំ២០២០ ហើយនឹងមានពណ៌ស Snowflake White Pearl Mica។ វាបំពាក់ម៉ាស៊ីនសាំង naturally aspirated ចំណុះ ២,០លីត្រ Skyactiv-G ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨១សេះ ហើយមានទាំងជម្រើសលេខដៃ និងលេខអូតូ ៦វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW ផលិតឡាន i8 ចំនួន ១៨គ្រឿងចុងក្រោយ ដោយប្រើពណ៌ពិសេស

ក្រុមហ៊ុន BMW បាន​បិទ​បញ្ចប់​ការ​ផលិត​រថយន្ត​ស្ព័រ Hybrid ម៉ូដែល i8 ជា​មួយ​ការ​ផលិត​រថយន្ត ១៨​គ្រឿង ដែល​មាន​ពណ៌​ចម្រុះ​ពិសេសៗ​បំផុត។

BMW បាន​និយាយ​ថា​រថយន្ត i8 មួយ​គ្រឿងៗ​ក្នុង​ចំណោម ១៨​គ្រឿង​ដែល​ក្រុមហ៊ុន​ផលិត​ជា​លើក​ចុង​ក្រោយ មាន​ប្រើ​ប្រាស់​ពណ៌​ទឹក​ថ្នាំ​ពិសេស។ ក្រុមហ៊ុន​បាន​សហការ​ជា​មួយ​ដៃ​គូ​ផ្គត់ផ្គង់​ដើម្បី​ទទួល​បាន​ពណ៌​ដែល​​ពិសេស​ខុស​ពី​ធម្មតា ហើយ​រថយន្ត​ទាំង​អស់​មាន​លាប​ពណ៌​ដោយ​កម្លាំង​ដៃ​មនុស្ស​សុទ្ធ។

ម្ចាស់​រថយន្ត​ i8 ​ចំនួន ១៨​គ្រឿង​ចុង​ក្រោយ​នេះ ភាគ​ច្រើន​គឺ​ជា​សមាជិក​នៃ​ក្លឹប BMW i8 International។ រថយន្ត​ ១៨​គ្រឿង​ចុង​ក្រោយ​គឺ​បាន​ផលិត​ឡើង​នៅ​រោងចក្រ Leipzing ក្នុង​ប្រទេស​អាល្លឺម៉ង់។

Die 18 letzten BMW i8 Roadster, alle in unterschiedlichen Farben, verlassen das Finish im Werk Leipzig.

គិត​ចាប់​ពី​ឆ្នាំ ២០១៤ មក​ទល់​ពេល​នេះ BMW ផលិត​រថយន្ត i8 បាន​ប្រមាណ ២០ ៥០០​គ្រឿង។ តាម​ពិត​ទៅ​ក្រុមហ៊ុន BMW មាន​ផែនការ​​ថា​នឹង​ប្រកាស​ចេញ​រថយន្ត​អគ្គិសនី​ឲ្យ​បាន ២៥​គ្រឿង​នៅ​ត្រឹម​ឆ្នាំ ២០២៥ ប៉ុន្តែ​រថយន្ត​ត្រកូល i មិន​ស្ថិត​ក្នុង​ផែនការ​នេះ​ឡើយ រួម​មាន i8 និង i3 ផង​ដែរ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan នឹងបង្ហាញចេញឡាន SUV អគ្គិសនីថ្មី នាពាក់កណ្ដាលខែកក្កដាខាងមុខ

Nissan បាន​ប្រកាស​ថា​នឹង​បង្ហាញ​ចេញ​រថយន្ត​ SUV អគ្គិសនី​ម៉ូដែល Ariya នា​ថ្ងៃ​ទី ១៥ ខែ​កក្កដា​ខាង​មុខ​នេះ ដែល​វា​នឹង​ក្លាយ​ជា​គូ​ប្រជែង​មួយ​របស់ Tesla Model Y ពេល​ចេញ​លក់​លើ​ទីផ្សារ។

Concept នៃ Nissan Ariya

រថយន្ត Ariya នេះ​នឹង​ចេញ​លក់​មុន​គេ​នៅ​ជប៉ុន​ ហើយ​វា​នឹង​ចេញ​លក់​លើ​ទីផ្សារ​សកល​នា​ពេល​បន្ទាប់ រួម​មាន​ប្រទេស​ចិន តំបន់​អឺរ៉ុប និង​សហរដ្ឋអាមេរិក​ផង​ដែរ។ ដំណឹង​អំពី​ការ​ចេញ​លក់​នេះ ត្រូវ​បាន​ប្រកាស​​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​ដែល​ធ្វើ​ឡើង​នា​ថ្ងៃ​ចន្ទ​នេះ។

Nissan បាន​ប្រកាស​កាល​ពី​សប្ដាហ៍​មុន​ដែរ​ថា រថយន្ត SUV អគ្គិសនី​របស់​ខ្លួន​នឹង​មាន​បំពាក់​នូវ​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ​ ProPilot 2.0។ ប្រព័ន្ធ​នេះ​អាច​ឲ្យ​រថយន្ត​​បង្កើន​ល្បឿន ជាន់​ហ្វ្រាំង និង​បង្វិល​ចង្កូត​បាន​ដោយ​ខ្លួន​ឯង ហើយ​អ្នក​បើកបរ​មិន​បាច់​យក​ដៃ​កាន់​ចង្កូត​ជាប់​គ្រប់​ពេល​នោះ​ទេ។

ប្រព័ន្ធ ProPilot 2.0 នឹង​ត្រូវ​ប្រើ​ប្រាស់​លើ​រថយន្ត​ Nissan ជាង ២០​ម៉ូដែល ​លក់​ក្នុង​ទីផ្សារ​ចំនួន ២០ ជុំវិញ​ពិភពលោក​ ដែល​វា​ជា​ផ្នែក​មួយ​នៃ​ផែនការ​​មុខ​ជំនួញ​របស់ Nissan ដែល​បញ្ចប់​ត្រឹម​ថ្ងៃ​ទី ៣១ ខែ​មីនា ឆ្នាំ ២០២៤។ ក្នុង​រយៈពេល ១៨​ខែ​បន្ទាប់​ទៀត​នោះ ក្រុមហ៊ុន​នឹង​​បញ្ចេញ​លក់​រថយន្ត​អគ្គិសនី​ថ្មី​ចំនួន ៨ ម៉ូដែល​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្តូរមកប្រើរថយន្ត GAC ស៊េរីថ្មី គុណភាពខ្ពស់តម្លៃត្រឹមតែជាង ៤ម៉ឺនដុល្លារ ប៉ុណ្ណោះ

បច្ចុប្បន្នមានមនុស្សមួយចំនួន ចូលចិត្តនិយមទិញរថយន្តចាស់ ឬមួយទឹក ដែលគាត់យល់ថាមានតម្លៃធូរថ្លៃ តាមពិតជាក់ស្តែងមានរថយន្តជាច្រើន ខ្លាញ់គោថ្មីៗ ដែលមានតម្លៃធូរថ្លៃ រួមទាំងគុណភាពល្អផងដែរ។ សម្រាប់ក្រុមហ៊ុន GAC វិញបាននាំចូលរថយន្តស៊េរីថ្មី ដែលមានតម្លៃត្រឹមតែជាង ៤ម៉ឺនដុល្លារតែប៉ុណ្ណោះ មានទាំងគុណភាព ប្រព័ន្ធបច្ចេកទេសទំនើបៗ សុវត្ថិភាពខ្ពស់ និងរូបរាងដ៏ស្អាតប្រណីត ដោយមានការទទួលស្គាល់ជាច្រើនប្រទេស មានដូចជាម៉ូឌែល GS5 ប្រភេទ SUV ៥កៅអី តម្លៃត្រឹមតែ  ៤១ ៩០០ ដុល្លារ ម៉ូឌែល GS8 ប្រភេទ SUV ៧កៅអី តម្លៃ ត្រឹមតែ ៦៤ ៥០០ ដុល្លារ និងម៉ូឌែល GN8 ប្រភេទ VAN ៧កៅអី តម្លៃត្រឹមតែ ៦៨ ០០០ ដុល្លារ។

រថយន្ត​ GS5 ប្រភេទ SUV ៥កៅអី តម្លៃត្រឹមតែ  ៤១ ៩០០ ដុល្លារ
រថយន្ត​ GS8 ប្រភេទ SUV ៧កៅអី តម្លៃ ត្រឹមតែ ៦៤ ៥០០ ដុល្លារ
រថយន្ត GN8 ប្រភេទ VAN ៧កៅអី តម្លៃត្រឹមតែ ៦៨ 0០០ ដុល្លារ

ម៉្យាងវិញទៀតរាល់រថយន្ត GAC ទាំង​បី​ម៉ូដែល​គឺ​សុទ្ធ​តែ​មាន​បំពាក់​នូវ​ Smart Key ដែល​មាន​សមត្ថភាព​អាច​ដោះ​សោរ​រថយន្ត​ដោយ​ស្វ័យប្រវត្តិ​ពេល​ដើរ​ទៅ​ជិត និង​ចាក់​​សោ​រថយន្ត​ពេល​​ម្ចាស់​រថយន្ត​ដើរ​ចេញ​ឆ្ងាយ​ពី​រថយន្ត​​ប្រហែល ១ ទៅ ២ វិនាទី រួមទាំងកាមេរ៉ា​មើល​ជុំវិញ ៣៦០​ដឺក្រេ, មាន  Sensor ជាច្រើនគ្រាប់ ក្នុងការជំនួយក្នុងការបើកបរ Mode សម្រាប់​បើក​ផ្លូវ​ពិបាក, ប្រព័ន្ធ​ជំនួយ​ពេល​ចូល​ចត, ប្រព័ន្ធ TCS និង​ប្រព័ន្ធ​ជំនួយ​ពេល​ចុះ​ចត​ជា​ដើម។​ លើស​ពី​នេះ​ក៏​មាន​នូវ​ទីតាំង​សម្រាប់​សាក​ថ្ម​ទូរសព្ទ ដោយ​មិន​ប្រើ​ប្រាស់​ខ្សែ (Wireless Charge) ​ថែម​ទៀត​ផង។

ក្រៅពីផលិតរថយន្តសម្រាប់តម្រូវការប្រើប្រាស់ប្រចាំថ្ងៃ និងរថយន្តសម្រាប់ដឹកអ្នកដំណើរ ក្រុមហ៊ុន GAC ក៏មានផ្គត់ផ្គង់ គ្រឿងបន្លាស់រថយន្តសម្រាប់ក្រុមហ៊ុនផលិតរថយន្តធំៗជាច្រើន ក្នុងនោះមានដូចជា Toyota, Honda, Lexus និង Mitsubishi ជាដើម។

សម្រាប់​ព័ត៌មាន​លំអិត​​ អាច​ទំនាក់ទំនង​​ទៅ​កាន់​លេខ​ទូរសព្ទ៖ ០៩៥ ៩៩៩ ១៦៧ | ០៩៥ ៩៩៩ ០២៩  ​ឬ​​អញ្ជើញ​ទៅ​កាន់​អាសយដ្ឋាន​​ អគារ #១១៥ មហា​វិថី​សហព័ន្ធរុស្សី​ (ផ្លូវ​ ១១០) សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ។

ឬអាចទាក់ទងតាមបណ្តាញសង្គម៖

Facebook: https://www.facebook.com/gacmotorcambodia/
YouTube: bit.ly/2Yth5aZ
Telegram: https://t.me/GACCambodia

អត្ថបទក្រុមហ៊ុន

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+