ផ្ទាំងផ្សាយពាណិជ្ជកម្ម

ការលក់រថយន្តរបស់សហរដ្ឋអាមេរិក​កំពុងជួបវិបត្តិលក់រថយន្តមិនចេញ

[បរទេស] ការលក់រថយន្តរបស់ក្រុមហ៊ុនសហរដ្ឋអាមេរិកនៅក្នុងឆ្នាំ ២០២៤ មានការធ្លាក់ចុះយ៉ាងខ្លាំង ជាក់ស្តែងចាប់ពីថ្ងៃដំបូងនៃខែកុម្ភៈមក ចំនួនសរុបនៃរថយន្តដែលមិនទាន់បានលក់ចេញនៅក្នុងទីផ្សារសហរដ្ឋអាមេរិកមានចំនួនដល់ទៅ ២,៦១គ្រឿង។ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន ចំនួន​នេះ​មាន​ចំនួន ៨៧០ ០០០ គ្រឿង​ច្រើន​ជាង ឬ ៥០% ទៀត។

ក្នុងនោះ សម្រាប់ពេញមួយខែនៃខែមករា ការលក់រថយន្តថ្មីបានធ្លាក់ចុះដល់ ១៥លានគ្រឿង លើអត្រាប្រចាំឆ្នាំដែលបានកែតម្រូវតាមរដូវកាល ( SAAR) ដែលជាកម្រិតទាបបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២២ ។

មិនត្រឹមតែប៉ុណ្ណោះ តម្លៃចុះបញ្ជីជាមធ្យមនៃរថយន្តថ្មីចាប់ពីខែកុម្ភៈគឺតម្លៃ ៤៧ ១៤២ ដុល្លារ ធ្លាក់ចុះ ១% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ។ ខណៈ តម្លៃប្រតិបត្តិការជាមធ្យម (ATP) ក្នុងខែមករាគឺ ៤៧ ៤០១ ដុល្លារ ធ្លាក់ចុះជិត ៤% បើធៀបនឹងឆ្នាំមុន និងធ្លាក់ចុះជិត ៣% បើធៀបនឹងខែធ្នូ ឆ្នាំ ២០២៣ ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុកជាច្រើនរបស់សហរដ្ឋអាមេរិកទទួលបានសារពើភ័ណ្ឌខ្ពស់បំផុត ដោយក្រុមហ៊ុន Dodge ស្ថិតនៅកំពូល តាមពីក្រោយដោយ Chrysler, Lincoln និង Ram។ ខណៈ ក្រុមហ៊ុនដែលទទួលបានសារពើភ័ណ្ឌទាបបំផុតគឺក្រុមហ៊ុនផលិតនាំចូលពីអាស៊ីដែលមានដូចជា Toyota និង Honda ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រើពេលមិនដល់ ២ខែផង រថយន្ត Zeekr 007 គ្រឿងទី ១មុឺន បានរំកិលចេញពីរោងចក្រ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Zeekr បានសម្រេចក្នុងការផលិតរថយន្ត Zeekr 007 ប្រភេទអគ្គិសនីសុទ្ធ គ្រឿងទី ១ម៉ឺនគ្រឿងនឹងបានរំកិលចេញពីរោងចក្រដោយប្រើរយៈពេលត្រឹមតែ ៥៦ ថ្ងៃប៉ុណ្ណោះនៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨៦៥ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៤៥០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩២៨ ម.ម បំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៤១៦សេះ ខណៈម៉ូដែលបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៥៨១ សេះ ។ លើសពីនេះ ក៏ត្រូវបានបំពាក់ជាមួយអាគុយប្រភេទ Golden Battery ទំហំ ៧៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៨៨ គីឡូម៉ែត្រ និងអាគុយទំហំ ១០០គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៨៧០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។

គួរបញ្ជាក់ផងដែរថា Zeekr 007 មានតម្លៃលក់ចាប់ពី ២៩ ០០០ ដុល្លារ ដល់ ៤១ ៧០០ ដុល្លារ ព្រមទាំងទទួលបានការបញ្ជាទិញទុកមុនដល់ទៅ ៥១ ៥៦៩ ត្រឹមតែរយៈពេល ៤០ថ្ងៃប៉ុណ្ណោះ ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន Zeekr ក៏មានបំណងចង់លក់រថយន្តឲ្យបានច្រើនជាង Tesla Model 3 នៅឆ្នាំនេះ ក្នុងប្រទេសចិនទៀតផង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រើ Plug-in hybrid របស់ BYD មួយនេះ តម្លៃលក់កំពុងវៃលុកខ្លាំង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានផ្តល់ជូនតម្លៃលក់ចុងក្រោយរបស់រថយន្តម៉ូដែលពិសេស BYD Qin Plus DM-I Glory Edition ស៊េរីឆ្នាំ ២០២៤ ប្រភេទ Plug-in hybrid ដែលមានតម្លៃផ្លូវការត្រឹមតែ ១១ ០០០ ដុល្លារប៉ុណ្ណោះនៅក្នុងទីផ្សារប្រទេសចិន ។

BYD Qin Plus DM-I ស៊េរីឆ្នាំ ២០២៤ បំពាក់ជាមួយម៉ាស៊ីនកូនកាត់ Plug-in hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៣០៧ សេះ និងកម្លាំងរមួល ៤៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយប្រភេទ Blade batteries ទំហំ ១៨,៣២ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥គីឡូម៉ែត្រ ។

សម្រាប់រថយន្តនេះ មានបំពាក់ជាមួយប៉ាណាមុខទំហំធំ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រ ខណៈនៅផ្នែកខាងក្នុងវិញ មានភ្ជាប់មកជាមួយអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨អ៉ីញ គាំទ្រដោយប្រព័ន្ធប្រតិបត្តិការដ៏ឆ្លាតវៃ DiLink intelligent connectivity system ព្រមទាំងប្រព័ន្ធសោរ Digital-key ផងដែរ ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mazda CX-70 ស៊េរីឆ្នាំ ២០២៥ ចេញតម្លៃលក់ជាផ្លូវការ ប៉ុន្តែថ្លៃជាង CX-90

ក្រុមហ៊ុនផលិតរថយន្ត Mazda បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅតម្លៃលក់របស់រថយន្ត Mazda CX-70 ស៊េរីឆ្នាំ ២០២៥ ជាមួយតម្លៃលក់ចាប់ពី ៤០ ៤៤៥ ដុល្លារ ថ្លៃជាងម៉ូដែល CX-90 ដែលមានតម្លៃ ៣៧ ៨៤៥ ដុល្លារ នៅទីផ្សារសហរដ្ឋអាមេរិក ។

Mazda CX-70 ស៊េរីឆ្នាំ ២០២៥ ទទួលបានជម្រើសម៉ាស៊ីនចំនួន ២ រួមមាន៖

  • បំពាក់ជាមួយម៉ាស៊ីនកូនកាត់ plug-inHybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ Skyactiv អាចផលិតកម្លាំងបាន ៣២៣ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួនកម្លាំង ៩១សេះ និងអាគុយទំហំ ១៧,៨គីឡូវ៉ាត់ម៉ោង ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ។
  • ម៉ាស៊ីនកូនកាត់ hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ៣,៣លីត្រ អាចផលិតកម្លាំងបាន ៣៤០ សេះ និងកម្លាំងរមួល ៥០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្គ ។

Mazda CX-70 ស៊េរីថ្មីនេះ ត្រូវបានផលិតឡើងនៅលើគ្រោងឆ្អឹងដូចគ្នាទៅនឹងរថយន្ត CX-90 នឹងបានភ្ជាប់មកជាមួយលក្ខណៈបែបស្ព័រ និងទំនើបជាងមុន ដោយប៉ាណាមុខត្រូវបានឌីស្សាញថ្មីបែបសំណាញ់ពណ៌ខ្មៅ ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១អ៉ីញពណ៌ខ្មៅផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ​ ភ្ជាប់ដោយប្រព័ន្ធប្រតិបត្តិការ Mazda Connect និងមុខងារ Apple CarPlay/Android Auto ជាដើម ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Hyundai Santa-Fe ស៊េរីឆ្នាំ ២០២៤ ដឹកមកដល់កម្ពុជាតម្លៃក្រោម ៧មុឺនដុល្លារ

[ទីផ្សារក្នុងស្រុក] យោងតាមការបង្ហោះពីគេហទំព័រភ្នាក់ងារទិញរថយន្តពីបរទេសដែលមានឈ្មោះថា Auto US Direct Cambodia បានធ្វើការបង្ហាញចេញនៅតម្លៃលម្អិតនៃរថយន្ត Hyundai Santa-Fe ស៊េរីឆ្នាំ ២០២៤ ជាមួយតម្លៃសរុប ៦៩ ៥០១ ដុល្លារ សម្រាប់នៅទីផ្សារប្រទេសកម្ពុជា ។

រូបភាពពី Auto US Direct Cambodia

សម្រាប់តម្លៃ ៦៩ ៥០១ ដុល្លារ ដែលបានរួមបញ្ចូលនៅដូចជា៖

  • តម្លៃឡាន ៣៨ ១៧៥ ដុល្លារ ($38,175)
  • តម្លៃពន្ធនាំចូល ២៥ ៧៧៧ ដុល្លារ ($25,777)
  • តម្លៃដឹកជញ្ជូន ១ ៧៥០ ដុល្លារ ($1,750)
  • តម្លៃកាត់ឈ្មោះនៅអាមេរិក ៨៩៩ ដុល្លារ ($899)
  • តម្លៃឯកសារនៅខ្មែរ ៩០០ ដុល្លារ ($900)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅកម្ពុជា ៥០០ ដុល្លារ ($500)
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុននៅអាមេរិច ១ ៥០០ ដុល្លារ ($1,500)
  • តម្លៃសរុបទាំងអស់ ៦៩ ៥០១ ដុល្លារ ($69,501)
រូបភាពពី Auto US Direct Cambodia

គួរឲ្យដឹងថា សម្រាប់រថយន្ត Hyundai Santa-Fe ស៊េរីឆ្នាំ ២០២៤ ក្រុមហ៊ុនមិនទាន់បង្ហាញថា ការនាំចូលនេះ ជាម៉ូដែលប្រើសាំងធម្មតា ឬប្រភេទកូនកាត់ Hybrid នោះទេ ។ សម្រាប់ព័ត៌មានលម្អិត បងប្អូនអាចទាក់ទងក្រុមហ៊ុនផ្ទាល់តាមគេហទំព័រ Auto US Direct Cambodia ឬតាមរយៈលេខទូរស័ព្ទ 061 288 687 ៕

រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
រូបភាពពី Auto US Direct Cambodia
ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាំងនេះជាឡាន JDM ដែលអាចរកទិញបានក្នុងតម្លៃក្រោម ១មុឺនដុល្លារ

[បរទេស] រថយន្ត JDM ដែលមានឈ្មោះពេញថា Japanese Domestic Market គឺជារថយន្តដែលត្រូវបានលក់ដំបូងផ្តាច់មុខនៅក្នុងទីផ្សារប្រទេសជប៉ុន នឹងទទួលបានប្រជាប្រិយយ៉ាងខ្លាំងមកដល់បច្ចុប្បន្ន ដោតសារមានភាពទាក់ទាញ ព្រមទាំងការបើកបរ ការរចនាប័ទ្ម និងតម្លៃសមរម្យរបស់ពួកគេ។ ខាងក្រោមនេះ ជារថយន្តប្រភេទ JDM ដែលមានតម្លៃក្រោម ១ ម៉ឺនដុល្លារបើយោងតាមគេហទំព័រ CarBuzz ៖

  •  Mazda Miata MX-5 រថយន្តនេះ ត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៩៨៩

  • Lexus SC400 រថយន្តនេះ ត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៩៩២-១៩៩៦

  •  Lexus IS300 រថយន្តនេះ ត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៩៩៨ ដល់ ២០០៣

  •  Toyota Supra MK3 រថយន្តនេះ ត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៩៨៦-១៩៩៣

 

  •  The Honda Prelude រថយន្តនេះ ត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៩៩២-១៩៩៦ និងក្នុងឆ្នាំ ១៩៩៧-២០០១

  • Nissan Skyline រថយន្តនេះ ត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៩៨៩-១៩៩៤

  • Mitsubishi Lancer Evolution រថយន្តនេះ ត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៩៩២-២០១៦

  •  Mazda RX-7 រថយន្តនេះ ត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៩៧៨-២០០២ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota Land Cruiser ស៊េរីឆ្នាំ ២០២៤ ប្រភេទកូនកាត់ Hybrid ចេញតម្លៃលក់ជាផ្លូវការ ដោយចាប់ពី….

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅសហរដ្ឋអាមេរិក បានធ្វើការដាក់បង្ហាញចេញតម្លៃលក់ជាផ្លូវការរបស់រថយន្ត Toyota Land Cruiser ស៊េរីឆ្នាំ ២០២៤ ដែលមាន ៣ម៉ូដែល ជាមួយតម្លៃលក់ចាប់ពី ៥៥ ៩៥០ ដុល្លារ ដល់ ៧៤ ៩៥០ ដុល្លារ ។

សម្រាប់ម៉ូដែលទាំង ៣ នេះ ត្រូវបានបំពាក់ជាមួយម៉ាស៊ីនកូនកាត់ i-Force Max Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ២,៤លីត្រ Turbo ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ៣២៦ សេះ និងកម្លាំងរមួល ៦៣០ ញ៉តុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៨វគ្ក និងអាគុយទំហំ ១,៨៧គីឡូវ៉ាត់ម៉ោង ប្រភេទបើកបរប៉ុង ២ Full-time 4-wheel drive ។ លើសពីនេះ ក៏ទទួលបានកញ្ចប់ប្រព័ន្ធសុវត្ថិភាព Toyota Safety Sense 3.0 ផងដែរ ។

Toyota Land Cruiser ស៊េរីឆ្នាំ ២០២៤ ត្រូវបានភ្ជាប់មកជាមួយ ប៉ាណាមុខថ្មីរចនារាងសំណាញ់ ចង្កៀងមុខ-ក្រោយ LED ដំបូល roof-rack ថាសកង់ស្ព័រទំហំ ១៨អ៉ីញ ក៏ដូចជាទ្វារឃ្លុបក្រោយបើក-បិទដោយថាមពលអគ្គិសនី ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញឌីជីថល ៧អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំចាប់ពី ៨-១២,៣ អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ក៏ដូចជាឧបករណ៍បំពងសំឡេងម៉ាក JBL អេក្រង់បង្ហាញលើកញ្ចក់ HUD និងមួយចំនួនច្រើនទៀតផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Ford កាត់បន្ថយតម្លៃរថយន្តប្រើអគ្គិសនីសុទ្ធរបស់ខ្លួនដល់ទៅជិត ១មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Ford ជាក្រុមហ៊ុនចុងក្រោយគេ ចូលរួមជាមួយក្រុមហ៊ុន Tesla, Rivian និង Lucid ក្នុងការផ្តល់ការបញ្ចុះតម្លៃលើរថយន្តប្រើអគ្គិសនីសុទ្ធ ទៅម៉ូដែល Ford Mustang Mach-E ចាប់ពី ៣ ១០០ ដុល្លារ ដល់ ៨ ១០០ ដុល្លារ ដើម្បីរក្សាការលក់រថយន្តអគ្គិសនីនៅទីផ្សារសហរដ្ឋអាមេរិក។

សម្រាប់ការកាត់បន្ថយតម្លៃនេះអនុវត្តតែចំពោះរថយន្តម៉ូដែលឆ្នាំ ២០២៣ ដែលជាផ្នែកមួយដើម្បីជម្រះផ្លូវសម្រាប់ម៉ូដែលឆ្នាំ ២០២៤ ។ លើសពីនេះ បើយោងតាមអ្នកនាំពាក្យក្រុមហ៊ុន Ford លោក Marty Gunsberg បានឲ្យដឹងថា ក្រុមហ៊ុន Ford កំពុងផ្តល់ហិរញ្ញប្បទាន ០% សម្រាប់រយៈពេល ៧២ខែ ដល់អ្នកបានទិញរថយន្តនេះ ព្រមទាំងមានការលើកទឹកចិត្តជាសាច់ប្រាក់ចំនួន ៧ ៥០០ ដុល្លារដែលត្រូវបានអនុវត្តដើម្បីកាត់បន្ថយការបង់ប្រាក់សម្រាប់អ្នកបង់រំលួសទៀតផង។

គួរបញ្ជាក់ផងដែរថា ការ​កាត់​បន្ថយ​តម្លៃ​នេះ​ក៏​កើត​ឡើង​បន្ទាប់​ពី​ការ​លក់​រថយន្តអគ្គិសនីសុទ្ធ Ford Mustang Mach-E ​បាន​ធ្លាក់​ចុះ ៥១ ភាគរយ​កាល​ពី​ខែ​មករា ឆ្នាំ២០២៤  ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោកពូទីន ជូនអំណោយរថយន្តដែលមានសម្ថតភាពមិនចាញ់ The Beast ដល់លោក គីម ជុងអ៊ុន

[បរទេស] មេដឹកនាំកំពូលរបស់ប្រទេសរុស្សីលោក វ្ល៉ាឌីមៀ ពូទីន បានផ្តល់ជូនអំណោយនៅរថយន្ត Limousine Aurus Senat ដ៏ប្រណិតដែលផលិតដោយផ្ទាល់​នៅ​ក្នុងប្រទេស​រុស្សី ដល់មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសរុស្ស៊ី ដើម្បីរឹតចំនងមិត្តភាពអោយកាន់តែរឹងមាំ។

គួរឲ្យដឹងថា ការផ្តល់អំណោយរបស់ប្រទេសរុស្សីនេះគឺជាការរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិដែលហៅកាត់ថា UN ទាក់ទងនឹងការហាមឃាត់ការផ្តល់ជូននៅវត្ថុដែលមានតម្លៃដល់ប្រទេសកូរ៉េខាងជើង។ បន្ថែមពីនេះមេដឹកនាំសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏បានចោទប្រកាន់កូរ៉េខាងជើងថាបានផ្គត់ផ្គង់អាវុធដល់រុស្ស៊ី ដើម្បីជួយដល់ការធ្វើសង្គ្រាមនៅអ៊ុយក្រែនផងដែរ។

រថយន្ត Aurus Senat Limounsine នេះបានពាក់តួខ្លួនពាសដែក ដែលអាចការពារគ្រាប់កាំភ្លើង និងគ្រាប់បែកទៀត រួមទាំងលក្ខណៈពិសេសផេ្សងទៀតមិនចាញ់រថយន្ត The Beast របស់លោក Joe Biden នោះទេ។ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនកូនកាត់ Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ៤,៤ លីត្រ V8 ដែលអាចផលិតកម្លាំងបានដល់ទៅ ៥៩០ សេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន MG Cambodia បានបើកបង្ហាញវត្តមានរថយន្ត MG HS Facelift ស៊េរីថ្មី ឆ្នាំ២០២៤

[ក្នុងស្រុក] កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ ក្រុមហ៊ុន MG Cambodia បានបើកបង្ហាញនូវវត្តមានរថយន្ត MG HS Facelift ស៊េរីថ្មី ឆ្នាំ២០២៤ ដែលជាផលិតផលសំខាន់នៅក្នុងត្រកូល MG ដែលត្រូវបានគេស្គាល់ថាជាម៉ូឌែលរថយន្តដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់អតិថិជនជាច្រើនដូចជាពាណិជ្ជករ និងសហគ្រិនវ័យក្មេង និងការប្រើប្រាស់ជាលក្ខណៈគ្រួសារ។ កម្មវិធីសម្ពោធជាផ្លូវការរថយន្ត MG HS Facelift ស៊េរីថ្មី ឆ្នាំ២០២៤ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខបានប្រព្រឹត្តិទៅយ៉ាងរលូន និងអន្ធឹកអន្ធាប់បំផុតដោយមានវត្តមានចូលរួមពីភ្ញៀវកិត្តិយសដែលជាម្ចាស់រថយន្ត MG, influencer, ធនាគារដៃគូរ និងអ្នកសារពត៌មានជាច្រើនរូប។

រថយន្ត MG HS Facelift ដែលត្រូវបានផ្លាស់ប្តូររូបរាងនិងកំណត់ស្តង់ដារថ្មីនៅក្នុងជួរនៃរថយន្តប្រភេទ SUV ដោយបន្តផ្តល់ជូនអតិថិជននូវតម្លៃដ៏សមរម្យនិងសន្សំសំចៃជាមួយតម្លៃត្រឹមតែ ៣៥ ៩០០ ដុល្លារ ($35,990) ដែលធ្វើឱ្យវាក្លាយជារថយន្តប្រភេទ SUV ដែលមានតម្លៃទាបជាងប្អូនប្រុសរបស់គេបន្តិចគឺ MG RX5 Sport Edition។ លើសពីនេះ រថយន្ត MG ក៏ផ្តល់ជូននូវការធានារយៈពេល ៥ ឆ្នាំ ឬ ១៥០ ០០០គីឡូម៉ែត្រផងដែរ។

រថយន្ត MG HS Facelift ត្រូវបានរចនាឡើងវិញនូវរូបរាងកាន់តែស៊ីវិល័យដោយបំពាក់នូវ ប៉ាណាមុខប្រភេទ Digital Burning Grille, ចង្កៀងមុខប្រភេទ LED Bi-function និងកាងខាងមុខថ្មីប្លែកកាន់តែមានអំណាច ដែលផ្តល់ឱ្យរថយន្តនេះនូវរូបរាងកាន់តែទាក់ទាញ និងរឹងមាំជាងមុន។ ផ្នែក​ខាង​ក្រោយក៏បានផ្លាស់ប្តូរដោយ​មានការរចនាបែបថ្មីនូវស៊ីមាំងភ្លោះចំនួន២ និង​ចង្កៀង LED ហើយបំពេញជាស្តង់ដារនៃរថយន្តប្រភេទ SUV ដោយ​​ប្រើប្រាស់នូវថាសកង់ស្ព័រទំហំ ១៨អ៉ីញ រចនាម៉ូតបែបផ្កាចំប៉ា។ ចំណែកផ្នែកខាងក្នុងក៏ត្រូវបានផ្លាស់ប្តូរនឹងអាប់ឌែតជាមួយកៅអីខាងមុខប្រភេទស្ព័រ និងបំពាក់នូវពូកស្បែកពណ៌ដ៏ប្រណិតដោយផ្តល់ជូននូវពណ៌ខាងក្នុងចំនួន២ជម្រើសគឺ ពណ៌ក្រហមឈើរី (Cheery) និងពណ៌ខៀវ (Neptune Blue) ប្រៀបដូចថ្លៃរាប់សិបម៉ឺនដុល្លារ។ រថយន្ត MG HS ស៊េរីថ្មីនេះក៏បានបំពាក់នូវបច្ចេកវិទ្យាទំនើបជាច្រើនរួមមានដូចជា: អេក្រង់កម្សាន្ត touchscreen ទំហំ ១០,១ អ៉ីញ, ប្រព័ន្ធសោរឆ្លាតវៃ, កុងទ័រឌីជីថលដ៏ទាន់សម័យ, កៅអីអូតូ និងមុខងារកម្តៅកៅអី, ប៊ូតូង Sport Mode, ដំបូលបើក Panoramic Sunroof, និងប្រព័ន្ធម៉ាស៊ីនត្រជាក់មុខក្រោយ អមជាមួយមុខងារផ្សេងៗទៀត។

ដំណើរការម៉ាស៊ីនរថយន្ត MG HS Facelift ស៊េរីថ្មីនេះវិញគឺបានបំពាក់នូវម៉ាស៊ីនដូចគ្នាទៅនឹងជំនាន់មុនដែរគឺម៉ាស៊ីនសាំងចំណុះ ១,៥លីត្រ Turbo ទំហំ ៤ស៊ីឡាំងដែលផ្តល់កម្លាំងខ្លាំង ១៦៩ សេះ និងកម្លាំងរមួល ២៥០ញ៉ូតុនម៉ែត្រ ជាមួយនឹងប្រសិទ្ធនៃការស៊ីប្រេងឥន្ធនៈត្រឹមតែ ៦,៥លីត្រក្នុងរយៈចម្ងាយ ១០០គីឡូម៉ែត្រសម្រាប់ការបើកបរលើផ្លូវហាយវេ នេះពិតជាសន្សំសំចៃ និងផ្តល់នូវដំណើរល្អសម្រាប់ការបើកបរផងដែរ។ សម្រាប់រថយន្ត MG គឺតែងតែផ្តល់អទិភាពខ្ពស់ទៅលើប្រព័ន្ធសុវត្ថិភាព​ ដោយមានលក្ខណៈពិសេសសុវត្ថិភាពស្តង់ដារដូចជា: ប្រព័ន្ធ Blind Spot Detection ផ្តល់ដំណឹងការវារជែង, Rear Cross Traffic Alert, Intelligent high beam assist, ប្រព័ន្ធជំនួយពេលឡើងទួលនិងចុះចំណោទ, កាមេរ៉ាក្រោយនិងសេនស័រជំនួយពេលចតរថយន្ត, ប្រព័ន្ធហ្វ្រាំងABS, ពោងសុវត្ថិភាព, ប្រព័ន្ធផ្តល់ដំណឹងសម្ពាធកង់ TPMS, និងប្រព័ន្ធជាច្រើនទៀតដែលបានធ្វើឱ្យរថយន្ត MG HS Facelift ទទួលបានពិន្ទុផ្កាយ៥ពីការធ្វើតេស្តប្រព័ន្ធសុវត្ថិភាពពី ENCAP ទៀតផង។

ឆ្លៀតក្នុងឪកាសដ៏ពិសេសនេះ លោក អ៊ុំ គីម នាយកផ្នែកលក់នៃក្រុមហ៊ុន MG Cambodia បានសម្តែងនូវមោទនភាពចំពោះកេរិ៏ដំណែលរយៈពេល ១០០ឆ្នាំនៃម៉ាកយីហោ MG និងការនាំចូលនូវរថយន្ត MG HS Facelift ជំនាន់ទី២ សម្រាប់ទីផ្សារកម្ពុជា។ រថយន្ត MG HS ស៊េរីថ្មីផ្តល់នូវតម្លៃសមរម្យ, គ្រឿងបរិក្ខាកម្រិតខ្ពស់ដ៏ប្រណិត, ប្រព័ន្ធបច្ចេកវិទ្យាទំនើបទាន់សម័យ និងដំណើរការម៉ាស៊ីនខ្លាំង ដែលបំពេញតាមចំណង់ចំណូលចិត្តនិងតម្រូវការរបស់អ្នកប្រើប្រាស់។ MG នៅតែប្តេជ្ញាបន្តនូវការអាប់ឌែតជាមួយបច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់ និងសូមថ្លែងអំណរគុណចំពោះការគាំទ្រនិងការជឿទុកចិត្តរបស់គ្រួសារ MG តាំងពីឆ្នាំ ២០១១ នៃវត្តមានរថយន្ត MG ក្នុងប្រទេសកម្ពុជា ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+