ផ្ទាំងផ្សាយពាណិជ្ជកម្ម

គូប្រជែង Toyota Mirai ចាក់អ៊ីដ្រូហ្សែនមួយពេញ ជិះបាន ៦៦៦គ.ម៉

ក្រុមហ៊ុន Hyundai ប្រចាំប្រទេសអូស្ត្រាលី បានធ្វើការប្រកាសអំពីព័ត៌មានលម្អិតរបស់រថយន្ត Hyundai Nexo ឆ្នាំ២០២១ ដែលជារថយន្តដើរដោយថាមពលអ៊ីដ្រូសែន ដូចទៅនិងរថយន្ត Toyota Mirai ដែរ។

Hyundai Nexo វានឹងផ្ទុកជាមួយធុងអ៊ីដ្រូហ្សែនទំហំ ១៥៦,៥លីត្រ ឬ ទំហំ ៩៥kW ដែលអនុញ្ញាតអោយវាបើកបរបានចំងាយ ៦៦៦គីឡូម៉ែត្រ ពេលចាក់ពេញ។ បន្ថែមពីនេះវាក៏មានបំពាក់ជាមួយកញ្ចប់អាគុយទំហំ ១,៥៦kWh និងម៉ូទ័រអគ្គិសនីមួយ ដែលអនុញ្ញាតអោយវាបង្កើតកម្លាំងបានសរុប ១៣៥kW ឬ ១៦១សេះ និងកម្លាំងរមួល ៣៩៥ញូតុនម៉ែត្រ។

Hyundai Nexo ឆ្នាំ២០២១ បានបំពាក់ចង្កៀង LED, ដំបូលកញ្ចក់ Sunroof, ឃ្លុបក្រោយបើក-បិទដោយថាមពលអេឡិចត្រូនិច និងយ៉ាន់ ១៩អ៊ីញមកស្តង់ដារ។ ជាមួយគ្នានេះដែរ វាក៏បំពាក់កុងទ័រឌីជីថល ៧អ៊ីញ និងអេក្រង់កម្សាន្ត ១២,៣អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay, រន្ធសាកថ្មឥតខ្សែ, កាំម៉េរា ៣៦០ដឺក្រេ ព្រមទាំងប្រព័ន្ធសំឡេង Krell ៨គ្រាប់ទៀតផង។

រីឯសុវត្ថិភាពវិញ​ Nexo ឆ្នាំ២០២១ មានបំពាក់មុខងារដូចជា Forward and Reverse Autonomous Emergency Braking, Blind-spot Monitoring and collision-avoidance, Rear Cross-traffic Alert, Adaptive Cruise Control និងប្រព័ន្ធរក្សាគន្លងផ្លូវ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

GMC Terrain ឆ្នាំ២០២២ ថ្មី អាប់ដេតរូបរាងរឹតតែហំ និងទាក់ទាញ

ក្រុមហ៊ុនរថយន្តអាមេរិក GMC បានប្រកាសចេញរថយន្តម៉ូដែល Terrain ស៊េរីឆ្នាំ២០២២ របស់ខ្លួនជាផ្លូវការ ដោយទទួលបានការអាប់ដេតមួយចំនួន មើលទៅរឹតតែទាក់ទាញ។

រថយន្ត SUV ថ្មីនេះ បានបំពាក់ប៉ាណាមុខធំជាងមុន ព្រមទាំងចង្កៀងមុខ LED ឌីហ្សាញថ្មីទៀតផង។ បន្ថែមពីនេះ កាងមុខរបស់វាក៏ទទួលបានការឌីហ្សាញថ្មីបន្តិចបន្តួច ហើយថែមទាំងប្រើចង្កៀងក្រោយ LED ថ្មីដែរ។ ក្រៅពីនោះ វាបានបំពាក់យ៉ាន់ ទំហំ ១៨អ៊ីញ និង ១៩អ៊ីញ ដែលឌីហ្សាញថ្មី។

រថយន្ត GMC Terrain ឆ្នាំ២០២២ ចែកចេញជា ៥ ម៉ូដែល គឺ Terrain Denali, Terrain Elevation Edition, Terrain SLE, Terrain SLT និង Terrain AT4។

ដោយឡែក ផ្នែកខាងក្នុងរបស់វាទទួលបានការអាប់ដេតតិចតួចប៉ុណ្ណោះ ប៉ុន្តែឥឡូវនេះវាមានមុខងារ Wireless Android Auto និង Apple CarPlay និង កុងទ័របាញ់លើកញ្ចក់ថ្មី ផងដែរ។ វាក៏បានបំពាក់ប្រព័ន្ធជំនួយការបើកបរជាច្រើន ដោយក្នុងនោះរួមមានទាំង automatic emergency braking, forward collision alert, front pedestrian braking និង lane keep assist with lane departure warning ជាដើម។

រថយន្ត GMC Terrain ឆ្នាំ២០២២ បំបាក់ម៉ាស៊ីន turbocharged ចំណុះ ១,៥លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៧០សេះ ដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ និងប៉ុងមួយ តែក៏មានជម្រើសប៉ុងពីរផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Toyota ពន្យាពេលផលិតឡាន GR 86 ដោយសារមូលហេតុមួយនេះ

ប្រធានក្រុមហ៊ុន Toyota លោក Akio Toyoda បានប្រាប់ក្រុមវិស្វកររបស់លោកថា រថយន្ត Toyota 86 មិនត្រូវធ្វើឲ្យមានអារម្មណ៍ដូចចម្លងពី Subaru BRZ ឡើយ ហើយនឹងចំណាយពេលខ្លះ ដើម្បីធានាឲ្យសម្រេចបាន។ នេះបើយោងតាមរបាយការណ៍ពីបណ្តាញរថយន្ត Best Car Web។

ប្រភពខាងលើបានបន្ថែមឲ្យដឹងទៀតថា ដើម្បីសម្រេចគោលដៅនេះបាន ក្រុម Development Team ត្រូវបានគេនិយាយថា កំពុងសម្លឹងមើលប្រអប់លេខថ្មី ហើយថែមទាំងផ្លាស់ប្តូរការតំឡើងម៉ាស៊ីនទៀតផង។

Toyota ហាក់បីដូចជាមានការប្តេជ្ញាចិត្តខ្លាំងណាស់ ក្នុងការធ្វើឲ្យរថយន្តស្ព័រខ្នាតតូចនេះមានភាពខុសគ្នាពី រថយន្ត Subaru BRZ។

រថយន្ត Subaru BRZ
រថយន្ត Subaru BRZ

គួររំលឹកឲ្យដឹងដែរថា ដំបូងឡើយ Toyota មានបំណងត្រៀមខ្លួនដើម្បីបញ្ចេញរថយន្ត Toyota 86 នៅចុងឆ្នាំ២០២១ ប៉ុន្តែឥឡូវនេះវាបានពន្យាពេលដល់ចុងឆ្នាំ ២០២២ វិញហើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Xiaomi កំពុងផលិតឡានអគ្គិសនី ដើម្បីបំបាក់ Apple

តាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកចិនបានឲ្យដឹងថា Xiaomi ដែលជាក្រុមហ៊ុនផលិតស្មាតហ្វូនធំមួយរបស់ចិន កំពុងសំងំផលិតរថយន្តអគ្គិសនី ដែលគម្រោងការផលិតនេះគឺមានការដឹកនាំដោយលោក Lei Jun ជានាយកប្រតិបត្តិ Xiaomi ផ្ទាល់ ដើម្បីធានាថាគម្រោងការនេះអាចសម្រេចទៅបានតាមការរំពឹងទុក។

រថយន្តអគ្គិសនីដំបូងរបស់ Xiaomi នឹងជាប្រភេទរថយន្តអគ្គិសនីលំដាប់ខ្ពស់ មានតម្លៃថ្លៃ និងមានបច្ចេកវិទ្យាទំនើបឈានមុខ។ ក្រៅពីការលក់រថយន្តក្នុងស្រុកហើយនោះ Xiaomi ក៏មានគម្រោងលក់រថយន្តអគ្គិសនីដំបូងរបស់ខ្លួននៅទូទាំងពិភពលោកផងដែរ។

គួរដឹងថាខណៈដែលមានការលេចលឺថា Apple បានជួបពិភាក្សាជាមួយ Kia ដើម្បីពឹងផ្អែកឲ្យផលិតរថយន្តអគ្គិសនីដំបូងនោះ Xiaomi ឯណេះវិញក៏បានរកពឹងពាក់លើក្រុមហ៊ុន Nio ដែលជាក្រុមហ៊ុនជំនាញខាងផលិតរថយន្ត SUV អគ្គិសនីប្រណីត, រថយន្ត Sedan និងរថយន្ត EP9 ផងដែរ។ បន្ថែមពីនេះ Xiaomi ក៏បានទៅជួបពិភាក្សាជាមួយក្រុមហ៊ុនក្នុងស្រុកដទៃទៀតដូចជា BYD ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Telsa ចាប់បើកឲ្យទិញឡានដោយប្រើប្រាស់ Bitcoin មិនបាច់លុយ

តាមការបញ្ជាក់របស់លោក Elon Musk នាយកប្រតិបត្តិ Tesla បានឲ្យដឹងថានាពេលនេះអតិថិជនៅសហរដ្ឋអាមេរិកអាចធ្វើការទិញរថយន្ត Tesla បានដោយប្រើប្រាស់ Bitcoin ដែលយកធ្លាប់បានសន្យាបែបនេះកាលពីដើមខែកុម្ភៈ។

ការប្រកាសនេះបានធ្វើឲ្យតម្លៃរបស់ Bitcoin មានការកើនឡើងជាង ៤% ដែលគិតត្រឹមបច្ចុប្បន្នក្នុងមួយឯកតា Bitcoin គឺស្មើនឹង ៥៦ ០៥៤ដុល្លារ។ រថយន្តរបស់ Tesla នឹងបន្តកំណត់តម្លៃលក់ជារូបិយប័ណ្ណដុល្លារ ហើយអតិថិជនអាចមានជម្រើសទូទាត់ការទិញតាមរយៈ Bitcoin ជាមួយតម្លៃស្មើគ្នា។

គួរដឹងថា Tesla បានបង្ហាញឲ្យដឹងកាលពីខែមុនថាពួកគេបានបណ្ដាក់ទុន ១,៥ពាន់លានដុល្លារលើ Bitcoin ដោយពេលនេះ Bitcoin នៅមានតម្លៃប្រមាណ ៣៣ ០០០ដុល្លារ។

ក្រុមហ៊ុនបច្ចេកវិទ្យាដទៃទៀតដែលទទួលយកការទូទាត់ដោយ Bitcoin មានដូចជា AT&T និង Microsoft ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Audi Q4 E-Tron ឆ្នាំ ២០២១ ចាប់ផ្តើមចូលរោងចក្រផលិតហើយ

រថយន្ត Audi បានចាប់ផ្តើមផលិតរថយន្ត Q4 E-Tron នៅឯរោងចក្រ Zwickau ក្នុងប្រទេសអាល្លឺម៉ង់។ រថយន្តប្រភេទ SUV អគ្គិសនីរបស់ Audi នេះនឹងផលិតដោយផ្អែកលើគ្រោងឆ្អឹង MEB Platform តែមួយដូចទៅនឹងរថយន្តអគ្គិសនី Volkswagen ID.4ដែរ។

វត្តមានរបស់ Q4 E-Tron វានឹងក្លាយគូប្រជែងរបស់ Tesla Model Y, Mercedes-Benz EQB, BMW iX, Ford Mustang Mach-E, Nissan Ariya និង Genesis JW ក៏ដូចជាបងប្អូនរបស់វាមកពីក្រុមហ៊ុន Volkswagen និង Skoda, the ID.4 និង Enyaq។

រថយន្ត Q4 E-Tron នឹងប្រកាសចេញជាផ្លូវការនៅខែមេសា ជាមួយកាលបរិច្ឆេទពិតប្រាកដដែលនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ ហើយវានឹងដាក់លក់នៅទូទាំងទ្វីបអ៊ឺរ៉ុបចាប់ពីខែកញ្ញានេះតទៅ។

គួរបញ្ជាក់ផងដែរថា Audi កំពុងធ្វើការកាត់បន្ថយការបំភាយកាបូនឌីអុកស៊ីតក្នុងក្នុងខ្សែសង្វាក់ផលិតកម្ម។​ ដូច្នេះហើយ ការចាប់ផ្តើមនៃសង្វាក់ផលិតកម្ម ដើម្បីកុំអោយមានការបញ្ចេញឧស្មន័កាបូនឌីអុកស៊ីត រោងចក្រត្រូវបានបំពេញតម្រូវការថាមពលរបស់ខ្លួនដោយប្រើ BEV ឡើងវិញ។ ប្រសិនបើពេលដែល BEV ឈានដល់ទីបញ្ចប់នៃអាយុកាលរបស់វានោះ ថ្មនឹងត្រូវបានកែច្នៃ ឬ ប្រើលើកទី ២ បន្តទៀត៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចេញមិនទាន់បានមួយថ្ងៃផង ឡានអគ្គិសនីវៀតណាមថ្មីទទួលបានបញ្ជាទិញជិត ៤ពាន់គ្រឿង

បន្ទាប់ពីបង្ហាញខ្លួនផ្លូវការបានរយ:ពេល ១២ ម៉ោង រថយន្តអគ្គិសនីវៀតណាមថ្មីម៉ូឌែល VF e34 របស់ក្រុមហ៊ុនផលិតរថយន្តវៀតណាមទទួលបានការបញ្ជាទិញជិត ៤ពាន់គ្រឿង។

ជាក់ស្តែង ការបញ្ជាទិញរថយន្ត VF e34 ចំនួន ៣ ៦៩២ គ្រឿងត្រូវបានធ្វើឡើងនៅថ្ងៃទី ២៤ ខែមីនានេះនៅលើ គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន, កន្លែងតាំងបង្ហាញ និងភ្នាក់ងារទូទាំងប្រទេស ចាប់ពីម៉ោង ៧ព្រឹក ដល់ ៧យប់។

ជាមួយ VF e34 ក្រុមហ៊ុន VinFast អនុវត្តគោលការណ៍កក់ប្រាក់ចំនួន ១០ លានដុង ឬប្រហែល ៤៣៣ដុល្លារ ក្នុងមួយគ្រឿង។ ហើយអតិថិជនដែលធ្វើការកុម្ម៉ង់រថយន្ត e34 មុនថ្ងៃទី៣០ខែមិថុនា ក្រុមហ៊ុន VinFast នឹងទទួលបានតម្លៃពិសេសគឺត្រឹមតែ ២៥ ៥៥០ដុល្លារ ដែលចំណេញប្រមាណ ៥០០០ដុល្លារ។ ការបញ្ចេញលក់រថយន្ត e34 នេះអាចចាប់ផ្ដើមនៅខែវិច្ឆិកា។

រថយន្ត e34 នេះមានបំពាក់ជាមួយម៉ូទ័រអគ្គិសនីទំហំ ១១០គីឡូវ៉ាត់ម៉ោង ឬកម្លាំង ១៤៧សេះ ដែលអះអាងថាអាចបើកបរបានចម្ងាយ ៣០០គីឡូម៉ែត្រពេលសាកភ្លើងពេញ ហើយវាអាចសាករយ:ពេល ១៥នាទី ជិះបានចម្ងាយ ១៨០គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Lamborghini Urus បំបែកកំណត់ត្រាកំពូលល្បឿន បើកបរលើបឹងទឹកកក

រថយន្ត Lamborghini Urus បានបំបែកកំណត់ត្រាថ្មីមួយ ដោយបានក្លាយជារថយន្តដែលអាចបើកបរលើបឹងកក Baikal នៅប្រទេសរុស្ស៊ីបានល្បឿនលឿនជាងគេ។

កំណត់ត្រាដែលបានកត់ត្រាអំឡុងកម្មវិធី Days of Speed ដែលរៀបចំឡើងនៅចន្លោះថ្ងៃទី១០ និងទី១៣ ខែមីនា គេបានឃើញថារថយន្ត SUV របស់អ៊ីតាលីមួយនេះអាចរត់បានដល់ល្បឿន ២៩៨គ.ម/ម៉នៅលើបឹងកក Baikal ដែលល្បឿននេះគឺទាបជាងពេលរត់សាកល្បងត្រឹមតែ ៤គ.ម/ម៉ប៉ុណ្ណោះ។

គួរដឹងថាប្រសិនបើសម្រាប់ការរត់លើផ្ទៃដីធម្មតា រថយន្ត Urus អាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ក្នុងពេលត្រឹម ៣,៦វិនាទី និងអាចរត់ដល់ ២០០គ.ម/ម៉ ក្នុងពេល ១២,៨វិនាទី ហើយវាអាចបើកបរដល់ល្បឿនលឿនបំផុតគឺ ៣០៥គ.ម/ម៉។ រថយន្តនេះមានបំពាក់ម៉ាស៊ីន Twin-Turbo ចំណុះ ៤,០លីត្រ ៨ស៊ីឡាំង ដែលអាចផលិតកម្លាំងបាន ៦៤១សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានអគ្គិសនីវៀតណាម លក់តម្លៃ ៣ម៉ឺនដុល្លារ សាកម្ដងជិះបាន ៣០០គ.ម

ក្រុមហ៊ុនរថយន្តវៀតណាម VinFast បានបង្ហាញចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួនសម្រាប់លក់លើទីផ្សារ ដែលនៅប្រទេសវៀតណាមរថយន្តម៉ូដែល VinFast e34 ស៊េរីឆ្នាំ ២០២១ គឺមានតម្លៃប្រមាណ ២៩ ៨៩៥ដុល្លារ។

រថយន្ត VinFast e34 នេះធ្លាប់បានបង្ហាញខ្លួនជាលើកដំបូងកាលពីខែមករាកន្លងទៅដែលវាបានបង្ហាញខ្លួនក្នុងឈ្មោះជា VF31 និងបានបង្ហាញវត្តមានដំណាលគ្នាជាមួយរថយន្ត VF32 និង VF33 ដែលជារថយន្តអគ្គិសនីទំហំធំពីរផ្សេងទៀតរបស់ VinFast។

រថយន្ត e34 នេះមានបំពាក់អាគុយទំហំ ៤២គីឡូវ៉ាត់ម៉ោង ដែលអះអាងថាអាចបើកបរបានចម្ងាយ ៣០០គីឡូម៉ែត្រពេលសាកភ្លើងពេញ។

គួរដឹងថាអតិថិជនដែលធ្វើការកុម្ម៉ង់រថយន្ត e34 មុនថ្ងៃទី៣០ខែមិថុនា ក្រុមហ៊ុន VinFast នឹងទទួលបានតម្លៃពិសេសគឺត្រឹមតែ ២៥ ៥៥០ដុល្លារ ដែលចំណេញប្រមាណ ៥០០០ដុល្លារ។ ការបញ្ចេញលក់រថយន្ត e34 នេះអាចចាប់ផ្ដើមនៅខែវិច្ឆិកា៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

តើមានអ្វីអស្ចារ្យខ្លះនៅលើរថយន្ត Pickup ប្រណិត ដែលទើបមកដល់កម្ពុជា?

មានការបង្ហោះចែកចាញ រូបភាពជាច្រើនសន្លឹកនៃវត្តមានរបស់រថយន្ត ភីកអាប់ដ៏ទំនើប EXY Yachting ដែលទើបតែមកដល់ប្រទេសកម្ពុជា។ រថយន្ត EXY Yacting នេះផលិតឡើងដោយក្រុមហ៊ុន CARLEX DESIGN ដែលជាអ្នកជំនាញផលិតរថយន្តកែច្នៃ លើប្រភេទពិសេស មានចំនួនកំណត់។ បើតាមប្រភពដើម រថយន្ត EXY Yacting ផលិតឡើងដោយយករថយន្ត Mercedes-Benz x-class មកកែច្នៃ និងផលិតត្រឹម ១០០គ្រឿងតែប៉ុណ្ណោះ។ ផ្អែកលើរូបរាងដែលបានបង្ហាញ និងគេហទំព័រផ្លូវការ ក្រុមការងាររបស់ ខេមបូអូតូ សូមលើកលក្ខណ:ពិសេសៗមួយចំនួន ដែលបានបំពាក់លើរថយន្តនេះមកបង្ហាញជូនដល់បងប្អូនទាំងអស់គ្នា។

រថយន្ត EXY Yachting គឺជារថយន្តប្រភេទ Limited Edition ដែលផលិតឡើងសម្រាប់អ្នកចូលចិត្តភាពប្រណីត ដែលវាជាការរួមបញ្ចូលគ្នារវាងរថយន្តប្រភេទដឹក ដោយការរចនា ឌីស្សាញដ៏ល្អឥតខ្ចោះ។ សម្រាប់រូបរាងខាងក្រៅនៃរថយន្តនេះ បានបំពាក់ជាមួយឧបករណ៍ដែលភាគច្រើនផលិតឡើងពីកាបូន ដូចជា៖ ប៉ាណាខាងមុខ អមដោយឡូហ្គូ Mercedes, កាងមុខ-ក្រោយ ប្រភេទកាបូន, ប្រព័ន្ធរន្ធបញ្ចេញខ្យល់ខាងមុខ ប្រភេទកាបូន, Bonnet Lip, ស៊ុមចង្កៀងមុខ-ក្រោយ ប្រភេទកាបូន, គម្រប់ភក់មុខ-ក្រោយ ប្រភេទកាបូន, Spoiler និងកាង ផ្នែកខាងក្រោយ ព្រមទាំងបានបំពាក់ជាមួយ ឈ្នាន់ជាន់ប្រភេទអេឡិចត្រូនិច,ថាសកង់ទំហំ ២០អ៊ីញ (ថាសកង់រថយន្ត Mercedes-Maybach S650 Coupé) និងសម្បកកង់ប្រភេទ Michelin ផងដែរ។

រីឯផ្នែកខាងក្នុងកាប៊ីននៃរថយន្ត បានបំពាក់ជាមួយវត្ថុធាតុដើមដ៏ទំនើបៗ ដែលស្រោបដោយឈើប្រភេទ Alcantara ឬ Exotic និងស្បែកល្អបំផុត Nappa Porzenllan ស្រោបទៅលើ កៅអី, ចង្កឹះលេខ, តាប្លូ, ទ្វាទាំងសងខាង , កម្រាលជើង, Headliner និងដៃចង្កូតជាដើម។

បើនិយាយពីតម្លៃពីរោងចក្រ ប្រហែលជាង ៩៦ ០០០ដុល្លារអាមេរិចទៅហើយ (តម្លៃពីប្រទេស ប្រទេស​ប៉ូឡូញ ដែលជាទីស្នាក់ការកណ្តាលរបស់ Carlex Design) សម្រាប់តម្លៃមកដល់កម្ពុជាពេលគិតពន្ធ និងការដឹកជញ្ជូនផ្សេងរួច មិនដឹងថាមានតម្លៃប៉ុន្មាននោះទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+