ផ្ទាំងផ្សាយពាណិជ្ជកម្ម

Nissan ចេញឡានវ៉ែនថ្មី NV300 Combi មាន៩កៅអី ជិះបានមួយគ្រួសារ

ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្តវ៉ែនស៊េរីថ្មីរបស់ខ្លួន ម៉ូដែល NV300 Combi នៅលើទីផ្សារអឺរ៉ុប បន្ទាប់ពីប្រកាសឈប់លក់វានៅសហរដ្ឋអាមេរិក។

រថយន្ត Nissan NV300 Combi ស៊េរីថ្មីនេះ ទទួលបានការឌីហ្សាញថ្មី ជាពិសេសនៅប៉ាណាខាងមុខ, ចង្កៀងមុខ, កាងមុខ, ពិលកាង និងរន្ធបឺតខ្យល់ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរធំបំផុតត្រូវបានធ្វើឡើងនៅផ្នែកខាងក្នុង ដោយ NV300 ឥឡូវនេះបានបំពាក់តាប្លូថ្មី ដែលមានគុណភាពខ្ពស់ជាងមុន និងឌីហ្សាញបានស្អាតជាមុនផងដែរ។ ក្នុងនោះរួមមានទាំង ដៃចង្កូតថ្មី, ចង្កឹះលេខថ្មីទាន់សម័យជាងមុន, អេក្រង់កម្សាន្ត ៨អ៊ីញ អាចភ្ជាប់មុខងារ Android Auto និង Apple CarPlay បានទៀតផង។

បើនិយាយពីមុខងារសុវត្ថិភាពវិញ NV300 មានបំពាក់មុខងារដូចជា adaptive cruise control, blind spot warning, lane departure warning និង traffic sign recognition technology ជាដើម។

រថយន្តវ៉ែនរបស់ជប៉ុននេះផ្តល់ជម្រើសម៉ាស៊ីនម៉ាស៊ូតចំនួន ៣ គឺ ចំណុះ ២,០លីត្រ turbodiesel ទំហំ ៤ស៊ីឡាំង មានកម្លាំង ១០៨សេះ, ១៤៨សេះ និង ១៦៨សេះ។ ប្រភេទ Base Model នឹងប្រើលេខដៃ ៦ ខណៈលេខអូតូមានសម្រាប់ម៉ូដែលស្តង់ដារ និងខ្ពស់ជាងនេះ។ រថយន្ត Nissan NV300 Combi ថ្មី នឹងចេញលក់នៅអឺរ៉ុប ក្នុងខែឧសភាខាងមុខនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ប្រមាញ់បាន Range Rover Evoque តួវែង កំពុងសម្ងំធ្វើតេស្ត អាចបន្ថែមកៅអីដល់ ៣ជួរ

យោងតាមរូបភាពដែលប្រមាញ់បានជាច្រើនសន្លឹកបង្ហាញថា ក្រុមហ៊ុន Land Rover កំពុងតែសម្ងំធ្វើការលើរថយន្ត Range Rover Evoque LWB តួវែង នៅឯតំបន់ត្រជាក់នៃភាគខាងជើងតំបន់អឺរ៉ុប។

ថ្វីបើវាត្រូវបានបិទបាំងរូបរាងជិត ប៉ុន្តែរថយន្ត Range Rover Evoque LWB តួវែង គឺមានការឌីហ្សាញស្រដៀងទៅនឹងម៉ូដែលធម្មតាដែរ ប៉ុន្តែអ្វីដែលខុសគ្នាខ្លាំងបំផុតនោះគឺ វាមានតួខ្លួនវែងជាងមុន ហើយក៏មានទ្វារក្រោយធំជាងមុនផងដែរ។

ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងនៅឡើយទេថា វាមានប្រវែងវែងជាងមុនប៉ុន្មាន។ គួរឲ្យដឹងថា រថយន្ត Evoque ធម្មតា ផ្តល់កន្លែងដាក់ជើងសម្រាប់អ្នកដំណើរជួរទី២ ត្រឹមតែ ៣៣,៨អ៊ីញ ឬ ៨៥៩មីល្លីម៉ែត្រប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ Land Rover ក៏ប្រហែលជាអ្នកបន្ថែមកៅអី ១ជួរថែមទៀតដល់ Evoque LWB ផងដែរ ដើម្បីប្រជែងនឹងរថយន្ត Mercedes GLB។

យ៉ាងណាមិញ ជម្រើសម៉ាស៊ីនរបស់វាក៏មិនទាន់មានការបញ្ជាក់ណាមួយដែរ ប៉ុន្តែវាទំនងជាបន្តប្រើម៉ាស៊ីនដូចម៉ូដែលស្តង់ដារដែរ គឺ ម៉ាស៊ីន turbocharged ចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤៦សេះ ហើយក៏ទំនងជាមានជម្រើសម៉ាស៊ីន Hybrid, Plug-in Hybrid និងម៉ាស៊ូតទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មើលរូបរាង Lexus NX ជំនាន់ថ្មី ប៉ុណ្ណឹងម៉េចដែរ?

Lexus NX ជំនាន់ថ្មីដែលមានការផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុង រំពឹងថានឹងបង្ហាញវត្តមានក្នុងនៅអំឡុងចុងឆ្នាំ ២០២១ នេះចេញលក់ជាស៊េរីឆ្នាំ ២០២២ ក្រោយពីរថយន្តនេះបានប្រើប្រាស់មុខមាត់ចាស់អស់រយៈពេលជាង ៦ឆ្នាំមកហើយនោះ។

Image result for lexus nx render

រូបរាងនៃរថយន្ត Lexus NX ជំនាន់ថ្មីនេះដែរ ធ្លាប់ត្រូវបានគេប្រមាញ់បាននៅពេលដែលវាបើកបរសាកល្បង ហើយតាមរយៈរូបភាពទាំងនេះនាំឲ្យគេស្រមើស្រម៉ៃចេញរូបភាព Render មួយសន្លឹកខាងលើនេះចេញមក ដែលមានការឌីហ្សាញថ្មីទាំងស្រុងតែម្ដង។ ទោះបីជារូបភាព Render មិនបានបង្ហាញពីផ្ទៃខាងក្នុង ប៉ុន្តែគេរំពឹងថាវាគួរតែមានការផ្លាស់ប្ដូរថ្មីខុសពីជំនាន់បច្ចុប្បន្ន ដូចជាមានបំពាក់អេក្រង់កម្សាន្តទំហំធំជាងមុនជាដើម។

2022 Lexus NX Front Spy Photo

Image result for lexus nx render

រថយន្ត Lexus NX ជំនាន់ថ្មីរំពឹងថានឹងប្រើប្រាស់គ្រោងឆ្អឹងដូចជារថយន្ត Toyota RAV4 ជំនាន់ថ្មីដែរគឺគ្រោងឆ្អឹងឈ្មោះថា TNGA-K។ Lexus ទំនងជាប្រើប្រាស់ប្រព័ន្ធម៉ាស៊ីនដូចនៅលើ RAV4 ដែរ ដោយអាចបញ្ចូលជម្រើសម៉ាស៊ីន ២,៥លីត្រ ៤ស៊ីឡាំង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ចង់ផលិតឡានអគ្គិសនីតម្លៃ ២៥០០០ដុល្លារ លក់ពេញពិភពលោក

ក្រុមហ៊ុន Tesla មានគម្រោងថានឹងផលិតរថយន្តអគ្គិសនីតម្លៃ ២៥ ០០០ដុល្លារ របស់ខ្លួននៅប្រទេសចិន ហើយគ្រោងនឹងចេញរថយន្តនេះលក់នៅទូទាំងពិភពលោកផងដែរ។

ពីមុនមកលោក Elon Musk នាយកប្រតិបត្តិ Tesla ធ្លាប់បានបញ្ជាក់អំពីផែនការនេះកាលពីខែកញ្ញាឆ្នាំ ២០២០ ដែលពេលនោះគឺគ្រោងចាប់ផ្ដើមផលិតរថយន្តអគ្គិសនីតម្លៃនេះនៅអំឡុងឆ្នាំ ២០២៤ ឬឆ្នាំ ២០២៥។ យ៉ាងណាក្ដីបើតាមរបាយការណ៍ចេញពីប្រទេសចិនកាលពីខែមករា បានឲ្យដឹងថារថយន្តនេះអាចនឹងបង្ហាញវត្តមានឆាប់បំផុតគឺនៅឆ្នាំ ២០២២។

ក្នុងកិច្ចសម្ភាសន៍មួយជាមួយសារព័ត៌មានចិន Xinhua លោក Tom Zhu ប្រធានក្រុមហ៊ុន Tesla ប្រទេសចិនបានបញ្ជាក់អំពីផែនការទូទាំងពិភពលោកសម្រាប់រថយន្តតម្លៃធូររបស់ខ្លួន និងបានជជែកអំពីការសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ដំបូងរបស់ខ្លួននៅប្រទេសចិនផងដែរ។

រូបភាព Render

ដោយសាររថយន្តតម្លៃធូររបស់ Tesla ស្ថិតនៅដំណាក់កាលទើបចាប់ផ្ដើមដំបូងៗ ហេតុនេះហើយដំណឹងទាក់ទងនឹងរថយន្តនេះមិនមានច្រើនប៉ុន្មានឡើយ។ គេរំពឹងថារថយន្តថ្មីនេះអាចនឹងលក់ដាច់ខ្លាំង និងអាចក្លាយជារថយន្តលក់ដាច់បំផុតរបស់ Tesla យ៉ាងងាយផងដែរ៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ធ្វើតេស្តសុវត្ថិភាព ឡាន Chevrolet Blazer ២០២១ បានលទ្ធផលល្អទាំងអស់ ទាស់ត្រង់ម្យ៉ាង (មានវីដេអូ)

ថ្មីៗនេះរថយន្ត Chevrolet Blazer ឆ្នាំ២០២១ ត្រូវបានយកទៅធ្វើតេស្តសុវត្ថិភាព ដោយ Insurance Institute for Highway Safety (IIHS)។

រថយន្ត SUV ខ្នាតកណ្តាលនេះទទួលបានលទ្ធផល “ល្អ” គ្រប់ការធ្វើតេស្តទាំង ៦។ ទោះជាយ៉ាងណាក៏ដោយ វាមិនទទួលបានលទ្ធផល Top Safety Pick ឬ Top Safety Pick+ ឡើយ ដោយសារតែចង្កៀងមុខរបស់វា។

ដើម្បីអាចឲ្យរថយន្តមួយទទួលបានចំណាត់ថ្នាក់ Top Safety Pick គឺទាមទារឲ្យរថយន្តនោះមានចំណាត់ថ្នាក់ចង្កៀងមុខ “ល្អ” ឬ “ទទួលយកបាន” គ្រប់ម៉ូដែលទាំងអស់ ហើយដើម្បីអាចបានចំណាត់ថ្នាក់ Top Safety Pick+ ទាមទារឲ្យចង្កៀងមុខមានចំណាត់ថ្នាក់ “ល្អ” ឬ “ទទួលយកបាន” មកស្តង់ដារតែម្តង។

ដោយឡែក ចង្កៀងមុខរបស់រថយន្ត Chevrolet Blazer ឆ្នាំ២០២១ ទទួលបានចំណាត់ថ្នាក់ត្រឹម “មធ្យម” និង “អន់” ប៉ុណ្ណោះ។

គួរឲ្យដឹងថា រថយន្ត Blazer ឆ្នាំ២០២១ ផ្តល់ជម្រើសជាច្រើនម៉ូដែល ដូចជា L, 1LT, 2LT, 3LT, RS និង Premier ហើយមានតម្លៃចន្លោះពី ២៨ ០០០ ដល់ ៤២ ៥០០ដុល្លារ៕

សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន General Motors ហៅឡានជាង ៦លានគ្រឿងចូលមកវិញ ដោយសារពោងសុវត្ថិភាពជប៉ុន

ក្រុមហ៊ុនរថយន្តអាមេរិក General Motors កំពុងតែធ្វើការហៅរថយន្តជិត ៦ លានគ្រឿងនៅសហរដ្ឋអាមេរិក ឲ្យត្រលប់ចូលរោងចក្រវិញ ដើម្បីជំនួសពោងសុវត្ថិភាព Takata ដែលមានកំហុស និងបង្កគ្រោះថ្នាក់។

ក្រុមហ៊ុន General Motors ក៏ដូចជាក្រុមហ៊ុនផលិតរថយន្តដទៃទៀតដែរ បានចេញយុទ្ធនាការប្រមូលរថយន្តជាច្រើន ដែលទាក់ទងទៅនឹងពោងការពារសុវត្ថិភាព Takata ដែលមានកំហុសក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ដូចគ្នាទៅនឹងការហៅផ្សេងទៀតដែរ បញ្ហាមួយនេះទាក់ទងនឹងឧបករណ៍បំប៉ោងពោងសុវត្ថិភាព។

ការហៅត្រលប់មកវិញនេះគឺប៉ះពាល់ដល់រថយន្តពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៤ រួមមានឡានម៉ាក Chevrolet Silverado, Silverado HD, Avalanche, Tahoe និង Suburban, GMC Sierra, Sierra HD, Yukon និង Yukon XL, Cadillac Escalade, Escalade ESV និង Escalade EXT ។ គួរឲ្យដឹងថា ការហៅខាងលើនេះគឺសរុបរថយន្តចំនួន ៥ ៩៥៣ ៥៩៤ គ្រឿង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mitsubishi Eclipse Cross ឆ្នាំ២០២២ ចេញលក់ជាផ្លូវការ តម្លៃជាង ២ម៉ឺនដុល្លារ

ក្រុមហ៊ុន Mitsubishi បានប្រកាសចេញតម្លៃនៃរថយន្ត Eclipse Cross ស៊េរីឆ្នាំ២០២២ ជាផ្លូវការ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយចាប់ពី ២៤ ៥៩០ដុល្លារ។

រថយន្ត Mitsubishi Eclipse Cross ឆ្នាំ២០២២ ថ្មីនេះ មានចែកចេញជា ៣ ម៉ូដែល គឺ LE, SE និង SEL។ អ្វីដែលជាការផ្លាស់ប្តូរធំបំផុតសម្រាប់កាប៊ីនខាងក្នុងរបស់រថយន្តនេះ គឺការបំពាក់អេក្រង់កម្សាន្ត ៨អ៊ីញ ប្រភេទ Touchscreen ហើយក៏បានរំកិលវាមកជិតអ្នកបើកបរ ប្រវែង ២អ៊ីញទៀតផង ដើម្បីឲ្យងាយស្រួលបញ្ជា។ មិនតែប៉ុណ្ណោះ វាក៏អាចភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ផងដែរ។

រថយន្តប្រភេទ SUV ខ្នាតតូច Eclipse Cross នេះមានបំពាក់ម៉ាស៊ីនចំណុះ ១,៥លីត្រ Turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៥២សេះ។ ក្នុងនោះវាក៏ផ្តល់ Option ប៉ុងពីរ Super All-Wheel Control (S-AWC) ក្នុងតម្លៃ ១ ៦០០ដុល្លារផងដែរ។

រថយន្តនេះមានប្រវែងវែងជាងមុនបន្តិច ដោយបន្ថែម ៥អ៊ីញទៀត សរុបប្រវែង ១៧៨,៩អ៊ីញ ទទឹង ៧១,១អ៊ីញ និងកម្ពស់ ៦៦,៣អ៊ីញ សម្រាប់ម៉ូដែលប្រើប៉ុងមួយ ហើយម៉ូដែលប៉ុងពីរ មានកម្ពស់ ៦៦,៥អ៊ីញ។ ដោយឡែកចំពោះប្រវែងពីកង់មុខទៅកង់ក្រោយ គឺ ១០៥,១អ៊ីញដដែល៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនទាន់ចេញ F-150 Raptor R តែមកមើល Shelby GT500 សាកជាមួយ Ram 1500 TRX ទៅរួចអត់? (មានវីដេអូ)

រថយន្ត Ford Mustang Shelby GT500 និង Ram 1500 TRX សុទ្ធតែបំពាក់ម៉ាស៊ីនដែលមានកម្លាំងខ្លាំង supercharged V8។ ខណៈពេលដែល Ford គឺជារថយន្តដែលផ្តោតខ្លាំងលើទីលានប្រណាំងជាង តែវាពិតជាអាចយកឈ្នះលើរថយន្ត Ram 1500 TRX បានដែរទេ នៅលើផ្លូវត្រង់?

រថយន្ត Ford Mustang Shelby GT500 មានបំពាក់ម៉ាស៊ីនចំណុះ ៥,២លីត្រ supercharged V8 មានកម្លាំង ៧៦០សេះ ខណៈ Ram 1500 TRX បំពាក់ម៉ាស៊ីនចំណុះ ៦,២លីត្រ supercharged V8 មានកម្លាំង ៧០២សេះ។

គួរឲ្យដឹងដែរថា Ford បានប្រកាសហើយថានឹងចេញរថយន្ត F-150 Raptor R ដើម្បីប្រជែងនឹង Ram 1500 TRX ដោយវានឹងខ្ចីម៉ាស៊ីនពី Ford Mustang Shelby GT500។ យ៉ាងណាក៏ដោយ មុនពេល F-150 Raptor R បង្ហាញខ្លួន ឥឡូវយើងមកមើលការសាកល្បងរវាងរថយន្តទាំងពីរខាងលើសិន ថាមួយណាអាចយកឈ្នះបាន៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla អាចនឹងដាក់រោងចក្រផលិតមួយនៅប្រទេសឥណ្ឌូណេស៊ី

បើផ្អែកតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់អាមេរិក បានដាក់ជូននូវផែនការនៃការបណ្ដាក់ទុនជូនរដ្ឋាភិបាលប្រទេសឥណ្ឌូណេស៊ីដើម្បីធ្វើការវាយតម្លៃ មុនជំនួបជាមួយរដ្ឋមន្ត្រីឥណ្ឌូណេស៊ីក្នុងសប្ដាហ៍នេះ។

រដ្ឋមន្ត្រីឥណ្ឌូណេស៊ីបាននិយាយឲ្យដឹងថា ៖ “ខ្ញុំទទួលបានផែនការបណ្ដាក់ទុនរបស់ពួកគេ ហើយពួកយើងនឹងជួបគ្នា​ (តាមរយៈអនឡាញ) ដើម្បីទទួលបានការពន្យល់កាន់តែក្បោះក្បាយ។ ប្រសិនបើពួកគេគ្រាន់តែចង់ទិញវត្ថុធាតុដើម ពួកយើងមិនចាប់អារម្មណ៍នោះទេ។ ប៉ុន្តែនេះគឺលើសពីការទិញវត្ថុធាតុដើម។”

គួរដឹងថាឥណ្ឌូណេស៊ីគឺជាប្រទេសដែលមានផលិតនីកែលច្រើនជាងគេក្នុងលោក ដែលវាគឺជាគ្រឿងបន្លាស់ដ៏សំខាន់មួយក្នុងអាគុយរថយន្តអគ្គិសនីជាច្រើនម៉ូដែល។ កាលពីឆ្នាំ ២០២០ ឥណ្ឌូណេស៊ីបានចាប់ផ្ដើមពង្រីកសង្វាក់ផលិតកម្មរបស់ខ្លួនឲ្យកាន់តែធំលើការផលិតនីកែល ដើម្បីបំពេញនូវតម្រូវការដែលកើនឡើងដោយសារនិន្នាការប្រើប្រាស់រថយន្តអគ្គិសនីរបស់ពិភពលោក៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW iX ត្រូវពន្យារពេលផលិតដល់ដើមឆ្នាំក្រោយ សង្ស័យមកពីហេតុផលនេះ

នៅពេលដែល BMW បង្ហាញចេញរថយន្តអគ្គិសនី iX កាលពីខែវិច្ឆិកាឆ្នាំមុន ក្រុមហ៊ុនបាននិយាយថារថយន្តនេះអាចនឹងចូលរោងចក្រផលិតនៅអំឡុងឆមាសទីពីរនៃឆ្នាំ ២០២១ នេះ។ យ៉ាងណាក្ដីកាលបរិច្ឆេទផលិតទំនងជាបានពន្យារពេលហើយ។

វិបសាយ iXForums បានអះអាងថាខ្លួនទទួលបានដំណឹងផ្ទៃក្នុងដែលបានឲ្យដឹងថាការផលិតរថយន្ត iX មិនអាចចាប់ផ្ដើមមុនខែមីនា ឆ្នាំ ២០២២ នោះទេ។ មិនមានការបកស្រាយអំពីហេតុផលនោះទេ ប៉ុន្តែអ្វីដែលអាចទៅរួចនោះគឺអាចដោយសារវិបត្តិកង្វះខាតស៊ឺមីកុងឌុចទ័រសកល ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននេះ។

ទោះបីជានឹងត្រូវបង្ហាញវត្តមានលើទីផ្សារយឺតយ៉ាវក៏ពិតមែន ប៉ុន្តែរថយន្ត BMW iX នឹងនៅតែជារថយន្តអគ្គិសនីដ៏ទំនើប និងអស្ចារ្យបំផុតមួយ ដោយសារវាមានបំពាក់នូវបច្ចេកវិទ្យាទំនើបៗជាច្រើន ហើយមានបំពាក់ម៉ូទ័រអគ្គិសនីដែលអាចផលិតកម្លាំងបានដល់ ៤៩៦សេះទៀតផង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+