ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទីបំផុត Hummer អគ្គិសនីកម្លាំង ១០០០សេះ ចេញជាផ្លូវការហើយ

ក្រុមហ៊ុន GMC បាន​បង្ហាញ​ចេញ​ជា​ផ្លូវ​ការ​នូវ​រថយន្ត Hummer ប្រភេទ​អគ្គិសនី ដែល​មាន​រចនាបថ​​ទាន់​សម័យ ជា​មួយ​នឹង​កម្លាំង​ដ៏​ខ្លាំង​មហាសាល​សម្រាប់​រថយន្ត​ភីកអាប់។

រថយន្ត​សម្រាប់​បើកបរ​លើ​ផ្លូវ Off-Road មួយ​នេះ​មាន​បំពាក់​មក​ជា​ស្តង់ដារ​នូវ​​សម្បក​កង់​ Goodyear Wrangler All Territory MT ទំហំ​ដល់ ៣៥​អ៊ីញ ដែល​អាច​ឲ្យ​រថយន្ត​នេះ​បើក​បរ​លុយ​ទឹក​​បាន​ជម្រៅ​ដល់​​ ៦១០​មិល្លីម៉ែត្រ។

ក្នុង​នាម​ជា​រថយន្ត​អគ្គិសនី Hummer ស៊េរី​ថ្មី​នេះ​ក៏​មាន​បំពាក់​គ្រឿង​បរិក្ខារ​ទំនើបៗ​នៅ​ខាង​ក្នុង​មាន​ដូច​ជា​​កុងទ័រ​ប្រភេទ​ឌីជីថល​ទំហំ ១២,៣អ៊ីញ និង​មាន​អេក្រង់​កម្សាន្ត​ទំហំ ១៣,៤អ៊ីញ។ អេក្រង់​ទំហំ ១៣,៤អ៊ីញ អាច​ងាយ​ស្រួល​ក្នុង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ UltraVision ដែល​អាច​ឲ្យ​គេ​មើល​ឃើញ​ទិដ្ឋភាព ១៨​ខុស​ៗ​គ្នា​ពី​កាមេរ៉ា​បំពាក់​ជុំវិញ​រថយន្ត។ រថយន្ត​នេះ​នឹង​មាន​នូវ​ប្រព័ន្ធ​បើកបរ​ស្វ័យប្រវត្តិ​ពាក់​កណ្ដាល​ឈ្មោះ​ថា Super Cruise ផង​ដែរ។

ថាមពល​ដ៏​ខ្លាំង​ក្លា​នៃ​រថយន្ត Hummer គឺ​បាន​មក​ពី​ម៉ូទ័រ​អគ្គិសនី​ចំនួន​បី ដែល​ផលិត​កម្លាំង​សរុប​បាន​ប្រមាណ ១០០០សេះ។ កម្លាំង​នេះ​អាច​ឲ្យ​រថយន្ត​ដែល​ប្រើ​ប្រព័ន្ធ​បើកបរ​វិល​កង់​បួន​នេះ ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល​ប្រហែល​ ៣វិនាទី ពេល​ប្រើ​ប្រាស់​ប្រព័ន្ធ “Watts to Freedom”។

ម៉ូទ័រ​អគ្គិសនី​ទទួល​បាន​ថាមពល​ពី​អាគុយ​លីចូម​ដែល​អាច​ឲ្យ​រថយន្ត​បើកបរ​បាន​ចម្ងាយ ៥៦៣​គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ ហើយ​ការ​សាក​ភ្លើង​ត្រឹម​១០​នាទី អាច​ឲ្យ​រថយន្ត​បើកបរ​បាន​ចម្ងាយ ១៦១​គីឡូម៉ែត្រ។

Hummer អគ្គិសនី​នឹង​ត្រូវ​ចេញ​លក់​ប្រភេទ Edition 1 មុន​គេ​ ដែល​មាន​តម្លៃ ១១២ ៥៩៥​ដុល្លារ ចេញ​លក់​នា​ឆ្នាំ​ក្រោយ​នេះ។ នៅ​ឆ្នាំ ២០២២ នឹង​មាន​ប្រភេទ Hummer EV 3X ដែល​មាន​តម្លៃ ៩៩ ៩៩៥​ដុល្លារ ហើយ​នៅ​អំឡុង​ឆ្នាំ ២០២៣ នឹង​មាន​ប្រភេទ Hummer EV 2X តម្លៃ ៨៩ ៩៩៥​ដុល្លារ និង​ចុង​ក្រោយ​គេ​នៅ​ឆ្នាំ ២០២៤ នឹង​ចេញ​លក់​ប្រភេទ Base ជា​មួយ​តម្លៃ ៧៩ ៩៩៥​ដុល្លារ៕

​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានតម្លៃ ១,៦លានដុល្លារ បំបែកកំណត់ត្រាលឿនបំផុតលើពិភពលោក

ជើងឯករថយន្តមានល្បឿនលឿនបំផុតលើពិភពលោក “World’s Fastest Production Vehicle” ឥឡូវនេះបានធ្លាក់ទៅលើរថយន្ត SSC Tuatara របស់សហរដ្ឋអាមេរិក។

រថយន្តស្ព័រដែលមានកម្លាំងរហូតដល់ទៅ ១ ៧៥០សេះនេះ ដណ្តើមបានកំណត់ត្រាថ្មី កាលពីថ្ងៃច័ន្ទ ទី១៦ ខែតុលា ឆ្នាំ២០២០ កន្លងទៅនេះ ដោយអាចរត់ដល់ល្បឿន ៣៣១ម៉ាយ៍ក្នុងមួយម៉ោង (៥៣២គីឡូម៉ែត្រក្នុងមួយម៉ោង) បើកបរដោយលោក Oliver Webb។

គួរឲ្យដឹងថា កំណត់ត្រានេះគឺសម្រាប់តែរថយន្តដែលមានលក់លើទីផ្សារ និងអាចបើកបរលើដងផ្លូវស្របច្បាប់ប៉ុណ្ណោះ។

SSC Tuatara បំពាក់ម៉ាស៊ីនចំណុះ ៥,៩លីត្រ twin-turbocharged V8 ដែលនឹងមានផលិតត្រឹមតែ ១០០គ្រឿងប៉ុណ្ណោះ ជាមួយនឹងតម្លៃចាប់ពី ១,៦លានដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Tesla ចាប់ផ្តើមនាំយក Model 3 ផលិតនៅចិន ទៅលក់ឲ្យអឺរ៉ុប

ក្រុមហ៊ុន Tesla Motors បានប្រកាសថា ខ្លួននឹងចាប់ផ្តើមដឹកជញ្ជូនរថយន្ត Model 3 ដែលផលិតនៅរោងចក្រចិន ទៅកាន់ទីផ្សារអឺរ៉ុប នៅក្នុងខែតុលានេះតែម្តង។

ប្រទេសដែលនឹងទទួលបាន Tesla Model 3 ផលិតនៅចិន រួមមានទាំង អាល្លឺម៉ង់ បារាំង អ៊ីតាលី និង ស្វីស ផងដែរ។

គួរឲ្យដឹងថា រោងចក្រ Tesla នៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន បានចាប់ផ្តើមចេញលក់រថយន្តនៅក្នុងខែធ្នូ ឆ្នាំ២០១៩។ រោងចក្រនោះមានបំណងចង់ផលិតរថយន្តឲ្យបាន ១៥០ ០០០គ្រឿងនៅក្នុងឆ្នាំ២០២០ នេះ។

Tesla ដែលលក់ដាច់រថយន្ត Model 3 ជាង ១១ ០០០គ្រឿងកាលពីខែមុន នៅក្នុងប្រទេសចិន បានធ្វើការអាប់ដេតខ្លះៗលើរថយន្ត Sedan អគ្គិសនីរបស់ខ្លួន ដោយឥឡូវនេះ Model 3 ប្រភេទ Long Range Dual Motor អាចបើកបរបានចម្ងាយ ៥៦៨គីឡូម៉ែត្រ រាល់ពេលសាកភ្លើងម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ចែកអំណោយជូនដល់ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់ក្នុងខេត្តកំពង់ស្ពឺ

កាលពីថ្ងៃទី ២០ ខែតុលា ឆ្នាំ២០២០​ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលដឹកនាំដោយលោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន រួមទាំងបុគ្គលិកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា​ (RMA Cambodia) បាននាំយកអំណោយសប្បុរសធម៍ជាគ្រឿងឧបភោគបរិភោគជាច្រើនជូនដល់ប្រជាពលរដ្ឋចំនួន ៥០០​ គ្រួសារដែលបានរងគ្រោះដោយសារទឹកជំនន់ក្នុងសង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដែលរួមមានៈ អង្ករ ១០តោន ទឹកត្រី ៥០០យួរ ទឹកស៊ីអ៊ីវ ៥០០យួរ ត្រីខរកំប៉ុង ៥០០យួរ មុង ៥០០ ភួយ​ ៥០០  និងកន្ទេល៥០០។

ដែលក្នុងមួយគ្រួសារទទួលបាន៖

  • អង្ករ​ ២០គីឡូក្រាម
  • ទឹកត្រី ១​យួរ
  • ទឹកស៊ីអ៊ីវ ១យួរ
  • ត្រីខរកំប៉ុង ១យួរ
  • មុង ១​
  • ភួយ ១
  • កន្ទេល ១​

ការចុះចែកអំណោយគឺដើម្បីឆ្លើយតប និងការជួយដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងរងនូវការប៉ះពាល់នៃទឹកជំនន់នេះ។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ថា៖ ”ខ្ញុំសូមអរគុណនូវទឹកចិត្តដ៏ថ្លៃថ្លារបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលបានគិតគូរពីប្រជាពលរដ្ឋដែលកំពុងជួបទុក្ខលំបាកមួយនេះ ហើយទង្វើទាំងនេះស្តែងអោយឃើញថាក្រុមហ៊ុន អ​ អិម អេ​ ខេមបូឌា បានចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៏ ជួយគ្នាក្នុងគ្រាលំបាក ដោយមិនប្រកាន់នូវវណ្ណះ ពូជសាសន៍ ពណ៍សំបុរនោះទេ។”

ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្

លោក ងន សំាង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា ក៏បានមានប្រសាសន៍ថា៖ “ខ្ញុំជឿជាក់ថាអំណោយទាំងនេះពិតជាអាចជួយសម្រួលដល់ការរស់នៅរបស់បងប្អូនដែលកំពុងជួបគ្រោះទឹកជំនន់នេះបានមួយផ្នែកធំ​ ហើយខ្ញុំសង្ឃឹមថាទឹកជំនន់នេះនឹងបាត់ទៅវិញឆាប់ៗនេះ ជូនពរបងប្អូនទំាងអស់គ្នាទទួលបានសុខសុវត្ថិភាព និងជំនះអោយបាននូវទុក្ខលំបាកមួយនេះ។”

លោក ងន សំាង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ ខេមបូឌា

ក្រៅពីការធ្វើអាជីវកម្ម ក្រុមហ៊ុន អ​ អិម អេ ខេមបូឌា (RMA Cambodia) បានដើរតួនាទីយ៉ាងសំខាន់ក្នុងសកម្មភាពមនុស្សធម៌ និងកិច្ចការសង្គមនានាដូចជា ការផ្តល់មួកសុវត្ថិភាព ការកសាងអាគារសិក្សា បណ្ណាល័យ អណ្តូងទឹកស្អាត ឧបត្ថម្ភសម្ភារៈសិក្សា ដាំដើមឈើ ការបរិច្ចាគឈាម និងការផ្ដល់មូលនិធិគាំពារដល់មន្ទីរពេទ្យកុមារគន្ធបុប្ផា កម្មវិធី Ford Driving Skills For Life ដែលជាកម្មវិធីបើកវគ្គបណ្តុះបណ្តាលទាក់ទងនឹងការបើកបរ និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ​ ការជួសជុលកែលំអរមជ្ឈមណ្ឌលបណ្ដុះបណ្ដាលបច្ចេកទេស និងកិច្ចការថែរក្សាបរិស្ថានផងដែរ។

ជារៀងរាល់ឆ្នាំ ក្រុមហ៊ុន អ​ អិម​​ អេ​ បានចំណាយថវិកាប្រមាណជាង ៥០ម៉ឺនដុល្លារ សម្រាប់ការវិនិយោគលើការបណ្ដុះបណ្ដាលបច្ចេកទេស និងជំនាញផ្សេងៗដល់បុគ្គលិក និងសិស្សនិស្សិតតាមសាលាបច្ចេកទេសនានា ដើម្បីទទួលបានឱកាសមកសិក្សា និងអនុវត្តន៍ផ្ទាល់ ជាមួយអ្នកឯកទេសរបស់យើងនៅតាមបណ្ដាក្រុមហ៊ុននានាដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា។

កាលពីឆ្នាំ ២០១៩ ក្រុមហ៊ុន RMA Cambodia បានផ្តល់នូវរថយន្ត Ford Pick up ចំនួន ១ គ្រឿង និងត្រាក់ទ័រ John Deere ចំនួន ២គ្រឿង ផងដែរ។ មិនតែប៉ុណ្ណោះកាលពីពេលថ្មីៗនេះ ក្រុមហ៊ុន RMA Cambodia និងក្រុមហ៊ុន Ford បានប្រារព្ធពិធីប្រគល់រថយន្ត Ford ចំនួន ៤គ្រឿង និងដាក់ឲ្យដំណើរការកម្មវិធីបណ្តុះបណ្តាលបច្ចេកវិទ្យារថយន្ត Ford ជូនដល់សាលាបច្ចេកទេសឧស្សាហកម្ម ហើយនៅក្នុងឆ្នាំ​ ២០២០ នេះផងដែរក្រុមហ៊ុន RMA Cambodia ក៏នៅតែបន្តសកម្មភាពនេះដដែលនោះគឺការបន្តប្រគល់នូវរថយន្ត Ford Pick up ឲ្យបានចំនួន ១០ គ្រឿងជូនវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលក្នុងនោះដែរប្រគល់ជូនវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម (ITI)  ចំនួន​ ៤​ គ្រឿង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ចំនួន ២ គ្រឿង វិទ្យាស្ថានបច្ចេកទេសបាត់ដំបង (BIT)   នៅខេត្តបាត់ដំបងចំនួន ២ គ្រឿង និងវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ (NPIA) នៅខេត្តសៀមរាបចំនួន២​គ្រឿង។

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Porsche បង្ហាញចេញឡាន Panamera មួយ​ប្រភេទដែលមានកម្លាំងខ្លាំងបំផុត

Porsche បាន​បង្ហាញ​ចេញ​រថយន្ត Panamera ស៊េរី​ថ្មី​កាល​ពី​ខែ​សីហា​កន្លង​ទៅ ហើយ​ពេល​នេះ​ក្រុមហ៊ុន​បាន​បន្ថែម​ប្រភេទ​ថ្មី​មួយ​នៃ​រថយន្ត Panamera ជា​ប្រភេទ​ដែល​មាន​កម្លាំង​ខ្លាំង​បំផុត និង​ជា​រថយន្ត Porsche លំដាប់​ទីពីរ​ដែល​មាន​កម្លាំង​ខ្លាំង។

នោះ​គឺ​រថយន្ត Panamera Turbo S E-Hybrid ស៊េរី​ឆ្នាំ ២០២១ ជា​ប្រភេទ​រថយន្ត​ប្រើ​ប្រព័ន្ធ​ម៉ាស៊ីន Plug-in Hybrid (PHEV) ដែល​មាន​គួប​ផ្សំ​ដោយ​ម៉ាស៊ីន​ Twin-Turbo ចំណុះ ៤,០លីត្រ ៨ស៊ីឡាំង ដែល​ផលិត​កម្លាំង​​បាន ៥៦៣សេះ។ រថយន្ត​នេះ​មាន​បំពាក់​នូវ​អាគុយ​ចំណុះ ១៧,៩គីឡូវ៉ាត់​ម៉ោង​ ដែល​ផ្ដល់​កម្លាំង​ដល់​ម៉ូទ័រ​អគ្គិសនី​មួយ​ដែល​ផលិត​កម្លាំង​បាន ១៣៤សេះ។

ប្រព័ន្ធ​ម៉ាស៊ីន​នេះ​អាច​ផ្ដល់​កម្លាំង​សរុប​បាន ៦៨៩សេះ ដែល​អាច​ឲ្យ​រថយន្ត​នេះ​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ដោយ​ប្រើ​ពេល​ត្រឹម ៣វិនាទី និង​មាន​ល្បឿន​អតិបរមា​ ៣១៥​គ.ម/ម៉។

ក្រៅ​ពី​បង្ហាញ​ចេញ​ប្រភេទ PHEV នេះ Porsche ក៏​បាន​បង្ហាញ​ចេញ​នូវ​ Panamera 4S ស៊េរី​ឆ្នាំ ២០២១។ វា​មាន​បំពាក់​ម៉ាស៊ីន Twin-Turbo ចំណុះ ២,៩លីត្រ ៦ស៊ីឡាំង ផលិត​កម្លាំង​បាន ៤៤៣សេះ ដោយ​សម្រាប់ Option Sport Chrono វា​អាច​ស្ទុះ​ពី ០-៩៦គ.ម/ម៉ ក្នុង​ពេល ៣,៩វិនាទី​ប៉ុណ្ណោះ ជា​មួយ​ល្បឿន​អតិបរមា ២៩៥គ.ម/ម៉។

រថយន្ត Panamera ស៊េរី​ថ្មី​ទាំង​​អស់​នឹង​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​នៅ​សហរដ្ឋអាមេរិក​នា​ដើម​ឆ្នាំ​ក្រោយ​នេះ ដោយ​តម្លៃ​នឹង​ត្រូវ​បង្ហាញ​ចេញ​មុន​ការ​ចេញ​លក់​ជា​ផ្លូវ​ការ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

BMW X5 M និង X6 M ស៊េរីពិសេស មានផលិតត្រឹម ២៥០គ្រឿងគត់

BMW ទើប​បាន​បង្ហាញ​ចេញ​ប្រភេទ First Edition នៃ​រថយន្ត X5 M Competition និង X6 M Competition ដែល​ក្នុង​មួយ​ម៉ូដែល​មាន​ផលិត​ត្រឹម ២៥០​គ្រឿង​ប៉ុណ្ណោះ សម្រាប់​លក់​លើ​ទីផ្សារ។

រថយន្ត​ពិសេស​ទាំង​ពីរ​ប្រភេទ​នេះ​អាច​កុម្ម៉ង់​ទិញ​​សម្រាប់​ប្រភេទ​ពណ៌ BMW Individual Frozen Dark Silver និង BMW Individual Frozen Marina Bay Blue ជា​ប្រភេទ​ពណ៌​គ្រើម​ដែល​ស៊ី​គ្នា​នឹង​ការ​ឌីហ្សាញ​របស់​រថយន្ត​ SUV ទាំង​ពីរ។ អតិថិជន​ក៏​អាច​ជ្រើស​រើស​យក​ជម្រើស​កង់​ Alloy ទម្ងន់​ស្រាល​ដែល​មាន​ពណ៌ Jet Black ដោយ​មាន​កាំ​កង់​រចនា​ជា​រូប​ផ្កាយ កង់​ខាង​មុខ​ទំហំ ២១អ៊ីញ និង​កង់​ខាង​ក្រោយ​ទំហំ ២២អ៊ីញ។

BMW ក៏​បាន​តុបតែង​រូបរាង​ខាង​ក្រៅ និង​ខាង​ក្នុង​របស់​រថយន្ត​ទាំង​ពីរ​ឲ្យ​កាន់​តែ​លេច​ធ្លោ​ជាង​ប្រភេទ​ធម្មតា​ផង​ដែរ ខណៈ​ដែល​ផ្នែក​គ្រឿង​ម៉ាស៊ីន​មិន​មាន​ផ្លាស់​ប្ដូរ​ឡើយ។ រថយន្ត​ទាំង​ពីរ​គឺ​មាន​បំពាក់​នូវ​ម៉ាស៊ីន Twin-Turbocharged ចំណុះ ៤,៤លីត្រ ៨ស៊ីឡាំង ដែល​ផលិត​កម្លាំង​បាន​ ៦១៧សេះ។

ទាក់ទង​នឹង​តម្លៃ​ និង​ទីផ្សារ​​ដាក់​លក់​រថយន្ត​ទាំង​ពីរ​ប្រភេទ​នេះ ក្រុមហ៊ុន BMW នៅ​មិន​ទាន់​ប្រកាស​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បែបនេះសោះទើប Hyundai Veloster N ២០២១ ហ៊ានលក់ថ្លៃជាងឆ្នាំមុន ជិត៥ពាន់ដុល្លារ

រថយន្ត Hyundai Veloster N ស៊េរីឆ្នាំ២០២១ បានឡើងថ្លៃគួរឲ្យកត់សម្គាល់ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែវាមានមូលហេតុសមរម្យរបស់វា។

ឥឡូវនេះ រថយន្ត Veloster N ឆ្នាំ២០២១ មានតម្លៃចាប់ពី ៣៣ ២៤៥ដុល្លារ ថ្លៃជាងស៊េរីឆ្នាំ២០២០ សរុប ៤ ៦៧០ដុល្លារ។ អតិថិជនដែលចង់បាន Option ប្រអប់លេខអូតូ ៨វគ្គ dual-clutch ត្រូវថែមលុយ ១ ៥០០ដុល្លារទៀត សរុបឡើងដល់ ៣៤ ៧៤៥ដុល្លារ។

អ្វីដែលសំខាន់ Hyundai មិនមែនឡើងថ្លៃគ្មានមូលហេតុឡើយ។ បើប្រៀបធៀបនឹងឆ្នាំមុន គ្រប់ម៉ូដែល Veloster N ឆ្នាំ២០២១ ដែលលក់នៅអាមេរិកទាំងអស់ នឹងមានបំពាក់កញ្ចប់ Option “Performance Package” មកស្តង់ដារ ដែលជួយបង្កើនកម្លាំងពី ២៥០សេះ ទៅ ២៧១សេះ ហើយក៏បន្ថែមយ៉ាន់ទំហំ ១៩អ៊ីញ, limited-slip differential និងហ្វ្រាំងធំជាងមុន ទៀតផង។

គួរឲ្យដឹងថា កញ្ចប់ Option “Performance Package” នេះ ពីមុនមានតម្លៃដល់ទៅ ២ ១០០ដុល្លារឯណោះ។

បន្ថែមពីនេះ រថយន្ត Veloster N ថ្មី មានបំពាក់មុខងារមកស្តង់ដារជាច្រើន ដូចជា automatic emergency braking, forward collision-avoidance assist, lane following assist, lane-keeping assist, driver attention warning, blind spot collision-avoidance assist និង rear cross-traffic collision warning ផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មុនពេលអស់ជីវិត Land Cruiser ទំនងចេញម៉ូដែលពិសេសមួយ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Toyota កំពុងតែមានគម្រោងពង្រីកត្រកូលរថយន្ត GR របស់ខ្លួន ហើយវាក៏អាចកើតឡើងលើម៉ូដែល Land Cruiser 300 Series ផងដែរ។

បច្ចុប្បន្ននេះ Gazoo Racing ដែលជាផ្នែកមួយរបស់ Toyota មានរថយន្តតែ ២ម៉ូដែលប៉ុណ្ណោះ គឺ GR Supra និង GR Yaris ហើយនឹងចូលរួមដោយ GR Corolla ក្នុងពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានេះ Toyota ធ្លាប់បានបង្ហើបឲ្យដឹងថា GR Hilux និង GR Fortuner គឺជាសន្លឹកបៀរនៅក្នុងដៃ ដែលគេរៀបនឹងវៃ ផងដែរ។ នេះបើតាមអ្នកនាំពាក្យរបស់ Toyota Australia។

យ៉ាងណាមិញ ប្រសិនបើ Toyota ចេញរថយន្ត GR Land Cruiser ពិតមែន វាអាចនឹងទទួលបានការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់ទៅលើផ្នែកម៉ាស៊ីន និងសាក់ស៊ី ក៏ដូចជាការឌីហ្សាញផ្នែកខាងក្រៅ និងខាងក្នុងផងដែរ។ Toyota ក៏អាចនឹងផលិត GR Land CruiserGR ផ្តោតលើការ Off-road ផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីអាចដឹងច្បាស់ មានតែរង់ចាំមើលតទៀតប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្មីៗ តូយ៉ូតា ណែនាំផលិតផលថ្មីមួយ ដែលជំនាញខាងសម្អាតផ្នែកខាងក្នុងនៃម៉ាស៊ីនរថយន្ត

ម៉ាស៊ីនរថយន្ត គឺមិនអាចផ្តល់ថាមពលពេញលេញនោះទេ បើមានសារធាតុកខ្វក់ច្រើនស្ថិតនៅក្នុងប្រព័ន្ធដំណើរការរបស់វា។ TOYOTA ENGINE FLUSH គឺជាផលិតផលថ្មីមួយ ដែលមានសារធាតុគីមីផ្សំជាច្រើនដើម្បីលាងសម្អាតកំទេចកំទី ក៏ដូចជាកម្ចាត់សារធាតុកខ្វក់ផ្សេងៗបានយ៉ាងមានប្រសិទ្ធភាព ។ ដោយយោងទៅតាមការណែនាំរបស់អ្នកជំនាញ ផលិតផលថ្មីនេះ គឺស័ក្តិសមបំផុត ចំពោះរថយន្ត ដែលតែងតែធ្វើការធ្ងន់ដូចជា៖

  • បើកបរផ្លូវឆ្ងាយញឹកញាប់
  • រថយន្តប្រភេទដឹក
  • រថយន្តប្រើប្រាស់ក្នុងក្រុងដែលជួបប្រទះផ្លូវស្ទះរាល់ថ្ងៃ

ព្រោះម៉ាស៊ីនដែលប្រើប្រាស់ច្រើនបែបនេះ តែងបន្សល់ទុក កំណកកំទេទកំទីច្រើន ដែលកើតចេញពីចំហេះ និងការប៉ះទង្គិចផ្សេងៗ នៅក្នុងដំណើរការនៃម៉ាស៊ីនរថយន្ត ។ ដែលសារធាតុទាំងនេះ វានឹងរាំងស្ទះមិនអោយម៉ាស៊ីនរថយន្តដំណើរការបានល្អ ជាហេតុធ្វើអោយកម្លាំងម៉ាស៊ីនចុះខ្យោយ ផ្តល់ថាមពលមិនពេញលេញក្នុងការអូសទាញយានយន្ត។ ដូចនេះ ការប្រើប្រាស់ TOYOTA ENGINE FLUSH គឺចាំបាច់ ព្រោះវាមានថាមពលខ្លាំង ក្នុងការបំបែក រំលាយ កំណកកំទេចកម្ទី និងសារធាតុកខ្វក់ទាំងឡាយដែលមានក្នុងម៉ាស៊ីនរថយន្តចោល ដើម្បីសម្រួលអោយម៉ាស៊ីនរថយន្តដំណើរការបានល្អដូចដើម។

ហើយលោកអ្នកក៏អាចរកទិញវាបាន នៅគ្រប់ទីតាំងទាំងអស់នៃយានដ្ឋាន តូយ៉ូតា (ខេមបូឌា) ឆ្លៀតឪកាសនេះក៏ចង់ជម្រាបជូនលោកអ្នកផងដែរ សូមប្រើប្រាស់តែគ្រឿងបន្លាស់សុទ្ធដែលមានបិតតែមបញ្ជាក់ពី ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ជៀសវាងប្រើប្រាស់ផលិតផលក្លែងក្លាយ ដែលអាចអោយមានបញ្ហាណាមួយនៅថ្ងៃក្រោយ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ ០១៧ ២២២ ៣២១ / ០១៧ ៦៦៦ ១៦៩

ទំព័រFacebook ផ្លូវការ​ Toyota Cambodia After Sales Service​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ឡានប្រភេទ Hatchback ដែលមានល្បឿនលឿនជាងគេទាំង១០

កាល​ពី​ដើម​ឡើង​ រថយន្ត​​ស្ព័រ Hatchback គឺ​បាន​ចាប់​ផ្ដើម​ឡើង​ជា​មួយ​ម៉ូដែល Volkswagen Golf GTI, Peugeot 205 GTI ឬ Vauxhall Astra GTE ជា​ដើម ដែល​សុទ្ធ​សឹង​ជា​រថយន្ត​ទម្ងន់​ស្រាល និង​មាន​កម្លាំង​ម៉ាស៊ីន​មិន​ដល់ ១៥០សេះ​នោះ​ទេ។ រយៈពេល​ជា​ច្រើន​ឆ្នាំ​​កន្លង​មក​នេះ ក្រុមហ៊ុន​រថយន្ត​បាន​ងាក​មក​ផលិត​រថយន្ត​ស្ព័រ Hatchback កាន់​តែ​ច្រើន​ឡើយ។ ទាំង ១០​ម៉ូដែល​ខាង​ក្រោម​នេះ​គឺ​ជា​រថយន្ត​ Hatchback​ ដែល​មាន​ល្បឿន​លឿន​ជាង​គេ ៖

  • Audi RS3 Sportback ឆ្នាំ ២០២០ ៖ ២៨០គ.ម/ម៉

  • Honda Civic Type R ៖ ២៧២គ.ម/ម៉

  • Ford Focus RS ឆ្នាំ ២០១៨ ៖ ២៦៥,៥គ.ម/ម៉

  • Renault Megane RS Trophy-R ឆ្នាំ ២០២០ ៖ ២៦២,៣គ.ម/ម៉

  • ​Mercedes-AMG A45 S ឆ្នាំ ២០២០ ៖ ២៥៧,៥គ.ម/ម៉

  • Subaru WRX STI ឆ្នាំ ២០០៨ ៖ ២៥៤,២គ.ម/ម៉

  • BMW M135i ឆ្នាំ ២០១៩ ៖ ២៥០គ.ម/ម៉

  • Hyundai Veloster N ឆ្នាំ ២០២០ ៖ ២៥០គ.ម/ម៉

  • Volkswagen Golf R ឆ្នាំ ២០១៩ ៖ ២៥០គ.ម/ម៉

  • SEAT Leon Cupra R ST ឆ្នាំ ២០១៨ ៖ ២៥០គ.ម/ម៉

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចេកវិទ្យា

គន្លឹះសំខាន់ៗ

REVIEW+